អដ្ឋ​សមោធាន​បច្ច័យ​៤

ព្រះធិសត្វ​ទ្រង់​យោន​យក​កំណើត​ជា​ស្ដេច​ពានរ បាន​ផ្ដល់​ឱវាទ​ដល់​ព្រះរាជា​ដើម្បី​ឲ្យ​ទ្រង់​គ្រប់គ្រង​រដ្ឋ​ប្រកប​ដោយ​ទសពិធរាជធម៌

មាគ៌ា​ជីវិត​នៃ​ព្រះពោធិសត្វ

២. អដ្ឋ​សមោធាន​បច្ច័យ​៤

មុន​នឹង​បុគ្គល​ត្រូវ​បាន​ទទួល​ការ​ព្យាករណ៍​ពី​ ព្រះសម្មាសម្ពុទ្ធ​លើក​ទី​១​ដែល​ជា​លក្ខណៈ​ញ៉ាំង​ឲ្យ​ក្លាយ​ជា​និយត​ ពោធិសត្វ បុគ្គល​នោះ​ត្រូវ​តែ​ប្រកប​ដោយ​អង្គ​៨​ហៅ​ថា «អដ្ឋ​សមោធាន» គឺ​ការ​ប្រជុំ​រួម​ធម៌​ទាំង​៨ ។ ធម៌​ទាំង​៨​នេះ​មាន​សម្ដែង​នៅ​ក្នុង​ខុទ្ទក​និកាយ​ពុទ្ធវំស​ថា ៖

និយត​ពោធិសត្វ​ត្រូវ​សម្រេច​ដោយ​អភិនីហារ​ប្រជុំ​ដោយ​ធម៌​ទាំង​ឡាយ​៨​គឺ ៖

 1. ជា​មនុស្ស​មិន​មែន​ទេព្ដា ឬ​ព្រហ្ម​១
 2. ដល់​ព្រម​ដោយ​ភេទ​ គឺ​បុរស​១
 3. ដល់​ព្រម​ដោយ​ហេតុ​ដែល​អាច​សម្រេច​អរហន្ត​បាន​ក្នុង​ជាតិ​នេះ​គឺ​ឧបនិស្សយ​សម្បត្តិ​១
 4. បាន​ជួប និង​ថ្វាយ​បង្គំ​ព្រះសម្មាសម្ពុទ្ធ​ដោយ​ផ្ទាល់ គឺ​បាន​ទទួល​ព្យាករណ៍​ពី​ព្រះអង្គ​១
 5. បព្វជ្ជា​ជា​តាបស ឬ​ភិក្ខុ​សង្ឃ​១
 6. ដល់​ព្រម​ដោយ​គុណធម៌ គឺ​បាន​សម្រេច​នូវ​អភិញ្ញា​១
 7. មាន​ពោធិចិត្ត​ដែល​សន្សំ​រួច​មក​ហើយ​១
 8. មាន​ឆន្ទៈ​យ៉ាង​ខ្លាំង​ក្លា​ដើម្បី​បាន​ត្រាស់​ជា​ព្រះពុទ្ធ​១ ។

ធម៌​ទាំង​៨​ប្រការ​នេះ​ហៅ​ថា «អដ្ឋ​សមោធាន» ដែល​មាន​សេចក្ដី​អធិប្បាយ​ដូច​ខាងក្រោម ៖

