មាគ៌ា​ជីវិត​នៃ​ព្រះពោធិសត្វ

មាគ៌ា​ជីវិត​នៃ​ព្រះពោធិសត្វ

១. ព្រះពោធិសត្វ និង​ពោធិចិត្ត

«ព្រះពោធិសត្វ» គឺ​ជាបុគ្គល​ម្នាក់​ដែល​តាំង​ចិត្ត​ប្រាថ្នា​ឲ្យ​បាន​ត្រាស់​ដឹង​ជា​ ព្រះពុទ្ធ ដោយ​ការ​ខិតខំ​ព្យាយាម​សាង​បុណ្យ​បារមី​យ៉ាង​ស្វិត​ស្វាញ​ជាទី​បំផុត ។ ពាក្យ​ថា «ពោធិសត្វ» សំដៅ​យក​បុគ្គល និង​មហាសត្វ​ទាំងឡាយ​ដែល​ប្រកប​ដោយ​ចិត្ត​បុណ្យ​ដ៏​ទូលំទូលាយ ព្រមទាំង​មាន​បញ្ញា​ដ៏​ជ្រាលជ្រៅ ។ «ពោធិ» ជា​ពាក្យ​បាលី​មាន​ន័យ​ថា បញ្ញា​ជា​គ្រឿង​ត្រាស់ដឹង ។ «សត្ត» ពាក្យ​បាលី ឬ «សត្វ» ពាក្យ​សំស្ក្រឹត មាន​ន័យ​ថា បុគ្គល​ដែល​ជាប់​ជំពាក់​ក្នុង​អារម្មណ៍ ឬ​បំណង​ណា​មួយ ។ ដូច្នេះ​ពាក្យ​ថា «ពោធិសត្វ» មាន​ន័យ​ថា «បុគ្គល​ដែល​មាន​ចិត្ត​ជាប់​ជំពាក់​ក្នុង​ការ​ត្រាស់ដឹង ឬ​ជា​បុគ្គល​ដែល​សាង​ចិត្ត​ដើម្បី​ត្រាស់ដឹង» ។

ក្នុង​ន័យ​នេះ គម្ពីរ​មហាវគ្គដីកា ទីឃនិកាយ សម្ដែង​ថា ៖

បញ្ញា​ណា​ចាក់​ធ្លុះ​នូវ​ធម៌​ដែល​គួរ​ដឹង​តាម​សភាព​ពិត ហេតុ​នោះ​ឈ្មោះ​ថា «ពោធិ» ។ បុគ្គល​នោះ​ឯង​ឈ្មោះ​ថា «ពោធិសត្វ» ព្រោះ​ជា​អ្នក​អនុគ្រោះ​នូវ​សត្វ ។ ហេតុ​នោះ ទើប​លោក​ហៅ​ថា បណ្ឌិត​សត្វ ពុជ្ឈនក​សត្វ គឺ​ជា​អ្នក​ប្រកប​ដោយ «ពោធិចិត្ត» ។
 

តើ​អ្វី​ទៅ​ដែល​ហៅ​ថា​ពោធិចិត្ត ?

«ពោធិចិត្ត» មាន​ន័យ​ថា សន្ដាន​ចិត្ត​នៃ​បុក្គល​ដែល​មាន​ករុណា និង​ឆន្ទះ​ខ្ជាប់ខ្ជួន​តែ​មួយ​គត់ ហើយ​ធំ​ជាង​គេ​ប្រចាំ​ជិវិត គឺ​សេចក្ដី​ប្រាថ្នា​ឲ្យ​បាន​ត្រាស់​ជា​ព្រះសម្មា​សម្ពុទ្ធ ឬ​ព្រះពុទ្ធ ដើម្បី​ឲ្យ​បាន​រួច​ផុត​ចាក​ទុក្ខ​ក្នុង​សង្សារវដ្ដ​ផង និង​ដើម្បី​ជួយ​សង្គ្រោះ​ដល់​សត្វ​លោក​ទាំង​ពួង​ឲ្យ​រួច​ផុត​ចាក​ទុក្ខ​ផង​ ដែរ ។

តើ​បុគ្គល​បែប​ណា​ទើប​អាច​សាង​ខ្លួន​ជា​ពោធិសត្វ​បាន ?

