ជនជាតិ​កាវ៉ែត និង​ជីវភាព​រស់នៅ


នៅ​ត្រើយ​ខាងកើត​ទន្លេ​សេសាន្ត ចម្ងាយ​ប្រាំ​គីឡូម៉ែត្រ​ពី​ទីរួមស្រុក​សៀមប៉ាង និង​ប្រមាណ​១០០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តស្ទឹងត្រែង ភូមិ​ទាកទាម​គឺជា​ភូមិ​របស់​ជនជាតិ​កាវ៉ែត ។ ភូមិ​ទាកទាម​គឺជា​ភូមិ​មួយ​ក្នុង​ចំណោម​ភូមិ​ទាំង​ប្រាំមួយ​របស់​ឃុំ​សន្តិភាព រួម​មាន ភូមិ​គីរីបាស់​លើ ភូមិ​អូរចាយ ភូមិ​គីរីវង្សា​លើ ភូមិ​គីរីវង្សា​ក្រោម និង​ភូមិ​បាស់​ក្រោម ។ ភូមិ​ទាកទាម ជា​ភូមិ​ដែល​មាន​ជនជាតិភាគតិច​កាវ៉ែត​រស់នៅ​ច្រើន​ជាងគេ ដែល​មាន​ចំនួន​រហូត​ទៅ​ដល់​ប៉ែតសិប​ប្រាំបួន​គ្រួសារ ។ ប្រជាជន​ភាគច្រើន​កាន់សាសនា​ព្រាហ្មណ៍ និង​ប្រកប​របរ​ធ្វើស្រែ​ចម្ការ ។

ដឹង លិក ជា​ជនជាតិ​កាវ៉ែត អាយុ​៥០​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ទាកទាម​នេះ​តែ​ម្តង​បាន​រៀបរាប់​ថា ពី​មុន​តំបន់​នេះ​សម្បូរ​ទៅ​ដោយ​ភ្នំ​ និង​មាន​ជនជាតិ​ភាគតិច​ដទៃ​ទៀត​រស់នៅ​ជា​ច្រើន​ទៀត ។ អ្នក​ទាំងនោះ​ចូល​ចិត្ត​រស់នៅ​តំបន់​ភ្នំ​ព្រោះ​ងាយស្រួល​ដាំ​ដំណាំ ធ្វើ​ចម្ការ និង​បរបាញ់​សត្វ​ដែល​ជា​ទម្លាប់​តាំងពី​បុរាណ​មក ។ ការ​រស់នៅ​របស់​ជនជាតិ​កាវ៉ែត តាម​ដែល លិក រៀបរាប់​គឺ​មានការ​សាមគ្គី​គ្នា​ណាស់​មិនសូវ​មាន​ជម្លោះ​ជាមួយនឹង​គ្នា​ទេ ។ លិក និយាយ​ថា «ប្រសិនបើ​ពេល​ណា​មាន​ជម្លោះ​ណា​មួយ​កើត​ឡើង អ្នក​ទាំងអស់​គ្នា​តែងតែ​ទៅ​រក​ចាស់ទុំ​នៅ​ក្នុងភូមិ​ជា​អ្នកកាត់ក្តី​ និង​ដោះស្រាយ​ឲ្យ ។ បើ​រក​ឃើញ​អ្នក​ណា​ម្នាក់​ជា​អ្នក​ខុស អ្នក​នោះ ត្រូវ​ពិន័យ​ដោយ​យក​ស្រា​ឬ​សាច់សត្វ​មក​បង់ ។ បច្ចុប្បន្ន ការ​ស្លៀកពាក់​របស់​ជនជាតិ​កាវ៉ែត​មាន​លក្ខណៈ​ជា​ខ្មែរ​ច្រើន ខុស​ពី​មុន​ប៉ុន្តែ​នៅ​តែ​គោរព​ និង​កាន់សាសនា​ព្រាហ្មណ៍​ដដែល» ។ ជនជាតិ​កាវ៉ែត​តែង​មាន​ជំនឿ​យ៉ាង​មុតមាំ​ទៅ​លើ​ការ​សែនព្រេន​អារក្ស​អ្នកតា​ដែល​ខ្លួន​គិត​ថា​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី ដែល​ឃុំគ្រង​ថែរក្សា ។ ជាក់ស្តែង មុន​ពេល​និង​ក្រោយ​ពេល​ដែល​ជនជាតិ​កាវ៉ែត​បង្កបង្កើន​ផល​ និង​ប្រមូល​ផល ជនជាតិ​កាវ៉ែត​តែងតែ​ធ្វើបុណ្យ​សែនព្រេន កាប់​ជ្រូក កាប់​ក្របី​ដើម្បី​សែន​រំឭក​ដល់​អារក្សអ្នកតា ដូច​ជា ព្រះភ្លើង ព្រះ​ដំឡូង ជាដើម ដែល​ជា​ប្រពៃណី​តាំងពី​ដើម​រៀង​មក ។


