រូបសំណាករបស់ព្រះស្រីជេដ្ឋា (ស្ដេចកន) សូនរូបដោយលោក ឈា ប៊ុណ្ណា
ព្រឹត្តិការណ៍ព្រះស្ដេចកនជា ផ្នែកមួយដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រខ្មែរដែលបានដក់ជាប់ជានិច្ច ក្នុងអារម្មណ៍ខ្មែរ ។ ទោះបីជាគេពុំសូវបានលើកយកមកធ្វើអធិប្បាយវែកញែកក៏ដោយ ក៏គេតែងតែចងចាំនិងយល់ថា នេះជាព្រឹត្តិការណ៍មួយដ៏អស្ចារ្យក្នុងសង្គមជាតិខ្មែរដែរ ។
ហ្លួងព្រះស្ដេចកន គឺជាអ្នកធ្វើបដិវត្ដមួយនៅក្នុងសតវត្សទី១៦ ជាសម័យដែលគ្មាននរណាអាចប៉ះពាល់ដល់ព្រះរាជតម្រិះរបស់ស្ដេច បាន ។ ការជំរុញឲ្យស្ដេចកនតស៊ូធ្វើសង្គ្រាមជាមួយស្ដេច គឺដោយសារតែស្ដេចបានយកសុបិនរបស់ខ្លួនមកចងអាឃាតសម្លាប់ស្ដេចកន ដែលគ្មានកំហុសថា ជាអ្នកជ្រែករាជ្យ ហេតុនេះទើបមានការរត់គេចហើយបង្កជាទ័ពធ្វើចម្បាំងជាមួយ ស្ដេច ។ នេះជាប្រវត្ដិសាស្ដ្រមួយតែប៉ុណ្ណោះដែលគ្មាននរណាកាឡៃព្រឹត្ដិការណ៍ ដែលបានកើតឡើងរួចទៅហើយនោះបានទេ ។
អ្នកនិពន្ធខ្មែរជាហូរហែបានលើកយករឿងព្រះស្ដេចកនមកសរសេរតាក់តែងប្រឌិតជារឿងប្រលោមលោម ៖
- លោក ឱម ណាគ្រី ក្នុងឆ្នាំ១៩៥៥ បានបោះពុម្ពផ្សាយប្រលោមលោកមួយដែលមានចំណងជើងថា «ឃុនហ្លួងព្រះស្ដេចកន» ។ នេះស្នាដៃដំបូងដែលរៀបរាប់អធិប្បាយពីព្រះស្ដេចកន ។ តែស្នាដៃនេះមានលំនាំដូចគ្នាបេះបិទទៅនឹងអត្ថបទបកប្រែជាភាសា បារាំងរបស់លោក Adhémar Leclère ដែលដកស្រង់ចេញពីពង្សាវតារខ្មែរ ។ អ្វីដែលប្លែកហើយជាបន្ថែមក្នុងស្នាដៃនោះគឺអ្នកនិពន្ធបានរៀបចំ ឃ្លាប្រយោគអធិប្បាយកែលម្អឲ្យមានផ្នែកមនោសញ្ចេតនាខ្លះៗ ។
- លោក សាំង ហ៊ែល ក្នុងឆ្នាំ១៩៧២ ក្រោមរបបសាធារណៈរដ្ឋខ្មែរ បាននិពន្ធស្នាដៃមួយដែលមានចំណងជើង «អ្នកបដិវត្តក្លែងក្លាយ» ។ អ្នកនិពន្ធបានលើកយកស្ដេចកនមកធ្វើជាលេសប្រដូចទៅនឹងលោកសេនា ប្រមុខ លន់ នល់ ហើយវាយប្រហារចោទប្រកាន់ថា ជាជនក្បត់ ជាអ្នកស្នេហាជាតិក្លែងក្លាយ ។ល។
