ភ្ជុំបិណ្ឌ​នៅ​ប៊្រីសបិន

បិណ្ឌ (សំ. បា.) ការ​ប្រមូល​ឲ្យ​មូល ឬ​ពូន​ ឲ្យ​ជា​ដុំ ដុំ ការ​ចិញ្ចឹម​ជីវិត ។ ខ្មែរ​យើង​ប្រើ​ពាក្យ​នេះ​ជា​ឈ្មោះ​នៃ​វិធី​ធ្វើ​ទាន​មួយ​យ៉ាង (តាម​ប្រពៃណី​របស់​ប្រទេស) ធ្វើ​បាន​ពី​ត្រឹម​ថ្ងៃ​ទី​១ រោច​ ខែ​ភទ្របទ ទៅ​ដល់​ថ្ងៃ​ខែ​ដាច់ (១៥ ថ្ងៃ)​…​ហៅ​ថា បុណ្យ​កាន់​បិណ្ឌ ឬ​ បុណ្យ​ដាក់​បិណ្ឌ ហៅ​ខ្លី​ត្រឹមតែ កាន់​បិណ្ឌ ឬ ​ដាក់​បិណ្ឌ ក៏​បាន ថ្ងៃ​១៥ រោច​ ខែ​ភទ្របទ ហៅ​ថា ថ្ងៃ​ភ្ជុំ​បិណ្ឌ… ពួក​ឧបាសក​ទាយក​តែង​ទៅ​ប្រជុំ​គ្នា​ ធ្វើ​ទាន​ឯ​វត្ត​មិន​សូវ​មាន​អ្នក​ណា​មួយ​ខាន​ឡើយ 

ព្រះវិហារ​វត្ត​ខេមរៈរតនារាម ស្ថិត​នៅ​ក្រុង​ប៊្រីសបិន ប្រទេស​អូស្ត្រាលី

ពិត​មែន​ហើយ ក្នុង​រដូវ​ភ្ជុំបិណ្ឌ​ម្ដងៗ ជនជាតិ​ខ្មែរ ទោះ​ជា​ស្ថិត​នៅ​ទីណា​ក៏​ត្រូវ​ចំណាយ​ពេល​ទៅ​វត្ត ដាក់​បាត្រ បង្សុកូល ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​សាច់​ញាតិ​ដែល​បាន​ចែក​ឋាន​ទៅ រហូត​ដល់​បោះ​បាយ​បិណ្ឌ​ជូន​ដល់​ប្រេត​អនាថា​ទៀត​ផង ។ ទោះ​ជា​មិន​ដឹង​ច្បាស់​ថា មនុស្ស​ស្លាប់​ទៅ​នឹង​ក្លាយ​ជា​អ្វី​ទៀត​ក៏​ដោយ ក៏​ខ្មែរ​នៅ​តែ​គោរព​ប្រតិបត្តិ​ដើម្បី​ជា​ការ​បង្ការ និង​ការ​តប​គុណ ។

នៅ​ស្រុក​កំណើត​របស់​ខ្ញុំ គេ​តែ​តែង​ធ្វើ​ម្ហូប​បាយ​ជូន​សាច់​ញាតិ​ចាស់ៗ​ដើម្បី​ជា​ការ​គោរព និង​ដឹង​គុណ ។ គេ​តែង​តែ​កាន់​វេន​បិណ្ឌ​ជា​ប្រចាំ និង​តែង​ប្រកាន់​ជំហរ​ថា ត្រូវ​តែ​យក​ចង្ហាន់​ទៅ​វត្ត​ដើម្បី​បង្ការ​សាច់​ញាតិ ជា​ពិសេស​ឪពុក​ម្ដាយ​ដែល​បាន​ចែក​ឋាន​ទៅ ពេល​ត្រូវ​ដោះ​លែង​មក​ឋាន​កណ្ដាល រក​កូន​ចៅ​មិន​ឃើញ ត្រលប់​ទៅ​វិញ​ដោយ​អន់​ឃ្លាន និង​ដាក់​បណ្ដាសា​ដល់​កូន​ចៅ​ជំនាន់​ក្រោយ ។

