ផ្សិត​អាច​ជា​មិត្ត​ឬ​សត្រូវ

ប្រធាន​ក្រុម​ស្រាវជ្រាវ​អ្នកស្រី Amy Rossman (ឆ្វេង) និង​អ្នកគ្រប់គ្រង​មណ្ឌល​ប្រមូលផ្ដុំ​ផ្សិត អ្នកស្រី Shannon Dominick ទាញ​យក​គំរូ​ផ្សិត​មួយ​ចំនួន​ពី​គំរូ​ជាង​មួយ​លាន​នៅ​មជ្ឈមណ្ឌល​ប្រមូលផ្ដុំ​ផ្សិត​ជាតិ​សហរដ្ឋ​អាមេរិក ។ ផ្សិត​នៅ​ផ្នែក​ខាងមុខ​នៃ​រូប​គឺ​ជា​គំរូ​ផ្សិត Reishi (Ganoderma lucidum) និង​ផ្សិត​ខ្មៅ​ពោត (Ustilago maydis)

ផ្សិត (Fungus) គឺ​ជា​ក្រុម​សព៌ាង្គកាយ​ដ៏​ធំ​មួយ និង​មាន​ភាព​ចម្រុះ ។ ផ្សិត​ខ្លះ ដូចជា​ផ្សិត​ក្បាល​មូល (Mushroom) អាច​បរិភោគ​បាន និង​ត្រូវ​បាន​ចាត់​ទុក​ជា​ដំណាំ ។ ប៉ុន្តែ​ផ្សិត​ផ្សេង​ទៀត​អាច​បណ្ដាល​ឲ្យ​ដំណាំ និង​ឈើ​ក្នុង​ព្រៃ​កើត​ជំងឺ ហើយ​ជំងឺ​ទាំង​នោះ​អាច​មាន​ឥទ្ធិពល​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច​ក្នុង​ស្រុក​និង​អន្តរជាតិ ដូចជា មាន​ផលប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ម្ហូបអាហារ និង​របស់​របរ​ផ្សេងៗ​ទៀត​បាន​មក​ពី​កសិកម្ម ។

សេវា​ស្រាវជ្រាវ​កសិកម្ម (ARS) បាន​រក្សា​ទុក​នូវ​ធនធាន​ដ៏​ប្រណិត មជ្ឈមណ្ឌល​ប្រមូលផ្ដុំ​ផ្សិត​ជាតិ​សហរដ្ឋ​អាមេរិក សម្រាប់​ព័ត៌មាន​មាន​ប្រយោជន៍ និង​ព័ត៌មាន​លម្អិត​អំពី​ផ្សិត ។ ចំណេះដឹង​ច្បាស់​លាស់​ពី​ផ្សិត​គឺ​មាន​សំខាន់​ណាស់​សម្រាប់​ការ​គ្រប់គ្រង​ជំងឺ​បណ្ដាល​មក​ពី​ផ្សិត​ទាំង​នោះ ។

គំរូ​ស្ងួត ​នៃ​ផ្សិត​ក្បាល​មូល Amanita daucipes យក​ចេញ​ពី​មណ្ឌល​ប្រមូល​ផ្ដុំ​ផ្សិត និង​ត្រៀម​បញ្ជូន​ទៅ​ឲ្យ​អ្នកជំនាញ​ខាង​ផ្សិត​ខ្ចី​ធ្វើ​ការ​សិក្សា

មណ្ឌល​រក្សា​ទុក​ផ្សិត​ធំ​ជាង​គេ​បំផុត​នៅ​ទ្វីប​អាមេរិក​ខាងជើង

នៅ​ឆ្នាំ​១៨៦៩ វិទ្យាស្ថាន Smithsonian បាន​ផ្ទេរ​ការ​គ្រប់គ្រង​មណ្ឌល​ប្រមូលផ្ដុំ​ផ្សិត​របស់​ខ្លួន​ទៅ​ឲ្យ​ក្រសួង​កសិកម្ម​សហរដ្ឋ​អាមេរិក ។ ក្រោយ​មក វា​បាន​ក្លាយ​ជា​មណ្ឌល​ប្រមូលផ្ដុំ​ការ​សិក្សា​ពី​ពពួក​ផ្សិត និង​នៅ​ទីបំផុត​បាន​ក្លាយ​ជា​មជ្ឈមណ្ឌល​ប្រមូល​ផ្ដុំ​ផ្សិត​ជាតិ​សហរដ្ឋ​អាមេរិក ។

