ខ្មែរក្រហម និង​ណាហ្ស៊ី​មិន​អាច​ប្រៀបធៀប​គ្នា​បាន​ទេ


នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​បណ្ឌិត ហែលម៉ាត ប៊ឺក មន្ត្រី​សម្របសម្រួល និង​ជា​កិច្ចការ​សាធារណៈ​របស់​វិទ្យាស្ថាន​មីក្រូហិរញ្ញវត្ថុ អយកូ​ក្រេឌីត មាន​មូលដ្ឋាន​នៅ​ប្រទេស​អូទ្រីស អំពី​ទស្សនវិស័យ​នៃ​ប្រវត្តិ​អតីតកាល​ភ្ជាប់​ទៅ​នឹង​បច្ចុប្បន្នភាព​នៅ​ប្រទេស​កម្ពុជា ។ បណ្ឌិត ហែលម៉ាត ប៊ឺក គឺជា​អ្នក​ធ្វើ​បទ​សម្ភាសន៍ ។

សំណួរ ៖ ការ​បោះឆ្នោត​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ។ មាន​ការ​រៀបចំ​ធ្វើ​បាតុកម្ម​ដ៏​ធំ​មួយ​នៅ​ទីក្រុង​ភ្នំពេញ​ដឹកនាំ​ដោយ​អ្នក​រស់រាន​មានជីវិត​ម្នាក់​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ ។ វា​ហាក់បី​ដូចជា​ថា គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​បង្ហាញ​នូវ​ចំណាប់​អារម្មណ៍​ក្នុង​ការ​ក្រើន​រំឭក​ប្រជាជន​កម្ពុជា​អំពី​អតីតកាល​របស់​ខ្លួន ។ តើ​នេះ​គឺជា​ខ្លឹមសារ​នៃ​យុទ្ធនាការ​បោះឆ្នោត​ឬ ? តើ​លោក​យល់​ឃើញ​ដូច​ម្តេច​ចំពោះ​បញ្ហា​នេះ ?

ចម្លើយ ៖ អតីតកាល​មិនមែន​គ្រាន់តែ​ជា​ខ្លឹមសារ​នៃ​ការ​បោះឆ្នោត​នោះ​ទេ ។ អតីតកាល​គឺជា​ខ្លឹមសារ​របស់​ជាតិ ដែល​ជា​រឿយៗ​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​យក​ធ្វើ​ជា​បញ្ហា​នយោបាយ ។ ទន្ទឹម​ពេល​នេះ ក៏​ជា​ការ​សំខាន់​សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ចង​ចាំ​រឿងរ៉ាវ​ពី​អតីតកាល ហើយ​រក្សា​ពាក្យ​សម្បថ​ក្នុង​ការ​អប់រំ​មនុស្ស​ជំនាន់​ក្រោយ​អំពី​រឿងហេតុ និង​មូលហេតុ​នូវ​អ្វី​ដែល​បាន​កើតឡើង យើង​ក៏​មិន​ត្រូវ​ឱ្យ​អតីតកាល​ត្រួសត្រាយ​ផ្លូវ​សម្រាប់​បច្ចុប្បន្នភាព​ឡើយ ។ អ្នក​រួច​រស់​មាន​ជីវិត​បាន​ឆ្លងកាត់​របប​ប្រល័យ​ពូជសាសន៍​រួច​ទៅ​ហើយ ។ ហេតុនេះ វា​មិនមែន​ជា​រឿង​ត្រឹមត្រូវ​សោះ​ដែល​ត្រូវ​រំឭក​ពី​អំពើ​ប្រល័យពូជសាសន៍​ម្តង​ហើយ​ម្តង​ទៀត​ដើម្បី​ធ្វើ​ឱ្យ​ទស្សនវិស័យ​ណា​មួយ​ត្រឹមត្រូវ​ ឬ​ធ្វើ​ឱ្យ​ការ​បង្គាប់​បញ្ជា​នយោបាយ​ឱ្យ​មាន​លក្ខណៈ​ស្របច្បាប់​នោះ ។ វា​ក៏​មិន​ត្រឹមត្រូវ​ដែរ​ក្នុង​ការ​ដែល​សន្មត​ថា មនុស្ស​តែ​ម្នាក់​គណបក្ស​តែ​មួយ រដ្ឋាភិបាល​តែ​មួយ ឬ​ក្រុម​តែ​មួយ​អាច​ជួយ​ប្រទេស​មួយ​បាន​នោះ ។ ប្រទេស​ជា​ច្រើន​លើ​លោក​នេះ​ត្រូវ​បាន​ស្រោចស្រង់​តាម​ការ​លះបង់​តាម​រយៈ​ក្តី​សង្ឃឹម និង​តាម​រយៈ​ភាព​មិន​ចេះ​ទ្រុឌទ្រោម​នៃ​កត្តា​ជា​ច្រើន ហើយ​មនុស្ស​គ្រប់​រូប​គួរតែ​ទទួលស្គាល់​នូវ​ភាព​គ្រោះថ្នាក់ ប្រសិនបើ​ខ្លួន​កំណត់​ថា គណបក្ស​តែ​មួយ រដ្ឋាភិបាល​តែ​មួយ ឬ​ក្រុម​តែ​មួយ គឺជា​មូលដ្ឋាន​ស្នូល​ក្នុង​ការ​បង្កើត​ភាព​ថ្កើងថ្កាន និង​សន្តិភាព​ក្នុង​ប្រទេស​ក្រោយ​ជម្លោះ ។ ប្រជាជន​កម្ពុជា​គឺជា​ប្រជាជន​ស្លូតត្រង់​ដែល​សាំ​ទៅ​នឹង​ការ​គោរព ការ​បូជា ការ​ដឹងគុណ​ដល់​អ្នក​ដែល​ជួយ​ខ្លួន ។ សម្រាប់​ហេតុផល​តែ​ឯកឯង​នេះ យើង​គួរតែ​លះបង់​កម្លាំង​កាយ​ដើម្បី​គាំទ្រ​គោលនយោបាយ ជា​ជាង​គាំទ្រ​មនុស្ស និង​គាំទ្រ​ដំណើរការ​របស់​ស្ថាប័ន​ណា​មួយ ជា​ជាង​គាំទ្រ​គណបក្ស​នយោបាយ​ ពីព្រោះ​គោលនយោបាយ និង​ដំណើរការ​ដែល​ធានា​អនាគត​របស់​សង្គម ។ មេដឹកនាំ​មិន​អាច​ដឹកនាំ​ជា​រៀង​រហូត​នោះ​ឡើយ ។ គណបក្ស​នយោបាយ​ទាំងអស់​នៅ​តែ​បណ្តុះ​គ្រាប់ពូជ​មនោគមវិជ្ជា «អាត្មា​និយម» ។ ការ​ស្វែងរក​ការ​ពិត​មិន​គួរ​ធ្វើ​ឱ្យ​ទៅ​ជា​រឿង​នយោបាយ ហើយ​ជន​រង​គ្រោះ​សម​តែ​មាន​ការ​រួបរួម​គ្នា ។ នេះ​គឺជា​ហេតុផល​ដែល​ខ្ញុំ​គាំទ្រ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​សាលាក្ដី​ខ្មែរក្រហម​ពីព្រោះ​វា​ជា​វិធីសាស្ត្រ​មួយ​ដ៏​សំខាន់​បំផុត ក្នុង​ចំណោម​វិធីសាស្ត្រ​ផ្សេង​ក្នុង​ការ​បង្រួបបង្រួម​ជន​រង​គ្រោះ ។

សំណួរ ៖តើ​ជា​ធម្មតា អ្នកនយោបាយ​មាន​និន្នាការ​និយាយ​សំដៅ​ទៅ​រក​អតីតកាល ឬ​ក៏​មិន​មែន​ទេ ? តើ​នេះ​អាច​ក្លាយជា​ឱកាស​មួយ​ដើម្បី​ដោះស្រាយ​ជាមួយនឹង​អតីតកាល ឬ​ជា​ឱកាស​ដើម្បី​រៀនសូត្រ​ដោះស្រាយ​ជាមួយ​នឹង​បទពិសោធ​ឈឺ​ចាប់ ?

