ថិរ​វេលា​ព្រះសុមេធ​បណ្ឌិត​បំពេញ​ពុទ្ធការកធម៌

កាល​ពី​ព្រះពោធិសត្វ​ទ្រង់​យោន​កំណើត​ជា​ស្ដេច​ពានរ​យក​ដង​ខ្លួន​ធ្វើ​ជា​ស្ពាន​ចម្លង​បរិវារ​ប្រាំបី​ម៉ឺន​នាក់​ឲ្យ​ផុត​ពី​គ្រោះ​ថ្នាក់

មាគ៌ា​ជីវិត​នៃ​ព្រះពោធិសត្វ

៣. ថិរ​វេលា​ព្រះសុមេធ​បណ្ឌិត​បំពេញ​ពុទ្ធការកធម៌

ព្រះសម្មាសម្ពុទ្ធ​សមណគោតម​បាន​បំពេញ​បារមី​ដើម្បី​ឲ្យ​បាន​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ​ត្រូវ​ប្រើ​ពេល​វេលា​សរុប​ទាំង​អស់​២០​អសង្ខេយ្យ និង​១​សែន​កប្ប​ដែល​ចែក​ជា​វគ្គ​ធំ​បី ដូច​ខាងក្រោម ៖

ក. សុមេធ​បណ្ឌិត​ពោធិសត្វ​បំពេញ​បារមី​ធម៌​១៦​អសង្ខេយ្យ​ជា​អនិយត​ពោធិសត្វ

ព្រះពោធិសត្វ​មាន​មនោបណិធាន​កើត​ឡើង​ប្រាថ្នា​ភាព​ជា ​ព្រះពុទ្ធ (គឹ​សេចក្ដី​ប្រាថ្នា​តែ​ក្នុង​ចិត្ត) ចំនួន​៧​អសង្ខេយ្យ បញ្ចេញ​វាចា​ប្រាថ្នា​ជា​ព្រះសម្មាសម្ពុទ្ធ​៩​អសង្ខេយ្យ ។ នៅ​ក្នុង​១៦​អសង្ខេយ្យ​នេះ ព្រះពោធិសត្វ​នៅ​មាន​លក្ខណៈ​ជា​អនិយត​ពោធិសត្វ គឺ​មិន​ទាន់​ទៀង​ប្រាកដ​ថា ត្រូវ​តែ​បាន​ត្រាស់​ជា​ព្រះពុទ្ធ​នៅ​ឡើយ​ទេ ។

១. មនោបណិធាន

ព្រះពោធិសត្វ​ប្រាថ្នា​ជា​ព្រះពុទ្ធ​ក្នុង​ចិត្ត​អស់​រយៈពេល​៧​អសង្ខេយ្យ ។ ចំនួន​៧​អសង្ខេយ្យ​នោះ​មាន នន្ទ​អសង្ខេយ្យ​១ សុនន្ទ​អសង្ខេយ្យ​១ បឋវី​អសង្ខេយ្យ​១ មណ្ឌល​អសង្ខេយ្យ​១ ធរណិ​អសង្ខេយ្យ​១ សាគរ​អសង្ខេយ្យ​១ និង​បុណ្ឌរិក​អសង្ខេយ្យ​១ ។

ក្នុង​នន្ទ​អសង្ខេយ្យ​នោះ​មាន​កប្ប​មួយ​ឈ្មោះ​ថា សារកប្ប មាន​ព្រះសម្មាសម្ពុទ្ធ​ព្រះនាម ព្រហ្មទេវៈ ទ្រង់​ឧប្បត្តិ​ឡើង​ក្នុង​លោក ។ ក្នុង​នោះ​ព្រះពោធិសត្វ​បាន​យោន​យក​កំណើត​ជា​ព្រះចៅ​ផែនដី​មាន​ព្រះនាម​ថា អតិទេវៈ ហើយ​បាន​បំពេញ​កុសល​ធម៌​ក្នុង​សំណាក់​ព្រះសម្មាសម្ពុទ្ធ​មាន​មនោបណិធាន គឺ​មាន​សេចក្ដី​ប្រាថ្នា​តែ​ក្នុង​ចិត្ត​សូម​ឲ្យ​បាន​ត្រាស់​ជា​ព្រះ​ សម្មាសម្ពុទ្ធ​មួយ​អង្គ​ក្នុង​លោក ។ ក្នុង​អសង្ខេយ្យ​នីមួយៗ​មាន​ចំនួន​ព្រះពុទ្ធ​ត្រាស់​ដឹង​ខុស​គ្នា​គឺ ៖

 1. នន្ទ​អសង្ខេយ្យ មាន​ព្រះពុទ្ធ​ត្រាស់​ដឹង ៤៩.០០០ ព្រះអង្គ
 2. សនន្ទ​អសង្ខេយ្យ មាន​ព្រះពុទ្ធ​ត្រាស់​ដឹង ៩.០០០ ព្រះអង្គ
 3. បឋវី​អសង្ខេយ្យ មាន​ព្រះពុទ្ធ​ត្រាស់​ដឹង ១០.០០០ ព្រះអង្គ
 4. មណ្ឌ​អសង្ខេយ្យ មាន​ព្រះពុទ្ធ​ត្រាស់​ដឹង ១១.០០០ ព្រះអង្គ
 5. ធរណិ​អសង្ខេយ្យ មាន​ព្រះពុទ្ធ​ត្រាស់​ដឹង ២០.០០០ ព្រះអង្គ
 6. សាគរ​អសង្ខេយ្យ មាន​ព្រះពុទ្ធ​ត្រាស់​ដឹង ៣០.០០០ ព្រះអង្គ
 7. បុណ្ឌរិក​អសង្ខេយ្យ មាន​ព្រះពុទ្ធ​ត្រាស់​ដឹង ៤០.០០០ ព្រះអង្គ ។

