បច្ចេកទេស​ទុកដាក់​អាច​ថែរក្សា​ក្រូច និង​សម្លាប់​ភ្នាក់ងារ​បង្ករោគ

ស្លឹក​ក្រូច​មាន​រោគសញ្ញា​ជំងឺ​ក្រូច​លឿង ។ អ្នក​វិទ្យាសាស្ត្រ​នៅ ARS បាន​អភិវឌ្ឍ​វិធីសាស្ត្រ​រក្សា​ចុងត្រួយ​នៅ​សីតុណ្ហភាព​ត្រជាក់ ដើម្បី​រក្សាទុក និង​ការ​ពារ​ជីវករ​ក្រូច​ឲ្យ​មាន​សុវត្ថិភាព​សម្រាប់​ពេល​អនាគត

ជនជាតិ​អាមេរិក​បរិភោគ​ក្រូច (Citrus) ស្រស់ និង​កែច្នៃ ប្រហែល ៨៤​ផោន ក្នុង​ម្នាក់​ក្នុង​មួយ​ឆ្នាំ ដែល​ក្នុង​នោះ​ក្រូច​ពោធិ៍សាត់ (Orange) ស្ថិត​នៅ​លើ​គេ ៦១​ផោន​ក្នុង​មួយ​ឆ្នាំ ។ អត្ថិភាព​នៃ​ផ្លែឈើ​ដ៏​ពេញ​និយម​នេះ​នៅ​តាម​ហាង​គ្រឿងទេស ផ្សារ​ស្រស់ និង​កន្លែង​លក់​ផ្លែឈើ​ដទៃ​ទៀត គឺ​ជា​ភស្តុតាង​នៃ​ជោគជ័យ​របស់​កសិករ​ក្នុង​ការ​គ្រប់គ្រង​ការ​គំរាមកំហែង​ជានិច្ច​ពី​បណ្ដា​ទុរករ និង​ជំងឺ​កើត​មាន​ចំពោះ​ដំណាំ​ក្រូច​ដែល​មាន​តម្លៃ ៣,៤ ពាន់​លាន​ដុល្លា នៅ​សហរដ្ឋ​អាមេរិក (២០១១-១២) ហើយ​ដែល​ភាគ​ច្រើន​មាន​ដាំដុះ​នៅ​រដ្ឋ​ផ្លរីដា និង​កាលីហ្វ័រញ៉ា ។

ការ​គំរាមកំហែង​ដ៏​ចម្បង​មួយ​គឺ​ជំងឺ​ក្រូច​លឿង (Citrus greening disease) ឬ​ត្រូវ​បាន​ស្គាល់​ថា​ជា «ហួងឡុងប៊ិង (Huanglongbing)» ។ ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​រដ្ឋ​ផ្លរីដា​នៅ​ខែ​សីហា ឆ្នាំ​២០០៥ បច្ចុប្បន្ន​ជំងឺ​ក្រូច​លឿង​គឺ​ជា​គោលដៅ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​នៃ​ដៃគូ​នៅ​ថ្នាក់​សហព័ន្ធ រដ្ឋ សាកលវិទ្យាល័យ និង​ឧស្សាហកម្ម ដើម្បី​គ្រប់គ្រង​ជំងឺ​បណ្ដាល​ពី​បាក់តេរី​ដែល​មាន​តម្លៃ​ខ្ពស់​នេះ និង​សត្វ​ល្អិត​ដែល​ជា​អ្នក​ពង្រាយ​ជំងឺ​នេះ​ឈ្មោះ ស៊ីលីដ​ក្រូច​អាស៊ី (Asian citrus psyllid) ។ រោគសញ្ញា​ដែល​អាច​មើល​ឃើញ​មាន ដើម​រួញ​តឿ​មិន​លូតលាស់ មិន​សូវ​មាន​ផ្កា ស្លឹក​មាន​ពណ៌​ខុស​ប្រក្រតី និង​ផ្លែ​មាន​រូបរាង និង​រសជាតិ​ខុស​ធម្មតា ។ ដើម​ក្រូច​ដែល​កើត​ជំងឺ​មិន​អាច​ព្យាបាល​បាន​ទេ ហើយ​ចាប់​ផ្ដើម​ចុះ​ទ្រុឌទ្រោម​ពី ​៥ ​ទៅ​ ១២ ​ឆ្នាំ ។