ចម្លើយ ៖ ជា​ធម្មតា​អ្នកនយោបាយ​និយាយ​សំដៅ​ទៅ​រក​អតីតកាល ប្រសិនបើ​មិន​ដោយ​ផ្ទាល់​ក៏​ដោយ ក៏​យ៉ាង​ហោច​ណាស់​តាម​រយៈ​ការ​ស្នើ​ជា​យោបល់ ។ ពិតប្រាកដ​ណាស់ នយោបាយ​ និង​ប្រវត្តិសាស្ត្រ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​ ពីព្រោះ​ការ​និយាយ​អំពី​បញ្ហា​មួយ​ចៀស​មិន​ផុត​ពី​ការ​បកស្រាយ​បញ្ហា​មួយ​ទៀត​ឡើយ ។ ប៉ុន្តែ​ការ​និយាយ​សំដៅ​ទៅ​រក​អតីតកាល​មិន​មែន​ត្រូវ​តែ​សង្កត់ធ្ងន់​លើ​បក្ខពួក​និយម ឬ​ការ​បែកបាក់​ឡើយ ។ យើង​អាច​ប្រើ​អតីតកាល​ដើម្បី​បង្រួបបង្រួម​មនុស្ស និង​ជំរុញ​ដល់​ដំណើរការ​ដែល​អាច​ធ្វើ​ឱ្យ​ទស្សនវិស័យ​វែង​ឆ្ងាយ​ចេញ​ជា​រូបរាង​ឡើង ។ ប្រវត្តិសាស្ត្រ​ត្រូវ​តែ​ជា​ចំណុច​ចាប់ផ្តើម​ដែល​ត្រូវ​យក​មក​និយាយ​សម្រាប់​ការ​កសាង​សង្គម​ដែល​ងើប​ចេញពី​ជម្លោះ ហើយ​វា​ជា​ការ​ចាំបាច់​ដែល​អ្នក​នយោបាយ​ហៅ​អតីតកាល​ថា​ជា​ផ្នែក​មួយ​នៃ​ទស្សនវិស័យ​របស់​ខ្លួន ។ ពិតប្រាកដ​ណាស់ សង្គម​មួយ​ស្ទើរតែ​មិន​អាច​ដោះស្រាយ​បញ្ហា​នា​ពេល​បច្ចុប្បន្ន​បាន​ទេ ប្រសិនបើ​សង្គម​នោះ​មិន​អាច សូម្បី​តែ​អនុញ្ញាត​ឱ្យ​មាន​ការ​ពិភាក្សា​ដោយ​ស្មោះត្រង់​មួយ​លើ​បញ្ហា​អតីតកាល​ផង​នោះ ។ ប៉ុន្តែ អតីតកាល​គឺជា​ផ្នែក​តែ​មួយ​គត់​នៃ​យុត្តិធម៌​អន្តរកាល ហើយ​ប្រទេស​ជាតិ​មិន​ត្រូវ​មើល​ឃើញ​ខ្លួនឯង​ថា​ជា​ជន​រង​គ្រោះ​ជា​រៀង​រហូត​នោះ​ទេ ។ ពិតប្រាកដ​ណាស់ ការ​ប៉ះពាល់​ផ្លូវចិត្ត គឺជា​ស្រមោល​នៃ​សង្គម​ដែល​ទើប​ងើប​ចេញ​ពី​ជម្លោះ ។ វា​បាន​ធ្វើ​ឱ្យ​សង្គម​ដែល​ងើប​ចេញ​ពី​ជម្លោះ​មើល​ឃើញ​ពិភពលោក​តែ​ពណ៌​ខ្មៅ និង​ស ។ វា​ជា​រឿង​ធម្មតា​ដែល​ប្រទេស​ទាំងនោះ​ជួប​ប្រទះ​នូវ​កំហឹង ភាព​អស់​សង្ឃឹម ការ​សងសឹក និង​ការ​នៅ​ដាច់​ឆ្ងាយ​ពី​គេឯង ។ ដោយសារ​ហេតុផល​នេះ យើង​អាច​និយាយ​បាន​ថា បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​លំបាក​បំផុត​របស់​ប្រទេស​ដែល​ទើបតែ​ងើប​ចេញពី​ជម្លោះ​គឺ​បញ្ហា​តុល្យភាព ។ វា​ជា​ការ​លំបាក​ណាស់​សម្រាប់​ជន​រង​គ្រោះ​ដែល​មើល​ឃើញ​អតីតកាល​ជា​ការ​ប៉ះទង្គិច​ផ្លូវចិត្ត នៅ​ពេល​ដែល​ជន​រង​គ្រោះ​ទាំងនោះ​បាន​ឃើញ​អ្នក​ជា​ទីស្រលាញ់​របស់​ខ្លួន​ត្រូវ​បាន​សម្លាប់ ។ ចំណែក​ជន​ដៃដល់​វិញ​មាន​ភាព​អាម៉ាស់ ហើយ​ក្នុង​ករណី​ខ្លះ​មាន​ទស្សនៈ​ខុសឆ្គង​ព្រោះតែ​ជន​ដៃដល់​ទាំងនោះ​គិត​ថា​ខ្លួន​មិន​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​មនុស្ស​ជាតិ ។ ប្រការ​នេះ​ហើយ​ដែល​ជា​ការ​សំខាន់​ណាស់​ក្នុង​ការ​បង្កើត​ដំណើរការ​ទាំងឡាយ ។ ការ​ជជែក​ពិភាក្សា ការ​អប់រំ និង​ទិដ្ឋភាព​ដែល​ធ្លាប់​កើត​ឡើង ដែល​ជា​ផែនការ​សម្រាប់​អនាគត ត្រូវ​តែ​ធ្វើ​ឱ្យ​មាន​តុល្យភាព​រវាង​ការ​ជំរុញ​ការ​យល់​ដឹង​របស់​យើង​ទៅ​នឹង​ការ​យល់​ឃើញ​ថា​ពិភពលោក​មាន​ពណ៌​ខ្មៅ ឬ​ពណ៌​ស ។

សំណួរ ៖ ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​សព្វថ្ងៃ តើ​មនុស្ស​ដែល​ដើរ​តួនាទី​នៅ​ក្នុង​របប​ខ្មែរក្រហម​នៅ​តែ​ក្ដោបក្ដាប់​អំណាច​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ​ឬ ? ប្រសិនបើ​មាន​មែន តើ​លោក​និង​ប្រជាជន​ដទៃ​មាន​អារម្មណ៍​បែប​ណា ? ខ្ញុំ​សួរ​សំណួរ​បែប​នេះ​ដោយសារ​បញ្ហា​បែប​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​អូទ្រីស និង​ប្រទេស​អាល្លឺម៉ង់​បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី​២ ។ ចៅក្រម វេជ្ជបណ្ឌិត អ្នក​វិទ្យាសាស្ត្រ និង​អ្នកនយោបាយ​មួយ​ចំនួន​អាច​បិទ​បាំង​អតីតកាល​របស់​ខ្លួន​បាន ហើយ​រដ្ឋាភិបាល​ថ្មី​ត្រូវការ​អ្នក​ទាំងនោះ​ដដែល​ដោយសារ​តែ​រដ្ឋាភិបាល​ថ្មី​ត្រូវការ​អ្នកជំនាញ ។