សរុប​សេចក្ដី​ក្នុង​៧​អសង្ខេយ្យ​នេះ ព្រះពោធិសត្វ​បាន​ធ្វើ​មនោបណិធាន​ចំពោះ​ព្រះពុទ្ធអង្គ​ចំនួន ១៦៩.០០០ ព្រះអង្គ ។

២. វចីបណិធាន

ព្រះពោធិសត្វ​បញ្ចេញ​វាចា​ប្រាថ្នា​ជា​ព្រះពុទ្ធ​៩​អសង្ខេយ្យ​គឺ សព្វភទ្រ ​អសង្ខេយ្យ​១ សព្វផុល្ល​អសង្ខេយ្យ​១ រតន​អសង្ខេយ្យ​១ ឧសភខន្ធក​អសង្ខេយ្យ​១ មានិភទ្រ​អសង្ខេយ្យ​១ បទុម​អសង្ខេយ្យ​១ ឧសភ​អសង្ខេយ្យ​១ ខន្ធុត្ដម​អសង្ខេយ្យ​១ សព្វផាល​អសង្ខេយ្យ​១ ។

ក្នុង​សព្វភទ្រ​អសង្ខេយ្យ ព្រះពោធិសត្វ​កើត​ក្នុង​រាជត្រកូល​នគរ​ធញ្ញវតី ក្នុង​កប្ប​ឈ្មោះ សារមណ្ឌកប្ប បាន​ថ្វាយ​បង្គំ​ព្រះពុទ្ធ​ចំនួន​៤​ព្រះអង្គ ។ ក្នុង​កប្ប​បន្ទាប់​មក​ព្រះពោធិសត្វ​បាន​កើត​ជា​ស្ដេច​ចក្រពត្តិ បាន​ចូល​ទៅ​ថ្វាយ​បង្គំ​ព្រះសម្មាសម្ពុទ្ធ​ព្រះនាម បុរាណសក្យមុនី ដែល​ទ្រង់​បាន​ឧប្បត្តិ​ក្នុង​លោក ។ ព្រះពោធិសត្វ​ក៏​បាន​បញ្ចេញ​វាចា​ប្រាថ្នា​នូវ​ភាព​ជា​ព្រះពុទ្ធ​ក្នុង​ សំណាក់​ព្រះសម្មាសម្ពុទ្ធ​បុរាណសក្យមុនី​នោះ​មុន​ដំបូង​បង្អស់ ។

 1. ក្នុង​សព្វភទ្រ​អសង្ខេយ្យ​នោះ មាន​ព្រះពុទ្ធ​ឧប្បត្តិ​ក្នុង​លោក ៤៩.០០០ ព្រះអង្គ
 2. ក្នុង​សព្ជផុល្ល​អសង្ខេយ្យ មាន​ព្រះពុទ្ធ​ឧប្បត្តិ​ក្នុង​លោក ៦០.០០០ ព្រះអង្គ
 3. ក្នុង​រតន​អសង្ខេយ្យ មាន​ព្រះពុទ្ធ​ឧប្បត្តិ​ក្នុង​លោក ៧.០០០ ព្រះអង្គ
 4. ក្នុង​ឧសភខន្ធក​អសង្ខេយ្យ មាន​ព្រះពុទ្ធ​ឧប្បត្តិ​ក្នុង​លោក ៨០.០០០ ព្រះអង្គ
 5. ក្នុង​មានិភទ្រ​អសង្ខេយ្យ មាន​ព្រះពុទ្ធ​ឧប្បត្តិ​ក្នុង​លោក ៩០.០០០ ព្រះអង្គ
 6. ក្នុង​បទុប​អសង្ខេយ្យ មាន​ព្រះពុទ្ធ​ឧប្បត្តិ​ក្នុង​លោក ២០.០០០ ព្រះអង្គ
 7. ក្នុង​ឧសភ​អសង្ខេយ្យ មាន​ព្រះពុទ្ធ​ឧប្បត្តិ​ក្នុង​លោក ១០.០០០ ព្រះអង្គ
 8. ក្នុង​សន្ធុត្ដម​អសង្ខេយ្យ មាន​ព្រះពុទ្ធ​ឧប្បត្តិ​ក្នុង​លោក ៥.០០០ ព្រះអង្គ
 9. ក្នុង​សព្វផាល​អសង្ខេយ្យ មាន​ព្រះពុទ្ធ​ឧប្បត្តិ​ក្នុង​លោក ២.០០០ ព្រះអង្គ ។

ព្រះពោធិសត្វ​បាន​បញ្ចេញ​វាចា​ប្រាថ្នា​ សូម​ឲ្យ​ខ្លួន​បាន​ត្រាស់​ជា​ព្រះបុទ្ធ​ក្នុង​សំណាក់​ព្រះពុទ្ធ​ចំនួន ៣២៣.០០០ ព្រះអង្គ (រាប់​ទាំង​ព្រះពុទ្ធ​តណ្ហង្ករ​១ ព្រះពុទ្ធ​មេធង្ករ​១ ព្រះពុទ្ធ​សរណង្ករ​ផង) ។

សរុប​ព្រះពោធិសត្វ​ស្ថិត​នៅ​ជា​អនិយត​ ពោធិសត្វ​ត្រូវ​បាន​ថ្វាយ​បង្គំ និង​បំពេញ​អធិការ​យ៉ាង​ច្រើន​ក្នុង​សំណាក់​ព្រះសម្មាសម្ពុទ្ធ​មាន​ចំនួន ៤៩២.០០០ ព្រះអង្គ ។

