បទពិសោធន៍​នៃ​ការ​ស្ដាប់​វិទ្យុ​តាម​អ៊ីនធឺណិត


និយាយ​លេង​សើច​អី ខ្ញុំ​មាន​បទពិសោធន៍​ស្ដាប់​វិទ្យុ​ព័ត៌មាន​តាម​អ៊ីនធឺណិត​យូរ​គួរ​សម​ដែរ​ហើយ ដោយ​សារ​មិន​មាន​វិទ្យុ​ចាប់​រលក​សំឡេង​ខ្លី ឬ​មិន​អាច​ស្ដាប់​តាម​ការ​កំណត់​ផ្សាយ​បាន ឬ​ដោយ​មិន​មាន​វត្តមាន​នៅ​ក្នុង​ស្រុក ។ ខ្ញុំ​ចូល​ចិត្ត​ស្ដាប់​វិទ្យុ​ព័ត៌មាន​ដោយ​ហេតុ​ថា ចំណាយ​ពេល​គ្រាន់​តែ​មួយ​ឬ​ពីរ​ម៉ោង​ពេល​កំពុង​ធ្វើ​ការងារ​កំប៉ិកកំប៉ុក​នៅ​ផ្ទះ ឬ​ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ ខ្ញុំ​អាច​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​បំផុត​ដែល​បាន និង​កំពុង​កើត​ឡើង​នៅ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក និង​ទទួល​បាន​ចំណេះ​ដឹង​ពី​ការ​វិភាគ​លម្អិត​ផ្លូវ​ច្បាប់ រដ្ឋបាល នយោបាយ និង​សេដ្ឋកិច្ច ពី​សំណាក់​អ្នកឯកទេស​លើ​បញ្ហា​ផ្សេងៗ ។ ក្រៅ​ពី​នេះ ខ្ញុំ​ត្រង​ស្ដាប់​យក​ពាក្យ​ថ្មីៗ​ប្លែកៗ និង​របៀប​តែង​ប្រយោគ​របស់​អ្នក​រាយការណ៍​នីមួយៗ ។

ពី​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០១២ ខ្ញុំ​និយម​ស្ដាប់​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​បារាំង​អន្តរជាតិ (តាំង​ពី​មិន​ទាន់​មាន​ផ្សាយ​ចូល​ស្រុកខ្មែរ) និង​ម្ដងម្កាល​វិទ្យុ​អេប៊ីស៊ី​អូស្ត្រាលី សំឡេង​សហរដ្ឋ​អាមេរិក ​ វិទ្យុ​ខ្មែរពិភពលោក (ចាប់​ពី​ឆ្នាំ​២០១០) និង​វិទ្យុ​ខ្មែរប៉ុស្តិ៍ (ពី​ឆ្នាំ​២០១២) ។ ការ​ស្ដាប់​គឺ​ធ្វើ​ឡើង​ដោយ​ទាញ​យក​សំឡេង​ផ្សាយ​ពី​វេបសាយ​របស់​ស្ថានីយ៍​វិទ្យុ​ទាំង​នេះ​ពី​កន្លែង​ការងារ ឬ​សាលារៀន មក​ស្ដាប់​នៅ​ផ្ទះ ឬ​ពេល​ធ្វើ​ដំណើរ ។

ចាប់​ពី​ឆ្នាំ​២០១២ វិទ្យុ​ផ្សាយ​ជា​ភាសា​ខ្មែរ​តាម​អ៊ីនធឺណិត​ដុះ​រីក​ដូច​ផ្សិត មាន​ទាំង​វិទ្យុ​កំសាន្ត និង​វិទ្យុ​ព័ត៌មាន ហើយ​ទូរសព្ទ​ទំនើប (Smart phone) ក៏​បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​អាច​ឲ្យ​ស្ដាប់​វិទ្យុ​នានា​បាន​តាម​រយៈ​អែប (App) ។

នៅ​ក្នុង​អត្ថបទ​នេះ ខ្ញុំ​សូម​លើក​យក​អែប​ចំនួន​២​សម្រាប់​ទូរសព្ទ​អែនដ្រយ (Android) ដែល​ខ្ញុំ​ពេញ​ចិត្ត​ជាង​គេ​មក​អត្ថាធិប្បាយ​ជូន គឺ Khmer Live TV និង Radio Khmer ។ បន្ទាប់​មក អំពី​ទស្សនៈ​យល់​ឃើញ​របស់​ខ្ញុំ​អំពី​ស្ថានីយ​វិទ្យុ​ព័ត៌មាន​នីមួយៗ ។