ចម្លើយ ៖ ប្រទេស​កម្ពុជា​មិន​ខុស​អ្វី​ពី​ប្រទេស​ផ្សេង​ទៀត​ដែល​ងើប​ចេញ​ពី​ជម្លោះ​ឡើយ ។ ក្នុង​ន័យ​នេះ​មាន​អតីត​ខ្មែរក្រហម​នៅ​ក្នុង​គ្រប់​សរសៃឈាម​សង្គម​ទាំងអស់ ចាប់​តាំង​ពី​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល រហូត​ដល់​ស្ថាប័ន​សាសនា និង​ប្រជាជន​សាមញ្ញ​នៅ​តាម​មូលដ្ឋាន ។ ប្រជាជន​កម្ពុជា​ស្គាល់​យ៉ាង​ច្បាស់​អំពី​បញ្ហា​នេះ ហើយ​ដោយ​សារ​ហេតុផល​នេះ​ដែល​ជា​ការ​សំខាន់​ក្នុង​ការ​បង្កើត​ដំណើរការ​ស្វែងរក​យុត្តិធម៌ ។ តាម​រយៈ​ការ​នាំ​យក​យុត្តិធម៌​ជូន​ជន​រងគ្រោះ សាលាក្ដី​ខ្មែរក្រហម​នឹង​ជួយ​បញ្ចប់​នូវ​ប្រវត្តិសាស្ត្រ​ដ៏​គួរ​ឱ្យ​ភ័យ​ខ្លាច​នេះ ហើយ​អនុញ្ញាត​ឱ្យ​សង្គម​ធ្វើ​ដំណើរ​ទៅ​មុខ ។

សំណួរ ៖ ដំណើរការ​ស្វែងរក​ការ​ពិត​ដោយ​ឯករាជ្យ​របស់​លោក​ឈរ​ក្រោម​ពាក្យស្លោក «ការ​ចង​ចាំ​និង​យុត្តិធម៌» ។ មនុស្ស​ជា​ច្រើន​មាន​បំណង​លុប​បំបាត់​ចោល​បទ​ពិសោធ​ឈឺចាប់​របស់​ខ្លួន ។ តើ​មាន​អ្វី​មួយ​ដែល​អាច​ត្រូវ​បាន​ហៅ​ថា​ជា​សិល្បៈ​នៃ​ការ​លើកលែង​ទេ ? តើ​អ្នក​យល់​ឃើញ​យ៉ាង​ដូចម្តេច​ចំពោះ​បញ្ហា​នេះ ?

ចម្លើយ ៖ គួរតែ​ប្រើ​ពាក្យ​វិទ្យាសាស្ត្រ​នៃ​ការ​លើកលែង​វិញ​ទើប​ត្រូវ​ជាង​ ពីព្រោះ​វា​មិន​មាន​សិល្បៈ​សម្រាប់​ដំណើរការ​នេះ​ទេ ។ ស្រប​ពេល​ដែល​ស្នាម​របួស​នោះ អាច​ជា​ស្នាម​របួស​ផ្លូវចិត្ត ស្នាម​របួស​ទាំងនោះ​មិន​មាន​ទំនាក់ទំនង​ទៅ​នឹង​ការ​រក​រោគ​វិនិច្ឆ័យ​ និង​ព្យាបាល​តាម​ផ្លូវ​វិទ្យាសាស្ត្រ​ឡើយ ។ ការ​ស្វែងរក​ការ​ពិត​របស់ខ្ញុំ​ផ្អែក​លើ​ពាក្យ​ស្លោក​ការ​ចង​ចាំ និង​យុត្តិធម៌​ ដែល​ជា​ទស្សនៈ​សំអាង​លើ​ដំណើរការ​ព្យាបាល​ស្នាម​របួស ។ ការ​ចង​ចាំ​សំដៅ​ទៅ​លើ​ការ​អប់រំ ហើយ​យុត្តិធម៌​សំដៅ​ទៅ​រក​ការ​ស្រាវជ្រាវ ។ ការ​ចង​ចាំ​មិន​មែន​នៅ​ទ្រឹង​តែ​មួយ​កន្លែង​ទេ តែ​វា​ត្រូវ​តែ​ឆ្លុះ​បញ្ចាំង​អំពី​ដំណើរការ​ឋិតថេរ​នៃ​ការ​បង្រៀន​អំពី​អ្វី​ដែល​យើង​ដឹង​អំពី​ប្រវត្តិសាស្ត្រ​ដល់​មនុស្ស​ជំនាន់​ក្រោយ ដូច្នេះ​ហើយ​ប្រវត្តិសាស្ត្រ​មិន​អាច​ត្រូវ​បាន​បំភ្លេច​ឡើយ ។ ការ​អប់រំ​ក្លាយជា​ដំណើរការ​នៃ​ការ​ធានា​ថា អ្នក​ដែល​បាន​ស្លាប់​មិន​បាន​ស្លាប់​ដោយ​ឥត​តម្លៃ​នោះ​ឡើយ ហើយ​អ្នក​ដែល​រស់រាន​មាន​ជីវិត​ត្រូវ​បាន​ផ្តល់​កិត្តិយស និង​គោរព ។ យុត្តិធម៌​មិន​អាច​សម្រេច​បាន​ដោយ​គ្មាន​ការ​ស្រាវជ្រាវ​ឡើយ ដូច្នេះ​ហើយ នេះ​គឺជា​ហេតុផល​ដែល​ទស្សនៈ​នេះ​ផ្អែក​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​មិន​ឈប់​ឈរ​ក្នុង​ការ​ពង្រីក​ការ​យល់​ដឹង​របស់​យើង​អំពី​រឿងហេតុ​ដែល​បាន​កើត​ឡើង​ និង​មូលហេតុ​ដែល​បទឧក្រិដ្ឋ​នោះ​កើតឡើង ។ បន្ទាប់​ពី​សេចក្តី​សម្រេច​ផ្លូវច្បាប់​ត្រូវ​ផ្តល់​ឱ្យ​យុត្តិធម៌​អាច​សម្រេច​បាន​តាម​រយៈ​ការ​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​មិន​ឈប់​ឈរ ដែល​ធ្វើ​ឱ្យ​មនុស្ស​យល់​ដឹង​អំពី​អំពើ​អមនុស្សធម៌​ហើយ​ផ្តល់​តម្លៃ​ដល់​អ្នក​ដែល​រង​គ្រោះ ។​

សំណួរ ៖ នៅ​ប្រទេស​អូទ្រីស សូម្បី​តែ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​បន្ទាប់​ពី​សង្គ្រាមលោក​លើក​ទី​២​ហើយ​ក៏​ដោយ អំពើ​ឃោរឃៅ​របស់​ជន​ណាហ្ស៊ី​នៅ​តែ​ជា​ការ​ព្រួយបារម្ភ ។ មនុស្ស​ជា​ច្រើន​ស្គាល់​អំពី​អតីតកាល​របស់​ខ្លួន ។ តើ​លោក​ធ្លាប់​ឮ​ឈ្មោះ​ សៃមិន វីសេនថល ដែល​ជា​ស្ថាបនិក​និង​នាយក​នៃ​មជ្ឈមណ្ឌល​ឯកសារ​ឧក្រិដ្ឋកម្ម​ណាហ្ស៊ី​របស់​ប្រទេស​អូទ្រីស​ទេ ?