គ្រោះថ្នាក់​ដទៃ​ទៀត ដូចជា ភាព​រាំងស្ងួត អាកាស​ធាតុ​ចុះ​ត្រជាក់​កក ខ្យល់​កំបុតត្បូង និង​រញ្ជួញ​ផែនដី ក៏​អាច​បង្ក​គ្រោះមហន្តរាយ​ដល់​ឧស្សាហកម្ម​ក្រូច​ផង​ដែរ ។ នៅ​ទូទាំង​ពិភពលោក ការ​រុករាន​របស់​មនុស្ស​ទៅ​លើ​ជម្រក​ធម្មជាតិ​នៃ​ធនជាតិ​សេណេទិក​ក្រូច​ព្រៃ​ដែល​មាន​តម្លៃ​ប្រកប​ដោយ​សក្តានុពល​ក៏​ជា​ការ​ព្រួយបារម្ភ​ផង​ដែរ ។

អ្នកបច្ចេកទេស​លោក Remi Bonnart (រូប​ខាងមុខ) កំពុង​បង្កក​ចុងត្រួយ​ក្រូច នៅ​ពេល​ដែល​សរីរវិទូ​រុក្ខជាតិ​អ្នកស្រី Christina Walters ដាក់​សម្ភារៈ​រក្សា​នៅ​សីតុណ្ហភាព​ទាប​ទៅ​ក្នុង​ធុង​រក្សាទុក​នៅ​សីតុណ្ហភាព​ត្រជាក់​សម្រាប់​ការ​ស្តុកទុក​រយៈពេល​វែង

ធ្វើ​ឲ្យ​ប្រាកដ​អំពី​អនាគត​របស់​ក្រូច

ក្រុង Fort Collins រដ្ឋ Colorado គឺ​ជា​មូលដ្ឋាន​នៃ​ការ​រក្សាទុក​ជីវករ​រុក្ខជាតិ និង​សត្វ មជ្ឈមណ្ឌល​ជាតិ​ថែរក្សា​ធនធាន​សេណេទិក (NCGRP) ។ នៅ​មជ្ឈមណ្ឌល​នេះ សរីរវិទូ​រុក្ខជាតិ​នៃ​សេវា​ស្រាវជ្រាវ​កសិកម្ម (ARS) អ្នកស្រី Gayle Volk កំពុង​ដឹកនាំ​កម្មវិធី​មួយ​ដើម្បី​អភិវឌ្ឍ​វិធីសាស្ត្រ​នានា​ក្នុង​ការ​រក្សា​ទុក​ពូជ​ក្រូច​របស់​អាមេរិក​នៅ​ក្នុង​ទម្រង់​ជា​កំណាត់​ចុងត្រួយ​ដែល​រក្សា​នៅ​សីតុណ្ហភាព​ទាប (Cryopreservation) គឺ​ជា​ការ​រក្សា​ទុក​នៅ​សីតុណ្ហភាព​បង្កក​ដោយ​ត្រាំ​នៅ​ក្នុង​អាសូត​រាវ ។

ការ​ប្រៀបធៀប​គ្នា​បង្ហាញ​ពី​តម្លៃ​នៃ​ការ​ប្រមូលផ្ដុំ​ជីវករ​របស់​មជ្ឈមណ្ឌល NCGRP ដែល​មាន​សារសំខាន់​បំផុត​ចំពោះ​ការ​ស្រាវជ្រាវ និង​សុវត្ថិភាព​ស្បៀងអាហារ​នៅ​ជំនាន់​បច្ចុប្បន្ន និង​ទៅ​អនាគត ។ សទិសភាព (Analogy) នេះ​ក៏​បង្ហាញ​ផងដែរ​ពី​ភាព​រឹងមាំ​ផ្នែក​រចនាសម្ព័ន្ធ​នៃ​បន្ទប់​រក្សាទុក​ទ្រង់ទ្រាយ​ធំ ដែល​អាច​ធន់ទ្រាំ​នឹង​ទឹកជំនន់ ខ្យល់​ព្យុះ និង​ផលប៉ះពាល់​ពី​វត្ថុ​មាន​ទម្ងន់ ២៥០០​ផោន ​ធ្វើ​ចលនា​ក្នុង​ល្បឿន ១២៥​ម៉ៃ​ក្នុង​មួយ​ម៉ោង ។