ព្រះពោធិសត្វ​បាន​បំពេញ​អធិការ គឺ​ការ​សាង​បរាមី​ជា​ឧបនិស្សយ​សម្បត្តិ​ចំនួន​១៦​អសង្ខេយ្យ​ដោយ​ប្រការ​ដូច្នេះ ។

កាល​សព្វផាល​អសង្ខេយ្យ​កន្លង​ទៅ ក៏​មក​ដល់​អសង្ខេយ្យ​មួយ​ទៀត​ហៅ​ថា សេល​អសង្ខេយ្យ ។ ក្នុង​សេល​អសង្ខេយ្យ​នោះ មាន​កប្ប​មួយ​ឈ្មោះ​ថា សារមណ្ឌកប្ប មាន​ព្រះពុទ្ធ​៤​ព្រះអង្គ​ទ្រង់​ត្រាស់​ដឹង​ឡើង​ក្នុង​លោក​គឺ ព្រះពុទ្ធ​តណ្ហង្ករ​១ ព្រះពុទ្ធ​មេធង្ករ​១ ព្រះពុទ្ធ​សរណង្ករ​១ និង​ព្រះពុទ្ធ​ទីបង្ករ​១ ។ ព្រះពោធិសត្វ​បាន​ថ្វាយ​បង្គំ និង​បំពេញ​អធិការ​ក្នុង​ព្រះពុទ្ធ​៣​អង្គ​ខាង​ដើម​ដែរ តែ​មិន​ទាន់​បាន​ទទួល​ការ​ព្យាករ ព្រោះ​អដ្ឋសមោធាន​នៅ​មិន​ទាន់​គ្រប់គ្រាន់ ។

ក្នុង​កាល​ព្រះពុទ្ធ​ទី​៤​ព្រះនាម​ទីបង្ករ ទ្រង់​ឧប្បត្តិ​ក្នុង​លោក ព្រះពោធិសត្វ​យោន​កំណើត​ជា​សុមេធបណ្ឌិត​ ប្រកប​ដោយ​អដ្ឋសមោធាន​ធម៌​ពេញ​បរិបូណ៌​ក៏​បាន​ទទួល​ការ​ព្យាករ​ពី​ ព្រះសម្មាសម្ពុទ្ធ​អង្គ​នោះ​ក្នុង​ភាព​នៃ​បុគ្គល​ជា​និយត​ពោធិសត្វ គឺ​ព្រះមហាពោធិសត្វ​ដែល​នឹង​បាន​ត្រាស់​ជា​ព្រះសម្មាសម្ពុទ្ធ​លើ​លោក​ពិត​ ប្រាកដ ។

៣. កាយវចី​មនោបណិធាន

បន្ទាប់​ពី​ទទួ​បាន​ការ​ព្យាករ​មក ព្រះពោធិសត្វ​ត្រូវ​បំពេញ​ពុទ្ធការកធម៌​ចំនួន​៤​អសង្ខេយ្យ​ ១​សែន​កប្ប​ទៀត (ព្រះពោធិសត្វ​ដែល​ជា​និយត​ពោធិសត្វ​ក្នុង​ករណី​នេះ​សំដៅ​លើ​តែ​ព្រះមហា​ធោធិសត្វ​ដែល​សាង​បារមី​ជា​ព្រះពុទ្ធ​សមណគោតម) ។

ខ. ព្រះពោធិសត្វ​បាន​បំពេញ​បារមី​៤​អសង្ខេយ្យ​ជា​និយត​ពោធិសត្វ

បួន​អសង្ខេយ្យ​នេះ​មានៈ សេល​អសង្ខេយ្យ​១ ភាស​អសង្ខេយ្យ​១ ជយ​អសង្ខេយ្យ​១ រុចិ​អសង្ខេយ្យ​១ 

ក្នុង​សេល​អសង្ខេយ្យ​នេះ​ឯង សុមេធបណ្ឌិត​បាន​ទទួល​ព្យាករណ៍​ពី​ព្រះសម្មាសម្ពុទ្ធ​ព្រះនាម​ ទីបង្ករ ។ ក្នុង​កាល​ផុត​សេល​អសង្ខេយ្យ​ហើយ មាន​កប្ប​មួយ​ឈ្មោះ សារកប្ប មាន​ព្រះពុទ្ធ​មួយ​ព្រះអង្គ​ប៉ុណ្ណោះ​ទ្រង់​ឧប្បត្តិ​ក្នុង​លោក​គឺ​ព្រះពុទ្ធកោណ្ឌញ្ញៈ ។ កាល​នោះ​ ព្រះពោធិសត្វ​យោន​កំណើត​ជា​ស្ដេច​ចក្រពត្តិ​មាន​នាម​ថា វិជិតាវី ក្នុង​នគរ​ចន្ទវតី ទ្រង់​បាន​ថ្វាយ​ទាន​ចំពោះ​ព្រះសង្ឃ​មាន​ព្រះពុទ្ធ​កោណ្ឌញ្ញៈ​ជា​ប្រធាន ។ ព្រះពុទ្ធ​អង្គ​នោះ​ទ្រង់​ព្យាករ​ជា​លើក​ទី​២ 

