ជនជាតិ​ចាម​បានី​នៅ​ប្រទេស​វៀតណាម

ជនជាតិ​ចាម​បានី​នៅ​ប្រទេស​វៀតណាម
ច្បាប់​អ៊ិស្លាម​សម្រាប់​ជនជាតិ​ចាម​បានី​ពុំ​សូវ​មាន​លក្ខណៈ​តឹងរ៉ឹង​ប៉ុន្មាន​ទេ ។ អ្នកមាន​ឋានៈ​ខ្ពស់ៗ​ខាង​សាសនា​បាន​ចាក់​ស្រា​ក្នុង​ប៉ាន់តែ​មួយ​ដើម្បី​ធ្វើ​ឲ្យ​គេ​ជឿ​ថា ពួក​គេ​កំពុង​ផឹក​តែ ។ ប៉ុន្តែ​តាម​ការ​ពិត​គឺជា​សុរា​សោះ ។

ង្វៀន វ៉ាន់ទី ជា​ចាម​បានី «បានី មាន​ន័យ​ថា​កូនប្រុស​របស់​ព្យាការី​ដែល​ជា​តំណាង​របស់​ព្រះ» បាន​រៀបរាប់​ពី​ការ​ប្រណិប័តន៍​សាសនា​របស់​គាត់ ។ លក្ខណៈ​ពិសេស​នេះ​គ្រាន់តែ​ជា​ការ​ប្រព្រឹត្ត​បំពាន​មួយ​ក្នុង​ចំណោម​ការ​ប្រព្រឹត្ត​បំពាន​ជា​ច្រើន​ចំពោះ​ក្បួនតម្រា​របស់​អ៊ិស្លាម​ដែល​ប្រតិបត្តិ​ដោយ​ជនជាតិ​ចាម​មួយ​ក្រុម​ដែល​មាន​មនុស្ស​ប្រមាណ​ជា​១​សែន​នាក់​ប៉ុណ្ណោះ ។ អ្នក​ទាំងនេះ​រស់នៅ​តាម​ជម្រាល​ភ្នំ​ភាគ​អាគ្នេយ៍​ប្រទេស​វៀតណាម​ក្នុង​ខេត្ត​ធិញធន់ និង ប៊ិញធន់ ។ ពួក​ចាម​ទទួល​ស្គាល់​សាសនា​អ៊ិស្លាម​មួយ​ដែល​មាន​លក្ខណៈ​ប្លែក​ដោយសារ​សេរីភាព​ក្នុង​ការ​បកស្រាយ​ពី​កាតព្វកិច្ច​របស់​ខ្លួន​ខាង​ផ្នែក​សាសនា​ដូច​មាន​និយាយ​ណែនាំ​ក្នុង​សាសនា​អ៊ិស្លាម​ភាគច្រើន​ដែល​ប្រកាន់​តាម​គម្ពីរ​ដែរ ។

ជនជាតិ​ចាម​នៅ​ប្រទេស​វៀតណាម

ក្នុង​ពេល​ដែល​ជនជាតិ​ចាម​នៅ​ប្រទេស​កម្ពុជា​មាន​ជាង​កន្លះ​លាន​នាក់ នៅ​ប្រទេស​វៀតណាម​ជនជាតិ​ចាម​មាន​មិន​ដល់​១​សែន​នាក់​ផង ហើយ​រស់នៅ​ក្នុងភូមិ​ចំនួន​៣៦ ។ ជនជាតិ​ចាម​មាន​ដើម​កំណើត​អូស្ត្រូណេស៊ីយាង ដូច​ប្រជាជន​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង ហ្វីលីពីន ពួក​គេ​ត្រូវ​រាប់​បញ្ចូល​ចូល​ក្នុង​ចំណោម​ជាតិ​សាសន៍ ភាសា​ខាង​ពិភព​ម៉ាឡេ ។ ជនជាតិ​ចាម​មាន​ដើម​កំណើត​នៅ​ចម្ប៉ា​ជា​ព្រះរាជាណាចក្រ​ចំណាស់​មួយ​ដែល​កើត​មាន​រូបរាង​នៅ​ចុង​ទសវត្សរ៍​ទី​២​នៃ​សករាជ និង​ធ្វើ​ឲ្យ​មាន​លក្ខណៈ​ឥណ្ឌា​នៅ​សតវត្សរ៍​ទី​៧ ។ ចម្ប៉ា​លាតសន្ធឹង​លើ​ចំណែក​ទាំងអស់​នៅ​ភាគ​ខាងត្បូង (ភាគ​កណ្ដាល ?) ប្រទេស​វៀតណាម​បច្ចុប្បន្ន ។ នៅ​ពេល​ធ្វើសង្គ្រាម​ចាប់ពី​សតវត្សរ៍​ទី​១១​ជាមួយ​ប្រទេស​ជិតខាង​ភាគ​ខាងជើង​របស់​ខ្លួន​គឺ ព្រះរាជាណាចក្រ​ដាយវៀត ប្រវត្តិសាស្ត្រ​របស់​ចម្ប៉ា​ក្លាយទៅ​ជា​ប្រវត្តិសាស្ត្រ​នៃ​ការ​បាត់បង់​ទឹកដី​របស់​ខ្លួន​ជា​លំដាប់លំដោយ​រហូត​ដល់​ការ​រលាយ​បាត់​ទាំងស្រុង​នៅ​ឆ្នាំ​១៨៣៥ ។ ការ​ភ្ជាប់​ទឹកដី​របស់​កងទ័ព​វៀតណាម​ដែល​ដណ្តើម​ការ​ត្រួតត្រា​ព្រះរាជាណាចក្រ​ជា​បន្តបន្ទាប់ បាន​ស្គាល់​នូវ​របត់​ប្រកបដោយ​គ្រោះថ្នាក់​មួយ​នៅ​ឆ្នាំ​១៤៧១ ជាមួយនឹង​ការ​វិនាស​របស់​រាជធានី​វិជ័យ ។ ប៉ុន្តែ​ប្រទេស​បាន​បន្ត​នៅ​មាន​អត្ថិភាព​ដោយ​ការ​ផ្លាស់​ប្តូរ​រាជធានី​របស់​ខ្លួន​មក​ភាគ​ត្បូង ។ នៅ​ឆ្នាំ​១៨៣៥ នគរ​ចម្ប៉ា​បាន​រលាយ​បាត់​ក្នុង​ឋានៈ​ជា​រដ្ឋ​ស្វយ័ត​មួយ ប៉ុន្តែ​ជនជាតិ​ចាម​មិន​រលាយ​បាត់​រូប​ទេ ។ សព្វ​ថ្ងៃនេះ ចំនួន​នៃ​ជនជាតិ​ចាម​បាន​កើន​ឡើង​នៅ​ខាងត្បូង​គឺ​ភាគ​ដែល​លយ​ចេញ​នៃ​អតីត​នគរ​ចម្ប៉ា​ដែល​បង្រួម​មក​ត្រឹម​ដែនដី​នៃ​អតីត​ក្សត្រ​ប្រទេស​ប៉ង់ឌុយរ៉ង់ហ្កា ទីក្រុង​នានា​ដូច​ជា ផាន់រ៉ាង ផាន់រី និង ផាន់ធៀត (បណ្តា​ខេត្ត​របស់​វៀតណាម​គឺ និញធន់ និង ប៊ិញធន់) ជាដើម ។

