ជីវិត និង​ស្នាដៃ​របស់ ហ្សូហាន កេប្ល៉ែរ

ហ្សូហាន កេប្ល៉ែរ (Johannes Kepler, 1571-1630)ហ្សូហាន កេប្ល៉ែរ (Johannes Kepler, 1571-1630)

ហ្សូហាន កេប្ល៉ែរ ជា​អ្នកប្រាជ្ញ​ជនជាតិ​អាល្លឺម៉ង់​ដ៏​ល្បីល្បាញ​មួយ​រូប ។ មួយ​ជីវិត​របស់​លោក​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​រុករក​នូវ​អាថ៌កំបាំង​ទាំង​ឡាយ​ក្នុង​អវកាស ។ ឈ្មោះ​របស់​លោក​ត្រូវ​បាន​ប្រើ​សម្រាប់​ហៅ​ច្បាប់​៣​ស្ដីពី​ការ​ធ្វើ​ចលនា​របស់​បណ្ដា​ពិភព​ដែល​ជា​ការ​ត្រៀម​សម្រាប់​ឲ្យ​កំណើត​ច្បាប់​ទំនាញ​ផែនដី​របស់​ញូវតុន ។ ប្រការ​មួយ​គួរ​ឲ្យ​ស្ងើច​សរសើរ​គឺ កេប្ល៉ែរ​បាន​សម្រេច​នូវ​សំណង់​វិទ្យាសាស្ត្រ​ដ៏​ធំធេង​ក្នុង​លក្ខណៈ​ដ៏​លំបាក ដូចជា​ការ​ខ្វះខាត​សម្ភារៈ ហើយ​ខាង​ស្មារតី​ក៏​លោក​ត្រូវ​រង​នូវ​ការ​ឈឺចាប់​យ៉ាង​ច្រើន​ណាស់​ដែរ ។ កាល់ម៉ាក់ ធ្លាប់​បាន​វាយ​តម្លៃ​កេប្ល៉ែរ​ថា «វីរបុរស​មួយ​រូប​ដែល​លោក​ស្រលាញ់​ពេញ​ចិត្ត» ។

កេប្ល៉ែរ​នៅ​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា ជា​អ្នក​គណិតសាស្ត្រ​ដ៏​មាន​ទេព​កោសល្យ​ ជា​ឥដ្ឋ​មួយ​ដុំ​ដំបូង​បង្អស់​ដែល​គេ​បាន​ដាក់​សម្រាប់​ការ​ត្រៀម​ឲ្យ​កំណើត​នៃ​ក្បួន​លំហាត់​គណនា​អនុគមន៍​ដ៏​ទំនើប ។

បុព្វជិត​មិន​គ្រប់​លក្ខណៈ

កេប្ល៉ែរ បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ទេពកោសល្យ​គណិតសាស្ត្រ​តាំង​ពី​លោក​នៅ​វ័យ​ក្មេង​ម្ល៉េះ ។ តែ​ដោយ​មក​ពី​ឪពុក​ម្ដាយ​របស់​លោក​ក្រ​ពេក មិន​អាច​ឲ្យ​កូន​ទៅ​រៀន​បាន ម្ល៉ោះ​ហើយ​បង្ខំ​ចិត្ត​ឲ្យ​លោក​ត្រូវ​ពឹង​ផ្អែក​លើ​វិជ្ជា​ស្ថាន​ពូជសាសន៍ ដើម្បី​ជួយ​មើល​ខុស​ត្រូវ​ដល់​ការ​រៀន​សូត្រ​របស់​កូន ។

