ពន្ធុវិទ្យា និង បសិដ្ឋកម្ម​ពូជ​ស្រូវ

ព្រះមេ ឬ ព្រះមាតា ឬ ព្រះប្រពៃស្រព

ដំណាំ​ស្រូវ​នៅ​កម្ពុជា

ពិនិត្យ​ដោយ បណ្ឌិត ម៉ែន សារុម

ជំពូក​៥

ពន្ធុវិទ្យា និង បសិដ្ឋកម្ម​ពូជ

ម៉ែន សារុម និង ពិត ខុនហ៊ែល

៥.១. ពន្ធុសាស្ត្រ​នៃ​ដំណាំ​ស្រូវ (Rice genetics)

ស្រូវ​គឺជា​រុក្ខជាតិ​ឯកវត្ស (Annual plant) ដែល​ត្រូវ​បាន​ចាត់​ទៅ​ក្នុង​ក្រុម​ឯកពិជបត្ត​រុក្ខជាតិ (Monocotyledon) ឬ រុក្ខជាតិ​ដែល​មាន​ពន្លក​ស្លឹក​មួយ​នៅ​ក្នុង​គ្រាប់ និង​ជា​រុក្ខជាតិ​ដែល​ត្រូវការ​រយៈ​ពន្លឺ​ថ្ងៃ​ខ្លី (Short day plant) ដើម្បី​បង្ក​កំណើត​ផ្កា ។ វា​គឺជា​រុក្ខជាតិ​ដែល​មាន​សក្តានុពល និង​វិសាលភាព​យ៉ាង​ធំធេង​ក្នុង​ការ​បន្សាំ​ទៅ​នឹង​ក្សេត្រ​បរិស្ថាន​ផ្សេងៗ​ដែល​មិន​មាន​លក្ខខណ្ឌ​អំណោយផល​ល្អ​ដល់​ការ​ដុះ​លូតលាស់ ដូចជា ភាពរាំងស្ងួត ទឹកជំនន់ កម្ដៅ​ទាប ឬ​ខ្ពស់ សំណើម​ទាប ឬ​ខ្ពស់ និង​នៅ​លើ​ដី​ដែល​មាន​ជាតិពុល ដូចជា​ពុល​ដែក និង​ពុល​លោហៈ​ផ្សេងៗ ឬ​នៅ​លើ​ដីជូរ ដូចជា​ដី​អាស៊ីត ឬ​នៅ​លើ​ដី​ប្រៃ ឬ​ដី​អាកាឡាំង​ជាដើម ។ល។ ក្រៅពី​នេះ ស្រូវ​ក៏​ត្រូវ​ប្រឈម​ផង​ដែរ​ទៅ​នឹង​ការ​បំផ្លាញ​ពី​សត្វល្អិត សត្វ​ចង្រៃ​ផ្សេងៗ និង​ជំងឺ​ទាំង​ក្នុង​ដំណាក់កាល​លូតលាស់ ក៏​ដូចជា​ក្រោយ​ពេល​ប្រមូលផល​យ៉ាងច្រើន​ថែម​ទៀត ។

៥.១.១. ប្រភព (Origin)

ស្រូវ​អាច​មាន​ប្រភព​នៅ​ក្នុង​តំបន់​នៃ​ភូមិភាគ​អាស៊ី​ខាងត្បូង និង​អាស៊ី​អាគ្នេយ៍ ដែល​ជា​តំបន់​ស្ថិត​នៅ​ចន្លោះ​ចាប់ពី​ជួរ​ភ្នំ​ហេមពាន្ត (Himalaya) នៃ​តំបន់​អាស្សាម (Assam, India) នៅ​ប៉ែក​ខាងជើង ដល់​ខ្ពង់រាប​ដេកាន (Deccan Plateau) នៅ​ប៉ែក​ខាងត្បូង​ប្រទេស​ឥណ្ឌា និង ភូមិភាគ​អាស៊ី​អាគ្នេយ៍​ដែល​រួម​មាន ប្រទេស​ភូមា ថៃ កម្ពុជា ឡាវ វៀតណាម ម៉ាឡេស៊ី និង ឥណ្ឌូណេស៊ី នា​ប្រមាណ ៣​លាន​ឆ្នាំ​មុន​គ្រិស្តសករាជ (Chaudhary, 1982, Chaudhary and Tran, 2001) (រូប ៥.១) ។ ការ​លើក​ឡើង​នេះ​បាន​ត្រូវ​គាំទ្រ​ដោយ Hill (1976) ដែល​បាន​ធ្វើការ​សិក្សា​យ៉ាង​លម្អិត​អំពី​ប្រភព​នៃ​ដំណាំ​ស្រូវ ហើយ​បាន​លើក​ជា​ការ​សន្និដ្ឋាន​មួយ​ថា ស្រូវ​អាច​មាន​ប្រភព​ពី​តំបន់​ដែល​លាតសន្ធឹង​ពី Orissa និង ពិហារ នៃ​ប្រទេស​ឥណ្ឌា ដល់​ឧបទ្វីប​ឥណ្ឌូចិន ។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី​សំណួរ​ដែល​សួរ​ថា តើ​ស្រូវ​មាន​ប្រភព​ដំបូង​នៅ​យថាតំបន់​ណា​មួយ (Specific location) នៅ​ក្នុង​នេះ ឬ​មួយ​ថា​ស្រូវ​ត្រូវ​បាន​គេ​ធ្វើ​វប្បកម្ម​ដំណាល​គ្នា​នៅ​ក្នុង​តំបន់​ដែល​លាតសន្ធឹង​នោះ​ឬ​យ៉ាង​ណា ក៏​នៅ​មិន​ទាន់​មាន​ចម្លើយ​ច្បាស់លាស់​នៅឡើយ ។