អែប​ទូរសព្ទ Khmer Live TV

អែប​ទូរសព្ទ Khmer Live TV

នៅ​លើ​ផ្ទាំង​ដំបូង​នៃ​អែប​នេះ​មាន​ប៊ូតុង​ចំនួន​៤​គឺ ៖

  1. ទូរទស្សន៍ (TV): មាន​កម្មវិធី​ផ្សាយ​បន្ត​ផ្ទាល់​ពី​ស្ថានីយ​ទូរទស្សន៍​បាយ័ន បាយ័ន​ព័ត៌មាន ទូរទស្សន៍​ជាតិ និង​ទូរទស្សន៍​ប៉ុស្តិ​លេខ​៣​រាជធានី​ភ្នំពេញ ។
  2. កម្មវិធី​រក្សា​ទុក (Archive): មាន​ផ្ទុក​ទៅ​ដោយ​កម្មវិធី​កំសាន្ត​នានា និង​ព័ត៌មាន​ដែល​បាន​ថត​ចម្លង​ទុក​ពី​បណ្ដា​ស្ថានីយ​ទូរទស្សន៍​ខាងលើ ។
  3. វិទ្យុ (Radio): មាន​បញ្ជី​ឈ្មោះ​ស្ថានីយ​វិទ្យុ​នានា​រៀបចំ​ជា​ពីរ​ក្រុម​គឺៈ កម្មវិធី​រក្សា​ទុក និង​ផ្សាយ​ផ្ទាល់ ។
    • ក្រុម​កម្មវិធី​ព័ត៌មាន​រក្សា​ទុកៈ វិទ្យុ​បារាំង​អន្តរជាតិ អាស៊ីសេរី វាយោ ខ្មែរប៉ុស្តិ៍ សំឡេង​សហរដ្ឋអាមេរិក អេប៊ីស៊ី​អូស្ត្រាលី និង​វិទ្យុ​ខ្មែរ​ក្រុង​ម៉ុងរ៉េអាល ។
    • ក្រុម​ស្ថានីយ​ផ្សាយ​ផ្ទាល់ៈ វិទ្យុ​បារាំង​អន្តរជាតិ កោះសន្តិភាព (បាត់ដំបង និង​ភ្នំពេញ) បាយ័ន វាយោ (ភ្នំពេញ សីហនុ និង​បាត់ដំបង) ក្រុងសៀមរាប និង​វិទ្យុ​មង្គលសុវណ្ណ ។
    • ព្រឹត្តិការណ៍ (Event): មាន​ផ្ទុក​ទៅ​ដោយ​ឯកសារ​ស្ដីពី​ព្រឹត្តិការណ៍​ផ្សេងៗ ដូច​ជា​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​នេះ​ប្រតិភូ​នោះ​ជាដើម ។

អែប​ទូរសព្ទ Radio Khmer

អែប​ទូរសព្ទ Radio Khmer

អែប Radio Khmer នេះ មាន​តែ​ស្ថានីយ​វិទ្យុ​ប៉ុណ្ណោះ ហើយ​កំណែ​ពី​មុន​មិន​សូវ​មាន​ចំនួន​ស្ថានីយ​ច្រើន​ទេ ។ ប៉ុន្តែ បន្ទាប់​ពី​កំណែ​បន្ទាន់កាល​លើក​ចុង​ក្រោយ​មក ឃើញ​មាន​ស្ថានីយ​ច្រើន​សម្បូរ​បែប ។ នៅ​ផ្ទាំង​ខាង​មុខ​នៃ​អែប​នេះ​មាន​ប៊ូតុង​ចំនួន​តែ​៣​គឺ ៖