អាចារ្យ​ចាម​បានី​ចូល​ក្នុង​វិហារ​លាង​ជម្រះ​បាប

ការ​ខ្វែងគំនិត​គ្នា​ស្តីពី​ពិធី​ផ្សេងៗ

ជនជាតិ​ចាម​បានី​បាន​បំបាត់​ជំនឿ​សាសនា​ពី​កាតព្វកិច្ច​ផ្សេងៗ​របស់​ខ្លួន ។ ក្នុង​សាសនា​អ៊ិស្លាម​ស៊ុននី ដែល​ភាគច្រើន​គឺ​ពុំ​មាន​បព្វជិត​ទេ ។ សាសនា​ទាំងអស់​មាន​លក្ខណៈ​ស្មើភាព​គ្នា ។ ចំណែកឯ​ជនជាតិ​ចាម​បានី​ក៏​ដូច​ពួក​ស៊ីអ៊ីត​ដែរ សាសនា​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ថ្នាក់ដឹកនាំ​សាសនា​មួយ​ក្រុម​ដែល​គេ​ហៅ​ថា អាចារ្យ​ស្លៀកពាក់​ស ជូត​ឈ្នួត​ក្បាល​លម្អ​ដោយ​រំយោល​ពណ៌​ក្រហម ។ មាន​តែ​អាចារ្យ​ប៉ុណ្ណោះ​ដែល​អាច​អាន​គម្ពីរ​គួរអាន​ដែល​ចម្លង​ឡើង​វិញ​តាម​ភាសា​អារ៉ាប់​មួយ​ដែល​បំភ្លៃ​ខុស​ពី​សភាព​ដើម ។ ការ​ផ្សាយ​ឲ្យ​ដឹង​ឮ​របស់​ខ្លួន​ក៏​ត្រូវ​ហាមឃាត់​ផង​ដែរ ពីព្រោះ​សាសនា​អ៊ិស្លាម​របស់​ចាម គឺ​ផ្អែក​លើ​ការ​សម្ងាត់ និង​បម្រុង​ទុក​សម្រាប់​តែ​អ្នកចេះ​ដឹង​ជ្រៅជ្រះ​ជា​អាចារ្យ​ប៉ុណ្ណោះ ។ ដោយហេតុ​នេះ វា​ឃ្លាតឆ្ងាយ​ពី​គំរូ​របស់​មនុស្ស​ភាគច្រើន​ដែល​ម្នាក់ៗ​មាន​សិទ្ធិ​ក្នុង​ការ​អាន និង​ស្វែង​យល់​ពី​គម្ពីរ​គួរអាន ។ ជនជាតិ​ចាម​បានី​មិន​អនុវត្ត​ការ​ថ្វាយបង្គំ​ព្រះ​៥​ដង​ក្នុង​មួយ​ថ្ងៃ​ទេ ។ គេ​ថ្វាយបង្គំ​ព្រះ និង​សូត្រធម៌​មួយ​ដង​ក្នុង​មួយ​ខែ ឬ​សូត្រ​រៀងរាល់ថ្ងៃ​សុក្រ ។ នេះ​ជា​ការ​បញ្ជាក់​របស់ ទុយ កុងដាត់ ជា​អាចារ្យ​នៅ​ភូមិ​វ៉ាន់ឡាម ។ អាចារ្យ​ដឹកនាំ​ការ​សូត្រ​ធម៌ ហើយ​ការសូត្រ​ធម៌​របស់​គេ​ស្ថិត​លើ​ការ​ក្រាប​ថ្វាយបង្គំ​ឆាប់រហ័ស និង​ការ​បន្ទន់​ជង្គង់ ។ ចំណែក​ជនជាតិ​ចាម​បានី​ធម្មតា​ប្រតិបត្តិ​ការសូត្រ​ធម៌​តែ​ក្នុង​ពេល​យប់​នៃ​ថ្ងៃ​បុណ្យ​រ៉ាម៉ាដន​ប៉ុណ្ណោះ ដោយ​ដាក់ខ្លួន​ទាំងមូល​ផ្ទាល់​ដី​ដើម្បី​ក្រាប​ថ្វាយបង្គំ ។​