ចម្លើយ ៖ ទាល់​តែ​ឆ្នាំ​១៩៩៨​ ហើយ​ទើប​ខ្ញុំ​បាន​ឮ​ឈ្មោះ​ សៃមិន វីសេនថល ។ ខ្ញុំ​ត្រូវ​បាន​ណែនាំ​ឱ្យ​ស្គាល់​ស្នាដៃ​សំណេរ​ និង​បទ​ពិសោធ​របស់​គាត់​តាម​រយៈ​អគ្គរាជទូត​ហូឡង់​ប្រចាំ​នៅ​ទីក្រុង​បាងកក លោកស្រី ឡាទីស្យា វ៉ាន់ឌេន អាស៊ូម ។ ភ្លាមៗ​បន្ទាប់​ពី​នោះ​មក ខ្ញុំ​បាន​អាន​ជីវប្រវត្តិ​ និង​ការងារ​របស់​គាត់ ។ ទោះ​បីជា​យ៉ាងណា​ក៏​ដោយ ទាក់ទង​ទៅ​នឹង​ការ​រស់នៅ​របស់​យើង​នៅ​ពេល​ដែល​យើង​ទាំង​ពីរ​នាក់​មាន​លក្ខណៈ​ស្របគ្នា​ទៅ​នឹង​ជីវប្រវត្តិ យើង​បាន​កើត​ចេញពី​ពិភពលោក​ពីរ​ផ្សេង​គ្នា ។ សៃមិន វិសេនថល បាន​ទទួល​រង​ការ​ឈឺចាប់​ក្នុង​របប​ណាហ្ស៊ី ក្នុង​នាម​ជា​យុវជន​ម្នាក់ ហើយ​ខ្ញុំ​គ្រាន់តែ​ជា​ក្មេង​ម្នាក់​ដែល​មាន​អាយុ​១៣​ឆ្នាំ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ។​

សំណួរ ៖ សៃមិន វិសេនថល គឺជា​ជន​រងគ្រោះ​ដូច​ជា​លោក ។ គាត់​បាន​រស់រាន​មានជីវិត​ពី​ភ័យ​ខ្លាច​ក្នុង​របប​ណាហ្ស៊ី​ និង​ជំរំ​លត់​ដំ ហើយ​បន្ទាប់​ពី​សង្គ្រាម គាត់​បាន​ជួយ​នាំ​យក​ជនល្មើស​ជា​ច្រើន​ចូល​គុក ។ បាវចនា​របស់​គាត់​គឺ​យុត្តិធម៌​ និង​មិន​ស្អប់ ។ តើ​លោក​ធ្លាប់​ឮ​អំពី​បាវចនា​នេះ​ទេ ហើយ​តើ​បាវចនា​អាច​យក​ទៅ​ប្រើប្រាស់​នៅ​ប្រទេស​កម្ពុជា​បាន​ឬ​ទេ ?

ចម្លើយ ៖ បាទ​ពិតប្រាកដ​ណាស់ យុត្តិធម៌​គឺជា​ទិដ្ឋភាព​យ៉ាង​សំខាន់ ហើយ​ការ​ស្អប់ខ្ពើម​គឺ​តែងតែ​មិន​មែន​ជា​វិធីសាស្ត្រ​ដ៏​ត្រឹមត្រូវ​ឡើយ ។​

សំណួរ ៖ តើ​ប្រព័ន្ធ​របស់​ខ្មែរក្រហម និង​ប្រព័ន្ធ​របស់​ណាហ្ស៊ី​អាច​ប្រៀបធៀប​គ្នា​បាន​ដែរ​ឬទេ ?

ចម្លើយ ៖ ប្រព័ន្ធ​ទាំង​ពីរ​នោះ​មិន​អាច​ធ្វើការ​ប្រៀបធៀប​គ្នា​បាន​ទេ ។ យើង​មិន​គួរ​ប្រៀបធៀប​ពេលវេលា​ ប្រវត្តិសាស្ត្រ​ របប ឬ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ទេ ពី​ព្រោះ​ដំណើរការ​នៃ​ការ​ប្រៀបធៀប​មាន​ការ​ចាត់​ថ្នាក់​ដូច​គ្នា ដែល​ផ្អែក​លើ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ។ វា​មិន​អាច​ធ្វើ​ទៅ​រួច​ក្នុង​ការ​ប្រៀបធៀប​ការ​ឈឺចាប់​របស់​មនុស្ស​ម្នាក់​ទៅ​នឹង​ការ​ឈឺចាប់​របស់​មនុស្ស​ដទៃ ហើយ​ក្នុង​កម្រិត​ថ្នាក់​ជាតិ ការ​ឈឺចាប់​របស់​មនុស្ស​មាន​កម្រិត​ដូច​គ្នា ។​

សំណួរ ៖ លោក​គឺជា​សហអ្នកនិពន្ធ​នាយក​សៀវភៅ «ស្លាកស្នាម​អាថ៌​កំបាំង​របស់​កម្ពុជា» ។ តើ​មនុស្ស​គួរ​តែ​ត្រូវ​បាន​ជំរុញ​ឱ្យ​លាតត្រដាង​ស្លាកស្នាម​របស់​ខ្លួន ទាំង​ស្លាកស្នាម​រាង​កាយ និង​ស្លាកស្នាម​ផ្លូវចិត្ត​របស់​ខ្លួន​ទេ ? តើ​ប្រការ​នេះ​ជួនកាល​អាច​ក្លាយជា​ទណ្ឌកម្ម​លើក​ទី​២​ឬ​ទេ ? ខ្ញុំ​ចង់​រៀនសូត្រ​បន្ថែម​អំពី​ទស្សនៈ​ស្រប​ និង​ទស្សនៈ​ប្រឆាំង​នៃ​ទស្សនៈ «ស្លាកស្នាម​អាថ៌​កំបាំង» ។​