មនុស្ស សត្វ បុរស ស្ត្រី​ទូទៅ​ក្នុង​លោក​សុទ្ធ​តែ​ជា​អ្នក​មាន​ភ័ព្វ​វាសនា​សាង​ខ្លួន​ជា​ ពោធិសត្វ​បាន​ដោយ​ការ​កសាង ពុទ្ធការកធម៌ (ធម៌​ធ្វើ​ឲ្យ​បាន​ត្រាស់​ជា​ព្រះពុទ្ធ, ស្ត្រី​ក៏​អាច​ប្រាថ្នា​ជា​ព្រះពោធិសត្វ​បាន​ដែរ ប៉ុន្តែ​និយតពោធិសត្វ​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​ជា​បុរស) ហើយ​អាច​ចាក់​ធ្លុះ​សព្វញ្ញុតញ្ញាណ​ជា​ព្រះពុទ្ធ​នា​អនាកត​កាល​បាន​ឲ្យ​តែ​ បុគ្គល​នោះ​មាន​ឆន្ទះ (បំណង​ឬ​ការ​ប៉ង​ប្រាថ្នា) យ៉ាង​មុតមាំ​ក្នុង​គោល​ដៅ​ជិវិត ។ ជន​ណា​ក៏​ដោយ​ក៏​អាច​ប្រាថ្នា និង​សាង​ខ្លួន​ជា​ពោធិសត្វ​បាន​ដូច​គ្នា ព្រោះ​មនុស្ស​ម្នាក់ៗ​ដែល​កើត​មក​តែង​តែ​មាន​សភាវៈ​ពីរ​នៅ​ក្នុង​ខ្លួន គឺ​សភាវៈ​ល្អ និង​សភាវៈ​អាក្រក់ ។ សភាវៈ​ល្អ​នេះ​ហើយ​ដែល​មាន​ពូជ​ធម្មជាតិ​របស់​ព្រះពុទ្ធ ហើយ​អាច​រីក​ដុះដាល​ឲ្យ​មាន​បំណង​ដើម្បី​បាន​ត្រាស់​ដឹង​ជា​ ព្រះពុទ្ធ ។ ក្នុង​ចំណុច​នេះ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សម្ដែង​ថា ៖

ការ​ត្រឡប់​បាន​អត្តភាព​ជា​មនុស្ស បាន​ដោយ​កម្រ
ការ​រស់​របស់​សត្វ​ទាំងឡាយ បាន​ដោយ​កម្រ
ការ​ស្ដាប់​ធម៌​របស់​សប្បុរស បាន​ដោយ​កម្រ
ការ​កើត​ឡើង​នៃ​ព្រះពុទ្ធ​ទាំងឡាយ បាន​ដោយ​កម្រ ។
 

ទោះបី​មនុស្ស សត្វ បាន​ជួប​ប្រទះ​នូវ​ការ​ក្រ​ទាំង​បួន​ប្រការ​នេះ​ក្ដី ក៏​ការ​បាន​ចាប់​កំណើត​ជា​មនុស្ស​ចាត់​ទុក​ជា​ភ័ព្វ​វាសនា​ដ៏​ខ្ពង់ខ្ពស់​ ណាស់​ព្រោះ​ភព​នៃ​មនុស្ស​យើង​នេះ​ជា​កន្លែង​នៃ​ព្រះពុទ្ធ​គ្រប់ៗ​ព្រះអង្គ​ បាន​ឧប្បត្តិ​ឡើង​ដើម្បី​សាង​បារមី​ឆ្ពោះ​ទៅ​កាន់​ «ពុទ្ធ​ភូមិ» ។

ព្រះពោធិសត្វ​អាច​មាន​ច្រើន​អង្គ​នៅ​ក្នុង​រយៈ​ពេល​ ជាមួយ​គ្នា តែ​កម្រិត​នៃ​ការ​សាង​បារមី​ខុសៗ​គ្នា ។ ដូច្នេះ​ហើយ​បាន​ជា​ពោធិសត្វ​ទាំងអស់​នោះ ពុំ​អាច​ត្រាស់​ជា​ព្រះពុទ្ធ​ក្នុង​ពេល​ដំណាល​គ្នា​ឡើយ ។ ព្រះពោធិសត្វ​គ្រប់ៗ​ជាតិ​តែងតែ​មាន​ឆន្ទះ​យ៉ាង​មាំមួន​ក្នុង​ពោធិចិត្ត គឺ​ចិត្ត​ដែល​ជាប់​ជំពាក់​ក្នុង​ការ​ត្រាស់ដឹង (មាន​បំណង​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ) និង​តែងតែ​អនុវត្ត​យ៉ាង​ហ្មត់ចត់​ជា​ទី​បំផុត​គ្រប់ៗ​ជាតិ​នូវ​សីលធម៌ និង​ក្រឹត្យ​វិន័យ​ប្រចាំ​ជីវិត​ដែល​ហៅ​ថា «ពុទ្ធការកធម៌» ឬ ហៅ​ថា «បារមីធម៌» ។

