វាស់​វែង​ចរិត​ស៊ី​ចំណី​របស់​បសុសត្វ

វិស្វករ​កសិកម្ម អ្នកស្រី Tami Brown-Brandl កំពុង​វាយ​តម្លៃ​ពី​ចរិត​ស៊ី​ចំណី​របស់​ជ្រូក​ដោយ​ប្រព័ន្ធ​តាមដាន​ថ្មី​មួយ ដែល​បាន​បំពាក់​នៅ​លើ​ធុង​ចំណី​នៅ​ផ្នែក​ខាងក្រោយ​នៃ​រូប ។ ជ្រូក​នីមួយៗ​ត្រូវ​បាន​បំពាក់​ដោយ​ស្លាក​អេឡិចត្រូនិច​នៅ​ត្រចៀក​ដែល​អនុញ្ញាត​ឲ្យ​ប្រព័ន្ធ​តាមដាន​នេះ​កំណត់​អត្តសញ្ញាណ និង​កត់ត្រា​ពី​វត្តមាន​របស់​វា​នៅ​កន្លែង​ធុង​ចំណី

ការ​កំណត់​បាន​ថា​តើ​សត្វ​ចំណាយ​ពេល​ប៉ុន្មាន​ដើម្បី​ស៊ី​ចំណី​អាច​ជួយ​ឲ្យ​អ្នក​ថែទាំ​សត្វ​កំណត់​អត្តសញ្ញាណ​បសុសត្វ​ឈឺ ធ្វើ​ឲ្យ​ការ​គ្រប់គ្រង​ប្រសើរ​ឡើង និង​បង្កើត​ភាព​ខុស​គ្នា​ផ្នែក​សេណេទិក​នៅ​ក្នុង​ក្រុម​សត្វ​ណា​មួយ ។ ប៉ុន្តែ​ជា​ដំបូង តម្រូវ​ឲ្យ​មាន​ប្រព័ន្ធ​មួយ​ដើម្បី​តាមដាន​ចរិត​ស៊ី​ចំណី ។

អ្នកវិទ្យាសាស្ត្រ​នៃ​សេវា​ស្រាវជ្រាវ​កសិកម្ម (ARS) នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សាច់​សត្វ​សហរដ្ឋ​អាមេរិក Roman L. Hruska ស្ថិត​ក្នុង​ក្រុង Clay Center រដ្ឋ Nebraska បាន​អភិវឌ្ឍ​ប្រព័ន្ធ​ថ្មី​មួយ​ដើម្បី​តាមដាន​ចរិត​ស៊ី​ចំណី​របស់​គោ​យក​សាច់ និង​ជ្រូក​នៅ​ដំណាក់​កាល​លូតលាស់​ចុង​ក្រោយ នៅ​ក្នុង​លក្ខខណ្ឌ​ឧស្សាហកម្ម​បសុសត្វ ។

ប្រព័ន្ធ​តាមដាន​នេះ ដែល​បង្កើត​ឡើង​ដោយ​វិស្វករ​កសិកម្ម អ្នកស្រី Tami Brown-Brandl និង លោក Roger Eigenberg បម្រើការ​នៅ​ក្នុង​អង្គភាព​ស្រាវជ្រាវ​ការ​គ្រប់គ្រង​បរិស្ថាន​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សាច់​សត្វ​សហរដ្ឋ​អាមេរិក Roman L. Hruska ប្រើ​បច្ចេកវិទ្យា​កំណត់​អត្តសញ្ញាណ​ហ្វ្រេកង់​វិទ្យុ​ស្តង់ដារ រចនា​ឡើង​ជុំវិញ​ឧបករណ៍​អាន​ទ្រង់ទ្រាយ​ពាណិជ្ជកម្ម (Commercial reader) ។ បច្ចេកវិទ្យា​នេះ​រួមមាន ស្លាក​ពាក់​ត្រចៀក​ឲ្យ​សត្វ​នីមួយៗ ឧបករណ៍​តាមដាន​នៅ​ធុង​ផ្ដល់​ចំណី និង​ការ​កត់ត្រា និង​រក្សា​ទុក​ទិន្នន័យ ។

