គូស​ផែនទី​បង្ហាញ​ផ្លូវ​ដើម្បី​ទទួល​បាន​ពូជ​ស្រូវ​កាន់​តែ​ល្អ​ចំពោះ​សុខភាព

ជាមួយ​នឹង​ឧបករណ៍​បច្ចេកទេស​ទំនើប អ្នកវិទ្យាសាស្ត្រ​នៃ​សេវា​ស្រាវជ្រាវ​កសិកម្ម (ARS) និង​អ្នក​វិទ្យាសាស្ត្រ​រួម​សហការ​ដទៃ​ទៀត​ កំពុង​តែ​បិទ​បញ្ចប់​ការ​ស្វែង​យល់​អំពី​ហ្សែន​ទាំង​ឡាយ​របស់​ស្រូវ​ដែល​គ្រប់គ្រង​ការ​ស្រូប​យក​ និង​រក្សា​ទុក​សារធាតុ​រ៉ែ​សំខាន់ៗ  ។ នេះ​ជា​ការ​ព្យាយាម​មួយ​ដែល​អាច​លើក​តម្កើង​តម្លៃ​ផ្នែក​អាហារូបត្ថម្ភ​នៃ​ដំណាំ​ស្រូវ​ដែល​ជា​អាហារ​ចម្បង​មួយ​របស់​ប្រជាជន​ប្រហែល​ពាក់​កណ្ដាល​នៃ​ចំនួន​ប្រជាជន​សរុប​របស់​ពិភពលោក ។

នៅ​ទីផុត ក្រុម​ស្រាវជ្រាវ​រំពឹង​ថា​អាច​បង្កើន​ជីវជាតិ​អង្ករ​តាម​លក្ខណៈ​ជីវសាស្ត្រ​ដោយ​ប្រើការ​បង្កាត់​ពូជ​តាម​វិធី​ប្រពៃណី​ដើម្បី​បង្កើត​ពូជ​ស្រូវ​ថ្មីៗ​ដែល​គ្រាប់​របស់​វា​មាន​កំហាប់​ខ្ពស់​នៃ​សារធារធាតុ​រ៉ែ​ចាំបាច់​នានា​ ដូចជា ស័ង្កសី ដែក និង​កាល់ស្យូម ។

ស្រូវ​គឺ​ជា​មូលដ្ឋាន​នៃ​របប​អាហារ​របស់​មនុស្ស ។ ស្រូវ​ជា​ប្រភព​នៃ​ថាមពល មិន​មាន​សារធាតុ​ក្លុយតិន (Gluten ដែល​ជា​សារធាតុ​បណ្ដាល​ឲ្យ​ប្រតិកម្ម​អេឡែកស៊ី​ចំពោះ​មនុស្ស​មួយ​ចំនួន) ងាយ​រំលាយ មាន​ជាតិ​ខ្លាញ់​តិច និង​សម្បូរ​វីតាមីន សារធាតុ​រ៉ែ និង​អាហាររូបត្ថម្ភ​ដទៃ​ទៀត ។ ប៉ុន្តែ សារធាតុ​សំខាន់ៗ​មួយ​ចំនួន​ ដូចជា​ដែក​ ត្រូវ​បាន​បាត់បង់​នៅ​ពេល​កន្ទក់​ត្រូវ​បាន​ស្រិត​ចេញ​នៅ​អំឡុង​ពេល​កិន​ស្រូវ​តាម​រយៈ​ដំណើរការ​ដែល​ហៅ​ថា «កិន​សម្រិត» នេះ​បើ​តាម​ការ​កត់​សម្គាល់​របស់​អ្នកស្រី Shannon Pinson ជា​រុក្ខពន្ធុវិទូ បម្រីការ​នៅ​មជ្ឈមណ្ឌល​ជាតិ​ Dale Bumpers ស្រាវជាវ​ដំណាំ​ស្រូវ របស់ ARS នៅ​ក្រុង Stuttgart រដ្ឋ Arkansas ។