ចំពោះ​បុណ្យ​រ៉ាម៉ាដន​គឺ​មាន​តែ​អាចារ្យ​ប៉ុណ្ណោះ​ដែល​ត្រូវ​បំពេញ​ភារកិច្ច​នេះ ។ ក្នុង​អំឡុង​ខែ​រ៉ាម៉ាដន ជនជាតិ​ចាម​លាក់​ខ្លួន​ក្នុង​ផ្ទះ​មិន​ចេញ​ទៅ​ណា​ទេ ដោយ​តម​អាហារ និង​ដេក​នៅ​ក្នុង​វិហារ​អ៊ិស្លាម​តង់គី និង​ប្រតិបត្តិការ​សូត្រធម៌​៥​ដង​ក្នុង​មួយ​ថ្ងៃ ។ ចំណែក​ប្រជាជន​មិន​ហូប​អាហារ​តែ​៣​ថ្ងៃ​ប៉ុណ្ណោះ ។ ដូច​ការសូត្រ​ធម៌​ដែរ អាចារ្យ​ប្រតិបត្តិ​ពិធីបុណ្យ​រ៉ាម៉ាដន​ដើម្បី​ផលប្រយោជន៍​សាសនិក​របស់​ខ្លួន ។ ប៉ុន្តែ​អ៊ិស្លាម​គឺជា​សាសនា​មួយ​ដែល​មាន​លក្ខណៈ​រួម ដែល​ការ​ចូលរួម​របស់​មនុស្ស​ម្នាក់ៗ​ចំពោះ​ការ​ប្រតិបត្តិ​ពិធី​ផ្សេងៗ​មាន​លក្ខណៈ​ស្អិត​ល្មួត ។ អាចារ្យ​បញ្ឈប់​ការ​តម​អាហារ​ពីរ​ម៉ោង​មុន​ព្រះអាទិត្យ​អស្តង្គត ។ ទោះបី​ដឹង​ថា នេះ​ជា​ទង្វើ​មួយ​ដែល​ខុស​ពី​វិន័យ​សាសនា​អ៊ិស្លាម​ក៏​ដោយ ។ ដើម្បី​បំភ័ន្ត​ការ​បរិភោគ​ក្នុង​ទី​ងងឹត អ្នក​ទាំងនោះ​នាំ​គ្នា​បិទទ្វារ និង​បង្អួច​វិហារ​ដើម្បី​ឲ្យ​មើល​ទៅ​ថា​ដល់​ពេល​ស្រាយ​បួស និង​ជក់បារី​មួយ​ដើម​ដែរ​ដើម្បី​រង់ចាំ​ស្រាយ​បួស ។ កាតព្វកិច្ច​ចំនួន​ពីរ​ចុង​ក្រោយ​គឺ​ហ្សាកាត់ (ការ​ធ្វើ​ទាន) ត្រូវ​បាន​គោរព​ធ្វើ​តាម ប៉ុន្តែ​គ្មាន​អ្នក​ណា​ម្នាក់​បំពេញ​ធម្មយាត្រា​បាន​ទេ ដោយសារ​គ្មាន​មធ្យោបាយ ឬ​ការ​ឧបត្ថម្ភ​ផ្សេងៗ ។ ការ​ប្រតិបត្តិ​ផ្សេងៗ​ទៀត​ដែល​ជនជាតិ​ចាម​បានី​ពុំ​ត្រាប់​តាម ដូចជា ការ​កាត់​ស្បែក​ចុង​លិង្គ ។ អ្នក​រៀបចំ​ពិធី​នេះ​គ្រាន់តែ​ធ្វើ​កាយវិការ​របៀប​កាត់​ស្បែក​អង្គ​ជាតិ​បុរស​ប៉ុណ្ណោះ ។ ទុយ កុងដាត់ បញ្ជាក់​ថា «ការ​កាត់​ស្បែក​អង្គ​ជាតិ​គឺជា​ពិធីបុណ្យ​ឣ៊ឹកធឹក​មួយ​ដែល​ក្នុង​អំឡុង​ពេល​នោះ​គេ​ប្រើប្រាស់​កាំបិត​មួយ ឬ​ឫស្សី​មួយ​ដើម​ដើម្បី​ធ្វើ​ជា​និមិត្តរូប​ឧបកិច្ច​តែ​ប៉ុណ្ណោះ» ។ ជនជាតិ​ចាម​បានី​មិន​សូវ​តឹងរ៉ឹង​ក្នុង​ការ​បរិភោគ​អាហារ​ដែល​សាសនា​អ៊ិស្លាម​ហាម​ឃាត់​ទេ ។ ង្វៀន វ៉ាន់ទី ជា​ជនជាតិ​ចាម​នៅ​ភូមិ​ភួកញ៉ុន បាន​និយាយ​ថា «ចាម​បានី​មិន​ដែល​ហូប​សាច់​ជ្រូក​នៅផ្ទះ​របស់​ខ្លួន​ទេ ប៉ុន្តែ​ពេល​ដែល​ពួក​គេ​ស្ថិត​នៅ​ក្នុង​ភូមិ​មួយ​ផ្សេង​ទៀត ទើប​ពួក​គេ​បរិភោគ​ដោយ​ស្ងាត់​កំបាំង ។ ការ​មិន​ប្រកាន់​ទោស​នេះ​ក៏​ត្រូវ​អនុវត្ត​ចំពោះ​ការ​ផឹក​សុរា​ផង​ដែរ​ដូច​ដែល​អាចារ្យ ទុយ កុងដាត់ រៀបរាប់​ពី​រឿង​នេះ​ថា នៅ​ខាងក្រៅ​ផ្ទះ​ គេ​អាច​ផឹកស្រា​បាន​គឺ​ពុំ​មាន​ការ​ដាក់​ទណ្ឌកម្ម​ទេ ។ ប៉ុន្តែ​បើ​អ្នក​ណា​ម្នាក់​ស្រវឹង អ្នក​នោះ​ពុំ​អាច​ចូលរួម​ពិធីបុណ្យ​បាន​ទេ» ។​

