សហគមន៍​ចាម​អ៊ីម៉ាំសាន់: ជីវភាព​បែប​បុរាណ​

ប្រជាជន​កម្ពុជា​ភាគច្រើន​ដឹង​ថា ជនជាតិ​ចាម ជា​ជន​មូស្លីម​សេសសល់​ពី​រាជាណាចក្រ​ចម្ប៉ា ដែល​ធ្លាប់​បាន​គ្រប់គ្រង​ទឹកដី​មួយ​ចំនួន​ដែល​ភាគច្រើន​ជា​ប្រទេស​វៀតណាម​បច្ចុប្បន្ន​នេះ​ នៅ​ចន្លោះ​ពី​សតវត្សរ៍​ទី​២​ និង​ទី​១៧​ នៃ​គ្រិស្តសករាជ ប៉ុន្តែ​អ្វី​ដែល​មនុស្ស​ភាគច្រើន​មិន​ដឹង​នោះ​គឺ​ថា សហគមន៍​ចាម​កម្ពុជា​បាន​ចែក​ចេញ​ជា​ពីរ​ក្រុម ។ ដូច​គ្នា​នឹង​សហគមន៍​ព្រះពុទ្ធ​សាសនា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ចែក​ចេញ​ជា​ពីរ​និកាយ​គឺ ព្រះពុទ្ធ​សាសនា​មហានិកាយ​ និង​ធម្មយុត្តិក​និកាយ ជនជាតិ​ចាម​ក៏​មាន​ពីរ​ប្រភេទ​ដែរ​គឺ អ្នក​ដែល​ប្រតិបត្តិ​តាម​អ៊ិស្លាម​បច្ចុប្បន្ន (អ៊ិស្លាម​សម័យ​ទំនើប) និង​អ្នក​ដែល​ប្រតិបត្តិ​តាម​អ៊ិស្លាម​ចម្ប៉ា​សម័យ​បុរាណ ។

ជនជាតិ​ចាម​កម្ពុជា​ស្ទើរតែ​ទាំងអស់​ប្រតិបត្តិ​តាម​អ៊ិស្លាម​សម័យ​ទំនើប ហើយ​អ្នកដឹកនាំ​ក្រុម​នេះ​គឺ​ឧកញ៉ា សុះ កំរី ដែល​ត្រូវ​បាន​ព្រះបាទ​នរោត្តម សីហនុ តែងតាំង​ជា​ប្រធាន​នៃ​ក្រុមប្រឹក្សា​ជាន់ខ្ពស់​សម្រាប់​កិច្ចការ​សាសនា​អ៊ិស្លាម​នៅ​កម្ពុជា ។ យើង​ឃើញ​ជន​មូស្លីម​សម័យ​បច្ចុប្បន្ន​រស់នៅ​ពាសពេញ​ផ្ទៃ​ប្រទេស​កម្ពុជា ហើយ​ច្រើន​បំផុត​គឺ​នៅ​ក្នុង​ខេត្ត​កំពង់ចាម ។ ប្រជាជន​ក្រុម​នេះ​គឺ​មាន​ចំនួន​ប្រមាណ​ ៥​ម៉ឺន​នាក់ (នេះ​បើ​យោង​ទៅ​តាម​ក្រសួង​វប្បធម៌​ និង​សាសនា​ និង តាម​ការ​ស្រាវជ្រាវ​របស់​ឧកញ៉ា សុះ កំរី) ។

ក្រុម​ជនជាតិ​ចាម​ដ៏​តូច​មួយ​ដែល​ហាក់បីដូចជា​ត្រូវ​បាន​បំភ្លេច​ហើយ​នោះ​គឺ​សហគមន៍​អ៊ីម៉ាំសាន់​ដែល​ដឹកនាំ​ដោយ​ឧកញ៉ា ឃ្នួ កៃទាំ ។ អ្នក​ដែល​គោរព​តាម​ក្រុម​នេះ​នៅ​តែ​ប្រតិបត្តិ​តាម​របៀប​ចម្ប៉ា​បុរាណ​នូវ​ផ្នែក​ជា​ច្រើន ហើយ​ក្រុម​នេះ​មាន​តាំងទី​លំនៅ​នៅ​ក្នុង​ភូមិ​ចំនួន​៣៥ នៃ​ខេត្ត​កំពង់ឆ្នាំង បាត់ដំបង ពោធិ៍សាត់ និង​ខេត្តកណ្តាល ។