រូប ៥.១ តំបន់​ប្រភព​នៃ​ដំណាំ​ស្រូវ

តាម​ការ​ប៉ាន់​ស្មាន​នៃ​អ្នក​សិក្សា​ផែ្នក​ដំណាំ​ស្រូវ ស្រូវ​អាច​មាន​ដើម​កំណើត​មក​ពី​ទីវាល​ទំនាប​ជាំ​ទឹក នៃ​តំបន់​ត្រូពិក ដែល​មាន​អាកាសធាតុ​ក្តៅ​ហើយ​សើម ។ អ្នក​វិទ្យាសាស្ត្រ​នៃ​ដំណាំ​ស្រូវ​ជា​ច្រើន​បាន​ព្យាយាម​ធ្វើការ​បកស្រាយ និង​លើក​សម្មតិកម្ម​ផ្សេងៗ​គ្ន​អំពី​ប្រភព​នៃ​ដំណាំ​ស្រូវ និង​តំបន់​ដែល​ស្រូវ​មាន​ដើម​កំណើត ។ ប៉ុនែ្ត​ជា​ការ​មួយ​គួរ​ឲ្យ​សោកស្តាយ​ដោយ​អ្នក​វិទ្យាសាស្ត្រ​ទាំងនោះ ហាក់​ដូចជា​នៅ​តែ​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា​លើ​បញ្ហា​ថា​តើ​ស្រូវ​មាន​ប្រភព​ចេញ​ពី​តំបន់​ណា​មួយ​ឲ្យ​ប្រាកដ​នៅ​ឡើយ ។ យោង​លើ​សម្មតិកម្ម​ដែល​បាន​លើក​ឡើង​ថា ស្រូវ​អាច​មាន​ប្រភព​ចេញពី​តំបន់​ទំនាប​ជាំ​ទឹក​ប្រកបដោយ​អាកាសធាតុ​ក្តៅ​ហើយ​សើម និង​ដោយ​ផ្អែក​លើ​និយម​ន័យ​អំពី​ឧប្បត្តិមណ្ឌល (Centre of origin) ដែល​បាន​លើក​ឡើង​ដោយ​លោក​វ៉ាវីឡូហ្វ ធ្វើ​ឲ្យ​យើង​អាច​សន្និដ្ឋាន​បាន​ដែរ​ថា​ស្រូវ​អាច​មាន​ប្រភព​ចេញពី​តំបន់​ជុំវិញ​បឹងទឹកសាប​ធម្មជាតិ​ធំៗ​នា​តំបន់​ត្រូពិក ដែល​មាន​សំណើម​បរិយាកាស​ខ្ពស់ ។ ក្នុង​ន័យ​នេះ និង​ដោយ​យោង​លើ​លក្ខខណ្ឌ​ភូមិសាស្ត្រ​នៅ​ក្នុង​តំបន់​ដែល​លាតសន្ធឹង​ពី​ភាគ​ខាងជើង​នៃ​ប្រទេស​ឥណ្ឌា មក​ទល់​នឹង​ភាគ​ខាងកើត​នៃ​ប្រទេស​វៀតណាម បឹង​ទន្លេសាប​គឺជា​បឹង​ទឹកសាប​ធម្មជាតិ​ធំ​មួយ​ដែល​មាន​នៅ​ក្នុង​ភូមិភាគ​នេះ ។ ដូច្នេះ​សំណួរ​ដែល​ថា​តើ​ស្រូវ​អាច​មាន​ដើម​កំណើត​ចេញពី​តំបន់​ក្បែរ​បឹង​ទន្លេសាប​ដែរ ឬ​យ៉ាងណា​នោះ គឺ​ទាមទារ​ឲ្យ​មានការ​សិក្សា​ច្រើន​ផ្សេង​បន្ថែម​ទៀត​ ដូចជា ការ​សិក្សា​ទៅ​លើ​ពពួក​ស្រូវ​ព្រៃ ឬ​ស្រងែ (Wild rice) ដែល​មាន​នៅ​ក្នុង​តំបន់​ជាដើម ។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី Walker (1961) និង Hill (1976) បាន​គាំទ្រ​ការ​លើក​ឡើង​ដោយ​លោក Roschevics នា​ឆ្នាំ​១៩៣០ ដែល​បាន​សន្និដ្ឋាន​ថា ស្រូវ​អាច​មាន​ដើម​កំណើត​ចេញពី​តំបន់​ជុំវិញ​បឹង​ទន្លេសាប ។ ការ​សន្និដ្ឋាន​នេះ​គឺ​ផ្អែក​ជា​ចម្បង​លើ​ភាព​សម្បូរ​ហូរហៀរ​នៃ​ពពួក​ស្រូវ​ស្រងែ Oryza rufipogon (Oryza fatua) ដែល​គេ​បាន​ចាត់​ទុក​ថា​ជា​មេបា​នៃ​ដំណាំ​ស្រូវ Oryza sativa L.. នៅ​ក្នុង​តំបន់​ជុំវិញ ។ ភាព​សម្បូរ​ហូរហៀរ​នៃ​ប្រភព​ធនធាន​សេណេទិក​ស្រូវ (Genetic diversity of rice plants) នេះ យើង​ក៏​អាច​ឃើញ​ផង​ដែរ​នៅ​គ្រប់​ច្រកល្ហក​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ទាំង​ក្នុង​លក្ខណៈ​ជា​ស្រូវ​ស្រងែ និង​ទាំង​ក្នុង​លក្ខណៈ​ជា​ពូជ​វប្បកម្ម (Cultivated rice) (Men Sarom, 2001) ។ ក្រៅពី​នេះ​ស្រូវ​គឺជា​ដំណាំ​មួយ​ដ៏​សំខាន់​នៅ​ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ដោយ​វា​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​វប្បធម៌​ប្រពៃណី និង​ទំនៀមទម្លាប់​របស់​ជាតិ​សាសន៍​យើង​តាំង​តែ​ពី​អតីតកាល​ដ៏​យូរលង់​ណាស់​មក​ហើយ (សូម​អាន​ជំពូក​១) ។ ដូច្នេះ​នេះ​ក៏​ជា​ភស្តុតាង​មួយ​បន្ថែម​ទៀត អាច​បញ្ជាក់​បាន​អំពី​លទ្ធភាព​ដែល​ថា តំបន់​ជុំវិញ​បឹង​ទន្លេសាប​អាច​ជា​តំបន់​មួយ​ដែល​ស្ថិត​នៅ​ក្នុង​ឧប្បត្តិមណ្ឌល (Centre of origin) នៃ​ដំណាំ​ស្រូវ ។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី និង​ទោះជា​មាន​ការ​បកស្រាយ​ជា​បន្តបន្ទាប់​អំពី​ឧប្បត្តិមណ្ឌល​នៃ​ដំណាំ​ស្រូវ​ក៏​ដោយ ក៏​បញ្ហា​នេះ​នៅ​តែ​ជា​ចំណុច​ជជែក​មិន​ទាន់​ដាច់ស្រេច​នៅ​ឡើយ ។