- លោក តូច ឈួង ក្នុងឆ្នាំ១៩៩៥ បានលើកយកប្រធានបទដដែលមកនិពន្ធជាថ្មីម្ដងទៀត ។ ស្នាដៃនេះត្រូវបានលោករៀបចំសរសេរជាពាក្យពេចន៍ជាកំណាព្យពាក្យ ប្រាំបីរចនាតាមបែបបទរបៀបល្ខោនដែលមានចំណងជើងថា «ស្ដេចជ្រែករាជ្យ» ។ លោកបានយកតួអង្គជាច្រើន (ពិតប្រាកដ ឬប្រឌិត) មកធ្វើជាឧទាហរណ៍ក្នុងការវែកញែកសិក្សាអំពីក្រុមអាមីអាថោង ។
ជាមួយគ្នានេះដែរ គេកត់សម្គាល់ឃើញមានប្រលោមលោកល្បីល្បាញជាច្រើនទៀតដែលមានការ ទាក់ទងជិតស្និទ្ធទៅនឹងប្រវត្តិព្រះស្ដេចកនដែរដូចជា ៖
- «ព្រះចន្ទរាជា» របស់អ្នកនិពន្ធ ប៊ីវ ឆៃលាង ចេញផ្សាយក្នុងឆ្នាំ១៩៦៥ ។
- «អ្នកតាឃ្លាំងមឿង» របស់លោក គុយ ឡូត ក្នុងឆ្នាំ១៩៦៧ ។
នៅក្នុងគ្រប់ឯកសារពង្សាវតារខ្មែរ ព្រះស្ដេចកនដែលជាព្រះមហាក្សត្រខ្មែរទី៣៩ត្រូវបានគេចាត់ទុកថា ជាស្ដេចជ្រែករាជ្យ ជាមនុស្សអាក្រក់ក្បត់ស្ដេច ។ គេច្រើនតែនាំគ្នាបំភ្លេចសកម្មភាពដែលស្ដេចព្រះស្រីសុគន្ធបទដែល នាំនាម៉ឺនតូចធំរៀបចំគម្រោងធ្វើឃាតព្រះស្ដេចកន ។ គេហាក់បីដូចជានាំយល់ និងមានជំនឿថា ការប៉ុនប៉ងធ្វើឃាតស្ដេចកនជារឿងធម្មតាដែលគ្រប់មហាក្សត្រខ្មែរ មានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង អាចឲ្យមនុស្សម្នាក់រស់ ឬស្លាប់តាមតែទំនើងចិត្តរបស់ខ្លួន ពីព្រោះគេមានជំនឿថា ព្រះមហាក្សត្រជាអ្នកមានបុណ្យ ជាអាទិទេព ជាមនុស្សល្អ ជាអ្នកគ្មានកំហុស រួចខ្លួនជានិច្ច ។ រីឯមនុស្សផ្សេងទៀត ដូចជាព្រះស្ដេចកនដែលជាកូនរាស្ត្រ ជាក្មេងវត្ត ជាពូជអ្នកបម្រើព្រះរតនៈ ត្រូវតែស្លាប់ទៅតាមបំណងរបស់ស្ដេច ទោះបីគ្រាន់តែជាការយល់សប្តផ្ដេសផ្ដាសក៏ដោយ ។ ចំណុចនេះគួរឲ្យកត់សម្គាល់ព្រោះថា នៅសម័យបច្ចុប្បន្នយើងយល់ថាការសុបិន្ត និងការទស្សន៍ទាយពុំមានមូលដ្ឋានវិទ្យាសាស្ត្រ ជាជំនឿផ្ដេសផ្ដាស ។ ប៉ុន្តែ តាមរយៈរឿងព្រេង និងពង្សាវតារ យើងឃើញថា ហោរាពិតជាមានតួនាទីសំខាន់ណាស់នៅក្នុងការសម្រេចកិច្ចការផែនដី នគរខ្មែរពីបុរាណកាល ។