ប្រពៃណី​ជនជាតិ​ចាម

នៅ​ពេល​ដែល​រាជាណាចក្រ​ចម្ប៉ា​ដួល​រលំ រាជាណាចក្រ​មួយ​នេះ​ត្រូវ​បាន​ស្នង​តំណែង​ដោយ​កុលសម្ព័ន្ធ​ជនជាតិ​អារ៉ាប់​ និង​ម៉ាឡេស៊ី ហើយ​ភាគច្រើន​នៃ​ជនជាតិ​ចាម​បាន​ប្តូរ​ទៅ​កាន់សាសនា​អ៊ិស្លាម​សម័យ​ទំនើប​វិញ ។ ប៉ុន្តែ​ជនជាតិ​ចាម​ដែល​ដឹកនាំ​ដោយ​លោក​ឧកញ៉ា សុះ កំរី នៅ​តែ​ថែរក្សា​សាសនា​ និង​ប្រពៃណី​ដែល​បន្សល់​ទុក​ពី​អារ៉ាប់ និង​ម៉ាឡេស៊ី​ដដែល ។ ក្រុម​នេះ​បាន​ប្តូរ​តួអក្សរ​ពី​ចាម​ទៅ​ជា​តួអក្សរ​អារ៉ាប់​ដែល​ត្រូវ​បាន​ប្រើប្រាស់​ស្ទើរតែ​នៅ​គ្រប់​ភូមិ​ចាម​ទាំងអស់​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ភូមិ​ទាំង​៣៥ ​របស់​អ៊ីម៉ាំសាន់​នៅ​តែ​ថែរក្សា​សាសនា​ និង​ប្រពៃណី​ដែល​បន្សល់​ទុក​ពី​រាជាណាចក្រ​ចម្ប៉ា​បុរាណ​ដដែល ។ ជនជាតិ​ចាម​អ៊ីម៉ាំសាន់​ខុស​ពី​ជន​មូស្លីម​ចាម​សព្វ​ថ្ងៃនេះ​ដោយសារ​តែ​ក្រុម​នេះ​បាន​ទទួល​យក​ឥទ្ធិពល​ខ្លះៗ​ពី​សាសនា​ហិណ្ឌូ​ និង​ព្រះពុទ្ធ ហើយ​បាន​បញ្ចូល​ផ្នែក​ខ្លះៗ​នៃ​សាសនា​ទាំងនេះ​ទៅ​ក្នុង​ពិធីបុណ្យ​ផ្សេងៗ​របស់​ខ្លួន ។ ជាក់ស្តែង​ផ្នែក​ដ៏​សំខាន់​បំផុត​នៃ​ពិធី​រៀប​អាពាហពិពាហ៍​របស់​ជនជាតិ​ចាម​អ៊ីម៉ាំសាន់​គឺ ឡាតា ដែល​ស្រដៀង​គ្នា​បំផុត​ទៅ​នឹង​ពិធី​ខាន់ស្លា​ជា​ពិធី​សំខាន់​បំផុត​នៃ​ការ​រៀប​អាពាហ៍ពិពាហ៍​តាម​បែប​ព្រះពុទ្ធ​សាសនា ។

ចំនួន​នៃ​ពិធីបុណ្យ​ក្នុង​ឆ្នាំ​នីមួយៗ​របស់​ជនជាតិ​ចាម​អ៊ីម៉ាំសាន់​គឺ​មាន​ច្រើន​គួរ​ឲ្យ​កត់សម្គាល់ ។ នេះ​គឺ​ដោយសារ​តែ​ជនជាតិ​ចាម​អ៊ីម៉ាំសាន់​ប្រារឰ​ទាំង​ពិធីបុណ្យ​របស់​ចម្ប៉ា​សម័យ​បុរាណ​ទាំង​ពិធីបុណ្យ​របស់​ចាម​នា​សម័យ​ទំនើប ។ ជន​មូស្លីម​ចាម​សព្វ​ថ្ងៃ​នេះ​មិន​អនុវត្ត​ពិធីបុណ្យ​របស់​ចម្ប៉ា​នា​សម័យ​ដើម​ទេ ដោយសារ​តែ​ឥទ្ធិពល​របស់​អ៊ិស្លាម​ទំនើប​ម៉ាឡេស៊ី និង​អារ៉ាប់ ។