លោក Roger Eigenberg បាន​រចនា​ផ្នែក​រឹង (Hardware) របស់​ប្រព័ន្ធ​តាមដាន​នេះ ក្នុង​នោះ​មាន​ឧបករណ៍ Multiplexer ។ ជំនួស​ឲ្យ​ឧបករណ៍​តែ​មួយ​ភ្ជាប់​ទៅ​អង់តែន​តែ​មួយ Multiplexer មាន​តួនាទី​ជា​កន្លែង​ចុច​ប្ដូរ​ពហុបែប ភ្ជាប់​សញ្ញា​ពី​ឧបករណ៍​អាន​ទៅ​អង់តែន​ដែល​ត្រឹមត្រូវ ។ ផ្នែក​ទន់ (Software) រចនា​ឡើង​ដោយ​អ្នកស្រី Tami Brown-Brandl គ្រប់គ្រង​លើ​ផ្នែក​រឹង ពេលវេលា និង​ការ​កត់ត្រា និង​រក្សាទុក​ទិន្នន័យ ។

អ្នកស្រី Tami Brown-Brandl និយាយ​ថា «យើង​អាច​ត្រួត​ពិនិត្យ​អង់តែន​បាន​យ៉ាង​លឿន​ដើម្បី​ឲ្យ​ដឹង​ថា​មាន​សត្វ​នៅ​កន្លែង​ធុង​ចំណី​ណា​មួយ​ឬ​ទេ ។ ការណ៍​នេះ​អនុញ្ញាត​ឲ្យ​យើង​វាស់វែង​ចរិត​ស៊ី​ចំណី​របស់​សត្វ​នីមួយៗ​ដោយ​មិន​ចាំបាច់​រំខាន​ដល់​ពួកវា ។ បន្ទាប់​ទិន្នន័យ​ត្រូវ​បាន​ប្រមូល និង​សង្ខេប យើង​អាច​ប្រាប់​បាន​អំពី​ពេល​វេលា​ដែល​សត្វ​នីមួយៗ​ចំណាយ​នៅ​កន្លែង​ធុង​ចំណី» ។

ប្រព័ន្ធ​តាមដាន​នេះ​ត្រូវ​បាន​រចនា​ឡើង​ដំបូង​សម្រាប់​សត្វ​គោ និង​ត្រូវ​បាន​ទទួល​យក​ប្រើ​ចំពោះ​សត្វ​ជ្រូក​នៅ​ដំណាក់​កាល​លូតលាស់​ចុង​ក្រោយ ។ អង់តែន​ត្រូវ​បាន​ស្រោប​ដោយ​បន្ទះ PVC តម្លើង​នៅ​ផ្នែក​ខាងមុខ​នៃ​ធុង​ចំណី​ជ្រូក​ស្តង់ដារ ចំនួន ៦​ទ្រុង ដែល​ទ្រុង​នីមួយៗ​មាន​ជ្រូក ៤០​ក្បាល ។ ទាំង​ប្រព័ន្ធ​តាមដាន​សម្រាប់​ជ្រូក និង​គោ សុទ្ធ​តែ​វាយ​តម្លៃ​ដោយ​ប្រើ​ម៉ាស៊ីន​ថត​វីដេអូ ដែល​ត្រូវ​បាន​កំណត់​ថា​ខ្លាំង និង​អាច​ជឿជាក់​បាន ។

អ្នកស្រី Tami Brown-Brandl និយាយ​ថា «ប្រព័ន្ធ​តាមដាន​ដែល​មាន​តម្លៃ​ថោក​នេះ​អាច​ផ្ដល់​នូវ​ទិន្នន័យ​ដ៏​ច្រើន​អំពី​ចរិត​ស៊ី​ចំណី ។ យើង​អាច​អាន​អង់តែន​នីមួយៗ​រៀងរាល់ ២០​វិនាទី នៅ​ក្នុង​កន្លែង​របស់​ជ្រូក ហើយ​យើង​កំពុង​តែ​ស្វែងរក​វិធី​ដើម្បី​សង្ខេប​ទិន្នន័យ​ទៅ​ជា​ព័ត៌មាន​ដែល​អាច​បង្ហាញ​ថា​មាន​ប្រយោជន៍​ដល់​អ្នក​ចិញ្ចឹម» ។