កាល​កន្លង​ផុត​នូវ​សេល​អសង្ខេយ្យ​ហើយ មក​ដល់​អសង្ខេយ្យ​មួយ​ទៀត​ឈ្មោះ​ថា ភាស​អសង្ចេយ្យ ។ ក្នុង​ភាស​អសង្ខេយ្យ​នោះ​កន្លង​ផុត​ទៅ មក​ដល់​កប្ប​មួយ​ឈ្មោះ​ថា សារមណ្ឌកប្ប​ មាន​ព្រះពុទ្ធ​៤​ព្រះអង្គ​ត្រាស់​ដឹង​ក្នុង​លោក​គឺ ព្រះពុទ្ធ​មង្គលៈ​១ ព្រះពុទ្ធ​សុមនៈ​១ ព្រះពុទ្ធ​រេវតៈ​១ ព្រះពុទ្ធ​សោភិតៈ​១ ។

កាល​ព្រះសម្មាសម្ពុទ្ធ​មង្គលៈ​ទ្រង់​ត្រាស់​ដឹង​ក្នុង​លោក ព្រះពោធិសត្វ​យោន​កំណើត​ជា​ព្រាហ្មណ៍​ឈ្មោះ សុរុចិ បាន​ថ្វាយ​ទាន​ចំពោះ​ព្រះសង្ឃ​មាន​ព្រះពុទ្ធ​មង្គលៈ​ជា​ប្រធាន ហើយ​បាន​ទទួល​ព្យាករណ៍​ជា​លើក​ទី​៣ ។

កាល​ព្រះសម្មាសម្ពុទ្ធ​សុមនៈ​ទ្រង់​ត្រាស់​ដឹង​ក្នុង​លោក ព្រះពោធិសត្វ​យោន​កំណើត​ជា​នាគ​មួយ​ឈ្មោះ អតុលៈ បាន​ថ្វាយ​ទាន និង​សក្ការៈ​យ៉ាង​ធំ​ចំពោះ​ព្រះសង្ឃ​មាន​ព្រះពុទ្ធ​សុមនៈ​ជា​ប្រធាន ហើយ​បាន​ទទួល​ព្យាករណ៍​លើក​ទី​៤ 

កាល​ព្រះសម្មាសម្ពុទ្ធ​រេវតៈ​ទ្រង់​ត្រាស់​ដឹង​ក្នុង​លោក ព្រះពោធិសត្វ​យោន​កំណើត​ជា​ព្រាហ្មណ៍​ឈ្មោះ អតិទេវៈ បាន​ថ្វាយ​ចីវរទាន​ចំពោះ​ព្រះពុទ្ធ​រេវតៈ ហើយ​បាន​ទទួល​ព្យាករ​លើក​ទី​៥ 

កាល​ព្រះសម្មាសម្ពុទ្ធ​សោភិតៈ​ទ្រង់​ត្រាស់​ដឹង​ក្នុង​លោក ព្រះពោធិសត្វ​យោន​កំណើត​ជា​ព្រាហ្មណ៍​ឈ្មោះ សជាតៈ បាន​ថ្វាយ​មហាទាន​ចំពោះ​ព្រះសង្ឃ​មាន​ព្រះពុទ្ធ​សោភិតៈ​ជា​ប្រធាន ហើយ​បាន​ទទួល​ការ​ព្យាករ​លើក​ទី​៦ ។

កាល​សារមណ្ឌកប្ប​ផុត​ទៅ ក៏​មក​ដល់​អសង្ខេយ្យ​មួយ​ទៀត​ឈ្មោះ​ថា ជយ​អសង្ខេយ្យ ជា​សុញ្ញ​អសង្ខេយ្យ មិន​មាន​ព្រះពុទ្ធ​ត្រាស់​ដឹង​ក្នុង​លោក ។ កាល​សុញ្ញ​អសង្ខេយ្យ​នោះ​កន្លង​ផុត​ហើយ មក​ដល់​កប្ប​មួយ​ឈ្មោះ​ថា វរកប្ប​ មាន​ព្រះពុទ្ធ​៣​ព្រះអង្គ​ត្រាស់​ដឹង​ក្នុង​លោក​គឺ ព្រះពុទ្ធ​អនោមទស្សី​១ ព្រះពុទ្ធ​បទុមៈ​១ ព្រះពុទ្ធ​នារទៈ​១ 

ក្នុង​សម័យ​កាល​ព្រះពុទ្ធ​អនោមទស្សី ព្រះពោធិសត្វ​យោន​កំណើត​ជា យក្ខ មាន​តំណែង​ជា​សេនាបតី បាន​និម្មិត​មណ្ឌប​យ៉ាង​ស្អាត​វិចិត្រ​ថ្វាយ​មហា​ទាន​ចំពោះ​ព្រះភិក្ខុសង្ឃ មាន​ព្រះពុទ្ធ​ជា​ប្រធាន ព្រះពុទ្ធ​អនោមទស្សី​ទ្រង់​ក៏​ព្យាករ​លើក​ទី​៧ 

ក្នុង​សម័យ​ព្រះពុទ្ធ​បទុមៈ ព្រះពោធិសត្វ​បាន​យោន​កំណើត​ជា​ រាជសីហ៍ ឃើញ​ព្រះពុទ្ធ​បទុមៈ​អង្គ​នោះ ទ្រង់​ចូល​និរោធសមាបត្តិ​ក្នុង​ព្រៃ​៧​ថ្ងៃ ហើយ​ក៏​នមស្ការ​ធ្វើ​ប្រទក្សិណ ទើប​បន្លឺ​សីហនាទ​៣​ដង ក៏​ចៀស​ចេញ​ទៅ ។ ព្រះពុទ្ធ​បទុមៈ ទ្រង់​ព្យាករ​លើក​ទី​៨ ។

ក្នុង​សម័យ​ព្រះពុទ្ធ​នារទៈ ព្រះពោធិសត្វ​បួស​ជា​ឥសី បាន​ថ្វាយ​មហា​ទាន និង​បូជា​ដោយ​ខ្លឹមចន្ទន៍​ចំពោះ​ព្រះភិក្ខុសង្ឃ​មាន​ព្រះពុទ្ធ​ជា​ប្រធាន ។ ព្រះពុទ្ធ​នារទៈ ទ្រង់​ក៏​ព្យាករ​លើក​ទី​៩ 