និយមន័យ «បារមី» គឺ​ជា​ពាក្យ​បាលី​មក​ពី​ពាក្យ «បារ» មាន​ន័យ​ថា ត្រើយ​ម្ខាង ឬ ត្រើយ​ម្ខាង និង​ពាក្យ «មី» មាន​ន័យ​ថា គុណ​ជាតិ​ដ៏​ប្រសើរ​ដែ​គួរ​បំពេញ ឬ​ផ្លូវ​ដ៏​ខ្ពង់ខ្ពស់​ដែល​គួរ​ដើរ ដូច​ក្នុង​គម្ពីរ​នមក្ការដីកាខៃ​ថា គុណ​ជាតិ​ដែល​នាំ​ឲ្យ​ដល់​ត្រើយ​នៃ​ព្រះនិព្វាន ឬ​ញ៉ាំង​សត្វ​ឲ្យ​បាន​ដល់​ត្រើយ​នៃ​ព្រះនិព្វាន​ឈ្មោះ​ថា «បារមី» (និយម​តាម​ស័ព្ទ​ពាក្យ​ថា «បារមី» មក​ពី​ពាក្យ​ «បរម» + «» = «បារមី») ។

ដូច្នេះ «បារមី» មាន​ន័យ​ថា គុណ​ជាតិ​ដ៏​ប្រសើរ​ដែល​បុគ្គល​ត្រូវ​បំពេញ ឬ​ជា​គ្រឿង​សម្រាប់​ញ៉ាំង​សត្វ​ឲ្យ​ដល់​ត្រើយ​បរម​សុខ​គឺ​ ព្រះនិព្វាន ។ តាម​ពាក្យ​សាមញ្ញ ការ​សាង​បារមី​គឺ​ការ​អប់រំ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ​ទាំង​ផ្លូវ កាយ វាចា ចិត្ត សតិ និង បញ្ញា ដើម្បី​ធ្វើ​ខ្លួន​ឲ្យ​មាន​គុណធម៌​យ៉ាង​ល្អ​ប្រសើរ​ប្រចាំ​ជីវិត ។

តើ​ចាប់​ពី​ពេល​ណា​ទៅ​ដែល​បុគ្គល​អាច​សន្មត​ខ្លួន​ថា​ជា​ព្រះពោធិសត្វ​បាន ?

គេ​អាច​ចាត់​ទុក​មនុស្ស​ម្នាក់​ ឬ​សត្វ​នា​មួយ​ជា​ព្រះពោធិសត្វ​បាន​គឺ​នៅ​ពេល​ដែល​សតិ​របស់​មនុស្ស​នោះ ឬ​សត្វ​នោះ​ឈាន​ទៅ​ដល់​កម្រិត​មួយ​ដ៏​ខ្ពស់​ដែល​ពុំ​អាច​ដក​ទឹក​ចិត្ត​ចេញ​ ពី​ឆន្ទះ​ពោធិចិត្ត​បាន​ គឺ​សេចក្ដី​ប្រាថ្នា​តែ​មួយ​ក្នុង​បំណង​ត្រាស់​ដឹង​ជា​ ព្រះសម្មាសម្ពុទ្ធ ។

