តើ​ខ្មែរ​ក្រោម​ជា​ជនជាតិភាគតិច​ឬ ?

តើ​ខ្មែរ​ក្រោម​ជា​ជនជាតិភាគតិច​ឬ ?
ដូច​យើង​បាន​ពិភាក្សា​រួច​មក​ហើយ ការ​ប្រព្រឹត្ត​មក​លើ​កម្ពុជា​ក្រោម​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ លើក​ឡើង​នូវ​សំណួរ​ផ្លូវច្បាប់​លំបាក​មួយ ។ ជា​ពិសេស យើង​នៅ​មិន​ទាន់​ច្បាស់​ថា​ តើ​ខ្មែរ​កម្ពុជា​ក្រោម​គួរ​ត្រូវ​បាន​ចាត់ទុកជា​ក្រុម «ជនជាតិ» ឬ «ជាតិ​ពន្ធុ» ដែល​ស្ថិត​នៅ​ក្រោម​ការ​ការពារ​នៃ​សេចក្តីព្រាងច្បាប់​កាត់​ទោស​ខ្មែរក្រហម ។ ចំណុច​នេះ​ទាក់ទិន​ទៅ​នឹង​បទចោទប្រកាន់​ពី​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ។ ខណៈ​ពេល​ដែល​យើង​មិន​អាច​ប៉ាន់​ស្មាន​ពី​ដំណើរ​ប្រព្រឹត្ត​របស់​សាលាក្តី​ចំពោះ​កម្ពុជា​ក្រោម អនុស្សរណៈ​នេះ​សរសេរ​ពី​ការ​វែកញែក​ដែល​យើង​លើក​ឡើង​មក​ពិភាក្សា​ជំនួស​មុខ​ឲ្យ​ជន​រង​គ្រោះ​កម្ពុជា​ក្រោម ។

អំពើ​ប្រល័យពូជសាសន៍

ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​អាច​ទាក់ទង​នឹង​សកម្មភាព​ទម្រង់​ផ្សេងៗ​ដូចដែល​យើង​បាន​លើកយក​មក​ពិភាក្សា ។ ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទាក់ទង​នឹង​ធាតុ​ចេតនា​ផែ្នក​សតិអារម្មណ៍​ ហើយ​សកម្មភាព​ទាំង​អស់​នេះ ធ្វើ​ឡើង​ក្នុង​ចេតនា​បំផ្លាញ​ទាំងស្រុង ឬ​មួយ​ផ្នែក​នៃ​ពូជសាសន៍ ពណ៌​សម្បុរ សាសនា ជាតិពន្ធុ ឬ​ក្រុម​ជនជាតិ​ណា​មួយ ។ យើង​អាច​បែងចែក​ចេតនា​នេះ​ជា​ពីរ​ផ្នែក​គឺ ៖

ការ​ដៅ​ទៅ​រក​ក្រុម​ដែល​ទទួល​បាន​ការ​ការពារ

ជន​ដៃដល់​បាន​ដៅ​ទៅ​រក​ក្រុម​មនុស្ស​ដែល​ទទួល​បានការ​ការពារ រួម​មាន​ក្រុម​សម្គាល់​តាម​រយៈ​អត្តសញ្ញាណ ជនជាតិ​ពូជសាសន៍ ពណ៌​សម្បុរ សាសនា និង​ជាតិពន្ធុ ។ ដោយឡែក​បញ្ហា​សាសនា​នៅ​ក្នុង​ទឹកដី​កម្ពុជា​ក្រោម​មិនមែន​ជា​បញ្ហា​ចោទ​ឡើយ ។ បញ្ហា​ពូជសាសន៍ ពណ៌​សម្បុរ (ដូច​ជា​ស្បែក​ស ខ្មៅ ឬ​អាស៊ី) ក៏​មិន​ជាប់​ពាក់ព័ន្ធ​ដែរ ។ ដូច្នេះ​យើង​អាច​អះអាង​ថា ខ្មែរ​កម្ពុជា​ក្រោម​អាច​ចាត់ទុកជា​ក្រុម «ជនជាតិ» ឬ «ជាតិពន្ធុ» ក៏​បាន ។​

