ប្រព័ន្ធ​ក្សេត្រ​បរិស្ថាន និង​វប្បកម្ម​ដំណាំ​ស្រូវ​នៅ​កម្ពុជា

ព្រះមេ ឬ ព្រះមាតា ឬ ព្រះប្រពៃស្រព

ដំណាំ​ស្រូវ​នៅ​កម្ពុជា

ពិនិត្យ​ដោយ បណ្ឌិត ម៉ែន សារុម

ជំពូក​៦

ប្រព័ន្ធ​ក្សេត្រ​បរិស្ថាន និង​វប្បកម្ម​ដំណាំ​ស្រូវ​នៅ​កម្ពុជា

សាខន សុផានី, ស៊ាង ឡៃហេង, ឡេង ឡាយហួត និង ថេន រ័ត្នមុន្នី

៦.១. សេចក្តី​ផ្តើម

វប្បកម្ម​ដំណាំ​ស្រូវ​នៅ​ប្រទេស​កម្ពុជា អាច​បែងចែក​តាម​លក្ខណៈ​វិនិច្ឆ័យ​បី​ធំៗ​គឺៈ វេទរសភាព​នឹង​រយៈ​ពន្លឺ រយៈកាល​លូតលាស់ និង​ក្សេត្រ​បរិស្ថាន ។ អាស្រ័យ​នឹង​វេទរសភាព​នឹង​រយៈ​ពន្លឺ ស្រូវ​ត្រូវ​បាន​បែងចែក​ជា​ វេទរសភាព (ភាព​ប្រកាន់​រដូវ) និង​អវេទរសភាព (ភាព​មិន​ប្រកាន់​រដូវ) ។ អាស្រ័យ​ទៅ​តាម​អាយុកាល​លូតលាស់ ស្រូវ​អាច​បែងចែក​ជា ស្រូវស្រាល ស្រូវកណ្តាល និង​ស្រូវធ្ងន់ ។ ដោយឡែក​យោង​តាម​ស្ថានភាព​ដី​ និង​លក្ខខណ្ឌ​ដាំដុះ ដំណាំ​ស្រូវ​អាច​បែងចែក​ជា ក្សេត្រ​បរិស្ថាន​រដូវប្រាំង (Dry season ecosystem) ក្សេត្រ​បរិស្ថាន​ស្រែ​ទំនាប​ទីពឹង​របប​ទឹកភ្លៀង (Rainfed lowland ecosystem) ក្សេត្រ​បរិស្ថាន​ស្រែ​ជម្រៅ ឬ​ស្រូវ​ឡើង​ទឹក (Deep water ecosystem) និង​ក្សេត្រ​បរិស្ថាន​ចម្ការ (Upland ecosystem) (រូប ៦.១) ។​

រូប ៦.១ ប្រព័ន្ធ​ក្សេត្រ​បរិស្ថាន​ដំណាំ​ស្រូវ​នៅ​កម្ពុជា (Men Sarom, 2001)