កេប្ល៉ែរ​ត្រូវ​បាន​វិជ្ជាស្ថាន​ពូជសាសន៍​ឲ្យ​សិក្សា​ខាង​ផ្នែក​របស់​មហាវិទ្យាល័យ​ទូយប៊ីនហ្គេន ក្នុង​បំណង​បណ្ដុំ​បណ្ដាល​ឲ្យ​ក្លាយ​ទៅ​ជា​បព្វជិត ។ កេប្ល៉ែរ​រៀន​យ៉ាង​ពូកែ ក៏​ប៉ុន្តែ​ក្រៅ​ពី​ការ​ប្រឡង​បញ្ចប់​ឆ្នាំ​សិក្សា គណៈ​មេប្រយោគ​បាន​ឯកភាព​គ្នា​ថា លោក​មិន​គ្រប់​លក្ខណៈ​សម្បត្តិ​ជា​បុព្វជិត​ឡើយ ។ ដោយ​ហេតុ​ផល​យ៉ាង​សាមញ្ញ​គឺ កេប្ល៉ែរ​ជក់​ចិត្ត​នឹង​ការ​អាន​សៀវភៅ​របស់ នីកូឡា ប៉ែតនិក (តារា​វិទូ​ជនជាតិ​ប៉ូឡូញ ឆ្នាំ​១៤៧៣​‑​១៥៤៣) ដែល​និយាយ​អំពី​ការ​វិល​របស់​ភព (តាម​ទស្សនៈ​ពី​បុរាណ បណ្ដា​ពិភព​ដូចជា ព្រះអាទិត្យ ផ្កាយ សុទ្ធ​សឹង​វិល​ជុំវិញ​ផែនដី) ឬ​ពី​ទ្រឹស្ដី​បិសាច ដែល​បាន​គូស​បញ្ជាក់​ថា ផែនដី​ធ្វើ​ចលនា​វិល​ជុំ​វិញ​ព្រះអាទិត្យ ។ ឯ​តាម​ធម៌​សាសនា​គ្រឹះស្ថាន​បាន​និយាយ​ថា ផែនដី​ជា​មណ្ឌល​នៃ​ពិភពលោក ។

សាស្ត្រាចារ្យ​ម្នាក់​ដ៏​ពូកែ ក៏​ប៉ុន្តែ​គ្មាន​ការ​ធ្វើ

បន្ទាប់​ពី​ការ​ប្រឡង​ជាប់​កម្មសិក្សា​នៅ​មហាវិទ្យាល័យ កេប្ល៉ែរ​ត្រូវ​បាន​ចាត់​ឲ្យ​ធ្វើ​ជា​សាស្ត្រាចារ្យ​នៅ​វិទ្យាល័យ​ក្រាស (ប៉ែក​ខាងត្បូង​អូទ្រីស) ។ ទាំង​សិស្ស​ទាំង​មជ្ឈដ្ឋាន​គ្រូ​បង្រៀន​នៅ​មហាវិទ្យាល័យ​នេះ​ទុក​ចិត្ត និង​ស្រលាញ់​រាប់​អាន​លោក​សាស្ត្រាចារ្យ​វ័យ​ក្មេង​កេប្ល៉ែរ​ណាស់ ។ លោក​កេប្ល៉ែរ ថ្វី​បើ​មាន​រាង​ស្គម​ទន់​ខ្សោយ ក៏​ប៉ុន្តែ​គាត់​មាន​ស្មារតី​ព្យាយាម និង​ខ្លាំង​ពូកែ​ណាស់ ។ គ្រប់​តែ​មេរៀន​បង្រៀន​របស់​លោក គឺ​ច្បាស់​លាស់ ព្រោះ​ថា​លោក​ចូល​ចិត្ត​រៀន​សូត្រ និង​ចូល​ចិត្ត​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ណាស់ ។ ក្នុង​រយៈ​ពេល​តែ​៤​ឆ្នាំ​ដែល​បំពេញ​ការងារ​នៅ​ក្រាស កេប្ល៉ែរ​បាន​ប្រកាស​នូវ​ស្នាដៃ​ធំៗ ដូចជា សៀវភៅ​ប្រវត្តិសាស្ត្រ​ឆ្នាំ​១៥៩៤ ក្នុង​នោះ​មាន​ទាំង​ផ្នែក​ស្ទង់​មើល​កម្រិត​សីតុណ្ហភាព និង​សៀវភៅ​ប្រជុំ​វិញ្ញាសា​ស្រាវជ្រាវ​ពី​លំហ​អវកាស (១៥៩៧) ។ ក៏​ប៉ុន្តែ រហូត​មក​ដល់​ឆ្នាំ​១៥៩៩ ពុំ​មាន​សាលា​ណា​មួយ​នៅ​ក្រាស​ហ៊ាន​អញ្ជើញ​លោក​គ្រូ​កេប្ល៉ែរ​មក​បង្រៀន​ទៀត​ឡើយ ។ ក្នុង​ការ​ប្រជែង​ដណ្ដើម​គ្នា​រវាង​បក្ស​សាសនា​ចាស់ និង​បក្ស​សាសនា​ថ្មី កេប្ល៉ែរ​ត្រូវ​គេ​មន្ទិល​សង្ស័យ​ថា​ចូល​រួម​ក្នុង​សកម្មភាព​ប្រឆាំង​នឹង​សមាគម​សាសនា​ក្រាស ។ លោក​សាស្ត្រាចារ្យ​ដ៏​ពូកែ​នោះ​ត្រូវ​បាត់​បង់​ការងារ​ធ្វើ ហើយ​ទទួល​រង​នូវ​ការ​គំរាម​កំហែង​ទៀត​ផង ។ លោក​បង្ខំ​ចិត្ត​ត្រូវ​នាំ​គ្រួសារ​រត់​គេច​ខ្លួន ។

