ព្រះរាជធានី​ស្រឡប់ដូនតី​ពិជ័យព្រៃនគរ

រូបភាព​ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម តាម​រយៈ​ផ្កាយរណប

ព្រះរាជធានី​ស្រឡប់ដូនតី​ពិជ័យព្រៃនគរ

ដោយ​សាស្ត្រាចារ្យ​បណ្ឌិត រស់ ចន្ត្រាបុត្រ

ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ​ទាំង​អស់​បាន​មូល​មតិ​ និង​ផ្ដល់​ព័ត៌មាន​ដូច​គ្នា​ថា ព្រះរាជធានី​ទី​២​របស់​ព្រះស្ដេច​កន​គឺ​ ស្រឡប់ដូនតី​ពិជ័យព្រៃនគរ​ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ បច្ចុប្បន្ន​ខេត្ត​កំពង់ចាម ។ ប៉ុន្តែ​កន្លែង​ទីតាំង​ពិត​ប្រាកដ​រាជធានី​ពុំ​មាន​អ្នក​ស្រាវជ្រាវ ឬ​អ្នក​ប្រវត្តិវិទូ​ណា​ម្នាក់​អាច​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់​ទេ ។

ក្នុងការ​ស្រាវជ្រាវ​ផ្សេងៗ​ អ្នកប្រវត្តិវិទូ​តែង​តែ​សំអាង​ទៅ​លើ​ឯកសារ តែ​ពុំ​សូវ​ដែល​បាន​ទៅ​ផ្ទៀងផ្ទាត់​លើ​ទឹកដី​ឡើយ ។ ឯ​បញ្ហា​ព្រះរាជធានី​ព្រះស្រីជេដ្ឋា​ព្រះស្ដេច​កន​ក៏​ស្ថិត​នៅ​ក្នុង​ករណី​ នេះ​ផង​ដែរ​គឺ​ម្នាក់ៗ​សំអាង​ទៅ​លើ​ការ​អះអាង​កត់​ត្រា​របស់​អ្នក​ ស្រាវជ្រាវ​បារាំង អាឌេម៉ារ ឡឺក្លែរ ដែល​បាន​សរសេរ​ជាអាទិ៍ ៖

«ក្រុងស្រឡប់ព្រៃនគរ​បុរៈ​រាជធានី​ស្ថិត​នៅ​ទិស​ខាងកើត និង​មាន​ចម្ងាយ​ប្រមាណ​ជា​២២​គីឡូម៉ែត្រ​ពី​លំនៅស្ថាន​ចៅហ្វាយ​ខេត្ត​ ព្រៃវែង នៅ​លើ​ខ្ពង់រាប​ខ្ពស់​មួយ ។»

វិធីសាស្ត្រ​ស្រាវជ្រាវ

ដំណាក់កាល​ទី​១: យើង ​សំអាង​ និង​មាន​ជំនឿ​ទៅ​លើ​ការ​កត់ត្រា​របស់​លោក អាឌេម៉ារ ឡឺក្លែរ ដោយ​បាន​ទៅ​សិក្សា​ធ្វើការ​ស៊ើបអង្កេត​នៅ​លើ​ទឹកដី​ខេត្ត​ព្រៃវែង​អស់​រយៈ​ ពេល​យូរ​ជាច្រើន​ដង យើង​នៅ​តែ​រក​មិន​ឃើញ​តាម​ឯកសារ​ខាងលើ ។

ដំណាក់កាល​ទី​២: យើង​ប្រមូល​យក​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ ជាពិសេស ពង្សាវតារ​គណៈកម្មការ​សម្ដេច​វាំង ជួន ពង្សាវតារ​វត្ត​ទឹកវិល ស្រុក​ស្អាង ខេត្ត​កណ្ដាល ឯកសារ​មហាបុរស​ខ្មែរ​ដែល​រៀបរៀង​ដោយ​លោក អេង សុត និង ​ឯកសារ​បរទេស​មួយ​ចំនួន ជា​ពិសេស ស្នាដៃ​និពន្ធ​របស់​លោក ឡឺក្លែរ ដើម្បី​យក​មក​សិក្សា​ពិនិត្យ​ប្រៀបធៀប​មួយ​ម្ដងៗ រក​អ្វី​ដែល​មាន​លក្ខណៈ​ប្រាកដ​និយម​អាច​បង្ហាញ​ប្រាប់​អំពី​ទីតាំង​ ភូមិសាស្ត្រ​ពិត​ប្រាកដ​នៃ​ព្រះរាជធានី​ស្រឡប់ដូនតី​ពិជ័យព្រៃនគរ​របស់​ ព្រះបាទ​ស្រីជេដ្ឋា​ព្រះស្ដេច​កន ព្រះមហាក្សត្រ​ខ្មែរ​ទី​៣៩ ។