ការ​ប្រើប្រាស់​ភាសា​របស់​អ៊ីម៉ាំសាន់​ក៏​ប្លែក​ពី​ជនជាតិ​ចាម​ដទៃៗ​ទៀត​ដែរ ។ ជា​ឧទាហរណ៍ នៅ​តែ​សូត្រ​កំណាព្យ​របស់​ចម្ប៉ា​សម័យ​បុរាណ​ដដែល (កំណាព្យ​ទាំងនេះ​ត្រូវ​បាន​សរសេរ​ឡើង​ដោយ​ប្រើប្រាស់​តួអក្សរ​ចាម​នា​សម័យ​ដើម នៅ​មុន​ពេល​ដែល​អក្សរ​ទាំងនេះ​ត្រូវ​បាន​បញ្ចូល​ភាសា​ខ្មែរ​ខ្លះៗ) ។ ផ្ទុយ​ទៅ​វិញ​ជន​មូស្លីម​ចាម​នា​សម័យ​ទំនើប​នេះ​បាន​បោះបង់​ចោល​ទាំងស្រុង​នូវ​ការ​សូត្រ​កំណាព្យ​របៀប​នេះ ។ ជាង​នេះ​ទៅ​ទៀត ជនជាតិ​ចាម​អ៊ីម៉ាំសាន់​នៅ​តែ​ប្រើប្រាស់​ការ​បញ្ចេញ​សំឡេង​បែប​ចាស់​ដដែល​ក្នុង​ការ​អាន​គម្ពីរ​គូរ៉ាន់ ។ ភាសា​ចាម​សព្វ​ថ្ងៃ​នេះ​បាន​ប្រើប្រាស់​តួអក្សរ​របស់​អារ៉ាប់ ដោយសារ​តែ​ឥទ្ធិពល​របស់​អារ៉ាប់​ និង​ម៉ាឡេស៊ី​ បន្ទាប់​ពី​ការ​ដួល​រលំ​នៃ​រាជាណាចក្រ​ចម្ប៉ា ដោយឡែក​ជនជាតិ​ចាម​អ៊ីម៉ាំសាន់​នៅ​តែ​ប្រើប្រាស់​តួ​អក្សរ​ដើម​របស់​ភាសា​ចាម ។ អក្សរ​របស់​ភាសា​ចាម​បុរាណ​នេះ​នៅ​តែ​ត្រូវ​បាន​យក​ទៅ​បង្រៀន​នៅ​ក្នុង​ភូមិ​របស់​អ៊ីម៉ាំសាន់​ដដែល ប៉ុន្តែ​លែង​ប្រើប្រាស់​អក្សរ​បុរាណ​នេះ​សម្រាប់​សរសេរ​ទៀត​ហើយ ។ ដោយឡែក​កំណាព្យ​ និង​អត្ថបទ​របស់​ចាម​នា​សម័យ​បុរាណ​ទាំងអស់​ប្រើប្រាស់​តួអក្សរ​សម័យ​បុរាណ​ដើម្បី​សរសេរ ហើយ​ឯកសារ​ប្រភេទ​នេះ​មួយ​ចំនួន​ធំ​ត្រូវ​បាន​ថែរក្សា​នៅ​ក្នុង​ភូមិ​របស់​ឧកញ៉ា ឃ្នួ កៃទាំ ។