អ្នកស្រី Shannon Pinson និង​សហអ្នកនិពន្ធ​របស់​អ្នកស្រី​នៅ​ក្នុង​អត្ថបទ​មួយ​ពិពណនា​អំពី​លទ្ធផល​ការងារ​របស់​ខ្លួន​នៅ​ក្នុង​ព្រឹត្តិបត្រ Texas Rice លេខ​ចេញ​ផ្សាយ​ខែ​តុលា ឆ្នាំ​២០១០ បាន​សរសេរ​ថា «អង្ករ​សម្រិត​ជាង ៧០% ដែល​បរិភោគ​នៅ​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​បន្ថែម “ជីវជាតិ” មាន​ន័យ​ថា ទីអាមីន នីញ៉ាស៊ីន ដែក និង​អាស៊ីត​ហ្វូលីក​ត្រូវ​បាន​បន្ថែម​នៅ​លើ​ផ្ទៃ​ខាងក្រៅ​នៃ​អង្ករ​ដើម្បី​បង្កើន​កម្រិត​អាហារូបត្ថម្ភ​នៃ​វីតាមីន​ទាំង​នេះ​ឲ្យ​ដល់​កម្រិត ឬ​លើស​ពី​កម្រិត​ដែល​មាន​ក្នុង​អង្ករ​សំរូប» ។

ប៉ុន្តែ​នៅ​ប្រទេស​កំពុង​អភិវឌ្ឍ​ដែល​នៅ​ទីនោះ​ស្រូវ​ជា​អាហារ​ចម្បង ការ​បន្ថែម​ជីវជាតិ​បន្ទាប់​ពី​កិន​ប្រហែល​ជា​មិន​អាច​ធ្វើ​ទៅ​បាន​ទេ ។ ម្យ៉ាង​ទៀត ដី​ដែល​ដាំ​ស្រូវ​អាច​ខ្វះ​សារធាតុ​រ៉ែ​ចាំ​បាច់​មួយ​ចំនួន​ផង​ដែរ ។ ចំពោះ​ប្រជាជន​ដែល​ពឹង​ផ្អែក​លើ​ស្រូវ​ជា​អាហារ​ចម្បង កម្រិត​ទាប​នៃ​ជាតិ​ដែក ស័ង្កសី ឬ​សារធាតុ​រ៉ែ​ដទៃ​ទៀត​ អាច​បណ្ដាល​ឲ្យ​ខ្វះ​អាហារូបត្ថម្ភ​ដែល​ស្ដែង​ឲ្យ​ឃើញ​តាម​រយៈ​ការ​អស់​កម្លាំង​ល្ហិតល្ហៃ តួនាទី​ប្រព័ន្ធ​ការពារ​ចុះ​ខ្សោយ និង​រោគសញ្ញា​ដទៃ​ទៀត ។ ពិត​ណាស់ ប្រជាជន​ជាង ៣​ពាន់​លាន​នាក់​ទូទាំង​ពិភពលោក​កំពុង​តែ​ប្រឈម​នឹង​កង្វះ​ជាតិ​ដែក ឬ​ស័ង្កសី​នៅ​ក្នុង​របប​អាហារ​របស់​ពួកគេ ។

ដើម្បី​ដោះស្រាយ​បញ្ហា​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​ទាំង​នេះ អ្នកស្រី Shannon Pinson និង​សហការី​នៅ ARS និង​នៅ​តាម​បណ្ដា​សាកលវិទ្យាល័យ​បាន​ផ្ដោត​ការ​សិក្សា​របស់​ខ្លួន​លើ​ក្រុម ឬ​ប្រជាពល​ស្រូវ​ចំនួន​បី ដែល​តំណាង​ឲ្យ​ស្រូវ​ប្រហែល ១៦៤៣ ពូជ (ហៅ​ថា បញ្ឆិក) ប្រមូល​ផ្ដុំ​មក​ពី​១១៤​ប្រទេស​ជុំវិញ​ពិភពលោក ។ នៅ​ក្នុង​ក្រុម​ពូជ​ស្រូវ​ចម្រុះ​នេះ ក្រុម​អ្នកស្រាវជ្រាវ​បាន​ប្រទះ​ឃើញ​បញ្ឆិក​ស្រូវ​ដែល​មាន​សារធាតុ​រ៉ែ​ដល់​ទៅ ៩ ​ដង​នៃ​សារធាតុ​រ៉ែ​ដែល​ជា​ទូទៅ​ឃើញ​មាន​នៅ​ក្នុង​ពូជ​ស្រូវ​ស្តង់ដារ​របស់​សហរដ្ឋ​អាមេរិក ។

