រឿងនិទាន​ប្រវត្ដិ​អ្នកតា​ឃ្លាំងមឿង

ប្រវត្ដិ​អ្នកតា​ឃ្លាំងមឿង

ក្នុង​អតីតកាល​កន្លង​ទៅ​ក្នុង​រាជ្យ​ព្រះ​ចន្ទ​រាជា​ស្ដេច​គង់​នៅ​បន្ទាយលង្វែក​ (គ.ស​១៥០២) កាល​ជាន់​នោះ​ ​ស្រុក​ខ្មែរ​ជា​ស្រុក​ចំណុះ​សៀម​នៅ​ឡើយ​ ​តែង​នាំ​សួយសារអាករ​ឡើង​ទៅ​ស្រុក​សៀម​ ​ព្រះ​ចៅ​សៀម​ចាត់​ព្រះរាជបុត្រ​មួយ​ព្រះ​អង្គ​មាន​នាម​មិន​ប្រាកដ​ ​ឱ្យ​មក​នៅ​ស្រុក​ខ្មែរ​ ​ដើម្បី​មើល​ការ​ខុស​ត្រូវ​ធ្វើ្វ​​ជា​អ្នកត្រួតត្រា​ខាង​ពន្ធ​អាករ​ គ្រប់យ៉ាង​ ​ក្រែង​ស្ដេច​ស្រុក​ខ្មែរ​មាន​ចិត្ដ​មិន​ត្រង់​ ​បំបាត់​សួយសារអាករ​ ​យក​ទៅ​មិន​អស់​ ​ឬ​មួយ​ក្រែង​ស្ដេច​ខ្មែរ​មាន​គំនិត​ក្បត់​ ​មាន​ចិត្ដ​មិន​ត្រង់​នឹង​រាជការ​ដោយ​ប្រការ​ណាមួយ​ ​ទើប​ប្រើ​ព្រះរាជបុត្រ​ពេញ​ព្រះ​ហឫទ័យ​ ​មក​នៅ​ដើម្បី​ជំនួស​ព្រះ​នេត្រ​ព្រះ​អង្គ​ ​ចំណែក​ព្រះរាជបុត្រ​មាន​ចិញ្ចឹម​សត្វ​ត្មាត​មួយ​ ​ត្មាត​នោះ​មាន​មារយាទ​ចេះ​ដឹង​ប្រហែល​មនុស្ស​ ​ជា​សត្វ​ខុស​ពី​សត្វ​ដទៃ​ធម្មតា​ ​ចេះ​ស្រឡាញ់​ម្ចាស់​ ​ប្រើ​នាំសារ​ទៅ​មក​រវាង​ស្រុក​ខ្មែរ​ ​និង​ស្រុក​សៀម​បាន​ដោយ​ស្ងាត់ ។

ថ្ងៃមួយ ​ ​ព្រះ​ចន្ទ​រាជា​ព្រួយ​ព្រះទ័យ​ថា​ ​ព្រះ​ចៅ​លោក​មិន​ទុក​ព្រះ​ហឫទ័យ​នឹង​យើង​ហើយ​ ​បាន​ជា​លោក​ចាត់​ព្រះរាជបុត្រ​ឱ្យ​មើល​ការ​ផ្ទាល់​ ​ណាមួយ​ព្រះរាជបុត្រ​នោះ​ ​មាន​ការ​រំលោភ​បៀតបៀន​ ​មិន​មាន​សេចក្ដី​កោតក្រែង​ ​បង្គាប់​ឱ្យ​នាំ​សួយ​សារ​ឡើង​នគរ​ខ្លួន​ហួសហេតុ​ ​ទ្រង់​តូច​ព្រះ​ហឫទ័យ​ខ្លាំង​ ​អត់ទ្រាំ​ពុំ​បាន​ ​ក៏​បង្គាប់​ពួក​ពេជ្ឈឃាដ​ឱ្យ​ចាប់​រាជបុត្រ​ស្ដេច​សៀម​យក​ទៅ​សម្លាប់​ចោល​ ក្នុង​ព្រៃ​ពេល​យប់ ។ ឯ​សត្វ​ត្មាត​ ​លុះ​ព្រឹក​ឡើង​មិន​ឃើញ​ព្រះរាជបុត្រ​ជា​ម្ចាស់​របស់​វា ​ហើរ​ចុះ​ ​ហើរ​ឡើង​ ​រក​ឃើញ​ខ្មោច​នៅ​ក្នុង​ព្រៃ​ ​ត្មាត​ឃើញ​ព្រះ​ទម្រង់​ ​វា​ស្គាល់​ច្បាស់​ជា​ម្ចាស់​វា​ ​ក៏​ចឹក​ពាំ​ព្រះ​ទម្រង់​ទៅ​ស្រុក​សៀម​ថ្វាយ​ព្រះ​បិតា ។ ព្រះ​ចៅ​ទត​ឃើញ​ព្រះ​ទម្រង់​ ​ទ្រង់​យល់​ថា​ ​ព្រះរាជបុត្រ​របស់​ព្រះ​អង្គ​ដល់​ទីវង្គត​ហើយ​ ​រឿង​នេះ​ពិតជា​ស្ដេច​ស្រុក​ខ្មែរ​សម្លាប់ ។​ ​ទ្រង់​ក្រោធ​ខ្លាំង​ណាស់​ ​កោះ​ប្រជុំ​ពួក​សេនាបតី​មួយ​រំពេច​ ​មាន​ព្រះ​បន្ទូល​ប្រាប់​តាម​រឿង​ ​រួច​បង្គាប់​ឱ្យ​លើក​ទ័ព​មក​សងសឹក​ស្ដេច​ខ្មែរ​វិញ​ ​ហើយ​មាន​ព្រះ​បន្ទូល​ថា​ ​ត្រូវ​តែ​សម្លាប់​ព្រះ​ចន្ទ​រាជា​ព្រមទាំង​ញាតិ​សាច់​សាលោហិត​ ​ទាំង​ពួក​សេនាបតី​ ​ហើយ​រឹបជាន់​យក​ទ្រព្យសម្បត្ដិ​ ​និង​កៀរ​ពួក​បណ្ដា​រាស្ដ្រ​មក​ស្រុក​សៀម​កុំ​ឱ្យ​សល់ ។ ពួក​កងទ័ព​ក៏​ចេញ​មក​ដល់​បន្ទាយលង្វែក​ ​ចូល​ឡោម​ព័ទ្ធ​ចាប់​ព្រះ​ចន្ទ​រាជា​សម្លាប់​ ​ព្រមទាំង​ព្រះ​ញាតិ ។​ ​ចំណែក​ព្រះ​ម្នាង​ប៉ែន​ ​ជា​ស្នំ​ ​ក៏​មិន​អាច​ភៀស​ខ្លួន​រួច​អំពី​គ្រោះថ្នាក់​ដើម្បី​ទៅ​ជាមួយ​នឹង​សេនាបតី​ មឿង​ ​ព្រម​ទាំង​ភរិយា​ និង​បុត្រ​៤​នាក់​ទៀត​ឡើយ ។ ពួក​កងទ័ព​សៀម​កៀរ​មនុស្ស​អំពី​ស្រុក​ខ្មែរ​ ​ដោយ​ទាំង​ព្រះ​ម្នាង​ទៅ​ជាមួយ​ផង​ ​ទាំង​ព្រះរាជ​ទ្រព្យ​មាន​វិញ្ញាណ​ ​និង​ឥត​វិញ្ញាណ ។ ចំណែក​មេ​ដំរី​ស​មួយ​ ​ឈ្មោះ​ជំទាវ​ប៉ាលហៃ​ ​មាន​កូន​នៅ​ក្នុង​ពោះ​ ​ដែល​ជា​ព្រះ​ទីនាំង​ដ៏​ប្រសើរ​ ​ក៏​ត្រូវ​កងទ័ព​សៀម​កៀរ​យក​ទៅ​ដែរ ។​

ពួក​សៀម​ជាន់​នោះ​មាន​សេចក្ដី​ព្យាបាទ​ធ្វើបាប​ខ្មែរ​អស្ចារ្យ​ណាស់​ ​ចាប់​មនុស្ស​ដោត​ស្លឹក​ត្រចៀក​ ​ដឹក​យក​ទៅ​ដូច​សត្វ​ធាតុ​ ​ស្រី​ណា​មានកូន​ខ្ចី​ចាប់​ច្រក​ការុង​ឱ្យ​ដំរី​ជាន់​ ​វៀរលែងតែ​មាន​កូន​នៅ​ក្នុង​ពោះ ។​ ​លុះ​ទៅ​ដល់​ស្រុក​សៀម​ ​នាំ​សេចក្ដី​ទៅ​ថ្វាយ​ព្រះ​ចៅ​ដោយ​សព្វ​គ្រប់ ។​ ​ដោយ​សេចក្ដី​សងសឹក​បាន​សម្រេច​ដូច​ប្រាថ្នា​ ​ព្រះ​ចៅ​ទ្រង់​បង្គាប់​ឱ្យ​យក​ពួក​ខ្មែរ​ទាំងអស់​ទៅ​នៅ​មួយ​ក្រុម​ជិត​ ក្រុង​ ​ហើយ​សន្មត​ឱ្យ​ឈ្មោះ​ថា​ ​“ក្រុម​ខ្មែរ​អ្នក​គ្រួរ” ។