អ្នកស្រី Amy Rossman ជា​ប្រធានក្រុម​ស្រាវជ្រាវ​នៅ​មន្ទីរពិសោធន៍​ការ​សិក្សា​ពី​ពពួក​ផ្សិត និង​មីក្រូ​ជីវវិទ្យា​ជា​ប្រព័ន្ធ (SMML) មាន​ទីតាំង​នៅ​ក្រុង Beltsville រដ្ឋ Maryland មាន​ប្រសាសន៍​ថា «មជ្ឈមណ្ឌល​ប្រមូល​ផ្ដុំ​ផ្សិត​នេះ​មាន​គំរូ​ផ្សិត​តិច​ជាង ៣០០០​ប្រភេទ​ប៉ុណ្ណោះ​នៅ​ឆ្នាំ​១៨៨៥ ។ បច្ចុប្បន្ន គំរូ​ផ្សិត​បាន​កើន​ឡើង​ដល់​ជាង​១​លាន​ប្រភេទ ហើយ​បាន​ក្លាយ​ជា​មណ្ឌល​ប្រមូលផ្ដុំ​ផ្សិត​ធំ​ជាង​គេ​នៅ​ទ្វីប​អាមេរិក​ខាងជើង ។ ជា​ការ​សំខាន់​ណាស់​ដែល​ធនធាន​ដ៏​ចំណាស់​នេះ​នៅ​បន្ត​មាន​ ដោយ​ហេតុ​ថា​អំបូរ​ផ្សិត និង​វិទ្យាសាស្ត្រ​តែងតែ​វិវឌ្ឍ​ប្រែប្រួល ហើយ​អ្នក​មិន​អាច​ត្រលប់​បក​ក្រោយ​បាន​ទេ ។ អំបូរ​ផ្សិត​ជា​ច្រើន​អាច​ត្រូវ​បាន​បាត់​បង់​តាម​រយៈ​ការ​ប្រកួត​ប្រជែង ឬ​បាត់បង់​ជម្រក ដូច្នេះ​ការ​មាន​មណ្ឌល​ប្រមូលផ្ដុំ​នេះ​គឺ​កាន់​តែ​មាន​សារសំខាន់» ។

នៅ​ពេល​កសិករ​ប្រឈម​នឹង​បញ្ហា​ផ្សិត​លើ​ដំណាំ​របស់​ពួកគេ អ្នក​ទី​មួយ​ដែល​ពួកគេ​ទាក់ទង​គឺ មជ្ឈមណ្ឌល​ប្រមូល​ផ្ដុំ​ផ្សិត​ជាតិ​សហរដ្ឋ​អាមេរិក អ្នក​គ្រប់គ្រង​មជ្ឈមណ្ឌល​នេះ អ្នកវិទ្យាសាស្ត្រ​ដែល​ភាគច្រើន​ធ្វើការងារ​ដោយ​ផ្ទាល់​នឹង​មជ្ឈមណ្ឌល​នេះ ។ ជីវវិទូ​នៅ​មន្ទីរពិសោធន៍ SMML អ្នកស្រី Shannon Dominick ជា​ប្រធាន​គ្រប់គ្រង​មជ្ឈមណ្ឌល​ប្រមូលផ្ដុំ​ផ្សិត មាន​តួនាទី​ទទួល រៀបចំ​បញ្ជី ថែរក្សា និង​ផ្ដល់​សំណាក​ផ្សិត ។