 1. ជា​មនុស្ស​មែន​ពិតៈ សេចក្ដី​ប្រាថ្នា​នូវ​ភាព​ជា​ព្រះពុទ្ធ​រមែង​សម្រេច​បាន​តែ​ចំពោះ​បុគ្គល​ អ្នក​ប្រាថ្នា​នៅ​ក្នុង​អត្តភាព​ជា​មនុស្ស​ប៉ុណ្ណោះ មិន​មែន​នៅ​ក្នុង​កំណើត​ជា​ទេព្ដា ព្រហ្ម នាគ គ្រុឌ ជាដើម​ឡើយ ។
 2. ជា​អ្នក​ដល់​ព្រម​ដោយ​ភេទ គឺ​ភេទ​ប្រុសៈ សេចក្ដី​ប្រាថ្នា​រមែង​សម្រេច​បាន​តែ​ចំពោះ​មនុស្ស​ប្រុស​តែ​ម្យ៉ាង មិន​សម្រេច​ចំពោះ​មនុស្ស​ស្រី ខ្ទើយ ឧភតោព្យព្ជនកៈ (មាន​ភេទ​ពីរ​ឡើយ) ។
 3. ជា​អ្នក​ដល់​ព្រម​ដោយ​ហេតុៈ សំដៅ​ដល់​ឧបនិស្សយ​សម្បត្តិ សេចក្ដី​ប្រាថ្នា​សម្រេច​ដល់​មនុស្ស​ប្រុស​ដែល​ដល់​ព្រម​ដោយ​ហេតុ​នៃ​ ឧបនិស្ស័យ មិន​សម្រេច​ដល់​អ្នក​គ្មាន​ឧបនិស្ស័យ​ឡើយ ។
 4. ជា​អ្នក​បាន​ជួប​ព្រះសម្មាសម្ពុទ្ធៈ គឺ​ជា​អ្នក​ប្រាថ្នា​ស្ថិត​នៅ​ចំពោះ​ព្រះភ័ក្ត្រ​នៃ​ព្រះសម្មាសម្ពុទ្ធ​គង់​ ធរមាន​នៅ​ផ្ទាល់ មិន​សម្រេច​ដល់​អ្នក​ប្រាថ្នា​ចំពោះ​មុខ​ព្រះចេតិយ ពោធិព្រឹក្ស ព្រះពុទ្ធប្បដិមា ព្រះបច្ចេកពុទ្ធ និង​ពុទ្ធសាវ័ក​ឡើយ ។
 5. ជា​បព្វជ្ជាៈ គឺ​ជា​អ្នក​បួស​ក្នុង​សំណាក់​ព្រះពុទ្ធ​ជា​ម្ចាស់ ឬ​ជា​តាបស​ស្ថិត​នៅ​ក្នុង​កម្ម​កិរិយវាទី មិន​សម្រេច​ដល់​អ្នក​ស្ថិត​នៅ​ក្នុង​ភេទ​ជា​គ្រហស្ថ​ទេ ។
 6. ជា​អ្នក​មាន​គុណសម្បត្តិៈ ដល់​ព្រម​ដោយ​គុណ​ គឺ​ជា​អ្នក​សម្រេច​អភិញ្ញា​៥ សមាបត្តិ​៨ មិន​សម្រេច​ដល់​អ្នក​គ្មាន​គុណ​សម្បត្តិ​ឡើយ ។
 7. ជា​អ្នក​មាន​អធិការៈ គឺ​ពោធិចិត្ត​ដែល​សន្សំ​មក​ហើយ ដល់​ព្រម​ដោយ​គុណសម្បត្តិ​ដូច​ពោល​មក ហើយ​ហ៊ាន​លះបង់​សូម្បី​ជីវិត​របស់​ខ្លួន​ ធ្វើ​ឧបការៈ​ដ៏​ក្រៃលែង​ដើម្បី​ភាព​ជា​ព្រះពុទ្ធ ។
 8. ជា​អ្នក​មាន​ឆន្ទៈ​យ៉ាង​ខ្លាំងក្លា​មែន​ពិតៈ ជា​អ្នក​ប្រាថ្នា និង​មាន​ឆន្ទៈ​ដ៏​លើស​លុប​ចំពោះ​ប្រយោជន៍​ដល់​ពុទ្ធការកធម៌​ដើម្បី​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ ។

កាល​ព្រះពោធិសត្វ​ដល់​ព្រម​ ដោយ​ធម៌​ទាំង​៨​នេះ​ហើយ ទើប​សម​គួរ​ដល់​ការ​ព្យាករ​នៃ​ព្រះពុទ្ធ​ទាំង​ឡាយ ។ ហេតុ​ដូច្នេះ ទើប​ធម៌​នេះ​មាន​ឈ្មោះ​ថា អដ្ឋ​សមោធាន គឺ​ការ​ប្រជុំ​រួម​ធម៌​ទាំង​៨ ។

ដើម្បី​សម្រេច​ព្រម​ដោយ​អភិនីហារ​នៃ​ធម៌​ទាំង​៨​នេះ ព្រះពោធិសត្វ​ត្រូវ​ប្រកប​ដោយ​បច្ច័យ​៤ ហេតុ​៤ និង​ពលៈ​៤ ជា​ខាង​ដើម​សិន ទើប​អាច​សម្រេច​ប្រជុំ​រួម​នូវ​អដ្ឋ​សមោធាន​ធម៌​ទាំង​៨​បាន ។ បច្ច័យ​៤ ហេតុ​៤ និង​ពលៈ​៤ មាន​អត្ថន័យ​ដូច​ត​ទៅ​នេះ ៖