អ្នកស្រី Shannon Pinson មាន​ប្រសាសន៍​ថា «យើង​បាន​បង្កាត់​បញ្ឆិក​ស្រូវ​ទាំង​នេះ​ជាមួយ​ពូជ Lemont របស់​អាមេរិក ហើយ​បច្ចុប្បន្ន​យើង​កំពុង​វាយ​តម្លៃ​ពី​កំហាប់​នៃ​សារធាតុ​រ៉ែ​មាន​នៅ​ក្នុង​គ្រាប់​ស្រូវ​ជំនាន់​ទី​ពីរ​នៃ​ការ​បង្កាត់​នេះ» ។

ប្រធាន​ក្រុម​អ្នកសហការ​របស់​អ្នកស្រី Shannon Pinson មាន​លោក David Salt នៅ​សាកលវិទ្យាល័យ Aberdeen ចក្រភព​អង់គ្លេស (និង​ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Purdue) អ្នកស្រី Mary Lou Guerinot នៅ​វិទ្យាល័យ Dartmouth លោក Lee Tarpley នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ Texas A&M AgriLife និង​កញ្ញា Ratnaprabha Chittoori ជា​និស្សិត​ឧត្ដមសិក្សា​ដឹកនាំ​ការ​ស្រាវជ្រាវ​ដោយ អ្នកស្រី Shannon Pinson និង​លោក Lee Tarpley ។

ក្រុម​ស្រាវជ្រាវ​បាន​ចាប់​ផ្ដើម​អនុវត្ត​គម្រោង​នៅ​ឆ្នាំ​២០០៧ ។ មូលនិធិ​ជាតិ​វិទ្យាសាស្ត្រ​ជា​អ្នក​ឧបត្ថម្ភ​កិច្ច​ខិតខំ​ប្រឹងប្រែង​ ដែល​រួម​មាន ការ​គូស​ផែនទី​ទីតាំង​ហ្សែន​នានា​របស់​ក្រូម៉ូសូម​ទាំង​១២​របស់​ស្រូវ និង​បង្កើត​ទិន្នន័យ​ម៉ាឃ័រ​ដើម្បី​ងាយស្រួល​កំណត់​រក​ហ្សែន​ទាំងនោះ​នៅ​ក្នុង​ការ​បង្កាត់​នានា​នៅ​ពេល​អនាគត ។

សមូហកម្ម​ពូជ​ស្រូវ​ដែល​យក​មក​សិក្សា​ស្រាវជ្រាវ​គឺ​ជា​សមូហកម្ម​ពូជ​ស្រូវ​ស្នូល​របស់​ក្រសួង​កសិកម្ម​សហរដ្ឋ​អាមេរិក ដែល​បាន​បង្កើត​ឡើង​ដោយ​លោក Wengui Yan បម្រើការ​នៅ​មជ្ឈមណ្ឌល​ជាតិ Dale Bumpers ស្រាវជ្រាវ​ដំណាំ​ស្រូវ​របស់ USDA-ARS នៅ​ក្រុង Stuttgart រដ្ឋ Arkansas សហការ​ជាមួយ​សហមូហកម្ម​ជាតិ​ធញ្ញជាតិ​តូចៗ របស់​ប្រព័ន្ធ​ជាតិ​រុក្ខជីវករ ដែល​បាន​រក្សា​ទុក​នៅ​ក្រុង Aberdeen រដ្ឋ Idaho ដោយ ARS និង​ដែល​មាន​បញ្ឆិក​ស្រូវ​សរុប​ជាង ១៧០០០ ។

ដោយ​ផ្អែក​លើ​ទិន្នន័យ​បាន​មក​ពី​ការ​ផ្គូផ្គង​គ្នា​ដែល​បាន​ធ្វើ​ឡើង​ក្នុង​លក្ខខណ្ឌ​ស្រែ​គ្រប់គ្រង​នៅ​ក្រុង Beaumont រដ្ឋ Texas ក្រុម​ស្រាវជ្រាវ​បាន​កំណត់​អត្តសញ្ញាណ​បញ្ឆិក​ស្រូវ​ចំនួន ៤០ ដែល​គ្រាប់​របស់​វា​មាន​កម្រិត​សារធាតុ​រ៉ែ​ខ្ពស់​ដែល​មាន​សារសំខាន់​មិន​សម្រាប់​តែ​សុខភាព​មនុស្ស​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​ប្រយោជន៍​ចំពោះ​ដើម​ស្រូវ​ខ្លួនឯង​ផង​ដែរ ។ ឧទាហរណ៍ សារធាតុ​កាល់ស្យូម ។