អ្នកស្រី Shannon Dominick មាន​ប្រសាសន៍​ថា «នៅ​ពេល​មណ្ឌល​ប្រមូលផ្ដុំ​នេះ​ចាប់​ផ្ដើម​នៅ​ប្រមាណ​ជាង​១០០​ឆ្នាំ​មុន គ្មាន​នរណា​ម្នាក់​យល់​ដឹង​អំពី DNA មាន​ដំណើរការ​ឬ​មាន​សារសំខាន់​ខាង​ផ្នែក​វិទ្យាសាស្ត្រ​ដូច​ម្ដេច​ឡើយ ។ បច្ចុប្បន្ន DNA ត្រូវ​បាន​ធ្វើ​និស្សារណកម្ម​ដើម្បី​កំណត់​អត្តសញ្ញាណ​អំបូរ​ផ្សិត ដែល​អាច​ជា​អំបូរ​ថ្មី​ឬ​អំបូរ​ដែល​ស្ថិត​នៅ​មណ្ឌល​ប្រមូល​ផ្ដុំ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ វា​ចាំបាច់​ដែល​មណ្ឌល​ប្រមូលផ្ដុំ​នេះ​នៅ​បន្ត​ស្ថិត​មាន​សម្រាប់​បច្ចេកវិទ្យា​វិទ្យាសាស្ត្រ​នៅ​ពេល​អនាគត ដែល​អាច​ជួយ​អ្នកវិទ្យាសាស្ត្រ​កសិកម្ម និង​អ្នកដាំដុះ​រក្សា​បាន​នូវ​ដំណាំ​មួយ​ដែល​មាន​សុខភាព​ល្អ» ។

ផ្សិត​ដុះ​នៅ​លើ​ស្លឹក​រុក្ខជាតិ​ឈ្មោះ Phyllachora concentrica ត្រូវ​បាន​រក្សា​ទុក​ជា​ស្ដង់ដារ ឬ​ជា​ប្រភេទ​គំរូ​នៅ​មជ្ឈមណ្ឌល​ប្រមូលផ្ដុំ​ផ្សិត​ជាតិ​សហរដ្ឋ​អាមេរិក ។ ផ្សិត​នេះ​ត្រូវ​បាន​ប្រើ​ជា​ថ្នាំ​ដោយ​ពួក​ឥណ្ឌា​ក្រហម​កុណា (Kuna) នៅ​ប្រទេស​ប៉ាណាម៉ា

ការពារ​ស្មៅ​កម្រាល (Turf Grass)

មជ្ឈមណ្ឌល​ប្រមូល​ផ្ដុំ​ផ្សិត​ជាតិ​សហរដ្ឋ​អាមេរិក​ផ្ដល់​នូវ​ភាព​ងាយស្រួល​នៅ​ពេល​ធ្វើ​ការ​កំណត់​អត្តសញ្ញាណ​ផ្សិត​ដែល​ទទួល​ខុសត្រូវ​បង្ក​ជំងឺ​អែនត្រាក់ណូស (Anthracnose) ដល់​ស្មៅ​កម្រាល​ដែល​ត្រូវ​បាន​ដាំ​នៅ​ភាគ​ខាងត្បូង​សហរដ្ឋ​អាមេរិក ។ ជីវវិទូ​ផ្នែក​ម៉ូលេគុល អ្នកស្រី Jo Anne Crouch ត្រូវ​បាន​ស្នើ​ឲ្យ​កំណត់​អត្តសញ្ញាណ​ផ្សិត​បង្ក​ជំងឺ​អែនត្រាក់ណូស​ដល់​ស្មៅ​ក្អែប (Centipedegrass) នៅ​ភាគ​ខាងត្បូង​នៃ​សហរដ្ឋ​អាមេរិក​នេះ ។ នៅ​ពេល​ដែល​មនុស្ស​ជាច្រើន​សង្ស័យ​លើ​ផ្សិត​មួយ​ប្រភេទ​ឈ្មោះ Colletotrichum sublineola អ្នកស្រី Jo Anne Crouch រក​ឃើញ​ច្បាស់​ថា ផ្សិត​ជាប់​អំបូរ​ជាមួយ​គ្នា​នេះ​ឈ្មោះ C. eremochloae គឺ​ជា​ដើម​ហេតុ ។ អ្នកស្រី​បាន​រាយការណ៍​របក​គំហើញ​នេះ​នៅ​ក្នុង​ទស្សនាវដ្ដី​សិក្សា​អំពី​ផ្សិត (Mycologia) នៅ​ឆ្នាំ​២០១២ ។

