
សមាសធាតុនៅក្នុងពិសស្រមោចភ្លើងបានបង្ហាញពីពន្លឺសម្រាប់ការគ្រប់គ្រងជំងឺដំណាំដែលបង្កឡើងដោយផ្សិត Pythium ultimum
ស្រមោចភ្លើងមានឈ្មោះដូច្នេះគឺដោយសារស្នាមជាំដូចរលាកភ្លើងនៅពេលវាខាំ ។ បច្ចុប្បន្ន ពិសដូចគ្នានេះដែលមាននៅក្នុងការឈឺចាប់ដ៏ដំណំអាចមានសារប្រយោជន៍សម្រាប់ការផ្លាស់ប្ដូរមួយ ។
ការសិក្សាធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រនៅអង្គភាពស្រាវជ្រាវការគ្រប់គ្រងទុរករដោយជីវសាស្ត្រនៃសេវាស្រាវជ្រាវកសិកម្ម (ARS) ស្ថិតក្នុងក្រុង Stoneville រដ្ឋ Mississippi បានបង្ហាញថា សមាសធាតុអាល់កាឡូអ៊ីដ (Alkaloid) នៅក្នុងពិស ដូចជា Piperideines និង Piperidines អាចទប់ស្កាត់ការលូតលាស់របស់ផ្សិត Pythium ultimum ដែលជាភ្នាក់ងារបង្ករោគដ៏ចម្បងមួយនៅទូទាំងពិភពលោក ។
ការគ្រប់គ្រងដោយប្រើសារធាតុគីមី ការពន្យាពេលដាំ និងការដាំដំណាំវិលជុំ គឺជាវិធីសាស្ត្រមួយចំនួនក្នុងចំណោមវិធីសាស្ត្រនានាដែលកំពុងប្រើបច្ចុប្បន្នដើម្បីទប់ទល់នឹងផ្សិត P. ultimum ដែលបណ្ដាលឲ្យកើតជំងឺសើមផ្អូមនាំទៅដល់ការរលួយគ្រាប់ពូជ ឬសំណាបបន្លែ ដំណាំសាកវប្បកម្ម និងដំណាំស្ថិតក្នុងគ្រួសារត្រឡាច ។ ទោះបីជាចាត់វិធានការទាំងនេះក៏ដោយ ក៏ការសើមផ្អូមនៅតែស្ថិតជាបញ្ហាដែលចំណាយថវិកាច្រើន ហើយទាមទារឲ្យមានអភិក្រមថ្មីៗ នេះជាការកត់សម្គាល់របស់លោក Xixuan Jin ជាមីក្រូជីវវិទូរបស់ ARS ។ លោកបានសហការស្រាវជ្រាវអំពីសក្ដានុពលអនុវត្តរបស់ពិសស្រមោចភ្លើងចំពោះការគ្រប់គ្រងភ្នាក់ងារបង្ករោគដំណាំមានប្រភពមកពីដី ជាមួយអ្នកឯកទេសសត្វល្អិតនៃ ARS លោក Jian Chen និងអ្នកស្រី Shezeng Li នៃវិទ្យាសា្ថនការពារដំណាំស្ថិតនៅទីក្រុង Baoding ប្រទេសចិន ។
ក្រុមស្រាវជ្រាវបានសិក្សាពីលក្ខណៈសម្បត្តិសម្លាប់សត្វល្អិត និងអង់ទីប៊ីយ៉ូទិករបស់ពិសស្រមោចភ្លើងតាំងពីទសវត្សរ៍១៩៥០ រួមទាំងការប្រឆាំងនឹងទុរករដំណាំដូចជា រុយផ្លែឈើ (Fruit flies) និងខ្មូត (Boll weevils) និងបាក់តេរីជាច្រើនប្រភេទ ដូចជា Escherichia coli ជាដើម ។ ប៉ុន្តែក្រុមស្រាវជ្រាវនៅក្រុង Stoneville ជាក្រុមដំបូងគេដែលមិនត្រឹមតែកំណត់អត្តសញ្ញាណអាល់កាឡូអ៊ីដ Piperideine ប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីលក្ខណៈសម្បត្តិរបស់ Piperideines និង Piperidines ក្នុងការប្រឆាំងនឹងផ្សិតបង្ករោគមានប្រភពពីដី P. ultimum ទៀតផង ។
ក្រុមស្រាវជ្រាវបង្ហាញពីលក្ខណៈសម្បត្តិនេះជាពីររូបភាព: ការពិសោធន៍ក្នុងកែវប៉េទ្រីដោយប្រើអាណានិគម P. ultimum និងការពិសោធន៍ក្នុងផ្ទះកញ្ចក់ជាមួយសំណាបត្រសក់ដាំក្នុងប្រអប់ ។ នៅក្នុងការពិសោធន៍ទី១ ក្រុមស្រាវជ្រាវដាក់ផ្សិតបង្ករោគជាទម្រង់លូតលាស់ដូចសសៃហៅថា «Mycelium» ទល់នឹងកំហាប់ផ្សេងៗនៃ Piperideine ឬ Piperidine និងតាមដានពីឥទ្ធិពលលើទំហំអាណានិគមរបស់ P. ultimum ។ រចនាសម្ព័ន្ធបង្កើតស្ព័ររបស់ផ្សិតបង្ករោគក៏ត្រូវបានដាក់ឲ្យប៉ះផ្ទាល់នឹងអាល់កាឡូអ៊ីតទាំងពីរផងដែរ ។ នៅក្នុងការពិសោធន៍ក្នុងផ្ទះកញ្ចក់ អាល់កាឡូអ៊ីដត្រូវបានលាយដាច់ដោយឡែកពីគ្នានៅក្នុងសូឡុយស្យុងមួយ និងដាក់លើសំណាបត្រសក់ជាបច្ច័យស្រោច ។
