ជីវិត និង​ស្នាដៃ​របស់ គ្លីម៉ង់ អាកកាឌីយ៉េវីច ទីមីរីយ៉ាហ្សែហ្វ

គ្លីម៉ង់ អាកកាឌីយ៉េវីច ទីមីរីយ៉ាហ្សែហ្វ (Kliment Arkadievich Timiryazev, 1843-1920)គ្លីម៉ង់ អាកកាឌីយ៉េវីច ទីមីរីយ៉ាហ្សែហ្វ (Kliment Arkadievich Timiryazev, 1843-1920)

ទីមីរីយ៉ាហ្សែហ្វ ជា​ធម្មជាតិវិទូ និង​ជា​អ្នកភូគោលវិទូ​ដ៏​មហិមា ។ លោក​ជា​ជនជាតិ​រុស្សី មាន​កំណើត​ក្នុង​ត្រកូល​គ្រួសារ​នៃ​អ្នក​បដិវត្ត​នៅ​ទែរបួរ 

កាល​នៅ​កំពុង​សិក្សា ទីមីរីយ៉ាហ្សែហ្វ​ធ្លាប់​ត្រូវ​បាន​បក្សពួក​ស្ដេច​ត្សារ​បណ្ដេញ​ចេញ​ពី​មហាវិទ្យាល័យ ដោយសារ​លោក​មាន​សតិអារម្មណ៍ និង​សកម្មភាព​ប្រឆាំង​ចំពោះ​របប​ដ៏​តឹងតែង​របស់​ស្ដេច​អង្គ​នេះ ។

តាំង​ពី​អាយុ ២០​ឆ្នាំ ទីមីរីយ៉ាហ្សែហ្វ​បង្កើត​បាន​នូវ​ស្នាដៃ​ស្រាវជ្រាវ​មាន​តម្លៃ​ជាច្រើន​ស្ដីពី​ទ្រឹស្ដី​របស់​ដាកវីន ។ ក្រោយ​ពី​បាន​បញ្ចប់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ លោក​ត្រូវ​បាន​ជ្រើសតាំង​ធ្វើ​ជា​សាស្ត្រាចារ្យ​ភូគោលសាស្ត្រ​នៅ​វិទ្យាស្ថាន​រុក្ខជាតិ​វិទ្យា​ភីតធឺស្បើក ហើយ​នៅ​ឆ្នាំ​១៨៧៧ លោក​បាន​មក​ធ្វើ​ជា​សាស្ត្រាចារ្យ​មហាវិទ្យាល័យ​មូស្គូ 

លោក​បាន​រួម​ចំណែក​បង្កើត​ស្នាដៃ​ច្នៃប្រឌិត​ជាច្រើន​ក្នុង​វិស័យ​ភូគោលវិទ្យា ដែល​ស្នាដៃ​មួយ​ចំនួន​ត្រូវ​បាន​ចាត់​ទុក​ជា​មូលដ្ឋាន​នៃ​វិទ្យាសាស្ត្រ ក្សេត្រសាស្ត្រ​ទំនើប ។ ទន្ទឹម​នោះ លោក​នៅ​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ផ្សព្វផ្សាយ​វិទ្យាសាស្ត្រ និង​បណ្ដុះ​បណ្ដាល​អ្នកវិទ្យាសាស្ត្រ​កសិកម្ម​រុស្សី​នៅ​ពេល​មុន និង​ក្រោយ​បដិវត្តន៍​ទៀត​ផង ។

ឪពុក​យ៉ាង​ណា​កូន​យ៉ាង​ហ្នឹង

ថ្ងៃ​មួយ​នៅ​ឆ្នាំ​១៨៤៨ មិត្ត​ជិតស្និទ្ធ​ម្នាក់​របស់​ទីមីរីយ៉ាហ្សែហ្វ​បាន​សួរ​លោក​ថា «តើ​អ៊ំ​ឯង​មាន​គម្រោង​នឹង​ឲ្យ​កូនៗ​ធ្វើ​អ្វី​នៅ​ពេល​អនាគត ?» ។ ឪពុក​ទីមីរីយ៉ាហ្សែហ្វ​បាន​ឆ្លើយ​តប​វិញ​ដោយ​មិន​បាច់​គិត​វែង​ឆ្ងាយ «ខ្ញុំ​ឬ ? ខ្ញុំ​គិត​ថា​នឹង​ដេរ​ឲ្យ​ពួកវា​នូវ​ខោអាវ​នាវិក​ម្នាក់​មួយ​សម្រាប់ៗ កាំភ្លើង​ម្នាក់​មួយ​ដើម​…​ទុក​ដល់​ពេល​ធំ​ឡើង ពួកវា​នឹង​វាយ​លុក​ចូល​វិមាន​សិសិរ​រដូវ !» ។