ដំណាក់កាល​ទី​៣: យើង ​ស្រង់​យក​ឈ្មោះ​មនុស្ស និង​ភូមិសាស្ត្រ​ដែល​មាន​ទាំង​ប៉ុន្មាន​ក្នុង​ឯកសារ​ប្រវត្តិសាស្ត្រ​មក​ ជ្រើស​រើស ហើយ​យក​ទៅ​ផ្ទៀងផ្ទាត់​ប្រៀប​ផ្ទឹម​ជាមួយ​ឈ្មោះ ខេត្ត ស្រុក ឃុំ ភូមិ និង​ទីតាំង​ផ្សេងៗ​ដែល​មាន​នៅ​លើ​ផែនទី​ខេត្ត​កំពង់ចាម ជា​ពិសេស​ស្រុក​ត្បូងឃ្មុំ​តែ​ម្ដង ។

ខណៈ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ចំណុច​ភូមសាស្ត្រ​ភូមិ​ស្រឡប់ ភូមិ​ដូនតី ភូមិ​ព្រៃនគរក្នុង ភូមិ​ព្រៃនគរក្រៅ និង​ឈ្មោះ​ទីតាំង​ផ្សេងៗ​ទៀត​នៅ​ជិត​គ្នា​នោះ​ដែល​មាន​លក្ខណៈ​សមស្រប​ឆ្លើយ​ ឆ្លង​ស៊ីគ្នា ។ មិន​តែ​ប៉ុណ្ណោះ រូបភាព​កំពែង​ដី​រាង​៤​ជ្រុង​លើ​ផែនទី​ដែល​លើក​ឡើង​ចំ​កណ្ដាល​ភូមិ​ទាំង​បី​ ខាងលើ​ជំរុញ​ឲ្យ​យើង​យល់​ដឹង និង​ដាក់​ជា​ទស្សនទាន​ថា កន្លែង​នេះ​ពិត​ជា​រាជធានី​ព្រះស្រីជេដ្ឋា​ព្រះស្ដេច​កន ។

ដំណាក់កាល​ទី​៤: យើង​បាន​ចុះ​ទៅ​ដល់​ទឹក​ដី​ខេត្ត​ត្បូងឃ្មុំ ឬ​ស្រុក​ត្បូងឃ្មុំ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ ធ្វើ​ការ​សាកសួរ​សម្ភាសន៍​ដោយ​ផ្ទាល់​ជាមួយ​អ្នក​ស្រុក អ្នក​ភូមិ ព្រះសង្ឃ ស្វែង​រក​វត្ថុ​តឹកតាង និង​ភ័ស្តុតាង​ទាំងឡាយ​ណា​ដែល​អាច​យក​មក​ធ្វើ​ជា​គោល​សម្រាប់​សម្គាល់​ ទ្រង់ទ្រាយ​ព្រះរាជធានី ។

បន្ទាយ​ព្រៃនគរ​ដែល​មាន​កំពែង​ដី​ក្រាស់​ខ្ពស់​រាង​៤​ជ្រុង​ដែល​យើង​បាន​ឃើញ​នៅ​ មុខ​ទ្វារ​មាន​ភិនភាគ​ដូច​បេះ​បិទ​នឹង​ការ​ពិពណ៌នា​ក្នុង​ឯកសារ​ ប្រវត្តិសាស្ត្រ​ខ្មែរ ។

នេះ​គឺ​ពិតជា​ព្រះរាជធានី​ព្រះស្រីជេដ្ឋា​ព្រះស្ដេច​កន (ស្រឡប់​ដូនតី​ពិជ័យ​ព្រៃនគរ) ដែល​យើង​បាន​រក​ឃើញ​នៅ​ចុង​ឆ្នាំ​២០០០ ។ ឯ​ស្ថានភាព​ទីតាំង​ភូមិសាស្ត្រ គឺ​ខុស​ស្រឡះ​ពី​ការ​សរសេរ​របស់​លោក​ អាឌេម៉ារ ឡឺក្លែរ ដែល​បញ្ជាក់​បាន​ថា លោក​ក៏​មិន​ដែល​ស្គាល់​ព្រះរាជធានី​ទី​ពីរ​របស់​ព្រះស្ដេច​កន​នៅ​ទីណា​ដែរ គឺ​លោក​បាន​ត្រឹម​តែ​កត់ត្រា​ចងក្រង​តាម​ការ​ផ្ដល់​ព័ត៌មាន​ពី​អ្នក​ផ្សេង​ តែ​ប៉ុណ្ណោះ ។

រូបភាព​ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម តាម​រយៈ​ផ្កាយរណប រូបភាព​ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម តាម​រយៈ​ផ្កាយរណប

រូបភាព​រាជធានី​ស្រឡប់ដូនតី​ពិជ័យ​ព្រៃនគរ តាម​រយៈ​ផ្កាយរណបរូបភាព​រាជធានី​ស្រឡប់ដូនតី​ពិជ័យ​ព្រៃនគរ តាម​រយៈ​ផ្កាយរណប

រូបភាព​រាជធានី​ស្រឡប់ដូនតី​ពិជ័យ​ព្រៃនគរ តាម​រយៈ​ផ្កាយរណប រូបភាព​រាជធានី​ស្រឡប់ដូនតី​ពិជ័យ​ព្រៃនគរ តាម​រយៈ​ផ្កាយរណប