កាល​វរកប្ប​កន្លង​ផុត​ទៅ ក៏​មក​ដល់​អសង្ខេយ្យ​មួយ​ទៀត​ឈ្មោះ រុចិ​អសង្ខេយ្យ ជា​សុញ្ញ​អសង្ខេយ្យ​ដែរ មិន​មាន​ព្រះពុទ្ធ​ត្រាស់​ដឹង​ឡើយ ។

គ. ព្រះពោធិសត្វ​បំពេញ​បារមី​១​សែន​កប្ប​ជា​និយត​ពោធិសត្វ

កាល​ខាង​ដើម​១​សែន​កប្ប​នោះ មាន​កប្ប​មួយ​ឈ្មោះ​ថា សារកប្ប មាន​ព្រះពុទ្ធ​១​ព្រះអង្គ​ទ្រង់​ត្រាស់​ដឹង​គឺ ព្រះពុទ្ធ​បទុមុត្តរៈ ។

ក្នុង​សម័យ​កាល​ព្រះពុទ្ធ​បទុមុត្តរៈ ព្រះពោធិសត្វ​មាន​ឈ្មោះ​ថា ជដិលៈ បាន​ថ្វាយ​មហាទាន​ មាន​សំពត់​ចីវរ និង​ភត្តាហារ​ចំពោះ​ព្រះភិក្ខុ​សង្ឃ​មាន​ព្រះពុទ្ធ​ជា​ប្រធាន ។ ព្រះពុទ្ធ​បទុមុត្តរៈ ទ្រង់​ព្យាករ​លើក​ទី​១០ ។

កាល​ត​មក ព្រះពុទ្ធ​ជា​ម្ចាស់​ទ្រង់​ឧប្បត្តិ​ឡើង​ក្នុង​លោក​មាន​ចំនួន ៦៩.០០០ ព្រះអង្គ (ព្រះពោធិសត្វ​មិន​បាន​ទទួល​ការ​ព្យាករណ៍​ពី​ព្រះពុទ្ធ ៦៩.០០០ អង្គ​នេះ​ទេ) ។ តមក​ទៀត ចូល​មក​ខាង​ដើម ៣០.០០០​កប្ប ។ ក្នុង​មណ្ឌកប្ប មាន​ព្រះពុទ្ធ​ទ្រង់​ឧប្បត្តិ​ឡើង​២​ព្រះអង្គ​គឺ ព្រះពុទ្ធ​សុមេធ​១ ព្រះបុទ្ធ​សុជាតៈ​១ ។

ក្នុង​សម័យ​កាល​ព្រះពុទ្ធ​សុមេធៈ ព្រះពោធិសត្វ​យោន​កំណើត​ជា​មាណព​ឈ្មោះ ឧត្ដរៈ បរិច្ចាគ​ទ្រព្យ​៨០​កោដិ​កហាបណៈ​ថ្វាយ​មហាទាន​ចំពោះ​ព្រះភិក្ខុ​សង្ឃ​មាន​ព្រះពុទ្ធ​ជា​ប្រធាន ។ ព្រះពុទ្ធ​សុមេធៈ ទ្រង់​ព្យាករ​ជា​លើក​ទី​១១ ។

ក្នុង​សម័យ​កាល​ព្រះពុទ្ធ​សជាតៈ ព្រះពោធិសត្វ​យោន​កំណើត​ជា​ស្ដេច​ចក្រពត្តិ លោក​បាន​ថ្វាយ​រាជសម្បត្តិ​ទាំង​៤​ទ្វីប និង​រតនៈ​៧​ប្រការ​ចំពោះ​ព្រះភិក្ខុសង្ឃ មាន​ព្រះពុទ្ធ​ជា​ប្រធាន ហើយ​ចេញ​បព្វជ្ជា ។ ព្រះពុទ្ធ​សុជាតៈ ទ្រង់​ត្រាស់​ព្យាករ​ថា បព្វជិត​ចក្រពត្តិ​នេះ​នឹង​ត្រាស់​ជា​ព្រះពុទ្ធ​មួយ​អង្គ​បន្ទាប់​ពី​នេះ ៣០.០០០​កប្ប​ទៀត ។ ព្រះពុទ្ធ​សុជាតៈ ទ្រង់​ព្យាករ​ជា​លើក​ទី​១២ 

បន្ទាប់​ពី​មណ្ឌកប្ប​នោះ​ទៅ មក​ដល់​ខាង​ដើម​១.៨០០​កប្ប ។ មាន​កប្ប​មួយ​ឈ្មោះ វរកប្ប មាន​ព្រះពុទ្ធ​៣​ព្រះអង្គ​ទ្រង់​ត្រាស់​ដឹង​គឺ ព្រះពុទ្ធ​បិយទស្សី​១ ព្រះពុទ្ធ​អត្ថទស្សី​១ ព្រះពុទ្ធ​ធម្មទស្សី​១ 