អ្នកស្រី Jo Anne Crouch មាន​ប្រសាសន៍​ថា «នៅ​ក្នុង​ការ​សិក្សា​នេះ ទិន្នន័យ​លំដាប់ DNA របស់​ផ្សិត​បច្ចុប្បន្ន និង​គំរូ​ផ្សិត​ដែល​បាន​រក្សា​ទុក ត្រូវ​បាន​ប្រើ​ដើម្បី​កំណត់​អត្តសញ្ញាណ​ផ្សិត​ដែល​ធ្វើ​ឲ្យ​ស្មៅ​ក្អែប​កើត​ជំងឺ​អែនត្រាណូស និង​បញ្ជាក់​ឲ្យ​ច្បាស់​អំពី​អត្តសញ្ញាណ​ភាព​បង្ក​ជំងឺ​របស់​វា ។ យើង​អង្កេត​ផ្សិត C. eremochloae ដោយ​ផ្អែក​លើ​ការ​ធ្វើ​វិភាគ​មែកធាង​វិវឌ្ឍ​សេណេទិក និង​បាន​រក​ឃើញ​ថា ធាតុឯកោ (Isolates) ដែល​យើង​ទទួល​បាន​ពី​ស្មៅ​ក្អែប​មាន​បុគ្គលិក​លក្ខណៈ​ខ្លះ​ដូច​ផ្សិត C. sublineola ប៉ុន្តែ​ក៏​មាន​ការ​ខុស​ប្លែក​គ្នា​ផ្នែក​សេណេទិក​ផង​ដែរ» ។

ពិត​មែន​ហើយ មាន​ការ​ខុស​គ្នា​នៃ​នុយក្លេអូទីត​រវាង​អំបូរ​នានា​នៅ​ក្នុង​មជ្ឈមណ្ឌល​ប្រមូលផ្ដុំ​ផ្សិត​ក្នុង​រយៈពេល​១០៥​ឆ្នាំ ដូចជា គំរូ​ផ្សិត C. sublineola នៅ​ឆ្នាំ​១៩០៤ ។ ផ្សិត C. eremochloae ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ពី​គំរូ​ផ្សិត​របស់​ស្មៅ​ក្អែប​នៅ​មជ្ឈមណ្ឌល​ប្រមូល​ផ្ដុំ​ផ្សិត​ជាតិ​សហរដ្ឋ​អាមេរិក ។ អ្នកស្រី Jo Anne Crouch មាន​បន្ត​ថា «ស្មៅ​ក្អែប​ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ចិន​មក​សហរដ្ឋ​អាមេរិក​ដំបូង​នៅ​ឆ្នាំ​១៩១៦ ហើយ​ផ្សិត C. eremochloae ក៏​បាន​មក​ជាមួយ​ដែរ» ។

បច្ចុប្បន្ន ផ្សិត​សង្ស័យ​នេះ​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ ហើយ​ថ្នាំ​សម្លាប់​ស្មៅ​ជាក់​លាក់​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​គ្រប់គ្រង​ជំងឺ ។