ទិដ្ឋភាព​បច្ចុប្បន្ន

ដើម្បី​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​រាជធានី​ស្រឡប់​ដូនតី​ពិជ័យ​ព្រៃនគរ គេ​ត្រូវ​បើកបរ​យក​ផ្លូវ​ជាតិ​លេខ​៧​ឆ្ពោះ​ទៅ​ទីក្រុង​ខេត្ត​កំពង់ចាម ឆ្លង​ទន្លេ​ធំ​ទៅ​ដល់​ទីប្រជុំ​ជន​សួង រួច​ហើយ​បន្ត​ទៅ​ភូមិ​ត្រពាំងខ្នា ។ មក​ដល់​ភូមិ​ត្រពាំងខ្នា យើង​បត់​ទៅ​ស្នាំ ធ្វើ​ដំណើរ​តាម​ផ្លូវ​លំ​មួយ​សម្ដៅ​ទៅ​ទិស​ខាងត្បូង ។ ១០​គីឡូម៉ែត្រ​ ក្រោយ​មក យើង​ទៅ​ដល់​ទីតាំង​មួយ​ដែល​មាន​កំពែង​ដី​ខ្ពស់​វែង ដេក​ស្តូកស្ដឹង​សណ្ដូក​ជើង​ពី​កើត​ទៅ​លិច បាំង​បិទ​ផ្ជិត​ភ្ជាប់​ជើងមេឃ ប្រមាណ​៣០​គីឡូម៉ែត្រ និង​កម្ពស់​ប្រហែល​ជា​ជាង​៤​ម៉ែត្រ ។ នៅ​ជិត​ជុំ​វិញ​រាជធានី​មាន​គូទឹក​ដែល​មាន​ទទឹង​ប្រហែល​ជា​១០០​ម៉ែត្រ ។ គូទឹក​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ទិស​ខាងកើត ខាងត្បូង និង​ខាងលិច ត្រូវ​គោក​រាក់​ដោយ​អន្លើ នេះ​គឺ​ដោយសារ​ដី​កំពែង​បាន​បាក់​ហូរ​ចាក់​ច្រោះ​អស់​រយៈពេល​ជាង​៤០០​ឆ្នាំ​មក​ហើយ ។

ផែនទី​រាជធានី​ស្រឡប់​ដូនតី​ពិជ័យ​ព្រៃនគរ ផែនទី​រាជធានី​ស្រឡប់​ដូនតី​ពិជ័យ​ព្រៃនគរ

រាជធានី​ស្រឡប់​ដូនតី​ពិជ័យ​ព្រៃនគរ​មាន​ទ្វារ​ចេញចូល​១២ ដោយ​ជ្រុង​នីមួយៗ​នៃ​រាជធានី​មាន​ទ្វារ​ ដូច​ដែល​មាន​កំណត់​ក្នុង​ឯកសារ​ប្រវត្តិសាស្ត្រ​មែន ។ យើង​សូម​រំឭក​ថា​ទ្វារ​ទាំង​១២​មាន​ឈ្មោះ ៖

  1. ទ្វារ​ទិស​ខាងកើត (រាប់​ពី​ជើង​ទៅ​ត្បូង): ទ្វារ​ចក្រឯក ទ្វារ​នាង​ជីលែង និង​ទ្វារ​អន្ទាក់
  2. ទ្វារ​ទិស​ខាងត្បូង (រាប់​ពី​កើត​ទៅ​លិច): ទ្វារ​រៀម ទ្វារ​ចចកខាំ និង​ទ្វារ​ទំនប់តាដី
  3. ទ្វារ​ខាងលិច (រាប់​ពី​ត្បូង​ទៅ​ជើង): ទា្វរ​ចែនកែ ទ្វារ​ពោធិ៍ធំ និង​ទ្វារ​ភ្លុក
  4. ទ្វារ​ខាងជើង (រាប់​ពី​លិច​ទៅ​កើត): ទ្វារ​មាស ទ្វារ​ប្រាជ្ញ និង​ទ្វារ​ត្នោតកល្ប

ក្នុង​ចំណោម​ច្រក​ទ្វារ​ទាំង​១២​មាន​តែ​៤​ ទេ​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​ មាន​ផ្លូវ​ចេញចូល​ទាក់​ទង​គ្នា​ គឺ​មាន​ទ្វារ​២​ផ្នែក​កំពែង​ខាងជើង (ខាងលិច និង​កណ្ដាល) មួយ​ផ្នែក​ខាងកើត​ទ្វារ​ចំកណ្ដាល និង​មួយ​ទៀត​ផ្នែក​ទ្វារ​កណ្ដាល​ដែល​ត​ភ្ជាប់​ទៅ​ឃុំ​ដូនតី ចំណែក​ឯ​ទ្វារ​ប៉ែក​ខាងត្បូង គេ​ពុំ​បាន​ប្រើប្រាស់ ឬ​មាន​ផ្លូវ​ត​ភ្ជាប់​ឡើយ ។

 

ភាគបន្ត

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in បូជនីយដ្ឋាន, ប្រវត្តិសាស្ត្រ, អរិយធម៌​ខ្មែរ and tagged , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s