អ្នកស្រី Shannon Pinson ពន្យល់​ថា «កាល់ស្យូម​ពង្រឹង​កោសិកា​ដំណាំ និង​កាត់​បន្ថយ​ការ​ជ្រាប​របស់​ភ្នាស​កោសិកា ដែល​ការណ៍​នេះ​អាច​បង្កើន​ភាព​ធន់ទ្រាំ​នឹង​ជំងឺ និង​ស្ត្រេស​បណ្ដាល​មក​ពី​បរិស្ថាន» ។

គួរ​ឲ្យ​ចាប់​អារម្មណ៍​ផង​ដែរ​គឺ​បញ្ឆិក​ស្រូវ​ដែល​គ្រាប់​មាន​សារធាតុ​ខ្លះ​ពុល​ដល់​ដើម​ដំណាំ និង​មនុស្ស ដូចជា អាសេណិក និង​កាត់មីញ៉ូម​ជាដើម ។ ស្រូវ​ដែល​មាន​កម្រិត​អាសេណិក ឬ​កាត់មីញ៉ូម​ទាប​អាច​មាន​ហ្សែន​ដែល​អាច​ដក​យក​ចេញ ឬ​ភ្ជាប់​សារធាតុ​ពុល​ទាំងនេះ​នៅ​នឹង​ស្លឹក​ជំនួស​ឲ្យ​រក្សា​ទុក​ក្នុង​គ្រាប់ ឬ​ដែល​ស្រូប​យក​សារធាតុ​ពុល​ពី​ដី ឬ​ប្រព័ន្ធ​ស្រោចស្រព ជា​ការ​ព្រួយបារម្ភ​ ឧទាហរណ៍ ឃើញ​កើត​មាន​នៅ​ផ្នែក​ខ្លះ​នៃ​ប្រទេស​បង់ក្លាដែស​ដែល​ស្រូវ​ត្រូវ​បាន​ដាំដុះ​ជា​ដំណាំ​ចម្បង និង​មាន​កម្រិត​ជាតិ​អាសេណិក​ខ្ពស់​នៅ​ក្នុង​ទឹក ។

នៅ​ក្នុង​ការ​សិក្សា​នៅ​ក្រុង Beaumont ក្រុម​ស្រាវជ្រាវ​បាន​ប្រៀបធៀប​ការ​ស្រូប​យក​សារធាតុ​រ៉ែ​របស់​ដើម​ស្រូវ​ដែល​ដាំ​នៅ​ក្នុង​វាល​លិច​ទឹក និង​វាល​មិន​លិច​ទឹក ។ អ្នកស្រី Shannon Pinson ពន្យល់​ថា ការ​ពន្លិច​ទឹក​ផ្លាស់ប្ដូរ​គីមីសាស្ត្រ​របស់​ដី និង​បំប្លែង​សារធាតុ​មួយ​ចំនួន​ទៅ​ជា​ទម្រង់​ងាយ​ស្រួល​សម្រាប់​ការ​ស្រូប​យក​សារធាតុ​រ៉ែ និង​ទម្រង់​ដែល​មិន​សូវ​ងាយ​ស្រួល​ដទៃ​ទៀត ។ ដោយ​សិក្សា​ពី​ដើម​ស្រូវ​នៅ​ក្នុង​ស្ថានភាព​ដី​ទាំង​ពីរ​នេះ ក្រុមស្រាវជ្រាវ​អាច​កំណត់​អត្តសញ្ញាណ​ហ្សែន​កាន់​តែ​ច្រើន​ថែម​ទៀត និង​ទទួល​បាន​ចំណេះដឹង​អំពី​តួនាទី​របស់​ហ្សែន​ទាំង​នោះ​នៅ​ក្នុង​ដើម​ស្រូវ​ដែល​ជះ​ឥទ្ធិពល​ដល់​ការ​ស្រូប​យក​ និង​ប្រមូល​ផ្ដុំ​សារធាតុ​រ៉ែ ។