យើង​អាច​លើក​ឡើង​ថា កម្ពុជា​ក្រោម​ស្ថិត​នៅ​ក្នុង​ក្រុម​មួយ​នៃ​ «ជនជាតិ» ។ ទី​មួយ កម្ពុជា​ក្រោម ជា​ក្រុម​ជនជាតិ​កម្ពុជា (ខ្មែរ) ។ ក្រុម​នេះ​តំណាង​ឲ្យ​ជនជាតិ​ខ្មែរ​ភាគច្រើន ប៉ុន្តែ​យើង​អាច​ឬ​មិន​អាច​ចាត់​ទុក​កម្ពុជា​ក្រោម​ជា​ក្រុម​ទទួល​បាន​ការ​ការពារ​នៃ​សេចក្តី​ព្រាងច្បាប់​កាត់​ទោស​ខ្មែរក្រហម ។ ទី​ពីរ យើង​អាច​តប​វិញ​ថា កម្ពុជា​ក្រោម​ស្ថិត​ក្នុង​ក្រុម​ជនជាតិ​វៀតណាម យោង​ទៅ​តាម​សញ្ជាតិ និង​ការ​ប្រព្រឹត្ត​ចំពោះ​ប្រជាជន​កម្ពុជា​ក្រោម​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ។ កម្ពុជា​ក្រោម​ក៏​អាច​ចាត់ទុកជា «ក្រុម​ជាតិពន្ធុ» ដែល​ជា​ទូទៅ​សំដៅ​លើ​ប្រជាជន​មួយ​ចំនួន​តូច​ដែល​មាន​ចរិតលក្ខណៈ​ខាង​វប្បធម៌ ឬ​ប្រវត្តិសាស្ត្រ​គួរ​ឲ្យ​កត់សម្គាល់ ដូច​ជា ភាសា សាសនា ឬ​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ ។​

សេចក្តីព្រាងច្បាប់​កាត់​ទោស​ខ្មែរក្រហម​មិន​មាន​ស្នើ​និយមន័យ​ជាក់លាក់​ណាមួយ​ពី​ក្រុម «ជនជាតិ» ឬ «ជាតិពន្ធុ» ណា​មួយ​ឡើយ ហើយ​ការ​វែកញែក​តាម​ផ្លូវច្បាប់​នឹង​នាំ​មក​នូវ​ឥទ្ធិពល​ដល់​សេចក្តី​សម្រេច​ចិត្ត​របស់​សាលាក្តី​នេះ​ចំពោះ​បញ្ហា​ឲ្យ​និយមន័យ ។ ទោះបីជា​យើង​នឹង​មិន​ជជែក​វែកញែក​ពី​បញ្ហា​នេះ​មុន​ពេល​មាន​តុលាការ​ក៏​ដោយ ភ័ស្តុតាង​យើង​ប្រមូល​មក​គួប​ផ្សំ​នឹង​ការ​សិក្សា​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ យើង​អាច​ទទួល​បាន​នូវ​គំនិត​មួយ​ចំនួន​សម្រាប់​ព្រះរាជអាជ្ញា ។ និយមន័យ​នៃ «ជនជាតិ» ឬ «ជាតិពន្ធុ» អាច​ជះ​ឥទ្ធិពល​ដល់​ការ​អប់រំ និង​មតិ​សាធារណៈ​ទាក់ទិន​នឹង​ប្រធានបទ​ប្រល័យ​ពូជសាសន៍ ។ ដូច្នេះ ខ្ញុំ​អាច​សរុប​គំនិត​ខ្ញុំ​ជា​សង្ខេប​ពី​អ្វី​ដែល​ខ្ញុំ​យល់​ឃើញ​ថា ការ​ស្រាវជ្រាវ​របស់​អ្នក​អាច​ពាក់ព័ន្ធ​នឹង​សំណួរ​ផ្លូវច្បាប់​ដ៏​សំខាន់​មួយ ។