បើ​និយាយ​ពី​ប្រពៃណី​រៀប​អាពាហ៍ពិពាហ៍​វិញ ជនជាតិ​កាវ៉ែត មាន​ការ​ខុស​ប្លែក​បន្តិច​ពី​ជាតិ​សាសន៍​ដទៃ​ត្រង់​ថា ជនជាតិ​កាវ៉ែត​អនុញ្ញាត​ឲ្យ​កូនចៅ​របស់​ខ្លួន​រៀបការ​នៅ​ពេល​ដែល​អ្នក​ទាំងនោះ​រស់នៅ​ជាមួយ​គ្នា​បាន​កូន​មួយ​សិន ហើយ​ពិធី​រៀប​មង្គលការ​ទៀត​សោត​មិន​មាន​បង្គាប់​អ្វី​ធំដុំ​នោះ​ទេ ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​អ្នក​ភូមិ​ទាំងអស់​ដោយ​អ្នកខ្លះ​ចូល​ជា​ស្រា អ្នកខ្លះ​ចូល​ជា​មាន់ ទា ត្រី សាច់​ឬ​ម្ហូប​ផ្សេងៗ​ដែល​ខ្លួន​មាន ។ ចំពោះ​ការ​សិក្សា​ក្មេងៗ​ជនជាតិ​កាវ៉ែត​នៅ​ភូមិ​ទាកទាម​នេះ​សិក្សា​ជា​ភាសា​ខ្មែរ​ផង​ និង​ជា​ភាសា​កាវ៉ែត​ផង ។ ទោះជា​យ៉ាងណា លិក បាន​បន្ត​ទៀត​ថា​ជនជាតិ​កាវ៉ែត​នៅ​តែ​រក្សា​ភាសា ប្រពៃណី​ទំនៀមទម្លាប់​របស់​ជនជាតិ​ខ្លួន​ខ្លះ​ដោយ​មិន​ចង់​ឲ្យ​បាត់បង់​អត្តសញ្ញាណ​របស់​ជនជាតិ​កាវ៉ែត​ទាំងស្រុង​នោះ​ទេ ។​