ដែល​ហៅ​ថា​វេទរសភាព​នឹង​រយៈ​ពន្លឺ​គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​បម្រែបម្រួល​នៃ​ប្រវែង​ថ្ងៃ ឬ​រយៈពេល​នៃ​ពន្លឺ​របស់​ព្រះអាទិត្យ​ចាប់ពី​ពេល​រះ​នៅ​ឰដ៏​ជើងមេឃ ដល់​ពេល​លិច​បាត់​ទៅ​ក្នុង​ជើងមេឃ​វិញ (Men Sarom, 1996) ។ ពពួក​ស្រូវ​ដែល​ពេលវេលា​ចេញ​ផ្កា​របស់​វា​ប្រែប្រួល​ដោយ​ការ​ប្រែប្រួល​នៃ​ប្រវែង​ថ្ងៃនេះ ហៅ​ថា​មាន​វេទរសភាព​នឹង​រយៈ​ពន្លឺ ផ្ទុយ​ទៅ​វិញ​ក្រុម​ស្រូវ​ដែល​ពេលវេលា​នៃ​ការ​ចេញ​ផ្កា​មិន​បាន​កំណត់​ដោយ​រយៈពេល​នៃ​ពន្លឺ​ថ្ងៃ​នោះ​ហៅ​ថា​អវេទរសភាព​នឹង​រយៈ​ពន្លឺ ។ វេទរសភាព​នៃ​ពូជស្រូវ​ផ្សេងៗ​ទៅ​នឹង​រយៈ​ពន្លឺ​ក៏​មាន​ការ​ប្រែប្រួល​ពី​ខ្លាំង​ទៅ​ខ្សោយ​ផង​ដែរ ។ ប្រភេទ​ក្រុម​ស្រូវស្រាល​គឺជា​ប្រភេទ​ស្រូវ​ដែល​មាន​អាយុ​ចាប់ពី​សាប​ដល់​ពេល​ទុំ​ខ្លី​ជាង ឬ​ស្មើ​នឹង ១២០​ថ្ងៃ ។ ក្រុម​នេះ​ជា​ទូទៅ​មិន​មាន​វេទរសភាព​ទៅ​នឹង​រយៈ​ពន្លឺ​ឡើយ ។ ស្រូវ​កណ្ដាល និង​ស្រូវធ្ងន់ អាច​បាន​បែងចែក​ជា​ពីរ​ក្រុម​បន្ត​ទៀត អាស្រ័យ​ទៅ​នឹង​វេទរសភាព​ទៅ​នឹង​រយៈ​ពន្លឺ គឺ​ស្រូវកណ្តាល​អវេទរស​ទៅ​នឹង​រយៈ​ពន្លឺ ស្រូវកណ្តាល​វេទរស​ទៅ​នឹង​រយៈ​ពន្លឺ ស្រូវធ្ងន់​អវេទរស​ទៅ​នឹង​រយៈ​ពន្លឺ និង​ស្រូវធ្ងន់​វេទរស​ទៅ​នឹង​រយៈ​ពន្លឺ ។ ស្រូវកណ្តាល​អវេទរស​ទៅ​នឹង​រយៈ​ពន្លឺ គឺជា​ក្រុម​ស្រូវ​ដែល​មាន​អាយុ​ចាប់ពី​ពេល​សាប​រហូត​ដល់​ទុំ ពី ១២០ ដល់ ១៥០ ថ្ងៃ ឯ​ស្រូវកណ្តាល​វេទរស​ទៅ​នឹង​រយៈ​ពន្លឺ ត្រូវ​ចេញ​ផ្កា​ក្នុង​ចន្លោះ​ពាក់​កណ្តាល​ខែតុលា ដល់​ពាក់កណ្តាល​ខែវិច្ឆិកា ។ ក្រុម​ស្រូវធ្ងន់​អវេទរស​ទៅ​នឹង​រយៈ​ពន្លឺ​ជា​ទូទៅ​កម្រ​ជួប​ប្រទះ​ណាស់ ។ ស្រូវ​ស្ថិត​នៅ​ក្នុង​ក្រុម​នេះ ត្រូវ​មាន​អាយុកាល​លូតលាស់​វែង​ជាង ១៥០​ថ្ងៃ ។ ក្រុម​ស្រូវធ្ងន់​វេទរស​ទៅ​នឹង​រយៈ​ពន្លឺ គឺ​ចេញ​ផ្កា​នៅ​ក្រោយ​ពាក់កណ្តាល​ខែវិច្ឆិកា ។

អាស្រ័យ​ដោយ​គុណភាព ស្រូវ​ក៏​ត្រូវ​បាន​បែងចែក​ជា ក្រុម​ស្រូវ​ក្រអូប និង​ស្រូវ​មិន​ក្រអូប ជា​ក្រុម​ស្រូវ​ខ្សាយ និង​ក្រុម​ស្រូវដំណើប​ផង​ដែរ ។

