រដ្ឋធម្មនុញ្ញ​ទាំងឡាយ​នៅ​កម្ពុជា

រដ្ឋធម្មនុញ្ញ​ទាំងឡាយ​នៅ​កម្ពុជា:  មហិច្ឆតា ការ​បន្ត និង ការ​លុប​ចោល

រដ្ឋធម្មនុញ្ញ​ទាំងឡាយ​នៅ​កម្ពុជា

មហិច្ឆតា ការ​បន្ត និង ការ​លុប​ចោល

រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ដែល​ប្រើ​ក្នុង​ពេល​សព្វ​ថ្ងៃនេះ មាន​ចំណាស់​៥០​ឆ្នាំ​មក​ហើយ ។ ប្រាកដ​ហើយ​ដែល​សេចក្ដី​ព្រាង​លើក​ដំបូង​នៃ​រដ្ឋធម្មនុញ្ញ​ទំនើប​ត្រូវ​បាន​តាក់តែង​ដោយ​គណៈកម្មការ​បារាំង និង​ខ្មែរ​មួយ​ក្រុម បន្ទាប់​មក​ត្រូវ​បាន​សម្រួល និង​អនុម័ត​ដោយ​ព្រះមហាក្សត្រ នរោត្តម សីហនុ ។ តាម​ព្រះរាជ​ប្រកាស​មួយ​ចុះ​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​១៩៤៦ ព្រះមហាក្សត្រ​បាន​សម្តែង​ឲ្យ​ដឹង​ជា​បន្ត​ទៀត​នូវ​ព្រះរាជ​បំណង​ពិគ្រោះ​យោបល់​ពី​បញ្ហា​នេះ​ជាមួយនឹង​សភា​មួយ​ដែល​ប្រជារាស្ត្រ​បោះឆ្នោត​ជ្រើសតាំង មុន​នឹង​សម្រេច​យក​ជា​ស្ថាពរ ។ សភា​នេះ​កើត​ចេញពី​ការ​បោះឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​១៩៤៦ ដែល​មិន​ធ្លាប់​រៀបចំ​ចាត់ចែង​ឲ្យ​មាន​ដំណើរ​ឡើង​ទាល់តែ​សោះ​នៅ​ក្នុង​ប្រទេស​នេះ ។ (អ្នកនិពន្ធ​សរសេរ​យ៉ាងច្រើន​ថា ការ​បោះឆ្នោត​ដែល​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ​នៅ​ឆ្នាំ​១៩៩៣ គឺជា​ការ​បោះឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យ​ជា​លើក​ដំបូង​ដែល​មិន​ដែល​ចាត់ចែង​រៀបចំ​ទាល់តែ​សោះ​នៅ​ប្រទេស​កម្ពុជា ។ រឿង​នេះ​មិន​សូវ​ពិត​ទេ ព្រោះ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​១៩៤៦, ១៩៤៧ និង ​១៩៥១ យ៉ាង​ហោច​ណាស់​ក៏​មាន​លក្ខណៈ​សេរី និង​យុត្តិធម៌​ដូច​ការ​បោះឆ្នោត​ដែល​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ​ដែរ ហើយ​មិន​សូវ​មាន​លក្ខណៈ​គួរ​ឲ្យ​កត់​សម្គាល់​ដោយ​ការ​សម្លុត​បំភ័យ​ និង​ហិង្សា​នយោបាយ​ដូច​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣​ឡើយ ដែល​ការ​បោះឆ្នោត​នេះ​មាន​របៀប​ដូច​គ្នា​នឹង​ការ​បោះឆ្នោត​នៅ​ឆ្នាំ​១៩៥៥​យ៉ាងច្រើន) ។ ការ​បោះឆ្នោត​នេះ​បាន​ផ្តល់​ជ័យជម្នះ​ដល់​គណបក្ស​ប្រជាធិបតេយ្យ​ដែល​មាន​ភាព​ច្រើន​លើស​លប់ ដោយ​បាន​បដិសេធ​តួនាទី​សម្រាប់​ឲ្យ​យោបល់​ដែល​ព្រះមហាក្សត្រ​មាន​ព្រះរាជ​បំណង​កំណត់​ព្រំដែន​ដល់​សភា​ថ្មី ។ ដូច​សភា​នៃ​រដ្ឋ​ទូទៅ​នៅ​ឆ្នាំ​១៧៨៩​ដែរ សភា​ថ្មី​នេះ​បាន​ប្រកាស​ខ្លួន​ឯង​ជា​សភាធម្មនុញ្ញ ដោយ​បដិសេធ​មិន​ជជែក​ពិភាក្សា​អំពី​រដ្ឋធម្មនុញ្ញ​ដែល​ដាក់​ថ្វាយ​សុំ​ព្រះរាជ​យោបល់​អនុញ្ញាត​ពី​ព្រះ​អង្គ​ឡើយ ។ ដូច​ដែល​លោក ឡាហ្សេ កត់សម្គាល់​ពី​រឿង​នេះ​ថា តាម​ការ​ពិត ពួក​អ្នក​ដែល​ប្រជាជន​ជ្រើសតាំង​មាន​បំណង​ធ្វើ​អ្វី​មួយ​ក្នុង​ឋានៈ​ជា​អ្នកតំណាង​រាស្ត្រ​នៃ​សភា​បញ្ញត្តិ​ច្បាប់​ពិតៗ ។ ដោយ​បំណង​ល្អ​ និង​ការ​សម្រុះសម្រួល​ដែល​សភាធម្មនុញ្ញ​នឹង​យល់ព្រម​ក្នុង​បំណង​បញ្ចៀស​ជម្លោះ​ជាមួយ​ព្រះមហាក្សត្រ ទើប​រដ្ឋធម្មនុញ្ញ​ចាប់កំណើត​នៅ​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​១៩៤៧ ។ នេះ​ជា​ការ​ចាក់​គ្រឹះ​ពិតប្រាកដ​នៃ​រដ្ឋធម្មនុញ្ញ​ដែល​មាន​ក្នុង​ពេល​សព្វ​ថ្ងៃ​នៅ​ប្រទេស​កម្ពុជា ។