ព្រះម្នាង​ប៉ែន​ ​ហាក់ជា​ស្រី​មានបុណ្យ​វាសនា​ ​ទុក​ណា​ជា​នាង​ទទួល​គ្រោះថ្នាក់​ដោយ​សៀម​យក​ទៅ​យ៉ាងហ្នឹង​ក៏​ដោយ​នាង​គង់នៅ ​ជា​ស្រី​ប្លែក​អំពី​ស្រី​ឯទៀតៗ ។ ដោយ​អំណាច​កូន​ដែល​នៅ​ក្នុង​គភ៌​ជា​កូន​មាន​ឥទ្ធិឫទ្ឋិ​ ​មាន​បុណ្យ​ ​ក៏​បណ្ដាល​ឱ្យ​អ្នកផង​ជិតខាង​ ​មានចិត្ដ​ទោរទន់​រាប់អាន​ស្រឡាញ់​ ​ជួយ​ឧបត្ថម្ភ​ ​យកអាសារ​នាង​គ្រប់យ៉ាង ។

លុះ ​នាង​មាន​គភ៌​គ្រប់​ខែ​ ​ក៏​ប្រសូត​បុត្រ​មក​ដោយ​សុខ​សប្បាយ​ ​អ្នក​ជិតខាង​ទាំងប្រុស​ទាំងស្រី​ ​ជួយ​ថែទាំ​ផ្ដល់​ទឹក​ក្ដៅ​ទឹក​ត្រជាក់​ ​អ្នក​ណា​ក៏​មក​មិន​មាន​ខាន​ ​ដោយ​អំណាច​គុណ​បុណ្យ​តេជៈ​បារមី​នៃ​ទារក​នោះ ។​ ​លុះ​ប្រសូត​បាន​៣​ថ្ងៃ​ ​ពួក​ក្រុម​ញាតិ​មូលមាត់គ្នា​ ​ឱ្យ​ឈ្មោះ​កូន​នោះ​ថា​ ​ឧទេន ។

ចំណែក​ មេ​ដំរី​ដែល​ជា​ព្រះ​ទីនាំង​ ​ក៏​កើត​កូន​ក្នុង​ថ្ងៃ​ដំណាល​ទារក​នោះ​ដែរ​ ​តែ​មេ​ដំរី​នោះ​ ​ផ្ដាច់​ខ្សែ​ទន្លឹង​ ​ទៅ​កើតកូន​នៅ​ក្នុង​ព្រៃ​ឆ្ងាយ​ ​លាក់​មិន​ឱ្យ​អ្នក​ណា​ដឹង​ឡើយ​ ​ដរាប​ដល់​៣​ថ្ងៃ​ទើប​នាំ​កូន​មក​កាន់​ទីកន្លែង​ដើម​វិញ ។ កូន​ដំរី​នោះ​មាន​ពណ៌​សម្បុរ​ ​ព្រមទាំង​រូបរាង​ល្អ​ប្លែក​អំពី​ដំរី​ធម្មតា​ ​អ្នករក្សា​ដំរី​នាំ​ដំណឹង​ទៅ​ក្រាបទូល​ព្រះ​ចៅ​គ្រប់សព្វ​ ​ព្រះ​ចៅ​ពេញ​ព្រះ​ហឫទ័យ​ណាស់ ។

ដំណាល​ ពី​កុមារ​ឧទេន​ ​លុះ​បាន​អាយុ​ប្រាំ​ឆ្នាំ​ ​ដឹង​សេចក្ដី​ខុស​ត្រូវ​ខ្លះ​ ​នឹក​ភ្នក​រក​បិតា​ ​សួរ​ម្ដាយ​ថា​ ​“ឪពុក​ខ្ញុំ​ទៅ​ឯណា​ ​ពុំដែល​ឃើញ​ ​ក្មេង​ឯទៀត​មាន​ម្ដាយ-ឪពុក​ ​ខ្ញុំ​មិន​ឃើញ​មាន​ឪពុក​ដូច​គេ ?” មា្ដ​យ​កាលបើ​ឮ​កូន​សួរ​ដូច្នោះ​ ​នាង​ណែន​ក្នុង​ទ្រូង​អួលអាក់​ខ្លោចផ្សា​ ​និយាយ​ប្រាប់​កូន​មិន​រួច​ ​ក៏​និយាយ​បន្លែបន្លប់​ ​កុំឱ្យ​កូន​សួរ​ទៀត​ ​ពីព្រោះ​ខ្លាចក្រែង​ ​រឿង​នោះ​មិន​ជិត​ដឹង​ទូទៅ​ ​នឹង​ដល់​នូវ​សេចក្ដី​អន្ដរាយ​នៃ​ជីវិត ។​ ​កូន​ចេះ​តែ​សួរ​ញយៗ​ ​នាង​ក៏​និយាយ​បង្វេះ​ពង្វាង​មិន​ឱ្យ​សួរ​បាន​ដរាប​ដល់​កូន​នោះ​អាយុ​១២​ ឆ្នាំ ។ ថ្ងៃមួយ​នាង​នឹក​ថា​ ​កូន​នេះ​ខាន​ប្រាប់​ពុំ​បាន​ ​ក៏​នាំ​កូន​ទៅ​កាន់​ទី​ស្ងាត់​តែ​ពីរ​នាក់​ ​ដំណាល​រឿងរ៉ាវ​តាំងពី​ដើម​ដល់​ចុង​ ​កូន​ស្ដាប់​បាន​យល់​សេចក្ដី​សព្វគ្រប់​ ​ប្រាប់​ម្ដាយ​ឱ្យ​អត់ទ្រាំ​​សិន​ចុះ​ ​កូន​នឹង​គិត​រក​មធ្យោបាយ​មួយ​ ​ដើម្បី​នឹង​វិល​ទៅ​នគរ​វិញ ។ ចំណែក​កុមារ​ឧទេន​ ​ចាប់តាំងពី​ថ្ងៃ​ដែល​បាន​ស្ដាប់​ពាក្យ​ម្ដាយ​មក​ ​ក៏​ខំ​ស្វែង​រៀនសូត្រ​វិជ្ជា​គ្រប់​បែប​យ៉ាង​ ​មាន​អក្សរ​ជាដើម​ ​ឧទេន​ជា​កុមារ​ឆ្លាត​វាងវៃ​ ​អង់អាច​ប្លែក​អំពី​កុមារ​ធម្មតា ។

ថ្ងៃមួយ ​កុមារ​ឧទេន​ចូល​ទៅ​សេពគប់​នឹង​ពួក​ហ្មដំរី​ ​សុំ​ខ្លួន​ជា​អ្នកបម្រើ​បោសច្រាស​រោង​ដំរី​ ​ដើម្បី​រៀន​វិជ្ជា​ខាង​ហ្មដំរី​ឱ្យ​ស្ទាត់ ។​ ​ថ្ងៃមួយ​ព្រះ​ចៅ​ស្ដេច​យាង​មក​ទត​រោង​ដំរី​ ​ឃើញ​កុមារ​នោះ​ជួយ​ធ្វើ​នេះ​ធ្វើ​នោះ​ ​ដោយ​យក​ចិត្ដ​ទុកដាក់​ ​រហ័សរហួន​វាងវៃ​ ​មាន​ព្រះ​បន្ទូល​សួរ​ថា​ ​ក្មេង​នេះ​មកពីណា​ ​ហ្មដំរី​ក្រាបទូល​តាម​ដំណើរ​ដោយ​សព្វគ្រប់​ ​ទ្រង់​ពេញ​ព្រះ​ហឫទ័យ​ ​មាន​ព្រះ​បន្ទូល​ប្រាប់​ថា​ ​ចូរ​មើល​ក្មេង​នេះ​ផង ។​ ​ចាប់ផ្ដើម​ពី​ថ្ងៃ​នោះ​មក​ ​កុមារ​ខំ​យក​ចិត្ដ​ទុកដាក់​ធ្វើការ​ដោយ​ហ្មត់ចត់​ ​បោស​ប្រមូល​អាចម៍​ដំរី​ ​ដុត​បំពក់​ជា​ជី ​ដើម្បី​យក​ទៅ​ដាំ​ស្ពៃ​ ​ស្ពៃ​ក៏​មាន​គុម្ព​ធំ​ប្លែក​ចម្លែក​ពី​ស្ពៃ​អ្នកស្រុក​ធម្មតា ។ លុះ​ស្ពៃ​នោះ​ធំ​ល្មម​ដក​ ​កុមារ​ឧទេន​ ​ដក​យក​ទៅ​លាង​យ៉ាង​ស្អាត​រែក​យក​ទៅ​ថ្វាយ​ព្រះ​ចៅ​ ​ទ្រង់​ទត​ឃើញ​មាន​ព្រះ​បន្ទូល​ថា​ ​“នែ ! កុមារ​ឯង​បាន​ស្ពៃ​នេះ​មកពីណា​ ​ប្លែក​ពី​ស្ពៃ​ធម្មតា​” កុមារ​ក្រាបទូល​តាម​ដំណើរ​សព្វគ្រប់​ ​ព្រះ​ចៅ​ទ្រង់​ប្រទាន​រង្វាន់​ ​និង​មុខងារ​ជា​អ្នកត្រួតត្រា​ភ្នាក់ងារ​ខាង​ដំរី ។