ប៉ុន្តែ គេ​មិន​ត្រូវ​ប្រកាន់​ចាម​បានី​ថា មិន​ដឹង​ច្បាប់​គោល​របស់​សាសនា​អ៊ិស្លាម​បាន​ឡើយ ។ អ្នក​ទាំងនោះ​យល់​ពី​ច្បាប់​សារីអះ​ដែល​ជា​ច្បាប់​ដ៏​ពិសិដ្ឋ​របស់​សាសនា​អ៊ិស្លាម ។ ឧទាហរណ៍ ទំនាក់ទំនង​ស្នេហា​មុន​ការ​រៀប​អាពាហ៍ពិពាហ៍​ត្រូវ​បាន​ហាមឃាត់ និង​ត្រូវ​រង​ការ​ធ្វើ​ទារុណកម្ម​ដោយ​វាយ​ ១០០​រំពាត់​ឬ​ផ្ដៅ ។ ទោស​នេះ​ត្រូវ​បណ្តា​ប្រទេស​កាន់​សាសនា​អ៊ិស្លាម​ដែល​អនុវត្ត​ច្បាប់គ្រឹះ​សារីអះ​ធ្វើការ​ទាមទារ​ជា​លើក​ដំបូង​បំផុត ។ ប៉ុន្តែ​ការ​ផ្តន្ទាទោស​នេះ​ត្រូវ​បាន​បន្ធូរបន្ថយ​ក្នុង​ចំណោម​ជនជាតិ​ចាម​បានី ។ ទុយ កុងដាត់ អះអាង​ថា «ពួក​យុវជន​ដែល​មាន​ទំនាក់ទំនង​ស្នេហា​មុន​ការ​រៀបការ​របស់​ខ្លួន​សុទ្ធតែ​ត្រូវ​ដាក់​ទណ្ឌកម្ម ។ កាលបើ​គេ​សម្គាល់​ឃើញ​ពី​ការ​បាត់​ភាព​បរិសុទ្ធ គេ​រៀបចំ​ពិធី​ជួបជុំ​គ្នា​មួយ ហើយ​អ្នក​ដែល​ធ្វើ​ខុស​ត្រូវ​ទទួល​ការ​វាយដំ ។ ប៉ុន្តែ​ពុំ​មែន​ជាមួយ​ផ្តៅ​ និង​រំពាត់​ទេ គឺ​ជាមួយនឹង​ម្រាមដៃ» ។ ទុយ កុងដាត់ ធ្វើ​កាយវិការ​ដោយ​ការ​រលាស់​ចង្អុលដៃ​របស់​គាត់​ទាំង​សើច​ញឹមៗ ។​

ចំពោះ​ការ​ផិតក្បត់​ចិត្ត​ស្វាមី​ឬ​ភរិយា បាបកម្ម​មួយ​ក្នុង​ចំណោម​បាបកម្ម​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ច្បាប់​សាសនា​អ៊ិស្លាម​គឺ​ទាមទារ​ឲ្យ​ដាក់ទោស​ចំពោះ​គូសង្សារ​ទាំង​ពីរ ។ ទុយ កុងដាត់ បាន​សម្តែង​ឲ្យ​ឃើញ​ជា​ថ្មី​ម្តង​ទៀត​ថា «ក្នុង​ករណី​ដែល​អាចារ្យ​ម្នាក់​មាន​ទំនាក់ទំនង​ជាមួយ​ស្ត្រី​មាន​ប្តី គឺ​ទី​១ អាចារ្យ​នោះ​ត្រូវ​ដកហូត​ពីមុខ​តំណែង ទី​២ ត្រូវ​តែ​រៀបចំ​ពិធី​មួយ​ដើម្បី​លាង​ជម្រះ​បាបកម្ម​ បន្ទាប់​មក​ទើប​អាចារ្យ​នោះ​អាច​ទទួល​តំណែង​ឡើង​វិញ» ។

កន្លែង​បញ្ចុះ​សព​របស់​ស្ត្រី​ចាម​បានី

ជនជាតិ​ចាម​បានី​ចាត់​ទុក​ស្ត្រី​ជា​ធំ

ឥទ្ធិពល​នៃ​ស្ត្រី​ក្នុង​ពិធីបុណ្យ​ផ្សេងៗ​គឺ​មាន​លក្ខណៈ​ខុស​ពី​ធម្មតា ។ ស្ត្រី​ចាម​បានី​ភាគច្រើន​ធ្វើ​ដំណើរ​ទៅ​កាន់​ព្រះវិហារ​ដោយ​គ្មាន​ទទូរ​ក្រណាត់​បាំង​មុខ ។ ពិត​ណាស់​ពួក​អ្នកមាន​បណ្ត​ស័ក្តិ​ធំៗ​សុទ្ធតែ​ជា​បុរស ប៉ុន្តែ​គឺ​ស្ត្រី​ទេ​ដែល​ជា​អ្នក​បំពេញ​ពិធី​ផ្សេងៗ​ខាង​សាសនា​ ដូចជា ការ​ឲ្យ​ទាន និង​ក្រាប​ថ្វាយបង្គំ​ព្រះ ។ ក្នុង​វិហារ​អ៊ិស្លាម​ជា​ច្រើន បុរស​ចាម​បានី​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ លើកលែងតែ​បុរស​ដែល​មាន​មុខមាត់​ក្នុង​ភូមិ ដែល​ធ្វើ​ដំណើរ​ទៅ​ធ្វើបុណ្យ​រ៉ាម៉ាដន សូត្រធម៌ និង​ថ្វាយបង្គំ រៀង​រាល់​យប់ ។ អ្នក​ទាំងនេះ​បង្ហាញ​ភ័ស្តុតាង​ឲ្យ​ឃើញ​ពី​វិសមតា​នេះ​ដោយហេតុ​ថា ស្ត្រី​គឺជា​មេ​គ្រួសារ ។ ជនជាតិ​ចាម​គោរព​ធ្វើ​តាម​ច្បាប់​ដែល​ចាត់​ទុក​ស្ត្រី (មាតា) ជា​ធំ ។​