ឫស​គល់​នៃ​សតិអារម្មណ៍​បដិវត្តន៍​ក្នុង​គំនិត​ទីមីរីយ៉ាហ្សែហ្វ ប្រហែល​ជា​បាន​ពូន​ជ្រុំ​លូតលាស់​ឡើង​ក្នុង​បរិយាកាស​នៃ​គ្រួសារ​បដិវត្តន៍​នោះ​ឯង ។

ក្រោយ​មក ពេល​កំពុង​សិក្សា ទីមីរីយ៉ាហ្សែហ្វ​បាន​ក្លាយ​ទៅ​ជា​ស្នូល​ដ៏​រឹងមាំ​នៃ​ចលនា​បដិវត្តន៍​នៅ​សាលារៀន ។ មាន​មួយ​លើក​នោះ អ្នក​ដឹកនាំ​និស្សិត​យើង​បាន​ប្រឆាំង​តប​នឹង​វិន័យ​តឺង​តែង​របស់​សាលា ។ ទីមីរីយ៉ាហ្សែហ្វ​ក៏​ត្រូវ​បណ្ដេញ​ចេញ​ពី​មហាវិទ្យាល័យ ។

តែ​ក្រោយ​មក ដោយ​បាន​ការ​ជំទាស់​ពី​សាស្ត្រាចារ្យ​នានា និង​ដោយ​លទ្ធផល​សិក្សា​ដ៏​ពូកែ​ឆ្នើម​របស់​ទីមីរីយ៉ាហ្សែហ្វ មហាវិទ្យាល័យ​បង្ខំចិត្ត​ត្រូវ​ឲ្យ​គាត់​ចូល​រៀន​វិញ តែ​ក្នុង​នាម​…​មិន​ពេញ​សិទ្ធិ ។

តម្លៃ​ស្ថិត​នៅ​កន្លែង​ណា ?

ឆ្នាំ​១៨៧៧ ទីមីរីយ៉ាហ្សែហ្វ​ត្រូវ​បាន​តែងតាំង​ជា​សាស្ត្រាចារ្យ​មហាវិទ្យាល័យ​មូស្គូ ។ ដោយ​ដឹង​ថា​លោក​ជា​អ្នក​មាន​សតិអារម្មណ៍​បដិវត្តន៍ ពួក​កាន់​អំណាច​ច្រើន​តែ​បង្ក​ការ​លំបាក និង​ឧបសគ្គ​រារាំង​ក្នុង​ការ​បង្ហាត់​បង្រៀន​របស់​លោក ដោយ​មិន​ឲ្យ​លោក​ទាក់ទង​ជាមួយ​និស្សិត​ឡើយ ។ គ្មាន​ទាំង​បន្ទប់​ធ្វើការ គ្មាន​ទាំង​សាលសហសិក្សា​សម្រាប់​អធិប្បាយ ពេល​ខ្លះ​លោក​ត្រូវ​តែ​បង្ខំ​ចិត្ត​ពន្យល់ និង​បង្រៀន​សិស្ស​នៅ​ក្នុង​ឃ្លាំង​តែ​ម្ដង ។ មាន​ម្ដង​នោះ មិត្តភក្តិ​ម្នាក់​ឃើញ​ដូច្នេះ​ក៏​តម្អូញ​ជំនួស​លោក​ថា «សាស្ត្រាចារ្យ​ធ្វើការ​ក្នុង​លក្ខណៈ​ដ៏​ខ្វះខាត​បែប​នេះ តើ​អ្វី​ទៅ​ដែល​ជា​កិត្យានុភាព​នោះ ?» ។

ទីមីរីយ៉ាហ្សែហ្វ​សើច​ញញឹម ចង្អុល​ទៅ​ពួក​និស្សិត​ជាង ១០០​នាក់ ដែល​កំពុង​យក​ចិត្ត​ទុក​ដាក់​រៀន​សូត្រ​នៅ​ក្នុង​កូន​បន្ទប់​ដ៏​តូច​ចង្អៀត​នេះ រួច​និយាយ​ថា «ប្រហែល​ជា​កិត្យានុភាព​របស់​សាស្ត្រាចារ្យ​គឺ​មិន​មែន​នៅ​ត្រង់​សាលសហសិក្សា និង​នៅ​បន្ទប់​ធ្វើការ​ធំ​ទូលាយ​នោះ​ទេ ។ កិត្យានុភាព​នោះ​ស្ថិត​នៅ​ចំណុច​ផ្សេង» ។

សួរ​មតិ​នរណា ?

