ជីវិត និង​ស្នាដៃ​របស់ អ៊ីវ៉ាន់ ប៉េត្រូវិច ប៉ាវឡូវ

អ៊ីវ៉ាន់ ប៉េត្រូវិច ប៉ាវឡូវ (Ivan Petrovich Pavlov, 1859-1936)អ៊ីវ៉ាន់ ប៉េត្រូវិច ប៉ាវឡូវ (Ivan Petrovich Pavlov, 1859-1936)

អ៊ីវ៉ាន់ ប៉េត្រូវិច ប៉ាវឡូវ ជា​ធម្មជាតិវិទូ​ដ៏​មហិមា ជាតិ​រុស្សី និង​ជា​អ្នក​ដែល​បាន​បង្កើត​ចេញ​នូវ​វិទ្យាសាស្ត្រ​និពន្ធ​ដ៏​ល្បីល្បាញ​អំពី​សកម្មភាព​របស់​សរសៃ​ប្រសាទ​កំពូល​របស់​មនុស្ស និង​សត្វ ។ លោក​មាន​កំណើត​ក្នុង​ត្រកូល​គ្រួសារ​ដែល​មាន​ជំនឿ​សាសនា​មួយ​នៅ​តំបន់​រីយ៉ាហ្សង់ (Riazan) ។

វ័យ​កុមារភាព​របស់​ប៉ាវឡូវ​បាន​ផ្សារ​ភ្ជាប់​នឹង​កាលៈទេសៈ​ដែល​កំពុង​មាន​ការ​ប្រែប្រួល​ខាង​មនោគមវិជ្ជា​នៅ​ក្នុង​សង្គម​រុស្សី ។ ប៉ាវឡូវ​ទទួល​ឥទ្ធិពល​យ៉ាង​ច្រើន​ពី​ទស្សនៈ​បដិវត្ត​របស់ បេលីនស្គី ស៊ែកណី​សេហ្វស្គី ។

ក្រោយ​ពី​បាន​បញ្ចប់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​នា​ឆ្នាំ​១៩៧៥ លោក​បាន​ចាប់​ផ្ដើម​ធ្វើការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នៅ​ក្នុង​បន្ទប់​ពិសោធន៍​របស់​លោក អ៊ូសទីម៉ូវិច ហើយ​មក​ដល់​ឆ្នាំ​១៨៨៣ លោក​ដណ្ដើម​បាន​តួនាទី​ជា​បណ្ឌិត​វេជ្ជសាស្ត្រ ។ ចាប់​ពី​ឆ្នាំ​១៨៩១ ប៉ាវឡូវ​ចាប់​ដំណើរ​ដឹកនាំ​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នៅ​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​ស្រាវជ្រាវ​អនុវត្ត ហើយ​ក្នុង​អំឡុង​៤៥​ឆ្នាំ នៃ​ការ​បំពេញ​កិច្ចការ​នៅ​ទីនេះ លោក​បាន​សម្រេច​នូវ​ស្នាដៃ​ស្រាវជ្រាវ​ដ៏​មាន​តម្លៃ​លើ​ពិភពលោក ។

បដិវត្តន៍​ខែ​តុលា​បាន​សម្រេច​ជោគជ័យ បាន​បើក​ចេញ​នូវ​មាគ៌ា​ដ៏​ទូលំ​ទូលាយ​ឲ្យ​បុព្វហេតុ​បង្កើត​ថ្មី​របស់​ប៉ាវឡូវ ។ ក្នុង​លិខិត​ផ្ញើ​ជូន​យុវជន អ្នកប្រាជ្ញ​បាន​សម្ដែង​នូវ​ការ​ដឹង​គុណ​របស់​ខ្លួន​ចំពោះ​រដ្ឋ​អំណាច​បដិវត្តន៍ ហើយ​បាន​អំពាវនាវ​ឲ្យ​យុវជន​ត្រូវ​តែ​សកម្ម​ឈាន​សម្រុក​ឆ្ពោះ​ទៅ​កាន់​កំពែង​វិទ្យាសាស្ត្រ ។

នាឡិកា​ដ៏​ត្រឹមត្រូវ​ឥត​ខ្ចោះ

ប៉ាវឡូវ​ល្បី​ឈ្មោះ​ថា​ជា​អ្នក​ធ្វើការ​យ៉ាង​ម៉ឺងម៉ាត់​ហ្មត់ចត់ ។ លោក​ស្អប់​បំផុត​ចរិត​បាត់​សណ្ដាប់​ធ្នាប់ គ្មាន​របៀប​រៀប​រយ ហើយ​លោក​តឹងតែង​បំផុត​ចំពោះ​ខ្លួនឯង ។ អ្នក​ដែឡ​រួម​សហការ​ជាមួយ​លោក​បាន​រៀបរាប់​ថា ជា​រៀងរាល់​ថ្ងៃ គេ​តែង​តែ​សង្កេត​ឃើញ​ប៉ាវឡូវ​មក​កាន់​ការិយាល័យ​ធ្វើការ​ផ្លាស់​សម្លៀកបំពាក់ រួច​ចូល​អង្គុយ​នៅ​កន្លែង​ខ្លួន ដែល​អ្វីៗ​ទាំងអស់​នេះ ប្រៀប​ដូច​នឹង​សំឡេង​ជួង​ដែល​ឲ្យ​សញ្ញា​ថា​ដល់​ម៉ោង​ធ្វើការ​ហើយ ។