ដំរី ​ជា​កូន​មេ​ដំរី​ឈ្មោះ​ជំទាវ​ប៉ាលប៉ៃ​ ​ដែល​ជា​ទីនាំង​ដ៏​ប្រសើរ​របស់​ព្រះ​ចៅ​ ​ក៏​ស្រាប់តែ​ចុះ​ប្រេង​ ​មាន​កិរិយា​ខុស​ប្រក្រតី​កាច​សាហាវ​មិន​ព្រម​ស្ដាប់​បង្គាប់​ ​ព្រិច​ហ្ម​ស្លាប់​ ​មិន​មាន​អ្នក​ឯណា​មួយ​អាច​ដឹក​បាន​ ​ថែម​ទាំង​ធ្វើបាប​អ្នក​ស្រុក​បោចរោច​ផ្ទះសម្បែង​ផ្អើល​ជ្រួលច្របល់​ ​រត់​ខ្ចាត់ខ្ចាយ​ចោល​ទីលំនៅ​រៀងៗ​ខ្លួន ។ ពួក​អ្នក​គង្វាល​ដំរី​នាំ​សេចក្ដី​ទៅ​ទូល​ព្រះ​ចៅៗ​ទ្រង់​ចាត់ការ​ឱ្យ​ ស៊ើបសួរ​រក​អ្នក​ណា​ដែល​អង់អាច​ក្លាហាន​ហ៊ាន​ទៅ​ចាប់​ដំរី​នោះ​បាន ។ ពេល​នោះ​ ​កុមារ​ឧទេន​ឆ្លើយ​ថា​ ​ខ្ញុំ​ហ៊ាន​ទទួល​ចាប់​ដំរី​នោះ​បាន​ ​ទើប​ទ្រង់​ប្រគល់​ការ​ទៅ​កុមារ​ឧទេន​ចាត់ការ​យ៉ាងណា​ឱ្យ​តែ​ចាប់​បាន​ព្រះ​ ទីនាំង​នោះ ។

ឧទេន​បង្គាប់​ឱ្យ​ប្រមូល​ ដំរី​៥០០​មក​ ​ដើម្បី​នឹង​រើស​យក​ដំរី​ណា​គួរ​យក​មក​ធ្វើ​ធ្នាក់​បាន​ ​ទើប​រើស​យក​មេ​ដំរី​ស​ឈ្មោះ​ ​ជំទាវ​ប៉ាល់ប៉ៃ​ ​ពេល​ចេញ​ទៅ​ចាប់​ ​កុមារ​ឧទេន​បង្គាប់​ឱ្យ​រៀប​ពិធី​បួងសួង​សែនព្រេន​អឹកធឹក ។ អ្នកស្រុក​ផ្អើល​មក​មើល​អឺងកង​ ​ពាសពេញ​មីរដេរដាស់​ ​លុះ​សែនព្រេន​រួច​ ​កុមារ​ឧទេន​បង្គាប់​ឱ្យ​យក​ចេក​៣​ស្និត​ ​អំពៅ​៣​បាច់​ ​ពេល​ទៅ​ដល់​ព្រះ​ទីនាំង​ ​ស្ទុះ​មក​រក​ហាក់ដូចជា​ប្រុង​នឹង​ព្រិច​ ​តែ​បែរជា​ក្រាប​ថ្វាយបង្គំ​វិញ​ ​ដោយ​អំណាច​តេជៈ​បុណ្យ​បារមី​នៃ​ឧទេនៗ​និយាយ​ទូន្មាន​ប្រដៅ​ថា​ ​“ទីនាំង​ឯង​តាំងពី​ថ្ងៃនេះ​ទៅ​ ​លះបង់​មារយាទ​អាក្រក់​ចេញ​ទៅ​ ​ត្រូវធ្វើ​ឱ្យ​ស្លូត​ល្អ​ដូច​ពី​ដើម​ ​ឱ្យ​ចេក​ ​និង​អំពៅ​ស៊ី​រួច​និយាយ​ថា​ ​ឯង​ទៅ​តាម​យើង​ ​ថា​តែ​ប៉ុណ្ណោះ​ស្រាប់តែ​ដំរី​ដើរ​តាម​ទៅ​ដោយ​ស្រួល​ ​ឥត​បាច់​ចាប់​ចង​អ្វី​ឡើយ​ ​ហាក់ដូចជា​ហ្ម​ចាស់​យូរ​មក​ហើយ ។

ចាប់ ​ដើម​តាំងពី​ថ្ងៃ​ដែល​ទៅ​យក​ព្រះ​ទីនាំង​មក​ ​ព្រះ​ចៅ​ទ្រង់​ប្រទាន​រង្វាន់​ឱ្យ​ឧទេន​ ​និង​ប្រទាន​ងារ​ថា​ ​ជ័យ​អស្ចារ្យ​ ​ជា​សេនា​ខាង​ទ័ព​ដំរី​ ​និង​ខាង​ទាក់ដំរី​ព្រៃ ។​ ​ពួក​អ្នករាជការ​ទទួល​ស្គាល់​ខ្លាច​អំណាច​ឧទេន​ថា​ ​ជា​អ្នក​មោះមុត​ស្ទាត់​ជំនាញ​ខាង​ហ្មដំរី​ ​សូម្បី​តែ​ពេល​ចេញ​ទាក់​ដំរី​ព្រៃ​ម្ដងៗ​មិន​ចាំ​មាន​គ្នា​ច្រើន​ប៉ុន្មាន​ ​ក៏​ទៅ​ទាក់​បាន​ដែរ​ ​ហាក់ដូចជា​ហៅ​មក​បាន​ ​ព្រះ​ចៅ​ទ្រង់​ពេញចិត្ដ​ ​និង​ទុក​ព្រះ​ហឫទ័យ​លើ​ជ័យ​អស្ចារ្យ​ ​ប្រហែល​គ្នា​នឹង​ព្រះរាជបុត្រ​របស់​ព្រះ​អង្គ ។

លុះដល់ ​អាយុ​១៦​ឆ្នាំ​ ​ជ័យ​អស្ចារ្យ​ភ្នកនឹក​ដល់​បំណង​ដើម​ ​ក៏​រំពឹងគិត​រក​ឧបាយ​ណាមួយ​ ​នឹង​ដោះ​ខ្លួន​ចេញ​អំពី​កណ្ដាប់​ដៃ​សៀម​ ​ហើយ​ទៅ​នៅ​ស្រុក​ខ្មែរ​ ​សោយរាជ្យ​ស្នង​ព្រះ​បិតា​ ​និង​នាំ​យក​មនុស្ស​ពី​ស្រុក​សៀម​ទៅ​ស្រុក​ខ្មែរ​វិញ​ ​ព្រមទាំង​ទ្រព្យសម្បត្ដិ​មាន​វិញ្ញាណ​ ​ឥត​វិញ្ញាណ​ ​ទៅ​ឱ្យ​អស់​អំពី​ស្រុក​សៀម​ ​ឱ្យ​បាន​សម្រេច​ដូច​សេចក្ដី​បំណង ។