  1. កម្មវិធី​រក្សា​ទុក (Archives): មាន​ផ្ទុក​ទៅ​ដោយ​កម្មវិធី​រក្សា​ទុក​ប្រចាំ​ថ្ងៃ​របស់​ស្ថានីយ​ជាច្រើន​គឺៈ វិទ្យុ​ខ្មែរប៉ុស្តិ៍ អេប៊ីស៊ី​អូស្ត្រាលី អាស៊ីសេរី បារាំង​អន្តរជាតិ សំឡេង​សហរដ្ឋ​អាមេរិក សំឡេង​សង្គ្រោះជាតិ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា សំឡេង​ប្រជាធិបតេយ្យ សំឡេង​កម្ពុជាក្រោម ព្រះសង្ឃ​ខ្មែរក្រោម​ពិភពលោក សម្បុក​ឃ្មុំ និង​ខ្មែរ​ពិភពលោក ។
  2. ផ្សាយផ្ទាល់ (Lives): មាន​ផ្សាយ​ផ្ទាល់​ពី​ស្ថានីយ​វិទ្យុ​វាយោ (បាត់ដំបង) សុវណ្ណអង្គរ (បាត់ដំបង) វិទ្យុយើង សម្បុកឃ្មុំ មជ្ឈមណ្ឌល​ព័ត៌មាន​ស្ត្រី កោះសន្តិភាព (បាត់ដំបង) មង្គលសុវណ្ណ (សៀមរាប) ហង្សមាស តន្ត្រីខេមរា (ចម្រៀង​ពី​ដើម) ចាប៉ី (ចម្រៀង​សម័យ​ថ្មី) និង​វិទ្យុ​សំឡេង​ខេមរា ។
  3. បន្ទាន់កាល​ស្ថានីយ (Sync): សម្រាប់​ធ្វើ​បច្ចុប្បន្នភាព​នៃ​បញ្ជី​ឈ្មោះ​បណ្ដា​ស្ថានីយ​វិទ្យុ​របស់​អែប ។

តើ​គួរ​ស្ដាប់​ស្ថានីយ​មួយ​ណា ?

ចំនួន​ស្ថានីយ​មាន​ច្រើន​គួរ​សម អាច​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត​ថា​នឹង​ស្ដាប់​មួយ​ណា ។ ខាងក្រោម​នេះ ខ្ញុំ​សូម​ណែនាំ​តែ​ស្ថានីយ​ព័ត៌មាន​ប៉ុណ្ណោះ មិន​ពាក់ព័ន្ធ​នឹង​ស្ថានីយ​កំសាន្ត​ទេ ព្រោះ​កម្មវិធី​កំសាន្ត​ប្រែប្រួល​ខ្លាំង​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​ទៀត ។