បន្ថែម​លើ​ឧបករណ៍​សម្ភារៈ មជ្ឈមណ្ឌល NCGRP មាន​បុគ្គលិក​ជា​អ្នកវិទ្យាសាស្ត្រ​ដែល​មាន​ជំនាញ​រក្សាទុក និង​វាយតម្លៃ​ជីវករ​ទទួល​បាន​ពី​ជុំវិញ​ពិភពលោក ជា​ទម្រង់​គ្រាប់ពូជ លម្អង ជាលិកា​រុក្ខជាតិ (កញ្ចុំផ្កា និង​ដើមដង) ពី​រុក្ខជាតិ និង​គ្រាប់​ពូជ​ប្រឈម​នឹង​ការ​ផុត​ពូជ ឬ​ឈាម ទឹកកាម និង​អំប្រ៊ីយ៉ុង​បាន​ពី​បសុសត្វ​បង្កាត់ ។

ឧទាហរណ៍ មន្ទីរពិសោធន៍​របស់​អ្នកស្រី Gayle Volk ជា​ផ្នែក​មួយ​នៃ​អង្គភាព​ស្រាវជ្រាវ​ការ​ថែរក្សា​ជីវករ​រុក្ខជាតិ គឺ​ជា​មន្ទីរពិសោធន៍​តែ​មួយ​នៅ​សហរដ្ឋ​អាមេរិក​ដែល​បាន​ចាប់​យក​វិធីសាស្ត្រ​រក្សាទុក​ដោយ​សីតុណ្ហភាព​ទាប​ដើម្បី​ថែរក្សា​ពូជ​ក្រូច ។ អ្នកស្រី Gayle Volk មាន​ប្រសាសន៍​ថា «បន្ទាប់​ពី​រក្សាទុក​ក្នុង​សីតុណ្ហភាព​ត្រជាក់ ធនធាន​សេណេទិក​ក្រូច​មាន​សុវត្ថិភាព​ពី​ការ​គំរាមកំហែង​ផ្នែក​ជីវសាស្ត្រ និង​រូបសាស្ត្រ ហើយ​ការ​ថែរក្សា​តាម​វិធី​នេះ​មាន​តម្លៃ​ទាប» ។ ការ​រក្សាទុក​ចុងត្រួយ​នៅ​សីតុណ្ហភាព​ទាប​ក៏​ផ្ដល់​នូវ​វិធី​មួយ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ជីវករ​គ្មាន​ភ្នាក់ងារ​បង្ក​ជំងឺ​សម្រាប់​ស្ដារ​ឡើង​វិញ​នូវ​ពូជ​ដែល​បាត់បង់ ឬ​ទទួល​រង​គ្រោះ ។

ចុងត្រួយ​ក្រូច​ត្រូវ​បាន​បង្កក​នៅ​ក្នុង​ដំណក់​នៃ​សូលុយស្យុង​ការ​ការពារ​ដោយ​សីតុណ្ហភាព​ត្រជាក់​នៅ​លើ​បន្ទះ​ស្ដើងៗ ។ បន្ទះ​ស្ដើង​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ព្រិល​អាសូត​រាវ​ដែល​បង្កើត​ឡើង​ដោយ​បញ្ចូល​អាសូត​រាវ​ទៅ​ក្នុង​ភាព​គ្មាន​ខ្យល់

