អ្នកតា​ឃ្លាំង​មឿង

តា​មឿង​ មាន​ស្រុក​កំណើត​នៅ​ស្រុក​បាកាន​ ខេត្ត​ពោធិ៍សាត់ ជា​បុគ្គល​ម្នាក់​ខ្លាំង​ពូកែ ចេះ​មន្ត​អាគម​គាថា​គ្រប់​បែប​យ៉ាង​ស័ក្ត​សិទ្ធិ ។ នៅ​ពេល​បាន​ដំណឹង​ថា​ព្រះបាទ​អង្គ​ចន្ទរាជា ត្រឡប់​មក​ពី​ប្រទេស​សៀម និង​កំពុង​តែ​លើក​ទ័ព​តម្រង់​ចូល​មក​ខេត្ត​ពោធិ៍សាត់ តា​មឿង​ធ្វើ​សកម្មភាព​បញ្ចុះបញ្ចូល​ប្រជាពលរដ្ឋ និង​ប្រមូល​ទ័ព​បាន​ប្រមាណ​ជា ៣០០០​ នាក់ ចាំ​បម្រើ និង​ដង្ហែ​ព្រះអង្គ ។ ក្រោយ​ពី​បាន​ច្បាំង​ឈ្នះ និង​​សម្លាប់ពញាសួគ៌ាលោក ចៅហ្វាយ​ខេត្ត​ពោធិ៍សាត់​របស់​ព្រះ​ស្ដេច​កន ព្រះអង្គចន្ទ​រាជា បាន​តែង​តាំង​តាមឿង ជា​ចៅហ្វាយ​ខេត្ត​ពោធិ៍សាត់ មុខងារ​ជា ឧកញ៉ាសួគ៌ាលោក និង​ជាមេទ័ព​ធំ​របស់​ព្រះ​អង្គ នៅ​ឆ្នាំជូត គ.ស. ​​១៥១៦ ។ ឧកញ៉ាសួគ៌ាលោក មឿង តែង​តាំង​កូន​ប្រុស​ទាំង​បួន​នាក់​ជាមេទ័ព​ស្រួច ទទួល​បន្ទុក​ដឹក​នាំ​ទ័ព​ផ្នែក​មុខ ក្រោយ ឆ្វេង និង​ស្ដាំ ។ កូន​ប្រុស​ទី​១ ឈ្មោះ កែវ ទទួល​ងារ​ជា ពញា​វង្សាអធិរាជ កូន​ទី​២ ឈ្មោះ អន ជា​ពញាបរទេសរាជ កូន​ទី​៣ ឈ្មោះ ទេព ជាពញា​វិបុល​រាជ និង​កូន​ទី​៤ ឈ្មោះ សុខ ជា​ពញា​រាជតេជះ ។

