ប្រឌិត​រឿង​មន្ទីរ​ស-២១ ​មិន​អាច​ទៅ​រួច

គំនរ​ឯកសារ​ដែល​បន្សល់​នៅ​គុក​ទួលស្លែង​ក្រោយ​របប​ខ្មែរក្រហម​ដួល​រលំ​ក្នុង​ឆ្នាំ​១៩៧៩

លទ្ធភាព​ក្នុង​ការ​ប្រឌិត​សាច់​រឿង​នៅ​មន្ទីរ​ស-២១ ហួស​ពី​អ្វី​ដែល​វៀតណាម​អាច​ធ្វើ​បាន

ខ្ញុំ​ចាប់​ផ្តើម​អាន​ឯកសារ​ចេញពី​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង​នា​ដើម​ទសវត្សរ៍​៩០ ហើយ​ចាប់​តាំងពី​ពេល​នោះ​មក ខ្ញុំ​បន្ត​អាន​ឯកសារ​ទាំងនោះ​រាប់​ពាន់​សន្លឹក​ទៀត និង​បាន​ឡើង​ធ្វើ​បាឋកថា​នៅ​ឯ​សិក្ខាសាលា​ជា​ច្រើន​កន្លែង​ស្តីពី​សារមន្ទីរ និង​គុក​ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​ត្រូវ​បាន​ដឹង​ឮ​ជា​ទូទៅ​ក្រោម​ការ​គ្រប់គ្រង​របស់  ប៉ុល ពត ថា​ជា «មន្ទីរ​ស-២១» ដែល​គ្របដណ្តប់​ទីតាំង​សារមន្ទីរ​សព្វថ្ងៃ ។ នៅ​ក្នុង​សៀវភៅ​ដែល​ខ្ញុំ​បាន​សរសេរ​មាន​ចំណងជើង​ថា «សំឡេង​ពី​មន្ទីរ​ស-២១» ខ្ញុំ​បាន​ធ្វើការ​សង្ខេប​នូវ​អ្វី​ដែល​ខ្ញុំ​បាន​ស្រាវជ្រាវ ដែល​រួម​មាន​អត្ថបទ​ដែល​ខ្ញុំ​បាន​អាន​ទាំង​អស់​នេះ និង​ការ​សម្ភាសន៍​មួយ​ចំនួន​ជាមួយ​អ្នកទោស​ដែល​នៅ​រស់រាន​មាន​ជីវិត និង​ជាមួយ​អ្នក​ដែល​ធ្លាប់​បម្រើ​ការ​នៅ​ទីនោះ ។ ចាប់​តាំងពី​ពេល​នោះ​មក ខ្ញុំ​បាន​ស្គាល់​ច្បាស់​ពី​ឯកសារ​ដទៃៗ​ទៀត​ដែល​ទាក់ទង​ទៅ​នឹង​គុក​នៅ​ទីនោះ ជា​ពិសេស​ឯកសារ និង​សម្ភារ​ជា​ច្រើន​ដទៃ​ទៀត​ដែល​ក្រោយ​មក​យក​ទៅ​ប្រើប្រាស់​នៅ​សាលាក្ដី​ខ្មែរក្រហម មាន​ឈ្មោះ​ជា​ផ្លូវការ​ថា អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ។

ជា​ច្រើន​លើក​ច្រើន​សា​ក្នុង​អំឡុង​ទសវត្សរ៍​៩០ និង​មិន​សូវ​ជា​ញឹកញាប់​ប៉ុន្មាន​នា​អំឡុង​ពេល​ក្រោយៗ​មក​ទៀត ប្រជាជន​កម្ពុជា​មួយ​ចំនួន​បាន​ប្រាប់​ខ្ញុំ​ថា មន្ទីរ​ស-២១​ត្រូវ​បាន​ប្រឌិត​ឡើង​ដោយ​វៀតណាម ហើយ​ការ​ប្រឌិត​រឿង​បែប​នេះ​គឺ​ដើម្បី​បង្អាប់​ដល់​កេរ្តិ៍ឈ្មោះ​ប្រជាជន​កម្ពុជា និង​ដើម្បី​ចោទប្រកាន់​ប្រជាជន​កម្ពុជា​ទាំង​អស់​ថា​ជា​អ្នក​ប្រព្រឹត្ត​បទ​ប្រល័យ​ពូជសាសន៍ ។ គ្មាន​ប្រជាជន​កម្ពុជា​ណា​ម្នាក់​ដែល​និយាយ​មក​កាន់​ខ្ញុំ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា «ខ្មែរក្រហម» នោះ​ទេ ។