៥.១.២. វគ្គីករណ៍វិទ្យា

តាម​វគ្គីករណ៍វិទ្យា (Taxonomy) ស្រូវ​ស្ថិត​នៅ​ក្នុង​គ្រួសារ (Family) Graminea សន្តាន (Genus) Oryza និង​អំបូរ (Species) Oryza sativa L. ។ នៅ​ក្នុង​សន្តាន Oryza នេះ មានអំបូរ​ចំនួន ២៣ ហើយ​ដែល​ក្នុង​នេះ​មាន​តែ​អំបូរ​ចំនួន​ពីរ​ប៉ុណ្ណោះ​គឺ Oryza sativa L.. និង Oryza glaberrima ដែល​ត្រូវ​បាន​ដាំ​ដុះ ។ អំបូរ​វប្បកម្ម​ទាំង​ពីរ​នេះ គឺជា​អំបូរ​ឌីប្លូអ៊ីត ដែល​មាន​ចំនួន​ក្រូម៉ូសូម ១២​គូ ឬ ២​ន = ២៤ ។ ដោយឡែក​ក្នុង​អំបូរ​ស្រងែ​ទាំង ២១ អំបូរ​ស្រងែ​ចំនួន ១២ ក៏​ជា​ឌីប្លូអ៊ីត​ដែរ ប៉ុន្តែ​សល់​ក្រៅពី​នេះ​គឺជា តេត្រាប្លូអ៊ីត ។ អំបូរ Oryza sativa L. ឬ​ដែល​គេ​ស្គាល់​ម្យ៉ាងទៀត​ថា ស្រូវ​អាស៊ី (Asian rice) មាន​ប្រភព​នៅ​ក្នុង​ទ្វីបអាស៊ី ប៉ុន្តែ​អាស្រ័យ​ដោយ​អំបូរ​នេះ​មាន​សក្តានុពល​ទិន្នផល និង​មាន​វិសាលភាព​បន្សាំ​ខ្ពស់​ទៅ​នឹង​ក្សេត្រ​បរិស្ថាន​ផ្សេងៗ នា​ពេល​បច្ចុប្បន្ន​ក្រៅពី​បន្ត​ដាំ​ដុះ​នៅ​ក្នុង​តំបន់​ដើម​កំណើត​របស់​ខ្លួន អំបូរ​ស្រូវ Oryza sativa នេះ​ក៏​បាន​រីកសាយ​ភាយ​ទៅ​ដល់​ទ្វីប​អឺរ៉ុប អាមេរិក អូសេអានី និង​ទ្វីបអាហ្វ្រិក​ផង​ដែរ ។ ផ្ទុយ​ទៅ​វិញ​អំបូរ Oryza glaberrima ឬ​ស្រូវ​អាហ្វ្រិក​ដែល​មាន​ដើម​កំណើត​នៅ​ទ្វីបអាហ្វ្រិក​នា​តំបន់​ទំនាប Niger Basin គេ​ឃើញ​មាន​ដាំ​នៅ​តែ​ភាគ​ខាងលិច​នៃ​ទ្វីបអាហ្វ្រិក​ប៉ុណ្ណោះ ។ ប៉ុន្តែ​ទោះជា​ដាំ​នៅ​ទីណា និង​ទោះជា​អំបូរ Oryza sativa L.ក្តី Oryza glaberrima ក្តី​ អំបូរ​ទាំង​ពីរ​សុទ្ធតែ​ជា​ប្រភព​អាហារូបត្ថម្ភ​ដ៏​សំខាន់ និង​មិន​អាច​ខ្វះ​បាន​សម្រាប់​មនុស្សជាតិ ពិសេស​សម្រាប់​ប្រជាពលរដ្ឋ​ប្រមាណ ៤​កោដិ​នាក់​នៅ​លើ​ផែនដី​យើង​នេះ ។​

