ឫស្សី​ធ្វើ​ក្លាក់​ដាក់​ឥត​ថ្នាំង គង​ស្គរ​រគាំង​វាយ​មិន​ឮ

ឫស្សី​ធ្វើ​ក្លាក់​ដាក់​ឥត​ថ្នាំង គង​ស្គរ​រគាំង​វាយ​មិន​ឮ សុរិយា​មិន​យក​ជា​ពន្លឺ ជឿ​កាន់​អំពិលអំពែក​សត្វ

អត្ថាធិប្បាយ

សម្លោក​នេះ មាន​ន័យ​ប្រកប​ដោយ​ភាព​អាថ៌កំបាំង ពិបាក​យល់​បន្តិច ។ គឺ​ជា​សម្លោក​បញ្ជាក់​នូវ​ចរិត បែប​បទ អាកប្បកិរិយា​នៃ​មនុស្ស​ភាគ​ច្រើន​នា​សម័យ​សតវត្ស​ទី​១៩ និង​សតវត្ស​ទី​២០ ហើយ​និង​សតវត្ស​បន្តបន្ទាប់​ទៅ​អនាគត ។

ភាគ​គន្លឹះ​សម្រាប់​យល់​ន័យ​របស់​សម្លោក មាន​ដូច​ខាង​ក្រោម ៖

«ក្លាក់» ប្រដាប់​សម្រាប់​ដាក់​វែក សម ស្លាបព្រា និង​ចង្កឹះ ធ្វើ​ពី​បំពង់​ឫស្សី ។ កាល​ពី​ជំនាន់​ដើម ខ្មែរ​យើង​នៅ​ស្រែ​ចម្ការ គេ​យក​បំពង់​ឫស្សី​ប្រវែង​មួយ​សាច់ មក​ធ្វើ​ជា​ក្លាក់ ដោយ​កាត់​ថ្នាំង​ខាងលើ​ចោល ហើយ​គេ​ទុក​ថ្នាំង​ខាងក្រោម គេ​ទុក​ចម្រៀក​ឫស្សី សម្រួច​ចុង ប្រវែង​មួយ​ចំអាម សម្រាប់​ស៊ក​ភ្ជាប់​ទៅ​នឹង​របារ​ជញ្ជាំង​នៅ​ចង្ក្រាន​បាយ​កន្លែង​តម្កល់​វែក និង​សម​ស្លាបព្រា ។

«គង ស្គរ រគាំង» សំដៅ​ទៅ​លើ​អ្នក​ចេះ​ដឹង អ្នក​មាន​វិជ្ជា អ្នក​មាន​វិចារណញ្ញាណ អ្នក​យល់​ខុស​ត្រូវ​ពិត​ប្រាកដ អ្នកប្រាជ្ញ អ្នក​សច្ចនិយម អ្នក​ជាតិនិយម ។

«សុរិយា» ព្រះអាទិត្យ ។ ក្នុង​ទី​នេះ សំដៅ​ទៅ​លើ​អ្វី​ដែល​ជា​ពន្លឺ​ពិត​ប្រាកដ អ្វី​ដែល​ជា​សាច់ការ ឬ​ខ្លឹមសារ វិជ្ជា​អ្វី​ដែល​ត្រឹមត្រូវ (មិន​បន្លំ មិន​ឆ្ពិន​ភ្នែក) ។

«អំពិលអំពែក» សំដៅ​ទៅ​លើ​មនុស្ស​បាតផ្សារ មនុស្ស​ឥត​ចំណេះ ពាល ឃោរឃៅ មនុស្ស​ប៉ោត មនុស្ស​ក្អេង មនុស្ស​កញ្ជើ​ធ្លុះ មនុស្ស​ឆ្អិន​ក្បាល​ស៊ី​ក្បាល ឆ្អិន​កន្ទុយ​ស៊ី​កន្ទុយ មនុស្ស​ខ្វះ​សីលធម៌ មនុស្ស​ល្មោភ​អំណាច ។ល។