បវេណី​ដែល​សំអាង​លើ​ខ្សែស្រឡាយ​ខាង​ម្តាយ​មាន​ឫសគល់​តាំងពី​ជំនាន់​ជីដូន​មក​ម្ល៉េះ ។ កាលពីដើម ការ​ចាត់​ទុក​ស្ត្រី​ជា​ធំ​បាន​សាយភាយ​នៅ​អាស៊ី​អាគ្នេយ៍​រហូត​ដល់​មាន​ការ​បញ្ចូល​ព្រះពុទ្ធ​សាសនា និង​អ៊ិស្លាម​សាសនា​ដែល​តម្រូវ​ឲ្យ​មាន​ការ​គោរព​ឪពុក​ជា​ធំ​វិញ ដោយ​ធ្វើ​ឲ្យ​រលាយ​បាត់​ការ​គោរព​ស្ត្រី​ជា​ធំ​ដែល​ត្រូវ​ជំនួស​ដោយ​ប្រព័ន្ធ​រស់នៅ​មួយ​គឺ​ស្វាមីភរិយា​ត្រូវ​មក​រស់នៅ​ក្នុង​គ្រួសារ​ខាង​ប្រពន្ធ​ដូច​នៅ​ប្រទេស​កម្ពុជា ឬ​ប្រទេស​ថៃ​ដែរ ។ ក្នុង​ចំណោម​ជនជាតិ​ចាម​នៅ​ប្រទេស​វៀតណាម​ការ​ចាត់​ទុក​ស្ត្រី​ជា​ធំ​នៅ​តែ​មិន​ផ្លាស់​ប្តូរ ។

ដំណែល​ដូនតា​បាន​ធ្លាក់​ពី​ម្ដាយ​មក​កូនស្រី ចំណែក​កូនប្រុស​មិន​បាន​ទទួល​អ្វី​ទាំងអស់ ។ ង្វៀន វ៉ាន់ទី រំឭក​ថា «ផ្ទះសម្បែង ការ​ទទួល​មរតក និង​កូនៗ ជា​កម្ម​សិទ្ធិ​របស់​ប្រពន្ធ និង​កូនចៅ​របស់​ប្រពន្ធ គឺ​ពុំ​មែន​ជា​កម្មសិទ្ធិ​របស់​បុរស​ទេ» ។ ទំនៀមទម្លាប់​នេះ​មាន​លក្ខណៈ​ខុស​នឹង​ច្បាប់​អ្នក​កាន់សាសនា​អ៊ិស្លាម​ដែល​ថា កូនប្រុស​ត្រូវ​ទទួល​មរតក​ពីរ​ដង​លើស​កូនស្រី ។ ក្នុង​ចំណោម​ចាម​បានី អ្នក​រៀប​ការ​ថ្មីៗ​បាន​ចេញ​ទៅ​រស់នៅ​ក្នុង​គ្រួសារ​ខាង​ប្រពន្ធ​ និង​ធ្វើការ​ដើម្បី​គ្រួសារ​ប្រពន្ធ​របស់​ខ្លួន ។ បាធីវិញ ស្ត្រី​ចាម​វ័យ​ចំណាស់​ម្នាក់​រស់នៅ​ភូមិ​វ៉ាន់ឡាម បាន​បញ្ជាក់​ថា «រៀបការ​រួច គ្រួសារ​ខាង​ប្រុស​ប្រគល់​កូនកំលោះ​ឲ្យ​គ្រួសារ​ខាង​ស្រី ។ គ្រួសារ​នេះ​មាន​អំណាច​ចាត់ចែង​អ្វីៗ​ទាំងអស់» ។ ដោយ​ការ​លែងលះ​បាន​ប្រព្រឹត្ត​ទៅ​ជា​គុណប្រយោជន៍​ដល់​ស្ត្រី​ស្ទើរតែ​ដាច់​មុខ​ក្នុង​ការ​លែងលះ កូនៗ​ពុំ​ត្រូវ​បាន​បែងចែក​ទេ កូនៗ​ត្រូវ​បាន​ទៅ​ខាង​ប្រពន្ធ​ជានិច្ច ។ ង្វៀន វ៉ាន់ទី បាន​អះអាង​ថា «ទោះជា​ប្តី​ជា​អ្នក​សាងសង់​ផ្ទះ​ក៏​ដោយ ក៏​បុរស​នោះ​មិន​អាច​ទាមទារ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​បាន​ដែរ ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​មនុស្ស​ប្រុស​ខ្លាច​មិន​ហ៊ាន​លែង​ប្រពន្ធ ពីព្រោះ​វា​ធ្វើ​ឲ្យ​សាមីខ្លួន​បាត់បង់​អ្វីៗ​ទាំងអស់» ។​