ទើប ​ដើរ​នយោបាយ​ចាត់​មនុស្ស​១៥​នាក់​ ​ដែល​ជា​មនុស្ស​ទុកចិត្ដ​ស្និទ្ធ​ស្នាល​ដូច​បងប្អូន​បង្កើត​ ​ធ្វើ​ជាល​ និង​ឈើ​ជើងដំរី​ ​ឱ្យ​យក​ជាល​ច្រក​អាចម៍​ដំរី​ញាត់​ឱ្យ​ណែន​ ​ទុក​ឱ្យ​ស្ងួត​ចាក់​រាយ​តាម​ស្ទឹង​ ​ឬ​ផ្លូវ​យក​ឈើ​ជើង​ដំរី​ដើរ​សង្កត់​ជា​ស្នាម​ដាន​ ​ដូច​ជា​ដំរី​ដើរ​មែនៗ​ ​ដើម្បី​ឱ្យ​អ្នកស្រុក​ឃើញ​ ​ហើយ​នាំ​ព័ត៌មាន​នោះ​ក្រាបទូល​ព្រះ​ចៅៗ​នឹង​ទ្រង់​ចាត់​ឱ្យ​សេនា​ ជ័យអស្ចារ្យ​ខ្លួន​ ​ទៅ​តាម​ទាក់​មិន​ខាន​ ​ម្យ៉ាងទៀត​ដើម្បី​ឱ្យ​ពល​ដែល​ព្រះ​ចៅ​ចាត់​ឱ្យ​ទៅ​ជា​មួយ​ជឿជាក់​ក្នុង​ ចិត្ដ​ថា​ ​ជា​ដាន​ដំរី​ពិតមែន ។

ចំណែក ​អ្នកស្រុក​ ​លុះ​ឃើញ​ដានជើង​ដំរី​ ​និង​អាចម៍​ធំៗ​ ​អណ្ដែត​តាម​ទឹក​មក​ដូច្នោះ​ ​ក៏​នាំ​សេចក្ដី​នោះ​ទៅ​ក្រាប​ទូល​ព្រះ​ចៅៗ​ទ្រង់​ប្រើ​ជ័យ​អស្ចារ្យ​ ​ឱ្យទៅ​តាម​ទាក់ដំរី​ព្រៃ​ដែល​មាន​ដានជើង​ធំ​នោះ ។​ ​ជ័យ​អស្ចារ្យ​ក្រាបទូល​ថា​ ​សូម​ព្រះ​មេត្ដាប្រោស​ ​បើ​ទ្រង់​សព្វព្រះទ័យ​ ​ចង់បាន​ដំរី​ធំ​បែប​នោះ​ ​លុះតែ​មាន​គ្នា​ច្រើន​ ​នឹង​ដំរី​ធ្នាក់​ដ៏​ច្រើន​ ​ហើយ​ឱ្យ​មនុស្ស​ដែល​ទៅ​ជាមួយ​ទូលព្រះបង្គំ​ទាំង​ប៉ុន្មាន​ ​ស្ដាប់បង្គាប់​ទូល​បង្គំ​ ​ទើប​ធ្វើការ​នោះ​បាន​ ​ពេល​ចេញ​ទៅ​សូម​ព្រះ​អង្គ​មេត្ដា​អនុញ្ញាត​ឱ្យ​ធ្វើ​ពិធី​បួងសួង​ផង​ឱ្យ​ មាន​ជោគ​ជ័យ ។​ ​ព្រះ​ចៅ​ទ្រង់​អនុញ្ញាត​គ្រប់​សំណូមពរ​ ​ប្រគល់​ការ​នោះ​ឱ្យ​ជ័យ​អស្ចារ្យ​តាម​ត្រូវការ​ ​ធ្វើ​បែប​ណាៗ​ស្រេច​នៅ​លើ​ជ័យ​អស្ចារ្យ​ចុះ ។​ ​លុះ​រៀប​ធ្វើ​ពិធី​រួច​ ​ព្រះ​ចៅ​ប្រទាន​ព្រះ​ខ័ន​សឹក​ឱ្យ​អំណាច​ពេញ​ ​បើ​ឈ្មោះ​ណា​មិន​ស្ដាប់បង្គាប់​ត្រូវ​សម្លាប់​បាន ។​ ​លុះ​ចេញ​ទៅ​បាន​ចំនួន​១៥​ថ្ងៃ​ ​ដល់​ពាក់កណ្ដាល​ផ្លូវ​មក​ស្រុក​ខ្មែរ​ ​ជ័យ​អស្ចារ្យ​ធ្វើ​សារ​ទៅ​ក្រាបទូល​ព្រះ​ចៅ​វិញ​ថា​ ​“សូម​ទ្រង់​មេត្ដាប្រោស​ ​ទូលបង្គំ​ជាខ្ញុំ​តាម​ទាក់ដំរី​នោះ​ ​កាន់តែ​ឃើញ​ដាន​កៀក​ហើយ​ ​តែ​អស់​ស្បៀង​ ​សូម​ព្រះ​អង្គ​មេត្ដា​ប្រោស​ព្រះរាជ​ទាន​បញ្ជូន​មក​ឱ្យ​ឆាប់​ ​ដើម្បី​នឹង​ធ្វើការ​ឱ្យ​បាន​សម្រេច​ដូច​បំណង” ។

ព្រះ ​ចៅ​ទ្រង់​ព្រះរាជ​ទាន​តាម​សេចក្ដី​សុំ​ដោយ​រួសរាន់​ ​ដោយ​បំណង​ចង់​បាន​ដំរី​នោះ​ពេក​ភ្លេច​គិត​អំពី​ការ​បង់ខាត​ព្រះរាជ​ទ្រព្យ​ ​ឬ​សង្ស័យ​ដោយ​ហេតុ​ណាមួយ​ឡើយ ។

ជ័យ​ អស្ចារ្យ​ ​លុះ​បាន​ទទួល​ស្បៀង​បន្ថែម​អំពី​ព្រះ​ចៅ​ ​ក៏​បន្ដដំណើរ​ទៅ​ទៀត​ចំនួន​៥​ថ្ងៃ​ក្រោយ​មក​ក៏​បាន​ដល់​ស្រុក​បាត់ដំបង​ដែល ​ជា​ដី​ខ្មែរ​ ​មាន​អ្នកស្រុក​ជិត​ឆ្ងាយ​គ្រប់​តំបន់​រត់​មក​ចុះ​ចូល​ថ្វាយ​ខ្លួន​ជា​ពល​ សេនា​ ​ព្រមទាំង​សេនា​ចាស់​ម្នាក់​ធ្លាប់​បំរើ​ព្រះ​វរបិតា​ឈ្មោះ​មឿង​ ​និង​កូនប្រុស​៤​នាក់​ ​បាន​ចូល​មក​ថ្វាយខ្លួន​ដែរ​ ​ក៏​មាន​មនុស្ស​ច្រើន​ល្មម​តទល់​នឹង​ព្រះ​ចៅ​សៀម​បាន ។​ ​ជ័យ​អស្ចារ្យ​ក៏​សរសេរ​សំបុត្រ​ចង​នឹង​ក​ដំរី​ ​ប្រើ​ឱ្យ​ទៅ​អញ្ជើញ​ម្ដាយ​មក​ស្រុក​ខ្មែរ​ ​រួច​ចង​កូន​ជំទាវ​ប៉ាល់ប៉ៃ​ទៅ​ទទួល​ម្ដាយ ។​ ​មេ​ដំរី​ទៅ​ដល់ទី​កន្លែង​ម្ដាយ​ ​ពេល​ពាក់​កណ្ដាល​អធ្រាត្រ​ ​មេ​ដំរី​វា​ទម្លាក់​បំពង់​៣​ដង​ ​ម្ដាយ​ភ្ញាក់​នឹក​ស្មាន​ថា​កូន​ត្រឡប់​មក​វិញ​ ​ក៏​អុជ​ភ្លើង​បំភ្លឺ​មើល​ ​តែ​មិនឃើញ​កូន​ ​ឃើញ​តែ​សំបុត្រ​ ​មើល​ដឹង​សេចក្ដី​សព្វគ្រប់​ ​រៀប​ដំណើរ​ឡើង​ជិះ​មេ​ដំរី​យ៉ាង​ប្រញាប់​ ​ខំ​ស្រួត​ឱ្យ​ជួបនឹង​កូន​នៅ​ស្រុក​បាត់ដំបង ។ ទើប​ជ័យ​អស្ចារ្យ​ប្រកាស​ខ្លួន​ឱ្យ​អ្នកស្រុក​ដឹង​ច្បាស់​ថា​ ​ខ្លួន​ហ្នឹងហើយ​ជា​ព្រះរាជបុត្រ​របស់​ព្រះ​ចន្ទ​រាជា​ ​គង់​នៅ​បន្ទាយលង្វែក​ ​ឥឡូវនេះ​វិល​មក​គ្រងរាជ្យ​ស្នង​ព្រះ​បិតា ។​ ​រឿង​នេះ​មិន​បាត់​ស្ងាត់​ជ្រាប​ដល់​ព្រះ​ចៅ​សៀម​ ​ទ្រង់​ពិរោធ​យ៉ាង​ខ្លាំង​ពន់ពេក​ ​និង​តូច​ព្រះ​ទ័យ​ក្រៃ​លែង​ ​ទ្រង់​ប្រជុំ​ពួក​សេនា​យោធា​មក​ប្រាប់​ថា​ ​ជ័យ​អស្ចារ្យ​ ​ប្រើ​ឧបាយកល​បោក​បញ្ឆោត​ ​យក​ព្រះ​ខ័ន​សឹក​ព្រមទាំង​ទ្រព្យ​មាន​វិញ្ញាណ​ ​ឥត​វិញ្ញាណ​ ​រត់​ទៅ​ស្រុក​ខ្មែរ​ ​ហេតុនេះ​ត្រូវ​លើកទ័ព​តាម​ទៅ​ដណ្ដើម​យក​មក​វិញ​ឱ្យ​បាន​ ​ហើយ​ចាប់​ជ័យ​អស្ចារ្យ​សម្លាប់​ឱ្យ​ផុត​ពូជ​ព្រះ​ចន្ទ​រាជា​ ​ព្រមទាំង​ពួក​រាជការ​ទាំង​ប៉ុន្មាន​កុំ​ឱ្យ​សល់ ។​