ក្នុង​សម័យ​កាល​ព្រះពុទ្ធ​បិយទស្សី ព្រះពោធិសត្វ​យោន​កំណើត​ជា​ព្រាហ្មណ៍​ឈ្មោះ កស្សបៈ បាន​កសាង​អារាម​មួយ អស់​ទឹក​ប្រាក់ ១០០.០០០​កោដិ​កហាបណៈ​ថ្វាយ​ចំពោះ​ពញរះភិក្ខុសង្ឃ​មាន​ព្រះពុទ្ធ​ជា​ ប្រធាន ។ ព្រះពុទ្ធ​បិយទស្សី ទ្រង់​ព្យាករ​ថា ព្រាហ្មណ៍​កស្សបៈ​នេះ​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​មួយ​ព្រះអង្គ​បន្ទាប់​ពី ​នេះ ១.៨០០​កប្ប​ទៀត ។ ព្រះពុទ្ធ​បិយទស្សី ទ្រង់​ព្យាករ​ជា​លើក​ទី​១៣ ។

ក្នុង​សម័យ​កាល​ព្រះពុទ្ធ​អត្ថទស្សី ព្រះពោធិសត្វ​យោន​កំណើត​ជា សុសិមជដិល បាន​នាំ​ផ្កា​ទិព្វ​ពី​ស្ថានសួគ៌ ផ្កា​មន្ទារវបុស្ស ផ្កា​បទុម និង​ផ្កា​បារិច្ឆត្តកព្រឹក្ស បូជា​ចំពោះ​ព្រះសម្មាសម្ពុទ្ធ ។ ព្រះពុទ្ធ​អត្ថទស្សី​ទ្រង់​ព្យាករ​ថា ជដិល​នេះ​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​មួយ​អង្គ​ក្នុង​អនាគត​កាល​បន្ទាប់​ពី ​នេះ ១.៨០០​កប្ប ។ ព្រះពុទ្ធ​អត្ថទស្សី ទ្រង់​ព្យាករ​ជា​លើក​ទី​១៤ 

ក្នុង​សម័យកាល​ព្រះពុទ្ធ​ធម្មទស្សី ព្រះពោធិសត្វ​បាន​យោន​កំណើត​ជា​ព្រះឥន្ទ បាន​បូជា​ព្រះសម្មាសម្ពុទ្ធ​ធម្មទស្សី​ដោយ​គ្រឿង​សក្ការៈ​យ៉ាង​ច្រើន ។ ព្រះពុទ្ធ​ធម្មទស្សី ទ្រង់​ព្យាករ​ថា ស្ដេច​សក្កទេវរាជ​នេះ​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​បន្ទាប់​ពី​នេះ ១.៨០០​កប្ប​ទៀត ។ ព្រះពុទ្ធ​ធម្មទស្សី ទ្រង់​ព្យាករ​ជា​លើក​ទី​១៥ ។

កាល​វរកប្ប​នោះ​កន្លង​ទៅ​ហើយ ក៏​ឈាន​ចូល​មក​ខាង​ដើម​នៃ​៩៤​កប្ប ។ មាន​កប្ប​មួយ​ឈ្មោះ សារកប្ប ។ ក្នុង​សារកប្ប​នោះ មាន​ព្រះពុទ្ធ​មួយ​ព្រះអង្គ​ទ្រង់​ត្រាស់​ដឹង​ក្នុង​លោក​គឺ ព្រះពុទ្ធ​សិទ្ធត្ថៈ 

ក្នុង​សម័យ​កាល​ព្រះពុទ្ធ​សិទ្ធត្ថៈ ព្រះពោធិសត្វ​បួស​ជា​តាបស​មាន​ឈ្មោះ​ថា មង្គលៈ បាន​ថ្វាយ​ផ្លែ​ព្រីង​ចំពោះ​ព្រះពុទ្ធ​អង្គ ។ ព្រះសិទ្ធត្ថៈ ទ្រង់​ព្យាករ​ថា បន្ទាប់​ពី​នេះ​៩៤​កប្ប​ទៀត តាបស​នេះ​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​មួយ​ព្រះអង្គ​ព្រះនាម​ថា ព្រះពុទ្ធ​គោតម ។ ព្រះពុទ្ធ​សិទ្ធត្ថៈ ទ្រង់​ព្យាករ​ជា​លើក​ទី​១៦ 

ក្នុង​កាល​ត​មក មាន​កប្ប​មួយ​ជា​សុញ្ញកប្ប គឺ​កប្ប​សូន្យ​ដែល​ពុំ​មាន​ព្រះពុទ្ធ​ត្រាស់​ដឹង ។ បន្ទាប់​ពី​សុញ្ញកាស​កប្ប​នោះ ឈាន​ចូល​មក​ខាង​ដើម​៩២​កប្ប មាន​កប្ប​មួយ​ឈ្មោះ មណ្ឌកប្ប មាន​ព្រះពុទ្ធ​ត្រាស់​ដឹង​២​ព្រះអង្គ​គឺ ព្រះពុទ្ធ​តិស្សៈ​១ ព្រះពុទ្ធ​បុស្សៈ​១ (ច្បាប់​ខ្លះ​ថា ផុស្សៈ ក៏​មាន) ។

ក្នុង​សម័យ​កាល​ព្រះពុទ្ធ​តិស្សៈ ព្រះពោធិសត្វ​ជា​ក្សត្រ​ទ្រង់​នាម សុជាតៈ ទ្រង់ ​លះ​បង់​រាជសម្បត្តិ បួស​ជា​តាបស បាន​នាំ​ផ្កា​ទិព្វ​មក​បូជា​ចំពោះ​ព្រះ​ដ៏​មាន​ព្រះភាគ ។ ព្រះពុទ្ធ​តិស្សៈ ទ្រង់​ព្យាករ​ថា តាបស​នេះ​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​មួយ​ព្រះអង្គ​នាម​ថា សមណគោតម​បន្ទាប់​ពី​នេះ​ទៅ​៩២​កប្ប ។ ព្រះពុទ្ធ​តិស្សៈ ទ្រង់​ព្យាករ​ជា​លើក​ទី​១៧ 

