ចាប់តាំងពីសតវត្សរ៍ទី៤ រហូតដល់សតវត្សរ៍ទី១៣ ថ្នាក់ដឹកនាំចាមមានឥទ្ធិពលក្នុងភាសាចាម និងសំស្ក្រឹត ។ ភាសាចាមមានឫសគល់ចេញមកពីអម្បូរភាសាម៉ាឡាយូប៉ូលីណេស៊ី ។ នៅក្នុងសតវត្សរ៍ទី១៣ មានពាក្យជាច្រើនក្នុងភាសាចាមត្រូវបានខ្ចីមកពីភាសាសំស្ក្រឹត ភាសាខ្មែរ ភាសាម៉ាឡេស៊ី និងភាសាអារ៉ាប់ ។
កាលពីមុន ការសរសេរជាភាសាចាមមានពីរទម្រង់គឺ ការសរសេរជាសំស្ក្រឹត និងការសរសេរជាភាសាចាមបែបបុរាណ ហើយត្រូវបានកំណត់សរសេរនៅក្រោមបន្ទាត់ ។ ការកំណត់សរសេរលើផ្ទាំងថ្មលើកទី១ ជាភាសាចាមនៅសតវត្សរ៍ទី៤ និងការរកឃើញសិលាចារឹកចុងក្រោយគឺសរសេរជាសំស្ក្រឹតនៅឆ្នាំ១២៥៣ នៃគ្រិស្តសករាជ ។ ក្រោយសតវត្សរ៍ទី១៤ អក្សរចារឹកនោះត្រូវបានផ្លាស់ប្តូរជាសៀវភៅសរសេរដោយដៃវិញ ។
រហូតមកដល់សតវត្សរ៍ទី១៥ សំណេរនោះមានបួនទម្រង់ថ្មីៗដែលត្រូវបានប្រើប្រាស់រហូតមកដល់សព្វថ្ងៃនេះ ហើយត្រូវបានប្តូរមកសរសេរជាភាសាចាមវិញ ។ បន្ទាប់ពីសតវត្សរ៍ទី១៦ មានក្រុមមួយដែលហៅថា «ចាមបានី» ធ្លាប់ប្រើអក្សរអារ៉ាប់ដែលចម្លងចេញពីគម្ពីរគួរអាន ។ ទោះជាយ៉ាងណាក៏ដោយ ការវិភាគយ៉ាងដិតដល់ទៅលើការប្រើប្រាស់បានបង្ហាញឱ្យឃើញថា ជាការពិត ពួកគេមិនស្ទាត់ជំនាញក្នុងការប្រើប្រាស់ភាសាអារ៉ាប់ អក្សរសរសេរ និងអក្ខរក្រមឡើយ ។
អក្សរសាស្ត្រចម្ប៉ាត្រូវបានបែងចែកជាពីរ គឺអក្សរសាស្ត្របែបបុរាណ និងអក្សរសាស្ត្របែបទំនើប ។ អក្សរសាស្ត្រចាមបែបបុរាណគឺជាឯកសារអក្សរសាស្ត្រដែលត្រូវបានរកឃើញនៅក្នុងចំណារលើផ្ទាំងថ្មមួយ ជាពិសេសសិលាចារឹកនោះបាននិយាយអំពីសាសនា និងប្រវត្តិសាស្ត្រ ។ ចំណែកអក្សរសាស្ត្រចាមបែបសម័យត្រូវបានរកឃើញនៅលើជំពូកស្លឹកឈើ (Luntar leaf) ឬសរសេរនៅលើក្រដាសដែលធ្វើដោយដៃ ដោយការប្រើប្រាស់ទឹកខ្មៅដែលធ្វើអំពីម្រែងភ្លើង លម្អងផ្សែង ឬផ្ទៃឈើដុតឲ្យខ្មៅ ។
អក្សរសាស្ត្រចាមអាចត្រូវបានបែងចែកបន្ថែមទៀតនូវអ្វីដែលទាក់ទិនទៅនឹងសាសនាមន្តអាគម ។ អក្សរសាស្ត្រសាសនាគឺជាទម្រង់ដ៏សំខាន់បកស្រាយអំពីដើមកំណើតនៃជំនឿដែលទាក់ទងទៅនឹងទេវកថាក្នុងស្រុកនឹងទស្សនៈរបស់អ៊ិស្លាម (ដូចជាការពន្យល់បកស្រាយអំពីដើមកំណើតរបស់ភពផែនដី) ការបួងសួង និងជំនឿឆ្វេងដែលលាយឡំទៅនឹងមន្តអាគមដូចជាក្នុងគោលបំណងលែងព្រលឹងជាដើម ។
អក្សរសាស្ត្រនោះក៏បានពន្យល់បកស្រាយផងដែរនូវពិធីបុណ្យនៃព្រឹត្តិការណ៍សំខាន់ៗជាច្រើន ។ គម្ពីរគួរអានត្រូវបានសរសេរជាភាសាអារ៉ាប់ ឬកំណត់ជាលាយលក្ខណ៍អក្សរខាងសូរស័ព្ទជាភាសាចាម ។ អក្សរសាស្ត្រដែលមិនទាក់ទងទៅនឹងសាសនានោះមានការសរសេរនិទានរឿង រឿងព្រេង វេវចន្ទសព្ទអធិប្បាយជារូបាធិដ្ឋាន កំណាព្យ និងវីរកថា ។ ឧទាហរណ៍នៃវិរកថារឿង «ប្រាំទីត ប្រាំឡាក់» ដែលជារឿងសង្ខេបរបស់រាមាយណៈ អាកាយិត អ៊ីនរ៉ា ប៉ាត្រា គឺស្រដៀងទៅនឹងរឿងព្រេងអ៊ីនដារ៉ា ភូតារ៉ា របស់ម៉ាឡេស៊ី ចំណែករឿងអាកាយិត អុំរ៉ុប គឺមានប្រជាប្រិយភាពណាស់សម្រាប់ជនជាតិចាមនៅក្នុងប្រទេសវៀតណាម ។ អក្សរសាស្ត្រដែលមិនទាក់ទងទៅនឹងសាសនានេះក៏បានលើកឡើងអំពីប្រវត្តិរាជវង្សានុវង្ស រឿងព្រេង និងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយចំនួនដែលនិយាយអំពីការបង្កើតបច្ចេកទេសកសិកម្ម វិធីផ្សំឱសថ និងវិទ្យាសា្រស្តខាងផ្នែកភ្រូណាផ្សេងៗ ៕
សាឡេះ អាប់ឌុលរ៉ស់ម៉ាន ទស្សនាវដ្តីស្វែងរកការពិត លេខពិសេស ខែកញ្ញា ឆ្នាំ២០០៧