ល្បិច​ចៅក្រម ឬ ច្បាប់​ព្រះជ័យចេស្ដា

«ល្បិច​ចៅក្រម» ល្បិច​របស់​ចៅក្រម​អ្នក​ជំនុំ​ជម្រះ​ក្តី ។ ក្នុង​សតវត្សរ៍​ទី​២៣ នៃ​ពុទ្ធសករាជ ត្រូវ​គ្នា​នឹង​សតវត្សរ៍​ទី​១៧ នៃ​គ្រិស្តសករាជ ព្រះ​បាទ​សម្ដេច​ព្រះ​ជ័យចេស្ដា​ព្រះ​មហាក្សត្រិយ៍​នៃ​ប្រទេស​កម្ពុជា ទ្រង់​មាន​ព្រះ​រាជ​បញ្ជា​ឲ្យ​ពួក​បណ្ឌិត​រៀបចំ​របៀប​ជា​ល្បិច​នៃ​ចៅក្រម​ អ្នក​ជំនុំ​ជម្រះ​ក្ដី ឲ្យ​បាន​ទៀងទាត់​តាម​សុចរិត​យុត្តិធម៌ ឲ្យ​ងាយ​ពិនិត្យ​ ពិភាក្សា​រក​ការណ៍​ពិត ដោយ​ល្បិច ៤ យ៉ាង ដែល​ហៅ​ជា​ពាក្យ បាលី​សន្មត ថា «មន្ទលេន សេនបទ មណ្ឌុកដ សីហលោ» ។ ល្បិច​ចៅក្រម​ទាំង​បួន​យ៉ាង​នេះ មាន​សេចក្ដី​អធិប្បាយ​ថា ៖

១. មន្ទលេន

«មន្ទលេន» (មន់-ទៈលេន) ន. (បា. ស. មន្ទទន់, ទន់ភ្លន់, ស្រទន់; សន្សឹម​ៗ; តិច+ លេន សន្ទុះ, ល្បឿន; ការ​ស្ទាប​ស្ទង់”)

ល្បិច​ឈ្មោះ មន្ទលេន នេះ​មាន​អត្ថន័យ​ថា ចៅក្រម​ត្រូវ​ពិចារណា​នូវ​អធិករណ៍ គឺ​រឿង​ក្តី តាម​ពាក្យ​ចោទ​និង​ឆ្លើយ ដែល​ស្ទាប​ស្ទង់​ឃើញ​ថា មុន​បង្អស់​មិន​គួរ​កញ្ឆក់កញ្ឆែង​ទេ ក៏​ប្រើ​ល្បិច​សុភាព​ ទន់ភ្លន់​សន្សឹម​ៗ ប្រៀប​ប្រដូច​នឹង​ទឹក​ដែល​ហូរ​រិញៗ​មិន​ហូរ​គំហុក​ខ្លាំង ហូរ​ធ្លាក់​ចុះ​ទៅ​ក្នុង​ស្រះ​ឬ​ត្រពាំង ដក់​បាន​ជា​ទឹក​ពេញ​ទី​នោះ​គួរ​ដល់​ការ​ប្រើប្រាស់​បាន​ដូច្នោះ​ឯង ។ បើ​ចៅក្រម​ប្រើ​ល្បិច​នេះ​ទៅ​ឃើញ​ការណ៍​ពិត​សព្វ​គ្រប់​ហើយ ក៏​សម្រេច​សេចក្ដី​ឲ្យ​អធិករណ៍​នោះ​ចប់​ស្រេច​ដោយ​ប្រពៃ​បាន​ត្រឹម​ប៉ុណ្ណោះ​ទៅ ។

២. សេនបទ

«សេនបទ» (សេន៉ៈបត់ ឬ សែន៉ៈបត់) ន. (បា. សេនសត្វ​ខ្លែង+ បទដំណើរ; ផ្លូវ, គន្លង; ហេតុ; ឧបាយ; …”; សំ. ឝ្យេន + បទ)