១. កម្ពុជា​ក្រោម​ជា​ផែ្នក​មួយ​នៃ​ជនជាតិ​ខ្មែរ​ភាគច្រើន ។ នៅ​ក្នុង​ការ​សិក្សា​របស់​អ្នក ប្រសិនបើ​អ្នក​យល់​ឃើញ​ថា ទង្វើ​របស់​ខ្មែរក្រហម​មក​លើ​ប្រជាជន​កម្ពុជា​ក្រោម​ដូច​គ្នា​នឹង​អ្វី​ដែល​ខ្មែរក្រហម​ធ្វើ​ចំពោះ​ជនជាតិ​ខ្មែរ​គ្រប់ពេល​នោះ ការ​វែកញែក​មួយ​របស់​យើង​អាច​សរុប​ថា ប្រជាជន​កម្ពុជា​ក្រោម​ជា​ផ្នែក​មួយ​នៃ «ក្រុម​ជនជាតិ» ខ្មែរ ។ យើង​មិន​ទាន់​ច្បាស់​ថា​តើ​ប្រជាជន​កម្ពុជា​ក្រោម​ស្ថិត​នៅ​ក្រោម​ការ​ការពារ​នៃ​លក្ខខណ្ឌ​អំពើ​ប្រល័យពូជសាសន៍​ចែង​ក្នុង​សេចក្តី​ព្រាងច្បាប់​កាត់​ទោស​ខ្មែរក្រហម​ឡើយ ។

២. កម្ពុជា​ក្រោម​ជា​ផ្នែក​មួយ​នៃ​ក្រុម​ជនជាតិ​វៀតណាម ។ ប្រជាជន​កម្ពុជា​ក្រោម​ណា​មួយ​ដែល​កាន់​សញ្ជាតិ​វៀតណាម​សុទ្ធតែ​អាច​ចាត់ទុកជា​ផ្នែក​មួយ​នៃ​ក្រុម​ជនជាតិ​វៀតណាម ប្រសិនបើ​ជនជាតិ​កម្ពុជា​ក្រោម​នោះ​ត្រូវ​បាន​ខ្មែរក្រហម​គិត​ថា ជា​ជនជាតិ​វៀតណាម ហើយដោយ​សារ​គោល​គំនិត​នេះ​នាំ​ឲ្យ​ទង្វើ​របស់​ខ្មែរក្រហម​ចំពោះ​ប្រជាជន​កម្ពុជា​ក្រោម​ខុស​គ្នា​នឹង​ជនជាតិ​ខ្មែរ ។ កំណត់​ត្រា​របស់​ខ្មែរក្រហម​ដែល​ថា ប្រជាជន​កម្ពុជា​ក្រោម «បម្រើ​ការ​ឲ្យ​វៀតណាម» ឬ​ជា «ភ្នាក់ងារ​វៀតណាម» មិន​គ្រប់គ្រាន់​នឹង​បង្ហាញ​ថា កម្ពុជា​ក្រោម​ទាំងនោះ​ជា​ផ្នែក​មួយ​នៃ​ក្រុម​ជនជាតិ​វៀតណាម​ឡើយ ។