មក​ដល់​បច្ចុប្បន្ន អ្នកស្រី Gayle Volk និង​សហការី​បាន​រក្សា​នៅ​សីតុណ្ហភាព​ទាប​នូវ​ចុងត្រួយ​ក្រូច​ចំនួន ៣០​ប្រភេទ រួមមាន ក្រូច​ចិន និង​ក្រូចពោធិ៍សាត់ ពី​មណ្ឌល​ប្រមូលផ្ដុំ​ដែល​ថែរក្សា​ដោយ​មណ្ឌល​ជាតិ​រក្សាទុក​ជីវករ​ក្លូន​របស់​ក្រូច និង​ល្មើយ ស្ថិត​នៅ​សាកលវិទ្យាល័យ​កាលីហ្វ័រញ៉ា ក្រុង Riverside ។ មណ្ឌល​ប្រមូលផ្ដុំ​ក្នុង​ចំណោម​មណ្ឌល​ដទៃ​ទៀត​នៅ​ទី​នោះ មាន​បញ្ឆិក​ជិត ៩០០ (គំរូ) និង​តំណាង​ឲ្យ​ក្រុម​វគ្គីករណ៍វិទ្យា​ចំនួន ១៣២ នៃ​អំបូរ​ក្រូច, Fortunella (kumquat) និង​ក្រូច​ព្រៃ ដែល​ភាព​ចម្រុះ​ផ្នៃក​សេណេទិក​របស់​វា​អាច​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ព័ត៌មាន​លក្ខណៈចរិត ដូចជា ទិន្នផល បរិមាណ​សារធាតុ​ចិញ្ចឹម និង​ការ​ធន់ទ្រាំ​នឹង​ទុរករ និង​ជំងឺ ។

អ្នកស្រី Gayle Volk និយាយ​ថា «ការ​ប្រមូលផ្ដុំ​ក្រូច​នៅ​ក្រុង Riverside គឺ​ជា​ប្រភព​សម្ភារៈ​បច្ចុប្បន្ន​របស់​យើង ហើយ​យើង​កំពុង​តែ​ជ្រើសរើស​ដោយ​យុទ្ធសាស្ត្រ​ពី​សម្ភារៈ​មាន​អត្ថិភាព​ខ្ពស់​សម្រាប់​ឧស្សាហកម្ម​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​ពី​មណ្ឌល​ប្រមូផ្ដុំ​នោះ​ជា​សម្ភារៈ​ទី​មួយ​ក្នុង​ការ​រក្សា​ទុក​នៅ​សីតុណ្ហភាព​ទាប​នៅ​មជ្ឈមណ្ឌល NCGRP ។ មណ្ឌល​ប្រមូលផ្ដុំ​ក្រូច​នៅ Riverside មិន​មាន​ពូជ​សំខាន់ៗ​មួយ​ចំនួន​ដែល​ដាំដុះ​នៅ​រដ្ឋ​ផ្លរីដា ឬ​តិចសាស់​ទេ ហើយ​យើង​នឹង​ធ្វើការ​ជាមួយ​អ្នក​មក​ពី​រដ្ឋ​ទាំងនេះ​ដើម្បី​ទទួល​បាន​ជីវករ​កាន់​តែ​មាន​ភាព​ចម្រុះ» ។