ហាសិប​ឆ្នាំ​កន្លង​មក​ហើយ គឺជា​រយៈពេល​ខ្លី​ណាស់​ប្រសិនបើ​ពិនិត្យ​មើល​ប្រវត្តិសាស្ត្រ​មួយ​របស់​កម្ពុជា​ដែល​សិលាចារឹក​របស់​ខ្មែរ​ត្រូវ​គេ​ស្គាល់​ថា​មាន​ឫសគល់​តាំងពី​ឆ្នាំ​៦០៤ គឺ​ត្រូវ​ជា​មួយ​ពាន់​បី​រយ​សែសិប​បី​ឆ្នាំ​មុន​ការ​ផ្តល់​រដ្ឋធម្មនុញ្ញ​សម្រាប់​រដ្ឋ​មួយ​ដែល​ព្រះមហាក្សត្រ នរោត្តម សីហនុ ទ្រង់​ហៅ​នៅ​ពេល​សព្វថ្ងៃ​ថា​ជា​ព្រះរាជាណាចក្រ​កម្ពុជា​ទី​១ ។ ក្នុង​រយៈពេល​ជាង​ដប់​ប្រាំ​សតវត្សរ៍ ព្រះរាជាណាចក្រ​ខ្មែរ​ធ្លាប់​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ច្បាប់គ្រឹះ​ផ្សេងៗ​ដែល​ពុំដែល​ត្រូវ​ប្រកាស​ឲ្យ​ប្រើ ហើយ​ជា​ញឹកញាប់​ពុំដែល​ចារ​ជា​លាយ​លក្ខណ៍​អក្សរ​ឡើយ ។ ប៉ុន្តែ​ដូច​ដែល​លោក ហ្សង់​អាំប៊ែរ សង្កត់​បញ្ជាក់​ឣ៊ីចឹង គឺ​ច្បាប់គ្រឹះ​ទាំងនេះ​មិន​សូវ​មាន​អត្ថិភាព​ដោយ​ភាព​ពិត​ជាក់លាក់​ទេ (ភ្នំពេញ, សៀវភៅ​ដែល​ចុះ​ព្រឹត្តិការណ៍​ផ្សេងៗ​គ្រប់​ឆ្នាំ​របស់​មហាវិទ្យាល័យ​ច្បាប់ ឆ្នាំ​១៩៦១) ។ ក៏​ប៉ុន្តែ​ ៥​ទសវត្សរ៍​វា​ល្មម​គ្រប់គ្រាន់​ហើយ ដើម្បី​ផ្តោត​ការ​ពិនិត្យ​មើល​ជា​ទូទៅ​មួយ​ទៅ​លើ​អត្ថបទ​រដ្ឋធម្មនុញ្ញ​ទាំងអស់ និង​ថ្លឹងថ្លែង​ព្រម​គ្នា​នូវ​មហិច្ឆតា​ ការ​បន្ត​ធ្វើ និង​ការ​លុប​ចោល ដែល​អត្ថបទ​ទាំងនោះ​បង្ហាញ​ឲ្យ​ឃើញ ។ មុន​នឹង​ចំណាយ​ពេលវេលា​ទៅ​ក្នុង​ការ​ធ្វើ​នេះ គេ​ត្រូវ​តែ​ផ្ទៀង​ពិនិត្យ​អត្ថបទ​រដ្ឋធម្មនុញ្ញ​អំពី​សារសំខាន់​ និង​សិក្សា​ចាប់ពី​ពេល​នេះ​ទៅ នូវ​យោបល់​ដែល​ប្រជាជន​កម្ពុជា​មាន​ចំពោះ​អត្ថបទ​នៃ​រដ្ឋធម្មនុញ្ញ​មួយ ។ ដោយ​ទទួលស្គាល់​ថា ការ​សិក្សា​រដ្ឋធម្មនុញ្ញ​មួយ​មិន​ប្រើប្រាស់​អស់​នូវ​ធាតុ​ផ្សំ​នៃ​ច្បាប់​ទាក់ទង​នឹង​រដ្ឋធម្មនុញ្ញ គេ​នឹង​សុំ​ឲ្យ​មន្ត្រី​ទទួល​កិច្ចការ​នេះ ទទួល​ស្រប​ថា​ព្រំដែន​នៃ​មធ្យោបាយ​ទាក់ទង​គ្នា​បច្ចុប្បន្ន ហាម​មិន​ឲ្យ​ទៅ​ហួស​ពី​ការ​ពិនិត្យ​មើល​ច្បាប់​រដ្ឋធម្មនុញ្ញ​ទាំងឡាយ​ដោយ​ខ្លួន​ឯង​ឡើយ ។