ទីមីរីយ៉ាហ្សែហ្វ​ចាត់​ទុក​ការ​ស្រាវជ្រាវ​ពិសោធន៍​ជា​ការ​សំខាន់​បំផុត​ជានិច្ច ។ ស្នាដៃ​ទាំងឡាយ​របស់​លោក​សុទ្ធសឹង​ផ្អែក​លើ​មូលដ្ឋាន​នៃ​បណ្ដា​លទ្ធផល​ត្រួត​ពិនិត្យ​ដ៏​យូរ និង​ហ្មត់ចត់​ពី​ជីវិត​រស់​នៅ​របស់​រុក្ខជាតិ ។ មាន​ម្ដង​នោះ និស្សិត​ម្នាក់​ត្រូវ​បាន​ប្រគល់​ភារៈ​ឲ្យ​ស្រាវជ្រាវ​ពូជ​ថ្មី​មួយ ។

និស្សិត​នេះ​អេះអុញ​មិន​ដឹង​តើ​ត្រូវ​ធ្វើ​បែប​ណា​ខ្លះ ក៏​បង្ខំ​ចិត្ត​ទៅ​សួរ​ទីមីរីយ៉ាហ្សែហ្វ «ជម្រាប​ប្រសាសន៍​លោក​សាស្ត្រាចារ្យ តើ​លោក​អាច​ជួយ​ផ្ដល់​មតិ​ខ្លះ​អំពី​ចរិត​របស់​ពូជ​នោះ​បាន​ទេ​បាទ ?» ។ អ្នកប្រាជ្ញ​សើច​ញញឹម​ក្នុង​ន័យ​ចំអក «នែ​មិត​សម្លាញ់ ! ការ​ពិត​ឯង​មិន​គួរ​មក​សួរ​មតិ​ខ្ញុំ​ទេ តែ​ត្រូវ​សួរ​មតិ​រុក្ខជាតិ​នោះ​ទើប​ត្រូវ​ជាង» ។

សកម្មភាព​… ដ៏​គ្រោះថ្នាក់

ដំណើរ​ដាកវីន​ទទួល​មរណភាព បាន​លេច​ឮ​ដល់​និស្សិត​សូវៀត​នា​ឆ្នាំ​១៨៨២ ។ ដើម្បី​សម្ដែង​នូវ​ទឹក​ចិត្ត​ស្រលាញ់​ចំពោះ​អ្នកប្រាជ្ញ​ដ៏​ល្បីល្បាញ​រូប​នេះ ដែល​បាន​បង្កើត​ឡើង​នូវ​ទ្រឹស្ដី​ការ​វិវឌ្ឍ និស្សិត​ទាំងអស់​បាន​ពិគ្រោះ​គ្នា​នឹង​ផ្ញើសារ​លិខិត​មួយ​ច្បាប់​ទៅ​អង់គ្លេស ដោយ​ពឹង​ពាក់​លោក​ទីមីរីយ៉ាហ្សែហ្វ​ជួយ​បកស្រាយ​សារលិខិត​នោះ ។ ជា​ការ​ធម្មតា ទីមីរីយ៉ាហ្សែហ្វ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​ដល់​និស្សិត​ទាំងនោះ ។

ក៏​ប៉ុន្តែ​កិច្ចការ​នេះ​បែរ​ជា​ត្រូវ​អ្នក​កាន់​អំណាច​រុស្សី​ចាត់​ទុក​ថា​គ្រោះថ្នាក់ ។ ការ​បោស​សម្អាត​មួយ​ត្រូវ​បាន​ដំណើរការ ។ និស្សិត​ជាច្រើន​រូប​ត្រូវ​បណ្ដេញ​ចេញ​ពី​មហាវិទ្យាល័យ ចំណែក​ទីមីរីយ៉ាហ្សែហ្វ​ក៏​ត្រូវ​បញ្ឈប់​ពី​ការងារ​ដែរ ។