ចម្លើយ ៖ យើង​មិន​ដែល​បង្ខំ​ឱ្យ​បុគ្គល​លាតត្រដាង​រឿងរ៉ាវ​ផ្ទាល់ខ្លួន​ទេ ។ តម្រូវការ​ចាំបាច់​ក្នុង​សង្គម​ដែល​ងើប​ចេញ​ពី​ជម្លោះ​គឺ​ត្រូវ​បង្កើត​ឱកាស​ដល់​បុគ្គល​ទាំងឡាយ​ដើម្បី​ឱ្យ​គាត់​អាច​ចូលរួម​ក្នុង​ដំណើរការ​ផ្សេង​គ្នា​ក្នុង​ការ​ព្យាបាល​ស្នាម​របួស ប៉ុន្តែ​ចុង​ក្រោយ បុគ្គល​នោះ​អាច​រើស​ជម្រើស​ណា​មួយ​ដោយ​ខ្លួនឯង​ និង​ត្រូវ​មើល​ថា​តើ​ត្រូវ​ប្រឈម​នឹង​ស្លាកស្នាម​អតីតកាល​របស់​ខ្លួន​ដោយ​របៀប​ណា និង​នៅ​ពេល​ណា ។ មនុស្ស​ជា​ច្រើន​ត្រូវ​បាន​ជំរុញ​ឱ្យ​ចូលរួម​ក្នុង​គម្រោង​នានា​របស់​យើង​ពីព្រោះ​អ្នក​ទាំងនោះ​យល់​ឃើញ​ថា គាត់​មាន​ភាព​ជិតស្និទ្ធ​ជាង​មុន​ក្នុង​ការ​និយាយ​ចេញពី​បទ​ពិសោធ​របស់​ខ្លួន ។ ប៉ុន្តែ ក៏​មាន​អ្នក​ផ្សេង​ទៀត​ដែរ​ដែល​គ្រាន់​តែ​ចង់​ស្តាប់​ដោយ​ស្ងប់ស្ងាត់​តែ​ប៉ុណ្ណោះ រួច​យក​ទៅ​គិត​ពិចារណា ។ មនុស្ស​មួយ​ចំនួន​ចង់​ទៅ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដើម្បី​មើល​ឃើញ​ការ​ជំនុំជម្រះ​ជនជាប់ចោទ​ ប៉ុន្តែ​អ្នកខ្លះ​ទៀត​បាន​ធូរចិត្ត​គ្រាន់តែ​ដឹង​ថា អ្នកជា​ទីស្រឡាញ់​របស់​គាត់​បាន​ស្លាប់​ដោយ​របៀប​ណា​ និង​នៅ​កន្លែង​ណា ។ ការ​ព្យាបាល​ស្នាម​របួស​អាច​ធ្វើ​ឡើង​ដោយ​របៀប​ជា​ច្រើន ។ អ្វី​ដែល​សំខាន់​គឺថា យើង​មិន​ត្រូវ​ជំរុញ​មនុស្ស​ឱ្យ​ប្រកាន់​យក​ជម្រើស​ណា​មួយ​ទេ តែ​យើង​ត្រូវ​តែ​ទុក​ឱកាស​ឱ្យ​គាត់​ធ្វើការ​ជ្រើសរើស​ដោយ​ខ្លួនឯង ។ ការ​ជំរុញ​ឱ្យ​មនុស្ស​ឆ្ពោះទៅ​រក​ដំណើរការ​ណា​មួយ ឬ​សកម្មភាព​មួយ មិន​ត្រឹមតែ​មិន​សម​ស្រប​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ប្រព្រឹត្ត​អំពើ​អមនុស្សធម៌​ទៀត​ផង​ ពីព្រោះ​ទង្វើ​បែប​នោះ​បង្កប់​អត្ថន័យ «ភាព​ជា​ចៅហ្វាយនាយ» ។ ខ្ញុំ​តែង​និយាយ​ថា ខ្សែភាពយន្ត​មិន​អាច​ថត​អំពើ​ប្រល័យពូជសាសន៍​បាន​ឡើយ ។ សៀវភៅ​មិន​អាច​រៀបរាប់​ពី​អំពើ​ប្រល័យ​ពូជសាសន៍ ហើយ​គ្មាន​ដំណើរការ​តែឯង​នៃ​ការ​ព្យាបាល​ស្នាម​របួស ការ​បង្រួបបង្រួម ការ​អប់រំ​អាច​ដោះស្រាយ​ការ​ប៉ះទង្គិច​ផ្លូវចិត្ត​របស់​មនុស្ស​បាន​ឡើយ ។ យើង​នឹង​យល់​ខុស ប្រសិនបើ​យើង​គិត​ថា យើង​អាច​ប្រែក្លាយ​បទ​ពិសោធ​នៃ​អំពើ​ប្រល័យ​ពូជសាសន៍​ឱ្យ​ទៅ​ជា​កម្រិត​មធ្យម ឬ​ដំណើរ​ព្យាបាល​ស្នាម​របួស​ឱ្យ​ទៅ​ជា​មធ្យោបាយ ឬ​សកម្មភាព​តែឯង​មួយ​ក្នុង​ការ​ដោះស្រាយ ។ ក្នុង​ន័យ​នេះ មនុស្ស​ដែល​ទទួល​រង​ការ​ប៉ះទង្គិច​ផ្លូវចិត្ត មិន​ចាំបាច់​ឱ្យ​គេ​ប្រាប់​ថា​វិធីសាស្ត្រ​មួយ​ណា​ជា​វិធីសាស្ត្រ​ល្អ​បំផុត​នោះ​ទេ ។ កិច្ចការ​របស់​យើង​តែង​អនុវត្ត​តាម​គោលការណ៍​សីលធម៌​នេះ ។​

សំណួរ ៖ តើ​ប្រជាជន​កម្ពុជា​ដោះស្រាយ​ជាមួយនឹង​ការ​ផ្សះផ្សា និង​ការ​លើកលែង​ដោយ​របៀប​ណា ? នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ដែល​ងើប​ចេញពី​ច្បាប់​ប្រកាន់​ពូជសាសន៍​ ចលនា​នេះ​ធ្វើ​ឡើង​តាម​រយៈ​ជំនឿ​សាសនា​គ្រិស្ត ។​

ចម្លើយ ៖ ប្រជាជន​កម្ពុជា​អាច​នាំ​រក​ការ​ផ្សះផ្សារ​ និង​ការ​លើកលែងទោស​តាម​មធ្យោបាយ​ផ្សេង​ពី​សង្គម​ដទៃ​ទៀត ។ ជន​ដៃដល់​បាន​ប្រើ​វិធីសាស្ត្រ​នៃ​ការ​គោរព​សណ្តាន​ចិត្ត និង​អំពើ​សប្បុរស​នានា​ដើម្បី​ជា​មធ្យោបាយ​មួយ​ដើម្បី​ចង់​ឱ្យ​មាន​ការ​លើកលែង​ពី​សំណាក់​ជន​រង​គ្រោះ ។ ខ្ញុំ​មាន​ឧទាហរណ៍​មួយ​ជាក់ស្តែង​គឺថា​ អតីត​កម្មាភិបាល​ខ្មែរក្រហម​ដែល​អ្នក​ភូមិ​ដឹង​ថា​ជា​ជន​ដៃដល់​តែងតែ​ដង​ទឹក​ឱ្យ​ជន​រង​គ្រោះ​បង្ហាញ​នូវ​សន្ដាន​ចិត្ត​ស្មោះត្រង់​តែ​ជន​ដៃដល់​រូប​នោះ​មិន​ដែល​ធ្វើការ​សុំ​ទោស​ដល់​ជន​រង​គ្រោះ​ដោយ​ផ្ទាល់​ទេ ។ ចំពោះ​ជនបរទេស ឥរិយាបទ​នៃ​សន្តាន​ចិត្ត​បង្កប់​បែប​នេះ​ស្ទើរតែ​មិន​អាច​កត់​សម្គាល់​បាន ប៉ុន្តែ​រវាង​ជន​រង​គ្រោះ​និង​ជន​ដៃដល់​វិញ នេះ​គឺជា​គំរូ​នៃ​ការ​សុំ​ទោស ហើយ​ការ​ទទួល​យក​របស់​ជន​រង​គ្រោះ បង្ហាញ​ពី​ការ​លើក​លែង​ទោស ។ សាសនា​គឺជា​ផ្នែក​មួយ ដែល​ជា​ទូទៅ​ត្រូវ​បាន​គិត​ថា​អាច​បង្កើត​ឱ្យ​មាន​ការ​សម្រេច​បាន​នូវ​ការ​ផ្សះផ្សា​ និង​ការ​លើក​លែង​ទោស ប៉ុន្តែ​ក៏​ជា​ការ​សំខាន់​ដែរ ដែល​យើង​ត្រូវ​ទទួល​ស្គាល់​ទិដ្ឋភាព​ផ្សេង​ទៀត ក្រៅពី​បញ្ហា​សាសនា​នេះ ។ ចន្លោះ​ពី​ឆ្នាំ​១៩៧៩ ដល់ ​១៩៨៤ មាន​ការ​សងសឹក​ទៅ​លើ​កម្មាភិបាល​ខ្មែរក្រហម​ដែល​នៅ​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា ហើយ​នៅ​ពេល​ដែល​ទង្វើ​បែប​នេះ​មិន​ងាយ​រសាយ យើង​កត់​សម្គាល់​ថា ការ​ស្អប់ខ្ពើម​ជន​ដៃដល់​មិន​បាន​បាត់បង់​ឡើយ ។ បច្ចុប្បន្ន ជន​រង​គ្រោះ​កំពុង​រស់នៅ​ជាមួយ​នឹង​ជន​ដៃដល់​ក្នុង​ភូមិ​ឃុំ​នានា ។ នៅ​ភូមិ​ឃុំ​ជា​ច្រើន​ដែល​ជន​រង​គ្រោះ​ដឹង​អំពី​អ្នក​ដែល​សម្លាប់​អ្នកជា​ទីស្រឡាញ់​របស់​ខ្លួន​ដូច្នេះ​ហើយ តើ​អ្វី​ទៅ​ដែល​រារាំង​ជន​រង​គ្រោះ​ពី​ការ​ប្រព្រឹត្ត​ទង្វើ​ដដែល​លើ​ជន​ដៃដល់ ? ខណៈ​ពេល​ដែល​មនុស្ស​មួយ​ចំនួន​បាន​អះអាង​ថា ព្រះពុទ្ធ​សាសនា​ជា​អ្នក​ប្រៀនប្រដៅ​មនុស្ស​មិន​ឱ្យ​ប្រព្រឹត្ត​ដូច្នេះ​ ខ្ញុំ​ជឿ​ថា​នេះ​គឺ​គ្រាន់តែ​ជា​ផ្នែក​មួយ​ប៉ុណ្ណោះ ។ ការ​រីក​ចម្រើន​ស្ថានភាព​សេដ្ឋកិច្ច​របស់​មនុស្ស​និង​អត្ថប្រយោជន៍​ផ្សេង​ទៀត​ដល់​សហគមន៍​ដែល​មាន​សន្តិភាព​លើក​ទឹកចិត្ត​ដ៏​ខ្លាំងក្លា​ដល់​ជន​រង​គ្រោះ​ឱ្យ​លើកលែង​ជន​ដៃដល់ ។ ក្រៅពី​នេះ វា​ជា​ការ​លំបាក​នៅ​ពេល​ដែល​មនុស្ស​កំពុង​រកស៊ី​ចិញ្ចឹម​គ្រួសារ​នៅ​ពេល​ដែល​ខ្លួន​កំពុង​តែ​ជម្រុះ​ចោល​នូវ​ការ​ស្អប់ខ្ពើម ហើយ​ពេល​នោះ​ដែរ​មើល​ឃើញ និង​បាន​ជជែក​ជាមួយ​នឹង​កូន​ឬ​ចៅ​របស់​ជន​ដៃដល់​ បំណង​នៃ​ការ​សងសឹក​ក៏​ធ្លាក់​ចុះ​ដែរ ។ សរុប​មក សាសនា​គឺជា​ទិដ្ឋភាព​ដ៏​សំខាន់​ចំពោះ​ប្រទេស​កម្ពុជា និង​សង្គម​ទាំងឡាយ ប៉ុន្តែ​ភាព​ថ្កើងថ្កាន​នៃ​សេដ្ឋកិច្ច ស្ថេរភាព​សហគមន៍ ការ​ស្រឡាញ់​គ្រួសារ និង​ការ​សង្ឃឹម​សម្រាប់​អនាគត​បម្រើ​ដល់​មុខងារ​យ៉ាង​សំខាន់​ដល់​ដំណើរការ​នៃ​ការ​លើកលែង ។​