ផ្ទៃដី​ដាំដុះ​ដំណាំ​ស្រូវ​តាម​ក្សេត្រ​បរិស្ថាន មាន​ការ​ប្រែប្រួល​គូរ​ឲ្យ​កត់សម្គាល់​នៅ​ក្នុង​រយៈពេល ៣៨​ឆ្នាំ​ចុង​ក្រោយ​នេះ (តារាង​ទី ៦.១) ។ ផ្ទៃដី​ក្សេត្រ​បរិស្ថាន​រដូវប្រាំង​បាន​កើន​ជាង​ពីរ​ដង​គឺ​ពី ៦,២ ភាគរយ ទៅ​ដល់ ១៣,១ ភាគរយ នៃ​ផ្ទៃដី​ដាំដុះ​សរុប​នា​ឆ្នាំ​២០០៥ ។ ដោយឡែក​ផ្ទៃដី​ក្សេត្រ​បរិស្ថាន​ស្រែ​ទំនាប​ទីពឹង​របប​ទឹកភ្លៀង​បាន​កើន​រហូត​ដល់ ៨៥,៧ ភាគរយ នា​ឆ្នាំ​១៩៩៥ ប៉ុន្តែ​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ៨៣,៤ ភាគរយ វិញ​នា​ឆ្នាំ​២០០៥ ។ ផ្ទៃដី​ក្សេត្រ​បរិស្ថាន​ស្រូវ​ឡើង​ទឹក​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ពី ១៥,៩​ភាគរយ នា​ឆ្នាំ​១៩៦៧ មក​នៅ​ត្រឹម​ ១,៥​ភាគរយ នា​ឆ្នាំ​២០០៥ ។ ឯ​ចំពោះ​ក្សេត្រ​បរិស្ថាន​ចម្ការ​វិញ តួលេខ​ក្នុង​បណ្តា​ឆ្នាំ​១៩៩៥ ១៩៩៩ និង ២០០៥ បាន​បង្ហាញ​ថា មាន​ការ​ប្រែប្រួល​បន្តិចបន្តួច​ប៉ុណ្ណោះ គឺ​ក្នុង​ចន្លោះ​ពី ១.៩ ភាគរយ ទៅ ២.០ ភាគរយ ។

តារាង​៦.១ ការ​ប្រែប្រួល​ភាគរយ​នៃ​ផ្ទៃដី​ដាំដុះ​ដំណាំ​ស្រូវ សម្រាប់​ក្សេត្រ​បរិស្ថាន​ផ្សេងៗ​ក្នុង​រយៈពេល ៣៨​ឆ្នាំ (១៩៦៧.២០០៥)

៦.២. ក្សេត្រ​បរិស្ថាន​រដូវប្រាំង (Dry season ecosystem)

៦.២.១. បរិស្ថាន​ដាំដុះ

តំបន់​ដាំដុះ​ដែល​ចាត់​ចូល​ក្នុង​ក្សេត្រ​បរិស្ថាន​នេះ គឺជា​តំបន់​ទំនាប ដែល​មាន​ប្រព័ន្ធ​ប្រឡាយ និង​ប្រភព​ទឹក សម្រាប់​ស្រោចស្រព​ពេញ​មួយ​វដ្ត​ជីវិត​របស់​ដំណាំ​ស្រូវ ហើយ​ស្រូវ​ដែល​ដាំដុះ​ក្នុង​តំបន់​នេះ​ហៅ​ថា ស្រូវ​ស្រោចស្រព (Irrigated rice) និង​តំបន់​ជម្រាល​មាត់បឹង ឬ​ទំនប់​នានា​ដែល​ដំណាំ​ស្រូវ​ត្រូវ​បាន​ដាំដុះ​នា​ពេល​ទឹក​ចាប់ផ្តើម​ស្រក​ចុះ ។ ស្រូវ​ដែល​ដាំដុះ​ក្នុង​តំបន់​មាត់បឹង​នេះ ហៅ​ថា ស្រូវប្រដេញទឹក (Recession rice) ។ វាលស្រែ​ក្នុង​ក្សេត្រ​បរិស្ថាន​នេះ គឺ​ត្រូវ​មាន​ភ្លឺ​សម្រាប់​រក្សា​ទឹក ។ ផ្ទៃដី​ដាំដុះ​ស្រូវប្រាំង​បាន​កើនឡើង​យ៉ាង​គំហុក​ពី​ជិត​មួយ​សែន​ហិកតា​នា​ឆ្នាំ​១៩៨១ មក​ជាង បី​សែន​ហិកតា​នា​ឆ្នាំ​២០០៥ បន្ទាប់​ពី​កម្មវិធី​កម្ពុជា-អ៊ីរី​អូស្ត្រាលី និង​ក្រោយមក​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា បាន​បញ្ចេញ​ឲ្យ​កសិករ​ប្រើប្រាស់​នូវ​ពូជស្រូវ​ស្រាល និង​មាន​ទិន្នផល​ខ្ពស់​ចាប់ពី​ឆ្នាំ ១៩៩០ មក ។

