ដោយ ចៅ ស៊ិញ |
លំដាប់ថ្នាក់នៃប្រព័ន្ធអប់រំកុមារនៅប្រទេសអូស្ដ្រាលី មិនខុសគ្នាពីស្រុកខ្មែរទេ គឺមានកម្រិតមត្ដេយ្យ បឋមសិក្សា និងវិទ្យាល័យ ។ វិទ្យាល័យ (High School) មានពីរកម្រិតគឺ បឋមភូមិ (អនុវិទ្យាល័យ ថ្នាក់ទី៧ដល់ទី៩) និងឧត្ដមភូមិ (វិទ្យាល័យ ថ្នាក់ទី១០ដល់ទី១២) ។ ការរៀបចំនេះដូចគ្នានឹងវិទ្យាល័យមង្គលបុរីនៅស្រុកកំណើតរបស់ខ្ញុំ នៅឯខេត្តបន្ទាយមានជ័យដែរ គឺនៅទីនោះ ឈ្មោះសាលាជា វិទ្យាល័យ ប៉ុន្តែមានបូករួមបញ្ចូលគ្នាទាំងកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ ។
ខ្ញុំមានកូនបីនាក់ដែលបានចូលរៀននៅថ្នាក់មត្តេយ្យ បឋមសិក្សា និងវិទ្យាល័យ។ អត្ថបទខាងក្រោមនេះ ជាការពិពណ៌នាអំពីបទពិសោធន៍ជាក់ស្ដែងរបស់ខ្ញុំ ជានិស្សិតខ្មែរម្នាក់ដែលបានបញ្ជូនកូនចូលទៅរៀនក្នុងប្រព័ន្ធអប់រំនៅប្រទេសអូស្ដ្រាលី ជាពិសេសក្នុងរដ្ឋឃ្វីនស្លែន។ ឪពុកម្ដាយដទៃអាចមានបទពិសោធន៍ផ្ទុយពីអ្វីដែលខ្ញុំបានជួបប្រទះ។ តម្លៃនានាបង្ហាញជូនគឺជាដុល្លាអូស្ត្រាលី និងគ្រាន់តែគោលសម្រាប់ពិចារណា។
១. ការអប់រំនៅកម្រិតមត្តេយ្យ
មុនក្មេងមានអាយុ៥ឆ្នាំ ដែលច្បាប់តម្រូវឲ្យចូលរៀននៅបឋមសិក្សា ឪពុកម្ដាយមានជម្រើសមើលថែទាំកូនដោយខ្លួនឯងឬដោយសាច់ញាតិ ឬបញ្ជូនកូនទៅផ្ញើនៅមត្តេយ្យសាលារហូតដល់គ្រប់វ័យចូលរៀន ។
នៅកម្រិតមត្តេយ្យដែលជាផ្លូវការហៅថា «មណ្ឌលថែទាំកុមារ (Childcare Centre) ឬមណ្ឌលអប់រំកម្រិតដំបូង (Early learning Centre)» អាចជារបស់ឯកជន របស់សហគមន៍ ឬជារបស់ក្រុមប្រឹក្សាក្រុងឬក្រុមប្រឹក្សាតំបន់ ។ មណ្ឌលថែទាំកុមារខ្លះចែកក្មេងជាបីក្រុមគឺ ទារក ក្មេងអាយុ២‑៣ឆ្នាំ និងក្មេងអាយុ៤‑៥ឆ្នាំ ។ ដោយឡែក មណ្ឌលដែលខ្ញុំបញ្ជូនកូនទៅ ឈ្មោះ Playhouse Parent and Childcare Centre ចែកក្មេងជា ៥ក្រុម ដោយក្រុមនីមួយៗមានឈ្មោះជាសត្វ ដែលបានបោះឆ្នោតជ្រើសរើសដោយកុមារផ្ទាល់ ៖
- ក្រុម Honey Ants: ទារកអាយុចាប់ពី ៦សប្ដាហ៍ ដល់ ១៥ខែ
- ក្រុម Tree Frogs: កុមារមានអាយុចាប់ពី ១៥ខែ ដល់ ២ឆ្នាំ
- ក្រុម Wallabies: កុមារមានអាយុចាប់ពី ២ឆ្នាំ ដល់ ៣ឆ្នាំ
- ក្រុម Quokkas: កុមារមានអាយុចាប់ពី ៣ឆ្នាំ ដល់ ៤ឆ្នាំ
- ក្រុម Perentie: កុមារមានអាយុចាប់ពី ៤ឆ្នាំ ដល់ ៦ឆ្នាំ
ខុសពីមណ្ឌលដទៃបន្តិច មណ្ឌលថែទាំកុមារ Playhouse មានផ្ទះបាយ និងចុងភៅសម្រាប់ធ្វើបាយថ្ងៃត្រង់ឲ្យក្មេង។ ដូចនេះ ឪពុកម្ដាយមិនចាំបាច់ខ្ចប់ម្ហូបចំណីពីផ្ទះឲ្យកូនទេ។
ក្មេងនៅតូចតម្លៃឈ្នួលមើលមានអត្រាខ្ពស់ជាងគេគឺប្រមាណ ១០៦ ដុល្លា/ថ្ងៃ លុះក្មេងធំឡើង តម្លៃក៏ធ្លាក់បន្តិចម្ដងៗមកនៅត្រឹមប្រមាណ ៩៩ដុល្លា/ថ្ងៃ ។ មណ្ឌលថែទាំក្មេងបើកដំណើរការ ១០ម៉ោងក្នុងមួយថ្ងៃ គឺចាប់ពីម៉ោង៧:៣០នាទីព្រឹក ដល់ម៉ោង៥:៣០នាទីល្ងាច ។ ទោះបីជាឪពុកម្ដាយយកកូនទៅដាក់នៅម៉ោងប៉ុន្មាន និងទៅទទួលមកវិញនៅម៉ោងប៉ុន្មានក៏ដោយ ក៏មណ្ឌលគិតលុយចំនួន ១០ម៉ោង/ថ្ងៃជានិច្ច ។ ហើយក្នុងករណីក្មេងអវត្តមាន មណ្ឌលក៏នៅតែគិតថ្លៃដដែល ។ ដើមឡើយ ឪពុកម្ដាយត្រូវចុះម៉ោងយកកូនមកដាក់ និងមកទទួលកូនវិញនៅលើតារាងក្រដាស ។ បច្ចុប្បន្ន ពេលវេលាដាក់កូននិងទទួលកូនធ្វើតាមរយៈម៉ាស៊ីនអេឡិចត្រូនិក ដោយឪពុកនិងម្ដាយមានលេខសម្ងាត់សម្រាប់វាយចូលក្នុងម៉ាស៊ីនរៀងខ្លួន ។ ដូចនេះមណ្ឌលងាយស្រួលតាមដានថាតើថ្ងៃនេះជាឪពុកឬម្ដាយដែលបានយកកូនមកដាក់ និងមកទទួលកូនទៅវិញ ។
ឪពុកម្ដាយដែលមានបំណងបញ្ជូនកូនទៅមណ្ឌលថែទាំក្មេង បើសំណាងល្អអាចរកបានមណ្ឌលដែលអាចទទួលយកភ្លាមៗ។ ប៉ុន្តែជាទូទៅ មិនសូវមានកន្លែងទំនេរទេ…