គ្រូ​ទស្សន៍ទាយ​ដោយ​បង្ខំ​ចិត្ត

ចាប់​ពី​ឆ្នាំ​១៦០១ កេប្ល៉ែរ​ត្រូវ​បាន​ព្រះមហាក្សត្រ​អូទ្រីស តែង​តាំង​ឲ្យ​ធ្វើ​ជា​អ្នក​គណិតសាស្ត្រ​របស់​ព្រះរាជា ទទួល​បន្ទុក​ស្ថានីយ​តារាសាស្ត្រ​ប្រាក (ប្រទេស​អូទ្រីស​នៅ​សតវត្ស​ទី​១៧ រួម​មាន​ទាំង​ប្រទេស​ឆេកូ​ស្លូវ៉ាគី) ។ អ្នក​គណិតសាស្ត្រ​រូប​នេះ អាច​ធ្វើ​ការ​តាម​ចំណង់​ចិត្ត ក៏​ប៉ុន្តែ​បែរ​ជា​ត្រូវ​ខ្វះខាត​លក្ខណៈ​ដ៏​សំខាន់​មួយ​គឺ​ព្រះរាជា​ពុំ​មាន​ប្រាក់​សម្រាប់​បៀវត្ស​ឲ្យ​កេប្ល៉ែរ​ឡើយ ព្រោះ​សង្គ្រាម​ដែល​អូស​បន្លាយ​ជាមួយ​បណ្ដា​ប្រទេស​នានា​បាន​បង្ហិន​បង្រីង​សម្ងួត​ថវិកា​របស់​ប្រទេស​ព្រះអង្គ​ទៅ​ហើយ ។ ពីរ​បី​ឆ្នាំ​ជាប់​គ្នា កេប្ល៉ែរ​មិន​ទទួល​បាន​បៀវត្ស​មួយ​កាក់​មួយ​សេន​ណា​ទាំង​អស់ ។ ដើម្បី​អាច​នឹង​រស់​បន្ត​ដង្ហើម បន្ត​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ កេប្ល៉ែរ​បង្ខំ​ចិត្ត​ត្រូវ​ធ្វើ​ជា​គ្រូទស្សន៍​ទាយ​ជោគតារា​ឲ្យ​អស់​លោក​នាម៉ឺន​មន្ត្រី​ក្នុង​ព្រះរាជវង្ស (សម័យ​នោះ​គេ​ជឿ​ថា វាសនា​របស់​មនុស្ស​ម្នាក់ៗ​សុទ្ធ​សឹង​មាន​ទាក់​ទង​ដល់​ចលនា​របស់​ផ្កាយ​ទាំង​ឡាយ​នៅ​លើ​មេឃ ។ ក្បួន​ជោគតារា​គឺ​ជា​ក្បួន​សម្រាប់​ទស្សន៍​ទាយ​វាសនា​របស់​មនុស្ស​តាម​ផ្កាយ​លើ​មេឃ) ។ កេប្ល៉ែរ​បាន​កត់​សម្គាល់​ដោយ​ភាព​ល្វីង​ជូរចត់​ថា «ក្បួន​ជោគតារា​ដ៏​ផ្ដេសផ្ដាស​នោះ បាន​ចិញ្ចឹម​បំប៉ន​នូវ​បណ្ដា​ស្នាដៃ​វិទ្យាសាស្ត្រ​ដ៏​បរិសុទ្ធ​របស់​ខ្ញុំ» ។