កូនស្រី​ត្រូវ​បាន​ផ្តល់​តម្លៃ​ច្រើន​ជាង​កូនប្រុស​ផ្ទុយ​ពី​ទម្លាប់​របស់​វៀតណាម​ដែល​នៅ​តែ​ផ្តល់​បុព្វសិទ្ធិ​ឲ្យ​កូនប្រុស​ជា​និច្ច​សម្រាប់​ការ​ទទួល​ខុសត្រូវ​ក្នុង​ការ​គោរព​បូជា​ដូនតា ។ បាធីវិញ​បាន​និយាយ​ថា «ស្ត្រី​មាន​ការ​យល់​ដឹង​ច្រើន​ជាង​បុរស ។ ពួក​គេ​មាន​កូន និង​មរតក ។ ហេតុ​ដូច្នេះ​ហើយ​បានជា​ក្នុង​បវេណី​ចាម​គេ​ស្រឡាញ់​ចង់បាន​កូនស្រី​ជាង​កូនប្រុស» ។ អាចារ្យ ទុយ កុងដាត់ បន្ថែម​ថា «ជនជាតិ​ចាម​ស្រឡាញ់​កូនស្រី​ជាង​ពីព្រោះ​កូនស្រី​នឹង​ក្លាយជា​មេផ្ទះ» ។ ចាម​បានី​គោរព​តាម​សាសនា​របស់​ប្រពន្ធ​ក្នុង​ករណី​ដែល​មាន​ការ​រៀបការ​ឆ្លង​សាសន៍ ។ នៅ​ពេល​នរណា​ម្នាក់​ស្លាប់ ជនជាតិ​ចាម​តែងតែ​គោរព​ធ្វើ​តាម​អំណាច​របស់​សាច់ញាតិ​ខាង​ម្តាយ​ជានិច្ច ។ កន្លែង​បញ្ចុះសព​របស់​ចាម​បានី​គឺ​ត្រូវ​បាន​រៀប​ផ្នូរ​ជា​ជួរៗ ។ ជួរ​នីមួយៗ​មាន​សញ្ញា​សម្គាល់​ដោយ​ផ្អែក​លើ​ជីដូន​ជីតា​ខាង​ម្តាយ ។ សាកសព​ម្តាយ​ត្រូវ​បញ្ចុះ​ជាមួយ​សាកសព​កូនៗ​របស់​ខ្លួន​ ហើយ​បន្ត​ដោយ​ចៅៗ​របស់​ខ្លួន (កូនៗ​របស់​កូនស្រី) ។ ចំណែក​សាកសព​ឪពុក​ត្រូវ​បញ្ចុះ​ជាមួយ​សាកសព​ម្តាយ​របស់​ខ្លួន​ពីព្រោះ​ត្រូវ​រាប់​បញ្ចូល​ទៅ​ក្នុង​ក្រុម​ញាតិ​ខាង​ម្តាយ​ មិនមែន​ក្រុម​ញាតិ​ខាង​ប្រពន្ធ​ទេ ។ ចាម​បានី​គ្រាន់តែ​មក​រស់នៅ​ក្នុង​វង្ស​ត្រកូល​ខាង​ប្រពន្ធ​ប៉ុណ្ណោះ ។

អ៊ិស្លាមូបនីយកម្ម​របស់​ជនជាតិ​ចាម

សាសនា​អ៊ិស្លាម​ចូល​មក​តាំងនៅ​នគរ​ចម្ប៉ា​នៅ​ចុង​សតវត្សរ៍​ទី​១៦ និង​រីក​រាលដាល​នៅ​សតវត្សរ៍​ទី​១៧ ដោយសារ​ការ​ទាក់ទង​ជាមួយ​ឈ្មួញ​អារ៉ាប់ ពែក្ស (អ៊ីរ៉ង់) ឥណ្ឌា ជនជាតិ​ចិន​ដែល​កាន់សាសនា​អ៊ិស្លាម​ដែល​មក​ឈប់​សំចត​ក្នុង​កំពង់​ផែ​ចម្ប៉ា និង​ក្រុម​អន្តោប្រវេសន៍​ម៉ាឡេ​ដែល​មក​ផ្សព្វផ្សាយ​សាសនា​អ៊ិស្លាម​ក្នុង​ពេល​ជាមួយ​គ្នា​ដែរ ។ ប៉ុន្តែ​ជនជាតិ​ចាម​ទាំងអស់​នៅ​ចម្ប៉ា​ពុំ​ត្រូវ​ញ៉ាំង​ឲ្យ​ជឿ​សាសនា​អ៊ិស្លាម​ទេ ។ ជនជាតិ​ចាម​ជា​ច្រើន​នៅ​រក្សា​សាសនា​ដើម​របស់​ខ្លួន​គឺ​ព្រហ្មញ្ញសាសនា (ជា​ទម្រង់​មុន​គេ​បំផុត​នៃ​លទ្ធិ​ហិណ្ឌូ​លាយ​បញ្ចូល​នឹង​អបិយ​ជំនឿ​ក្នុងស្រុក) ។​