មក​ដល់​បច្ចុប្បន្ន​នេះ ក្រុម​ស្រាវជ្រាវ​បាន​កំណត់​អត្តសញ្ញាណ​ហ្សែន​ចំនួន ១២៧ ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​តំបន់​នានា​នៃ​ក្រូម៉ូសូម​ចំនួន​៤០​កន្លែង​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​កំហាប់​ខ្ពស់​នៃ​សារធាតុ​រ៉ែ​ប្រភេទ​ជាក់លាក់​ណា​មួយ ។ ក្រុម​ស្រាវជ្រាវ​ក៏​បាន​កំណត់​អត្តសញ្ញាណ​ហ្សែន​ដែល​មាន​ឥទ្ធិពល​លើ​លក្ខណៈ​ដទៃ​ទៀត​របស់​គ្រាប់​ស្រូវ ដូចជា រូបរាង​គ្រាប់​ជាដើម និង​បាន​រក​ឃើញ​ថា​ ការ​ពូន​ផ្ដុំ​សារធាតុ​រ៉ែ​នៅ​ក្នុង​គ្រាប់​ភាគ​ច្រើន​មិន​ពាក់ព័ន្ធ​នឹង​លក្ខណៈ​គុណភាព​គ្រាប់​ស្រូវ​ទាំង​នេះ​ទេ ។

របកគំហើញ​ដទៃ​ទៀត​រួម​មាន ៖

  • មាន​កំហាប់​សារធាតុ​រ៉ែ​ខុស​គ្នា​ខ្លាំង​ក្នុង​ចំណោម​បញ្ឆិក​ស្រូវ​នៅ​ជុំវិញ​ពិភពលោក
  • កម្រិត​សារធាតុ​រ៉ែ​ប្រែប្រួល​កាន់​តែ​ខ្លាំង​នៅ​ពេល​ស្រូវ​ត្រូវ​បាន​ដាំ​នៅ​ក្នុង​ស្រែ​មិន​លិច​ទឹក​បើ​ប្រៀបធៀប​នឹង​ស្រែ​លិច​ទឹក
  • ស្រូវ​ដែល​មាន​កម្រិត​សារធាតុ​រ៉ែ​ខ្ពស់ ដូចជា ម៉ូលីបដែន (មាន​សារសំខាន់​សម្រាប់​ការ​ផ្ដល់​អាសូត​ដល់​ដើម​ស្រូវ និង​មាន​កម្រិត​ខ្ពស់​ជួយ​ឲ្យ​ដើម​ស្រូវ​ធន់​នឹង​ដី​មាន​ជាតិ​អាស៊ីត) ជួនកាល​ស្រូវ​ទាំង​នេះ​មាន​ដើម​កំណើត​មក​ពី​តំបន់​ភូមិសាស្ត្រ​តែ​មួយ​នៃ​ពិភពលោក
  • ការ​ប្រែប្រួល​ហ្សែន​ធម្មជាតិ​អាច​ធ្វើ​ឲ្យ​មាន​កម្រិត​ខ្ពស់​នៃ​សារធាតុ​រ៉ែ​មួយ​ចំនួន​នៅ​ក្នុង​គ្រាប់​ស្រូវ
  • ភាព​ពេញវ័យ​របស់​ដើម​ស្រូវ​មាន​ឥទ្ធិពល​លើ​បរិមាណ​ស្រូប​យក​សារធាតុ​រ៉ែ និង​កន្លែង​រក្សា​ទុក ឧទាហរណ៍ នៅ​ក្នុង​ស្លឹក កន្ទក់ ឬ​គ្រាប់ ។

