ហេតុ​អ្វី​បាន​ជា​មូស​ស្រលាញ់​ខ្ញុំ​ម្ល៉េះ ?

មូស​ដែល​បឺត​ឈាម​មនុស្ស​ត្រូវ​បាន​ទាក់ទាញ​ដោយ​ឧស្ម័ន និង​សមាសធាតុ​ដទៃ​ទៀត​ជាង​៣០០​ប្រភេទ​ដែល​បញ្ចេញ​ដោយ​ស្បែក​របស់​ពួកគេ

ពេល​មាន​កម្មវិធី​នៅ​សួនច្បារ​ដែល​មាន​ស្មៅ​ស្ដុក​នៅ​រដូវ​ក្ដៅ អ្នក​ចូលរួម​មួយ​ចំនួន​ក្លាយ​ជា​ចំណី​ដ៏​ឆ្ងាញ់​ដែល​មូស​មិន​អាច​ទ្រាំ​បាន ត្រូវ​តែ​ចេញ​មក​ខាំ ។ នៅ​ពេល​ដែល​យើង​មួម៉ៅ​ពី​រមាស់ ស្នាម​ចុច​សព្វ​រាងកាយ​ដែល​ហាក់​គ្មាន​នរណា​ជួយ​បាន យើង​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​ពួកវា​មក​ខាំ​យើង​គ្មាន​ខុស ទាំង​មិត្តភក្តិ​ និង​មនុស្ស​ជាទី​ស្រលាញ់ ។ ហើយ​នៅ​ពេល​គិត​ទៅ​ដល់​ថ្នាំ​ដេញ​មូស មិន​ដឹង​ថា​ថ្នាំ​មួយ​ណា​ដែល​មាន​ប្រសិទ្ធភាព​ជាង​គេ ។

ដូច្នេះ​យើង​បាន​អញ្ជើញ​លោក​បណ្ឌិត Roger Nasci ប្រធាន​សាខា​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺ ដែល​ត្រួត​ពិនិត្យ​វីរុស​បណ្ដាល​ពី​សត្វ​ល្អិត ដើម្បី​ទទួល​បាន​ចម្លើយ​លើ​ចម្ងល់​នានា​អំពី​មូស​នៅ​រដូវ​ក្ដៅ​នេះ ។

សំណួរ: ហេតុ​អ្វី​បាន​ជា​មូស​នៅ​សួនច្បារ​ក្រោយ​ផ្ទះ​រុំព័ទ្ធ និង​ខាំ​មនុស្ស​មួយ​ចំនួន នៅ​ពេល​ដែល​មនុស្ស​មួយ​ចំនួន​ទៀត​ហាក់​ដូច​ជា​មិន​មែន​ជា​ចំណី​ឆ្ងាញ់​របស់​មូស​សោះ ? តើ​ពិត​មែន​ឬ​ទេ​ដែល​មាន​ការ​អះអាង​ថា​ឈាម​ប្រភេទ​ខ្លះ​ផ្អែម​ជាង​គេ ?

ចម្លើយ: ជា​ដំបូង គួរ​រំលឹក​ថា នៅ​សហរដ្ឋ​អាមេរិក​មាន​មូស​ចំនួន ១៧៥​អំបូរ ហើយ​មាន​អំបូរ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​ជញ្ជក់​ឈាម​មនុស្ស ។ ប៉ុន្តែ​មូស​ទាំង​អស់​នេះ​ចិញ្ចឹម​ជីវិត​ដោយ​អ្វីៗ​ទាំង​អស់​ដែល​មាន​ឈាម ។