កាល​ណោះ​មាន​មនុស្ស​ម្នាក់​បាន​ត្អូញត្អែរ​ជាមួយ​នឹង​ស្ត្រី​ដែល​រស់​នៅ​ជិត​ខាង​ប៉ាវឡូវ​ថា​នាឡិកា​របស់​គាត់​ដើរ​ខុស ។ តែ​ស្ត្រី​រូប​នេះ​បាន​ប្រកែក​យ៉ាង​ដាច់​ខាត​ថា «មិន​អាច​ខុស​បាន​ទេ ! នាឡិកា​របស់​ខ្ញុំ​ថ្ងៃ​ណា​ក៏​ផ្ទៀង​តាម​ម៉ោង​ទៅ​ធ្វើការ​របស់​លោក​សាស្ត្រាចារ្យ​ប៉ាវឡូវ​ដែរ ។ ឲ្យ​តែ​ឃើញ​លោក​សាស្ត្រាចារ្យ​ចេញ​ផុត​ពី​ផ្ទះ គឺ​ខ្ញុំ​ដឹង​ច្បាស់​ថា នៅ​ខ្វះ​១០​នាទី​ទៀត​ដល់​ម៉ោង​ធ្វើការ​ហើយ» ។

ចេះ​រស់​នៅ​ដោយ​សុភមង្គល

ប៉ាវឡូវ​ជា​អ្នកប្រាជ្ញ​មួយ​រូប​ដែល​មាន​គ្រប់​លក្ខណៈ​សម្បត្តិ និង​យល់​ដឹង​យ៉ាង​ជ្រៅជ្រះ​លើ​គ្រប់​វិស័យ ។ លោក​ស្រលាញ់​អក្សរសិល្ប៍ ចូលចិត្ត​អាន​ប្រលោមលោក ចូលចិត្ត​ស្រាវជ្រាវ​ប្រមូល​ផ្ដុំ​តែ​បប្រិ ឬ​គំរូ​រុក្ខជាតិ ។ ថ្ងៃ​ណា​ក៏​លោក​ហាត់ប្រាណ និង​ធ្វើ​ចម្ការ​ដែរ ។

មាន​ម្ដង​នោះ មិត្ត​ម្នាក់​សួរ​លោក​ថា «តើ​បង​ឯង​ស្វែង​រក​បាន​ពី​ណា​មក​នូវ​ទឹក​ចិត្ត​សោមនស្ស​លើ​គ្រប់​កិច្ចការ​ទាំង​នេះ ?» ។

ប៉ាវឡូវ​ឆ្លើយ​តប​វិញ «ចំពោះ​ខ្ញុំ បើ​បាន​ធ្វើការ​គឺ​ទទួល​បាន​នូវ​សុភមង្គល​ប្រសើរ​បំផុត ។ មិន​ថា​កិច្ចការ​ណា​មួយ​ឡើយ ទោះ​ជា​បើកបរ​រថយន្ត​ក្ដី ឬ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ឬ​ក៏​ភ្ជួរ​ស្រែ ការងារ​ទាំង​អស់​នោះ​សុទ្ធសឹង​នាំ​មក​ឲ្យ​មនុស្ស​នូវ​ការ​សប្បាយ​រីករាយ» ។

ក្ដី​ជឿ​ជាក់​ស្ថិត​នៅ​ទីណ ?

ឆ្នាំ​១៩២៧ ប៉ាវឡូវ​ធ្លាក់​ខ្លួន​ឈឺ​យ៉ាង​ធ្ងន់ ។ គេ​គ្រោង​គិត​ថា​នឹង​អញ្ជើញ​គ្រូពេទ្យ​វះកាត់​ដ៏​ល្បីល្បាញ​មួយ​រូប​ជាតិ​អាល្លឺម៉ង់ មក​វះកាត់​ឲ្យ​លោក ដើម្បី​យក​គ្រាប់​ក្រួស​ចេញ​ពី​ប្រមាត់ ។

ឮ​សូរ​ដំណឹង​នេះ ប៉ាវឡូវ​បាន​ច្រាន​ចោល​បំណង​ប្រាថ្នា​នេះ «តើ​មាន​តែ​វេជ្ជបណ្ឌិត​អាល្លឺម៉ង់​ទេ​ឬ​ទើប​ចេះ​វះកាត់ ? ខ្ញុំ​យល់​ថា​ជនជាតិ​រុស្សី​ព្យាបាល​រោគ​ជនជាតិ​រុស្សី​គ្នា​ឯងយ៉ាងណា​ក៏​ប្រសើរ​ជាង​ជនជាតិ​អាល្លឺម៉ង់​ដែរ» ។

ដោយ​បាន​ការ​លើក​ទឹកចិត្ត​នោះ គ្រូពេទ្យ​វះកាត់​ជាតិ​រុស្សី លោក ម៉ាទីណូវ បាន​ដំណើរការ​វះកាត់​គ្រាប់​ក្រួស​ពី​ប្រមាត់​ដ៏​ស្មុគស្មាញ​នេះ​យ៉ាង​អង់អាច ហើយ​យក​គ្រាប់​ក្រួស​ចេញ​ពី​ប្រមាត់​ប្រកប​ដោយ​ជោគជ័យ ។

វិទ្យាសាស្ត្រ​ត្រូវ​ការ​អ្វី​ខ្លះ​ពី​មនុស្ស ?