លក្ខណៈ​ខុស​គ្នា​ធំ​បំផុត​របស់​សហគមន៍​ចាម​ទាំង​ពីរ​នេះ​ប្រហែលជា​ចំនួន​នៃ​ការ​ថ្វាយបង្គំ​ព្រះ ។ ជនជាតិ​ចាម​អ៊ីម៉ាំសាន់​ថ្វាយបង្គំ​ព្រះ​តែ​មួយ​ដង​ប៉ុណ្ណោះ​ក្នុង​មួយ​សប្តាហ៍​នៅ​ឯ​វិហារ​អ៊ិស្លាម​ក្នុង​ភូមិ ចំណែកឯ​ជន​មូស្លីម​សម័យ​ទំនើប ថ្វាយបង្គំ​ព្រះ​ប្រាំ​ដង​ក្នុង​មួយ​ថ្ងៃ ។ ដោយសារ​តែ​កត្តា​នេះ​ហើយ​ បាន​ជា​ជន​មូស្លីម​សម័យ​ទំនើប​នេះ​មាន​ទស្សនៈ​ថា ជនជាតិ​ចាម​អ៊ីម៉ាំសាន់​មិនមែន​ជន​មូស្លីម​ពិតប្រាកដ​ទេ ។ ជនជាតិ​ចាម​អ៊ីម៉ាំសាន់​បាន​ប្រកែក​ថា ខ្លួន​ក៏​ថ្វាយបង្គំ​ព្រះ​បាន​ច្រើន​ដង​ដែរ ប៉ុន្តែ​គ្រាន់តែ​ថ្វាយបង្គំ​នៅ​ក្នុង​ចិត្ត​ប៉ុណ្ណោះ ។ ចំណុច​ខុស​គ្នា​គួរ​ឲ្យ​កត់សម្គាល់​មួយ​ទៀត​រវាង​សហគមន៍​ចាម​ទាំង​ពីរ​នេះ​គឺ​ថា​ វិហារ​សាសនា​របស់​ជនជាតិ​ចាម​អ៊ីម៉ាំសាន់​មិន​មាន​ប៉ម​ទេ (កំពូល​ដែល​មាន​រាង​ក្រឡូម) សូម្បី​តែ​ការ​តុបតែង​ខាងក្នុង​ព្រះ​វិហារ​ក៏​ស្រដៀង​នឹង​ការ​តុបតែង​វត្ត​របស់​សាសនាព្រះពុទ្ធ​ដែរ ។

ជីវភាព​នៅ​ក្នុង​របប​ខ្មែរក្រហម

នៅ​ក្នុង​អំឡុង​របប​កម្ពុជា​ប្រជាធិបតេយ្យ សហគមន៍​ចាម​កម្ពុជា​បាន​ទទួល​រង​នូវ​ការ​ធ្វើបាប​យ៉ាង​ខ្លាំង ។ ព្រះ​វិហារ​អ៊ិស្លាម​ប្រហែល​១៣០​ត្រូវ​បំផ្លាញ (យោង​តាម​ប្រភព​របស់​ជនជាតិ​ចាម) ព្រះវិហារ​ជា​ច្រើន​ទៀត​បាន​ទទួល​ការ​ប្រមាថ​(ឧទាហរណ៍​ដូចជា​ប្រែក្លាយ​ព្រះវិហារ​ឲ្យ​ទៅ​ជា​គុក​ជាដើម) ជន​មូស្លីម​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​គោរព​បូជា​ព្រះ​ឡើយ ។ អ្នកខ្លះ​បាន​និយាយ​ថា​ ការ​ធ្វើទុក្ខ​បុក​ម្នេញ​ជនជាតិ​ចាម​នៅ​ប្រទេស​កម្ពុជា​គឺជា​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ ព្រោះ​ជា​ការ​ធ្វើទុក្ខ​បុកម្នេញ​លើ​ជនជាតិ​ភាគតិច ។ បញ្ហា​នេះ​គឺជា​បញ្ហា​ដ៏​ចម្រូងចម្រាស់​មួយ​ដែល​មាន​អត្ថបទ​ជា​ច្រើន​បាន​ចុះ​ផ្សាយ​អំពី​បញ្ហា​នេះ ។ សៀវភៅ អ៊ូគូបះ របស់ អ៊ីសា ឧស្មាន ដែល​បោះពុម្ព​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ក៏​បាន​និយាយ​អំពី​ការ​ធ្វើទុក្ខ​បុកម្នេញ​លើ​ជនជាតិ​ចាម​នៅ​កម្ពុជា​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដែរ ។ ឥឡូវនេះ ឧស្មាន កំពុង​តែ​សរសេរ​សៀវភៅ​មួយ​ទៀត​ស្តី​អំពី​ការ​បះបោរ​នៅ​ក្នុង​ភូមិ​ចាម​ចំនួន​ពីរ​ក្នុង​សម័យ​ខ្មែរក្រហម ។