នៅ​ក្នុង​ដំណើរការ​នៃ​ការ​ធ្វើ​បសុកម្ម (Domestication) ស្រូវ​អាស៊ី​បាន​បែងចែក​ចេញ​ជា​បី​ប្រភេទ​គឺ ៖

  1. Oryza sativa ssp. japonica: នេះ​គឺជា​ប្រភេទ​ស្រូវ​ដែល​បាន​ទទួល​ការ​ដាំ​ដុះ​នៅ​ប៉ែក​ខាងជើង​នៃ​ប្រទេស​ចិន កូរ៉េ និង​ជប៉ុន ដោយ​វា​មាន​តម្រូវការ​សីតុណ្ហភាព​ត្រជាក់​ជាង​ស្រូវ​ពីរ​ប្រភេទ​ទៀត ។ ជា​ទូទៅ​ស្រូវ​ប្រភេទ​នេះ​មាន​ដើម​ទាប ស្លឹក​ក្រាស់ និង​គ្រាប់​ខ្លី ប៉ុន្តែ​មាន​សក្តានុពល​ទិន្នផល​ខ្ពស់ ។
  2. Oryza sativa ssp. javanica: នេះ​គឺជា​ប្រភេទ​ស្រូវ​ដែល​បាន​ទទួល​ការ​ដាំ​ដុះ​ភាគច្រើន​នៅ​ឥណ្ឌូណេស៊ី ។ ភាគច្រើន​វា​មាន​ដើមដង​ខ្ពស់ ស្លឹក​ធំ ហើយ​គ្រាប់​ធំ​វែង ។ នា​ពេល​បច្ចុប្បន្ន​ក្រោយ​ពី​មាន​ការ​សិក្សា​យ៉ាង​លម្អិត​ពី​អ្នក​វិទ្យាសាស្ត្រ​មក ប្រភេទ​នេះ​ក៏​បាន​ត្រូវ​ចាត់​ទៅ​ក្នុង​ប្រភេទ japonica ដែរ (Khush, 2000) ប៉ុន្តែ​ខុស​ប្លែក​ពី​ស្រូវ japonica ធម្មតា​ដែល​គេ​ដាំ​នៅ​តំបន់​ត្រជាក់​នៃ​ប្រទេស​មួយ​ចំនួន​នោះ គេ​ឲ្យ​ឈ្មោះ​ស្រូវ​ប្រភេទ javanica នេះ​ថា​ស្រូវ japonica តំបន់​ក្តៅ (Tropical japonica) វិញ ។ ការ​បង្កាត់​រវាង japonica តំបន់​ក្តៅ និង japonica តំបន់​ត្រជាក់​មិន​មាន​បញ្ហា​ទេ ដោយ​កូន​បង្កាត់​នៅ​ជំនាន់ F1 មិន​មាន​និប្ផលភាព (Sterility) ឡើយ ។​
  3. Oryza sativa ssp. indica: នេះ​គឺ​ជា​ប្រភេទ​ស្រូវ​ដែល​បាន​ទទួល​ការ​ដាំ​ដុះ​នៅ​ពាសពេញ​ពិភពលោក ហើយ​ក៏​ជា​ប្រភេទ​ដែល​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ។ ស្រូវ​ប្រភេទ​នេះ​មាន​ដើមដង​ស្រាវ កម្ពស់​ពី​ទាប​មធ្យម​ទៅ​ខ្ពស់ ស្លឹក​វែង​តូច​ស្តើង ឯ​គ្រាប់​ជា​ធម្មតា​មាន​ពី​ប្រវែង​មធ្យម​ទៅ​តូច​ទ្រវែង ។

នា​ពេល​បច្ចុប្បន្ន​តាម​ការ​ធ្វើ​វិភាគ​ដោយ អ៊ីសូសែម (Isozymic analysis) ស្រូវ​អាស៊ី (Asian rice) បាន​ត្រូវ​បែងចែក​ជា ៦​ក្រុម ។ ក្នុង​ការ​ប្រៀបធៀប​ចំណាត់ថ្នាក់​នេះ​ទៅ​នឹង​ចំណាត់ថ្នាក់​ខាងលើ​តាម​លក្ខណៈ​រូបសាស្ត្រ​យើង​ឃើញ​ថា ក្រុម​ទី I គឺជា​ប្រភេទ indica ឯ​ក្រុម​ទី VI គឺជា japonica ។ ប៉ុន្តែ​នៅ​ក្នុង​ក្រុម​ទី VI នេះ​ក៏​មាន​រួម​បញ្ចូល​ទាំង​ស្រូវ ប៊ូលូ (Bulu) និង​ហ្គន់ឌីល (Gundil) ដែល​កន្លង​មក​បាន​ចាត់​ទៅ​ក្នុង​ប្រភេទ javanica ផង​ដែរ ។ ក្រុម​ទី II, III, IV និង​ក្រុម​ទី V អាច​ចាត់​ថា​ជា​ស្រូវ indica ទាំងអស់ ។ ស្រូវ​ដែល​នៅ​ក្នុង​ក្រុម​ទី II គឺជា​ស្រូវ​ដែល​មាន​អាយុកាល​ខ្លី​ណាស់ (Very early varieties) ហើយ​គេ​ឃើញ​មាន​តែ​នៅ​លើ​ស្រូវ​ដែល​គេ​ស្គាល់​ថា ស្រូវ​អូស (Aus rice) មក​ពី​ប្រទេស​បង់ក្លាដែស ។ ស្រូវ​ដែល​នៅ​ក្នុង​ក្រុម​ទី III និង​ក្រុម​ទី IV គឺជា​ស្រូវ​ឡើង​ទឹក ឯ​ក្រុម​ទី V គឺជា​ស្រូវ​ក្រអូប​ដែល​មក​ពី​ប្រទេស​ឥណ្ឌា បាគីស្ថាន បង់ក្លាដែស និង​ភូមា ។ ដោយឡែក​ស្រូវ​ក្រអូប​ខ្មែរ ថៃ និង​វៀតណាម​គឺ​ស្ថិត​នៅ​ក្នុង​ក្រុម​ទី I វិញ​ទេ ។

