កំណត់ហេតុរបស់ ជីវ តាក្វាន់ ឬ ជីវ តាកួន

រូប​សំណាក​​ក្រមួន​របស់​លោក ជីវ តាក្វាន់ នៅ​ភូមិ​វប្បធម៌​កម្ពុជា ខេត្ត​សៀមរាប

លោក ជីវ តាក្វាន់ មាន​កំណើត​នៅ​​ស្រុក​វ៉េងតា ខេត្ត​ជាក់កាង ក្នុង​ភូមិ​ភាគចិន​ខាង​ត្បូង ។ លោក​គឺ​ជា​បេសកទូត​របស់​អធិរាជ​ចិន​ដែល​បាន​មក​ស្នាក់​នៅ​អង្គរ​ពី​ឆ្នាំ​ ១២៩៦ ដល់​ឆ្នាំ​១២៩៧ ។ កំណត់​ហេតុ​របស់​លោក ជីវ​ តាក្វាន់ គឺ​ជា​ឯកសារ​តែ​មួយ​គត់​ដែល​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​អំពី​ជីវភាព​រស់​នៅ​ ប្រចាំ​ថ្ងៃ និង​ទិដ្ឋភាព​នៃ​ចក្រភព​អង្គរ​នា​សម័យ​កាល​​នោះ ។

កំណត់​ហេតុ​ដែល​ត្រូវ​បាន​បកប្រែ​ជា​ភាសា​ខ្មែរ​ដោយ​លោក លី ធាមតេង បោះពុម្ពផ្សាយ​នៅ​ឆ្នាំ​១៩៧៣ មាន​កម្រាស់​ ៨១ ទំព័រ ដែល​ក្នុង​នោះ​ ៦១ ទំព័រ​ជា​ខ្លឹមសារ​នៃ​កំណត់​ហេតុ​សុទ្ធ និង ២០ ទំព័រ​ជា​ការ​ពន្យល់​​ដើម​ហេតុ​នៃ​ការ​បកប្រែ និង​សេចក្ដី​ពន្យល់​ពាក្យ​ខ្មែរ​ដែល​លោក​ ជីវ តាក្វាន់ កត់​ត្រា​តាម​សំនៀង​ចិន ។ កំណត់​ហេតុ​នេះ​បែងចែក​ជា ៤០ ជំពូក ដែល​ជំពូក​ខ្លះ​មាន​តែ​២ ឬ​៣ បន្ទាត់ និង​ជំពូក​ខ្លះ​មាន​ច្រើន​ទំព័រ ជា​រួម​ជំពូក​ទាំង​នេះ​ពិពណ៌នា​អំពី​ សាសនា ការ​កាត់​ក្ដី ភាព​ជា​ព្រះ​មហាក្សត្រ កសិកម្ម សត្វ​ស្លាប បន្លែ ប្រពៃណី​នៃ​ការ​ងូត​ទឹក និង​ទាសាទាសី ។ ទិដ្ឋភាព​ផ្សេងៗ​នៃ​ជីវភាព​ខ្មែរ​នៅ​សតវត្ស​ទី​១៣ ដែល​លោក​ ជីវ តាក្វាន់ បាន​រៀបរាប់ ដូចជា ការ​ស្លៀកពាក់ ឧបករណ៍​ប្រើប្រាស់ សត្វ​អូស​ទាញ និង​ការ​ជួញ​ដូរ នៅ​តែ​ឃើញ​មាន​បន្ត​រហូត​មក​ដល់​ទសវត្ស​ឆ្នាំ​១៩៩០ ។ ចំណែក​ឯ​ទិដ្ឋភាព​ផ្សេងៗ​ទៀត ដូចជា ទាសាទាសី ច្បាប់​គ្រប់គ្រង​ និង​ការ​កាត់​ក្ដី​​មិន​ផ្អែក​លើ​ហេតុ​ផល​ច្បាស់លាស់ ត្រូវ​បាន​កែប្រែ​នៅ​សតវត្ស​ទី​១៩ ។