អ៊ីម៉ាំសាន់ ក៏​បាន​ទទួល​រង​នូវ​ការ​ធ្វើបាប​យ៉ាងធ្ងន់ធ្ងរ​ដែរ ។ ជនជាតិ​ចាម​ជា​ច្រើន​ត្រូវ​បាន​ជម្លៀស​ចេញពី​ភូមិ​របស់​ខ្លួន និង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រតិបត្តិ​សាសនា​របស់​ខ្លួន​ឡើយ ។ ឧកញ៉ា​ ឃ្នួ កៃទាំ បាន​រំឭក​អំពី​ការ​ថ្វាយបង្គំ​ព្រះ​យ៉ាង​សម្ងាត់​របស់​គាត់​រៀង​រាល់​យប់​ថ្ងៃ​សុក្រ​នៅ​ក្នុង​មុង​ដែល​ទាហាន​ខ្មែរក្រហម​មិន​អាច​មើល​ឃើញ ។ គាត់​នៅ​ចាំ​ថា ខ្មែរក្រហម​បាន​ចូល​មក​ក្នុង​ភូមិ​របស់​គាត់​នៅ​ឆ្នាំ​១៩៧៣ ។ ចាប់តាំងពី​ពេល​នោះ​រហូត​មក​ដល់​ឆ្នាំ​ដែល​របប​ខ្មែរក្រហម​ដួល​រលំ​ ភូមិ​របស់​គាត់​ និង​តំបន់​ទាំងឡាយ​នៅ​ជុំវិញ​នោះ​ មិន​ដែល​មាន​សុវត្ថិភាព​សោះឡើយ ។ ជនជាតិ​ចាម​ជា​ច្រើន​បាន​ភៀសខ្លួន​ទៅ​នៅ​ច្រាំងចំរេះ (គីឡូម៉ែត្រ​លេខ​៧ លេខ​៨ និង លេខ​៩) នៅ​ក្បែរ​ទីក្រុង​ភ្នំពេញ ។ ឧកញ៉ា ឃ្នួ កៃទាំ បាន​ភៀសខ្លួន​ទៅ​គីឡូម៉ែត្រ​លេខ​៨​ នៅ​ដើមឆ្នាំ​១៩៧៤ ហើយ​បន្ទាប់​មក​គាត់​បាន​ផ្លាស់​ទៅ​ទួលគោក និង​ព្រះវិហារ​ឌូបៃ នៅ​ភ្នំពេញ ។ នៅ​ពេល​ខ្មែរក្រហម​ជម្លៀស​ប្រជាជន​ឲ្យ​ចេញពី​ទីក្រុង​ភ្នំពេញ​នៅ​ខែមេសា ឆ្នាំ​១៩៧៥ គាត់​បាន​ចំណាយ​ពេល​អស់​មួយ​ខែ​ដើម្បី​ត្រឡប់​ទៅ​ភូមិ​របស់​គាត់​វិញ ប៉ុន្តែ​ខ្មែរក្រហម​បាន​ជម្លៀស​គាត់​ទៅ​ខេត្ត​កំពង់ចាម ។ ដោយ​បោះបង់​ចោល​នូវ​ទ្រព្យសម្បត្តិ​ទាំងអស់ ឧកញ៉ា ឃ្នួ កៃទាំ និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​ភៀសខ្លួន​ម្តង​ទៀត ហើយ​បាន​វិល​ត្រឡប់​ទៅ​ភូមិ​របស់​គាត់​វិញ ។ មុន​ពេល​ដែល​ក្រុម​គ្រួសារ​របស់​គាត់​ធ្វើ​ដំណើរ​ទៅ​ដល់​ផ្ទះ ម្ដាយក្មេក​ និង​កូនស្រី​របស់​គាត់​បាន​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​ និង​ខ្វះខាត​ម្ហូបអាហារ ។ បន្តិច​ក្រោយមក ខ្មែរក្រហម​បាន​ចាត់តាំង​គាត់​ឲ្យ​ធ្វើ​ស្រែ​ និង​កៀប​ទឹកត្នោត ហើយ​បន្ទាប់​មក​ទៀត​គាត់​ត្រូវ​បាន​ផ្លាស់​ឲ្យ​ទៅ​នៅ​ក្នុង​កង​វេញ​ខ្សែ ។ កូនប្រុស​ម្នាក់​របស់​គាត់​បាន​ធ្លាក់​ខ្លួន​ឈឺ ហើយ​អ្នក​ភូមិ​និយាយ​ថា​កូន​របស់​គាត់​ត្រូវ​យក​ទៅ​កប់​ទាំង​រស់ ។