ទិដ្ឋភាព​ប្រជាជន​ខ្មែរ​ចូល​រួម​ថ្ងៃ​​ភ្ជុំបិណ្ឌ​នៅ​វត្ត​ខេមរៈរតនារាម

ចំណែក​ឯ​នៅ​វត្ត​ខេមរៈរតនារាម ស្ថិត​នៅ​ក្រុង​ប៊្រីសបិន រដ្ឋ​ឃ្វីនស្លែន ប្រទេស​អូស្ត្រាលី ក៏​បាន​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០១៣ ផង​ដែរ ។ ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ បាន​ទទួល​ការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​រដ្ឋ​ឃ្វីនស្លែន​យ៉ាង​ច្រើន​កុះករ ។ កម្មវិធី​បុណ្យ​ប្រព្រឹត្ត​ទៅ​រហូត​ដល់​ពេល​រាត្រី​ដោយ​មាន​កម្មវិធី​ប្រគំ​តន្ត្រី​ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ ។

ខ្ញុំ​បាន​ទៅ​ចូល​រួម​ក្នុង​រយៈពេល​ខ្លី គឺ​តែ​មួយ​ព្រឹក​ប៉ុណ្ណោះ ដោយ​ជាប់​រវល់​ការងារ​សាលា ។ ស្ដាយ​ដែរ​ដែល​មិន​បាន​បាយ​នៅ​វត្ត ភ្លក់​រសជាតិ​ម្ហូប​ខ្មែរ​ដ៏​សម្បូរ​បែប ។

ក្រុម​របស់​ខ្ញុំ​មាន​គ្នា ៧​នាក់ មិន​បាន​ធ្វើ​ម្ហូប​បាយ​ទៅ​វត្ត​នោះ​ទេ គឺ​គ្រាន់​តែ​បាន​យក​បច្ច័យ​មួយ​ចំនួន​ដាក់​បង្សុកូល​ប៉ុណ្ណោះ ។ មិត្តភក្តិ​ម្នាក់​ដែល​ទៅ​ជាមួយ​គ្នា មាន​បំណង​តែ​មួយ​គឺ ទិញ​អន្សម​ជ្រូក​ដែល​លក់​ក្នុង​វត្ត​ត្រលប់​មក​វិញ ។ គួរ​ឲ្យ​ស្ដាយ​អន្សម​ទាំង​នោះ​ត្រូវ​គេ​ទិញ​អស់​រលីង ។ ដោយ​ហេតុ​តែ​ចិត្ត​ឃ្លាន កើត​គំនិត​មួយ ​គឺ​ចាំ​សុំ​អន្សម​ជ្រូក​ពី​ព្រះ​សង្ឃ យ៉ាង​ហោច​ណាស់​ក៏​ឲ្យ​បាន​មួយ​ដែរ ។ ប៉ុន្តែ​សំណាង​ដែរ មាន​ហាង​ខ្មែរ​នៅ​ក្បែរ​នោះ​នៅ​សល់​អន្សម​លក់​មួយ​ចំនួន ។

អន្សម​នៅ​ស្រុក​ដែល​ក្រ​ខ្សត់​ស្លឹក​ខ្ចប់ ត្រូវ​ប្រើ​បន្ទះ​អាលុយមីញ៉ូម​ជា​ជំនួយ

តារា​ចម្រៀង​បី​រូប​មក​ពី​ស្រុក​ខ្មែរ លោក សឿន រដ្ឋា អ្នកស្រី ពេជ្រ សុជាត និង​កញ្ញា​ ឃឹម ប៊ុនចិន្ដា

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in កំសាន្ត, អរិយធម៌​ខ្មែរ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s