ប្រពៃណី​អ្នក​ស្រុក​ចេនឡា

សេចក្ដី​ផ្ដើម

រឿង​រ៉ាវ​ទាំង​នេះ លោក​ ជីវ តាក្វាន់ បាន​និពន្ធ​ឡើង​ក្នុង​សម័យ​រាជ​សន្តតិវង្ស ងន់ (ក្នុង​រាជ្យ​​ព្រះបាទ ងន់ ចេង) គឺ​នៅ​ស្រុក​វ៉េងតា ហើយ​ក្រោយ​មក​លោក ហ្កូវ គង់​ បាន​កែ​សម្រួល​ក្នុង​​រវាង​រាជ​សន្តតិវង្ស ម៉េង (សតវត្ស​ទី​១៣‑១៤) ក្នុង​ស្រុក​សេងអាន (ខេត្ត​ហូណាន់) ។ សេចក្ដី​អធិប្បាយ​ទាំង​ស្រុង​មាន​ដូច​តទៅ ៖

ចេនឡា ឬ​ចាមឡា អ្នក​ប្រទេស​នេះ​ហៅ​ខ្លួន​​ឯង​ថា “កាន់ផៃចី” តាម​កំណត់​ខ្លះ​របស់​ពួក​បស្ចិម​ប្រទេស បាន​ហៅ​ថា កាំពូចី ដែល​មាន​សម្លេង​ស្រដៀង​នឹង “កាំពួចេ” ដែរ ។

ខ្ញុំ​ចាប់​ធ្វើ​ដំណើរ​ចេញ​ពី​ស្រុក​អ៊ូជីវ (ខេត្ត​ជាក់កាង) តាម​ផ្លូវ​ទឹក តាម​ទន្លេ​ស្រុក​ម៉ាំងគូយ និង​គង់តុង កាត់​សមុទ្រ “ឈិតជីវ” ទៅ​ដល់​សមុទ្រ “កាវជីវ” ក៏​បាន​ទៅ​ដល់​ទីក្រុង “ចាម” បន្ត​ដំណើរ​បណ្ដោយ​ខ្យល់​ចេញ​ពី​ក្រុង​ចាម​ទៅ​អស់​រយៈ​ពេល​កន្លះ​ខែ​ទៀត ក៏​បាន​ទៅ​ដល់​ស្រុក ចេងផូវ (ជម្ពូ?) ដែល​ជា​ព្រំដែន​នៃ​ប្រទេស​នេះ ។ លុះ​ចេញ​ពី​ ចេង ផូវ​ ទៅ​ទៀត​ឆ្លង​សមុទ្រ​ឃុនលុន ក៏​ទៅ​ដល់​មាត់​ពាម គឺ​បែក​ចេញ​ពី​មាត់​សមុទ្រ​ទៅ​ជា​ដៃ​ទន្លេ​ច្រើន​ច្រក​ណាស់ ។ ក្នុង​បណ្ដា​ច្រក​ទាំង​នោះ មាន​តែ​ច្រក​ទី​៤​ទេ ទើប​អាច​ចូល​ទៅ​បាន ក្រៅ​ពី​នេះ​គេ​ដឹង​ថា មាន​ទឹក​រាក់​ណាស់​នាវា​ធំៗ​មិន​អាច​ធ្វើ​ដំណើរ​បាន​ឡើយ ។ ត្រង់​ពាម​ជា​មាត់​ច្រក​នោះ ឃើញ​មាន​ព្រៃ​ស៊ុបទ្រុប ហើយ​ក្រៅ​ពី​នេះ​មាន​វាល​ខ្សាច់​ពណ៌​លឿង និង​មាន​ដើម​បបូស និង​អំពៅ​ព្រៃ ដុះ​បែក​ផ្កា​ស​សំព្រូស ម៉្លោះ​ហើយ​អ្នក​ដំណើរ​ពិបាក​ចំណាំ​ផ្លូវ​រក​ច្រក​ចូល​ទៅ​ណាស់ ។