ល្បិច​ឈ្មោះ សេនបទ នេះ​មាន​អត្ថន័យ​ថា ចៅក្រម​ត្រូវ​ពិនិត្យ​ពិចារណា​នូវ​រឿង​ក្តី​តាម​ពាក្យ​ចោទ​និង​ចម្លើយ ដោយ​ប្រើ​ល្បិច​ស្ទាប​ស្ទង់​មើល យក​តម្រាប់​សត្វ​ខ្លែង​ដែល​វា​ឆាប​អ្វីៗ​មាន​កូន​មាន់​ជាដើម​ជា​ចំណី​របស់​វា, ធម្មតា​សត្វ​ខ្លែង​ មុន​នឹង​ឆាប​កូន​មាន់​ជាដើម វា​ត្រូវ​ហើរ​រេរាៗ​កេលកុង​ស្ទង់​មើល​សិន បើ​លុះ​តែ​ឃើញ​មាន​ទំនង​ឱកាស​ល្មម​ឆាប​ឆក់​បាន​ ទើប​វា​សម្លប​ស្លាប​ឆាប​ចុះ​ហើយ​វា​ហើរ​ប៉េវ​ឡើង​ទៅ; បើ​ចៅក្រម​យល់​ឃើញ​ថា ត្រូវ​ប្រើ​ល្បិច​រិះ​រេ​បែប​សត្វ​ខ្លែង ហើយ​គ្រញិច​សម្រេច​សេចក្ដី​ឲ្យ​អធិករណ៍​បាន​ចប់​ដោយ​សុចរិត​យុត្តិធម៌​ហើយ ក៏​ទុក​ជា​ស្រេច​ត្រឹម​ប៉ុណ្ណោះ​ទៅ ។

៣. មណ្ឌុកដ

«មណ្ឌុកដ» (ម័ន-ឌុកត់ ឬ មន់–) ន. (បា. មណ្ឌុកមណ្ឌូកកង្កែប+ កត > កដដែល​ធ្វើ​ គឺ​ការ​លោត”)

ល្បិច​ ឈ្មោះ មណ្ឌុកដ នេះ​មាន​អត្ថន័យ​ថា ចៅក្រម​ត្រូវ​ពិនិត្យ​ពិចារណា​នូវ​អធិករណ៍​តាម​ពាក្យ​ចោទ​និង​ចម្លើយ ដែល​លៃ​ស្ទង់​មើល​ឃើញ​ថា រឿង​នេះ​ត្រូវ​ប្រតិបត្តិ​តាម​តម្រាប់​កង្កែប​លោត, ធម្មតា​កង្កែប វា​មិន​លោត​ឥត​ឈប់​បង្អង់​សោះ​ទេ, វា​តែង​តែ​លោត​ផ្លោតៗ ហើយ​ឈប់​បង្អង់​ម្តងៗ​បន្តិចៗ​ហើយ​ទើប​វា​លោត​ផ្លោតៗ​តៗ​ទៅ​ទៀត, ចៅក្រម​ក៏​ត្រូវ​ធ្វើ​យ៉ាង​នោះ​ដែរ គឺ​ត្រូវ​ស្ទាប​ស្ទង់​មើល កុំ​ប្រញាប់​ប្រញាល់​រួសរាន់​ពេក, បើ​អធិករណ៍​ហុច​ដំណើរ​ឲ្យ​មក​ឃើញ​ថា​គួរ​វិនិច្ឆ័យ​បាន​ហើយ​ សឹម​សម្រេច​សេចក្ដី​ឲ្យ​រឿង​នោះ​ចប់​ស្រេច ដោយ​សុចរិត​ យុត្តិធម៌​ត្រឹម​ប៉ុណ្ណោះ​ទៅ ។

៤. សីហលោ

«សីហលោ» (សីហៈលោ) ន. (បា. សីហសត្វ​សីហៈ+ លោ < លាកាត់, កាត់​ផ្តាច់; កាន់, កាន់​យក” ជា បា. ស. ថា សីហលោ)

ល្បិច​ឈ្មោះ សីហលោ នេះ​មាន​អត្ថន័យ​ថា កាល​បើ​ចៅក្រម​ពិនិត្យ​ពិចារណា​ឃើញ​រឿង​នោះ​មាន​ព័ស្តុតាង​ច្បាស់​ក្រឡែត មិន​គួរ​ឲ្យ​សង្ស័យ​ទេ ប៉ុន្តែ​បុគ្គល​អ្នក​ជាប់​ចោទ​ អង់អាច​របឹងរបាញ​ក្អេងក្អាង​ហួស​ហេតុ​ពេក មិន​ព្រម​ទទួល​សារភាព​តាម​ការណ៍​ពិត​សោះ ចៅក្រម​ត្រូវ​ប្រើ​អាការ​គំរាម​សម្លុត​តាម​មាត្រា​ច្បាប់ ឲ្យ​បុគ្គល​នោះ​ស្លុត​គាំង​កឿង​ក្រទាំង​ហើយ​ឆ្លើយ​ឲ្យ​ការណ៍​តាម​ពិត​ត្រង់ ដោយ​ចៅក្រម​យក​តម្រាប់​តាម​សីហៈ ដែល​វា​បន្លឺ​សីហនាទ ស្រែក​សន្ធាប់​ម្រឹគ​ហើយ​វា​ខាំ​សម្លាប់​យក​ជា​ចំណី​វា​ដូច្នោះ​ដែរ ហើយ​ចៅក្រម​វិនិច្ឆ័យ​សម្រេច​សេចក្ដី ដោយ​សុចរិត​យុត្តិធម៌ ឲ្យ​ចប់​ស្រេច​ត្រឹម​ប៉ុណ្ណោះ​ទៅ ។