សំណួរ ៖ តើ​សាសនា​នៅ​ប្រទេស​កម្ពុជា​គឺ​ជា​ខ្លឹមសារ​សម្រាប់​ដោះស្រាយ​អតីតកាល​ជា​ប្រវត្តិសាស្ត្រ​ដើម្បី​ជួយ​ប្រជាជន​ឬ ? សាសនា​តែងតែ​ត្រូវ​បាន​គាបសង្កត់​ក្រោម​របប​កុម្មុយនីស្ត ។​

ចម្លើយ ៖ មនុស្ស​ព្យាយាម​ប្រើ​សាសនា​ដើម្បី​ព្យាបាល​ការ​ប៉ះទង្គិច​ផ្លូវចិត្ត ពីព្រោះ​នេះ​ជា​របៀប​រស់នៅ​របស់​ប្រជាជន​ ហើយ​វា​មាន​តម្លៃ​យ៉ាង​សំខាន់​ជា​ច្រើន​សម្រាប់​ចង្អុល​បង្ហាញ​អំពី​ដំណោះស្រាយ​ជម្លោះ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ សាសនា​មិនមែន​ជា​ខ្លឹមសារ​សំខាន់​ក្នុង​ប្រទេស​កម្ពុជា​ឡើយ ។ ការ​អភិវឌ្ឍ​គឺ​សំខាន់​ជាង​នេះ​ទៅ​ទៀត ។ ចាប់​តាំងពី​ឆ្នាំ​១៩៧៩ វត្ត​អារាម​ច្រើន​ជាង​បួន​ពាន់ វិហារ​អ៊ិស្លាម​ជាង​បី​រយ ព្រមទាំង​វិហារ​សាសនា​គ្រិស្ត​មួយ​ចំនួន​ទៀត​ត្រូវ​បាន​សាងសង់​ឡើង ប៉ុន្តែ​ប្រជាជន​នៅ​តែ​មាន​បញ្ហា ។​

សំណួរ ៖ តើ​លោក​យល់​ឃើញ​យ៉ាងណា​ចំពោះ​ការ​សងសឹក ? ខ្ញុំ​អាច​ស្រមើស្រមៃ​ថា​ការ​លើកលែង​គឺ​មិនមែន​ជា​ការងារ​ងាយស្រួល​ឡើយ ។ ប្រសិនបើ​អ្នក​ជិតខាង​របស់​ខ្ញុំ​ធ្វើ​ទារុណកម្ម​ឬ​សម្លាប់​សមាជិក​ម្នាក់​ក្នុង​ចំណោម​សមាជិក​គ្រួសារ​របស់​ខ្ញុំ វា​ជា​ការ​លំបាក​ក្នុង​ការ​មិន​គិត​អំពី​ការ​សងសឹក ។ ខ្ញុំ​គិត​ថា លោក​ដឹង​ពី​ករណី​នេះ​ច្រើន ។​