ជ័យ ​អស្ចារ្យ​ ​បាន​ដំណឹង​ច្បាស់​ថា​ ​ព្រះ​ចៅ​លើកទ័ព​មក​តាម​ដូច្នោះ​ ​ទ្រង់​ជំនុំ​នឹង​សេនាបតី​ថា​ ​ឥឡូវ​ពល​សេនា​យើង​ ​និង​គ្រឿង​អាវុធ​យុទ្ធភណ្ឌ​របស់​យើង​ពុំ​បរិបូណ៌​ ​តើ​អ្នក​រាល់គ្នា​គិត​រក​ឧបាយកល​បែប​ណា​ឱ្យ​មាន​ជ័យ​ជំនះ​ ​ពេល​នេះ​ ​សេនា​ទាំងអស់​មិន​មាន​អ្នក​ណាមួយ​ហ៊ាន​ឆ្លើយ​ទទួល​ធានា​អះអាង​សោះ​ ​មាន​តែ​សេនា​មឿង​ ​ឆ្លើយ​ធានា​អះអាង​ ​ហ៊ាន​តទល់​នឹង​ទ័ព​សៀម​ ​ដោយ​ឧបាយ​មួយ​ដ៏​ចម្លែក​ ​គឺ​ហ៊ាន​ប្ដូរជីវិត​ដើម្បី​នឹង​ទៅ​កែន​ពល​ខ្មោច​ ​ធ្វើ​ជា​ទ័ព​ច្បាំង​នឹង​ពល​សៀម ។​ ​ទើប​បង្គាប់​ឱ្យ​ជីករណ្ដៅ​ទំហំ​៤​ម៉ែត្រ​ ​៤ជ្រុង ជម្រៅ​៤​ម៉ែត្រ​ ​រួច​ឱ្យ​ដាក់​គ្រឿង​សាស្ដ្រាវុធ​ក្នុង​រណ្ដៅ​នោះ​ដើម្បី​នឹង​លោត​ឱ្យ​ជង់​ ស្លាប់​ក្នុង​រណ្ដៅ​ ​តែ​នៅ​ពេល​មុន​​នឹង​លោត​សម្លាប់​ខ្លួន​នោះ​ ​សេនា​មឿង​បង្គាប់​ឱ្យ​ពួក​ពលរដ្ឋ​ទាំងអស់​មក​ស្ដាប់​ពាក្យ​ឱវាទ​លោក​ប្រកាស ​ថា​ ​“សូម​ឱ្យ​អស់លោក​ខំប្រឹង​យក​ចិត្ដ​ទុកដាក់​ក្នុង​រឿង​ចម្បាំង​ពេល​នេះ​ ដើម្បី​រំដោះ​ដែនដី​ខ្មែរ​ ​ឱ្យ​បាន​រួច​អំពី​កណ្ដាប់ដៃ​នៃ​បច្ចាមិត្ដ​ ​ចំណែក​ខ្ញុំៗ​ធានា​ខាង​ទ័ព​ខ្មោច​ ​សូម​អស់លោក​សង្ឃឹម​ទុក​ចុះបើ​ខ្ញុំ​ស្លាប់​ទៅ​បាន​៧​ថ្ងៃ​ ​ឮ​សូរ​សន្ធឹក​ហ៊ោ​កញ្ជ្រៀវ​បីដូច​ជា​សម្លេង​ផ្គរលាន់​ ​យើង​នឹង​មាន​ជ័យ​ហើយ” ។​

លុះ​ផ្ដាំ​ រួច​លោត​ចុះ​ក្នុង​រណ្ដៅ​ព្រឹប​ ​“ប្រពន្ធ​ឃើញ​ប្ដី​លោត​ដូច្នេះ​ ​ក៏​លោត​ទៅ​ជាមួយនឹង​ប្ដី​ ​ព្រមទាំង​កូនប្រុស​ពីរ​នាក់​ ​ស្លាប់​ជាមួយ​គ្នា” ។ ដល់​ថ្ងៃជា​គម្រប់​៧​ថ្ងៃ​ ​លាន់ឮ​សូរ​សន្ធឹក​ដូច​ការ​ផ្ដាំ​មែន ។

ទ័ព ​សៀម​ចួ​ល​ដល់​បាត់ដំបង​ ​ឆ្លង​ចូល​មក​ដល់​អូរ​មួយ​ ​សព្វថ្ងៃ​ហៅ​ថា​ ​អូរ​ស្វាយដូនកែវ​ ​ជួន​គ្នា​នឹង​ទ័ព​ជ័យ​អស្ចារ្យ​ ​ទ័ព​ខ្មោច​ចេញ​សម្ដែង​ឫទ្ធិ​ ​ធ្វើ​ឱ្យ​ពល​សៀម​វិលមុខ​ចុកពោះ​ ​ចុះក្អួត​ ​ដួល​ខ្លួនឯង​ស្រួលៗ​ ​ទ័ព​ព្រះ​ជ័យ​អស្ចារ្យ​ចូល​ទៅ​កាប់​សម្លាប់​អស់​ ​ពួក​កងទ័ព​សៀម​ទប់ទល់​មិន​បាន​ ​ថយ​ទៅ​ដល់​បាត់ដំបង​ ​ធ្វើ​សារ​ទៅ​ក្រាបទូល​ព្រះ​ចៅ​តាម​ដំណើរ​សព្វគ្រប់​ ​ព្រះ​ចៅ​ទ្រង់​ជ្រាប​ឱ្យ​ទ័ព​ថយ​ត្រឡប់​ស្រុក​សៀម​វិញ ។

ចំណែក ​ពួក​ទ័ព​ព្រះ​ជ័យ​អស្ចារ្យ​ ​នាំ​គ្នា​ត្រឡប់​មក​កាន់​បន្ទាយ​វិញ​ ​សព្វថ្ងៃ​គេ​ហៅ​ថា​បន្ទាយ​ជ័យ​ ​ចាប់ផ្ដើម​ពី​ពេល​នោះ​មក​ ​ព្រះ​ជ័យ​អស្ចារ្យ​បាន​ទទួល​រាជាភិសេក​សោយរាជ្យ​ ​និង​ទទួល​នាម​ថា​ ​ព្រះ​ជ័យចេស្ដា​ ​ព្រះ​ចៅ​ក្រុង​កម្ពុជាធិបតី​ ​គង់នៅ​បន្ទាយ​ជ័យ ។​ ​លុះ​ព្រះ​អង្គ​បាន​ឡើង​សោយរាជ្យ​សម្បត្ដិ​សុខសាន្ដ​ហើយ​ ​ទ្រង់​នឹកឃើញ​ដល់​គុណូបការៈ​សេនា​មឿង​ ​ដែល​ស៊ូ​ប្ដូរជីវិត​ចំពោះ​ព្រះ​អង្គ​ ​និង​ចំពោះ​ទឹកដី​ខ្មែរ​ ​ទ្រង់​ក៏​ចាត់​ឱ្យ​ធ្វើ​បុណ្យ​ឧទ្ទិស​ផល​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់​សេនា​ មឿង​ ​យ៉ាង​ឱឡារិក​អស្ចារ្យ​ ​ជាប់​ជា​ទំនៀម​ដរាប​ដល់​មក​សព្វ​ថ្ងៃនេះ​ ​ហៅ​ថា​ធ្វើបុណ្យ​ឡើង​អ្នកតា​ឃ្លាំងមឿង​ទៅ​វិញ ។