ល្បិច​ចៅក្រម​ទាំង យ៉ាង​នេះ ហៅ​ថា ល្បិច​ព្រះ​ជ័យចេស្តាច្បាប់​ព្រះ​ជ័យចេស្តា ។ កាល​ពី​ដើម យើង​ពុំ​បាន​ឃើញ​ច្បាប់​ដើម ក៏​ចេះ​តែ​អាន​ខុស​ខ្លះ លុះ​យើង​ស្រាវជ្រាវ​ឃើញ​សាស្រ្តា​ស្លឹក​រឹត​ចាស់​ខ្មៅ​ជា​ច្បាប់​ដើម​ទើប​យើង​ស្រង់​យក​មក​ចុះ​ក្នុង​វចនានុក្រម​ខ្មែរ​នេះ ដោយ​ត្រឹមត្រូវ​ហើយ ។ កាព្យ​សម្រាប់​ឲ្យ​ងាយ​ចាំ​ល្បិច​ចៅក្រម ៖

មន្ទលេន-សេនបទ ទាំង​មណ្ឌុកដ និង​សីហលោ ទាំង​បួន​នេះ​ជា រាជោ​វាទោ នៃ​ក្សត្រិយ៍​សេដ្ឋោ ព្រះ​ជ័យចេស្ដា ។ មហា​ក្សត្រិយ៍​ខ្មែរ​យើង ស្ដេច​មាន​ឫទ្ធិ៍​ថ្កើង ទ្រង់​បាន​ប្រាប្ដា- ភិសេក​ហើយ​ស្រេច ស្តេច​ទ្រង់​បញ្ជា ឲ្យ​ប្រាជ្ញ​ព្រឹទ្ធា តែង​ល្បិច​ចៅក្រម ។ ជា​ពាក្យ​បាលី សន្មត​សេចក្ដី ដោយ​ការ​ផ្សែផ្សំ​ ក្រឹត្យ​ទុក​ជា​ច្បាប់ សម្រាប់​ចៅក្រម កាត់​ក្តី​ឲ្យ​សម នឹង​យុត្តិធម៌ ។

មិនមែន​សម្រាប់​តែ​ចៅក្រម​គ្រហស្ថ​ទេ ទោះ​ទាំង​ចៅក្រម​បព្វជិត ក៏​គួរ​ប្រើ​ល្បិច​ចៅក្រម​ទាំង ៤ យ៉ាង​នេះ​បាន​ដែរ ៕

ដក​ស្រង់​ពី​វចនានុក្រម​ខ្មែរ​អេឡិចត្រូនិក កំណែ ២.១

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in ចំណេះ​ធ្វើ, វាក្យសព្ទខ្មែរ, អរិយធម៌​ខ្មែរ. Bookmark the permalink.

2 Responses to ល្បិច​ចៅក្រម ឬ ច្បាប់​ព្រះជ័យចេស្ដា

  1. យាន សំណាង says:

    ពីមុនធ្លាប់បានទាញយកបញ្ជីឈ្មោះភូមិឃុំស្រុកខេត្តក្រុងខ្មែរ ប៉ុន្តែនៅសល់ខេត្តតាកែវមួយដែលមិនទាន់បានទាញយក។ ឥឡូវចង់ទាញយកសារជាថ្មី តែមិនដឹងថានៅប្រកាសណាមួយទេ។ សូមជួយណែនាំផង!

  2. សូម​ចូល​ទៅ​តំណភ្ជាប់​ខាងក្រោម​នេះ
    https://choukhmer.wordpress.com/2009/02/09/new-admin-mgt-and-village-gazetteer-of-cambodia/

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s