មូស​ដែល​បឺត​ឈាម​មនុស្ស​ត្រូវ​បាន​ទាក់ទាញ​ដោយ​ឧស្ម័ន​ជាង ៣០០​ប្រភេទ និង​សមាសធាតុ​ដទៃ​ទៀត​ដែល​បញ្ចេញ​ពី​ស្បែក​មនុស្ស ។ ឧស្ម័ន និង​សមាសធាតុ​ដែល​ទាក់ទាញ​ដល់​អំបូរ​មូស​មួយ​ប្រភេទ អាច​នឹង​មិន​ទាក់ទាញ​ប្រភេទ​មូស​ផ្សេង​ទៀត​ទេ ។ ឧស្ម័ន​ដែល​ដឹង​ជា​ទូទៅ​គឺ «ឧស្ម័ន​កាបូនិក» ។ មូស​អាច​ចាប់​ដឹង​បាន​ពី​ចម្ងាយ ប្រហែល​៣៥-៤០​ហ៊្វូត (១០-១២​ម៉ែត្រ) ។ ពួកវា​នឹង​ហើរ​សំដៅ​ទៅ​រក​ឧស្ម័ន​កាបូនិក ហើយ​នៅ​ក្នុង​ករណី​ជាច្រើន​នៅ​សួនច្បារ​ក្រោយ​ផ្ទះ គឺ​អ្នក និង​ខ្ញុំ​នេះ​ឯង ។

សមាសធាតុ​ផ្សេង​ទៀត​ដែល​មូស​ជា​ច្រើន​ចូល​ចិត្ត​គឺ អាស៊ីត​ឡាក់ទិក (Lactic acid) និង​ទឹក ។ ដូចនេះ វា​អាច​ជា​ធាតុផ្សំ​នៃ​ញើស​ដែល​អ្នក​បញ្ចេញ​មក ដែល​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​គោលដៅ​ចាប់​អារម្មណ៍ ប៉ុន្តែ​ការ​ស្រាវជ្រាវ​មិន​បាន​បង្ហាញ​ថា កត្តា​អនាម័យ​ពាក់ព័ន្ធ​នឹង​ការ​ចាប់​អារម្មណ៍​របស់​មូស​ទេ ។ យើង​ក៏​ដឹង​ដែរ​ថា ស្ត្រី​មាន​ផ្ទៃពោះ និង​អ្នក​ផឹក​ស្រា មាន​ការ​ទាក់ទាញ​ដល់​មូស​ជាង​គេ ។ ប៉ុន្តែ​មាន​បណ្ដុំ​សញ្ញា​ស្មុគស្មាញ​ណាស់​ដែល​មូស​ប្រើ ដូច្នេះ​ពិបាក​ក្នុង​ការ​និយាយ​ជាទូទៅ ។

សំណួរ: ស្ដាប់​ទៅ​ការ​ប្រើប្រាស់​ថ្នាំ​ដេញ​មូស​ក៏​អាច​ស្មុគស្មាញ​ដែរ ។

ចម្លើយ: ពិត​មែន​ហើយ ។

សំណួរ: តើ​ថ្នាំ​ដេញ​មូស​កាន់​តែ​ខ្លាំង​ជាង​មុន​មែន​ឬ​ទេ ?

ចម្លើយ: មិន​មែន​ទេ យើង​មាន​ថ្នាំ​ដេញ​មូស Jungle Juice ដែល​មាន​ជាតិ​ឌីអេទីល​មេតា​តូឡុយអាមីដ (DEET) ពី​ ៩០​ ទៅ ​១០០% យូរ​មក​ហើយ ។

សំណួរ: អញ្ចឹង តើ​លោក​យល់​យ៉ាង​ណា​ដែរ​អំពី​ទំនោរ​នៃ​ការ​ប្រើប្រាស់​ថ្នាំ​ដេញ​មូស ?