ពិធីបុណ្យ​ឡើង​អ្នកតា​ឃ្លាំងមឿង

ទីកន្លែងអ្នកតា​ ​ជាទីរហោស្ថាន​ ​មាន​រុក្ខជាតិ​តូច​ធំ​ដុះ​ព័ទ្ធ​ជុំវិញ​ ​មាន​មែក​បែក​សាខា​ ​មាន​ម្លប់​ត្រឈៃ​ត្រជាក់​ ​គួរ​ឱ្យ​សប្បាយ​រីករាយ​អស្ចារ្យ​ ​ហើយ​មាន​សត្វ​បក្សី​បក្សា​កញ្ជ្រៀវ​ខ្ញៀវខ្ញា​ ​ប្រចឹក​គ្នា​លើ​មែក​ព្រឹក្សា​នោះ​ ​ឮ​សូរ​សម្លេង​ទ្រហឹង ។​ ​បន្ទាប់​អំពី​រុក្ខជាតិ​ ​មាន​វាលស្រែ​ព័ទ្ធ​ជុំវិញ​ ​បើ​មើល​ពី​ចម្ងាយ​ទៅ​ ​ឃើញ​រុក្ខជាតិ​ដង្គំ​ត្រសុំ​ខ្មួល​ខ្មៅ​ ​ដាច់​ស្រយាល​ពី​ភូមិ​ស្រុក ។​ ​បណ្ដា​ដើមឈើ​ទាំងអស់​នៅ​ទីនោះ​មាន​ ​ដើម​សំរោង​មួយ​ខ្ពស់​ជាង​ដើម​ឯទៀតៗ​ ​ដុះ​ចំ​ពី​មុខ​អាស្រម ។​ ​ពី​សាលា​ខេត្ត​ពោធិ៍សាត់​ ​ទៅ​ទី​អ្នកតា​នោះ​មាន​ចម្ងាយ​ប្រមាណ​ជា​៦​គីឡូម៉ែត្រ ។​ ​គេ​ត្រូវ​ចេញ​តាម​ផ្លូវ​ថ្នល់​ពី​សាលា​ខេត្ត​ទៅ​ទិស​ខាងលិច​ ​ប្រមាណ​ជា​ពីរ​គីឡូម៉ែត្រ​ ​ត្រូវ​ងាក​ទៅ​ទិស​ខាងត្បូង​ ​កាត់​ផ្លូវ​អយស្ម័យយាន​ ​ដល់​ឃុំ​បាក់នឹម​ដែរ​ទៅ​ទិស​ខាងលិច​ដល់​ភូមិ​ព្រែកជីក​ ​ឡើង​ពី​ព្រែកជីក​ងាក​ទៅ​កាន់​ទិស​ខាងជើង​ ​ទើប​ដល់​កន្លែង​អ្នកតា ។​

ជុំវិញអាស្រម​អ្នកតា​ ​មាន​វាល​ស្រឡះ​ទំនេរ​នៅ​ត្រង់​ចន្លោះ​រុក្ខជាតិ ។​ ​នៅ​ពី​ខាងត្បូង​អាស្រម​ ​ជាទី​វាល​ទុក​សម្រាប់​ធ្វើ​រោង​ ​មាន​បណ្ដោយ​៦០​ម៉ែត្រ​ ​ទទឹង​៤០​ម៉ែត្រ ។​ ​អាស្រម​នោះ​ធ្វើ​ដោយ​ឈើ​ប្រក់​ស្បូវ​ ​មាន​បណ្ដោយ​៨​ម៉ែត្រ​ ទទឹង​៤​ម៉ែត្រ កំពស់​៤​ម​ សសរ​លញ់​ ​មិន​មាន​ជញ្ជាំង​បិទ​បាំង​ទេ ។​ ​ជុំវិញ​អាស្រម​ ​មាន​លាន​ទំហំ​៤​ម៉ែត្រ ទុក​បម្រុង​ឱ្យ​ពួក​អ្នក​ទៅ​ធ្វើបុណ្យ​ដើរ​ហែរ​ប្រទក្សិណ​នៅ​ពេល​ឡើង​ អ្នកតា ។​ ​ពី​ខាងក្រៅ​ទីវាល​ ​មាន​របង​ធ្វើ​ដោយ​ឈើខ្លឹម​ ​ព័ទ្ធ​ជុំវិញ​ ​មាន​តែ​ផ្លូវ​ចូល​ពី​ខាងកើត​មួយ​ ​និង​ពី​ខាងត្បូង​មួយ ។​ ​ក្នុង​អាស្រម​ខាង​មុខ​តួ​អ្នកតា​ ​មាន​រាន​បណ្ដោយ​៣​ម៉ែត្រ ទទឹង​២​ម៉ែត្រ​ កំពស់​៥​តឹក​ ​ធ្វើ​ដោយ​ឈើ​ ​ជា​រាន​សម្រាប់​ដាក់​តង្វាយ​អ្នកតា​ ​ខាងជើង​និង​ខាងត្បូង​អ្នកតា​ ​មាន​បង្កាន់ដៃ​ដោត​ដោយ​ចាមរ​នៃ​បៃមន់​ធ្វើ​ដោយ​ឈើ​ដែរ ។​ ​

តួអ្នកតា​ ​មិន​មាន​រូបរាង​បែប​ឈើ​ ​ឬ​ថ្ម​តំណាង​ទេ​ ​គឺជា​តួ​ដីដំបូក​សុទ្ធ​ ​ទំហំ​បណ្ដោយ​២ម៉ែត្រ ទទឹង​១​ម៉ែត្រ​ កំពស់​២​ម៉ែត្រ​ ដែល​កើត​អំពី​សត្វ​កណ្ដៀរ​វា​ពូន​ឡើង​ ​សន្មត​ថា​ជា​តួ​អ្នកតា​តែ​ម្ដង​ ​នៅ​កំពូល​នៃ​ដំបូក​ ​មាន​ពំនូកដី​៤-៥ ស្រួចៗ​បែក​ចេញ​មើលទៅ​ដូច​ជា​កំពូល​អង្គរវត្ដ ។​ ​កំពូល​ដីដំបូក​ដែល​ជា​តួ​អ្នកតា​នេះ​ ​អ្នកស្រុក​សម្គាល់​ថា​ ​បើ​មាន​សត្វ​កណ្ដៀរ​ពូន​ឡើង​ថ្មី​ទៀត​សន្មត​ថា​ ​ចៅហ្វាយខេត្ត​ ​ឬ​ចៅហ្វាយ​ស្រុក​នៅ​ខេត្ត​ស្រុក​នេះ​ ​នឹង​ត្រូវ​ផ្លាស់​ចេញ​ ​ឬ​ខូច​បុណ្យ​សក្ដិ​ ​ដីដំបូក​នេះ​មិនដឹង​ជា​កើត​ពី​ត្រឹម​រាជ្យ​ស្ដេច​ណា​ទេ​ ​ពុំ​មាន​អ្នកស្រុក​ណា​ដឹង​សោះ ។