ខ្ញុំ​តែងតែ​ឆ្លើយ​តប​ទៅ​អ្នក​ទាំងនោះ​វិញ​ថា ការ​អះអាង​បែប​នេះ​មិន​ត្រឹមត្រូវ​ទេ ។ លទ្ធភាព​ក្នុង​ការ​ប្រឌិត​សាច់​រឿង​នៅ​មន្ទីរ​ស-២១ ហួស​ពី​អ្វី​ដែល​វៀតណាម​អាច​ទទួល​រ៉ាប់រង​បាន​ឆ្ងាយ​ណាស់ ហើយ​ការ​បង្កើត​នេះ​មាន​លក្ខណៈ​ស្មុគស្មាញ​ទៅ​ទៀត ។ នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៧៩-១៩៨០ ប្រទេស​វៀតណាម​មិន​មាន​ធនធាន​អ្វី​ក្នុង​ការ​បង្កើត​ឯកសារ​រាប់​ពាន់​សន្លឹក​ដែល​បាន​រក​ឃើញ​នៅ​ក្នុង​បណ្ណសារ​នៃ​មន្ទីរ​ស-២១ និង​ឯកសារ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​មន្ទីរ​ស-២១ រាប់​ពាន់​សន្លឹក​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​កន្លែង​ដទៃ​ទៀត​ក្នុង​ទីក្រុង​ភ្នំពេញ​បន្ទាប់​ពី​វៀតណាម​បាន​ចេញពី​កម្ពុជា​នោះ​ទេ និង​ឯកសារ​មួយ​ចំនួន​ទៀត​នៅ​តែ​រក​ឃើញ​ក្នុង​ទសវត្សរ៍​៩០ ។ មក​ដល់​ត្រឹម​ពាក់​កណ្តាល​ឆ្នាំ​១៩៧៩ នៅ​ពេល​ដែល​អ្នក​ស្រាវជ្រាវ និង​អ្នក​រួច​រស់​ជីវិត​ជនជាតិ​ខ្មែរ​កំពុង​តែ​ធ្វើការ​រៀបចំ​បណ្ណសារ​មន្ទីរ​ស-២១ វៀតណាម​គ្មាន​ពេល​នឹង​បង្កើត​ឈ្មោះ និង​ប្រវត្តិរូប​អ្នក​ធ្លាប់​ធ្វើការ​នៅ​គុក​នេះ​ទេ គ្មាន​ពេល​នឹង​ក្លែងបន្លំ​ភស្តុតាង​ដ៏​ខ្លោចផ្សា​ដែល​ខ្មែរក្រហម​បាន​ធ្វើ​មក​លើ​ជន​រង​គ្រោះ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ហើយ​ក៏​គ្មាន​ពេល​នឹង​ប្រឌិត​ប្រវត្តិរូប​សម្រាប់​អ្នក​រួច​រស់​ជីវិត និង​អ្នក​ធ្លាប់​ធ្វើការ​នៅ​មន្ទីរ​ស-២១ នេះ​ដែរ ។ ម្យ៉ាង​វិញ​ទៀត ប្រសិនជា​វៀតណាម​បាន​ព្យាយាម​ធ្វើ​កិច្ចការ​ច្រើន​បែប​នេះ​មែន ម្ល៉េះ​អ្នក​ដែល​ធ្លាប់​ចូលរួម​ធ្វើ​ការងារ​នេះ​កាលពី​ទសវត្សរ៍​៩០​និយាយ​ពី​រឿងរ៉ាវ​ទាំង​អស់នេះ ហើយ​ជា​ពិសេស​ក្រោយ​ពី​កងទ័ព​វៀតណាម​ដក​ចេញពី​ប្រទេស ។

ម៉ៃ ឡាំ (ឆ្វេង) ជំនាញការ​វៀតណាម និង​ជា​អ្នក​ជួយ​បង្កើត​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួលស្លែង ជាមួយ​ក្រុម​អ្នក​ជំនាញការ​ខ្មែរ និង​អតីត​កម្មាភិបាល​ខ្មែរក្រហម