ក្នុង​សម័យ​កាល​ព្រះពុទ្ធ​បុស្សៈ ព្រះពោធិសត្វ​យោន​កំណើត​ជា​ក្សត្រ​នាម វិជិតាវី បាន​លះបង់​រាជសម្បត្តិ ហើយ​ចេញ​បព្វជ្ជា ។ ព្រះពុទ្ធ​បុស្សៈ​ទ្រង់​ព្យាករ​ថា បព្វជិត​រូប​នេះ​នឹង​បាន​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ​បន្ទាប់​ពី​នេះ​៩២​កប្ប​ ទៀត ។ ព្រះពុទ្ធ​បុស្សៈ ទ្រង់​ព្យាករ​ជា​លើក​ទី​១៨ 

កាល​កន្លង​មណ្ឌកប្ប​នោះ​ទៅ ឈាន​ចូល​មក​ខាង​ដើម​នៃ​៩១​កប្ប មាន​កប្ប​មួយ​ឈ្មោះ សារកប្ប ។ ក្នុង​សារកប្ប​នោះ មាន​ព្រះពុទ្ធ​មួយ​ព្រះអង្គ​ទ្រង់​ត្រាស់​ដឹង​ក្នុង​លោក​គឺ ព្រះពុទ្ធ​វិបស្សី ។ ក្នុង​កាល​នោះ ព្រះពោធិសត្វ​បាន​យោន​កំណើត​ជា​នាគ​មួយ​មាន​ឈ្មោះ​ថា អតុលៈ បាន​បូជា​ដល់​ព្រះដ៏​មាន​ព្រះភាគ​នូវ​តូរ្យតន្ត្រី​ទិព្វ ។ ព្រះពុទ្ធ​វិបស្សី ទ្រង់​ព្យាករ​ថា នាគ​នេះ​នឹង​បាន​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ​បន្ទាប់​ពី​នេះ​៩១​កប្ប​ ទៀត ។ ព្រះពុទ្ធ​វិបស្សី ទ្រង់​ព្យាករ​ជា​លើក​ទី​១៩ 

កាល​កប្ប​នោះ​កន្លង​ទៅ​យ៉ាង​យូរ ក៏​ឈាន​ចូល​មក​ដល់​ខាង​ដើម​នៃ​៣១​កប្ប ។ មាន​កប្ប​មួយ​ឈ្មោះ​មណ្ឌកប្ប មាន​ព្រះពុទ្ធ​២​ព្រះអង្គ​ទ្រង់​ត្រាស់​ដឹង​ក្នុង​លោក​គឺ ព្រះពុទ្ធ​សិខី​១ ព្រះពុទ្ធ​វេស្សភូ​១ ។

ក្នុង​សម័យ​កាល​នៃ​ព្រះពុទ្ធ​សិខី ព្រះពោធិសត្វ​បាន​យោន​យក​កំណើត​ជា​ក្សត្រ​ព្រះនាម​ថា អរិន្ទមៈ បាន​ថ្វាយ​សំពត់​មាន​សាច់​យ៉ាង​ល្អ និង​ពាហនៈ​ដំរី​ទ្រង់​គ្រឿង​ចំពោះ​ព្រះភិក្ខុ​សង្ឃ មាន​ព្រះពុទ្ធ​ជា​ប្រធាន ។ ព្រះពុទ្ធ​សិខី ទ្រង់​ព្យាករ​ថា កសត្រ​អរិន្ទមៈ​នេះ​នឹង​បាន​ត្រាស់​ដឹង​ធា​ព្រះពុទ្ធ​មួយ​អង្គ​ក្នុង​លោក​ បន្ទាប់​ពី​នេះ​៣១​កប្ប​ទៀត ។ ព្រះពុទ្ធ​សិខី ទ្រង់​ព្យាករ​ជា​លើក​ទី​២០ ។

ក្នុង​សម័យ​កាល​ព្រះពុទ្ធ​វេស្សភូ ទ្រង់​ត្រាស់​ដឹង​ក្នុង​លោក ។ ព្រះពោធិសត្វ​បនា​យោន​កំណើត​ជា​ក្សត្រ​សុទស្សនៈ បាន​ថ្វាយ​នូវ​មហា​ទាន​ចំពោះ​ព្រះពុទ្ធ​អង្គ ។ ព្រះពុទ្ធ​វេស្សភូ ទ្រង់​ព្យាករ​ថា ក្សត្រ​អង្គ​នេះ​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​បន្ទាប់​ពី​នេះ​៣១​កប្ប​ ទៀត ។ ព្រះពុទ្ធ​វេស្សភូ ទ្រង់​ព្យាករ​ជា​លើក​ទី​២១ ។

បន្ទាប់​មក មិន​មាន​ព្រះពុទ្ធ​ត្រាស់​ដឹង​អស់​ចំនួន​២៩​កប្ប ក៏​ឈាន​ចូល​មក​ដល់​ភទ្ទកប្ប ដែល​មាន​ព្រះពុទ្ធ​៥​ព្រះអង្គ​បាន​ត្រាស់​គឺ ព្រះពុទ្ធ​កក្កុសន្ធៈ​១ ព្រះពុទ្ធ​កោណាគមនៈ​១ ព្រះពុទ្ធ​កស្សបៈ​១ ព្រះពុទ្ធ​សមណគោតម​១ (ព្រះពុទ្ធ​អង្គ​បច្ចុប្បន្ន​យើង​នេះ) និង​ព្រះពុទ្ធ​មេត្តេយ្យ​១ (នឹង​ត្រាស់​ដឹង​ក្នុង​កាល​ខាង​មុខ) ។