តាម​សម្លោក​នេះ ចាប់​ពី​សតវត្ស​ទី​១៩ មក​ដល់​ឥឡូវ មាន​ការ​ប្រែប្រួល​ធំ​នៅ​ក្នុង​សង្គម​មនុស្ស ជាពិសេស​ក្នុង​សង្គម​ខ្មែរ​យើង​នេះ​តែ​ម្ដង ។ គេ​ចេះ​ធ្វើ​ក្លាក់ (ពាក្យ​ឧបមា) ដូច​មនុស្ស​ជំនាន់​ដើម​ដែរ ប៉ុន្តែ​ក្លាក់​សម័យ​គេ​នេះ ឥត​មាន​ថ្នាំង​សម្រាប់​ទ្រ​សម​ស្លាបព្រា កុំ​ឲ្យ​វា​រុះ​ទៅ​ដី​ដូច​សម័យ​មុន​នោះ​ឡើយ ។ ម្ល៉ោះ​ហើយ​ក្លាក់​របស់​សម័យ​នេះ កាល​ណា​ដាក់​អ្វី​ចូល​ទៅ ក៏​រុះ​ជ្រុះ​របូត​ទៅ​ដី បាត់បង់​គ្មាន​សល់​អ្វី​ឡើយ ។

ក្លាក់​គឺ​ជា​តួ​មនុស្ស ឯ​ថ្នាំង​គឺ​ចំណេះដឹង​គ្រប់​យ៉ាង ជា​វិចារណញ្ញាណ​សម្រាប់​ទប់ ឬ​រក្សា​ទុក​នូវ​អ្វីៗ​ដែល​សំខាន់​របស់​ជីវិត​ឲ្យ​បាន​យូរ​អង្វែង​ត​ទៅ ។

មនុស្ស​អភ័ព្វ​ឥត​វិជ្ជា ខ្វះ​វិចារណញ្ញាណ ខ្វះ​ប្រាជ្ញា សម្រាប់​ពិចារណា​ទៅ​លើ​ហេតុ​ផល​ដែល​នឹង​អាច​កើត​មាន​ឡើង​ពី​អំពើ​ដែល​ខ្លួន​ធ្វើ រួច​ឡើង​ធ្វើ​ជា​អ្នក​ដឹកនាំ​ប្រទេស​… តើ​ដឹកនាំ​បែប​ណា ? សំដៅ​ទៅ​ទិស​ណា ? តើ​អាច​ប្រឈម​ជាមួយ​អ្នក​ជិតខាង​ដែល​តែង​មាន​គំនិត​កេង​យក​ប្រយោជន៍ ជញ្ជក់​ឈាម​ពី​យើង​បាន​ដែរ​ឬ​ទេ ?

«គង ស្គរ រគាំង វាយ​លែង​ឮ» មាន​ន័យ​ថា អ្នក​ចេះ​ដឹង​ទាំង​ប៉ុន្មាន​លែង​មាន​តម្លៃ​… គ្មាន​អ្នកណា​ស្ដាប់​… គ្មាន​អ្នក​ណា​គោរព​… គេ​លែង​ជឿ​… គេ​យក​ទៅ​ទុក​មួយ​ដុំ មិន​ឲ្យ​ធ្វើ​សកម្មភាព​អ្វី​ទាំងអស់ ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ ពួក «អំពិលអំពែក» ក៏​ឡើង​សោយរាជ្យ កកូរ​កកាយ លក់​ទ្រព្យ​សម្បត្តិ​ជាតិ ចែក​លុយ​គ្នា​ចាយ ដល់​នូវ​ក្ដី​ហីនហោច​ខ្លោចផ្សា រលំរលាយ កើត​មាន​ចោរកម្ម និង​ទុរភិក្ស​ពេញ​នគរ មនុស្ស​អស់​សីលធម៌ ម្នាក់ៗ​ត្រដរ​រស់ លែង​ខ្វល់​ពី​រឿង​ខុស​ត្រូវ ឬ​គុណ​ទោស ត្រូវ​តាម​ពាក្យ​របស់​អ្នកប្រាជ្ញ​ដែល​ចែង​ថា «ផ្គរ​លាន់​ឯ​បូណ៌​សូរ​កណ្ដុក អ្នក​តា​ចាស់​ស្រុក​ឱប​ដៃ​យំ កំពឹស​ឡើង​ពង​លើ​កំពូល​ភ្នំ ក្អែក​ស​សន្ធំ​ក្នុង​គុម្ព​ត្រែង» ។

ដោយ ម៉ែន រៀម សៀវភៅ​រសជាតិ​ភាសា​ខ្មែរ

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in ឃ្លាំង​គំនិត. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s