ករណី​ប្រជាជន​កម្ពុជា​ក្រោម​មិន​កាន់​សញ្ជាតិ​វៀតណាម​ពិតជា​ករណី​ពិបាក និង​ស្មុគស្មាញ ។ ទោះបីជា​ខ្មែរក្រហម​ចាត់​ទុក​ប្រជាជន​កម្ពុជា​ក្រោម​ថា «ជា​ផ្នែក​មួយ​នៃ​វៀតណាម» ក៏​ដោយ​ក៏​យើង​ពិបាក​នឹង​អះអាង​ថា ប្រជាជន​ទាំងនោះ​ពិតជា​ផ្នែក​មួយ​នៃ​ក្រុម​ជនជាតិ​វៀតណាម ដោយសារ​ភាព​ជាក់ស្តែង ប្រជាជន​កម្ពុជា​ក្រោម​និយាយ​ភាសា​ខ្មែរ និង​និយម​វប្បធម៌​មាន​លក្ខណៈ​ខ្មែរ ។ ដូច្នេះ​យើង​គប្បី​លើក​ឡើង​ថា​ប្រជាជន​កម្ពុជា​ក្រោម​ជា​ផ្នែក​មួយ​នៃ​ក្រុម​ជនជាតិ​ភាគតិច​របស់​ខ្មែរ ។​

៣. ករណី​ប្រជាជន​កម្ពុជា​ក្រោម​ចាត់​ចូល​ជា​ក្រុម​ជាតិពន្ធុ​មួយ​នៅ​មិន​ទាន់​ច្បាស់លាស់​ទេ ។ ភ័ស្តុតាង​សំខាន់​គឺជា​ភ័ស្តុតាង​ដែល​បង្ហាញ​ថា ខ្មែរក្រហម ក. ចាត់​ទុក​ប្រជាជន​កម្ពុជា​ក្រោម​មិន​មែន​ខ្មែរ និង ខ. បាន​ប្រព្រឹត្ត​ចំពោះ​ប្រជាជន​ទាំងនោះ​ខុស​ពី​ប្រជាជន​ខ្មែរ​ទៀត ។ ប្រសិនបើ​យើង​និយាយ​ពី​ភាព​ខុស​គ្នា​ជាក់​ស្តែង​រវាង​កម្ពុជា​ក្រោម និង​ជនជាតិ​ខ្មែរ ផ្នែក​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ជា​ចំណុច​ពាក់ព័ន្ធ ពីព្រោះ​ចំណុច​ទាំង​ពីរ​នេះ​ជា​មូលដ្ឋាន​ដែល​ខ្មែរក្រហម​អាច​សម្គាល់ និង​បែងចែក​កម្ពុជា​ក្រោម​ជា​ក្រុម​មួយ​ដាច់​ដោយឡែក ។ យ៉ាងណា​ក៏​ដោយ ការ​បង្ហាញ​ពី​ភាព​ខុស​គ្នា​ជាក់ស្តែង​តែ​ម្យ៉ាង​គឺ​មិន​គ្រប់គ្រាន់​នឹង​បញ្ជាក់​ថា​ជន​ដៃដល់​ខ្មែរក្រហម​ត្រូវ​បាន​ចាត់​ទុក​ប្រជាជន​កម្ពុជា​ក្រោម​ជា​ក្រុម​ជនជាតិ​ភាគតិច​ឡើយ ។