ភាព​ពិត​នោះ​គឺ​ថា កម្លាំង​រុញច្រាន​ក្នុង​ការ​ផ្លាស់​ប្តូរ​ពី​គុក​ទួលស្លែង​ទៅ​ជា​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​គឺ​មក​ពី​វៀតណាម​ដែល​ស្ថិត​ក្រោម​ការ​ណែនាំ​ពី​មន្ត្រី​យោធា​ជាន់​ខ្ពស់​របស់​វៀតណាម​ម្នាក់​ឈ្មោះ ម៉ៃ ឡាំ ដែល​ទើបតែ​ទទួល​មរណភាព​នៅ​ក្នុង​ទីក្រុង​ហូជីមិញ​កាលពី​ពេល​ថ្មីៗ​នេះ​ប៉ុណ្ណោះ ។ ម៉ៃ ឡាំ ត្រូវ​បាន​សម្ភាសន៍​ជា​ញឹកញាប់​នៅ​ក្នុង​កំឡុង​ទសវត្សរ៍​៨០ និង​៩០ ។ ម៉ៃ ឡាំ ធ្លាប់​និយាយ​ថា គាត់​ពិតជា​មាន​មោទកភាព​ខ្លាំង​ណាស់​ក្នុង​ការ​សហការ​ការងារ​ដើម្បី​ផ្លាស់​ប្តូរ​ពី​មន្ទីរ​ស-២១ ឱ្យ​ទៅ​ជា​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ ។ គាត់​ក៏​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែរ​ដែល​គាត់​បាន​ចូលរួម​ផ្លាស់​ប្តូរ​ពី​វាល​ពិឃាត​ជើងឯក ដែល​មាន​អ្នកទោស​ជាង​មួយ​ម៉ឺន​នាក់​មក​ពី​មន្ទីរ​ស-២១ ត្រូវ​បាន​យក​មក​សម្លាប់​នៅ​ទីនោះ ឱ្យ​ក្លាយ​ទៅជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ ។

ម៉ៃ ឡាំ ធ្វើការ​ជាមួយនឹង​អ្វី​ដែល​គាត់​បាន​រក​ឃើញ​ក្នុង​ប្រទេស​កម្ពុជា​ក្រោយ​ឆ្នាំ​១៩៧៩ ដែល​នេះ​អាច​និយាយ​បាន​ថា​ជា​ភស្តុតាង​នៃ​ការ​សួរ​ចម្លើយ ការ​ធ្វើ​ទារុណកម្ម ការ​សម្លាប់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដែល​ត្រូវ​បាន​កត់ត្រា​យ៉ាង​ច្បាស់​លាស់ ព្រមទាំង​រូបភាព​ជន​រង​គ្រោះ​រាប់​ពាន់​សន្លឹក ហើយ​រូបថត​ជា​ច្រើន​សន្លឹក​ត្រូវ​បាន​សាច់​ញាតិ​ដែល​នៅ​រស់រាន​មាន​ជីវិត​ចំណាំ​បាន ហើយ​គ្រួសារ​ខ្លះ​ក៏​បាន​អាន​ចម្លើយ​សារភាព​សាច់ញាតិ​របស់​ខ្លួន​ដែរ ។

វៀតណាម​បាន​បង្កើត​ជា​សារមន្ទីរ​នៅ​ទួលស្លែង​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៧៩ និង​ឆ្នាំ​១៩៨០ ដោយ​ហេតុផល​មួយ​ចំនួន ។ មូលហេតុ​ចម្បង​នោះ ខ្ញុំ​ជឿជាក់​ថា​ជា​ការ​ចាំបាច់​សម្រាប់​វៀតណាម​ក្នុង​ការ​ស្វែងរក​នូវ​មូលដ្ឋាន​ស្របច្បាប់​សម្រាប់​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយនឹង​ភាព​ស្របច្បាប់​របស់​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ដោយហេតុ​ថា ខ្លួន​បាន​រំដោះ​ប្រទេស​កម្ពុជា​ចេញពី​អ្វី​ដែល​ហៅ​ថា «ក្រុម​ប្រល័យ​ពូជសាសន៍» ក្រោម​ការ​ដឹកនាំ​របស់ ប៉ុល ពត និង អៀង សារី ដែល​ត្រូវ​បាន​កាត់​ទោស​ប្រហារជីវិត​ក្នុង​ខែ​សីហា ឆ្នាំ​១៩៧៩ ដោយ​កំបាំង​មុខ ។ ការ​បង្កើត​សារមន្ទីរ​នេះ​ក៏​មាន​សារសំខាន់​ដែរ​សម្រាប់​ប្រទេស ដែល​ជា​សម្ព័ន្ធមិត្ត​របស់​វៀតណាម​នៅ​ក្នុង​ប្លុក​សូវៀត ដើម្បី​ផ្តាច់​បក្ស​កុម្មុយនីស្ត​វៀតណាម និង​ដៃគូ​កម្ពុជា​របស់​ខ្លួន​ចេញពី​របប​កុម្មុយនីស្ត​នៃ​កម្ពុជា​ប្រជាធិបតេយ្យ ។ ជា​ការ​សំខាន់​ដែរ​សម្រាប់​វៀតណាម និង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ដើម្បី​ចាត់​ទុក​របប​កម្ពុជា​ប្រជាធិបតេយ្យ​ថា​ជា «របប​ហ្វាស៊ីស​ផ្តាច់​ការ» ដូច​ណាស៊ី​អាល្លឺម៉ង់ ជា​ជាង​គ្រាន់តែ​ជា​ប្រទេស​កុម្មុយនីស្ត​ដែល​ប្រទេស​កុម្មុយនីស្ត​ផ្សេង​ទៀត​ទទួល​ស្គាល់ ។ ការ​រៀបចំ​ជា​សារមន្ទីរ​នេះ​ក៏​មាន​សារសំខាន់​ដែរ​ដើម្បី​អះអាង​បញ្ជាក់​ថា អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ ហើយ​ជា​ពិសេស​គឺ​នៅ​មន្ទីរ​ស-២១ គឺ​អំពើ​ប្រល័យ​ពូជសាសន៍​ស្រដៀង​ទៅ​នឹង​របប​ហូឡូខសត៍​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី​២​ដែរ ជា​ជាង​គ្រាន់តែ​ជា​អំពើ​សម្លាប់​ដោយ​ប្រព័ន្ធ​មក​លើ​សត្រូវ​នយោបាយ​ដែល​បាន​កើត​ឡើង​នា​ដំណាក់កាល​ផ្សេងៗ​គ្នា​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សហភាព​សូវៀត កុម្មុយនីស្ត​ចិន និង​វៀតណាម ។