បច្ច័យ​៤

 1. ឃើញ​ព្រះ​តថាគតៈ មហា​បុរស​ក្នុង​លោក​នេះ​រមែង​ឃើញ​ព្រះ​តថាគត​ទ្រង់​សម្ដែង​បាដិហារ្យ​ដ៏​ អស្ចារ្យ​ជា​ពុទ្ធានុភាព​ដ៏​ក្រៃលែង​មិន​ធ្លាប់​មាន ។ ចិត្ត​របស់​មហាបុរស​នោះ​រមែង​តាំង​នៅ​ក្នុង​មហា​ពោធិសញ្ញាណ​ ធ្វើ​បាដិហារ្យ​នោះ​ឲ្យ​ជា​អារម្មណ៍ ព្រោះ​អាស្រ័យ​ព្រះ​ដ៏​មាន​ព្រះភាគ មាន​ធម៌​ដ៏​អស្ចារ្យ​មិន​ធ្លាប់​មាន ។ ទ្រង់​មាន​អានុភាព​ជា​អចិន្តេយ្យ​យ៉ាង​នេះ ព្រោះ​ចាក់​ធ្លុះ​ធម្មធាតុ​ណា​ ធម្មធាតុ​នោះ​មាន​អានុភាព​ច្រើន​ណាស់​ហ្ន៎ ។ ព្រះ​មហា​បុរស​នោះ​បង្អោន​ចិត្ត​ទៅ​ក្នុង​សម្ពោធិញ្ញាណ ធ្វើ​ធម្មធាតុ​នោះ​ឲ្យ​ជា​បច្ច័យ ។ អាស្រ័យ​ការ​ឃើញ​មហា​អានុភាព​នោះ​ឯង​ រមែង​តាំង​ចិត្ត​ទុក​ក្នុង​អភិនីហារ​នោះ ។ នេះ​ជា​បច្ច័យ​ទី​១​នៃ​មហា​ភិនីហារ ។
 2. បាន​ឮ​ត​មក​ថា​ព្រះ​តថាគត​មាន​សភាព​ដូច្នេះ: មហា​បុរស​មិន​ឃើញ​ព្រះ​តថាគត​មាន​អានុភាព​ធំ​តាម​ដែល​ពោល​មក​ហើយ តែ​ឮ​ថា​ព្រះ​មាន​ព្រះភាគ​ទ្រង់​មាន​សភាព​ដូច្នេះ ។ មហាបុរស​នោះ​បង្អោន​ចិត្ត​ទៅ​ក្នុង​សម្ពោធិញ្ញាណ​ ធ្វើ​ធម្មធាតុ​នោះ​ឲ្យ​ជា​បច្ច័យ ។ អាស្រ័យ​ព្រះ​ដ៏​មាន​ព្រះភាគ​អង្គ​នោះ​រមែង​តាំង​ចិត្ត​ទុក​ក្នុង​អភិនីហារ​ នោះ ។ នេះ​ជា​បច្ច័យ​ទី​២​នៃ​មហា​ភិនីហារ ។
 3. បាន​ស្ដាប់​ធម៌​ដែល​ប្រកប​ដោយ​ពុទ្ធានុភាពៈ មហាបុរស​មិន​ឃើញ​ព្រះ​តថាគត​មាន​អានុភាព​ធំ​តាម​ដែល​ពោល​នោះ​ហើយ ទាំង​មិន​បាន​ឮ​មហាអានុភាព​នោះ​អំពី​អ្នក​ដទៃ ។ តែ​កាល​ព្រះ​តថាគត​ទ្រង់​សម្ដែង​ធម៌ មហាបុរស​រមែង​ស្ដាប់​ធម៌​បដិសំយុត្ត​ដោយ​កម្លាំង​១០​ដូច្នេះ ។ មហា​បុរស​នោះ​រមែង​បង្អោន​ចិត្ត​ទៅ​ក្នុង​សម្ពោធិញ្ញាណ​ធ្វើ​ធម្មធាតុ​នោះ​ ឲ្យ​ជា​បច្ច័យ ។ អាស្រ័យ​ពុទ្ធានុភាព​នោះ​រមែង​តាំង​ចិត្ត​ទុក​ក្នុង​អភិនីហារ​នោះ ។ នេះ​ជា​បច្ច័យ​ទី​៣​នៃ​មហា​ភិនីហារ ។
 4. មាន​អធ្យាស្រ័យ​មហាសាលៈ មហា​បុរស​មិន​ឃើញ​ព្រះ​តថាគត​មាន​អានុភាព​ធំ​តាម​ដែល​ពោល​នោះ​ហើយ​ទាំង​មិន​ បាន​ឮ​មហាអានុភាព​នោះ​អំពី​អ្នក​ដទៃ ។ ទាំង​មិន​បាន​ស្ដាប់​ធម៌​របស់​ព្រះ​តថាគត​ តែ​ជា​អ្នក​មាន​អធ្យាស្រ័យ​មហាសាល​មាន​ការ​តាំង​ចិត្ត​ស្អាត​គិត​ថា យើង​នឹង​រក្សា​វង្ស​ព្រះពុទ្ធ​បែប​ផែន​របស់​ព្រះពុទ្ធ​បវេណី​របស់​ព្រះពុទ្ធ សភាវធម៌​របស់​ព្រះពុទ្ធ ហើយ​សក្ការៈ​គោរព​រាប់​អាន បូជាធម៌ ប្រព្រឹត្តធម៌ បង្អោន​ចិត្ត​ទៅ​ក្នុង​សម្ពោធិញ្ញាណ​ ធ្វើ​ធម្មធាតុ​នោះ​ឲ្យ​ជា​បច្ច័យ​ អាស្រ័យ​ធម៌​នោះ​រមែង​តាំង​ចិត្ត​ទុក​ក្នុង​អភិនីហារ​នោះ ។ នេះ​ជា​បច្ច័យ​ទី​៤​នៃ​មហា​ភិនីហារ ។