បរិមាណ​កិច្ចការ​ដ៏​ធំ​សម្បើម

ច្បាប់​កេប្ល៉ែរ​ថ្លែង​យ៉ាង​សាមញ្ញ​ថា ៖

  1. ពិភពលោក​ទាំង​អស់​សុទ្ធសឹង​ធ្វើ​ចលនា​វិល​ជុំ​វិញ​ព្រះអាទិត្យ តាម​គោលចរ​រាង​អេលីប​ដែល​មាន​ព្រះអាទិត្យ​ជា​ចំណុច​មួយ​ក្នុង​ចំណុច​រួម​ពីរ ។
  2. បណ្ដា​ផ្ទៃក្រឡា​ដែល​បង្ក​ឡើង​ដោយ​កាំ​វិកទ័រ​របស់​ពិភព​នីមួយៗ​សមាមាត្រ​ជាមួយ​នឹង​ថេរៈ​វេលា​ចលនា​របស់​វា ។
  3. ការ​រេ​របស់​ថេរៈ​វេលា​វិល​នៃ​ពិភព​ជុំវិញ​ព្រះអាទិត្យ​សមាមាត្រ​ជាមួយ​គីប​នៃ​ចម្ងាយ​មធ្យម​របស់​វា​ទៅ​កាន់​ព្រះអាទិត្យ ។

មនុស្ស​តិច​ណាស់​ដែល​បាន​ដឹង​ថា ឃ្លា​អក្សរ​ដ៏​ខ្លី​នេះ​គឺ​ជា​លទ្ធផល​នៃ​បរិមាណ​ការងារ​ដ៏​ធំ​ធេង ។ ច្បាប់​២​ដំបូង​ ដែល​កេប្ល៉ែរ​បាន​រក​ឃើញ​ក្រោយ​ពី​ការ​ធ្វើ​ពលីកម្ម​៥​ឆ្នាំ​យ៉ាង​តានតឹង ដោយ​ត្រូវ​ធ្វើ​លេខ​រាប់​លាន​តួ​ដែល​កត់ត្រា​បាន​ពី​តារាសាស្ត្រ​របស់​តារា​វិទូ ទីខូ​ប្រាហេ (តារាវិទូ​ជាតិ​ដាណឺម៉ាក ១៥៤៦​‑​១៦០១) បន្សល់​ទុក​មក ។ ចំណែក​ច្បាប់​ទី​៣ លោក​ត្រូវ​ចំណាយ​ពលីកម្ម​ចំនួន​៩​ឆ្នាំ​យ៉ាង​នឿយ​ហត់ គឺ​ថា​លោក​កេប្ល៉ែរ​ត្រូវ​ធ្វើការ​សង្កេត​មើល​បណ្ដើរ កត់​ត្រា​តួលេខ​តារា​សាស្ត្រ​បណ្ដើរ ដោយ​ត្រូវ​កែសម្រួល និង​គិត​លេខ​បណ្ដើរ ។

ពេល​ឆ្លង​កាត់​លើ​វាសនា​អភ័ព្វ

កេប្ល៉ែរ​កើត​មក ហាក់​ទុក​ខ្លួន​លោក​សម្រាប់​រង​ទទួល​នូវ​ការ​សាកល្បង​នឹង​ពេល​វេលា ។ វាសនា​អភ័ព្វ​តែង​តែ​សង្កត់​ធ្ងន់​មក​លើ​ស្មា​ទាំង​គូ​របស់​លោក ។ ប្រពន្ធ​ស្លាប់ កូន​ស្លាប់ ម្ដាយ​ត្រូវ​ជាប់​គុក​ដោយ​ការ​ចោទ​ប្រកាន់​ថា​ធ្វើ​ធ្មប់ ។ កេប្ល៉ែរ​ត្រូវ​រស់​យ៉ាង​វេទនា​ដើម្បី​រំដោះ​ជីវិត​ម្ដាយ​ពី​ទុក្ខ​ទោស ហើយ​ខ្លួន​លោក​ក៏​តែង​តែ​ត្រូវ​រង​ទទួល​នូវ​ការ​ចោទ​ប្រកាន់​ថា ធ្វើការ​ផ្សព្វផ្សាយ​នូវ​ទ្រស្ដី​បិសាច​របស់​កូប៉ែកនិក ។ ក៏​ប៉ុន្តែ​កេប្ល៉ែរ​បាន​ពុះពារ​ឆ្លង​កាត់​គ្រប់​ការ​លំបាក គ្រប់​ឧបសគ្គ​ដោយ​ក្លាហាន​អង់អាច ។ ច្បាប់​ទី​៣​របស់​កេប្ល៉ែរ​ដែល​បាន​រក​ឃើញ​ក្នុង​អំឡុង​ពេល​១១​ឆ្នាំ គឺ​ជា​ពេល​ដែល​គ្រួសារ​របស់​លោក​ត្រូវ​ជួប​វាសនា​អាក្រក់​ខ្លាំងក្លា​បំផុត ។