ចម្លើយ ៖ ចន្លោះ​ពី​ឆ្នាំ​១៩៧៩​ ដល់ ​១៩៨៤ មាន​សកម្មភាព​សងសឹក​ជា​ច្រើន​ពី​សំណាក់​ជន​រង​គ្រោះ​មក​លើ​ខ្មែរក្រហម ។ ជន​រង​គ្រោះ​បាន​កំណត់​អត្តសញ្ញាណ​ខ្មែរក្រហម​ទាំងអស់​ថា​ជា​ជន​អាក្រក់ ដូច្នេះ​ហើយ​អំពើ​ហិង្សា​ព្រមទាំង​ទង្វើ​ប៉ុនប៉ង​ផ្សេងៗ​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ពេញ​ប្រទេស​កម្ពុជា ។ កម្មាភិបាល​ខ្មែរក្រហម​ជា​ច្រើន​នាក់​បាន​រត់គេច​ទៅ​ប្រទេស​ថៃ ឬ​ប្រទេស​ដទៃ​ទៀត ហើយ​ត្រឡប់​មក​វិញ​ជា​កម្លាំង​នយោបាយ​មួយ​ដែល​មាន​ចំណេះ​ដឹង​ថ្មី ប៉ុន្តែ​មាន​ផ្នត់គំនិត​នៅ​តែ​ដដែល ។ ប៉ុន្តែ​ពេល​វេលា​ស្តែង​ឱ្យ​ឃើញ​ពី​វដ្ត​នៃ​អំពើ​ហិង្សា ។ ជន​រង​គ្រោះ​មាន​គំនិត ទស្សនៈ ចង់​សងសឹក​ដល់​អ្នក​ដែល​បាន​សម្លាប់​សាច់ញាតិ​របស់​ខ្លួន ។ នៅ​ពេល​ដែល​ជន​រង​គ្រោះ និង​ជន​ដៃដល់​រស់នៅ​ក្នុង​ជីវិត​បែប​សាមញ្ញ ហើយ​មាន​បន្ទុក​នៅ​ក្នុង​គ្រួសារ​រៀងៗ​ខ្លួន បំណង​នៃ​ការ​សងសឹក​ទៅ​នឹង​ខ្មែរក្រហម​ក៏​បាន​សាប​រលាប​ដែរ ។ ប៉ុន្តែ ទោះបីជា​ជន​រង​គ្រោះ​ និង​ជន​ដៃដល់​ចាប់​ផ្ដើម​ជីវិត​ថ្មី​រៀងៗ​ខ្លួន កង្វះខាត​នៃ​ការ​ផ្សះផ្សា​ និង​ភាព​ស្និទ្ធស្នាល​គ្នា បង្ក​ឱ្យ​មាន​បញ្ហា​នា​ពេល​បច្ចុប្បន្ន ដោយ​ជួប​ប្រទះ​នូវ​បញ្ហា​មួយ​ចំនួន​ដូច​ជា ជំងឺ​បាក់ស្បាត អារម្មណ៍​មួម៉ៅ​ដែល​កើត​ចេញពី​ការ​ប៉ះទង្គិច​ផ្លូវចិត្ត ព្រមទាំង​ការ​ស្អប់ខ្ពើម កំហឹង​និង​ការ​អស់ជំនឿ​ទៅ​លើ​មនុស្ស​នៅ​ជុំវិញ​ខ្លួន ។ នេះ​គឺជា​ហេតុផល​ដែល​ប្រជាជន​កម្ពុជា​កំពុង​តែ​មាន​បញ្ហា​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ។ ថ្វី​ត្បិត​តែ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​មាន​បញ្ហា​ច្រើន​យ៉ាង​ណា​ក៏​ដោយ ក៏​ប្រជាជន​កម្ពុជា​ប្រហែលជា​ ៨០​ភាគរយ​ នៅ​តែ​គាំទ្រ​ដំណើរការ​ស្វែងរក​យុត្តិធម៌​ពី​សាលាក្តី​នេះ ។​

សំណួរ ៖ លោក​រស់រាន​មានជីវិត​ពី​ស្ថានភាព​បែប​នេះ ដែល​សម្រាប់​យើងខ្ញុំ​ស្ទើរតែ​គិត​ថា​មិន​អាច​នឹង​រស់​បាន​ទាល់តែ​សោះ ។ តើ​លោក​អាច​គ្រប់គ្រង​អារម្មណ៍​សងសឹក​ដូច​ម្តេច ?

ចម្លើយ ៖ ក្នុង​ឆ្នាំ​២០០៧ ខ្ញុំ​បាន​សរសេរ​អត្ថបទ​បោះពុម្ព​ផ្សាយ​មួយ​មាន​ចំណងជើង​ថា «ចោរ​ប្រវត្តិសាស្ត្រ» ដែល​ក្នុង​អត្ថបទ​នោះ ខ្ញុំ​បាន​ពិពណ៌នា​អំពី​ការ​ជួប​ប្រទះ​ជាមួយ​នឹង​ចោរ​វ័យ​ក្មេង​ម្នាក់​ដែល​បាន​ប៉ុនប៉ង​ចូល​ក្នុង​ផ្ទះ​របស់ខ្ញុំ ។ ចោរ​នោះ​គឺជា​ក្មេង​ប្រុស​ម្នាក់ ដែល​មាន​អាយុ​យ៉ាង​ច្រើន​ត្រឹម​១៤​ឆ្នាំ ។ ខ្ញុំ​ដេញ​តាម​ចោរ​នោះ រហូត​ចាប់​គាត់​បាន ។ នៅ​ពេល​ដែល​គាត់​ប៉ុនប៉ង​លោត​ចុះ​ពី​លើ​រានហាល​ខាងលើ​ផ្ទះ​របស់ខ្ញុំ ខ្ញុំ​ចាប់ដៃ​គាត់​ជាប់ ។ ភ្លាម​នោះ ខ្ញុំ​ក៏​បាន​នឹកឃើញ​ដល់​អតីតកាល​របស់ខ្ញុំ ។ ខ្ញុំ​នឹកឃើញ​ដល់​សម័យ ប៉ុល ពត នៅ​ពេល​ដែល​ខ្ញុំ​ជា​ក្មេង​ទីក្រុង​ត្រូវ​បាន​បង្ខំ​ឱ្យ​ទៅ​រស់នៅ​តាម​ជនបទ ដូច​គ្នា​ទៅ​នឹង​អ្នក​ទីក្រុង​រាប់​លាន​នាក់​ផ្សេង​ទៀត ។ កាលនោះ ខ្ញុំ​មិន​មាន​ជំនាញ​ក្នុង​ការ​ចិញ្ចឹម​ជីវិត​ច្រើន​ទេ ប៉ុន្តែ​ភាព​អត់ឃ្លាន​ធ្វើ​ឱ្យ​ខ្ញុំ​អាច​រៀន​ពី​របៀប​ធ្វើ​ឱ្យ​រស់​បាន​យ៉ាង​លឿន​ដូចជា ខ្ញុំ​បង្រៀន​ខ្លួនឯង​ពី​របៀប​ហែល​ទឹក ដូច្នេះ​ខ្ញុំ​អាច​ជ្រមុជ​ទឹក​ដើម្បី​ទៅ​កាច់​អំពៅ​ដែល​ដុះ​ក្នុង​វាលស្រែ​លិច​ទឹក​បាន ។ ហើយ​ខ្ញុំ​រៀន​ពី​របៀប​លួច​អាហារ របៀប​សម្លាប់ និង​ហូប​ពស់ និង​កណ្តុរ និង​របៀប​ស្វែងរក​ស្លឹកឈើ​ដែល​អាច​ហូប​បាន​នៅ​ក្នុង​ព្រៃ ។ នៅ​ពេល​ដែល​ខ្ញុំ​ចាប់​បាន​ដៃ​របស់​គាត់ ចោរ​តូច​ម្នាក់​នោះ​បាន​ធ្វើ​ឱ្យ​ខ្ញុំ​នឹក​ឃើញ​នូវ​ការ​ឈឺចាប់​ដែល​ខ្ញុំ​បាន​ទទួល​រង​ក្រោម​របប​ខ្មែរក្រហម ហើយ​ធ្វើ​ឱ្យ​ខ្ញុំ​គិត​អំពី​មូលហេតុ​ដែល​នាំ​ឱ្យ​ចោរ​នោះ​ចូល​លួច​របស់របរ​ក្នុងផ្ទះ​របស់ខ្ញុំ ។ ប្រហែលជា​គាត់​មាន​ការ​អត់ឃ្លាន ។ ពេល​ដែល​ខ្ញុំ​សម្លឹង​មើល​មុខ​ចោរ​នោះ ខ្ញុំ​នឹកឃើញ​ពី​ភាព​អត់ឃ្លាន​របស់ខ្ញុំ ។ វា​ជា​រឿង​អាច​យល់​បាន​ដែល​មនុស្ស​មាន​អារម្មណ៍​ខឹងសម្បារ​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​របប​ខ្មែរក្រហម ប៉ុន្តែ​ការ​ប្រឈម​មុខ​ជា​មួយ​អតីតជន​ដៃដល់ (ដូច​ជា​ចោរ​ក្មេង​ម្នាក់​នោះ) អ្នក​មិន​អាច​ជម្រះ​ខ្លួនឯង​ពី​អំពើ​ភាព​ជា​មនុស្ស​បាន​ឡើយ ។​