ហេតុ​៤​យ៉ាង

 1. ជា​អ្នក​សម្បូរ​ដោយ​ឧបនិស្ស័យៈ មហាបុរស​ក្នុង​លោក​នេះ​តាម​ប្រក្រតី​ជា​អ្នក​សម្បូរ​ដោយ​ឧបនិស្ស័យ សន្សំ​អធិការ​ក្នុង​ព្រះពុទ្ធ​ទាំង​ឡាយ​ក្នុង​កាល​មុន ។ នេះ​ជា​ហេតុ​ទី​១​នៃ​មហា​ភិនីហារ ។
 2. ជា​អ្នក​មាន​អធ្យាស្រ័យ​ករុណាៈ មហាបុរស​តាម​ប្រក្រតី​ជា​អ្នក​មាន​អធ្យាស្រ័យ​ក្នុង​ករុណា បង្អោន​ចិត្ត​ទៅ​ក្នុង​ករុណា ប្រាថ្នា​នឹង​នាំ​ទុក្ខ​សត្វ​ទាំង​ឡាយ​ចេញ​ទៅ ដោយ​ហ៊ាន​លះបង់​កាយ និង​ជិវិត​របស់​ខ្លួន ។ នេះ​ជា​ហេតុ​ទី​២​នៃ​មហា​ភិនីហារ ។
 3. ជា​អ្នក​មាន​ព្យាយាម​មិន​ញាប់​ញ័រៈ មហា​បុរស​ព្យាយាម​មិន​ងាក​រេ​ចាក​វដ្ដទុក្ខ សូម្បី​ធ្វើ​នូវ​កម្ម​ដែល​គេ​ធ្វើ​បាន​ដោយ​កម្រ​ដើម្បី​ជា​ប្រយោជន៍​ដល់​ សត្វ​លោក​រហូត​អស់​កាល​ដ៏​យូរ មិន​ញាប់​ញ័រ​រហូត​សម្រេច​ប្រយោជន៍​ជា​ទី​ប្រាថ្នា ។ នេះ​ជា​ហេតុ​ទី​៣​នៃ​មហា​ភិនីហារ ។
 4. ជា​អ្នក​អាស្រ័យ​កល្យាណ​មិត្តៈ មហាបុរស​ជា​អ្នក​មាន​អធ្យាស្រ័យ​ក្នុង​កល្យាណ​មិត្ត​ជា​អ្នក​ហាម​ចាក​វត្ថុ​ មិន​ជា​ប្រយោជន៍​ឲ្យ​តាំង​នៅ​ក្នុង​វត្ថុ​ជា​ប្រយោជន៍ ។ នេះ​ជា​ហេតុ​ទី​៤​នៃ​មហា​ភិនីហារ ។