ក្នុង​អំឡុង​ឆ្នាំ​១៩៧០ ក្រោយ​ពេល​រដ្ឋប្រហារ​ទម្លាក់​សម្តេចព្រះ​នរោត្តម​សីហនុ ខ្មែរ​ក្រហម​បាន​កាន់កាប់​តំបន់​ភូមិ​ទាកទាម​រួច​ទៅ​ហើយ ។ ក្រោយមក ខ្មែរ​ក្រហម​បាន​កៀរ​ជាតិ​កាវ៉ែត​ទាំងអស់​ឡើង​លើ​ភ្នំ ។ កាលនោះ លិក គឺជា​យុវជន​ម្នាក់​ក្នុង​ចំណោម​យុវជន​ជនជាតិ​កាវ៉ែត​ជា​ច្រើន​ដែល​ខ្មែរក្រហម​ចាប់​យក​មក​ហ្វឹកហាត់​ឲ្យ​ចេះ​ប្រើ​អាវុធ​ផ្សេងៗ​ដើម្បី​ត្រៀមខ្លួន​ធ្វើ​ជា​យោធា​ប្រយុទ្ធ​នឹង​ទាហាន លន់ នល់ ។ លិក បាន​រៀបរាប់​ថា ហេតុផល​ដែល​ខ្មែរក្រហម​យក​បងប្អូន​ជនជាតិ​ភាគតិច​ធ្វើ​ជា​យោធា​ឬ​នីរសារ​ព្រោះ​អ្នក​ទាំងនោះ​មាន​ចិត្ត​ស្មោះ​ត្រង់​ និង​ដាច់ខាត ហើយ​ក៏​មិន​ខ្លាច​ឧបសគ្គ​ដែល​មាន​ចំពោះ​មុខ និង​ជា​ពិសេស​គឺ​ស្គាល់​ពី​ភូមិសាស្ត្រ​នៅ​ក្នុង​ព្រៃ​ច្បាស់លាស់ ។ ក្រោយ​ទទួល​បាន​ជ័យជម្នះ ខ្មែរ​ក្រហម​ក៏​បាន​បង្ខំ​ជនជាតិ​កាវ៉ែត​ឲ្យ​ធ្វើ​ការងារ​ជា​ទម្ងន់​ដែរ ដោយ​ត្រូវ​ចាត់​ឲ្យ​ធ្វើ​ការងារ​ក្នុង​សហករណ៍​ហូប​បាយ​រួម ជីក​ប្រឡាយ និង​លើក​ទំនប់​ជាដើម ។ លិក ត្រូវ​អង្គការ​ចាត់តាំង​ឲ្យ​ឈរជើង​ការពារ​នៅ​ព្រំដែន​ឡាវ​ដែល​ពេល​នោះ​មាន វ៉ង ជា​អ្នកគ្រប់គ្រង​តំបន់​នោះ ។ លិក បាន​រំឭក​ថា ការ​ហូប​ចុក​នៅ​ពេល​នោះ​គឺ​មានការ​លំបាក​ខ្លាំង​ហើយ​នៅ​អំឡុង​ឆ្នាំ​១៩៧៦-៧៧ ជនជាតិ​កាវ៉ែត​ភាគច្រើន​ដែល​តស៊ូ​ជា​មួយ​ខ្មែរក្រហម​តាំងពី​ជំនាន់​សង្គ្រាម​ត្រូវ​ខ្មែរក្រហម​សម្លាប់​ដោយ​ចោទ​ថា​មាន​ទំនាក់ទំនង​ជាមួយ​វៀតណាម ព្រោះ​ជំនាន់​សង្គ្រាម​វៀតណាម​-​អាមេរិក ជនជាតិ​កាវ៉ែត​ត្រូវ​កងទ័ព​វៀតណាម​ពឹង​ឲ្យ​ជួយ​ក្នុង​ការ​ធ្វើសង្គ្រាម​ដោយ​ជួយ​ជញ្ជូន​ស្បៀង គ្រាប់​និង​ជា​អ្នក​នាំ​ផ្លូវ​ដើរ​ក្នុង​ព្រៃ​ដោយសារ​តែ​អ្នក​ទាំងនោះ​ស្គាល់​ទីតាំង​ភូមិសាស្ត្រ​ច្បាស់លាស់ ។ ក្រោយមក សង្គ្រាម​ខ្មែរក្រហម​ជាមួយនឹង លន់ នល់ ខ្មែរក្រហម​ក៏​យក​ជនជាតិ​កាវ៉ែត​ជា​អ្នក​នាំ​ផ្លូវ​ដែរ ។​


ពេល​វៀតណាម​វាយ​ចូល​ក្នុង​ឆ្នាំ​១៩៧៩ ដោយ​មាន​ភាព​ភ័យ​ខ្លាច ជនជាតិ​កាវ៉ែត​ទាំងអស់​បាន​ភៀសខ្លួន​ទៅ​រស់នៅ​ក្នុង​ទឹកដី​ឡាវ ។ បី​ឆ្នាំ​ក្រោយ​មក រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​បាន​ហៅ​ជនជាតិ​កាវ៉ែត​ទាំងអស់​ត្រលប់​មក​រស់នៅ​ទឹកដី​កំណើត​វិញ ដោយ​បាន​បែងចែក​ដី​ឲ្យ​កសាង​លំនៅដ្ឋាន​ឡើង​វិញ ។ សម្លឹង​ទៅ​រក​ម្ដាយ​ដែល​មិនសូវ​ចេះ​និយាយ​ភាសា​ខ្មែរ លិក បន្ត​ថា​ សង្គ្រាម​ក៏​ដូច​ជា​របប​ខ្មែរ​ក្រហម​ពិតជា​ធ្វើ​ឲ្យ​ជីវិត​ប្រជាជន​កាវ៉ែត​មាន​ការ​លំបាក​ខ្លាំង​សម្រាប់​ការ​កសាង​សហគមន៍​ទាំងមូល​ឡើង​វិញ ។ លិក បាន​បាត់បង់​ឪពុក​ និង​ប្អូនប្រុស​ជាទី​ស្រលាញ់​របស់​ខ្លួន ។ គាត់​ត្រូវ​រស់នៅ​តែ​ពីរ​នាក់​ម្តាយ​ និង​កូន​ដោយ​ប្រកប​របរ​ធ្វើស្រែ​ចម្ការ​ដើម្បី​ជីវភាព​រស់នៅ ។ ជាមួយនឹង​ដំណើរការ​កាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ដែល​កំពុង​តែ​ប្រព្រឹត្ត​ទៅ​សព្វ​ថ្ងៃ​នេះ ទោះបីជា​មិន​បាន​ដឹង​គ្រប់​ជ្រុងជ្រោយ​ក៏​ដោយ តែ លិក បានដឹង​ព័ត៌មាន​ខ្លះ​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ដូច​ជា ទូរទស្សន៍ វិទ្យុ និង​តាម​បណ្តា​អង្គការ​មួយ​ចំនួន​ដែល​ធ្វើការ​ផ្សព្វផ្សាយ​ពី​បញ្ហា​នេះ ។ ជា​ទស្សនៈ​របស់ លិក ផ្ទាល់ គាត់​យល់​ថា គាត់​មិន​ចង់ឲ្យ​មាន​ការ​កាត់ទោស​បន្ត​ទៀត​ទេ បើ​តាម​ផ្លូវ​សាសនា លិក ចង់ឲ្យ​មេដឹកនាំ​ទាំង​នោះ​ស្លាប់​ទៅ​តាម​កម្មផល​ដែល​បាន​ប្រព្រឹត្ត ។ លិក មិន​ចង់​ឲ្យ​មាន​ការ​ចង​ពៀរ​នឹង​គ្នា ព្រោះតែ​មាន​ការ​សងសឹក​មិន​ចេះ​ចប់ មិន​ចេះ​ហើយ​នេះ​ធ្វើ​ឲ្យ​កើត​មាន​សង្គ្រាម ។​