ក្រុម​ស្រាវជ្រាវ​ក៏​បាន​បង្កើត​ទិន្នន័យ​ម៉ាឃ័រ​ម៉ូលេគុល​ដើម្បី​កំណត់​អត្តសញ្ញាណ​កម្រិត​សារធាតុ​ខ្ពស់​នៅ​ក្នុង​ដើម​ស្រូវ​បាន​ឆាប់​រហ័ស​ ដោយ​មិន​ចាំបាច់​ចាំ​រហូត​ដល់​ស្រូវ​ពេញវ័យ​នៅ​ក្នុង​ប្រតិបត្តិការ​នានា​នៃ​ការ​បង្កាត់​ពូជ​ឡើយ ។ មាន​ភស្តុតាង​ងាយ​ថា កម្រិត​សារធាតុ​រ៉ែ​ខ្ពស់ (ឧទាហរណ៍ កាល់ស្យ៉ូម) នៅ​ក្នុង​ស្លឹក​នៃ​សំណាប​របស់​ពូជ​ស្រូវ​មួយ​ចំនួន​អាច​ជាប់​ពាក់ព័ន្ធ​នឹង​កម្រិត​សារធាតុ​រ៉ែ​ខ្ពស់​នៅ​ក្នុង​គ្រាប់​ពេល​ស្រូវ​ពេញវ័យ ។ ក្រុម​ស្រាវជ្រាវ​កំពុង​តែ​អង្កេត​ថា​តើ​ស្រឡាយ​ស្ថាបត្យកម្ម ឬ​រូបសាស្ត្រ​របស់​ឫស​ដែល​សង្ឃឹម​ថា​នឹង​ជះឥទ្ធិពល​ដល់​អត្រា​ស្រូប​យក​សារធាតុ​រ៉ែ​ពី​ដី ធ្វើ​ឲ្យ​មាន​ភាព​ខុស​គ្នា​ដែល​ស្រូប​យក​មក​បាន​ ទៅ​នឹង​ការ​ខុសគ្នា​នៃ​កំហាប់​នៅ​ក្នុង​គ្រាប់ ។ ការ​សិក្សា​អង្កេត​សំណាប​ស្រូវ​ទាំង​នេះ​អាច​ផ្ដល់​ឱកាស​ឲ្យ​ជម្រើសវិទូ​ចំណេញ​ពេល​វេលា និង​ថវិកា​ក្នុង​ការ​ជ្រើសរើស​ដើម​ស្រូវ​លូតលាស់​បាន​ល្អ​បំផុត​ដើម្បី​ប្រើប្រាស់​នៅ​ក្នុង​ការ​បង្កើត​ពូជ​ស្រូវ​កម្រិត​ខ្ពស់​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម ។ ការងារ​ជាច្រើន​ពុំ​ទាន់​បាន​ធ្វើ​ដើម្បី​សម្រេច​ផ្នែក​នេះ​ទេ ប៉ុន្តែ​ផ្លូវ​ដើរ​ទៅ​មុខ​ត្រូវ​បាន​ត្រួសត្រាយ​រួច​ហើយ ។

បន្ថែម​លើ​ការ​ធានា​ថា​អ្នកបរិភោគ​នឹង​ទទួល​បាន​សារធាតុ​រ៉ែ​ចាំបាច់​ដែល​ត្រូវការ​ដើម្បី​សុខុមាលភាព និង​រក្សា​សុខភាព​ល្អ ការ​បន្ថែម​ជីវជាតិ​អង្ករ​ដោយ​ជីវសាស្ត្រ​មាន​ន័យ​ថា​ជា​ការ​ពង្រីក​ទីផ្សារ​ស្រូវ​ដល់​អ្នក​ដាំ​ស្រូវ​នានា​នៅ​សហរដ្ឋ​អាមេរិក ទាំង​ទីផ្សារ​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស ។ ជា​ទី​បញ្ចប់ វិធីសាស្ត្រ​នេះ​អាច​បម្រើ​ជា​គំរូ​ដ៏​មាន​ប្រយោជន៍​សម្រាប់​ការ​បង្កើន​ជីវជាតិ​ដោយ​ជីវសាស្ត្រ​ចំពោះ​ធញ្ញជាតិ​ដទៃ​ទៀត​ដែល​មាន​តួនាទី​ចិញ្ចឹម​ពិភពលោក​ដូច​គ្នា​នឹង​ស្រូវ​ដែរ ។ អត្ថបទ​ដោយ Jan Suszkiw មន្ត្រី​ព័ត៌មាន​នៃ ARS

បកប្រែ​ និង​ផ្សព្វផ្សាយ​ដោយ​មាន​ការ​អនុញ្ញាត​ពី USDA Agricultural Research/​May-June 2013

ពន្ធុវិទូ​នៃ ARS អ្នកស្រី. Shannon Pinson (ឆ្វេង) និង​អ្នកបច្ចេកទេស​នៃ AgriLife អ្នកស្រី Yao Zhou កំពុង​ពិនិត្យ​ដើម​ស្រូវ​នៅ​ក្នុង​ស្រែ​លិច​ទឹក