សាច់​ពណ៌​ស​រុំព័ទ្ធ​គ្រាប់​របស់​ផ្លែ​សាវម៉ាវ​មាន​រសជាតិ​ឆ្ងាញ់ ។ ដើម​ផ្លែ​សាវម៉ាវ​ងាយ​កើត​ជំងឺ​ «ធ្លុះ​សម្បក​ដើម» បណ្ដាល​ពី​ផ្សិត ។ អ្នកវិទ្យាសាស្ត្រ​នៃ ARS ប្រើប្រាស់​គំរូ​នានា​ពី​មជ្ឈមណ្ឌល​ប្រមូលផ្ដុំ​ផ្សិត​ជាតិ​សហរដ្ឋ​អាមេរិក​ដើម្បី​បញ្ជាក់​ថា ផ្សិត​ដែល​គេ​ពុំ​សូវ​ស្គាល់​មួយ​ប្រភេទ​គឺ​ជា​អ្នក​បង្ក​ជំងឺ

ផ្សិត​ឈ្លាន​ពាន​ឈើ​ហូបផ្លែ​តំបន់​ត្រូពិក

មាន​ផ្សិត​មួយ​ប្រភេទ​ទៀត​បង្ក​ឧបសគ្គ​ដល់​ឈើ​ហូបផ្លែ​តំបន់​ត្រូពិក​ពីរ​ប្រភេទ​គឺ សាវម៉ាវ (Rambutan) និង​សាវម៉ាវ​រោម​ខ្លី (Pulasan) ដែល​ជា​ដំណាំ​ថ្មី​នៅ​ប្រទេស​ហុងឌូរ៉ាស ។ ដើម​សាវម៉ាវ និង​សាវម៉ាវ​រោម​ខ្លី មាន​ផ្លែ​ហូប​បាន រុំព័ទ្ធ​ដោយ​សម្បក​ដែល​មាន​សរសៃ​លយ​ចេញ​ដូច​សក់ ។ ផ្សិត​ដែល​គេ​មិន​សូវ​ស្គាល់ Dolabra nepheliae ត្រូវ​បាន​រក​ឃើញ​ថា​បណ្ដាល​ឲ្យ​ដើម​សាវម៉ាវ និង​សាវម៉ាវ​រោម​ខ្លី​កើត​ជំងឺ​ «ធ្លុះ​សម្បក​ដើម (Corky bark)» នៅ​ប្រទេស​ហុងឌូរ៉ាស ។

ផ្សិត​ដែល​បណ្ដាល​ជំងឺ​នេះ​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ដោយ​ប្រើ​រចនាសម្ព័ន្ធ​មីក្រូស្កូពិក និង​ទិន្នន័យ​លំដាប់​ម៉ូលេគុល​ដោយ​អ្នកស្រី Amy Rossman និង​សហការី​របស់​គាត់​នៅ​មន្ទីរពិសោធន៍ និង​នៅ​ប្រទេស​ហុងឌូរ៉ាស ។

អ្នកស្រី Amy Rossman មាន​ប្រសាសន៍​ថា «ការ​ស្រាវជ្រាវ​នេះ​នឹង​ជួយ​អ្នក​ឯកទេស​ជំងឺ​រុក្ខជាតិ​អាច​កំណត់​អត្តសញ្ញាណ​បាន​យ៉ាង​ច្បាស់​ពី​មូលហេតុ​បង្ក​ជំងឺ​ដល់​ឈើ​ហូប​ផ្លែ​ឯកទេស​ទាំង​ពីរ​មុខ​នេះ ។ វា​ក៏​អាច​ត្រូវ​បាន​ប្រើ​ដោយ​អ្នក​ឯកទេស​ជំងឺ​រុក្ខជាតិ និង​មន្ត្រី​ធានាភាព​រុក្ខជាតិ (Plant quarantine) ដើម្បី​កំណត់​អត្តសញ្ញាណ​ផ្សិត​ដែល​បង្ក​ជំងឺ​នានា​ដល់​ឈើ​ហូប​ផ្លែ​ទាំង​នេះ ដូច្នេះ​ជួយ​ទប់​ស្កាត់​ការ​រាលដាល​ជំងឺ និង​ការពារ​មិន​ឲ្យ​ឆ្លង​ចូល​មក​សហរដ្ឋ​អាមេរិក» ។