ចាម​បានី​គ្រាន់តែ​តំណាង​ឲ្យ​មួយ​ភាគ​បី​នៃ​ប្រជាជន​ចាម​នៅ​ប្រទេស​វៀតណាម​ប៉ុណ្ណោះ ។ ការ​បញ្ចូល​សាសនា​អ៊ិស្លាម​ពុំ​មែន​ដឹកនាំ​ធ្វើ​ដោយ​គ្មាន​ការ​បាត់បង់​ស្ថិរភាព​ក្នុង​សង្គម​ទេ ។ តាម​រឿងព្រេង​ជា​ច្រើន​និទាន​ថា ការ​បញ្ចូល​គ្នា​នេះ​បាន​បណ្តាល​ឲ្យ​កើត​មាន​ការ​ទាស់ទែង​គ្នា​ដ៏​យូរ​មួយ​រវាង​អ្នក​កាន់​សាសនា​ព្រហ្មញ្ញ និង​បានី ។ ការ​ប្រឈម​នឹង​ជម្លោះ​ខាង​សាសនា​នេះ ច្បាប់​ប្រពៃណី​ក្នុង​សាសនា​បាន​រាយការណ៍​ឲ្យ​ដឹង​ថា ស្តេច​ចាម ប៉ូរ៉ូមេ (១៦២៧-១៦៥១) បាន​តម្រូវ​ឲ្យ​អ្នក​កាន់សាសនា​ទាំង​ពីរ ទទួល​ស្គាល់​អាទិទេព​របស់​សាសនា​ម្ខាង​ទៀត ដើម្បី​សម្រុះសម្រួល​គ្នា ។ ក្នុង​រជ្ជកាល​របស់ ប៉ូរ៉ូមេ មាន​លក្ខណៈ​អនុគ្រោះ​ខ្លាំង​ណាស់​ចំពោះ​អ្នក​កាន់សាសនា​អ៊ិស្លាម ។ ព្រះ​អង្គ​យាង​ទៅ​កាឡាន់តាន់ (រដ្ឋ​មួយ​របស់​ប្រទេស​ម៉ាឡេស៊ី) មុន​ការ​ឡើង​គ្រងរាជ្យ​របស់​ព្រះ​អង្គ​ដើម្បី​រៀន​មន្តអាគម​ម៉ាឡេ និង​សាសនា​អ៊ិស្លាម​ទំនើប ។ ព្រះ​អង្គ​បាន​បន្ថែម​ឈ្មោះ «អល់ឡោះ» ដែល​ត្រូវ​ប្រសិទ្ធិ​នាម​ឡើង​វិញ​ថា អាលវាស (Po Alwah) ។ សព្វ​ថ្ងៃនេះ មាន​ការ​សូត្រធម៌​ឧទ្ទិស​ដល់​អល់ឡោះ និង​ព្យាការី (Prophete) របស់​ព្រះ​អង្គ​អម​ដោយ​ការ​បួងសួង​ចំពោះ​ព្រលឹង យ៉ាង (ទេព្តា​រក្ស​ក្នុង​ស្រុក) ដូចជា ទេវតា​រក្សា​ភ្លៀង ភ្នំ និង​សមុទ្រ អាទិទេព​ទឹក​រលក ឬ​ទេពធីតា​ម្តាយ​ប៉ូណាហ្កា ។ អ្វី​ដែល​សំខាន់​បំផុត​គឺ ប៉ូណាហ្កា ត្រូវ​បាន​គោរព​បូជា​ដោយ​ចាម​បានី ។ សម្រាប់​អាចារ្យ ទុយ កុងដាត់ យល់​ថា «ប៉ូណាហ្កា​គឺជា​មាតា​របស់​ប្រជាជន​ទាំងអស់​នៅ​ក្នុង​ពិភពលោក ពុំ​មែន​តែ​ជនជាតិ​ចាម​ទេ ។ យើង​គោរព​បូជា​ប៉ូណាហ្កា​ដូច​គោរព​ភរិយា​របស់ អាដាម​ដែរ» ។

ការ​បែងចែក​ពូជ​ចាម​បានី និង​ជា​អ្នក​កាន់សាសនា​ព្រហ្មញ្ញ​នេះ​គឺ​តម្រូវ​ទៅ​តាម​សមតា (ការ​ថ្លឹង​ឲ្យ​ស្មើ​គ្នា) មួយ​ដែល​រៀបចំ​ឡើង​លើ​ទំនាក់ទំនង​ទ្វេភាគ (ដែល​មាន​ពីរ​ជា​គោល) មួយ​ និង​បំពេញបន្ថែម​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។ ពួក​កាន់​សាសនា​ព្រាហ្មណ៍​មាន​ភាព​ស៊ីគ្នា​នឹង​ភេទ​ប្រុស​គឺ​ផ្នែក​ខាងលើ​នៃ​ដងខ្លួន​ដែល​ជា​ផ្នែក​ទល់​មេឃ​ និង​មាន​លេខ​៣ ។ ចំណែក​ចាម​បានី​មាន​ភាព​ស៊ីគ្នា​នឹង​ភេទ​ស្រី​គឺ​ផ្នែក​ខាងក្រោម​នៃ​ដងខ្លួន​ជាប់​ដី​ និង​មាន​លេខ​៦ ។ អ្នក​កាន់សាសនា​ព្រាហ្មណ៍​នៅ​ពេល​ស្លាប់​សុទ្ធតែ​ត្រូវ​បូជា ។ វិញ្ញាណ​របស់​អ្នក​ទាំងនោះ​អណ្តែត​ឡើង​លើ​មេឃ ដែល​ជា​អាណាចក្រ​របស់​ឪពុក ។ សាកសព​ចាម​បានី សុទ្ធតែ​ត្រូវ​បញ្ចុះ ។ វិញ្ញាណ​របស់​អ្នក​ស្លាប់​នឹង​ចុះ​ទៅ​ក្រោម​ដី​ដែល​ជា​អាណាចក្រ​របស់​ម្តាយ ។