ដូច​ដែល​លោក ក្លូត ហ្គីលហ្គួរ សរសេរ​អំពី​រឿង​នេះ​ក្នុង​សៀវភៅ​គួរ​ឲ្យ​កត់សម្គាល់​របស់​គាត់​សម្រាប់​ស្ថាប័ន​នានា​ដែល​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ​ និង​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ថា «ច្បាប់​រដ្ឋធម្មនុញ្ញ​មួយ​ពុំ​ដែល​បង្ហាញ​ឲ្យ​ឃើញ​អ្វី​ក្រៅ​តែ​ពី​ចម្លើយ​ផ្សេងៗ​ដែល​សម្តែង​ឲ្យ​ដឹង​តាម​រយៈ​ច្បាប់​ដែល​មាន​ពិត​នៃ​ប្រទេស​មួយ ចំពោះ​បញ្ហា​ទូទៅ មិន​ត្រឹមតែ​ខាង​បច្ចេកទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ខាង​សង្គមសាស្ត្រ​ឬ​ខាង​នយោបាយ​ទៀត» ។ ប៉ុន្តែ អ្វី​ដែល​អះអាង​នេះ​បាន​បង្ក​ឲ្យ​មាន​បញ្ហា​ស្តីពី​ការ​ពិត​នៃ​ច្បាប់​វិជ្ជមាន​មួយ​របស់​កម្ពុជា ដែល​ជំរុញ​ឲ្យ​យើង​ពិនិត្យ​មើល​ដោយ​យកចិត្ត​ទុកដាក់​ដោយ​ផ្ទាល់​អំពី​លក្ខណៈ​នៃ​ទំនាក់ទំនង​របស់​ប្រជាជន​កម្ពុជា​ជាមួយ​អ្នក​កាន់​អំណាច ។ នៅ​ចំពោះ​មុខ​ប្រជាជន​មួយ និង​ជា​ពិសេស​ទៅ​ទៀត​វណ្ណៈ​អ្នកនយោបាយ​មួយ​ដែល​ក្នុង​កាលៈទេសៈ​នេះ​ច្រើន​ជា​អ្នកតំណាង​រាស្ត្រ បាន​បញ្ចេញ​ឲ្យ​ឃើញ​នៅ​ពេល​សព្វថ្ងៃ​ជាង​ពេល​ណាៗ​ទាំងអស់ នូវ​អសមត្ថភាព​មួយ​ដែល​ស្ទើរតែ​មាន​មក​ពី​កំណើត​ឬ​ការ​បដិសេធ​មួយ​ដែល​ស្ទើរតែ​ដាច់​អហង្ការ ក្នុង​ការ​ប្រតិបត្តិ​តាម​ច្បាប់​ផ្សេងៗ​ដែល​គេ​ទទួលស្គាល់​ជា​ទូទៅ គឺ​គេ​បាន​ត្រឹមតែ​សង្ស័យ​ពី​ភាព​ជាក់លាក់​នៃ​ច្បាប់​វិជ្ជមាន​មួយ​ប៉ុណ្ណោះ ។ មិន​ដែល​មាន​ពេល​ណា​ដូច​ពេល​សព្វ​ថ្ងៃនេះ​ទេ ប្រហែល​លើកលែងតែ​ក្នុង​សម័យ​សាធារណរដ្ឋ​ខ្មែរ​ដ៏​ខ្លី​របស់ លន់ នល់ ប៉ុណ្ណោះ ដែល​ប្រទេស​កម្ពុជា​បញ្ចេញ​ឲ្យ​ឃើញ​នូវ​រូបភាព​នៃ​ការ​មិន​ព្រម​ធ្វើ​អ្វីមួយ​ដែល​ត្រូវធ្វើ​ក្នុង​អំឡុង​នៃ​ប្រវត្តិសាស្ត្រ​សព្វថ្ងៃ​របស់​ខ្លួន ។ មែនហើយ គេ​ត្រូវ​តែ​បន្ថែម​ថា មិន​ដែល​មាន​ពេល​ណា​ដូច​សព្វ​ថ្ងៃនេះ​ទេ ដែល​ប្រទេស​ជាតិ​ត្រូវ​ប្រឈម​មុខ​នឹង​កិច្ចការ​ស្តារ​ឡើង​វិញ​ដ៏​ធំ​សម្បើម​មួយ​ក្នុង​បរិបទ​នៃ​សេរីនិយម​ផ្នែក​សេដ្ឋកិច្ច​ដែល​បង្ហិនបង្ហោច​ជាងគេ ជាមួយ​កង្វះខាត​យ៉ាង​ខ្លាំង​នូវ​ក្របខណ្ឌ​មន្ត្រីរាជការ​ដែល​មាន​គុណសម្បត្តិ​ខាង​វិជ្ជាជីវៈ​ក្នុង​បរិបទ​មួយ ដែល​ដើរ​យ៉ាង​ជ្រៅ​ដោយសារ​សោកនាដកម្ម​មួយ​ក្នុង​ចំណោម​សោកនាដកម្ម​ធំៗ​ដែល​ប្រជាជន​មួយ​មិន​ដែល​ទទួល​រង