ពលៈ​៤​យ៉ាង

 1. កម្លាំង​ខាង​ក្នុងៈ បាន​ដល់​សេចក្ដី​ពេញ​ចិត្ត​ដោយ​គោរព​ក្នុង​ធម៌​អាស្រ័យ​ខ្លួន​ក្នុង​សម្មា​ សម្ពោ​ធិញ្ញាណ ។ មហា​បុរស​មាន​ខ្លួន​ជា​ធំ មាន​ការ​ខ្មាស​ជាទី​ពឹង​អាស្រ័យ និង​ព្រម​ដោយ​អភិនីហារ​បំពេញ​បារមី ហើយ​ចាក់​ធ្លុះ​នូវ​សម្មា​សម្ពោ​ធិញ្ញាណ ។
 2. កម្លាំង​ខាងក្រៅៈ បាន​ដល់​សេចក្ដី​ពេញ​ចិត្ត​អាស្រ័យ​អ្នក​ដទៃ​ក្នុង​សម្មា​សម្ពោ​ ធិញ្ញាណ ។ មហា​បុរស​មាន​លោក​ជា​ធំ មាន​ការ​រាប់​អាន​ជា​ទីពឹង​អាស្រ័យ និង​ដល់​ព្រម​ដោយ​អភិនីហារ​បំពេញ​បារមី​ហើយ​ចាក់​ធ្លុះ​នូវ​ សម្មាសម្ពោធិញ្ញាណ ។
 3. កម្លាំង​ឧបនិស្ស័យៈ បាន​ដល់​សេចក្ដី​ពេញ​ចិត្ត​ដោយ​ឧបនិស្សយ​សម្បត្តិ​ក្នុង​សម្មា​សម្ពោ​ ធិញ្ញាណ ។ មហាបុរស​មាន​ឥន្ទ្រិយ​កម្រិត​ខ្ពស់​ ឈ្លាស អាស្រ័យ​សតិ​ដល់​ព្រម​ដោយ​អភិនីហារ​បំពេញ​បារមី ហើយ​ចាក់​ធ្លុះ​នូវ​សម្មាសម្ពោធិញ្ញាណ ។
 4. កម្លាំង​សេចក្ដី​ព្យាយាមៈ បាន​ដល់​ការ​ព្រម​ដោយ​សេចក្ដី​ព្យាយាម ភាព​ជា​អ្នក​ធ្វើ​ដោយ​ក្ដី​គោរព ភាព​ជា​អ្នក​ធ្វើ​តៗ​គ្នា​ដែល​កើត​អំពី​សេចក្ដី​ព្យាយាម​នោះ​ក្នុង​សម្មា​ សម្ពោ​ធិញ្ញាណ ។ មហា​បុរស​មាន​សេចក្ដី​ព្យាយាម​តាម​លំដាប់ និង​ដល់​ព្រម​ដោយ​អភិនីហារ​បំពេញ​បារមី ហើយ​ចាក់​ធ្លុះ​នូវ​សម្មាសម្ពោធិញ្ញាណ ។

នេះ​ជា​បច្ច័យ ហេតុ និង​ពលៈ ដែល​នាំ​ឲ្យ​ព្រះពោធិសត្វ​សម្រេច​ធម៌​អដ្ឋ​សមោធាន​ទាំង​៨​នេះ​បាន ។

ព្រះពោធិសត្វ​ដែល​ប្រកប​ដោយ​ធម៌​ទាំង​៨​នេះ ក្នុង​ពេល​ជួប​ព្រះសម្មាសម្ពុទ្ធ​អង្គ​ណា​មួយ ហើយ​បាន​ទទួល​ព្យាករណ៍​ពី​ព្រះពុទ្ធ​អង្គ​នោះ​រួច​ហើយ​ ក៏​មាន​ឈ្មោះ​ថា និយត​ពោធិសត្វមហាពោធិសត្វ ចាប់​ពី​ពេល​នោះ​មក ។