ក្នុង​ភទ្ទកប្ប​នេះ កាល​មនុស្ស​មាន​អាយុ ៤០.០០០ ឆ្នាំ មាន​ព្រះពុទ្ធ​អង្គ ទ្រង់​ត្រាស់​ដឹង​ក្នុង​លោក​គឺ ព្រះពុទ្ធ​កក្កុសន្ធៈ ។ ក្នុង​កាល​នោះ ព្រះពោធិសត្វ​បាន​យោន​កំណើត​ជា​ក្សត្រ​ព្រះនាម ខេមៈ បាន​ថ្វាយ​មហាទាន​យ៉ាង​ច្រើន​ចំពោះ​ព្រះសម្មាសម្ពុទ្ធ និង​ភិក្ខុសង្ឃ ។ ព្រះពុទ្ធ​កក្កុសន្ធៈ ទ្រង់​ព្យាករ​ថា ក្នុង​ភទ្ទកប្ប​នេះ ក្សេត្រ​ខេមៈ​នេះ​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ ។ ព្រះពុទ្ធ​កក្កុសន្ធៈ ទ្រង់​ព្យាករ​ជា​លើក​ទី​២២ ។

បន្ទាប់​មក កាល​មនុស្ស​មាន​អាយុ ៣០.០០០ ឆ្នាំ មាន​ព្រះពុទ្ធ​អង្គ​ទ្រង់​ត្រាស់​ដឹង​ក្នុង​លោក​គឺ ព្រះពុទ្ធ​កោណាគមនៈ ។ ក្នុង​កាល​នោះ ព្រះពោធិសត្វ​បាន​យោន​កំណើត​ជា​ក្សត្រ​នាម បព្វតៈ បាន​ថ្វាយ​វត្ថុ​៤​មុខ​គឺ សំពត់​ចិន​ប្រទេស​១ សំពត់​សូត្រ​១ សំពត់​កម្ពល​១ ស្បែក​ជើង​មាស​១ ចំពោះ​ព្រះពុទ្ធ​កោណាគមនៈ និង​ភិក្ខុសង្ឃ​ទាំងឡាយ​ជា​សាវ័ក ។ ព្រះពុទ្ធ​កោណាគមនៈ ទ្រង់​ព្យាករ​ថា មហាបុរស​នេះ​នឹង​ត្រាស់​ជា​ព្រះពុទ្ធ​ក្នុង​ភទ្ទកប្ប​នេះ ។ ព្រះពុទ្ធ​កោណាគមនៈ ទ្រង់​ព្យាករ​ជា​លើក​ទី​២៣ ។

កាល​មនុស្ស​មាន​អាយុ​ថយ​ចុះ និង​ចម្រើន​ឡើង​ហើយ​ថយ​ចុះ​មក​ត្រឹម​អាយុ ២០.០០០ ឆ្នាំ មាន​ព្រះពុទ្ធ​អង្គ​ទ្រង់​ត្រាស់​ដឹង​ក្នុង​លោក​គឺ ព្រះពុទ្ធ​កស្សបៈ ។ ក្នុង​កាល​នោះ ព្រះពោធិសត្វ​បាន​យោន​កំណើត​ជា ជោតិបាល​មាណព ចេញ​បួស​ក្នុង​សំណាក់​ព្រះពុទ្ធ​អង្គ​នោះ ជា​អ្នក​មាន​សីល​វត្ត​បរិសុទ្ធ​ល្អ ។ ព្រះពុទ្ធ​កស្សបៈ ទ្រង់​ព្យាករ​ថា ជោតិបាល​ភិក្ខុ​នេះ​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ក្នុង​ភទ្ទកប្ប​នេះ ។ ព្រះពុទ្ធ​កស្សប​ទសពល ទ្រង់​ព្យាករ​ជា​លើក​ទី​២៤ ។

កាល​ព្រះពុទ្ធ​កស្សប​ទសពល ទ្រង់​បរិនិព្វាន​ហើយ អាយុ​របស់​មនុស្ស ២០.០០០ ឆ្នាំ ថាយ​ចុះ​មក​រហូត​ដល់​១០​ឆ្នាំ​ជា​អាយុ​ខ័យ ហើយ​ចម្រើន​ឡើង​វិញ​រហូត​ដល់​អាយុ​១​អសង្ខេយ្យ​ឆ្នាំ ជា​អាយុ​ខ័យ ហើយ​ធ្លាក់​ចុះ​មក​ដល់​ត្រឹម​១០០​ឆ្នាំ ជា​អាយុ​ខ័យ ។ គ្រា​នោះ ព្រះពុទ្ធ​សមណគោតម ទ្រង់​ក៏​បាន​ត្រាស់​ដឹង​ឡើង​ក្នុង​លោក​យើង​នេះ ។

 

ត្រលប់​ទៅ​មាតិកា​រឿង

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in អរិយធម៌​ខ្មែរ and tagged , , , , , , , . Bookmark the permalink.

3 Responses to ថិរ​វេលា​ព្រះសុមេធ​បណ្ឌិត​បំពេញ​ពុទ្ធការកធម៌

 1. Theresa says:

  Es detrnpeeasse. Hemos gastado esa cantidada infame por los intereses de unos pocos. Para terminar como está terminando. A Ciber le he aconsejado directamente el chocolate. Ya sólo creo en los paraísos artificiales.

 2. Great weblog right here! Additionally your site quite a bit up fast! What host are you using? Can I am getting your affiliate hyperlink in your host? I desire my web site loaded up as fast as yours lol

 3. A sterling review of the comic that introduced Superman to the world. Only quibble is that the publication date (June 1938) was not mentioned.So, can we expect similar articles for The Bat-Man and The Big Red Cheese?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s