អត្ថបទខាងក្រោមនេះជាការដកស្រង់តាមឯកសារមហាបុរសខ្មែរ និងរបកគំហើញថ្មីរបស់សាស្ត្រាចារ្យបណ្ឌិត រស់ ចន្ត្រាបុត្រ សម្រាប់មិត្តអ្នកអានស្វែងយល់ពីព្រឹត្តិការណ៍ព្រះស្ដេចកន និងធ្វើការវិនិច្ឆ័យតាមការគួរ ។
១. ឯកសារមហាបុរសខ្មែរ
ផែនដីព្រះស្រីសុគន្ធបទ ពីគ.ស១៥០៤ ដល់គ.ស១៥១២
ចៅពញាដាំខត្តិយរាជា ជាព្រះរាជបុត្រច្បង ស្ដេចឡើងសោយរាជ្យស្នងសម្ដេចព្រះវរបិតាពីឆ្នាំជូត ឆស័កព.ស២០៤៨ គ.ស១៥០៤ ម.ស១៥២៦ ច.ស៨៦៦ ក្នុងព្រះជន្មាយុ២៦ព្រះវស្សា ព្រះអង្គ ទ្រង់ព្រះនាមថា ព្រះបាទសម្ដេចព្រះរាជឱង្កា ព្រះស្រីសុគន្ធបទចក្រពត្ដិពង្សរវង្សខត្តិយោ មហាសេដ្ឋោវរោ រិទ្ធីពិធ្យាស្រ័យមហ័យ រាជាធិរាជរាមាធិបតី ជាអម្ចាស់ជីវិតលើត្បូងគ្រងព្រះមហានគរកម្ពុជាសិរីយសោធរបវរឥន្ទបត្ដ កុរុរដ្ឋរាជធានីបុរីរម្យឧត្ដមមហាស្ថាន ។ ស្ដេចបានតែងព្រះមេរុថ្វាយព្រះភ្លើងព្រះបរមសពសម្ដេចព្រះវរបិតា ស្រេច ស្ដេចគង់នៅចតុមុខ ស្រុកភ្នំពេញ ។
ក្នុងឆ្នាំឆ្លូវ សប្ដស័ក ព.ស២០៤៩ គ.ស១៥០៥ ម.ស១៤២៧ ច.ស៨៦៧ ព្រះអង្គ និងរាជសេវកាមាត្យ ហែព្រះបរមអដ្ឋិសម្ដេចព្រះវរបិតាទៅសាងព្រះចេតិយនៅខាងព្រះធាតុ ខេត្ដអាសន្ទុក ប្របព្រះពុទ្ធចេតិយធ្វើបុណ្យជាឱឡារិកសន្ធឹកមហិមាបញ្ចុះព្រះ បរមអដ្ឋិសម្ដេចព្រះបិតាស្រេចស្ដេចត្រឡប់មកចតុមុខមង្គលវិញ ។ ព្រះអង្គសោយរាជ្យជាសុខមកបាន៤ឆ្នាំ ។
ក្នុងឆ្នាំរោង សំរឹទ្ធិស័ក ព.ស១៥០៨ ម.ស១៤៣០ ច.ស៨៧០ ព្រះបរមបពិត្រទ្រង់ព្រះចិន្ដាថា ទីទួលបាសាន (ស្រុកស្រីសន្ធរ) ដែលសម្ដេចព្រះបរមរាជាពញាយ៉ាត ជាសម្ដេចព្រះអយ្យកោសាងមុនម្ដងនោះស្រួលណាស់ ។ បើយើងមានសឹកទ័ព នឹងទប់ទល់សង្គ្រាមបានដ្បិតមានបឹងខណ្ឌខាងកើត មានទន្លេខណ្ឌខាងអាគ្នេយ៍ មានព្រៃធំខណ្ឌខាងទិសទក្សិណ ។ ទ្រង់ព្រះចិន្ដាហើយស្ដេចទ្រង់ចេញត្រាស់ប្រឹក្សានឹងអស់ព្រះរាជ វង្សានុវង្ស អគ្គសេវកាមាត្យ ។ ព្រះរាជវង្សានុវង្ស