ព្រះពោធិសត្វ​មាន​៣​ប្រភេទ​ដូច​លោក​ចង​ជា​គាថាព័ន្ធ​ថា ៖

ព្រះពោធិសត្វ ឧគ្ឃដិតញ្ញូ មាន​នាម​ថា បញ្ញាធិក
ព្រះពោធិសត្វ វិបច្ចិតញ្ញូ មាន​នាម​ថា សទ្ធាធិក
ព្រះពោធិសត្វ នេយ្យៈ មាន​នាម​ថា វិរិយាធិក
 

ព្រះពោធិសត្វ​ទាំង​៣​ប្រភេទ​ ដូច​ពោល​មក​នេះ មាន​ន័យ​ដូច​តទៅ ៖

ឧគ្ឃដិតញ្ញូ​ពោធិសត្វ គឺ​ជា​ព្រះពោធិសត្វ​ដែល​សាង​បារមី​ក្រាស់​ដោយ​បញ្ញា ។ បន្ទាប់​ពី​បាន​ព្យាករ​ពី​ព្រះពុទ្ធ​អង្គ​ណា​មួយ​មុន​គេ​មក​ ព្រះពោធិសត្វ​ប្រភេទ​នេះ ត្រូវ​បំពេញ​បារមី​បន្ថែម​ចំនួន​៤​អសង្ខេយ្យ ១​សែន​កប្ប ទើប​បាន​ចាក់​ធ្លុះ​នូវ​សម្មាសម្ពោធិញ្ញាណ ។

វិបច្ចិតញ្ញូ​ពោធិសត្វ គឺ​ជា​ព្រះពោធិសត្វ​ដែល​សាង​បារមី​ក្រាស់​ដោយ​សទ្ធា ។ បន្ទាប់​ពី​បាន​ព្យាករ​ពី​ព្រះពុទ្ធ​អង្គ​ណា​មួយ​មុន​គេ​មក ព្រះពោធិសត្វ​ប្រភេទ​នេះ​ត្រូវ​បំពេញ​បារមី​បន្ថែម​ចំនួន​៨​អសង្ខេយ្យ ១​សែន​កប្ប ទើប​បាន​ចាក់​ធ្លុះ​នូវ​សម្មាសម្ពោធិញ្ញាណ ។

នេយ្យ​ពោធិសត្វ គឺ​ជា​ព្រះពោធិសត្វ​ដែល​សាង​បារមី​ក្រាស់​ដោយ​វិរិយៈ ។ បន្ទាប់​ពី​បាន​ព្យាករ​ពី​ព្រះពុទ្ធ​អង្គ​ណា​មួយ​មុន​គេ​មក ព្រះពោធិសត្វ​ប្រភេទ​នេះ​ត្រូវ​បំពេញ​បារមី​បន្ថែម​ចំនួន​១៦​អសង្ខេយ្យ ១​សែន​កប្ប ទើប​បាន​ចាក់​ធ្លុះ​នូវ​សម្មាសម្ពោធិញ្ញាណ ។

ម្យ៉ាងទៀត​គម្ពីរ​មនោរថ​បូរណី អដ្ឋកថា អង្គុត្តរ​និកាយ ឯកនិបាត បាន​បញ្ជាក់​ថា ៖

ព្រះពុទ្ធ​ទ្រង់​មាន​ សព្វញ្ញុតញ្ញាណ​ត្រាស់​ដឹង ព្រោះ​ទ្រង់​បំពេញ​នូវ​បារមី​ទាំឡាយ​អស់​៤​អសង្ខេយ្យ ១​សែន​កប្ប​ខ្លះ ៨​អសង្ខេយ្យ ១​សែន​កប្ប​ខ្លះ ១៦​អសង្ខេយ្យ ១​សែន​កប្ប​ខ្លះ ហើយ​ទ្រង់​ញាំញី​នូវ​មារ ទើប​មាន​ព្រះនាម​ថា សព្វញ្ញុពុទ្ធ ។