  1. ប្រសិនបើ​លោក​អ្នក​មាន​ពេល ១​ម៉ោង/ថ្ងៃ សូម​ស្ដាប់​វិទ្យុ​បារាំង​អន្តរជាតិ ។ លោក​អ្នក​អាច​ក្ដាប់​បាន​គ្រប់គ្រាន់​នូវ​ព័ត៌មាន​សំខាន់ៗ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ស្រុក​ខ្មែរ និង​នៅ​លើ​ឆាក​អន្តរជាតិ ។ ការ​រាយការណ៍ និង​បទវិភាគ​នានា​ធ្វើ​ឡើង​ប្រកប​ដោយ​ភាព​ឯករាជ្យ​មិន​លម្អៀង ។
  2. ប្រសិនបើ​លោកអ្នក​មាន​ពេល ២​ម៉ោង/ថ្ងៃ សូម​ស្ដាប់​វិទ្យុ​បារាំង​អន្តរជាតិ រួម​នឹង​សំឡេង​សហរដ្ឋ​អាមេរិកអាស៊ីសេរី ។ សម្រាប់​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​គឺ​ពង្រីក​បន្ថែម​លើ​ព័ត៌មាន​អន្តរជាតិ ជំហរ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ហើយ​ព័ត៌មាន​មាន​ទំនោរ​អវិជ្ជមាន​អំពី​រដ្ឋាភិបាល​ខ្មែរ ។ រីឯ​វិទ្យុ​អាស៊ីសេរី​ផ្ដោត​លើ​ព័ត៌មាន​ពី​ស្រុក​ខ្មែរ​ដ៏​ស៊ី​ជម្រៅ តាំង​ពី​ព្រះសង្ឃ​វាយ​គ្នា​នៅ​វត្ត​ណា នរណា​គំរាម​នរណា ឬ​ក៏​សឹង​ថា​បាត់​មាន់​មួយ​នៅ​ភូមិ​ណា​ក៏​រាយការណ៍​ដែរ ។ ព័ត៌មាន​ភាគ​ច្រើន​លើស​លុប​របស់​វិទ្យុ​នេះ​ក៏​មាន​ទំនោរ​អវិជ្ជមាន​ពី​រដ្ឋាភិបាល​ខ្មែរ​ដែរ ។
  3. ប្រសិនបើ​លោក​អ្នក​មាន​ពេល ៣​ម៉ោង/ថ្ងៃ សូម​ស្ដាប់​វិទ្យុ​បារាំង​អន្តរជាតិ វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​ឬ​អាស៊ីសេរី បូក​នឹង​វិទ្យុ​ខ្មែរពិភពលោកខ្មែរប៉ុស្តិ៍ ។ វិទ្យុ​ខ្មែរ​ពិភពលោក និង​ខ្មែរប៉ុស្តិ៍ ផ្ដល់​ចំណេះ​ដឹង​បន្ថែម​ពី​សកម្មភាព​នានា​របស់​ខ្មែរ​រស់​នៅ​បរទេស និង​តើ​ខ្មែរ​ទាំង​នោះ​យល់​យ៉ាង​ណា​អំពី​ស្ថានភាព​នយោបាយ​នៅ​ស្រុក​ខ្មែរ ។ ព័ត៌មាន​មាន​លក្ខណៈ​ប្រឆាំង​ខ្លាំង​ចំពោះ​រដ្ឋាភិបាល​ខ្មែរ ទំនោរ​ទៅ​លោកសេរី និង​ច្រើន​លើក​ឡើង​ពី​សម្អប់​ជាតិ​សាសន៍​ដែល​នៅ​ក្បែរ​ខាង​ខ្មែរ ។
  4. ប្រសិនបើ​លោកអ្នក​មាន​ពេល​លើស​ពី​៤​ម៉ោង/ថ្ងៃ គឺ​អាច​ពិចារណា​ស្ថានីយ​ដែល​បាន​ណែនាំ​ខាងលើ​ បូក​ជាមួយ​នឹង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស អេប៊ីស៊ី​អូស្ត្រាលី និង​សំឡេង​កម្ពុជាក្រោម ។ ក្រៅ​ពី​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ដែល​ផ្ដោត​តែ​លើ​រឿងរ៉ាវ​កើត​ឡើង​នៅ​កម្ពុជាក្រោម និង​ជនជាតិ​ខ្មែរក្រោម វិទ្យុ​ផ្សេង​ទៀត​ផ្ដល់​ព័ត៌មាន​លម្អៀង​គ្នា និង​ប្លែក​គ្នា​មួយ​ចំនួន តែ​ភាគ​ច្រើន​អាច​ជា​ព័ត៌មាន​ជាន់​គ្នា ។ អេប៊ីស៊ី​អូស្ត្រាលី​អាច​មាន​កម្មវិធី​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ប៉ុន្តែ​ព័ត៌មាន​ភាគ​ច្រើន​មិន​សូវ​ទាន់​សភាព​ការណ៍ ។

តាម​ការ​សង្កេត​ជា​ទូទៅ​គឺ​ថា ប្រសិន​បើ​លោក​អ្នក​ចង់​ដឹង​ឮ​អំពី​ស្រុក​ខ្មែរ​ជា​ឋាន​សួគ៌​ពោរពេញ​ទៅ​ដោយ​ភាព​រីកចម្រើន អភិវឌ្ឍ​នេះ​អភិវឌ្ឍ​នោះ សូម​ស្ដាប់​វិទ្យុ​ក្នុង​ស្រុក​ជាទូទៅ រួម​មាន វិទ្យុ​បាយ័ន និង​វិទ្យុជាតិ​ជាដើម ។ បើ​ចង់​ដឹង​ថា​ស្រុក​ខ្មែរ​ដូច​ឋាន​នរក ពោរពេញ​ដោយ​អំពើ​ពុក​រលួយ ផ្ដាច់ការ គ្មាន​ច្បាប់​ទម្លាប់ ជិត​បាត់បង់​ទឹកដី និង​ត្រូវ​គេ​ឈ្លានពាន សូម​ស្ដាប់​វិទ្យុ​ដែល​មាន​មូលដ្ឋាន​នៅ​បរទេស ជា​ពិសេស​វិទ្យុ​ដែល​បង្កើត​ដោយ​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ស្រុក ។ តែ​បើ​ចង់​បាន​ស្រុក​ខ្មែរ​ជា​ឋាន​មនុស្ស​លោក​ធម្មតា មិន​អាក្រក់​ពេក មិន​ល្អ​ពេក សូម​ស្ដាប់​វិទ្យុ​ឯករាជ្យ ដែល​បច្ចុប្បន្ន​ប្រហែល​មាន​តែ​បារាំង​អន្តរជាតិ​ទេ​ដែល​ប្រកាន់​ជំហរ​មិន​លម្អៀង​បាន​ល្អ ។