ការ​សាង​ខ្លួន​ជា​ព្រះពោធិសត្វ​ត្រូវ​ឆ្លង​កាត់​បី​ដំណាក់​កាល​ដ៏​សំខាន់ៗ​ដូច​តទៅ ៖

ដំណាក់​កាល​ទី​១ បុគ្គល​ចិញ្ចឹម​ចិត្ត​ឲ្យ​ក្លាយ​ជា​ពោធិចិត្ត​ហើយ តែ​នៅ​ពុំ​អាច​ហ្វឹកហ្វឺន​ចិត្ត​ឲ្យ​ជា​ព្រះពោធិសត្វ​បាន ហាក់​ដូច​ជា​បុគ្គល​ម្នាក់​ព្យាយាម​យក​គ្រាប់​ពូជ​ល្ង​មក​ផ្សាំ​ក្នុង​សួន តែ​ពុំ​ទាន់​បាន​ដុះ​ជា​ដើម​ល្ង បុគ្គល​នោះ​នៅ​តែ​ខំ​ព្យាយាម​បន្ត​កប់​គ្រាប់​ល្ង​នៅ​ក្នុង​សួន​នោះ​ទៀត (អាច​ប្រៀប​បាន​នឹង​រយៈ​ពេល​ដែល​ព្រះពោធិសត្វ​តាំង​មនោបណិធាន) ។

ដំណាក់​កាល​ទី​២ ក្រោយ​ពី​ការ​តាំង ​ចិត្ត​បាន​ជាច្រើន​ម៉ឺនសែន​ជាតិ​ហើយ សតិ​របស់​បុគ្គល​នោះ​ចាប់​ផ្ដើម​ប្រារព្ធ​ចិត្ត​ជា​ព្រះពោធិសត្វ ហើយ​ចិត្ត​របស់​បុគ្គល​នោះ​តែង​តែ​រិះ​គិត​ជានិច្ច​ចង់​ត្រាស់​ជា​ព្រះពុទ្ធ រហូត​ដល់​មាន​កម្រិត​ខ្ពស់​បំផុត ដោយ​ដក​ចិត្ត​ចេញ​វិញ​លែង​បាន​ដូច​ដើម​ល្ង​មាន​ពន្លក​ដុះ​ចេញ​ជាដើម ទង ស្លឹក ទន់​ខ្ចី (អាច​ប្រៀប​បាន​នឹង​រយៈ​ពេល​ដែល​ព្រះពោធិសត្វ​តាំង​វចីបណិធាន) ។

ដំណាក់​កាល​ទី​៣ លុះ​បាន​ប្រារព្ធ​ចិត្ត​ជា​ព្រះពោធិសត្វ​ច្រើន​កប្ប​ហើយ បុគ្គល​ក៏​ធ្វើ​សច្ចា​ប្រណិធាន​ដោយ​ប្ដេជ្ញា​ចំពោះ​ព្រះភ័ក្ត្រ​នៃ​ ព្រះសម្មាសម្ពុទ្ធ​ថា ៖

ដោយ​អំណាច​បុញ្ញកម្ម​ដែល​ ខ្ញុំ​ព្រះអង្គ​បាន​បំពេញ​មាន​ប្រមាណ​ប៉ុណ្ណេះ សូម​ឲ្យ​ខ្ញុំ​ព្រះអង្គ​បាន​ត្រាស់​ជា​ព្រះពុទ្ធ​មួយ​អង្គ​ក្នុង​ អនាគតកាល ។

ដំណាក់​កាល​ទី​៣​នេះ ហាក់​ដូច​ជា​ដើម​ល្ង​រឹង​មាំ​ជា​រុក្ខជាតិ តែ​ពុំ​ទាន់​មាន​ផ្លែផ្កា (អាច​ប្រៀប​បាន​នឹង​រយៈ​ពេល​ដែល​ព្រះពោធិសត្វ​បំពេញ​បារមី​បន្ត​រហូត​បាន​ ត្រាស់​បន្ទាប់​ពី​បាន​ទទួល​ការ​ព្យាករ​ពី​ព្រះ​សម្មាសម្ពុទ្ធ​រួច​ ហើយ) ។

កាលណា​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ព្យាករ​បុគ្គល​ណា​មួយ​ថា​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ ពេល​នោះ​ហើយ​បុគ្គល​នោះ​មាន​ឈ្មោះ​ថា «និយតពោធិសត្វ» (បុគ្គល​ទៀង​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ) ។ និយតពោធិសត្វ​គ្រប់ៗ​ជាតិ​តែងតែ​ធ្វើ​សច្ចា​ប្រណិធាន​ដើម្បី​នឹង​បាន​ត្រាស់ ​ជា​ព្រះពុទ្ធ​ដោយ​ព្យាយាម​បំពេញ​ពុទ្ធការកធម៌​គឺ «ទសបារមី» ។

 

ត្រលប់​ទៅ​មាតិកា​រឿង

 
Advertisements

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in អរិយធម៌​ខ្មែរ and tagged , , , , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s