អដ្ឋកថា​ចារ្យ​បញ្ជាក់​ក្នុង​បរមត្ថទីបនី ចរិយាបិដក​ថា ៖

ព្រះពោធិសត្វ​ថ្នាក់​ទាប​ បំផុត លោក​ត្រូវ​បំពេញ​បារមី​មាន​ចំនួន​៤​អសង្ខេយ្យ ១​សែន​មហា​កប្ប ថ្នាក់​កណ្ដាល​ លោក​ត្រូវ​បំពេញ​បារមី​មាន​ចំនួន​៨​អសង្ខេយ្យ ១​សែន​មហា​កប្ប ថ្នាក់​ខ្ពស់ លោក​ត្រូវ​បំពេញ​បារមី​មាន​ចំនួន​១៦​អសង្ខេយ្យ និង​១​សែន​មហា​កប្ប ។

ព្រះពោធិសត្វ​មាន​ការ​បំពេញ​បារមី​ខុស​គ្នា​យ៉ាង​នេះ ។

ហេតុ​ដូចម្ដេច​បាន​ជា​ព្រះពោធិសត្វ​លោក​បំពេញ​បារមី​ធម៌​ខុស​កាល​គ្នា​យ៉ាង​នេះ ?

នៅ​ក្នុង​សេចក្ដី​នេះ លោក​បញ្ជាក់​ក្នុង​អដ្ឋកថា​ថា ៖

ធម្មតា​បុគ្គល​ទាំង​ឡាយ​ដែល​ បាន​ឈ្មោះ​ថា​ជា​ និយត​ពោធិសត្វ​ ត្រូវ​ប្រជុំ​រួម​ប្រកប​ដោយ​ធម៌​ទាំង​៨​ក្នុង​ពេល​ជួប​ព្រះសម្មាសម្ពុទ្ធ​ អង្គ​ណា​មួយ​ផ្ទាល់ ។ ក្នុង​ធម៌​ទាំង​៨​នោះ​មាន​ធម៌​ទី​៣​គឺ ហេតុ សំដៅ​ដល់​បុគ្គល​ដែល​មាន​ឧបនិស្ស័យ​ក្នុង​អរហត្តផល «ភាព​ជា​ព្រះ​អរហន្ត» ក្នុង​អត្តភាព​នោះ​បាន ។

សម​ដូច​ក្នុង​គម្ពីរ​បរមត្ថជោតិកា អដ្ឋកថា សុត្តនិបាត បាន​បញ្ជាក់​ថា ៖

ឧបនិស្សយ​សម្បត្តិ​នៃ​អរហត្ត​ ឈ្មោះ​ថា ហេតុ ។ មែន​ពិត​បុគ្គល​ណា​មួយ​មាន​ការ​ព្យាយាម​អាច​ចាក់​ធ្លុះ​នូវ​ព្រះអរហត្ត​ ក្នុង​អត្តភាព​នោះ​ឯង សេចក្ដី​តាំង​ប្រាថ្នា​នូវ​ពុទ្ធភូមិ តែង​សម្រេច​ដល់​បុគ្គល​អ្នក​ដល់​ព្រម​ដោយ​ហេតុ​គឺ​អរហត្ត​នោះ​មិន​សម្រេច​ ដល់​បុគ្គល​ដទៃ​ដែល​មិន​មាន​ហេតុ​នោះ​ឡើយ ។

តាម​ធម្ម​និយាម​នៃ​ព្រះធម៌​ បុគ្គល​ដែល​ត្រូវ​សម្រេច​ជា​ព្រះអរហន្ត​៣​ពួក​គឺ ឧគ្ឃដិតញ្ញូ​បុគ្គល​ វិបច្ចិតញ្ញូ​បុគ្គល​១ នេយ្យ​បុគ្គល​១ ។ ប្រសិនបើ​ក្នុង​អត្តភាព​នោះ ព្រះពោធិសត្វ​ជា​ឧគ្ឃដិតញ្ញូ​បុគ្គល លោក​ស្ដាប់​ព្រះធម៌​ចំពោះ​ព្រះភ័ក្ត្រ​ព្រះសម្ពុទ្ធ​អង្គ​ណា​មួយ​ប្រកប​ដោយ​ គាថា​៤​បទ​នៅ​មិន​ទាន់​ចប់​បទ​គាថា​ទី​៣ លោក​អាច​សម្រេច​ជា​ព្រះអរហន្ត មួយ​អន្លើ​ដោយ​អភិញ្ញា​៦ បដិសម្ភិទា​៤ ប្រសិនបើ​មាន​បំណង​ជា​សាវក​ពោធិញ្ញាណ ។ តែ​លោក​មិន​បង្អោន​ទៅ​ក្នុង​សាវក​ពោធិញ្ញាណ​បែរ​ត្រលប់​មាន​បំណង​ក្នុង​ការ​ សម្រេច​ជា​សម្មា​សម្ពោ​ធិញ្ញាណ​វិញ ។ ព្រោះ​ហេតុ​នោះ ពោធិសត្វ ​អង្គ​នោះ​ឈ្មោះ​ថា ឧគ្ឃដិតញ្ញូ​ពោធិសត្វ​ត្រូវ​បំពេញ​ពុទ្ធការកធម៌​ត្រឹម​ចំនួន​៤​អសង្ខេយ្យ ១​សែន​កប្ប​នឹង​បាន​ត្រាស់​ជា​ព្រះសម្មាសម្ពុទ្ធ ។