៥.១.៣. បសុកម្ម

បសុកម្ម (Domestication) គឺជា​ការ​បន្សាំ​រុក្ខជាតិ​ព្រៃ​ទៅ​នឹង​បរិស្ថាន​ដែល​រៀបចំ​ដោយ​មនុស្ស និង​តាម​តម្រូវការ​របស់​មនុស្ស ។ ដូច្នេះ តាម​និយម​ន័យ​នេះ ដំណាំ​អ្វី​ក៏​ដោយ​ដែល​កំពុង​ដាំ​នៅ​ថ្ងៃនេះ គឺជា​រុក្ខជាតិ​ព្រៃ​នា​ពេល​ណា​មួយ​កន្លង​មក ប៉ុន្តែ​ដោយ​អំពើ​នៃ​បសុកម្ម​ដែល​បាន​អនុវត្ត​ដោយ​មនុស្ស​សម្រាប់​បំពេញ​តាម​តម្រូវការ​របស់​ខ្លួន រុក្ខជាតិ​ទាំងនោះ​បាន​ក្លាយ​ទៅជា​ដំណាំ​ស្រុក​ដែល​មាន​លក្ខណៈសម្បត្តិ​ល្អ​ជាង​រុក្ខជាតិ​ព្រៃ​ដែល​ជា​មេបា ។ ក្រៅពី​ការ​ធ្វើ​បសុកម្ម​ទៅ​លើ​ដំណាំ​ដែល​បំពេញ​តម្រូវការ​ផែ្នក​ចំណី​អាហារ មនុស្ស​ក៏​បាន​ធ្វើ​បសុកម្ម​ផង​ដែរ​ចំពោះ​រុក្ខជាតិ​ព្រៃ​ដែល​ជា​តម្រូវការ​ផ្សេង​ទៀត​ដូចជា​រុក្ខជាតិ​សម្រាប់​ធ្វើ​ថ្នាំ (Medicinal plants) និង​រុក្ខជាតិ​លម្អ (Ornamental plants) ៘

ក្រោម​ឥទ្ធិពល​នៃ​ការ​ធ្វើ​បសុកម្ម និង​តាម​រយៈ​ការ​បន្សាំ (Adaptation) ទៅ​នឹង​បរិស្ថាន​ថ្មីៗ​បសុរុក្ខជាតិ (Domesticated plant) បាន​ទទួល​រង​នូវ​បម្រែបម្រួល​យ៉ាងច្រើន​ទៅ​លើ​ពន្ធុសាស្ត្រ (Genetic) របស់​ខ្លួន និង​ព្រម​ជាមួយ​គ្នា​នោះ​ដែរ​ទៅ​លើ​រុក្ខលក្ខណៈ (Plant characters) សំខាន់ៗ​មួយ​ចំនួន ដែល​មាន​ទំនាក់ទំនង​ដោយ​ត្រង់​ទៅ​នឹង​វប្បកម្ម​នៃ​ដំណាំ ។ អំពើ​នៃ​បរិវត្តកម្ម (Mutation) ដោយ​ធម្មជាតិ ការ​បង្កាត់ (Hybridization) ដោយ​ធម្មជាតិ ឬ​ដោយ​មនុស្ស និង​ដោយ​ការ​ជ្រើសរើស (Selection) ជា​ប្រចាំ​ពី​មនុស្ស​បាន​ជំរុញ​ឲ្យ​បសុរុក្ខជាតិ​ទទួល​នូវ​ការ​ប្រែប្រួល​យ៉ាង​ខ្លាំង​ខុស​ពី​រុក្ខជាតិ​ព្រៃ (Wild ancestor) ដែល​ជា​បុព្វបុរស​របស់​ខ្លួន ។ ការ​ប្រែប្រួល​នេះ​ជា​ធម្មតា​គឺ​មាន​លក្ខណៈ​វិជ្ជមាន តែ​ក៏​អាច​ជា​អវិជ្ជមាន​ផង​ដែរ ។ ក្រោម​ឥទ្ធិពល​នៃ​បសុកម្ម លក្ខណៈ​ដែល​ទទួល​រង​នូវ​ការ​ប្រែប្រួល​ខ្លាំង​មាន ៖