និង​ដោយសារ​ការ​បាត់បង់​របៀប​វិនិច្ឆ័យ​យ៉ាង​ហួសប្រមាណ​ដែល​ជា​ផល​នៃ​សោកនាដកម្ម​នេះ ។ វា​បាន​ត្រឹមតែ​រាំងរា​ការ​ប្រព្រឹត្តិ​ផ្សេងៗ​ដែល​អាច​សង្កេត​បាន និង​បង្ហាញ​ឲ្យ​ឃើញ​ទំនៀមទម្លាប់​ដែល​នៅ​សល់​នៃ​ការ​លម្អៀង​យ៉ាង​ធ្ងន់​ដែល​គេ​មិន​អាច​ដឹង​នៅ​ក្នុង​ពេល​គេ​មាន​បំណង​ស្វែង​យល់​ពី​អំណាច​ដែល​ឆ្លងកាត់​សង្គម​របស់​កម្ពុជា និង​បែបផែន​នៃ​អំណាច​ត្រូវ​បាន​បកស្រាយ​ក្នុង​អត្ថបទ​រដ្ឋធម្មនុញ្ញ​ផ្សេងៗ ។ មាត្រា​១៣១ នៃ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ បាន​ធ្វើ​ឲ្យ​នឹក​ឃើញ​ពី​សារសំខាន់​ផ្នែក​គតិយុត្តិ​នៃ​អត្ថបទ​រដ្ឋធម្មនុញ្ញ និង​បញ្ជាក់​ពី​លំដាប់​លំដោយ​នៃ​បទដ្ឋាន (គោលការណ៍​ដែល​ទុកជា​វិធាន) ផ្សេងៗ ដែល​ជា​គ្រឹះ​មួយ​ក្នុង​ចំណោម​គ្រឹះ​នីតិរដ្ឋ ។ រដ្ឋធម្មនុញ្ញ​បង្ហាញ​ថា «រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​របស់​ប្រទេស​កម្ពុជា ។ ច្បាប់ និង​សេចក្ដីសម្រេច​ទាំងឡាយ​នៃ​ស្ថាប័ន​នានា​របស់​រដ្ឋ ត្រូវ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ជា​ដាច់ខាត» ។ សញ្ញាណ​នៃ​ច្បាប់គ្រឹះ​នេះ​ហាក់​ដូចជា​គ្មាន​ទាក់ទង​ជាមួយនឹង​ទម្លាប់​ជា​ប្រពៃណី​ដែល​នៅ​ក្រោម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​សោះ ។ នៅ​ប្រទេស​កម្ពុជា រដ្ឋធម្មនុញ្ញ​ពុំ​មែន​ជា​អត្ថបទ​មួយ​ដែល​ដាក់​បង្ខំ​ឲ្យ​មនុស្ស​ទាំងអស់​ព្រម​ទទួល​ដោយ​ដាច់ខាត​ឡើយ ហើយ​គេ​អាច​កែប្រែ​ដោយ​ប្រើ​នីតិវិធី​ដែល​ពន្យល់​ឲ្យ​ចោល​គំនិត​នោះ​ប៉ុណ្ណោះ ។ ប៉ុន្តែ​គំនិត​នៃ «ច្បាប់គ្រឹះ» មាន​ចារឹក​ក្នុង​រដ្ឋធម្មនុញ្ញ​ជា​បន្តបន្ទាប់​គ្នា​ចំនួន​៧ ដែល​មាន​ជា​ធរមាន​តាំងពី​ឆ្នាំ​១៩៥៣ និង​ដែល​គ្មាន​ចែង​ច្បាស់លាស់​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ប្រជាធិបតេយ្យ ។ ការ​ពិនិត្យ​កត់ត្រា​នេះ​បាន​ផ្តល់​នូវ​ការ​បង្ហាញ​ឲ្យ​ឃើញ​ដំបូង​មួយ ស្ដីពី​គម្លាត​គ្នា​រវាង​បទដ្ឋាន​គតិយុត្តិ​ និង​ការ​អនុវត្ត​ជាក់ស្តែង ។

 

ភាគបន្ត

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in ចំណេះ​ធ្វើ, ប្រវត្តិសាស្ត្រ, អរិយធម៌​ខ្មែរ and tagged , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s