ពូជស្រូវ​ដែល​ត្រូវ​បាន​ឲ្យ​យក​ទៅ​ប្រើប្រាស់​នៅ​ក្នុង​ក្សេត្រ​បរិស្ថាន​នេះ គឺជា​ប្រភេទ​ពូជស្រូវ​ស្រាល អាយុកាល​តិច​ជាង ១២០​ថ្ងៃ អវេទរស​ទៅ​នឹង​ពន្លឺ (មិន​ប្រកាន់​រដូវ) ។ ផលិតភាព​របស់​ស្រូវ​ក្រុម​នេះ មាន​ការ​ឆ្លើយ​តប​ទៅ​តាម​កត្តា​ផលិតកម្ម ដូចជា ការ​គ្រប់គ្រង​ទឹកបាន​គត់មត់​ល្អ​ប្រសើរ ប្រភេទ​ដី​មាន​ជីជាតិ​ល្អ អាំងតង់ស៊ីតេ​ពន្លឺ​ខ្ពស់​នៅ​ពេល​ដំណាំ​ដុះ​លូតលាស់ និង​ការ​ប្រើប្រាស់​ជី​ក្នុង​កម្រិត​ខ្ពស់ ។ ដំណាំ​ស្រូវ​ប្រភេទ​នេះ​ត្រូវ​បាន​គេ​ដាំដុះ​ច្រើន​នៅ​ក្នុង​ខេត្ត តាកែវ ព្រៃវែង កណ្ដាល កំពង់ឆ្នាំង សៀមរាប និង​កំពង់ចាម ។ បច្ចុប្បន្ន​នេះ​ប្រមាណ ៧០ ទៅ ៨០ ភាគរយ នៃ​តំបន់​ដាំដុះ​ស្រូវ​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ស្រោចស្រព ត្រូវ​បាន​គេ​ដាំដុះ​ពូជស្រូវ​ដូចជា អ៊ីអ៊ែរ​៦៦ គ្រូ រំពេ រហាត់ ជលសារ បារាយណ៍ អ៊ីអ៊ែរ​កេសរ និង​សែនពិដោរ (រូប ៦.២) ព្រមទាំង​មាន​ពូជ​ស្រូវ​ប្រពៃណី​អវេទរស​ទៅ​នឹង​រយៈ​ពន្លឺ​ខ្លះ ត្រូវ​បាន​គេ​នៅ​តែ​បន្ត​ការ​ដាំដុះ​ដូចជា ពូជ​លំអងខ្សាច់ និង​នាងសប្រញាប់ ៘ ដោយ​ផ្អែក​ទៅ​លើ​តម្រូវការ​ទឹក​នៃ​ការ​ស្រោចស្រព គេ​អាច​បែងចែក​ស្រូវប្រាំង​ជា​ពីរ​ប្រភេទ ៖

រូប ៦.២ ពូជស្រូវ​ក្រអូប សែនពិដោរ

៦.២.១.១. ស្រូវ​ស្រោចស្រព (Irrigated rice)

ស្រូវ​ប្រភេទ​នេះ ត្រូវ​បាន​ដាំដុះ​នៅ​ក្នុង​ស្រែ​ដែល​មាន​ភ្លឺ និង​មាន​ប្រព័ន្ធ​ស្រោចស្រព​ល្អ ។ ប្រជា​កសិករ​ខ្មែរ​ចាប់ផ្តើម​ធ្វើ​ស្រូវ​ស្រោចស្រព​នេះ​នៅ​ក្នុង​ខែវិច្ឆិកា ។ តំបន់​ដាំ​ស្រូវ​ស្រោចស្រព​មាន​នៅ​ស្ទើរ​គ្រប់​ខេត្ត​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​តំបន់​ដែល​ដាំ​ច្រើន​ជាងគេ​មាន​នៅ​ក្នុង​ខេត្តតាកែវ ព្រៃវែង កណ្តាល កំពង់ចាម កំពង់ឆ្នាំង សៀមរាប និង​ស្វាយរៀង ។

 

ភាគបន្ត

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in កសិកម្ម and tagged , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s