ស្រូវ​ដាំ​នៅ​ក្នុង​ស្រែ​លិច​ទឹក​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ Texas A&M AgriLife នៅ​ក្រុង Beaumont, រដ្ឋ Texas ។ អ្នកវិទ្យាសាស្ត្រ​កំពុង​សិក្សា​អំពី​ដំណាំ​ស្រូវ​ក្នុង​ស្ថានភាព​ស្រែ​លិច​ទឹក និង​ស្រែ​មិន​លិច​ទឹក​ដើម្បី​ពិនិត្យ​មើល​ពី​ដំណើរ​ដែល​ភាព​ខុស​គ្នា​នៃ​គីមីសាស្ត្រ​របស់​ដី​បណ្ដាល​មក​ពី​ការ​លិច​ទឹក​ជះ​ឥទ្ធិពល​ដល់​ការ​ពូន​ផ្ដុំ​សារធាតុ​រ៉ែ​នៅ​ក្នុង​គ្រាប់​ស្រូវ ។ ពន្ធុវិទូ​នៃ ARS អ្នកស្រី. Shannon Pinson (ឆ្វេង) និង​អ្នកបច្ចេកទេស​នៃ AgriLife អ្នកស្រី Yao Zhou កំពុង​ពិនិត្យ​ដើម​ស្រូវ​នៅ​ក្នុង​ស្រែ​លិច​ទឹក

នៅ​ក្នុង​ការ​ស្វែងរក​ដាន​ស្រឡាយ​នានា​ដែល​អាច​មាន​ឥទ្ធិពល​លើ​ការ​ស្រូប​យក​សារធាតុ​រ៉ែ​ប្រភេទ​មួយ​ចំនួន រុក្ខពិន្ធុវិទូ​នៃ ARS អ្នកស្រី​ Shannon Pinson (ស្ដាំ) និង​និស្សិត​ឧត្ដមសិក្សា កញ្ញា Ratnaprabha Chittoori កំពុង​វិភាគ​ឫស​ស្រូវ​ដែល​បាន​ដក​ចេញ​ពី​​ក្នុង​ស្រែ​ពិសោធន៍​នៅ​ក្រុង Beaumont រដ្ឋ Texas

នៅ​ក្នុង​ការ​ស្វែងរក​ដាន​ស្រឡាយ​នានា​ដែល​អាច​មាន​ឥទ្ធិពល​លើ​ការ​ស្រូប​យក​សារធាតុ​រ៉ែ​ប្រភេទ​មួយ​ចំនួន រុក្ខពិន្ធុវិទូ​នៃ ARS អ្នកស្រី​ Shannon Pinson (ស្ដាំ) និង​និស្សិត​ឧត្ដមសិក្សា កញ្ញា Ratnaprabha Chittoori កំពុង​វិភាគ​ឫស​ស្រូវ​ដែល​បាន​ដក​ចេញ​ពី​​ក្នុង​ស្រែ​ពិសោធន៍​នៅ​ក្រុង Beaumont រដ្ឋ Texas

អ្នកស្រី Shannon Pinson និង​រុក្ខរូបសាស្ត្រវិទូ លោក Lee Tarpley (រូប​ខាងមុខ) និង​អ្នកបច្ចេកទេស Richard Chase និង Jerri Daniel (រូប​ខាងក្រោយ) កំពុង​ពិនិត្យ​ស្រឡាយ​ពូជ​ស្រូវ​ដែល​បាន​រក​ឃើញ​ថា​មាន​កំហាប់​ខ្ពស់​នៃ​សារធាតុ​រ៉ែ​មួយ​ចំនួន​នៅ​ក្នុង​គ្រាប់

អ្នកស្រី Shannon Pinson និង​រុក្ខរូបសាស្ត្រវិទូ លោក Lee Tarpley (រូប​ខាងមុខ) និង​អ្នកបច្ចេកទេស Richard Chase និង Jerri Daniel (រូប​ខាងក្រោយ) កំពុង​ពិនិត្យ​ស្រឡាយ​ពូជ​ស្រូវ​ដែល​បាន​រក​ឃើញ​ថា​មាន​កំហាប់​ខ្ពស់​នៃ​សារធាតុ​រ៉ែ​មួយ​ចំនួន​នៅ​ក្នុង​គ្រាប់

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in កសិកម្ម, វិទ្យាសាស្ត្រ​ថ្មី and tagged , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s