អង្គអគ្គសេវកាមាត្យក៏យល់ព្រមតាមព្រះរាជតម្រិះ ។ ព្រះបាទបរមនាថបរមបពិត្រកាលបើទ្រង់យល់ថា អង្គអគ្គសេវកាមាត្យ ព្រមព្រៀងដូច្នេះហើយ ស្ដេចត្រាស់បង្គាប់ឲ្យមុខងារត្រៀមព្រះទីនាំងនាវា និងទូកជំនិះខ្លះឲ្យទៅកាប់ឆ្ការធ្វើព្រះរាជវាំងព្រះដំណាក់ដោយ ខ្ជីខ្ជាចាំមុនសិន ។ លុះដល់បានពិជយឫក្ស (ឫក្ស=វេលាមានជោគមានមង្គល) ហើយព្រះអង្គទ្រង់នាំរាជសេវកាមាត្យ ទាំងខាងក្នុងទាំងខាងក្រៅចុះព្រះទីនាំងនាវាជលឫទ្ធីទៅគង់នៅទួល បាសាន ព្រមដោយមុខមន្ដ្រីគិតតបន្ទាយកំផែងតែងព្រះរាជវាំង តែពេលនោះពុំទាន់ស្រេចនៅឡើយទេ ព្រះអង្គប្រថាប់ដោយព្រះរាជវាំងខ្ជីខ្ជាសិន ។ ព្រះបាទអ្នកអម្ចាស់អង្គនេះ ទ្រង់សព្វព្រះទ័យប្រពាតបង់សំណាញ់នេសាទត្រីរឿយៗ ។
នេះនឹងនិយាយអំពីព្រះពិជ័យនាគ ជាមន្ត្រីធំក្នុងខេត្ដបាសាន អ្នកទៅយកនាងបានជាពលព្រះស្រីរតនត្រ័យ (ពលគឺពួកជនពូជ សូទ្រៈ ជាវណ្ណៈទី៤ ឬពលព្រះរតនត្រ័យ គឺពលដែលមានមុខងារជាអ្នកថែរក្សាវត្ដអារាម) ធ្វើជាភរិយា ។ កាលក្នុងផែនដីព្រះបាទសម្ដេចព្រះធម្មរាជានៅឡើយ នាងមានកូនស្រីមួយឈ្មោះ ស ។ គ្រានោះនាងបានមានគភ៌គ្រប់ខែទៀត រៀបនឹងប្រសូតទារកហើយ ។ ថ្ងៃមួយនាងចុះទៅដោះទុក្ខសត្វក្នុងបង្គន់ ក៏របូតទារកនោះទៅក្នុងទឹកបាត់ ។ ពេលនោះមានហេតុដ៏អស្ចារ្យនាំឲ្យឃើញថា ទារកនោះមានបុណ្យមែន គឺថាវេលានោះស្រាប់តែត្រីពោធំមួយមកទទួលលេបទារកនោះទៅក្នុងពោះ បាត់ទៅ បន្ទាប់ពីនោះមកព្រានប្រមង់ម្នាក់ទៅបង់សំណាញ់ ក៏ត្រូវជាប់ត្រីពោនោះបានមក ។ ជាកុសល ទារកមានបុណ្យមិនស្លាប់ក្នុងថ្ងៃនោះ ក៏មានហេតុបណ្ដាលឲ្យស្ដេចព្រះមហាសង្ឃរាជ (កាលនៅជាព្រះសង្ឃសត្ថា) យប់នោះផ្ទុំស្កល់ទៅយល់សប្ដិឃើញថា ៖ ដូចជាមានទេវតាមកទូលថា ព្រឹកនេះឲ្យស្ដេចយាងទៅកំពង់ទឹកដើម្បីឲ្យជួយសង្គ្រោះទារកម្នាក់ ជាអ្នកមានបុណ្យ មានវាសនាផង ។ លុះតើនឡើង សម្ដេចក៏ទ្រង់នៅត្រ័យចីវរចុះគង់ក្នុងទូកឲ្យសិស្សានុសិស្សអុំ ចេញទៅ ។ ទ្រង់បិណ្ឌបាតដូចសព្វដង តែព្រះនេត្រតែងគន់រំពៃក្រែងមានហេតុអ្វីចម្លែក ដ្បិតមាននិម្មិតពីយប់មិញនោះដូចជាច្បាស់ពេកណាស់ ។ លុះសិស្សអុំបានបន្ដិចទៅ ទូកក៏ទៅអែបប្របទូកព្រានប្រមង់នោះ ។ សម្ដេចព្រះសង្ឃរាជស្ដេចឃើញត្រីពោក្នុងទូកព្រានប្រមង់នោះធំប្លែក ស្ដេចប្រឹងសង្កេតទតឲ្យច្បាស់ ។ ព្រានប្រមង់ឃើញសម្ដេចព្រះមហាសង្ឃរាជ (សង្ឃសត្ថា) អើតទៅទតត្រីនោះ ក៏បង្កើតឲ្យមានសទ្ធាលើកត្រីពោនោះថ្វាយដល់ព្រះអង្គ ពេលទ្រង់ទទួលហើយក៏ឲ្យអុំទូកបិណ្ឌបាតទៅទៀត ។ លុះបិណ្ឌបាតអស់ពេលហើយ ស្ដេចឲ្យសិស្សានុសិស្សត្រឡប់មកអារាមវិញ ។ ខណៈនោះសម្ដេចព្រះសង្ឃរាជស្ដេចមានព្រះថេរវាចាថា ត្រីពោនេះធំប្លែកពីត្រីពោសព្វដង ប្រហែលជាមានហេតុអ្វីក្នុងពោះត្រីនេះជាពុំខានឡើយ ។ អស់ពួកសិស្សានុសិស្សឮពុទ្ធដីកាហើយក៏នាំគ្នាយកកាំបិតទៅវះត្រី នោះ វះទៅឃើញទារកមួយនៅរស់ ។ ទើបស្ដេចឲ្យកូននោះទៅអាបានមេទា គឺប្រុសឈ្មោះ បាន និងស្រីឈ្មោះនាង ទា នេះជាប្ដីប្រពន្ធនឹងគ្នា សម័យពីដើមមនុស្សដែលឥតមានបណ្ដាស័ក្ដិ ឥតបានបួសរៀន (បើប្រុសគេហៅអា បើស្រីគេហៅមេ ជាខ្ញុំរបស់ស្ដេចសង្ឃរាជ) ឲ្យយកទៅចិញ្ចឹមរក្សា ។ ព្រះពិជ័យនាគ និងភរិយា លុះបានដឹងថា កូនខ្លួនពុំស្លាប់ទេ ក៏ទៅក្រាបថ្វាយបង្គំប្រគេនទារកនោះថា ឲ្យនៅនឹងស្ដេចព្រះសង្ឃរាជចុះ ។ សម្ដេចព្រះសង្ឃរាជឲ្យទារកនោះឈ្មោះអាកៅ តែឪពុកម្ដាយ ហៅអាកនរៀងមក ។
នេះនឹងនិយាយក្នុងផែនដីព្រះបាទសម្ដេចព្រះ សុគន្ធបទវិញ ។ សម័យថ្ងៃមួយនោះ ព្រះបរមបពិត្រស្ដេចទៅថ្វាយបង្គំព្រះនៅវត្ដ ស្ដេចទ្រង់ទតព្រះនេត្រទៅឃើញស្ដ្រីស ឈរនៅលើខឿនព្រះវិហារនោះ ជាកូនព្រះពិជ័យនាគ មេបានជាភរិយាមានរូបរាងល្អប្រពៃ ។ ស្ដេចទតម្ដងហើយម្ដងទៀត ។ ខណៈនោះព្រះពិជ័យនាគស្គាល់ច្បាស់ព្រះរាជហឫទ័យ ទើបក្រោយមកក៏ចូលទៅក្រាបថ្វាយបង្គំព្រះបរមបពិត្រថ្វាយកូនស្រីនោះ ជាខ្ញុំបម្រើល្អងធូលីព្រះបាទតរៀងទៅ ។ ព្រះបរមបពិត្រទ្រង់ព្រះសោមនស្សណាស់ ស្ដេចត្រាស់សួរថា នាងនេះកូនឯងឬ ? ព្រះពិជ័យនាគក្រាបទូលថា ៖ នាងនេះហើយដែលទ្រង់ទតឃើញ ហើយមានព្រះបន្ទូលទៀតថា ៖ ស្រីនេះមកពីណា កូនចៅអ្នកណាដែលឈរនៅខឿនព្រះវិហារនោះ គឺនាងសនេះឯង ។ ព្រះបរមបពិត្រ ព្រះអង្គទ្រង់ជ្រាបហើយទ្រង់ត្រូវព្រះទ័យពន់ប្រមាណតាំងនាមនាងស ជាអ្នកព្រះម្នាង កេសរបុប្ផា ព្រះស្នំឯក ។ ទ្រង់ព្រះចិន្ដាថា នាងនេះរូបក៏ល្អសមសួន ចរិតឫកពារ ឥរិយាក៏ថ្លៃថ្លា លើសស្រីទាំងពួង គួរគប្បីនឹងយកនាមនាងនេះតាងនាមព្រះនគរកុំឲ្យបាត់ឈ្មោះ តទៅ ។ តាំងពីថ្ងៃនោះរៀងមកទ្រង់ព្រះបញ្ញត្ដឲ្យលើកលែងហៅស្រុកបាសានឲ្យ ហៅថា ស្រុកស្រីសឈរ ឬ ខេត្ដស្រីសឈរវិញ តែពាក្យនេះយូរៗមក ក៏ប្រែក្លាយជាស្រុកស្រីសន្ធររហូតមកដល់សព្វថ្ងៃនេះ បិតាមាតាព្រះនាងកេសរបុប្ផានោះ ក៏លើកឲ្យខ្ពស់ឡើង ។ បិតាឲ្យហៅថា អ្នកព្រះបិតាពិជ័យនាគ មាតាឲ្យហៅថា អ្នកព្រះមាតាមេបាន ឯឈ្មោះកនដែលជាកូនអ្នកព្រះពិជ័យនាគនោះ លុះចម្រើនធំឡើងមានចំណេះប្រាជ្ញាឆ្លៀវឆ្លាតបម្រើគ្រូ គ្រូក៏ពេញព្រះទ័យ និងរៀនសូត្រអ្វីៗប្រាប់តែម្ដងក៏ចាំជាប់ ។ សម្ដេច (ព្រះមហាសង្ឃរាជសត្ថា) ទ្រង់ប្រិតប្រៀងទាំងអក្សរសាស្ដ្រា ទាំងសិល្ប៍សាស្ដ្រ មន្ដវិជ្ជាការគាថា កោទណ្ឌក្បួនតម្រាផងទាំងឡាយគ្រប់សព្វសារពើឥតចន្លោះឡើយ ។ កនក៏ចេះស្ទាត់លើសសិស្សានុសិស្សទាំងពួង ។ គ្រូបានទំនាយឲ្យថា ៖ កននេះនឹងបានគ្រងស្រុកថ្ងៃណាមួយជាមិនខាន ។ អ្នកព្រះពិជ័យនាគ អ្នកម៉ែបាន កាលឃើញកូនប្រុសមានរូបរាងល្អ មានចំណេះវិជ្ជាប្រាជ្ញាក៏ពូកែ អាយុ១៦ឆ្នាំហើយ ក៏នាំខ្លួនកូនទៅទូលព្រះបរមបពិត្រ ។ ព្រះបរមបពិត្រទ្រង់ជ្រាបថា កនជាប្អូនព្រះស្នំឯក ក៏ទ្រង់ប្រោសប្រាណឲ្យហៅនាយកននៅក្នុងតំណែងមហាតលិក ។ លុះយូរបន្ដិចមក ព្រះបរមបពិត្រទ្រង់ប្រោសតាងនាយកនជាឧកញ៉ាម៉ឺនស្នេហាចមចិត្ដ ។ អស់រាស្ដ្រប្រជាកោតខ្លាចអ្នកម៉ឺនស្នេហាចមចិត្ដ ចូលពឹងបុណ្យអំណាចអ្នកព្រះពិជ័យនាគ អ្នកម៉ែបាន អ្នកម៉ឺនស្នេហាចមចិត្ដ ជាច្រើន ។