ពិធី​បុណ្យ​ឡើងអ្នកតា​នេះ​ជា​បុណ្យ​ទំនៀមទម្លាប់​ជាប់​យូរ​មក​ហើយ​របស់​អ្នកស្រុក ​ ​និង​ពួក​សាលាស្រុក​ ​តែង​ធ្វើ​តែ​រាល់ៗ​ឆ្នាំ​ក្នុង​ខែ​ពិសាខ​ ​ថ្ងៃ​សៅរ៍ ។​ ​តែ​មិន​កំណត់​ជា​ខ្នើត​ ​ឬ​រនោច​ទេ​ ​រើស​យក​តែ​ថ្ងៃ​សៅរ៍ ​ពេល​ធ្វើ​លុះ​ណា​តែ​មាន​សេចក្ដី​បង្គាប់​អំពី​ចៅហ្វាយស្រុក​បាកាន​ ​ប្រាប់​ទៅ​មេឃុំ​មេស្មឹង​ ​អាចារ្យវត្ដ​ ​និង​បណ្ដារាស្ដ្រ​ទាំងអស់​ឱ្យ​ដឹង​ជា​មុន​ ​ដើម្បី​មក​ជួបជុំ​ជួយ​ធ្វើ​រោងក្រសាល​ ​និង​រៀបចំ​បោសច្រាស​ទីកន្លែង​ឱ្យ​ស្អាត​ល្អ​ ​សម្រាប់​ព្រះសង្ឃ​ ​និង​ ​មន្ដ្រី​រាជការ​ក្នុង​ខេត្ត ។​ ​ទំនៀម​នេះ​ជា​ប្រពៃណី​របស់​អ្នកស្រុក ។​ ​កាលពី​ថ្ងៃ​ទី​១៨​ ​ខែ​មិថុនា​ ​ឆ្នាំ​១៩៤៩​ ​ពេល​ចាប់ផ្ដើម​បុណ្យ​ ​ត្រូវ​ជួបជុំ​មេឃុំ​ទាំងអស់​ ​មេ​ស្នឹង​ ​អាចារ្យវត្ដ​ ​និង​ ​បណ្ដារាស្ដ្រ​ ​នៅ​ទីកន្លែង​អ្នកតា ។​ ​ពេល​ម៉ោង​៦​ល្ងាច​ ​មេ​ស្មឹង​អុជ​ទៀន​ធូប​ទៅ​ជម្រាប​អ្នកតា​ថា “ថ្ងៃនេះ​ ​យើងខ្ញុំ​ជា​កូនចៅ​មក​ជួបជុំ​គ្នា​ធ្វើបុណ្យ​នៅ​ទី​នេះ​ជូន​លោកតា​ ​សុំ​ឱ្យ​យើង​ទាំងអស់​គ្នា​ ​បាន​សុខ​សប្បាយ” រួច​គេ​លេងភ្លេង​ថ្វាយ​ ​មាន​ភ្លេងខ្មែរ​ ​ភ្លេង​ពិណពាទ្យ​ ​ភ្លេង​ឆៃយ៉ាំ​ ​ភ្លេង​ត្រញាំងទា​ ​តាម​ធម្មតា​ឮ​សូរភ្លេង​ប្រគំ​ទ្រហឹង​អឺងកង​រំពង​ព្រៃ​ ​មនុស្ស​ចាស់​ក្មេង​ ​រទេះគោ​ ​រទេះក្របី​មក​ពី​ស្រុក​ឆ្ងាយៗ​មក​ជួបជុំ​គ្នា​មីរដេរដាស​នៅ​ទីនោះ ។​ ​ម៉ោង​៩​យប់​ ​ជួបជុំ​គ្នា​សូត្រ​នមស្ការ​ថ្វាយបង្គំ​ព្រះ​ ​រួច​និមន្ដ​ព្រះសង្ឃ​១០​អង្គ​ចម្រើន​ព្រះ​បរិត្ដ ។

លុះ​ព្រឹក​ឡើង​ ​ថ្ងៃអាទិត្យ​ ​១៩ ខែ​ឆ្នាំ​ដដែល​ ​ពេល​ម៉ោង​៨​កន្លះ​ ​ពួក​មន្ដ្រីរាជការ​សាលា​ខេត្ត​ ​សាលាស្រុក​គ្រប់​តំណែង​អញ្ជើញ​ទៅ​ជួបជុំ​គ្នា​នៅ​កន្លែង​នោះ​ ​ហើយ​ចូល​ទៅ​ឈរ​នៅ​ខាង​ត្បូង​អ្នកតា​ ​មេ​ស្មឹង​ ​អុជ​ទៀន​ធូប​ជូន​ពួក​អស់​លោក​ដោត​ថ្វាយ​អ្នកតា​ ​ដោយ​សេចក្ដី​គោរព​ ​រួច​មេ​ស្មឹង​បង្គាប់​ឱ្យ​លើក​គ្រឿង​តង្វាយ​មក​រៀប​នៅ​លើ​រាន​ចំពោះ​មុខ​ អ្នកតា ។ តង្វាយ​អ្នកតា​គឺ ៖

  1. កន្ទេល​ក្រហម​ ​ខ្នើយ
  2. សំពត់​ស​ក្រាល​ពីលើ​កន្ទេល
  3. ស្លាធម៌​ដី​១​គូ (ដោត​ម្លូ​៥​ ​ធូប​៣​សរសៃ)
  4. ក្បាល​ជ្រូក​១​គូ​ ​មាន​ទាំង​កន្ទុយ​ដាក់​នៅ​មាត់​ផង
  5. ផ្តិល​ទឹកអប់​១​គូ​ ​ឈើស្ទន់​១
  6. ពានស្លា​បារី​១​គូ
  7. ដប​ស្រា​១ គូ​ ​មាន​ទាំង​ពែង
  8. ចេកនួន​២​ស្និត​ ​តម្កល់​លើ​ចានទាប
  9. បង្អែម​២​ស្ពក
  10. កន្ទោង​ស្លឹកចេក​១​គូ
  11. មាន់​ស្ងោរ​១​គូ
  12. ស្នែង​សត្វ​ទន្សោង​១​គូ

រណ្ដាប់តង្វាយ​ទាំង​១២​មុខ​នេះ​ ​មាន​គូ​គ្រប់​ទាំងអស់​ ​សម្រាប់​ដាក់​ឆ្វេង​ស្ដាំ​ ​ក្រៅ​អំពី​តង្វាយ​ ​១២​មុខនេះ មាន​តង្វាយ​ដែល​អ្នកស្រុក​ថ្វាយ​ថែម​ទៀត​បរិបូណ៌​ត្រៀបត្រា​ដល់​ដៅ​លើរាន​ នោះ ។​ ​គេ​អុជ​ទៀន​ធូប​បែក​គ្នា​កាន់​ដើរ​ហែ​ប្រទក្សិណ​ជុំវិញ​អាស្រម​ ​ជា​ការ​គោរព​ចំពោះ​អ្នកតា​ ​និង​នឹក​ដល់​គុណ​លោក​ឧកញ៉ា​សេនាបតី​មឿង​ ​ដែល​ស៊ូ​ប្ដូរ​ជីវិត​យក​ឈាម​ក្រាល​ផែនដី​ ​មាន​កេរ្តិ៍​ឈ្មោះ​តាំងពី​គ​.ស​១៥១៦ ដរាប​មក​ដល់​សព្វ​ថ្ងៃនេះ​ ​ទើប​អ្នកស្រុក​សន្មត​ហៅ​ថា​ ​អ្នកតា​ឃ្លាំងមឿង ។​ ​គេ​រើស​រក​មនុស្ស​ឱ្យ​មាន​រូបរាង​ប៉ុនៗ​គ្នា​២​នាក់​ ​សម្រាប់​ពាក់​ស្នែង​សត្វ​ទន្សោង​ ​តែង​តួ​ស្លៀក​សំពត់​ផាមួង​ចងក្បិន​ខ្លួន​ទទេ​ ​អ្នក​រាំ​២​នាក់​ទៀត​ ​ធ្វើ​ព្រានព្រៃ​ម្នាក់​ស្ពាយ​កាំភ្លើង​ ​ម្នាក់​ស្ពាយ​បាយ​សំណុំ​ដើរ​តាម​ពីក្រោយ​ ​ស្លៀកពាក់​ដូច​គ្នា​នឹង​អ្នក​ពាក់​ស្នែងទន្សោង​ដែរ​ ​លុះ​ហែ​៣​ជុំ​រួច​ហើយ​ ​គេ​លេងភ្លេង​រាំ​ស្នែង​ទន្សា​ង​ ​ភ្លេង​នោះ​ឈ្មោះ​ ​“ភ្លេង​ភ្លាំង​” អ្នក​រាំ​ចាប់​ពាក់​ស្នែង​រួច​ក្រាប​ថ្វាយបង្គំ​អ្នកតា​៣​ដង​ ​ឡើង​រាំ​ដែរ​ ​ឆ្វេង​រៀងខ្លួន​ ​មក​ជួប​គ្នា​គម្រប់​៣ដង វារ​នឹង​ឌឺ​អួត​ដាក់​គា្ន​ ​ជល់​គ្នា​ដូច​សត្វ​មែនៗ​ ​ព្រានព្រៃ​ដើរ​រក​ស្នាម​ជើង​សត្វ​ទន្សោង​ ​ងើប​ឱនៗ​ ​ដើម្បី​តាម​បាញ់ ។ មនុស្ស​ឈរ​មើល​ពេញ​ទី​វាល​ ​នៅ​មុខ​អាស្រម​អ្នកតា​នោះ ។ ទំនុកច្រៀង ៖