ឧកញ៉ា ឃ្នួ កៃទាំ បាន​ផ្លាស់​ទៅ​នៅ​អណ្តូងស្នាយ នៅ​ពេល​ដែល​ចាម​ជា​ច្រើន​ត្រូវ​អង្គការ​ជម្លៀស​ចេញ​ពី​ស្រុក​កំណើត ហើយ​គាត់​ត្រូវ​ខ្មែរក្រហម​ចោទ​ប្រកាន់​ថា​ជា ហាកឹម (អ្នកដឹកនាំ​ភូមិ​ចាម) និង​ចោទ​ថា​នៅ​តែ​បន្ត​ប្រតិបត្តិ​សាសនា​របស់​គាត់ ។

ឧកញ៉ា ឃ្នួ កៃទាំ បាន​រួច​ផុត​ពី​ការ​ស្លាប់​ចំនួន​ពីរ​ដង ។ លើក​ទី​មួយ គាត់​បាន​ពន្យល់​ខ្មែរក្រហម​ថា​គាត់​មិន​ដែល​ស៊ីសាច់​គោ​ទេ (ហើយ​ខ្មែរក្រហម​បាន​ចាត់​ទុក​ទង្វើ​របស់​គាត់​នេះ​ថា​ជា​សកម្មភាព​ដែល​មាន​ការ​សង្ស័យ) ហើយ​មួយ​លើក​ទៀត​ គឺ​ដោយសារ​ការ​រំដោះ​របស់​កងទ័ព​វៀតណាម​នៅ​ឆ្នាំ​១៩៧៩ ។ ឧកញ៉ា ឃ្នួ កៃទាំ មាន​សេចក្តី​ត្រេកអរ​ជា​ខ្លាំង​ដោយ​នៅ​រស់រាន​មាន​ជីវិត​រហូត​មក​ទល់​សព្វ​ថ្ងៃនេះ ។ គាត់​ដឹង​ថា​មិន​មែន​មាន​តែ​ជនជាតិ​ចាម​ទេ​ដែល​ត្រូវ​បាន​ខ្មែរក្រហម​ធ្វើ​ទុក​បុក​ម្នេញ​ ក្រុម​សាសនា​ដទៃ​ទៀត​ក៏​ត្រូវ​ខ្មែរក្រហម​ធ្វើបាប​ដែរ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ។ ឧកញ៉ា ឃ្នួ កៃទាំ បាន​គាំទ្រ​ជា​ខ្លាំង​ចំពោះ​តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ដែល​នឹង​បង្កើត​ក្នុង​ពេល​ឆាប់ៗ​នេះ ។

ជនជាតិ​ចាម​អ៊ីម៉ាំសាន់​សព្វ​ថ្ងៃនេះ

ក្នុង​នាម​ជា​មេដឹកនាំ​ខ្ពស់​បំផុត​នៃ​សហគមន៍​អ៊ិស្លាម​អ៊ីម៉ាំសាន់​ ឧកញ៉ា ឃ្នួ កៃទាំ ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ពិធីបុណ្យ​ផ្សេងៗ​នៅ​ក្នុង​ព្រះបរមរាជវាំង​ជា​ញឹកញាប់ ។ នៅ​ក្នុង​ឆ្នាំ​នេះ គាត់​បាន​ចូលរួម​នៅ​ក្នុង​ពិធី​ឡើង​គ្រងរាជ្យសម្បត្តិ​របស់​ព្រះបាទ​នរោត្តម សីហមុនី និង​ពិធី​ចម្រើន​ព្រះ​ជន្មាយុ​របស់​ព្រះបាទ​នរោត្តម សីហនុ ។ ឧកញ៉ា សុះ កំរី ក៏​បាន​ចូលរួម​ក្នុង​ពិធី​ទាំង​អស់នេះ​ដែរ ។ ឧកញ៉ា​ទាំង​ពីរ​នេះ​មាន​ចំណេះ​ដឹង​យ៉ាង​ជ្រៅជ្រះ​ក្នុង​វិស័យ​សាសនា​អ៊ិស្លាម បាន​រួម​គ្នា​ទទួល​ខុសត្រូវ​ចំពោះ​សហគមន៍​ចាម ។ អ្នក​ទាំង​ពីរ​មាន​ទំនាក់ទំនង​នឹង​គ្នា​យ៉ាង​ជិត​ស្និទ្ធ ហើយ​បាន​ព្រមព្រៀង​គ្នា​ថា ឧកញ៉ា សុះ កំរី នឹង​ឆ្លើយ​នូវ​រាល់​សំណួរ​ទាំងអស់ (ទោះបីជា​សួរ​ដោយ​ជន​មូស្លីម​ ជនបរទេស ឬ​ក៏​ព្រះមហាក្សត្រ) អំពី​ជន​មូស្លីម​សម័យ​ទំនើប​នេះ ហើយ​ឧកញ៉ា ឃ្នួ កៃទាំ នឹង​ឆ្លើយ​នូវ​រាល់​សំណួរ​ទាំងឡាយ​ដែល​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ ឬ​ប្រពៃណី​របស់​ចម្ប៉ា ។