បើ​និយាយ​ពី​អ្នក​រាយការណ៍ ឬ​ម្ចាស់​កម្មវិធី​សម្រាប់​វិទ្យុ​នីមួយៗ​វិញ​ឃើញ​ថា អ្នក​រាយការណ៍​ឲ្យ​វិទ្យុ​បារាំង​អន្តរជាតិ​មាន​ចំណេះដឹង​ខ្ពស់ សិល្បៈ​តែង​និពន្ធ​ល្អ និង​ប្រើប្រាស់​ពាក្យពេចន៍​បាន​ត្រឹមត្រូវ ។ ប៉ុន្តែ​តាំង​ពី​ស្ថានីយ​នេះ​ដាក់​ទីតាំង​ផ្សាយ​ប្រចាំ​នៅ​ភ្នំពេញ​មក អ្នក​រាយការណ៍​ក្មេងៗ​ដែល​ចូល​មក​បម្រើការ​ក្រោយៗ ហាក់​មាន​បញ្ហា​ខ្លះៗ​ដែរ​ក្នុង​ការ​ប្រើប្រាស់​ពាក្យ​ពេចន៍ ។

វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក អត្ថបទ​ព័ត៌មាន​ភាគ​ច្រើន​បកប្រែ​ត្រង់ៗ​ពី​ភាសា​អង់គ្លេស (Direct translation) ជួន​កាល​ស្ដាប់​ទៅ​ទើស​ត្រចៀក និង​ពេល​ខ្លះ​ទាល់​តែ​ដឹង​ថា​អង់គ្លេស​គេ​និយាយ​ថា​ម៉េច​ ទើប​ឆាប់​យល់ ។ ចំណែក​អ្នក​កាន់​កម្មវិធី​ហេឡូ​វីអូអេ​វិញ ភាគ​ច្រើន​ហាក់​មិន​បាន​ស្រាវជ្រាវ​ឲ្យ​បាន​ស៊ី​ជម្រៅ​ពី​សាច់​រឿង​ (Background) ដែល​ខ្លួន​លើក​យក​មក​ពិភាក្សា ។ ជួនកាល ចោទ​ជា​សំណួរ​រាក់​ពេក​ដល់​វាគ្មិន ដែល​មិន​គួរ​ឲ្យ​អ្នក​កាន់​កម្មវិធី​សួរ​សោះ ។ បើ​អ្នក​ធ្វើ​សម្ភាសន៍​វិញ មិន​គោរព​ឋានន្តរស័ក្តិ​របស់​មន្ត្រី​ដែល​ខ្លួន​កំពុង​សម្ភាសន៍​សោះ ។ បើ​អាន​ជា​ព័ត៌មាន ខ្ញុំ​មិន​យល់​ទាស់​អ្វី​ទេ ហៅ​ថា លោក ឬ​លោកស្រី​ស្រេច​តែ​ចិត្ត​ចុះ ។ ប៉ុន្តែ​បើ​សម្ភាសន៍​ដោយ​ផ្ទាល់ គួរ​តែ​ហៅ​ថា លោកជំទាវ ឬ​ឯកឧត្ដម​ទើប​ជា​ការ​គួរ ។ ខ្មែរ​យើង​មាន​សុជីវធម៌​ណាស់ គួរ​តែ​ហៅ​អ្នក​ខ្ពស់​អ្នក​ទាប​ឲ្យ​ត្រូវ​តាម​ឋានៈ ។