ចម្លើយ: យើង​ឃើញ​មាន​ផលិតផល​ចុះ​បញ្ជី​ថ្មីៗ​យ៉ាង​ច្រើន​ដែល​មាន​សារធាតុ​គីមី​ខុសៗ​គ្នា និង​ផ្ដល់​ជម្រើស​បន្ថែម​ដល់​អ្នក​ប្រើប្រាស់ ។ យើង​ក៏​ឃើញ​ផង​ដែរ​នូវ​ការ​ជឿនលឿន​នៅ​ក្នុង​បណ្ដុំ​គីមី គឺ​សំដៅ​លើ​វិធី​ដែល​សារធាតុ​សកម្ម​ត្រូវ​បាន​រួម​បញ្ចូល​ទៅ​ក្នុង​សមាសធាតុ​ដទៃ​ទៀត ។ ការ​ច្នៃ​ប្រឌិត​មួយ​គឺ​ការ​បញ្ចេញ​យឺតៗ ដែល​កំហាប់​ទាប​នៃ DEET ឬ​សារធាតុ​សកម្ម​ដទៃ​ទៀត​អាច​ផ្ដល់​ការ​ការពារ​រយៈពេល​វែង ។

ឧទាហរណ៍ បច្ចុប្បន្ន ក្រសួង​ការពារ​ជាតិ​បញ្ជូន​ទាហាន​ទៅ​សមរភូមិ​ជាមួយ​នឹង​ថ្នាំ​បញ្ចេញ DEET យឺតៗ និង​ឯកសណ្ឋាន​មាន​ជាតិ ភើមេទ្រីន (Permethrin) ។ ការ​ពិត មាន​ផលិតផល​ភ្ជាប់​នឹង​សម្លៀក​បំពាក់​ជា​ច្រើន​នា​បច្ចុប្បន្ន​នេះ ដូចជា ភើមេទ្រីន​នៅ​តែ​បន្ត​នៅ​ជាប់​នឹង​សម្លៀក​បំពាក់​ដដែល​ទោះ​ជា​បាន​បោក​ជា​ច្រើន​ដង​រួច​ហើយ​ក៏​ដោយ ។

សំណួរ: តើ​លោក​មាន​ក្ដី​បារម្ភ​ដែរ​ទេ​ចំពោះ​ថ្នាំ​ដេញ​មូស​ដែល​យើង​ប្រើប្រាស់​សព្វថ្ងៃ ?

ចម្លើយ: ខ្ញុំ​មាន​ក្ដី​បារម្ភ​ចំនួន​ពីរ​ចំពោះ​ថ្នាំ​ដេញ​មូស ។ ទី​១ មាន​ថ្នាំ​ដេញ​មូស​ដែល​ដាក់​លក់​នៅ​លើ​ទីផ្សារ​មិន​មាន​ប្រសិទ្ធភាព ។ ផលិតផល​ដែល​យើង​គាំទ្រ​ឲ្យ​ប្រើប្រាស់​នៅ​លើ​វេបសាយ​របស់​យើង​គឺ DEET, Picaridin, IR3535 និង​ផលិតផល​ប្រេងខ្យល់ និង Para-menthane-diol មួយ​ចំនួន ។ មាន​ឯកសារ​វិទ្យាសាស្ត្រ​ជាច្រើន​បង្ហាញ​ថា​ផលិតផល​ទាំងនេះ​មាន​ប្រសិទ្ធភាព ហើយ​ត្រូវ​បាន​ចុះ​បញ្ជី​នៅ​ទីភ្នាក់ងារ​ការពារ​បរិស្ថាន ។

ទំនោរ​មួយ​ទៀត​ដែល​ខ្ញុំ​បារម្ភ គឺ​អ្នក​ដែល​មិន​ប្រើប្រាស់​ថ្នាំ​ដេញ​មូស ។ ពួកគេ​ប្រើប្រាស់​តិច​តួច​ពេក ជាពិសេស​នៅ​ពេល​មាន​ការ​រាលដាល​ជំងឺ​បណ្ដាល​ពី​មូស ដូចជា​វីរុស West Nile ជាដើម ។ សូម្បី​នៅ​ពេល​ការ​រាលដាល​នេះ​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ យើង​ក៏​នៅ​តែ​បរាជ័យ​ក្នុង​ការ​ធ្វើ​ឲ្យ​មនុស្ស​កាន់​តែ​ច្រើន​ប្រើប្រាស់​ថ្នាំ​ដេញ​មូស​ប្រកប​ដោយ​ប្រសិទ្ធភាព ។

សំណួរ: តើ​មាន​ភស្តុតាង​ដែល​មូស​អាច​ស៊ាំ​នឹង​ថ្នាំ DEET ឬ​ផលិតផល​ដទៃ​ទៀត​ដែរ​ឬ​ទេ ?