សំណួរ ៖ ខ្ញុំ​សុំ​ត្រឡប់​ទៅ​រក​ករណី​របស់​លោក សៃមិន វិសេនថល វិញ ។ ជួនកាល គាត់​ត្រូវ​បាន​ចោទ​នូវ​អ្វី​ដែល​គាត់​អាច​រស់រាន​មាន​ជីវិត​បាន ជា​ពិសេស​ពី​សំណាក់​មនុស្ស​ដែល​ស្អប់​ការ​ស្វែងរក​ការ​ពិត​របស់​គាត់ ។ អ្នកខ្លះ​និយាយ​ថា មាន​តែ​អ្នក​នោះ​សហការ​ជាមួយ​ជន​ដៃដល់​ទេ​ដែល​អាច​មាន​ឱកាស​រស់រាន​មាន​ជីវិត​ពី​ជំរំ​ឃុំឃាំង​បាន ។ តើ​ធ្លាប់​មាន​នរណា​លើក​ពី​បញ្ហា​នេះ​ប្រឆាំង​នឹង​លោក​ឬ​ទេ ? ខ្ញុំ​អាច​ស្រមើស្រមៃ​ឃើញ​ថា​តើ​ការ​ចោទ​ប្រកាន់​បែប​នេះ​ពិតជា​ឈឺចាប់​ណាស់ ។

ចម្លើយ ៖ មិន​ដែល​មាន​នរណា​មក​ចោទប្រកាន់​ខ្ញុំ​ទេ​ប្រហែលជា​ពីព្រោះ​មក​ពី​ខ្ញុំ​គឺជា​ក្មេង​ក្នុង​របប​ខ្មែរក្រហម​ដែល​មាន​អាយុ​ប្រហែល​១៣​ឆ្នាំ ។ សព្វថ្ងៃ អ្នកខ្លះ​មិន​យល់​ស្រប​ជាមួយ​នឹង​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​ទេ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ប្រកាន់​យក​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ និង​កំពុង​ធ្វើ​ ព្រោះ​ខ្ញុំ​ចង់​ឱ្យ​មនុស្ស​គ្រប់​គ្នា​ស្វែងរក​ការ​ពិត និង​អត្ថន័យ​ក្នុង​ប្រវត្តិសាស្ត្រ​នេះ​ដោយ​ដោយ​ខ្លួនឯង ។ ដំណើរការ​ស្វែងរក​ការ​ចង​ចាំ និង​យុត្តិធម៌ គឺជា​ដំណើរការ​ជាតិ​មួយ​ដែល​ជា​រឿង​ផ្ទាល់ខ្លួន​របស់​មនុស្ស​គ្រប់​រូប​នៅ​ក្នុង​ប្រទេស​កម្ពុជា ។​

សំណួរ ៖ តើ​យុវជន​កម្ពុជា​ជំនាន់​ក្រោយ​នា​ពេល​សព្វថ្ងៃ​សិក្សា​អំពី​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ដោយ​របៀប​ណា ? តើ​មជ្ឈមណ្ឌល​ឯកសារ​របស់​លោក​មាន​លក្ខណៈ​សកម្ម​យ៉ាងណា​ក្នុង​ការងារ​អប់រំ ?

ចម្លើយ ៖ នា​ពេល​បច្ចុប្បន្ន​នេះ យុវជន​កម្ពុជា​ជំនាន់​ក្រោយ​សិក្សា​អំពី​ប្រវត្តិសាស្ត្រ​នៅ​ផ្ទះ និង​តាម​រយៈ​គ្រូ​របស់​ខ្លួន ។ ទន្ទឹម​ពេល​ដែល​ប្រទេស​កម្ពុជា​បាន​អភិវឌ្ឍ​វិស័យ​អប់រំ​សាធារណៈ​គួរ​ឱ្យ​កត់សម្គាល់ ការ​អប់រំ​នៅ​តាម​ផ្ទះ​នៅ​តែ​ជា​ប្រភព​ដ៏​សំខាន់​សម្រាប់​ព័ត៌មាន​អំពី​អតីតកាល​ដែរ ។ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ចូលរួម​យ៉ាង​សកម្ម​ជាមួយនឹង​ស្ថាប័ន​ទាំងនេះ តាម​រយៈ​កម្មវិធី​អប់រំ​អំពើ​ប្រល័យ​ពូជសាសន៍​ដែល​បាន​ធ្វើ​ដៃគូ​ជាមួយនឹង​ក្រសួង​អប់រំ​ យុវជន និង​កីឡា​ ដើម្បី​គាំទ្រ​កម្មវិធី​សិក្សា​ស្ដីពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​ទូទាំង​ប្រទេស ។ ក្រៅពី​ការ​អប់រំ​តាម​សាលា​ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា សកម្ម​ក្នុង​ការ​លើក​ស្ទួយ​ការ​អប់រំ​អំពើ​ប្រល័យ​ពូជសាសន៍​តាម​រយៈ​វេទិកា​អប់រំ​សាធារណៈ ការ​បោះពុម្ព​ព្រឹត្តិបត្រ ទស្សនាវដ្តី និង​ការ​ផ្សព្វផ្សាយ​តាម​វិទ្យុ ។ តាម​រយៈ​បណ្តាញ​សារព័ត៌មាន មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នឹង​ធានា​ថា​ការ​អប់រំ​អំពើ​ប្រល័យ​ពូជសាសន៍ នឹង​ត្រូវ​បាន​បង្រៀន​នៅ​តាម​គ្រប់​ផ្ទះ សាលារៀន និង​សហគមន៍ ។​

សំណួរ ៖ ខ្ញុំ​សូម​អរគុណ លោក​មាន​អ្វី​ចង់​បន្ថែម​លើ​ពាក្យពេចន៍​ដែល​លោក​ចង់​និយាយ​អំពី​ខ្លួន​លោក​និង​ការងារ​របស់​លោក​ទេ ?

ចម្លើយ ៖ សាច់​រឿង​របស់ខ្ញុំ​មិន​សំខាន់​នោះ​ឡើយ ។ ម្តាយ​របស់ខ្ញុំ​និង​ខ្ញុំ​មាន​សំណាង​ដែល​បាន​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរក្រហម ។ សព្វថ្ងៃ យើង​មាន​អាហារ​ឆ្ងាញ់​ជាង​មុន​សម្រាប់​ហូប​ និង​មាន​ជីវិត​ប្រសើរ​ជាង​មុន ហើយ​ខ្ញុំ​យល់​ឃើញ​ដោយ​ផ្ទាល់​ថា​ការ​ជួប​ជាមួយ​នឹង​អ្នក​រស់រាន​មាន​ជីវិត​គឺជា​រឿង​មាន​ន័យ​ណាស់​ ដែល​ភាគច្រើន​នៃ​អ្នក​ទាំងនោះ​នៅ​តែ​រង​ទុក្ខ​នូវ​ភាព​ក្រីក្រ បញ្ហា​សុខភាព​ផ្លូវចិត្ត និង​ការ​ចុះ​ទន់​ខ្សោយ​កម្លាំង ។ ការងារ​របស់ខ្ញុំ​គឺ​ដើម្បី​តំណាង​ឱ្យ​អ្នក​ទាំង​អស់នោះ មិនមែន​ជា​រឿង​ផ្ទាល់ខ្លួន​ខ្ញុំ​ទេ ៕

ទស្សនាវដ្តី​ស្វែងរកការពិត លេខ​១៦៣ ខែ​កក្កដា ឆ្នាំ​២០១៣

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in ប្រវត្តិសាស្ត្រ, អរិយធម៌​ខ្មែរ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s