ពាក្យ​ចចាមអារ៉ាម និង ការ​ឮ​គេ​ថា អាច​បង្ក​ឱ្យ​មាន​ជម្លោះ


ទោះបីជា​មាន «ពាក្យ​ចចាមអារ៉ាម» និង «ការ​ឮ​គេ​ថា​ដែល​ជា​ការ​និយាយ​ត​គ្នា» អំពី​អស្ថិរភាព​សង្គម​នៅ​ប្រទេស​កម្ពុជា​ក៏​ដោយ​ក៏​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​សម្រេច និង​បន្ត​កិច្ច​ដំណើរការ​របស់​ខ្លួន​ដោយ​ធ្វើការ​ប្រកាស​លទ្ធផល​បឋម​ផ្លូវការ​នៃ​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ចន្ទ ទី​១២ ខែសីហា​កន្លង​ទៅ ។ ខ្លួន​ខ្ញុំ​ផ្ទាល់​មាន​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ថា ពាក្យ​ចចាមអារ៉ាម និង​ការ​ឮ​គេ​ថា​ដែល​ជា​ការ​និយាយ​ត​គ្នា​អាច​បញ្ឆេះ​ជម្លោះ​ដែល​ប្រជាជន​កម្ពុជា​ធ្លាប់​បាន​ភ័យ​ខ្លាច​ពី​មុន​មក​ហើយ​កាលពី​អំឡុង និង​ក្រោយ​ព្រឹត្តិការណ៍​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា​កន្លង​ទៅ ។ ពាក្យ​ចចាមអារ៉ាម​និង​ការ​ឮ​គេ​ថា ដែល​ជា​ការ​និយាយ​ត​គ្នា​នេះ ហាក់​បី​ដូចជា​មាន​ន័យ​ប្រហាក់​ប្រហែល​គ្នា​នៅ​ក្នុង​ភាសា​ខ្មែរ តែ​តាម​ផ្លូវច្បាប់ ពាក្យ​ទាំង​ពីរ​នេះ​មានការ​បកស្រាយ​ខុស​គ្នា ។

តាម​វចនានុក្រម​អកហ្វដ ពាក្យ «ចចាមអារ៉ាម» មាន​ន័យ​ថា «…​ការ​ផ្សព្វផ្សាយ​រឿងរ៉ាវ ឬ​ហេតុការណ៍​អ្វី​មួយ​ដែល​ជា​រឿង​មិន​ពិត ឬ​ការ​ពិត​ប្រកប​ដោយ​ភាព​មន្ទិល​សង្ស័យ​នៅឡើយ» ។ ជា​ធម្មតា​ពាក្យ «ចចាមអារ៉ាម» កើត​ចេញពី​ការ​និយាយ​ត​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ដោយ​គ្មាន​ប្រភព​ណា​ច្បាស់​លាស់​ឡើយ ដោយ​បម្រើ​គោលបំណង​អ្វី​មួយ​របស់​បុគ្គល​ ឬ​ក្រុម​ណា​មួយ ។ ពាក្យ​នេះ​ក៏​មាន​អត្ថន័យ​ប្រហាក់​ប្រហែល​ទៅ​នឹង​ពាក្យ «ការ​ឮ​គេ​ថា​ដែល​ជា​ការ​និយាយ​ត​គ្នា» ដែរ ។ វចនានុក្រម​ច្បាប់​បកស្រាយ​អត្ថន័យ​នៃ​ពាក្យ «ការ​ឮ​គេ​ថា​ដែល​ជា​ការ​និយាយ​ត​គ្នា» ថា «សក្ខីកម្ម​អ្វីមួយ​ដែល​ត្រូវ​បាន​រៀបរាប់​ដោយ​សាក្សី​ណា​ម្នាក់​ដែល​សាក្សី​នោះ​មិន​បានដឹង​ហេតុការណ៍​នោះ​ដោយ​ផ្ទាល់​ទេ តែ​ដឹង​និង​ឮ​តាម​អ្នក​ផ្សេង​ទៀត​និយាយ​ឬ​ក៏​រឿងរ៉ាវ​នោះ​ពឹង​លើ​មនុស្ស​មួយ​ផ្សេង​ទៀត​ជា​ជាង​សាក្សី​ម្នាក់​នោះ​ផ្ទាល់» ។ ពាក្យ​ទាំង​ពីរ​នេះ​រៀបរាប់​ពី​របៀប​ដែល​ព័ត៌មាន​អាច​រាលដាល​ដោយ​គ្មាន​ប្រភព និង​ការ​បញ្ជាក់​ច្បាស់លាស់​ប៉ុន្តែ «ការ​ឮ​គេ​ថា​ដែល​ជា​ការ​និយាយ​ត​គ្នា» អាច​ត្រូវ​បាន​បញ្ជាក់​តាម​ផ្លូវច្បាប់ តាម​រយៈ​តាម​ការ​ផ្ទៀងផ្ទាត់​ជាមួយ​ឯកសារ ឬ​សក្ខីកម្ម​ជា​ពិសេស​នៅ​ក្នុង​តុលាការ ។