ចូលផុត​ពី​មាត់​ពាម ធ្វើ​ដំណើរ​តាម​ដង​ទន្លេ​ឆ្ពោះ​ទៅ​ទិស​ខាង​ជើង​អស់​រយៈ​ដំណើរ​ប្រមាណ​កន្លះ​ ខែ​ទៀត ទើប​បាន​ទៅ​ដល់​ស្រុក​មួយ​ឈ្មោះ ឆេណាំ (ឆ្នាំង?) ដែល​ជា​ខេត្ត​មួយ​នៃ​ប្រទេស​នេះ ។ លុះ​ធ្វើ​ដំណើរ​ពី​ ឆេណាំ បណ្ដោយ​តាម​ទឹក​ហូរ​ទៅ​ជើង​អស់​រយៈ​១០​ថ្ងៃ​ទៀត កាត់​ភូមិ​ពូឡូវឈឹង (ប្រែថា​ភូមិ​កណ្ដាល​ផ្លូវ) ហ៊ុតឈឹង (ភូមិ​ព្រះពុទ្ធ) ឆ្លង​កាត់​សមុទ្រ​ទឹក​សាប (ទន្លេសាប) ទៅ​ទៀត ទើប​បាន​ដល់​ទី​ក្រុង​កាងពាងឈូ (កំពែងជួរ?) ។ ក្រុង​នេះ​មាន​ទំហំ ៥០ លី (១ លី​ប្រវែង ១.៨០០ ហត្ថ) បើ​តាម​សៀវភៅ​ពួក​បស្ចិម​ប្រទេស​សរសេរ​ថា ប្រទេស​នេះ មាន​ទំហំ​ដី ៧.០០០ លី និង​មាន​ព្រំប្រទល់​ខាង​ជើង​ទល់​នឹង​ក្រុង​ចម៉្បា គឺ​ត្រូវ​ធ្វើ​ដំណើរ​អស់​ពេល​កន្លះ​ខែ ខាង​និរតី​នៅ​ឃ្លាត​ពី​ស្រុក​សៀម​ចម្ងាយ​ផ្លូវ​កន្លះ​ខែ​ដែរ នៅ​ខាង​ត្បូង​ឃ្លាត​ពី​ទីក្រុង “ហួងអ៊ូ” ចម្ងាយ​ ផ្លូវ​១០​ថ្ងៃ ឯ​ខាង​កើត​ប្រទេស​គឺ​មហាសមុទ្រ ហើយ​ដែល​ជា​ប្រទេស​មួយ​ធ្លាប់​ទាក់ទង ខាង​សេដ្ឋកិច្ច​ជាមួយ​ស្រុក​យើង​តាំង​ពី​ដើម​រៀង​មក​ផង ។

នៅគ្រា​ដែល​ប្រទេស​ចិន (ក្នុង​រាជ្យ​សន្តតិវង្ស​ម៉ុងហ្គោល) បាន​ត្រួតត្រា​លើ​មហាសមុទ្រ​ក្នុង​ទ្វីប​លោក​ហើយ លោក​ចមពល (មេ​ទ័ព​ធំ) ឈ្មោះ ជុន តូវ ដែល​នៅ​ឈរ​ប្រចាំ​ការ​ត្រួតត្រា​ទី​ក្រុង​ចាម បាន​ចាត់​មន្ត្រី​២​នាក់​ គឺ​លោក ហ៊ូ​ ប៉េកហូវ អ្នក​មាន​ប៉ាន​មាស​១ និង​លោក ឆាយ ហូវ ឲ្យ​ទៅ​​កាន់​ប្រទេស​ចេនឡា តែ​ត្រូវ​ប្រទេស​នេះ​ចាប់​ឃុំ​ទុក​មិន​ឲ្យ​មក​វិញ ។ លុះ​មក​ដល់​រជ្ជកាល​ស្ដេច ងន់ ចេង (គ.ស ១២៩២) ខែ​ទី​៦ ព្រះរាជា​អង្គ​នេះ ទ្រង់​ចាត់​បេសកកម្ម​ទូត​មួយ​មក​ប្រទេស​ចេនឡា ហើយ​ពេល​នោះ​ខ្លួន​ខ្ញុំ​ក៏​ត្រូវ​ចាត់​មក​ជា​មួយ​ដែរ ។ គឺ​នៅ​ក្នុង​ខែ​ទី​២ នៃ​ឆ្នាំ​បន្ទាប់​មក យើង​បាន​ចាក​ចេញ​ពី​ស្រុក ម៉េងជីវ នោះ​មក​ទៀត ។ លុះ​ថ្ងៃ​១៥ ខែ​ទី​៣ ទើប​មក​ដល់​ទីក្រុង​ចាម ។ នៅ​កណ្ដាល​ផ្លូវ ជួប​នឹង​ខ្យល់​បក់​បញ្ច្រាស​ពី​មុខ​មក​វិញ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​រអាក់រអួល​ក្នុង​ដំណើរ ។ ដល់​មក​ខែ​៧​ដែល​ជា​សរទ​រដូវ​ទើប​បាន​មក​ដល់​ប្រទេស​នេះ ព្រម​ចំណុះ​ចុះ​ចូល​ទៅ (ព្រម​ទទួល​រាក់​ទាក់​បេសកជន) ។

 

ភាគបន្ត

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in ប្រវត្តិសាស្ត្រ, អរិយធម៌​ខ្មែរ and tagged , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s