ប៉ាវឡូវ​ជា​មនុស្ស​រស់​នៅ​យ៉ាង​សាមញ្ញ ។ លោក​មិន​ជក់​បារី មិន​ពិសា​ស្រា មិន​ចូលចិត្ត​ការ​លេង​កំសាន្ត​អ៊ូអរ​ឡើយ ។

ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើ​ដល់​យុវជន​រុស្សី ប៉ាវឡូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​ពិចារណា​ដ៏​ស្មោះត្រង់​របស់​ខ្លួន​ថា «វិទ្យាសាស្ត្រ​ត្រូវការ​ពី​មនុស្ស​យើង​នូវ​ឆាក​ជីវិត​ទាំងមូល ។ ទោះ​ជា​បណ្ដា​មិត្ត​យើង​មាន​ជីវិត​ដល់​ទៅ​ពីរ​ដង ក៏​នៅ​តែ​មិន​ទាន់​គ្រប់​ដដែល ។ ចូរ​ផ្ដល់​ឲ្យ​វិទ្យាសាស្ត្រ​នូវ​កម្លាំង​បញ្ញា និង​ទឹកចិត្ត​ស្រលាញ់​ទាំងអស់​របស់​យុវវ័យ ។ ពេលនោះ មិត្ត​ប្រាកដ​ជា​នឹង​មិន​ត្រូវ​សោកស្ដាយ​ពី​រយៈ​ពេល​ដែល​កន្លង​មក​នោះ​ឡើយ» ។

ត្រូវ​តែ​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់

ប៉ាវឡូវ​មាន​ទម្លាប់​ធ្វើការ​យ៉ាង​ហ្មត់ចត់ ។ បណ្ដា​ការ​ពិសោធន៍​នានា​របស់​លោក​ត្រូវ​បាន​ធ្វើ​សាចុះ​សាឡើង​ជា​ច្រើន​លើក​លើ​ពួក​សត្វ​មុន​នឹង​ចាប់​អនុវត្ត​លើ​ខ្លួន​មនុស្ស ។

លោក​តែង​តែ​និយាយ​ជាមួយ​សិស្ស​របស់​ខ្លួន​ថា «ធ្វើ​ពិសោធន៍​កាន់​តែ​បាន​គ្រប់គ្រាន់ កាន់​តែ​បន្ថយ​បាន​នូវ​ផលវិបាក​ដ៏​អាក្រក់​ដែល​អាច​កើត​ឡើង​ចំពោះ​អ្នក​ជំងឺ​របស់​យើង ។ ចូរ​នឹក​ថា រាល់​កិច្ចការ​របស់​យើង​សុទ្ធសឹង​ទាក់ទង​នឹង​ជីវិត និង​មរណភាព​របស់​មនុស្ស ហេតុ​នេះ​ត្រូវ​តែ​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់» ។

របស់​បង ឬ​របស់​ខ្ញុំ

ក្នុង​កិច្ចការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ប៉ាវឡូវ​ដែង​សង្កត់​ធ្ងន់​ដល់​ចរិត​សមូហភាព ។

មាន​ម្ដង​នោះ គេ​បាន​ស្នើ​លោក​ឲ្យ​ជួយ​មតិ​ក្នុង​ការ​វាយ​តម្លៃ​លើ​ការ​រួម​ចំណែក​របស់​ជន​គ្រប់​រូប​ក្នុង​ស្នាដៃ​មួយ​ដើម្បី​ធ្វើ​ការ​សរសើរ​ជូន​រង្វាន់ ។ ប៉ាវឡូវ​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត ហើយ​និយាយ​ថា «ក្នុង​កិច្ចការ​របស់​យើង យើង​កុំ​ដាក់​បញ្ហា​ប្រកាន់​ថា ចំណែក​នេះ​ជា​របស់​ខ្ញុំ​តែ​ម្នាក់ ឬ​ចំណែក​នោះ​ជា​របស់​បង​ឲ្យ​សោះ ។ ធាតុ​ពិត​គឺ​អាស្រ័យ​ដោយសារ​តែ​ការ​ប្រឹង​ប្រែង​រួម​ទាំងអស់​គ្នា ទើប​យើង​អាច​សម្រេច​លទ្ធផល​នេះ» ។

ដកស្រង់​ពី​សៀវភៅ​កម្រង​ជីវិត​អ្នកប្រាជ្ញ ចងក្រង​ដោយ ចាន់ សុខហេង

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in ប្រវត្តិជនសំខាន់ and tagged , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s