មានថ្ងៃមួយនោះ ព្រះបរមបពិត្រទ្រង់ចង់ទតព្រះនេត្រសិល្ប៍ធ្នូ និងចំណេះវិជ្ជារបស់ឧកញ៉ាម៉ឺនស្នេហាចមចិត្ដកន ទើបទ្រង់ត្រាស់ឲ្យសម្ដែងពីចំណេះទាំងឡាយនោះថ្វាយ ។ ឧកញ៉ាម៉ឺនស្នេហាចមចិត្ដតម្លើងធ្នូចាប់ព្រួញម្ដងប្រាំបាញ់ទៅ ម្ដង ព្រួញចេញទៅត្រូវដើមឈើផ្លែឈើទាំងប្រាំទិស ។ ឧកញ៉ាម៉ឺនសូត្រគាថាបាលី និងក្បួនតម្រាអ្វីៗក៏ឃើញថា ស្ទាត់ទាំងអស់ ទើបទ្រង់ត្រាស់សួរថា វិជ្ជាការទាំងនេះចេះពីគ្រូណាមក ។ ឧកញ៉ាម៉ឺនស្នេហាចមចិត្ដក្រាបទូលថា «ទូលព្រះបង្គំជាខ្ញុំ រៀនពីសម្ដេចព្រះសង្ឃរាជកាលនៅជាព្រះសង្ឃសត្ថា» ។ ខណៈនោះព្រះបរមបពិត្រស្ដេចត្រាស់ឲ្យនិមន្ដព្រះសង្ឃរាជ «សង្ឃសត្ថា» នោះមក ទ្រង់តាំងជាសម្ដេច ព្រះសុគន្ធាធិបតីសិរីសង្ឃនាយកលើព្រះសង្ឃទាំងអស់ ។ ឯអស់សេនាបតី មន្ដ្រីធំតូចយល់ថា ព្រះនគរបានក្សេមក្សាន្ដហើយ ក៏នាំគ្នាកសាងព្រះវិហារសីមា ព្រះស្ដូប ព្រះចេតិយតាមធនធានតែរៀងរាល់ខ្លួន ។ ព្រះបាទបរមបពិត្រទ្រង់យល់ថា ៖ អស់នាហ្មឺនសព្វមន្ដ្រីកសាងព្រះវិហារ សីមាទុកជាកេរនោះក៏ជាការគួរសមហើយ ឯការនេះពុំបានចម្រើនទេនឹងរលាយបាត់បង់ទៅវិញ ។ ដូច្នេះគួរអញសាងរូបអញ និងប្រាសាទមួយទុកក្នុងព្រះនគរបាជ័យបានការ បើអត់ពីខ្លួនអញទៅគង់រូបអញនៅឲ្យអ្នកផងធ្វើសក្ការបូជានោះឃើញ ថា នឹងស្ថិតស្ថេរជាជាងការទាំងពួង ។ ទ្រង់ព្រះតម្រិះតែដូច្នេះហើយ ក៏ចាត់ជាង និងកូនជាងឲ្យទៅកសាងប្រាសាទមួយ ព្រះរូបព្រះអង្គមួយ ទុកក្នុងកំផែងនគរបាជ័យបានការ ។ អាស្រ័យហេតុនេះហើយបានជាមានរូបព្រះបាទសម្ដេចព្រះស្រីសុគន្ធបទនៅ ទីនោះ តែយូរៗមកអ្នកស្រុកហៅថា អ្នកតាសុគន្ធបទរហូតដល់សព្វថ្ងៃនេះ ។ លុះសាងព្រះរូបនោះរួចស្រេចហើយ ស្ដេចឲ្យធ្វើបុណ្យឆ្លងយ៉ាងធំសង្គាយនា៧ថ្ងៃ ទើបទ្រង់ត្រឡប់មកក្រុងស្រីសឈរវិញ ។
ភាគបន្ត របកគំហើញថ្មីដោយសាស្ត្រាចារ្យ រស់ ចន្ត្រាបុត្រ