ទទួល​បាន​ដំណើរ​នេះ និស្សិត​រុស្សី​ទាំងមូល​ក្ដៅ​ក្រហាយ​ក្រៃលែង​ ពួកគេ​បាន​ផ្ញើ​សារលិខិត​មួយ​ច្បាប់​ទៅ​លោក​រដ្ឋមន្ត្រី​រដ្ឋាភិបាល​សក្ដិភូមិ​រុស្សី​ថា «សាស្ត្រាចារ្យ​ទីមីរីយ៉ាហ្សែហ្វ​ទុក​ជា​មិន​បាន​បង្ហាត់​បង្រៀន​នៅ​ក្នុង​មហាវិទ្យាល័យ​ទៀត​ក៏​ពិត​មែន តែ​លោក​ជានិច្ចកាល​គឺ​នៅ​តែ​ជា​គ្រូ​ដ៏​មហិមា​របស់​យើងខ្ញុំ​ដែរ» ។

ចម្លើយ​ចំពោះ​ម៉ាំងទីត

ទីមីរីយ៉ាហ្សែហ្វ​ជា​អ្នក​ជំទាស់​យ៉ាង​ខ្លាំងក្លា​ចំពោះ​ទស្សនៈ​ប្រតិកិរិយា​របស់​ម៉ាំងទីត ដែល​ចាត់​ទុក​ថា​ប្រភព​ស្បៀង​នៅ​លើ​ផែនដី​មាន​កម្រិត ហេតុ​នោះ​ក៏​អាច​ចិញ្ចឹម​រស់​បាន​តែ​មនុស្ស​មួយ​ចំនួន ហើយ​ក៏​មាន​កម្រិត​ដែរ ។ ក្នុង​ការ​ជជែក​ដេញ​ដោល​មួយ ជន​អ្នក​ដើរ​តាម​លទ្ធិ​ម៉ាំងទីត​បាន​លើក​ឡើង​នូវ​រូបភាព​មួយ​ថា «ប្រភព​ស្បៀង​ធម្មជាតិ​ប្រៀប​ដូច​នឹង​តុ​ជប់លៀង​…​បើសិន​ជា​ពិធី​ជប់លៀង​កំណត់​សម្រាប់​តែ​មនុស្ស ១២​នាក់ រួច​បែរ​ជា​ភ្ញៀវ​មាន​ដល់​ទៅ ២៤​នាក់ យើង​មិន​ដឹង​ថា​ធ្វើ​ដូច​ម្ដេច​ទេ ?» ។

ទីមីរីយ៉ាហ្សែហ្វ​ក៏​ប្រើ​រូបភាព​នោះ​ឆ្លើយ​តប​វិញ​ដែរ «ជា​ដំបូង​បង្អស់ យើង​គួរ​តែ​ស្វែង​យល់​មើល តើ​ម្ហូបចំណី​ត្រៀម​នោះ រៀបចំ​ចេញ​អស់​ហើយ​ឬ​នៅ ? បន្ទាប់​មក​ទៀត បើសិន​ជា​យើង​ចែក​របប​ហូប​នោះ​ឲ្យ​បាន​គ្រប់​គ្នា យើង​ប្រាកដ​ជា​បង្ក​បរិយាកាស​សប្បាយ​ជាង​ការ​ច្រាន​ចោល​អ្នក​ខ្លះ​ឲ្យ​ចេញ​ពី​តុ​ជប់លៀង​ដែរ ?» ។

ក្នុង​ស្នាដៃ​ស្រាវជ្រាវ​របស់​ខ្លួន ទីមីរីយ៉ាហ្សែហ្វ​បាន​បញ្ចេញ​នូវ​ទស្សនៈ​ថា បើសិន​ជា​ចុះ​អនុវត្ត​ការ​កែ​លម្អ​ខាង​បច្ចេកទេស​នោះ ទិន្នផល​ដំណាំ​នឹង​អាច​កើន​ឡើង​ពី​ ទៅ ៥​ដង បើ​ប្រៀប​នឹង​ពេល​បច្ចុប្បន្ន ។

ចុងភៅ​ដ៏​ពូកែ

ទីមីរីយ៉ាហ្សែហ្វ​ជា​អ្នកប្រាជ្ញ​ដែល​យក​ចិត្ត​ទុក​ដាក់​ជាទី​បំផុត​ដល់​ការ​ផ្សព្វផ្សាយ​វិទ្យាសាស្ត្រ ។ សៀវភៅ​ដែល​លោក​សរសេរ​សុទ្ធសឹង​ងាយ​យល់ ដោយ​ភ្ជាប់​ទៅ​នឹង​រូបភាព​រស់​រវើក​ទាក់ទាញ​ទឹក​ចិត្ត​អ្នក​អាន ។