សិល្បៈ​តែង​និពន្ធ​របស់​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី​គួរ​ឲ្យ​សរសើរ ជា​ពិសេស​ពេល​ឃ្លា​បើក​ឆាក​សាច់​រឿង ។ នេះ​ប្រហែល​មក​ពី​វា​ជា​ចំណុច​ខ្សោយ​របស់​ខ្ញុំ​ទេ​ដឹង ? ព័ត៌មាន​ធ្វើ​ឡើង​បាន​ស៊ី​ជម្រៅ និង​ទាន់កាល ជួនកាល​រឿង​ដែល​ទើប​កើត​ឡើង​ថ្មីៗ មាន​អ្នក​រាយការណ៍​ដល់​ទៅ​ពីរ​បី​នាក់​ ពី​គ្រប់​ជ្រុង​នៃ​រឿង ។ អ្នក​កាន់​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី មាន​ការ​ស្រាវជ្រាវ​ពី​ប្រធានបទ​របស់​ខ្លួន​បាន​ស៊ី​ជម្រៅ​គួរ​សម ។ បុព្វហេតុ​លើក​ឡើង​បាន​ច្បាស់​លាស់ ហើយ​សំណួរ​ដែល​ចោទ​សួរ​វាគ្មិន​គឺ​បាន​ស៊ី​ជម្រៅ ។ ប៉ុន្តែ​ជួនកាល ម្ចាស់​កម្មវិធី​ហាក់​ដើរ​ហួស​ពី​តួនាទី​របស់​ខ្លួន​ជា​អ្នក​សម្រប​សម្រួល​ ដោយ​ព្យាយាម​រុញ​វាគ្មិន​ឲ្យ​ទាល់​ច្រក ផ្ទប់​ជញ្ជាំង និង​ព្យាយាម​បញ្ចេញ​មតិ​ផ្ទាល់​ខ្លួន ។ ខ្ញុំ​យល់​ថា បើ​ពួកគេ​គ្រាន់​តែ​បញ្ជាក់​ប្រាប់​អ្នក​ស្ដាប់​ថា «លោក​ឬ​លោកស្រី​ហាក់​មិន​បាន​ឆ្លើយ​សំណួរ​ខ្ញុំ​អម្បាញ់មិញ​ទេ» រួច​បន្ត​ទៅ​សំណួរ​បន្ទាប់ ជា​ការ​គ្រប់គ្រាន់ ។

អ្នក​រាយការណ៍​ខ្មែរប៉ុស្តិ៍ ជាពិសេស​បទវិភាគ ច្រើន​តែ​បន្ថែម​ព័ត៌មាន​ឥត​ប្រយោជន៍​ច្រើន ។ បទវិភាគ​ខ្លះ​អាច​ធ្វើ​តែ​៥​នាទី​ចប់ មាន​ន័យ​គ្រប់គ្រាន់ បែរ​ជា​រៀបរាប់​វែង​អន្លាយ​ដល់​ទៅ​២០ ឬ​៣០​នាទី ជួនកាល​វែង​ពេក កាត់​ជា​ពីរ​វគ្គ ផ្សាយ​ពីរ​ថ្ងៃ​ទើប​ចប់ ។ រីឯ​បទ​សម្ភាសន៍​វិញ ភាគ​ច្រើន​ជា​សំណួរ​ដឹក​មុខ (Leading question) គឺ​រៀប​ដឹក​មុខ​អ្នក​ត្រូវ​សម្ភាសន៍​ឲ្យ​ឆ្លើយ​តាម​អ្វី​ដែល​ខ្លួន​ចង់​បាន ។ ស្ថានភាព​នេះ​មិន​ខុស​ពី​អ្នក​សម្ភាសន៍​ខ្មែរ​ពិភពលោក​ប៉ុន្មាន​ទេ ដែល​ភាគ​ច្រើន​ថែម​ទាំង​ធ្វើ​ឡើង​ដោយ​កំហឹង​ផ្ទាល់​ខ្លួន​ទៀត​ផង ។ ចំណែក​ឯ​នាទី​ពី​នេះ​ពី​នោះ​របស់​ខ្មែរពិភពលោក​នេះ​វិញ ភាគច្រើន​ជា​រឿង​ឥត​ប្រយោជន៍ និង​ហួស​វិស័យ​មនុស្ស ។ ប៉ុន្តែ​គេ​ក៏​អាច​ទាញ​យក​ប្រយោជន៍​ពី​នាទី​នេះ​បាន​ខ្លះ​ដែរ ។ យើង​អាច​ដឹង​បាន​ពី​គោលជំហរ​ និង​ចិត្ត​គំនិត​របស់​ម្ចាស់​កម្មវិធី ដែល​អាចជា​​ជំហរ​របស់​ខ្មែរ​នៅ​ក្រៅ​ស្រុក​ភាគច្រើន ស្វែង​យល់​ពី​ព្រឹត្តិការណ៍​ផ្សេងៗ យល់​ដឹង​ពី​ពាក្យ​ពេចន៍​ជេរ​ផ្ដាសា ពាក្យ​សាមញ្ញៗ​របស់​អ្នកស្រុក អាគមអូមអាម និង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ខ្មែរ​នៅ​ទសវត្សរ៍​៥០, ៦០ និង​៧០ ពេល​គាត់​និយាយ​ពី​រឿង​ផ្ទាល់​ខ្លួន ពី​មិត្តភក្តិ និង​ពី​អ្នកដទៃ ។