ក. ដំណើរការ​ចេញ​ផ្កា (Flowering) អាស្រ័យ​ដោយ​ភាព​សុទ្ធ​ដែល​មាន​នៅ​ក្នុង​ប្រជាករ​នៃ​ពូជស្រូវ​ដែល​បាន​ធ្វើ​បសុកម្ម​គឺជា​ភាព​ចាំបាច់ ការ​ចេញ​ផ្កា​នៅ​ក្នុង​ប្រជាករ​នោះ​ច្រើន​មាន​ភាព​សម​កាល​ឬ​ស្រុះគ្នា (Synchronizing) ។ ប៉ុន្តែ​ចំពោះ​រុក្ខជាតិ​ព្រៃ ដូចជា​ស្រងែ ដែល​ចាំបាច់​ត្រូវ​មាន​ប្រជាករ​ដែល​មាន​ភាព​អេតេរ៉ូសែន​ខ្ពស់ ងាយ​ស្រួល​ក្នុង​ការ​បន្សាំ​ទៅ​នឹង​លក្ខខណ្ឌ​មិន​អំណោយផល​ផ្សេងៗ​នោះ ការ​ចេញ​ផ្កា​មុន​ក្រោយ ឬ​បណ្តាក់​គ្នា គឺ​តែង​បាន​ប្រទះ​ឃើញ​ជា​ធម្មតា ។

ខ. លម្អងកម្ម (Pollination) ដើម្បី​បន្សាំ​ទៅ​នឹង​បរិស្ថាន​រស់នៅ ដែល​ជា​ទូទៅ​មាន​លក្ខណៈ​មិន​អំណោយផល ឬ​មិន​សមប្រកប​នោះ ប្រជាករ​ដែល​មាន​ភាព​អេតេរ៉ូសែន​ខ្ពស់ គឺជា​ប្រការ​ចាំបាច់​សម្រាប់​បន្ត​ពូជពង្ស​នៅ​ក្នុង​រុក្ខជាតិ​ព្រៃ ឬ​ស្រងែ ។ ដូច្នេះ​នេះ​អាច​ជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​នៅ​ក្នុង​ប្រជាករ​ស្រងែ មាន​ការ​បង្កាត់​ឆ្លង (Out-crossing) ខ្ពស់​ជាង​នៅ​ក្នុង​ប្រជាករ​នៃ​ដំណាំ​ស្រូវ​ ឬ​វប្បរុក្ខជាតិ​ផ្សេង​ទៀត ដែល​ការ​រក្សា​ឲ្យ​ប្រជាករ​មាន​សុទ្ធិ​ខ្ពស់​គឺជា​តម្រូវការ​ចាំបាច់​សម្រាប់​ទីផ្សារ ក៏​ដូចជា​ក្នុង​ការ​សម្រួល​ដល់​ការងារ​ដាំ​ដុះ​ផ្សេងៗ​ផង​ដែរ ។​

គ. ភាព​រុះ​នៃ​គ្រាប់ (Seed shattering) ការ​ជ្រុះ​គ្រាប់​តាម​លក្ខណៈ​ធម្មជាតិ​ដោយ​ការ​បោកបក់​នៃ​ដើម ដែល​បណ្តាល​ពី​ខ្យល់ ឬ​ពី​ការ​ប៉ះទង្គិច​ផ្សេងៗ គឺជា​លក្ខណៈ​ចាំបាច់​មួយ​របស់​រុក្ខជាតិ​ព្រៃ​ក៏​ដូចជា​ស្រងែ​ដែរ ព្រោះថា​តាម​រយៈ​យន្តការ​នេះ គ្រាប់ពូជ​បាន​ខ្ទាត​ឆ្ងាយ​ពី​ដើម​មេ និង​អាច​មាន​លទ្ធភាព​រីកសាយ​ភាយ​ដុះដាល​បាន​នៅ​កន្លែង​ដែល​មាន​លក្ខខណ្ឌ​ល្អ​សម​ស្រប​សម្រាប់​ការ​ដុះ​លូតលាស់​របស់​ខ្លួន ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ដោយ​មាន​អន្តរាគមន៍​ពី​មនុស្ស​នៅ​ក្នុង​ការ​ធ្វើ​វប្បកម្ម ក៏​ដូចជា​ក្នុង​ការ​ពង្រីក​ទី​ដាំ​ដុះ​ដែរ​នោះ ភាព​ងាយ​រុះ​នៃ​គ្រាប់​នេះ​មិន​ត្រឹមតែ​លែង​ជា​ការ​ចាំបាច់​សម្រាប់​ពូជ​បសុកម្ម​ទេ តែ​គឺជា​លក្ខណៈ​មិន​ល្អ​ទៅ​ទៀត​ព្រោះ​វា​ធ្វើ​ឲ្យ​មាន​ការ​បាត់បង់​ទិន្នផល​យ៉ាងច្រើន ។

ឃ. ទំហំ​គ្រាប់ ចំពោះ​ដំណាំ​ស្រូវ ទំហំ​គ្រាប់​គឺ​អាស្រ័យ​ទៅ​នឹង​គោលបំណង​នៃ​កម្មវិធី​រុក្ខ​ជម្រើសវិទ្យា ដូចជា​នៅ​ប្រទេស​ខ្លះ​ស្រូវ​គ្រាប់​ល្អិតៗ​តូចៗ​មាន​តម្លៃ ប៉ុន្តែ​នៅ​ប្រទេស​ខ្លះ​ទៀត គ្រាប់​ធំៗ​គឺជា​តម្រូវការ​ទៅ​វិញ ។ ម្យ៉ាង​វិញទៀត​គ្រាប់ស្រូវ​ពេញ​ណែន​ល្អ គឺជា​លក្ខណៈ​សំខាន់​សម្រាប់​ពូជ​បសុកម្ម ដែល​ប្រការ​ទាំង​អស់នេះ​គឺ​ខុស​ប្លែក​ពី​ស្រងែ​ដែល​ជា​មេបា ដែល​ជា​ទូទៅ​មាន​ទំហំ​គ្រាប់​ប្រែប្រួល និង​ភាគច្រើន​ស្ពៀត​មិន​ពេញ​ណែន ។