បន្ទាប់​ពី​ត្រូវ​​សម្ដេច​ចៅហ្វា កៅ បញ្ជាការ​កង​ទ័ព​របស់​ព្រះស្ដេច​កន បញ្ជា​កង​ទ័ព​ចោម​រោម​វាយ​លុក​សម្រុក​បន្ទាយ​ពោធិ៍សាត់​របស់​ ព្រះអង្គចន្ទរាជា ពី​គ្រប់​ទិសទី និង​បាន​ហ៊ុមព័ទ្ធ​បន្ទាយ​នេះ​ដើម្បី​បង្អត់​បាយទឹក​សត្រូវ​ឲ្យ​​ត្រូវ​ ស្លាប់​ដោយ​ដាច់​ពោះ​នោះ ឧកញ៉ាសួគ៌ាលោក មឿង បង្គំ​សុំ​អនុញ្ញាត​ពី​ព្រះអង្គ​ចន្ទរាជា ដើម្បី​ទៅ​កែន​ប្រមូល​ទ័ព​ខ្មោច​ឲ្យ​នាំ​ចេញ​មក​ជួយ​វាយ​ប្រហារ​បង្ក្រាប​កង ​ទ័ព​ព្រះ​ស្ដេច​កន ។ ឧកញ៉ាសួគ៌ាលោក មឿង ចាត់​ឲ្យ​ពល​ទាហាន​ជីក​រណ្ដៅ​ធំ​មួយ​នៅ​កណ្ដាល​បន្ទាយ មាន​ជម្រៅ​ប្រមាណ​ជា ៨ ហត្ថ (​៤ ម៉ែត្រ) ហើយ​ឲ្យ​យក​គ្រឿង​យុទ្ធ​ភ័ណ្ឌ​គ្រប់​បែប​យ៉ាង​មក​ដោត​បញ្ចុះ​ក្នុង​ នោះ ។ នៅ​ជុំ​វិញ​រណ្ដៅ​នោះ លោក​ឲ្យ​រៀប​ចំ​ធ្វើ​រាន​ទេវតា ៨ ថ្នាក់ ដាក់​នៅ​តាម​ទិស​ទាំង ៨ ដោយ​មាន​បាយសី ទឹក​អប់ និង​គ្រឿង​បូជា​ផ្សេងៗ​ជា​ច្រើន លុះ​រៀបចំ​ស្រេច​បាច់​ហើយ​កាលណា ឧកញ៉ាសួគ៌ាលោក មឿង ទៅ​មុជ​ទឹក​សម្អាត​កាយ ស្លៀក​ពាក់​ស ហើយ​បញ្ជា​ឲ្យ​វង់​ភ្លេងពិណពាទ្យ​ប្រគំ​ភ្លេង​ថ្វាយ​គ្រូ និង​គុណ​បុណ្យ​បារមី​ស័ក្តិសិទ្ធិ​ទាំង​៨​ទិស ។ នៅ​ពេល​ ឧកញ៉ាសួគ៌ាលោក ហក់​លោត​ទៅ​ក្នុង​រណ្ដៅ​ដែល​មាន​អាវុធ​ដាវ​លំពែង​បណ្ដុះ​ច្រូង​ច្រាង​នៅ​ ក្នុង​នោះ លោក​ធ្លាក់​ទៅ​ចំ​ផ្លែ​ដាវ ក្បាល​លោក​ដាច់​ធ្លាក់​ក្នុង​ពេល​នោះ​ទៅ ។ កូន​ប្រុស​ ឧកញ៉ាសួគ៌ាលោក មឿង ឃើញ​ឪពុក​លោត​ធ្វើ​អត្តឃាត​ក៏​លោត​សម្លាប់​ខ្លួន​តាម​ឪពុក​ដែរ ។ ពួក​គេ​យល់​ថា​គួរ​តែ​នាំ​គ្នា​ទៅ​តាម​បម្រើ​ឪពុក​ទៀត ។ អ្នក​ទាំង​៤​ ក៏​នាំ​គ្នា​លោត​ទៅ​ក្នុង​រណ្ដៅ តែ​នាម៉ឺន​មន្ត្រី​នាំ​គ្នា​ស្ទុះ​ទៅ​ចាប់​ជាប់​បាន​កូន​ប្រុស​ទី១ និង​ទី​៤ ។ ចំណែក​កូន​ប្រុស​ទី​២ និង​ទី​៣ បាន​លោត​ស្លាប់​ខ្លួន​ក្នុង​រណ្ដៅ ស្លាប់​បាត់​ទៅ​ហើយ ។

ក្នុង​ពេល​ជាមួយ​គ្នា​នោះ អ្នក​ម្នាង​ ខៀវ ស្នំ​ឯក​របស់​ព្រះអង្គ​ចន្ទរាជា ក៏​បាន​សម្រេច​ចិត្ត​ធ្វើ​ការ​បួងសួង​បន់​ស្រន់ ហើយ​លោត​ទៅ​ក្នុង​រណ្ដៅ​ធ្វើ​អត្តឃាត​ដែរ ដើម្បី​ទៅ​ជួយ​ប្រមូល​កម្លាំង​ខ្មោច ។ បម្រើ​អ្នក​ម្នាង​ឈ្មោះ ពេញ ឃើញ​ចៅហ្វាយ​ស្រី​ធ្វើ​អត្តឃាត ក៏​លោត​ទឹក​សម្លាប់​ខ្លួន​ក្នុង​ស្ទឹង​ពោធិ៍សាត់​ដើម្បី​ទៅ​តាម​បម្រើ​ក្នុង​បរលោក​ទៀត ។

កន្លែងឧកញ៉ាសួគ៌ាលោក មឿង បាន​សម្លាប់​ខ្លួន ថ្ងៃ​ក្រោយ​មក ដុះ​ក្លាយ​ទៅ​ជា​ដំបូក​ដែល​គេ​ដាក់​ឈ្មោះ​ហៅ​ថា ដំបូក​តា​ឃ្លាំង​មឿង ។ ជា​រៀង​រហូត​មក គេ​តែង​កត់​សម្គាល់​យល់​ជា​ប្រផ្នូល​ថា បើ​ដំបូក​នោះ​ដុះ​ខ្ពស់​ល្អ ចៅ​ហ្វាយ​ខេត្ត​សប្បាយ​ចិត្ត ។ បើ​ដំបូក​នោះ​រេច​រឹល ចៅហ្វាយ​ខេត្ត​មាន​ទុក្ខ​ព្រួយ​ដោយ​ការងារ​នគរ​ដើរ​មិន​ល្អ ឬ​ដោយ​សារ​មាន​កើត​ជម្ងឺ​ពេញ​ស្រុក បើ​ដំបូក​នោះ​ប្រេះ​បែក​ក្រហែង ចៅហ្វាយ​ខេត្ត​ត្រូវ​អស់​បុណ្យ ឬ​ត្រូវ​ស្លាប់ ។ នៅ​ខាង​លិច​នោះ ដែល​ជា​កន្លែង​កូន​តាមឿង​ស្លាប់ ក៏​មាន​ដុះ​ដំបូក​ដែរ ដែល​គេ​ដាក់​ឈ្មោះ​ថា ដំបូក​ក្រវាញ ។ បើ​ដំបូក​នោះ​ដុះ​ល្អ ក្រវាញ​នឹង​បាន​ផល​ល្អ ។ ផ្ទុយ​ទៅ​វិញ បើ​ដំបូក​នោះ​រេចរឹល ក្រវាញ​មិន​បាន​ល្អ​ទេ ។ បើ​សិន​ជា​មាន​សត្វ​ទៅ​ធ្វើ​ឲ្យ​ដំបូក​នោះ​ធ្លុះ​ធ្លាយ​នឹង​មាន​ជន​បរទេស​មក ​លួច​ដើម​ក្រវាញ​ជា​មិន​ខាន ។