ប៉ុនប៉ង​បំផ្លាញ​ក្រុម​មួយ​ដោយ​ផ្នែក ឬ បំបាត់​ចោល​ទាំងស្រុង

ផ្នែក​ចម្បង​ទី​ពីរ​នៃ​ធាតុ​ចេតនា​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​គឺ ជន​ដៃដល់​ខ្មែរក្រហម​បម្រុង​នឹង​កម្ទេច​ក្រុម​មួយ​ដោយ​ផ្នែក ឬ​បំបាត់​ចោល​ទាំងស្រុង ។ ប្រសិនបើ​ប្រជាជន​កម្ពុជា​ក្រោម​ត្រូវ​បាន​ចាត់ទុកជា​ក្រុម​ជាតិពន្ធុ​ស្ថិត​ក្រោម​ការ​ការពារ យើង​ចាំបាច់​ត្រូវ​មាន​ភ័ស្តុតាង​បង្ហាញ​ថា​ ខ្មែរក្រហម​ប៉ុនប៉ង​លុប​បំបាត់​ជាតិពន្ធុ​នេះ​ចោល ដោយសារ​អត្តសញ្ញាណ​ខ្លួន​ជា​កម្ពុជា​ក្រោម ។ ការ​បង្ហាញ​ពី​តួលេខ​ស្លាប់​តិច​ឬ​ច្រើន​របស់​ប្រជាជន​កម្ពុជា​ក្រោម​គឺ​មិន​គ្រប់គ្រាន់​ទេ ។ ការ​ប្រល័យពូជសាសន៍​ទាមទារ​ធាតុ​ដែល​បញ្ជាក់​ថា​ប្រជាជន​កម្ពុជា​ក្រោម​ពិតជា​ត្រូវ​បាន​ចាត់​ចេញ​ដោយឡែក​ដោយ​ចេតនា ។

ប្រសិនបើ​ប្រជាជន​កម្ពុជា​ក្រោម​ត្រូវ​បាន​ចាត់ទុកជា​ផ្នែក​មួយ​នៃ​ក្រុម​ជនជាតិ​វៀតណាម​នោះ ភ័ស្តុតាង​ត្រូវ​បង្ហាញ​ថា ខ្មែរក្រហម​ប៉ុនប៉ង​លុប​បំបាត់​ផ្នែក​មួយ​នៃ​ជាតិ​សាសន៍​វៀតណាម (ជនជាតិ​វៀតណាម​រស់នៅ​លើ​ទឹកដី​កម្ពុជា) ។ ករណី​នេះ​អាច​ការពារ​ប្រជាជន​កម្ពុជា​ក្រោម​កាន់​សញ្ជាតិ​វៀតណាម ប៉ុន្តែ​ប្រហែល​មិន​អាច​ការពារ​ប្រជាជន​កម្ពុជា​ក្រោម​ដែល​មាន​សញ្ជាតិ​ខ្មែរ​ឡើយ ។ ទោះបីជា​យើង​អាច​រក​ឃើញ​ភ័ស្តុតាង​បញ្ជាក់​ថា ខ្មែរក្រហម​ចង់​កម្ទេច​ក្រុម​ជនជាតិ​វៀតណាម ក៏​ភ័ស្តុតាង​នេះ​ត្រឹមតែ​ទាក់ទិន​នឹង​ផ្នែក​តូច​មួយ​នៃ​ជន​រង​គ្រោះ​កម្ពុជា​ក្រោម​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ ។

ទី​បី ប្រសិនបើ​ភ័ស្តុតាង​លើក​ឡើង​ថា ប្រជាជន​កម្ពុជា​ក្រោម​ជា​ផ្នែក​មួយ​នៃ​ក្រុម​ជនជាតិ​ខ្មែរ ប្រជាជន​កម្ពុជា​ក្រោម​នឹង​ស្ថិត​ក្រោម​ការ​ការពារ​ប្រសិនបើ​សាលាក្តី​សម្រេច​ថា ជនជាតិ​ភាគច្រើន​ជា​ក្រុម​ប្រជាជន​ដែល​ទទួល​បាន​ការ​ការពារ​ក្រោម​លក្ខខណ្ឌ​អំពើ​ប្រល័យពូជសាសន៍​ចែង​នៅ​ក្នុង​សេចក្តីព្រាងច្បាប់​កាត់​ទោស​ខ្មែរក្រហម ។ ក្នុង​ករណី​នេះ យើង​អាច​វែកញែក​ថា ខ្មែរក្រហម​ប៉ុនប៉ង​កម្ទេច​ជនជាតិ​ខ្មែរ​ដោយ​ផែ្នក និង​ជន​រងគ្រោះ​ភាគច្រើន​ដែល​ខ្មែរក្រហម​ប៉ុនប៉ង​កម្ទេច​គឺ​កម្ពុជា​ក្រោម ។ មតិ​អះអាង​នេះ​សំដៅ​លើ​ជន​រងគ្រោះ​ខ្មែរ​គ្រប់​រូប​ពី​សម័យ​ខ្មែរក្រហម មិនមែន​ត្រឹមតែ​ប្រជាជន​កម្ពុជា​ក្រោម​ប៉ុណ្ណោះ​ទេ ។ យ៉ាងណាមិញ​ប្រសិនបើ​មតិ​នេះ​ត្រូវ​បាន​ទទួល​យក ប្រជាជន​កម្ពុជា​ក្រោម​ដែល​រង​ទុក្ខ​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​ភាគច្រើន ឬ​ទាំងអស់​នឹង​ស្ថិត​ក្រោម​ការ​ការពារ ។​