លទ្ធផលដែលបានរាយការណ៍នៅក្នុងទស្សនាវដ្ដីវិទ្យាសាស្ត្រគ្រប់គ្រងទុរករ (Pest Management Science) នៅក្នុងឆ្នាំ២០១២ រួមមានការកាត់បន្ថយដ៏គួរឲ្យកត់សម្គាល់នៃដំណុះ និងការលូតលាស់របស់សសៃនៃផ្សិត P. ultimum ។ អាល់កាឡូអ៊ីដទាំងពីរប្រព្រឹត្តទៅល្អដូចគ្នា និងរក្សាបាននូវសកម្មភាពប្រឆាំងនឹងផ្សិត P. ultimum រហូតដល់ ១២សប្ដាហ៍ នៅពេលរក្សាទុកនៅក្នុងសីតុណ្ហភាពធម្មតា ។ ការពិសោធន៍នៅក្នុងកែវប៉េទ្រីបង្ហាញថា ស្ព័រជាង ៩០% មិនអាចដុះលូតលាស់បាននៅពេលប៉ះពាល់នឹង Piperideine ឬ Piperidine ក្នុងកំហាប់ ៥១,២មីក្រូក្រាមនៃសូលូស្យុងមួយមីលីម៉ែត្រ ។ កំហាប់ខ្ពស់ជាងនេះ (៥៦,៥ និង ៥៦៥,២មីក្រូក្រាម/មីលីម៉ែត្រ) មានប្រសិទ្ធភាពនៅក្នុងការពិសោធន៍នៅផ្ទះកញ្ចក់ ។ បន្ថែមពីនេះ សំណាបត្រសក់ដែលព្យាបាលដោយអាល់កាឡូអ៊ីដទាំងពីនេះលូតលាស់វែងជាងសំណាបដែលមិនបានព្យាបាល ។
ទោះបីជាអាល់កាឡូអ៊ីដទាំងពីរទំនងអាចគ្រប់គ្រងជំងឺសើមផ្អូមដ៏ប្រល័យបង្កឡើងដោយ P. ultimum ក៏ដោយ «ក៏ការសិក្សាបន្ថែមអំពីយន្តការគ្រប់គ្រងជំងឺ និងភាពពុលដល់ដំណាំគឺជាតម្រូវការចាំបាច់» នេះបើតាមលោក Xixuan Jin ។
នៅក្នុងការធ្វើពិសោធន៍ ក្រុមអ្នកស្រាវជ្រាវប្រើបច្ចេកទេសត្រណកដ៏ស្មុគស្មាញដើម្បីទទួលបានបរិមាណសុទ្ធនៃ Piperdeine និង Piperidine ពីក្រពេញពិសរបស់ស្រមោចក្រហមនិងស្រមោចខ្មៅដែលត្រូវបាននាំចូលទៅសហរដ្ឋអាមេរិក ។ ការផលិតក្នុងទ្រង់ទ្រាយពាណិជ្ជកម្មតម្រូវឲ្យមានការពង្រីកទំហំគួរឲ្យពិចារណាទោះបីជាសត្វល្អិតទាំងនេះជាធនធានច្រើនសម្បើមមានពាសពេញផ្ទៃដីជាង ៣២០លានអែកគ័រ នៅភាគខាងត្បូងសហរដ្ឋអាមេរិក ជាកន្លែងដែលស្រមោចទាំងនេះគ្របដណ្ដប់លើសត្វល្អិតដទៃទៀត រហូតដល់រដ្ឋដទៃ និង Puerto Rico ក៏ដោយ ។
អភិក្រមមួយអាចកើតឡើងពីការងាររបស់ក្រុមស្រាវជ្រាវនៃសាកលវិទ្យាល័យ Mississippi ដែលទទួលបានជោគជ័យក្នុងការបង្កើតទម្រង់សំយោគ ឬ «Analogs» នៃ Piperideines ដែលត្រូវបានកំណត់អត្តសញ្ញាណដោយក្រុមស្រាវជ្រាវនៅក្រុង Stoneville ។ ពិសសំយោគចំនួន២ក្នុងចំណោម៧ ទោះបីជាប្រើក្នុងកំហាប់ទាប ក៏មានប្រសិទ្ធភាពក្នុងការរារាំងផ្សិតបង្ករោគបណ្ដុះដោយមនុស្សជាច្រើនប្រភេទ នាំឲ្យមានសង្ឃឹមពីការប្រើប្រាស់ពិសសំយោគទាំងនេះជាភ្នាក់ងារប្រឆាំងនឹងផ្សិតនៅពេលអនាគត ។ អត្ថបទដោយ Jan Suszkiw មន្ត្រីព័ត៌មាននៃ ARS
បកប្រែ និងផ្សព្វផ្សាយដោយមានការអនុញ្ញាតពី USDA Agricultural Research/July 2013

នៅក្រុង Stoneville រដ្ឋ Mississippi អ្នកឯកទេសខាងសត្វល្អិត លោក Jian Chen ធ្វើការស្រាវជ្រាវជាមួយស្រមោចភ្លើង