កេប្ល៉ែរ​បាន​ដក​ដង្ហើម​ចុងក្រោយ​បំផុត​ក្នុង​ដំណើរ​ដោយ​រទេះ​សេះ​មួយ​ពី​ទីក្រុង​លីន្ស ទៅ​កាន់​រេហ្គេន្សប៊ួ ។ ក្នុង​ហោប៉ៅ​របស់​លោក​នៅ​ពេល​នោះ មាន​ប្រាក់​តែ​២២​អេវី ជិត​ស្មើ​នឹង​មួយ​កាក់ ក៏​ប៉ុន្តែ​បណ្ដាល​ឲ្យ​លោក​ពោរពេញ​ដោយ​មោទនភាពៈ «ខ្លួន​ខ្ញុំ​ជិត​បាន​វាស់​ដី​ហើយ ក៏​ប៉ុន្តែ​ខ្ញុំ​ធ្លាប់​បាន​វាស់​ផ្ទៃមេឃ​រួច​ហើយ​ដែរ ! រូបកាយ​ខ្ញុំ​ជិត​នឹង​បាន​កប់​បាត់​ក្នុង​ជម្រៅ​ដី​ដ៏​ត្រជាក់ ក៏​ប៉ុន្តែ​ព្រលឹង​របស់​ខ្ញុំ​ធ្លាប់​បាន​ហោះ​ហើរ​សព្វ​ផ្ទៃមេឃ» ។

រស់​នៅ​ដោយ​ក្ដី​សង្ឃឹម

ដោយ​ម្ដាយ​ត្រូវ​រង​នូវ​ការ​ចោទ​ប្រកាន់​ថា​ជា​យាយ​ធ្មប់ ហើយ​សាមី​ខ្លួន​លោក​កេប្ល៉ែរ​ក៏​ជា​អ្នក​ធ្លាប់​ពង្រីក​នូវ​ទ្រឹស្ដី​កេប្ល៉ែរនិក នៅ​ឆ្នាំ​១៦២៦ ពួក​អ្នក​វង្វេង​សាសនា​នៅ​លីន្ស បាន​សម្រុក​ចូល​វាយ​កម្ទេច​ផ្ទះ​លោក ហើយ​គំរាម​កំហែង​ធ្វើ​បាប​ដល់​អ្នកប្រាជ្ញ​រូប​នេះ​ទៀត​ផង ។

មិត្តភក្ដិ​ជាច្រើន​រូប​បាន​តឿន​ឲ្យ​កេប្ល៉ែរ​ភៀស​ខ្លួន​ទៅ​នៅ​អ៊ីតាលី ។ គេ​បាន​អះអាង​ថា ទេពកោសល្យ​របស់​លោក​នឹង​បាន​គេ​ប្រើ​ប្រាស់ បើ​លោក​យល់​ព្រម​ប្រកាស​ចោល​ទ្រឹស្ដី​កូប៉ែកនិក ។ កេប្ល៉ែរ​ប្រកែក​ដាច់​អហង្ការ​ចំពោះ​យោបល់​ទាំង​នេះ ទុក​ជា​ជីវភាព​គ្រួសារ​របស់​លោក​នៅ​ពេល​នោះ​ទីទ័ល​ក្រ​យ៉ាង​ខ្លាំង​ក្ដី ។ គេ​បាន​ព្រួយបារម្ភ​ជួស​លោក មិន​ដឹង​តើ​លោក​នឹង​រស់​នៅ​ដោយ​របៀប​ណា តែ​កេប្ល៉ែរ​បាន​និយាយ​ដោយ​មោទនៈ​ថា «ខ្ញុំ​នឹង​រស់​នៅ​ដោយ​ក្ដី​សង្ឃឹម​ជានិច្ច !» ៕

ដកស្រង់​ពី​សៀវភៅ​កម្រង​ជីវិត​អ្នកប្រាជ្ញ ចងក្រង​ដោយ ចាន់ សុខហេង (២០០៣)

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in ប្រវត្តិជនសំខាន់. Bookmark the permalink.

Leave a comment