កន្លែង​អ្នក​ម្នាង ខៀវ បាន​ធ្វើ​អត្តឃាត​ក៏​ដុះ​ទៅ​ជាដំបូក ដែល​គេ​ហៅថា ដំបូក​កន្ទោង​ខៀវ ។ ដំបូក​នោះ​តែង​តែ​ផ្ដល់​ប្រផ្នូល​ថា បើ​ដំបូក​នោះ​ដុះ​ឡើង​ល្អ ព្រះ​មហាក្សត្រ​នឹង​បាន​សុខ​សប្បាយ​រីក​រាយ ។ តែ​បើ​ដំបូក​នោះ​ត្រូវ​រេច​រឹល ព្រះមហាក្សត្រ​នឹង​ត្រូវ​អស់​ព្រះជន្ម ។ ឯ​កន្លែង​ដែល​នាង​ពេញ បាន​សម្លាប់​ខ្លួន​ក្នុង​ស្ទឹង​ពោធិ៍សាត់ ក៏​មាន​ដុះ​ជា​ដី​កោះ​នៅ​កណ្ដាល​ស្ទឹង​ទល់​មុខ​ផ្សារ ។ កោះ​នោះ​ហៅ​ថា​ កោះ​ដូន​ពេញ ។ ចំពោះ​ប្រផ្នូល​វិញ គេ​តែង​និយាយ​តគ្នា​មក​ថា បើ​ច្រាំង​កោះ​ដូន​ពេញ​ដុះ​ខ្ពស់​ល្អ ចៅ​ហ្វាយ​ខេត្ត​នឹង​បាន​ឡើង​បុណ្យ​ស័ក្តិ​ សុខសប្បាយ ។ បើ​សិន​ច្រាំង​នោះ​ត្រូវ​រេច​រឹល ចៅ​ហ្វាយ​ខេត្ត​នឹង​មាន​ទុក​ព្រួយ ។ បើ​ច្រាំង​បាក់ ចៅហ្វាយ​ខេត្ត​នឹង​ត្រូវ​អស់​បុណ្យ ។

រហូតមក​ដល់​សព្វ​ថ្ងៃ​នេះ ប្រជាពល​រដ្ឋ​ដែល​រស់​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ តែង​តែ​មាន​ជំនឿ​ទៅ​លើ​គុណ​បុណ្យ​បារមី​លោកតា​ឃ្លាំង​មឿង​ជា​និច្ច ។ ជា​រៀង​រាល់​ឆ្នាំ គេ​តែង​តែ​ធ្វើ​បុណ្យ​ឡើង​អ្នក​តា ថ្វាយ​ជូន​អ្នកតា​ឃ្លាំង​មឿង ។ មិន​តែ​ប៉ុណ្ណោះ បើ​មាន​ការ​អ្វី អ្នក​ស្រុក​នៅ​ពោធិ៍សាត់​តែង​តែ​ធ្វើ​ពិធី​បន់​ស្រន់​ដល់​អ្នក​តា​ឃ្លាំង​ មឿង ។ បើ​គេ​បាន​សម្រេច​គោល​បំណង​ហើយ គេ​ពុំ​ដែល​ភ្លេច​ទៅ​ធ្វើ​បុណ្យ​លា​បំណន់​ឡើយ ។

រូប​សំណាកលោក​ឧកញ៉ាសួគ៌ាលោក មឿង និង​អ្នក​ម្នាង​ខៀវ

រូប​សំណាកលោក​ឧកញ៉ាសួគ៌ាលោក មឿង និង​អ្នក​ម្នាង​ខៀវ

ពលសេនា​​របស់​​អ្នកតា​ឃ្លាំង​មឿង

គ្រឿង​ដង្វាយ​ដល់​អ្នក​តា​ឃ្លាំង​មឿង និង​អ្នក​ម្នាង​ខៀវ

អន្លង់​ដែល​អ្នក​តា​ឃ្លាំង​មឿង​លោត​ចុះ

 

អត្ថបទពាក់ព័ន្ធៈ   រឿងនិទាន​ប្រវត្ដិ​អ្នកតា​ឃ្លាំងមឿង

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in បូជនីយដ្ឋាន, ប្រវត្តិសាស្ត្រ and tagged , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s