សង្ខេប​វែកញែក​ពី​អំពើ​ប្រល័យពូជសាសន៍

ស្ថានភាព​របស់​ក្រុម​ទទួល​បានការ​ការពារ​ក្នុង​លក្ខខណ្ឌ​ចេតនា​កម្ទេច​ទាំងស្រុង​ឬ​ដោយ​ផ្នែក ៖

  1. ប្រជាជន​កម្ពុជា​ក្រោម ត្រូវ​បាន​ខ្មែរក្រហម​ចាត់​ទុក​ថា​ជា​ផ្នែក​មួយ​នៃ​ក្រុម​ជនជាតិ​ខ្មែរ ហើយ​ទង្វើ​របស់​ខ្មែរក្រហម​ចំពោះ​កម្ពុជា​ក្រោម​គឺ​ដូច​គ្នា​នឹង​ទង្វើ​ចំពោះ​ក្រុម​ជនជាតិ​ខ្មែរ​ដែរ ។ «ខ្មែរក្រហម​មាន​ចេតនា​កមេ្ទច​ក្រុម​ជនជាតិ​ខ្មែរ​មួយ​ផែ្នក ហើយ​ប្រជាជន​កម្ពុជា​ក្រោម​ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំងនោះ​ដែរ» ។
  2. ខ្មែរក្រហម​ចាត់​ទុក​ប្រជាជន​កម្ពុជា​ក្រោម​ជា​ក្រុម​ជាតិពន្ធុ​ដាច់​ដោយឡែក ដោយ​យោង​លើ​ប្រវត្តិសាស្ត្រ និង​វប្បធម៌ ។ «ខ្មែរ​ក្រហម​មាន​ចេតនា​កម្ទេច​ដោយ​ផ្នែក​ឬ​ទាំង​ស្រុង​នៃ​ប្រជាជន​កម្ពុជា​ក្រោម ដោយ​ចាត់​ទុក​ថា កម្ពុជា​ក្រោម​មាន​ឋានៈ​ជា​ក្រុម​ជាតិពន្ធុ» ។
  3. ប្រជាជន​កម្ពុជា​ក្រោម​មួយ​ចំនួន​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ផ្នែក​មួយ​នៃ​ក្រុម​ជនជាតិ​វៀតណាម ។ «ខ្មែរក្រហម​មាន​ចេតនា​តិច ឬ​ច្រើន​កម្ទេច​ក្រុម​ជនជាតិ​វៀតណាម ។ ជន​រង​គ្រោះជា​ប្រជាជន​កម្ពុជា​ក្រោម​មួយ​ចំនួន​ត្រូវ​បាន​ធ្វើ​ទុក្ខ​ទោស​ដោយសារ​ខ្មែរក្រហម​ឈរ​លើ​មូលដ្ឋាន​ថា ប្រជាជន​កម្ពុជា​ក្រោម​ជា​ជនជាតិ​វៀតណាម» ។

ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ

ក្នុង​សេចក្តីព្រាងច្បាប់​កាត់​ទោស​ខ្មែរក្រហម ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ទាមទារ «ការ​រីក​រាលដាល​នៃ​ការ​វាយប្រហារ​ផ្តាច់​ការ​ប្រឆាំង​នឹង​ជន​ស៊ីវិល​មួយ​ចំនួន ដោយ​រើសអើង​ពី​មូលដ្ឋាន ជនជាតិ ទំនោរ​នយោបាយ ជាតិពន្ធុ ពូជសាសន៍ ពណ៌​សម្បុរ និង​សាសនា» ។ ការ​រំលោភសិទ្ធិ​ក្រោម​រូបភាព​ផ្សេងៗ​ក៏​អាច​ចាត់​ចូល​ជា​សកម្មភាព​ប្រឆាំង​នឹង​មនុស្សជាតិ​ដែរ ដូច្នេះ​ខ្ញុំ​នឹង​ផ្តោត​ជា​ចម្បង​លើ​ធាតុ​សំខាន់ៗ​នៃ​ចេតនា​របស់​ជន​ដៃដល់ ។ ការ​កត់សម្គាល់​ពី​ចេតនា​កម្ទេច​ប្រជាជន​មួយ​ក្រុម​ដោយ​ផ្នែក​ឬ​ទាំងស្រុង មិនមែន​ជា​ផ្នែក​មួយ​នៃ​និយមន័យ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ទេ ប៉ុន្តែ​ជា​ការ​វាយប្រហារ​ចាំបាច់​ត្រូវ​ឈរ​លើ​មូលដ្ឋាន​ពូជសាសន៍ សាសនា ជាតិពន្ធុ របស់​ជន​រងគ្រោះ ។ ដូច​ខ្ញុំ​បាន​និយាយ​នៅ​ខាងលើ​រួច​មក​ហើយ ជន​ឯទៀត​អាច​វែកញែក​កត្តា​ប្រជាជន​កម្ពុជា​ក្រោម​កាន់​សញ្ជាតិ​ឬ​ជាតិពន្ធុ​មួយ​ដោយឡែក ។

ការ​រីក​រាលដាល​នៃ​ការ​វាយប្រហារ​ផ្តាច់ការ

ដើម្បី​បង្ហាញ​ថា ការ​រីក​រាលដាល​នៃ​ការ​វាយប្រហារ​មក​លើ​ប្រជាជន​កម្ពុជា​ក្រោម​ពិតជា​កើត​មាន​មែន យើង​ទាមទារ​ភ័ស្តុតាង​ថា ជន​រងគ្រោះ​មួយ​ចំនួន​ធំ​ដែល​រស់នៅ​តាម​តំបន់​ភូមិសាស្ត្រ​ជាក់លាក់​មួយ​ទទួល​រង​នូវ​ការ​វាយប្រហារ ។ ដោយសារ​ប្រជាជន​កម្ពុជា​ក្រោម​ជា​ច្រើន​ដែល​រស់នៅ​ពាសពេញ​ផ្ទៃ​ប្រទេស​កម្ពុជា​ក្លាយ​ជា​ជន​រងគ្រោះ​នៃ​របប​ខ្មែរក្រហម យើង​អាច​មាន​ភ័ស្តុតាង​បង្ហាញ​ពី​ «ការ​រីក​រាលដាល» ​នៃ​ការ​វាយប្រហារ ។ យើង​កាន់តែ​ជួប​ប្រទះ​ការ​លំបាក​កាន់តែ​ខ្លាំង​ក្នុង​ការ​បង្ហាញ​ពី​ការ​វាយប្រហារ «ផ្តាច់​ការ» ដោយ​ផ្តោត​លើ​ផែនការ​មួយ​ចំនួន​ដែល​គ្រោង​ទុកជា​មុន ។ ភ័ស្តុតាង​ត្រូវ​បង្ហាញ​ថា ខ្មែរក្រហម​បាន​រៀបចំ​គម្រោង និង​វិធី​វាយប្រហារ​ប្រជាជន​កម្ពុជា​ក្រោម ។​