ង. ដំណេកភាព​នៃ​គ្រាប់ (Seed dormancy) ជា​ទូទៅ​ដើម្បី​រក្សា​ពូជពង្ស​របស់​ខ្លួន ដំណេក​ភាព​គ្រាប់​នៃ​ពពួក​ស្រងែ​អាច​មាន​រយៈពេល​រាប់​ខែ ឬ​ដល់​មួយ​ឆ្នាំ​អាស្រ័យ​ទៅ​តាម​លក្ខខណ្ឌ​បរិស្ថាន​ដែល​វា​រស់នៅ ។ ក្នុង​លក្ខខណ្ឌ​នៃ​តំបន់​ត្រូពិក ដែល​មាន​រដូវវស្សា និង​រដូវប្រាំង​ចែក​ដាច់​ពី​គ្នា​នោះ​ រយៈពេល​ដំណេកភាព​វែង​នេះ អាច​ធ្វើ​ឲ្យ​គ្រាប់​ស្រងែ​ដុះ​ចំ​ពេល​ដែល​បរិស្ថាន​ដែល​វា​រស់នៅ​មាន​ទឹកភ្លៀង​បរិបូណ៌ ដែល​នេះ​គឺជា​លក្ខខណ្ឌ​សមប្រកប​សម្រាប់​ការ​ដុះ​លូតលាស់ និង​អាច​បញ្ចប់​នូវ​វដ្ត​ជីវិត​របស់​វា​បាន​ពេញលេញ ។ ប៉ុន្តែ​ចំពោះ​ពូជ​វប្បកម្ម​វិញ ដើម្បី​បំពេញ​តម្រូវការ​ដាំ​ដុះ​ទាន់​ពេលវេលា និង​បាន​ច្រើន​ដង​ក្នុង​មួយ​ឆ្នាំ ដំណេកភាព​នៃ​គ្រាប់​បាន​ត្រូវ​កាត់​បន្ថយ ឬ​ក្នុង​ករណី​ខ្លះ​អាច​បាត់​អស់ទាំង​ស្រុង​តែ​ម្តង ពិសេស​សម្រាប់​ពូជស្រូវ​ដែល​មាន​អាយុកាល​ខ្លី ។​

ច. វេទរសភាព​នឹង​រយៈ​ពន្លឺ (Photoperiod Sensitivity) ឬ​ភាព​ប្រកាន់​រដូវ ដែល​ហៅ​ថា​វេទរសភាព​នឹង​រយៈ​ពន្លឺ ឬ​ភាព​ប្រកាន់​រដូវ គឺជា​ការ​ឆ្លើយ​តប​របស់​រុក្ខជាតិ​ទៅ​នឹង​បម្រែបម្រួល​នៃ​ប្រវែង​ថ្ងៃ ឬ​រយៈពេល​នៃ​ពន្លឺ​របស់​ព្រះអាទិត្យ ចាប់ពី​ពេល​រះ​នៅ​ឰដ៏​ជើងមេឃ​នា​ទិស​បូព៌ា​រហូត​ដល់​ពេល​អស្តង្គត​លិច​បាត់​ទៅ​វិញ​ក្នុង​ជើងមេឃ​ឯ​ទិសបស្ចឹម (Men Sarom, 1996) ។ ពូជស្រូវ​ដែល​ពេលវេលា​ចេញ​ផ្កា​របស់​វា​កំណត់​ដោយ​ប្រវែង​ថ្ងៃ​នេះ ហៅ​ថា​ជា​ពូជ​ដែល​មាន​វេទរសភាព​នឹង​រយៈ​ពន្លឺ (Photoperiod sensitive variety) ផ្ទុយ​ទៅ​វិញ​ក្រុម​ស្រូវ​ដែល​ពេលវេលា​នៃ​ការ​ចេញ​ផ្កា​មិន​បាន​កំណត់​ដោយ​រយៈពេល​នៃ​ពន្លឺ​ថ្ងៃ​នោះ ហៅ​ថា​អវេទរសភាព​នឹង​រយៈ​ពន្លឺ (Photoperiod insensitive variety) ។ វេទរសភាព​នៃ​ពូជស្រូវ​ផ្សេងៗ​ទៅ​នឹង​រយៈ​ពន្លឺ​មាន​ការ​ប្រែប្រួល​ពី​ខ្លាំង​ទៅ​ខ្សោយ ។ ដូច​គ្នា​នឹង​ដំណេកភាព​នៃ​គ្រាប់ និង​អាស្រ័យ​ទៅ​តាម​លក្ខខណ្ឌ​បរិស្ថាន​ដែល​វា​រស់នៅ ស្រងែ​អាច​មាន​វេទរសភាព​នឹង​រយៈ​ពន្លឺ​ខ្លាំង ឬ​ខ្សោយ ។ ទាំងនេះ​គឺជា​យន្តការ​មួយ​របស់​រុក្ខជាតិ​ក្នុង​ការ​ធ្វើ​និយ័តកម្ម (Regulate) ដើម្បី​ឲ្យ​ការ​ចេញ​ផ្កា​របស់​ខ្លួន ចំ​ពេល​ដែល​បរិស្ថាន​ដែល​វា​រស់នៅ​មាន​លក្ខខណ្ឌ​សម​ស្រប ធានា​ឲ្យ​គ្រាប់​ដែល​រីក​ចម្រើន​ក្រោយ​ពី​ការ​ធ្វើ​ពហុពលកម្ម (Fertilization) រួច​អាច​នឹង​អភិវឌ្ឍ និង​លូតលាស់​បាន​ពេញលេញ​ល្អ សម្រាប់​បន្ត​ពូជពង្ស​របស់​ខ្លួន​ទៅ​ថ្ងៃ​មុខ​ទៀត​បាន ។ ខុស​ពី​ពពួក​ស្រងែ​ដែល​ជា​មេបា ពូជ​ស្រូវ​វប្បកម្ម​បច្ចុប្បន្ន​មាន​វេទរសភាព​ខ្សោយ ឬ​អវេទរស​តែ​ម្តង ។​