  1. បង​ដើរ​ព្រៃស្ដុក​ ​តត្រុក​ព្រៃស្បាត ដើរ​កាត់​ព្រៃញាត​ ​លេចវាល​ចូល​ព្រៃៗ ។
  2. ឡើង ​ភ្នំ​ចុះ​ភ្នំ​ ​ថ្មដា​ធំៗ​ ល្បាស់ព្រេច​លាស់​ខ្ចីៗ​ ទន្សោង​គោបា​ ​កៀង​ញី​ឃ្មាតខ្មីៗ​ ​លាស់​ព្រេច​លាស់​ខ្ចី​ ​ស្រណោះ​ខែ​ពិសាខៗ ។
  3. កន្ដ្រែតៗ​អើយ​ ​ទន្សោង​គោបា​ ​លេច​បន្លា​ជើងភ្នំ​ ​លេប​ក្រមុំ​ទាំងមូលៗ ។
  4. ជំនោរ​ខ្យល់​បក់​ ​ត្រជាក់​ខ្យល់​ជួន​ ​កាប់​ឫស្សី​ចង​ក្បូន​ ​ជូន​ប្អូន​ទៅ​ស្រុកៗ ។
  5. កន្សែង​បង​បាត់​ ​បង​មិន​ស្ដាយ​ ​បំណាច់​ប្អូន​ឃ្លាត​ឆ្ងាយ​ បង​ស្ដាយ​តែ​ប្អូនស្រីៗ ។

ពួក​អ្នកភ្លេង​ច្រៀង​ដរាប​ ​លុះ​ព្រាន​ទាំង​ពីរ​នាក់​ឃើញ​សត្វ​ទន្សោង​ដល់​គ្នា​ជាប់​ក្រាប​រៀងខ្លួន​ ​លប​បាញ់​បាន​ ​ទើប​ដោះ​យក​ស្នែង​សត្វ​ទន្សោង​ទាំង​ពីរ​ទៅ​តម្កល់​នៅ​កន្លែង​ដើម​វិញ​ ​(លេង​កន្លះ​ម៉ោង​ចប់) មេ​ស្មឹង​ចាប់​គ្រឿង​តង្វាយ​គ្រប់មុខ​ ​ដាក់​កន្ទេល​ចាក់​ស្រា​ ​ដោត​ធូប​៣​សរសៃ​រួច​និយាយ​បួងសួង​ថា​ ​“ថ្ងៃនេះ​ជា​ពេល​ល្អ​ ​យើងខ្ញុំ​មក​ជួបជុំ​គា្ន​ធ្វើបុណ្យ​ ​ឧទិស​កុសល​ចំពោះ​លោកតា​មឿង​ ​ដែល​មានគុណ​ចំណោះ​ស្រុក​ខ្មែរ​ ​សូម​លោកតា​ឱ្យ​ព្រះ​ពរ​សព្ទសាធុការ​ ​ដល់​ប្រទេស​កម្ពុជា​ឱ្យ​បាន​សុខ​សប្បាយ​ ​សូម​ឱ្យ​ព្រះករុណា​ជា​ម្ចាស់​ជីវិតលើត្បូង​ ​សោយ​សេចក្ដីសុខ​ក្នុង​រាជសម្បត្ដិ​ ​ព្រមទាំង​មន្ដ្រី​រាជការ​ទាំង​អម្បាលម៉ាន​ក្នុង​ប្រទេស​កម្ពុជា​ ​សូម​ឱ្យ​បាន​សេចក្ដីសុខ​សប្បាយ​អស់​កាល​ជា​អង្វែង​រៀង​ទៅ​ ​សូម​ឱ្យ​ទឹកភ្លៀង​បង្អោរ​ចុះ​មក​ឱ្យ​បាន​សព្វ​ផែនដី​ប្រទេស​កម្ពុជា​ ​ឱ្យ​ស្រុក​សម្បូណ៌​សប្បាយ​ ​កុំឱ្យ​មាន​ភ័យ​អន្ដរាយ​អ្វី​ឡើយ ។​ ​បួងសួង​៣​ដង​ស្រេច​ហើយ​ យក​កន្ទោង​ទៅ​ដាក់​ក្រោម​ដើម​សំរោង​នៅ​មុខ​អាស្រម ។ រួច​លើក​គ្រឿង​តង្វាយ​ទាំងអស់​ចេញ ។ និមន្ដ​ព្រះសង្ឃ​៥​អង្គ​បង្សុកូល​ ​ពួក​ឧបាសក​សូត្រ​ឧទិស​ផល​ ​មេ​ស្មឹង​យក​ទឹកអប់​ប្រោះ​ទៅ​លើ​ដំបូក​ដែល​ជា​តួ​អ្នកតា​ ​ពួក​អ្នករាជការ​ ​ចៅហ្វាយខេត្ត​ ​ចៅហ្វាយស្រុក​ ​និង​មន្ដ្រី​តូចតាច​គ្រប់​តំណែង​ ​បាចទឹក​១​ផ្ដិលៗ​ម្នាក់​ ​រួច​អញ្ជើញ​ទៅ​រាប់បាត្រ​នៅ​វាល​មុខ​រោង​ព្រះសង្ឃ ។

ម៉ោង ​១១​ ​រៀប​ភោជនាហារ​លៀង​ពួក​មន្ដ្រី​សាលា​ខេត្ត​ ​សាលាស្រុក​ធំ​តូច​គ្រប់​តំណែង​ ​ដោយ​វត្ថុ​ដ៏​ឧត្ដម​ពិសា​ ​សប្បាយ​ ​មាន​លេងភ្លេង​ត្រញាំងទា​ ​មាន​ប្រុស​ស្រី​ច្រៀង​ត​គ្នា​ជូន​អស់​លោក​ស្ដាប់​ដល់​ម៉ោង​១២​ជា​ការ​ បង្ហើយ​កិច្ច ។

អំពី​ទំនៀម​រាំ​ពាក់​ ស្នែងទន្សោង​ ​និង​ពាក់​កន្ទុយក្ងោក​នេះ​ ​មាន​សេចក្ដី​ដំណាល​ថា​ ក្នុង​កាល​ដ៏​កន្លង​យូរ​មក​ហើយ​ ​(ស័ករាជ​ ​និង​រាជ្យ​ណា​មិន​ប្រាកដ) មាន​ដើមឈើ​១​ដើម​នៅ​ក្នុង​ស្រុក​ពោធិ៍សាត់ ។​ ​ថ្ងៃមួយ​ព្រានព្រៃ​២​នាក់​ ​មាន​ឈ្មោះ​មិន​ប្រាកដ​ ​នាំ​គ្នា​ចូល​ព្រៃ​ដើម្បី​រក​បាញ់​សត្វ​តាម​ទម្លាប់​របស់​ខ្លួន ។​ ​លុះ​ចូល​ទៅ​ដល់​ដើមឈើ​នោះ​ ​ឮ​សូរ​សម្លេង​សត្វ​កន្លង់​ពីរោះ​ ​ហាក់ដូច​សូរ​សម្លេង​ភ្លេង​តន្ដ្រី​លាន់ឮ​រងំ​ ​ដូច​ជា​សម្លេង​ទ្រ​សាយដៀវ​ ​ឃើញ​សត្វ​ទន្សោង​១​គូ​ ​លោត​កញ្ឆេង​ជល់​គ្នា​លេង​ ​ដូច​គេ​រាំ ។ មាន​សត្វ​ខ្លា​១​គូ​ ​ក្រាប​នៅ​ទីនោះ​វា​គោះ​កន្ទុយ​បក់​ដូច​ជា​គេ​វាយ​ស្គរ ។ មាន​សត្វ​ក្ងោក​១​គូ​ ​កាងស្លាប​បើក​កន្ទុយ​ ​លោត​ចុះ​លោត​ឡើង​ ​ហាក់ដូច​គេ​ចាក់​ត្លុក​ចាក់​ក្បាច់ ។ ព្រាន​ទាំង​ពីរ​នាក់​ ​លាន់មាត់​ថា​ ​“ឱ​ហ្ន៎ ! សត្វ​ទាំងនេះ​ប្លែក​ចម្លែក​អស្ចារ្យ​ ​សូរ​សម្លេង​សត្វ​កន្លង់​ដូច​សម្លេង​តូរ្យតន្ដ្រី​ ​សត្វ​ទន្សោង​ ​និង​សត្វ​ក្ងោក​ ​ដូច​ជា​អ្នក​រាំ​ចាក់​ក្បាច់​ ​សត្វ​ខ្លា​ដូច​ជា​អ្នក​វាយ​ស្គរ​បន្ទរ​តាម​ ​យើង​គួរ​ប្រកប​ធ្វើ​ជា​ភ្លេង​លេង​តាម​សត្វ​ទាំង​អស់នេះ​ទុកជា​កេរ្តិ៍​ឱ្យ​ កូនចៅ​ឯក្រោយ ៕

 

អត្ថបទពាក់ព័ន្ធៈ      អ្នកតា​ឃ្លាំង​មឿង

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in បូជនីយដ្ឋាន, អរិយធម៌​ខ្មែរ and tagged , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s