ទោះបី​បច្ចុប្បន្ន​ការ​រស់នៅ​របស់​ជនជាតិ​កាវ៉ែត​មាន​ការ​ផ្លាស់​ប្តូរ​បន្តិច​ក៏​ដោយ តែ​អារម្មណ៍​របស់​អ្នក​ទាំងអស់​គ្នា​នៅ​តែ​មាន​សេចក្ដី​ខ្លាច​រអា​ចំពោះ​អ្នក​ចំណូល​ស្រុក​ថ្មី​ដែល​មិនមែន​ជា​ជនជាតិ​កាវ៉ែត ដោយ​ខ្លាច​អ្នក​ទាំងនោះ​ធ្វើបាប​ជនជាតិ​ខ្លួន ដោយ​ហេតុផល​ថា ជនជាតិ​កាវ៉ែត​ជា​មនុស្ស​ទៀងត្រង់ មិន​ចេះ​បង្កជម្លោះ​ឬ​បៀតបៀន​នរណា​ម្នាក់​ឡើយ ។ លិក បាន​បន្ត​ទៀត​ថា រាល់​អំពើ​ចោរកម្ម​ដែល​កើត​ឡើង​នៅ​ភូមិ​ឃុំ​ដែល​គាត់​រស់នៅ​គឺ​មិនមែន​អ្នក​នៅ​ក្នុង​ភូមិ​ទេ តែ​ជា​អ្នក​មក​ពី​តំបន់​ក្រៅ ។​

ជាមួយនឹង​ជីវិត​ដែល​ស្ទើរតែ​ពឹងផ្អែក​ទាំងស្រុង​ទៅ​លើ​ធម្មជាតិ លិក ក៏​ដូច​ជា​ជនជាតិ​កាវ៉ែត​ឯទៀត​ដែរ សំណូមពរ​ដល់​រាជរដ្ឋាភិបាល ចាំបាច់​ត្រូវ​ចាត់​វិធានការ​ការពារ​ព្រៃឈើ​ ព្រោះ​សម្រាប់​ជនជាតិ​កាវ៉ែត ព្រៃឈើ​គឺជា​ជីវិត​មួយ​ផ្នែក​ដែល​មាន​សារសំខាន់​ណាស់​សម្រាប់​ការ​រស់នៅ​ ព្រោះ​ការ​រស់នៅ​គឺ​អាស្រ័យ​នឹង​ការ​ធ្វើស្រែ​ចម្ការ និង​បរបាញ់​តែ​ប៉ុណ្ណោះ ៕

ដោយ អ៊ុន សុដាវី
ទស្សនាវដ្តី​ស្វែងរកការពិត លេខ​១៦៤ ខែសីហា ឆ្នាំ​២០១៣
 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in អរិយធម៌​ខ្មែរ and tagged , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s