ចម្លើយ: មិន​មាន​ទេ យើង​មិន​ឃើញ​មាន​ភស្តុតាង​ដែល​ថា​មូស​មិន​ខ្លាច​ថ្នាំ​ដេញ​ពួក​វា​នោះ​ទេ ។ មូលហេតុ​គឺ​ថា មនុស្ស​មិន​មែន​ជា​អ្នក​ផ្ដល់​ប្រភព​ឈាម​ជា​ចម្បង​ដល់​ការ​រស់រាន​របស់​មូស​ទេ ពួកវា​ភាគច្រើន​រស់​ដោយ​បឺត​ឈាម​សត្វ ដូចជា​បក្សី​ជាដើម ។ ដូច្នេះ​យើង​មិន​មែន​ជា​គោលដៅ​ដែល​អាច​ឈាន​ដល់​ភាព​ស៊ាំ​នោះ​ទេ ។ ថ្នាំ DEET នៅ​តែ​ជា​ស្ដង់ដារ​មាស​ដដែល ។

សំណួរ: តើ​មាន​ការ​ខុសគ្នា​ដែរ​ទេ​នៅ​ពេល​ថ្នាំ​ដេញ​មូស​មាន​ជាតិ DEET ៥% ឬ ៣០% ?

ចម្លើយ: បរិមាណ DEET អាច​ប៉ះពាល់​ដល់​រយៈពេល​បញ្ចេញ ប៉ុន្តែ​ការ​ស្រាវជ្រាវ​បង្ហាញ​ថា នៅ​ពេល​អ្នក​មាន DEET ៥០% វា​មិន​មាន​ការ​ខុស​គ្នា​ច្រើន​ទេ ។ ការ​ប្រែប្រួល​ខុស​គ្នា​គឺ​នៅ​លើ​បរិមាណ​ដែល​អ្នក​លាប​នៅ​លើ​ស្បែក​របស់​អ្នក ។

សំណួរ: តើ​លោក​ការពារ​ខ្លួន​ពី​មូស​ដោយ​របៀប​ណា ? ឬ ដោយសារ​លោក​ជា​អ្នក​ឯកទេស​ខាង​ជំងឺ​បណ្ដាល​ពី​មូស តើ​លោក​ជ្រើស​យក​ការ​ស្នាក់​នៅ​ក្នុង​ផ្ទះ​ឬ ?

ចម្លើយ: នៅ​ពេល​ខ្ញុំ​ចេញ​ទៅ​បោះ​ជំរំ និង​ដើរ​កាត់​ព្រៃភ្នំ​នៅ​ប្រជុំ​ភ្នំ Colorado ដែល​មាន​មូស​យ៉ាង​ច្រើន​នៅ​លើ​នោះ ខ្ញុំ​ប្រើ​ថ្នាំ​ដេញ​មូស​សាមញ្ញ​សម្រាប់​ស្បែក​ខ្ញុំ និង​ពាក់​សម្លៀក​បំពាក់​មាន​ជាតិ​ថ្នាំ ។ ដោយ​វិធី​ពីរ​យ៉ាង​នេះ អ្នក​នឹង​ទទួល​បាន​ការ​ការពារ​ដ៏​សមស្រប ៕

ប្រែសម្រួល​ពី​អត្ថបទ​របស់ Eliza Barclay
វិទ្យុ​ជាតិ​សាធារណៈ (NPR) ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០១៣
 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in ចំណេះ​ធ្វើ, វិទ្យាសាស្ត្រ​ថ្មី and tagged , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s