វា​សឹងតែ​ជា​រឿង​ធម្មតា ដែល​សង្គម​កម្ពុជា​រស់នៅ​ជាមួយនឹង​ហេតុការណ៍​មិន​ពិត​ដែល​ទី​បញ្ចប់​ភាព​ស្មោះត្រង់​របស់​ប្រជាជន​ និង​ប្រទេស​ជាតិ​របស់​ខ្លួន​ឋិត​នៅ​ក្នុង​ភាព​គ្រោះថ្នាក់ ។ ថ្មីៗ​នេះ​ពាក្យ​ចចាមអារ៉ាម​អំពី​ជម្លោះ​កំពុង​តែ​សាយភាយ​ក្រោយ​ពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ត្រូវ​បាន​ប្រកាស ។​

ក្នុង​អំឡុង​ថ្ងៃ​បោះ​ឆ្នោត ពាក្យ​ចចាមអារ៉ាម​មួយ​បាន​សាយភាយ​ទូទាំង​រាជធានី​ភ្នំពេញ​ថា មាន​ការ​ចល័ត​ទ័ព​ដែល​ជា​សញ្ញា​ថា​សង្គ្រាម​នឹង​អាច​ផ្ទុះ​ឡើង ។ មួយ​សន្ទុះ​ក្រោយ​មក​ ទើប​លេច​ឮ​ព័ត៌មាន​ថា​មាន​កូដកម្ម​មួយ​នៅ​ស្ទឹងមានជ័យ​ដែល​រថយន្ត​ពីរ​គ្រឿង​របស់​កង​រាជអាវុធហត្ថ​ត្រូវ​បាន​ដុត​បំផ្លាញ​ដោយ​ក្រុម​កូដករ ។ ជាមួយ​គ្នា​នោះ​ដែរ ពាក្យ​និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ធ្វើ​ឱ្យ​ប្រជាជន​មាន​ភាព​ភ័យ​ស្លន់ស្លោ តក់ស្លុត និង​ប្រញាប់​ប្រញាល់​ទិញ​អង្ករ ​ប្រេងសាំង និង​របស់​របរ​ផ្សេងៗ​ទៀត​ទុក​ដើម្បី​បង្ការ​ពេល​មាន​ជម្លោះ ។​

ពីរ​បី​ថ្ងៃ​ក្រោយ​ថ្ងៃ​ការ​បោះ​ឆ្នោត គណបក្ស​សង្គ្រោះជាតិ​ដឹកនាំ​ដោយ សម រង្ស៊ី បាន​គំរាម​ថា​នឹង​ធ្វើ​មហា​បាតុកម្ម​ទូទាំង​ប្រទេស ចំណែក​ឯ​គណបក្ស​ប្រជាជន​កម្ពុជា​ឯណេះ​វិញ​ បាន​បង្កើន​កម្លាំង​និង​វត្តមាន​កង​ប្រដាប់​អាវុធ​ក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​រក្សា​សន្តិសុខ​ និង​សណ្តាប់ធ្នាប់​សង្គម ។ ពេល​មាន​សកម្មភាព​បែប​នេះ​ ពាក្យ​ចចាមអារ៉ាម​កាន់តែ​រីកសាយ​ភាយ​ថែម​ទៀត​ថា ផ្លូវ​ខ្លះ​ក្បែរ​វិមាន​ឯករាជ្យ ត្រូវ​បាន​បិទ​មិន​ឱ្យ​មាន​ចរាចរណ៍​ឆ្លងកាត់ ដែល​ប្រជាជន​មើល​ឃើញ​ថា ភាព​វឹកវរ​នឹង​កើត​មាន​ឡើង ។ អំឡុង​ពេល​នេះ ការ​ចល័ត​កង​ប្រដាប់​អាវុធ​ចូល​ក្នុង​រាជធានី​ភ្នំពេញ​បាន​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ថែម​មួយ​កម្រិត​ទៀត​ទូទាំង​ប្រទេស ។ ពាក្យ​ចចាមអារ៉ាម​ ឬ​ការ​ឮ​គេ​ថា​ដែល​ជា​ការ​និយាយ​ត​គ្នា​អំពី​ជម្លោះ​លេច​ឡើង​កាន់តែ​ច្បាស់​ប្រសិនបើ​គណបក្ស​សង្គ្រោះជាតិ​បន្ត​មាន​គម្រោង​ធ្វើ​បាតុកម្ម​ដែល​អាច​នឹង​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា​ដោយ​ប្រការ​ណាមួយ​នោះ ។ ប្រសិនបើ​ហេតុការណ៍​នេះ​កើតឡើង​ពិតប្រាកដ​មែន ឈាម​ខ្មែរ​ប្រាកដជា​ហូរ​ទៀត​ជា​មិន​ខាន ដែល​ប្រការ​នេះ ប្រជាជន​កម្ពុជា​លែង​ត្រូវការ​ទៀត​ហើយ ។