នៅ​ក្នុង​សៀវភៅ «ជីវភាព​ដំណាំ» សោក​សរសេរ​ថា «បើសិន​ជា​ប្រគល់​ឲ្យ​ចុងភៅ​ដ៏​ពូកែ​បំផុត​ម្នាក់​នូវ​វត្ថុធាតុ​ដើម​តែ​៣​មុខ​គឺ ទឹក ខ្យល់​អាកាស និង​ពន្លឺ​ព្រះអាទិត្យ រួច​ប្រាប់​ឲ្យ​អ្នក​នោះ​ត្រៀម​រៀប​ចំ​ម្ហូប​មួយ​មុខ​ឲ្យ​ឆ្ងាញ់​ពិសា ពេលនោះ​ប្រាកដ​ជា​អ្នក​នោះ​បង្ខំ​ចិត្ត​ត្រូវ​តែ​ឈរ​ឱប​ដៃ​មិន​ខាន​ឡើយ ។ ក៏​ប៉ុន្តែ​ចំពោះ​ធម្មជាតិ ដំណាំ​បាន​បំពេញ​កិច្ចការ​នេះ​ជំនួស​ចុងភៅ​ដ៏​ពូកែ​បំផុត​នោះ​ដែល​មិន​អាច​ធ្វើ​បាន​…» ។

មិត្ត​ម្នាក់​បាន​និយាយ​លេង​ជាមួយ​លោក​ថា «ខ្ញុំ​អាន​សៀវភៅ​របស់​បង ដោយ​ទទួល​អារម្មណ៍​ដូច​បាន​ស្រស់ស្រូប​អាហារ​មួយ​យ៉ាង​ឆ្ងាញ់​ពិសា» ។ ទីមីរីយ៉ាហ្សែហ្វ​ឆ្លើយ​តប​វិញ «គឺ​អ្នក​សរសេរ​សៀវភៅ​នោះ​ឯង​ក៏​ត្រូវ​ចាត់​ទុក​ខ្លួនឯង​ដូច​ជា​ចុងភៅ​ដែរ ! គេ​មិន​ត្រូវ​បាន​អ្វី​ក៏​សុទ្ធ​តែ​យក​ទៅ​រៀប​លើ​តុ​តែ​ទាំងអស់​ទេ តែ​គេ​ត្រូវ​ចេះ​ច្នៃ​យ៉ាង​ណា​ឲ្យ​អ្នក​អាន​ទទួល​បាន​អារម្មណ៍ ត្រូវ​ទាក់ទាញ​ចូល​ទៅ​ក្នុង​បញ្ហា​ដល់​កម្រិត​មិន​អាច​ប្រកែក​បាន» ។ សៀវភៅ​ដែល​ទីមីរីយ៉ាហ្សែហ្វ​សរសេរ​បាន​ពង្រីក​នូវ​ឥទ្ធិពល​របស់​វា​យ៉ាង​ធំធេង ។

សមាជិក​បណ្ឌិតសភា ម៉ាក់ស៊ីមូវ បាន​បញ្ចេញ​មតិ​ថា «ហេតុ​ផល​ដែល​លោក​ត្រូវ​ជ្រើស​យក​ខាង​ផ្នែក​ជីវសាស្ត្រ និង​ភូតគាមសាស្ត្រ គឺ​ក៏​ដោយសារ​លោក​ទទួល​ឥទ្ធិពល​ពី​សៀវភៅ “ជីវភាព​ដំណាំ» ។

ចំណែក​អ្នកនិពន្ធ សេរ៉ាហ្វីម៉ូវិច ក៏​បាន​និយាយ​ថា «កាល​ពី​មុន រូបភាព​ព្រះ ទេវតា ដ៏​ទុក្ខសោក​តែងតែ​សណ្ឋិត​ជាប់​នៅ​ជាមួយ​ខ្លួន​ខ្ញុំ​… តែ​ពេល​ដែល​ខ្ញុំ​អាន​សៀវភៅ “ជីវភាព​ដំណាំ” រួច​ហើយ ខ្ញុំ​សម្គាល់​ឃើញ​ថា ខ្លួន​ខ្ញុំ​មាន​ការ​ផ្សំផ្គុំ​ដោយ​ឡែក និង​មាន​ជីវិត​មួយ​ដោយ​ឡែក​របស់​វា ។ ពេល​នោះ​គំនិត​ជឿ​លើ​ភព្វវាសនា​ស្រាប់​តែ​រលាយ​បាត់​ខ្សុល​ពី​ខ្លួន​ខ្ញុំ​…» ៕

ដកស្រង់​ពី​សៀវភៅ​កម្រង​ជីវិត​អ្នកប្រាជ្ញ ចងក្រង​ដោយ ចាន់ សុខហេង

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in ប្រវត្តិជនសំខាន់. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s