ដំណើរការ​រក្សាទុក​នៅ​សីតុណ្ហភាព​ទាប​ចាប់​ផ្ដើម​ជាមួយ​នឹង​ការ​យក​ចេញ​នូវ​ផ្នែក​ចុង​ត្រួយ​ប្រវែង ១​មម ពី​ក្រូច​ដែល​ទើប​នឹង​លូតលាស់​ថ្មី ហៅ​ថា «Flush» ហើយ​ត្រាំ​ជាលិកា​នេះ​នៅ​ក្នុង​សូលុយស្យុង​មាន​គ្លីសេរ៉ូល ស្ករ និង​ភ្នាក់ងារ​ធ្វើ​ឲ្យ​ត្រជាក់​ដទៃ​ទៀត ។ ដំណាក់កាល​រៀបចំ​នេះ​មាន​សារសំខាន់​ណាស់​ដោយសារ​វា​បណ្ដេញ​ទឹក​ចេញ​ពី​កោសិកា​ចុង​ត្រួយ និង​ការពារ​មិន​ឲ្យ​ទឹកកក​ដ៏​ប្រល័យ​កកើត​នៅ​ក្នុង​ដំណាក់កាល​បន្ទាប់ ត្រាំ​នៅ​ក្នុង​អាសូត​រាវ​នៅ​សីតុណ្ហភាព -១៩៦ 0C (-៣២១ 0F) ។ នៅ​ពេល​ត្រូវការ​ចាំបាច់ ចុងត្រួយ​ដែល​បាន​រក្សា​នៅ​សីតុណ្ហភាព​ទាប​អាច​ត្រូវ​បាន​យក​ចេញ​ពី​ដបកែវ​ដែល​ដាក់​វា និង​រំលាយ​ទឹកកក​ដោយ​ប្រុងប្រយ័ត្ន​សម្រាប់​នីតិវិធី​បំប៉ន​ដើម (Rootstock grafting) ដែល​ឈាន​ទៅ​ដល់​ការ​លូតលាស់​ចេញ​ជា​ដើម​ក្រូច​ខ្ចី​ពេញ​រូបរាង​ឡើង ។

ចុងត្រួយ​ក្រូច​ត្រូវ​បាន​រក្សាទុក​នៅ​សីតុណ្ហភាព​ទាប និង​បន្ទាប់​មក​បណ្ដុះ​នៅ​លើ​បំពង់​បំប៉ន​សំណាប ។ ដើម​ក្រូច​ដុះ​លូតលាស់​ឡើង​វិញ​នេះ​មាន​អាយុ ២​ខែ

លទ្ធផល​បឋម​នានា​បង្ហាញ​ថា ជា​មធ្យម ចុង​ត្រួយ ៥៣% នៅ​រស់​ក្នុង​ការ​រក្សា​ទុក​ដោយ​សីតុណ្ហភាព​ទាប ហើយ​បច្ចុប្បន្ន​ក្រុមស្រាវជ្រាវ​បាន​កែលម្អ​បច្ចេកទេស​ដើម្បី​ទទួល​បាន​កម្រិត​ដុះ​លូតលាស់​ឡើង​វិញ​ជា​មធ្យម ៨៣% ។ អត្ថបទ​មួយ​រៀបរាប់​លម្អិត​ពី​វិធីសាស្ត្រ​នានា​ត្រូវ​បាន​បោះពុម្ព​នៅ​ក្នុង​ទស្សនាវដ្ដី CryoLetters ។ ការ​ធ្វើ​ពិសោធន៍​រយៈពេល​វែង​មួយ​កំពុង​ប្រព្រឹត្ត​ទៅ​ដើម្បី​បញ្ជាក់​អំពី​ភាព​រស់រាន​នៃ​ដើម​ក្រូច​ដែល​ដុះ​លូតលាស់​ឡើង​វិញ និង​ធ្វើ​ឲ្យ​ប្រាកដ​ថា ពួកវា​ដូច​គ្នា​ទៅ​នឹង​ដើម​ក្រូច​ដើម​ដែល​ពួកវា​ត្រូវ​បាន​កាត់​យក​ចេញ​មក ។

នៅ​មណ្ឌល​ជាតិ​រក្សាទុក​ជីវករ​ក្លូន​របស់​ក្រូច និង​ល្មើយ​របស់ ARS នៅ​ក្រុង Riverside រដ្ឋ​កាលីហ្វ័រញ៉ា អ្នកបច្ចេកទេស​កញ្ញា Brittany Moreland ជ្រើសរើស​ចុង​ត្រួយ​​សម្រាប់​ការ​រក្សាទុក​នៅ​សីតុណ្ហភាព​ទាប​នៅ​មណ្ឌល​រក្សាទុក​ជីវករ​នៅ​ក្រុង Fort Collins រដ្ឋ​កូឡូរ៉ាដូ