ប្រព័ន្ធ​នេះ​ក៏​នឹង​ផ្ដល់​នូវ​ព័ត៌មាន​សម្រាប់​ការ​គ្រប់គ្រង​ដ៏​មាន​តម្លៃ​ដើម្បី​ជា​ជំនួយ​ក្នុង​ការ​ថែទាំ​សត្វ ។ អ្នកវិទ្យាសាស្ត្រ​កំពុង​ស្វែងរក​វិធី​ដើម្បី​កំណត់​អំពី​ការ​ប្រែប្រួល​ប្រចាំ​ថ្ងៃ​ធម្មតា​នៃ​ចរិត​ស៊ី​ចំណី ពេល​វេលា​ចំណាយ​ក្នុង​ការ​ស៊ី​ចំណី ចំនួន​ដង​នៃ​ការ​ស៊ី​ចំណី​ក្នុង​មួយ​ថ្ងៃ និង​ម៉ោង​ពេល​ស៊ី​ចំណី​របស់​សត្វ​នីមួយៗ ។

អ្នកស្រី Tami Brown-Brandl និយាយ​ថា «ប្រសិនបើ​យើង​អាច​កំណត់​ពី​ចរិត​ស៊ី​ចំណី​ធម្មតា​របស់​ជ្រូក​មួយ​ក្បាល យើង​អាច​ប្រើ​ប្រព័ន្ធ​តាមដាន​នេះ​ដើម្បី​ដឹង​ពី​ភាព​មាន​ជំងឺ​នៅ​ពេល​ជ្រូក​មួយ​ក្បាល​នោះ​កាត់​បន្ថយ​ពេល​វេលា​ស៊ី​ចំណី​របស់​វា ។ ប្រសិនបើ​យើង​អាច​កំណត់​អត្តសញ្ញាណ​ជ្រូក​នៅ​ពេល​វា​ឈឺ យើង​អាច​ព្យាបាល​វា​បាន​ឆាប់​រហ័ស ការពារ​បាន​នូវ​ជំងឺ​ធ្ងន់ធ្ងរ» ។

អ្នកវិទ្យសាស្ត្រ​កំពុង​ប្រើប្រាស់​ទិន្នន័យ​ពី​ប្រព័ន្ធ​តាមដាន​នេះ​ដើម្បី​វាយ​តម្លៃ​ពី​ចរិត​ស៊ី​ចំណី​ពាក់ព័ន្ធ​នឹង​អាយុ ភេទ ការ​ឡើង​ទម្ងន់ និង​សុខភាព​របស់​សត្វ ។ ពួកគេ​ក៏​មាន​ផែនការ​កំណត់​ពី​ចំនួន​ទំហំ​ចន្លោះ​ធុង​ចំណី​ដែល​ត្រូវការ​ចាំបាច់​នៅ​ក្នុង​ទ្រុង​នីមួយៗ និង​ថា​តើ​ចន្លោះ​ធុង​ចំណី​បន្ថែម​អាច​ផ្ដល់​នូវ​លទ្ធផល​ដែល​របាយ​ទម្ងន់​ជ្រូក​កាន់​តែ​មាន​ភាព​ស្មើ​គ្នា​រវាង​ទ្រុង​នីមួយៗ​ឬ​ទេ ។ អត្ថបទ​ដោយ Sandra Avant មន្ត្រី​ព័ត៌មាន​នៃ ARS

បកប្រែ​ និង​ផ្សព្វផ្សាយ​ដោយ​មាន​ការ​អនុញ្ញាត​ពី USDA Agricultural Research/July 2013

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in កសិកម្ម, វិទ្យាសាស្ត្រ​ថ្មី and tagged , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s