ឆ. សរីរាង្គ​ការពារ (Protected traits) សរីរាង្គ ឬ​ផ្នែក​ខ្លះ​នៃ​រុក្ខជាតិ​ដូចជា បន្លា រោម ដែល​ធ្លាប់​មាន​តួនាទី​ការពារ​រុក្ខជាតិ​ពី​ភយន្តរាយ​នានា​បាន​ត្រូវ​បាត់បង់ ៘ ជា​ទូទៅ​ពពួក​ស្រងែ​មាន​កន្ទុយ​វែងៗ ដែល​អាច​បង្ក​ជា​ឧបសគ្គ​ដល់​សត្វ​បក្សី ពិសេស​ពពួកសត្វ​ចាប​ក្នុង​ការ​ចុះ​ស៊ី​បំផ្លាញ ។ ប៉ុន្តែ​កន្ទុយ​វែងៗ​នេះ មិនជា​ការ​ចូល​ចិត្ត​នៃ​មនុស្ស​ឡើយ​ដោយ​វា​ធ្វើ​ឲ្យ​មាន​ការ​ពិបាក​ក្នុង​ការ​ច្រូតកាត់ ការ​ដឹក​ជញ្ជូន និង​ក្នុង​ការ​បោក​បែន ។ ដូច្នេះ​តាម​រយៈ​បសុកម្ម មនុស្ស​បាន​សម្រាំង​ជ្រើសរើស​យក​តែ​ប្រភេទ​ស្រូវ​ដែល​គ្មាន​កន្ទុយ​ប៉ុណ្ណោះ ។​

ជ. យថាបរិស្ថាន (Specific environments) ចំពោះ​រុក្ខជាតិ​ព្រៃ​ដែល​ក្នុង​នេះ​រួម​មាន​ទាំង​ពពួក​ស្រងែ​ផង តែង​ដុះ និង​បន្សាំ​នៅ​ក្នុង​បរិស្ថាន​កំណត់​ណា​មួយ​របស់​ខ្លួន ឧទាហរណ៍ តំបន់​ខ្ពង់រាប តំបន់​ព្រៃ តំបន់​ដែល​មាន​ទឹក​ជ្រៅៗ ឬ​នៅ​ក្បែរៗ​ភូមិ ៘ ហើយ​កម្រ​នឹង​ឃើញ​ដុះ ឬ​កម្រ​នឹង​ជួប​ប្រទះ​នៅ​តំបន់​ផ្សេង​ខុស​ឬ​ក្រៅពី​តំបន់​ដើម​កំណើត​របស់​ខ្លួន​នេះ​ណាស់ ។ ផ្ទុយ​ទៅ​វិញ តាម​រយៈ​បសុកម្ម និង​អាស្រ័យ​ដោយ​មាន​កម្មវិធី​រុក្ខជម្រើសវិទ្យា ពូជបសុកម្ម​ភាគច្រើន​អាច​នឹង​ដាំ​នៅ​កន្លែង​ណា​ក៏​បាន ។

ឈ. សារធាតុ​អាហារូបត្ថម្ភ (Nutrition quality) នៅ​ក្នុង​ដំណើរការ​បសុកម្ម មនុស្ស​បាន​ព្យាយាម​ជ្រើសរើស​សម្រិតសម្រាំង​យក​តែ​រុក្ខជាតិ​ណា​ដែល​ផ្តល់​ផល​ខ្ពស់ និង​មាន​គុណភាព​ស្រប​តាម​តម្រូវការ​របស់​ខ្លួន ។ មនុស្ស​ក៏​បាន​ព្យាយាម​ផង​ដែរ ក្នុង​ការ​ធ្វើ​បសិដ្ឋកម្ម​ឲ្យ​ផលិតផល​រុក្ខជាតិ សម្រាប់​បរិភោគ​ដូចជា​គ្រាប់​អង្ករ ឬ​ផ្លែ​ឈើ​មាន​រសជាតិ​ឆ្ងាញ់​ពិសា និង​សម្បូរ​ទៅ​ដោយសារ​ធាតុ​អាហារូបត្ថម្ភ​ចាំបាច់​ទាំងឡាយ ដែល​ជា​ធម្មតា​សារធាតុ​ទាំងនោះ​អាច​មាន​តិចតួច ឬ​គ្មាន​នៅ​ក្នុង​ពូជ​ព្រៃ​ជា​មេបា ។ ល ។

 

ភាគបន្ត

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in កសិកម្ម and tagged , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s