ការ​ដាក់​ភ្នាក់ងារ​បង្ករោគ​នៅ​លើ​ទឹកកក

ការ​រក្សាទុក​នៅ​សីតុណ្ហភាព​ទាប​មាន​ផលប្រយោជន៍​បន្ថែម​ក្នុង​ការ​បំបាត់​បាក់តេរី វីរុស និង​វីរ៉យ (Viroids) ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ជីវករ​គ្មាន​ជំងឺ​សម្រាប់​ប្រតិបត្តិការ​ស្រាវជ្រាវ បង្កាត់ពូជ និង​ពាណិជ្ជកម្ម​ក្រូច ។ ក្រុម​របស់​អ្នកស្រី Gayle Volk បាន​ប្រើ​អភិក្រម​ឲ្យ​ឈ្មោះ​ថា «វិធី​ព្យាបាល​ដោយ​សីតុណ្ហភាព​ត្រជាក់ (Cryotherapy)» ដោយ​អ្នកស្រាវជ្រាវ​ជនជាតិ​ចិន​ដែល​បាន​ស៊ើប​អង្កេត​វា​ពី​ដំបូង ដើម្បី​លុប​បំបាត់​ភ្នាក់ងារ​បង្ក​រោគ​ពី​ចុងត្រួយ​ក្រូច ដែល​មាន​មេរីកោសិកា​ដើម (Meristem cells) ។

មេរីកោសិកា​ទាំងនេះ​មាន​សារសំខាន់​ចំពោះ​វិធី​ព្យាបាល​ដោយ​សីតុណ្ហភាព​ត្រជាក់​ដោយ​សារ​ពួកវា​មាន​ទំហំ​តូច តាន់ និង​ជា​ញឹកញាប់​មិន​មាន​ឆ្លង​ភ្នាក់ងារ​បង្ក​រោគ​ដែល​មាន​នៅ​ក្នុង​ជាលិកា​សរសៃ​ចំណាស់ ។ សំខាន់​ជាងគេ មេរីកោសិកា​ដើម​រស់​ត្រូវ​បាន​បង្កក​នៅ​ក្នុង​អាសូត​រាវ មិន​ដូច​កោសិកា​ធំ​ជាង​នៅ​ក្នុង​ចុង​ត្រួយ​ទេ ជាពិសេស​កោសិកា​ដែល​ផ្ដល់​កន្លែង​សំចត​ដល់​ភ្នាក់ងារ​បង្ក​រោគ ។ លើស​ពី​នេះ នីតិវិធី​នេះ​ធ្វើ​ឲ្យ​ចុង​ត្រួយ​ស្ថិត​នៅ​មិន​មាន​ផលប៉ះពាល់ ដែល​អាច​ដុះលូតលាស់​ជា​ដើម​ក្រូច​ទាំង​ស្រុង​ឡើង​វិញ ។

អ្នកស្រី Gayle Volk និយាយ​ថា «ប្រសិនបើ​វិធី​ព្យាបាល​ដោយ​សីតុណ្ហភាព​ត្រជាក់​ត្រូវ​បាន​បញ្ជាក់​ថា​ជា​វិធី​មាន​ប្រសិទ្ធភាព​ក្នុង​ការ​សម្អាត​សម្ភារៈ​មាន​ជំងឺ​នោះ វា​នឹង​ជួយ​សម្រួល​ដល់​ចលនា​ស្រឡាយ​បង្កាត់​ពូជ និង​ចលនា​ពូជ​ក្នុង​ចំណោម​បណ្ដា​រដ្ឋ​ដែល​ការ​ដាក់​នៅ​ដាច់​ដោយ​ឡែក​កំពុង​តែ​អនុវត្ត​ដើម្បី​រឹត​បន្តឹង​ការ​រាលដាល​ជំងឺ​ក្រូច​លឿង» ។ អត្ថបទ​ដោយ Jan Suszkiw មន្ត្រី​ព័ត៌មាន​នៃ ARS

បកប្រែ​ និង​ផ្សព្វផ្សាយ​ដោយ​មាន​ការ​អនុញ្ញាត​ពី USDA Agricultural Research/July 2013

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in កសិកម្ម, វិទ្យាសាស្ត្រ​ថ្មី and tagged , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s