ក្រោយ​ពី​លទ្ធផល​ឆ្នោត​ផ្លូវការ​បឋម​លើក​ទី​មួយ​ត្រូវ​បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ ទី​១២ ខែ​សីហា កន្លង​ទៅ មាន​ការ​លេចឮ​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​នៅ​ទូ​ទាំង​ប្រទេស ។ អ្នកគាំទ្រ​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ​បាន​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ផ្សេងៗ​ជា​ច្រើន​រួម​ទាំង​ភាព​សុទិដ្ឋិនិយម​ផង និង​ក្តី​បារម្ភ​ផង ។​

និស្សិត​ឆ្នាំ​ទី​បួន​ម្នាក់​ឈ្មោះ រ៉េន ចាន់រិទ្ធ អាយុ​២៨​ឆ្នាំ និង​ជា​អ្នកគាំទ្រ​របស់​គណបក្ស​សង្គ្រោះជាតិ​បាន​ឮ​ព័ត៌មាន​ថា មនុស្សម្នា​មាន​ការ​ខកចិត្ត​ជា​ខ្លាំង​ទៅ​នឹង​លទ្ធផល​ឆ្នោត​ដែល​បាន​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ជា​ពិសេស​ក្នុង​ស្រទាប់​យុវជន ដែល​មាន​ការ​ខកចិត្ត​ជា​ខ្លាំង មិន​ត្រឹមតែ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ប៉ុណ្ណោះ​ទេ ។ មាន​ពាក្យ​ចចាមអារ៉ាម​ទៀត​ថា អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​មិន​ចង់​ឱ្យ​លោក​សម រង្ស៊ី ចូលរួម​បែងចែក​អំណាច​ជាមួយ​គណបក្ស​កាន់​អំណាច​ទេ ។ ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ដែល​ជា​មធ្យោបាយ​ដ៏​ពេញចិត្ត​បំផុត​គឺ​ការ​ទាមទារ​ឱ្យ​មាន​អង្គភាព​ឯករាជ្យ​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​មិន​ប្រក្រតី​ទាំងឡាយ​ដែល​បាន​កើត​ឡើង​ក្នុង​អំឡុង​ពេល​នៃ​ការ​បោះ​ឆ្នោត ។ យុវនារី​ម្នាក់​ឈ្មោះ លីនដា អាយុ​១៩​ឆ្នាំ រស់នៅ​ទីក្រុង​ភ្នំពេញ បាន​និយាយ​ថា គាត់​ឮ​ពាក្យ​ចចាមអារ៉ាម​ថា​នឹង​មាន​ជម្លោះ​ប្រដាប់​អាវុធ​នៅ​រាជធានី​ភ្នំពេញ ។ ថ្លៃ​អាហារ​ចាប់​ផ្តើម​ឡើង​ថ្លៃ​ខ្លាំង ។ ក្នុង​នាម​ជា​អ្នកគាំទ្រ​ម្នាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា លីនដា មាន​ក្តី​បារម្ភ​ថា បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នឹង​បង្ក​ឱ្យ​មាន​ការ​រាំងស្ទះ​ដល់​ការ​អភិវឌ្ឍ​ជាតិ ។ ខុស​ពី ចាន់រិទ្ធ លីនដា មាន​ក្តី​សុទិដ្ឋិនិយម​ថា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ​នឹង​ដោះស្រាយ​ជម្លោះ​ជាមួយ​គ្នា​ដោយ​សន្តិវិធី ។​