ប្រសិនបើ​ក្នុង​អត្តភាព​នោះ ព្រះពោធិសត្វ​ជា​វិបច្ចិតញ្ញូ​បុគ្គល​ លោក​ស្ដាប់​ព្រះធម៌​ចំពោះ​ព្រះភ័ក្ត្រ​ព្រះសម្ពុទ្ធ​អង្គ​ណា​មួយ​ប្រកប​ដោយ​ គាថា​៤​បទ​នៅ​មិន​ទាន់​ចប់​បទ​គាថា​ទី​៤ លោក​អាច​សម្រេច​ជា​ព្រះ​អរហន្ត​មួយ​អន្លើ​ដោយ​អភិញ្ញា​៦ បដិសម្ភិទា​៤ ប្រសិនបើ​មាន​បំណង​ជា​សាវក​ពោធិញ្ញាណ ។ តែ​លោក​មិន​បង្អោន​ទៅ​ក្នុង​សាវក​ពោធិញ្ញាណ​បែរ​ត្រលប់​មាន​បំណង​ក្នុង​ការ​ សម្រេច​ជា​សម្មា​សម្ពោ​ធិញ្ញាណ​វិញ ។ ព្រោះ​ហេតុ​នោះ ពោធិសត្វ ​អង្គ​នោះ​ឈ្មោះ​ថា វិបច្ចិតញ្ញូ​ពោធិសត្វ​ត្រូវ​បំពេញ​ពុទ្ធការកធម៌​ត្រឹម​ចំនួន​៨​អសង្ខេយ្យ ១​សែន​កប្ប​នឹង​បាន​ត្រាស់​ជា​ព្រះសម្មាសម្ពុទ្ធ ។

ប្រសិនបើ​ក្នុង​អត្តភាព​នោះ ព្រះពោធិសត្វ​ជា​នេយ្យ​បុគ្គល លោក​ស្ដាប់​ព្រះធម៌​ចំពោះ​ព្រះភ័ក្ត្រ​ព្រះសម្ពុទ្ធ​អង្គ​ណា​មួយ​ប្រកប​ដោយ​ គាថា​៤​បទ លុះ​ត្រា​តែ​ចប់​បទ​គាថា​ទី​៤ លោក​អាច​សម្រេច​ជា​ព្រះអរហន្ត​មួយ​អន្លើ​ដោយ​អភិញ្ញា​៦ បដិសម្ភិទា​៤ ប្រសិន​បើ​មាន​បំណង​ជា​សាវក​ពោធិញ្ញាណ ។ តែ​លោក​មិន​បង្អោន​ទៅ​ក្នុង​សាវក​ពោធិញ្ញាណ បែរ​ត្រលប់​មាន​បំណង​ក្នុង​ការ​សម្រេច​ជា​សម្មាសម្ពោធិញ្ញាណ​វិញ ។ ព្រោះ​ហេតុ​នោះ ពោធិសត្វ​អង្គ​នោះ​ឈ្មោះ​ថា នេយ្យ​ពោធិសត្វ ត្រូវ​បំពេញ​ពុទ្ធការកធម៌​ត្រឹម​ចំនួន​១៦​អសង្ខេយ្យ ១​សែន​កប្ប​នឹង​បាន​ត្រាស់​ជា​ព្រះសម្មាសម្ពុទ្ធ ។

 

ត្រលប់​ទៅ​មាតិកា​រឿង

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in អរិយធម៌​ខ្មែរ and tagged , , , , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s