ការ​វាយប្រហារ​ឈរ​លើ​មូលដ្ឋាន​ជាតិពន្ធុ​ឬ​សញ្ជាតិ​ជន​រងគ្រោះ

ទោះបីជា​ភ័ស្តុតាង​បង្ហាញ​ពី​ការ​រីក​រាលដាល​នៃ​ការ​វាយប្រហារ​ផ្តាច់​ការ​ប្រឆាំង​នឹង​ប្រជាជន​កម្ពុជា​ក្រោម​ត្រូវ​បាន​រក​ឃើញ​ក៏​ដោយ ជន​ដៃដល់​មិន​ចាំបាច់​ទទួល​ទោស​ពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ឡើយ ។ ករណី​ជាប់​ពី​បទ​នេះ ជន​ដៃដល់​ត្រូវ​វាយប្រហារ​លើ​មូលដ្ឋាន​សញ្ជាតិ ជាតិពន្ធុ គោល​ជំហរ​នយោបាយ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​សាសនា ។ ចំពោះ​ករណី​ប្រជាជន​កម្ពុជា​ក្រោម មូលដ្ឋាន​សាសនា និង​ពូជសាសន៍ មិន​ជាប់​ទាក់ទង​ទេ ។ ភ័ស្តុតាង​ទាមទារ​ការ​បង្ហាញ​ថា ប្រជាជន​កម្ពុជា​ក្រោម​ទទួល​ការ​វាយប្រហារ​ក្នុង​ចំណោម​ហេតុផល​មួយ​នៃ​ហេតុផល​បី​ខាងលើ​គឺ ជាតិពន្ធុ គោល​ជំហរ​នយោបាយ​ឬ​សញ្ជាតិ ។

យើង​អាច​ស្វែងរក​ភ័ស្តុតាង​ថា មានការ​វាយប្រហារ​កើតឡើង​ដោយ​ឈរ​លើ​មូលដ្ឋាន​ជាតិពន្ធុ ឬ​សញ្ជាតិ ប៉ុន្តែ​ភ័ស្តុតាង​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​ទំនង​បង្ហាញ​ពី​ទំនាក់ទំនង​គោល​ជំហរ​នយោបាយ​ច្រើន​ជាង ។ ការ​វាយប្រហារ​ភាគច្រើន​កើតឡើង​ដោយ​មានការ​សង្ស័យ​លើ​នយោបាយ ហើយ​ប្រជាជន​កម្ពុជា​ក្រោម​ក្នុង​ចំណោម​នោះ​ត្រូវ​ទទួល​រង​ការ​ធ្វើ​ទុក្ខទោស​ដោយ​មូលហេតុ​នេះ​ដែរ ។ ខ្ញុំ​សូម​ណែនាំ​ឲ្យ​មាន​ការ​ស្រាវជ្រាវ​ដើម្បី​វែកញែក​ថា​តើ​ខ្មែរក្រហម​បាន​សន្មត​ពី​នយោបាយ​របស់​ប្រជាជន​កម្ពុជា​ក្រោម ។ ឧទាហរណ៍ ខ្មែរក្រហម​ប្រហែល​គិត​ថា​ប្រជាជន​កម្ពុជា​ក្រោម​គាំទ្រ​របប​ចាស់ ឬ​គោល​ជំហរ​វៀតណាម ។ ប្រសិនបើ​ដូច្នេះ​អត្តសញ្ញាណ​របស់​ប្រជាជន​កម្ពុជា​ក្រោម​អាច​បង្ហាញ​ពី​ការ​វាយប្រហារ​ដោយ​មូលហេតុ​នយោបាយ ៕

ដោយ ចន ឆរឆីអារី ទស្សនាវដ្តី​ស្វែងរក​ការ​ពិត លេខ​ពិសេស ឆ្នាំ​២០០៧

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in ចំណេះ​ធ្វើ, អរិយធម៌​ខ្មែរ and tagged , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s