សំណួរ​គឺថា តើ​វិធានការ​បែប​ណា​ដែល​ប្រជាជន​កម្ពុជា​គួរតែ​ចាត់​ដើម្បី​ទប់ស្កាត់​ពាក្យ​ចចាមអារ៉ាម​ដែល​អាច​បង្ក​ឱ្យ​មាន​ភាព​អសណ្តាប់ធ្នាប់​នៅ​ក្នុង​សង្គម ? ចម្លើយ​គឺ​សាមញ្ញ​បំផុត ។ ប្រជាជន​កម្ពុជា​ត្រូវ​តែ​ធ្វើ​ជា​អ្នកត្រួតត្រា​ពាក្យ​ចចាមអារ៉ាម និង​ការ​ឮ​គេ​ថា​ដែល​ជា​ការ​និយាយ​ត​គ្នា ជា​ជាង​ទុក​ឱ្យ​ពាក្យ​ចចាមអារ៉ាម​នោះ​គ្របដណ្តប់​យើង​វិញ ។ បើ​ធ្វើ​ដូច្នេះ​បាន​អ្នកនយោបាយ​នឹង​មិន​អាច​ប្រើប្រាស់​ប្រជាជន​បាន​ឡើយ ។ ក្នុង​នាម​ជា​ម្ចាស់​នៃ​រដ្ឋ​មួយ​ដែល​មាន​បូរណភាព​ដែនដី​ត្រឹមត្រូវ ប្រជាជន​កម្ពុជា​បាន​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​រួច​ទៅ​ហើយ​តាម​រយៈ​ការ​បោះ​ឆ្នោត​ឱ្យ​គណបក្ស​នយោបាយ​ដែល​ខ្លួន​ពេញចិត្ត ។ ទង្វើ​បែប​នេះ​ស​បញ្ជាក់​ពី​កាតព្វកិច្ច​ល្អ​របស់​ពលរដ្ឋ ដូច្នេះ​វា​ជា​រឿង​មិន​សក្តិ​សម​ទាល់តែ​សោះ​ដែល​គណបក្ស​នយោបាយ​ណា​មួយ​យក​ប្រជាជន​ឱ្យ​ប្រឈម​មុខ​ទៅ​នឹង​ស្ថានភាព​វឹកវរ​បែប​នេះ​ទៀត​នោះ ។ ការ​អនុវត្ត​តាម​បែប​ប្រជាធិបតេយ្យ​របស់​ប្រជាជន​កម្ពុជា​បាន​បង្ហាញ​នូវ​ការ​ជំទាស់​ទៅ​នឹង​គំរូ​នៅ​ប្រទេស​មួយ​ចំនួន​នៅ​អាហ្វ្រិក​ខាងជើង​ដែល​ប្រជាជន​បាន​បង្កើត​បដិវត្តន៍​បះបោរ​ទៅ​នឹង​របប​ណាមួយ​ដែល​ខ្លួន​មិន​ពេញចិត្ត ។ ប្រជាជន​កម្ពុជា​បាន​ប្រើប្រាស់​ប្រជាធិបតេយ្យ​តាម​រយៈ​ការ​បោះ​ឆ្នោត​ជា​ជាង​ការ​បះបោរ ។​

គណបក្ស​ប្រជាជន​កម្ពុជា​គួរតែ​បញ្ឈប់​ការ​ប្រើប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ ដើម្បី​បង្ក្រាប​ពលរដ្ឋ​របស់​ខ្លួន​តទៅ​ទៀត​ ចំណែកឯ​គណបក្ស​សង្គ្រោះជាតិ​ឯណេះ​វិញ​ គួរតែ​ឈប់​ប្រើប្រាស់​ប្រជាជន​របស់​ខ្លួន ជា​ពិសេស​យុវជន ឱ្យ​ចូលរួម​ធ្វើ​មហា​បាតុកម្ម​ដែល​បង្ក​ឱ្យ​មាន​អស្ថិរភាព​នៅ​ក្នុង​ប្រទេស ។ គណបក្ស​ទាំង​ពីរ​គួរតែ​ដោះស្រាយ​បញ្ហា​ដោយ​វិធី​សម​ស្រប​ណា​មួយ​ដែល​អាច​ទទួលយក​បាន​ទាំង​សងខាង ដោយ​មិន​បង្ក​ឱ្យ​មាន​ជម្លោះ​ណា​មួយ​កើត​ឡើង ។​ ការ​ប្រើប្រាស់​ជម្លោះ​មក​ដោះស្រាយ និង​នាំ​ប្រទេស​ជាតិ​ឱ្យ​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​អវិចី ឬ​ធ្លាក់​ទៅ​ក្នុង​សម័យ​មួយ​ដែល​អស្ថិរភាព​នៅ​ក្នុង​សង្គម​នឹង​កើត​ឡើង​ម្តង​ទៀត ក្រោយ​ពី​ប្រទេស​យើង​បាន​ពើបប្រទះ​នូវ​ជម្លោះ​ផ្ទៃ​ក្នុង សង្គ្រាមស៊ីវិល និង​អំពើ​ប្រល័យ​ពូជសាសន៍​អស់​រយៈពេល​ជា​យូរ​មក​ហើយ ។​

គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ​គួរតែ​សិក្សា​ពី​គោលនយោបាយ​របស់​ខ្លួន ក្នុង​ន័យ​ថា នឹង​អាច​បម្រើ​ដល់​ប្រយោជន៍​ប្រជាជន និង​មាតុភូមិ​ជាទី​ស្រលាញ់​របស់​យើង​ទាំងអស់​គ្នា ។ ប្រជាជន​កម្ពុជា​គ្រប់​ស្រទាប់​វណ្ណៈ​ទាំងអស់​គួរតែ​ចាំ​ក្នុង​ចិត្ត​ថា​ ខ្លួន​គឺជា​ម្ចាស់​នៃ​ប្រទេស​ ហើយ​មិន​គួរ​ត្រូវ​ទទួល​រង​ក្នុង​ស្ថានភាព​ណា​មួយ ដោយ​ការ​ញុះញង់​ពី​សំណាក់​គណបក្ស​នយោបាយ​ណាមួយ​ទេ រួម​ទាំង​គណបក្ស​កំពុង​កាន់​អំណាច និង​គណបក្សជំទាស់ ។

អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក ចន កេណ្ណឺឌី បាន​និយាយ​ថា «សូម​កុំ​សួរ​ថា​តើ​ប្រទេស​របស់​អ្នក​អាច​ជួយ​អ្វី​ខ្លះ​ដល់​អ្នក តែ​សូម​សួរ​ខ្លួនឯង​វិញ​ថា តើ​អ្នក​អាច​ជួយ​អ្វី​ខ្លះ​ដល់​ប្រទេស​របស់​អ្នក» ។ ពាក្យ​នេះ​ប្រហែលជា​សក្តិ​សម​ទៅ​នឹង​បរិបទ​កម្ពុជា​សព្វថ្ងៃ​ណាស់ ដែល​គណបក្ស​ទាំង​ពីរ​គួរតែ​គិត​រួម​គ្នា​ដើម្បី​អភិវឌ្ឍ​ប្រទេស និង​ដឹកនាំ​ប្រទេស​ឆ្ពោះទៅ​រក​វឌ្ឍនភាព​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​បណ្តា​ប្រទេស​ផ្សេង​ទៀត​នៅ​អាស៊ី​អាគ្នេយ៍ និង​អារ្យ​ប្រទេស​នានា​លើ​លោក ។ គណបក្ស​ដែល​កំពុង​តែ​ប្រកួតប្រជែង​គ្នា​គួរតែ​រៀន​ពី​វិធី​ដោះស្រាយ​ដោយ​សន្តិវិធី​ប្រសើរ​ជាង ចំណែកឯ​កងទ័ព​ និង​ប្រជាជន ជា​ពិសេស​យុវជន មិន​គួរ​ធ្វើ​ឱ្យ​ពាក្យ​ចចាមអារ៉ាម​ និង​ការ​ឮ​គេ​ថា​ដែល​ជា​ការ​និយាយ​ត​គ្នា នាំ​ប្រទេស​ជាតិ​ឱ្យ​ធ្លាក់​ក្នុង​ភាព​ចលាចល​ទេ ៕

លី សុខ​ឃាង
ទស្សនាវដ្ដី​ស្វែងរកការពិត លេខ​១៦៤ ខែ​សីហា ឆ្នាំ​២០១៣
 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in រឿងរ៉ាវទាន់កាល, វាក្យសព្ទខ្មែរ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s