បន្ទប់​ឃុំឃាំង​អ្នកទោស​នៅ​មន្ទីរស-២១ និង​ស្នាម​ឈាម​អ្នក​ទោស​ដែល​ខ្មែរក្រហម​សម្លាប់​មុន​ពេល​គេច​ខ្លួន​ក្នុង​ឆ្នាំ​១៩៧៩

វៀតណាម​បាន​រៀបចំ​មន្ទីរ​ស-២១ ទៅ​ជា​សារមន្ទីរ​មួយ​ដោយ​ប្រើប្រាស់​នូវ​ឯកសារ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ដែល​នៅ​សេស​សល់ ។ ស្រដៀង​គ្នា​នេះ​ដែរ វៀតណាម​បាន​កែប្រែ​វាល​ពិឃាត​ជើងឯក​ឱ្យ​ក្លាយ​ទៅជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ បន្ទាប់​ពី​សាកសព​រាប់​ពាន់​នាក់​ត្រូវ​បាន​ជីក​គាស់​ពី​ក្នុង​រណ្តៅ ។ នៅ​ក្នុង​ករណី​ទាំង​ពីរ​កន្លែង​នេះ មិន​មែន​វៀតណាម​ជា​អ្នក​បង្កើត​នោះ​ទេ ។ តែ​ជាក់ស្តែង ឯកសារ​ជា​ច្រើន​ទំព័រ​ពី​បណ្ណសារ​នៅ​ស-២១ រូបថត​អ្នកទោស​រាប់​ពាន់​សន្លឹក បទ​សម្ភាសន៍​ជា​ច្រើន​ជាមួយ​អ្នក​រួច​រស់​ជីវិត និង​អតីត​កម្មាភិបាល​នៅ​ស-២១ និង​ភស្តុតាង​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ឯទៀត​ដែល​បាន​ប្រើ​ដើម្បី​កាត់ទោស ឌុច នៅ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ធ្វើ​ឱ្យ​ខ្ញុំ​សន្និដ្ឋាន​បាន​ថា ក្នុង​ចន្លោះ​ពី​ពាក់​កណ្តាល​ឆ្នាំ​១៩៧៦ រហូត​ដល់​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ស-២១​គឺជា​មន្ទីរ​របស់​កម្ពុជា​ប្រជាធិបតេយ្យ​យ៉ាង​ពិតប្រាកដ​ ដែល​បង្ហាញ​ពី​គំនិត​ដ៏​គួរ​ឱ្យ​ខ្លាច​របស់​អ្នកដឹកនាំ​ដ៏​ព្រៃផ្សៃ និង​ជា​របប​ដ៏​ព្រៃផ្សៃ​សម្រាប់​ប្រជាជន​កម្ពុជា ៕

ដេវីដ ឆេនដល័រ
ទស្សនាវដ្ដី​ស្វែងរកការពិត លេខ​១៦២ ខែ​មិថុនា ឆ្នាំ​២០១៣
 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in ប្រវត្តិសាស្ត្រ, អរិយធម៌​ខ្មែរ and tagged , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s