ជនជាតិ​ចាម​អ៊ីម៉ាំសាន់​បាន​ទទួល​នូវ​ការ​គាំទ្រ​ពី​សំណាក់​ព្រះរាជវង្សានុវង្ស​ក្នុង​ការ​ថែរក្សា​ប្រវត្តិសាស្ត្រ​របស់​ជនជាតិ​ចាម ។ ដោយឡែក​ជនជាតិ​ចាម​នៅ​ក្រោម​ការ​ដឹកនាំ​របស់​ឧកញ៉ា សុះ កំរី មិន​ត្រឹមតែ​ទទួល​បាន​នូវ​ការ​គាំទ្រ​ពី​ព្រះរាជវង្សានុវង្ស​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ទទួល​បាន​នូវ​ការ​ឧបត្ថម្ភ​ជា​មូលនិធិ​ពី​សំណាក់​មូស្លីម​អារ៉ាប់ និង​ម៉ាឡេស៊ី​ទៀត​ផង ។

ជនជាតិ​ចាម​អ៊ីម៉ាំសាន់​វិញ កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​លំបាក​ជា​ខ្លាំង ដោយសារ​តែ​សមាជិក​របស់​ខ្លួន​ជា​ច្រើន​បាន​ប្រែ​ត្រឡប់​ទៅ​ចូល​ក្រុម​មូស្លីម​ទំនើប ហើយ​ប្រវត្តិសាស្ត្រ​របស់​ក្រុម​អ៊ីម៉ាំសាន់​ហាក់បីដូចជា​កំពុង​តែ​ជួប​គ្រោះថ្នាក់ ។ ដោយសារ​តែ​ប្រទេស​ផ្សេងៗ​ជា​ច្រើន​នៃ​ពិភពលោក​ពុំ​ទទួលស្គាល់​ថា​ ជនជាតិ​ចាម​អ៊ីម៉ាំសាន់​ជា​ជន​មូស្លីម​ពិតប្រាកដ ហេតុ​ដូច្នេះ​សហគមន៍​នេះ​កំពុង​តែ​ជួប​ប្រទះ​ការ​ខ្វះខាត​ផ្នែក​មូលនិធិ​ និង​កំពុង​តែ​មាន​ការ​ស្រុត​ចុះ​យ៉ាង​ខ្លាំង ។ ជា​ការ​ចាំបាច់​ណាស់​ក្នុង​ការ​ជួយ​ថែរក្សា​សហគមន៍​ចាម​មួយ​នេះ​ឲ្យ​នៅ​រស់រាន​មាន​ជីវិត ព្រោះ​សហគមន៍​នេះ​ជា​សហគមន៍​ចាម​តែ​មួយ​គត់​ដែល​នៅ​តែ​ប្រតិបត្តិ​ប្រពៃណី​របស់​ចម្ប៉ា និង​ថែរក្សា​ប្រវត្តិសាស្ត្រ​របស់​ចម្ប៉ា ។ យើង​មាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា ថ្ងៃ​ណាមួយ​សហគមន៍​នេះ​នឹង​មាន​ការ​លូតលាស់​ឡើង​វិញ​ជា​មិន​ខាន ៕

ដោយ អ៊ីសាក់ ថេប័រ
ទស្សនាវដ្ដី​ស្វែងរកការពិត លេខ​៦០ ខែ​ធ្នូ ឆ្នាំ​២០០៤
 
 

អត្ថបទពាក់ព័ន្ធៈ       សហគមន៍​ចាម​មូស្លីម: ទំនោរ​ផ្លាស់​ប្ដូរ​មិន​អាច​ចៀស​ផុត

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in ចំណេះ​ធ្វើ, អរិយធម៌​ខ្មែរ and tagged , , , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s