របក​គំហើញ​នេះ​ត្រូវ​បាន​រាយការណ៍​នៅ​ក្នុង​ទស្សនាវដ្ដី​ជំងឺ​រុក្ខជាតិ (Plant Disease) នៅ​ខែ​ឧសភា ឆ្នាំ​២០១២ ។

ជីវវិទូ​ម៉ូលេគុល​អ្នកស្រី Jo Anne Crouch និង​មីក្រូជីវវិទូ​លោក Ed Ismaiel ធ្វើ​ការ​វិភាគ​សេណេទិក​លើ DNA បាន​មក​ពី​ភ្នាក់ងារ​បង្ក​ជំងឺ​ផ្សិត

ការ​ស្រាវជ្រាវ​ពី​មុន​បាន​ជួយ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​របក​គំហើញ​នេះ ។ ផ្សិត D. nepheliae ស្ថិត​ក្នុង​ក្រុម​មួយ​នៃ​អំបូរ​ផ្សិត​ដែល​បណ្ដាល​កើត​ជំងឺ​ដើម​ចំពោះ​រុក្ខជាតិ​ឈើ ដូចជា ដើម​ឈៀរី និង​ប៉ោម ក៏​ដូចជា​សាវម៉ាវ និង​សាវម៉ាវ​រោម​ខ្លី ។ អ្នកស្រី Amy Rossman និង​សហការី​បាន​ពិនិត្យ​មើល​គំរូ​រាប់​រយ​ប្រភេទ និង​ហ្សែន​ផ្សិត​វប្បកម្ម​រស់​បី​ប្រភេទ​ផ្សេង​ទៀត​ពី​ជុំវិញ​ពិភពលោក​ដែល​បង្ក​ជំងឺ​ដើម​ ​ដើម្បី​កំណត់​ពី​ទម្រង់​ម៉ាក្រូ និង​មីក្រូស្កូពិក​របស់​វា ។ ទិន្នន័យ​លំដាប់​ម៉ូលេគុល​ត្រូវ​បាន​វិភាគ​ដើម្បី​វាយតម្លៃ​ពី​ទំនាក់ទំនង​ក្នុង​ចំណោម​អំបូរ​នៃ​ហ្សែន​ទាំង​បី ។ ក្នុង​ចំណោម​អំបូរ​ចំនួន​៥៦​ដែល​បាន​ពិនិត្យ អំបូរ​ចំនួន​១៣ គឺ​ជា​អំបូរ​ថ្មី​ចំពោះ​វិទ្យាសាស្ត្រ ហើយ​អំបូរ​ទាំងអស់​ត្រូវ​បាន​ពិពណ៌នា និង​គូស​រូប​បង្ហាញ​ដោយ​ភ្ជាប់​ជាមួយ​នឹង​គន្លឹះ​មួយ​សម្រាប់​កំណត់​អត្តសញ្ញាណ​របស់​ពួក​វា ។

អ្នកស្រី Amy Rossman និយាយ​ថា «អ្នកវិទ្យាសាស្ត្រ​ពី​អតីតកាល​បាន​កត់ត្រា​ការ​ស្រាវជ្រាវ​របស់​ពួក​គេ​ជាមួយ​នឹង​គំរូ​ផ្សិត និង​វប្បកម្ម​នានា ។ បច្ចុប្បន្ន គំរូ​ផ្សិត និង​វប្បកម្ម​ទាំង​នេះ​ត្រូវ​បាន​ប្រើ​តាម​វិធី​ដែល​អ្នក​វិទ្យាសាស្ត្រ​កាល​ពី​ជំនាន់​នោះ​មិន​នឹក​ស្មាន​ដល់» ៕ អត្ថបទ​ដោយ Sharon Durham មន្ត្រី​ព័ត៌មាន​នៃ ARS

បកប្រែ​ និង​ផ្សព្វផ្សាយ​ដោយ​មាន​ការ​អនុញ្ញាត​ពី USDA Agricultural Research/July 2013

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in កសិកម្ម, វិទ្យាសាស្ត្រ​ថ្មី and tagged , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s