អ្នករាយការណ៍​ព័ត៌មាន​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ ភាគ​ច្រើន​ក្ដាប់​សាច់​រឿង​ដែល​ខ្លួន​រាយការណ៍​មិន​សូវ​បាន​ស៊ីជម្រៅ និង​ប្រើ​ពាក្យ​ពេចន៍​មិន​សូវ​បាន​ត្រឹមត្រូវ ។ ព័ត៌មាន​ភាគ​ច្រើន​គឺ​ទាន់​សភាព​ការណ៍ ។ ចំណែក​ឯ​វិទ្យុ​អេប៊ីស៊ី​អូស្ត្រាលី ព័ត៌មាន​ភាគ​ច្រើន​មិន​ទាន់​សភាព​ការណ៍​ទេ ។ រឿងរ៉ាវ​កើត​ថ្ងៃ​នេះ ទាល់​តែ​ស្អែក​ទើប​រាយការណ៍ ។ អ្នក​រាយការណ៍​ទៀត​សោត​ក៏​ហាក់​មិន​បាន​ស៊ីជម្រៅ​នៃ​សាច់រឿង ។ ខ្ញុំ​ចង់​សំដៅ​ទៅ​លើ​ដំណើរ​ដើម​ទង​នៃ​រឿង​ពី​មុន (Background) ហាក់​មាន​ការ​ខ្វះ​ចន្លោះ​សម្រាប់​ពិធីករ​នីមួយៗ ។

សរុប​ទៅ អ្នក​ថា​គឺ​បាន​តែ​ថា អ្នក​ធ្វើ​ទេ​ដែល​ពិបាក​នោះ ។ ជួនកាល​ការ​ខ្វះខាត​ដែល​បាន​រៀបរាប់​ខាងលើ អាច​បណ្ដាល​មក​ពី​កង្វះ​មធ្យោបាយ និង​សម្ភារៈ ព្រមទាំង​ថវិកា​ផង​ក៏​ថា​បាន ។ ទោះជា​យ៉ាងណា​ក៏​ដោយ​ចុះ ខ្ញុំ​បាន​រៀន​សូត្រ​ច្រើន​ណាស់​ពី​ការ​ស្ដាប់​វិទ្យុ​ទាំង​នេះ ។

លោក​លោកស្រី​ជា​ទី​មេត្រី ! ព័ត៌មាន​ជា​គ្រឿងផ្សំ​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ និង​ជា​អាវុធ​ក្នុង​ការ​ធ្វើ​សេចក្ដី​​សម្រេច​ចិត្ត ។ ទោះជា​ស្ដាប់​វិទ្យុ​ប្រភេទ​ណា​ក៏​ដោយ សូម​ចម្រាញ់​យក​តែ​ព័ត៌មាន​ណា​ដែល​មាន​ប្រយោជន៍​ មក​ធ្វើ​ការ​ថ្លឹងថ្លែង និង​វិភាគ​តាម​ទស្សនៈ​យើង​ផ្ទាល់ ពុំ​គួរ​យក​ទាំង​ពណ៌ និង​និន្នាការ​នយោបាយ​មក​ជាមួយ​ផង​ទេ ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​យើង​ផ្កាប់​មុខ​ទៅ​ម្ខាងៗ​បាន និង​អាច​ជាប់​គ្រោះ​វីរវក់ អន្តរាយ​ដល់​ខ្លួន​យើង​វិញ​ក៏​ថា​បាន ។

ប្រសិនបើ​លោក​អ្នក​ចូលចិត្ត​មើល​ទូរទស្សន៍ ក៏​អញ្ជីញ​មើល​ទូរទស្សន៍​បន្ត​ទៀត​ចុះ !  😦 

 
Advertisements

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in កំសាន្ត, ឈូកមតិ and tagged , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s