បើ​បញ្ចូល​គ្នា​រវាង​សាសនា​របស់​ចាម​បានី និង​អ្នក​កាន់​សាសនា​ព្រហ្មញ្ញ​ដែល​មាន​លេខ​៩ (3+6) ក្លាយ​ទៅជា​សាសនា​ចំណាស់​ជាងគេ​បំផុត ។ នេះ​ជា​ចំនួន​លេខ​ដែល​សុក្រឹត​បំផុត​មាន​ន័យ​ថា ជា​និមិត្តរូប​សន្តិភាព និង​ស្ថិរភាព ។ សាសនា​ទាំង​ពីរ​មិន​អាច​ស្ថិត​នៅ​បាន​ទេ ប្រសិនបើ​ខ្វះ​សាសនា​មួយ ។ ជនជាតិ​ចាម​ដែល​កាន់​សាសនា​ព្រាហ្មណ៍​ពុំ​មាន​សិទ្ធ​សម្លាប់​សត្វ​ជើង​៤​ទេ​ គឺ​មាន​តែ​ជនជាតិ​ចាម​បានី​ប៉ុណ្ណោះ​ដែល​អាច​សម្លាប់​បាន ។ រៀង​រាល់​បី​ឆ្នាំ​ម្តង មន្ត្រី​ដឹកនាំ​ជាន់ខ្ពស់​ខាង​ចាម​បានី និង​ខាង​អ្នក​កាន់សាសនា​ព្រាហ្មណ៍​បាន​ជួបជុំ​គ្នា​ដើម្បី​ពិភាក្សា​រក​ភាព​ស្រប​គ្នា​រវាង​ប្រក្រតិទិន​ទាំង​ពីរ (ប្រព័ន្ធ​សុរិយគតិ​សម្រាប់​អ្នក​កាន់សាសនា​ព្រហ្មញ្ញ ហើយ​ចន្ទគតិ​សម្រាប់​ជនជាតិ​ចាម​បានី) ។ ដូច្នេះ​ចាម​បានី​នៅ​រក្សា​ពិធីបុណ្យ​កាតេ​ដែល​ជា​ពិធីបុណ្យ​ធំ​មួយ​របស់​ពួក​ព្រហ្មញ្ញ ។ ពិធីបុណ្យ​នេះ​ពុំ​មែន​ធ្វើ​ក្នុង​អំឡុង​បុណ្យ​រ៉ាម៉ាដន​ទេ ដើម្បី​នឹង​ឲ្យ​អ្នកតំណាង​សាសនា​ទាំង​ពីរ​បាន​ចូលរួម​ពិធីបុណ្យ​នៅ​សហគមន៍​មួយ​ទៀត ។ ជនជាតិ​ចាម​បានី​បាន​មក​ចូលរួម​ពិធីបុណ្យ​កាតេ​យ៉ាង​ច្រើន ហើយ​អ្នក​កាន់​សាសនា​ព្រហ្មញ្ញ​បាន​ទៅ​ចូលរួម​ពិធីបុណ្យ​របស់​ចាម​បានី​វិញ ។ ទុយ កុងដាត់​ក្រើន​រំឭក​ថា «ពួក​អ្នក​កាន់សាសនា​ព្រហ្មញ្ញ​ចូល​ក្នុង​វិហារ​អ៊ិស្លាម​ដើម្បី​បំពេញ​ហ្សាកាត់ សម្រាប់​អ្នក​ក្រីក្រ​ក្នុង​អំឡុង​បុណ្យ​រ៉ាម៉ាដន» ។ ការ​ទប់ទល់​នឹង​សាសនា​អ៊ិស្លាម​ប្រកាន់​តាម​គម្ពីរ​ទំនាក់ទំនង​ក្នុង​ការ​រួមរស់​ដោយ​សន្តិវិធី នេះ​ពុំ​ដែល​រំលង​ហួស​ពី​ដែនដី​តូច​ចង្អៀត​នៃ​អតីត​ប៉ង់ឌុយ រ៉ង់ហ្កា ដែល​ជា​កន្លែង​ការពារ​ដ៏​មាំទាំ​ចុង​ក្រោយ​របស់​នគរ​ចម្ប៉ា​ឡើយ ។ ម្យ៉ាងទៀត ជនជាតិ​ចាម​ដែល​ត្រូវ​បំបែក​ចេញពី​គ្នា​បាន​រត់គេច​ខ្លួន​មក​ប្រទេស​កម្ពុជា និង​ទៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​ត្រូវ​ញ៉ាំង​ឲ្យ​ផ្លាស់​ប្តូរ​សាសនា​មក​ជឿ​សាសនា​អ៊ិស្លាម ប្រកាន់​តាម​គម្ពីរ​វិញ ។ ជនជាតិ​ចាម​ដែល​ជា​ជនអន្តោប្រវេសន៍ បាន​ពឹងផ្អែក​លើ​ការ​ប្រតិបត្តិ​តាម​ក្បួនច្បាប់​អ៊ិស្លាម​ដើម្បី​រក​ឲ្យ​ឃើញ​ឡើង​វិញ​នូវ​ការ​រួបរួម​នៃ​សង្គម​មួយ​ដែល​រក​កល​នឹង​ចាក​ផុត​ពី​ដែន​ការពារ​របស់​ព្រលឹង​យ៉ាង (ជា​ព្រលឹង​ដែល​ព្រហ្មញ្ញ​សាសនិក​គោរព) ។ សាសនា​អ៊ិស្លាម​បែប​សាហ្វីអ៊ី​បាន​បញ្ចូល​ជនជាតិ​ចាម​ដែល​ទើប​ផ្លាស់​ប្តូរ​សាសនា​ក្នុង​ពេល​ថ្មីៗ​មក​ក្នុង​មណ្ឌល​នៃ​ភាសា​ម៉ាឡេ​ជា​ភាសា​សម្រាប់​សាសនា​នៃ​អាស៊ី​អាគ្នេយ៍ ប៉ុន្តែ​ក៏​ជា​ភាសា​សម្រាប់​ពាណិជ្ជកម្ម​តាម​សមុទ្រ​ដែល​ការ​ធ្វើ​ជំនួញ​ផ្តាច់មុខ​ស្ថិត​ក្នុង​កណ្តាប់ដៃ​អ្នក​កាន់សាសនា​អ៊ិស្លាម​ដែរ ។ អ៊ិស្លាមូបនីយកម្ម​របស់​ម៉ាឡេ​បាន​បើក​ចំហ​ផង​ដែរ​សម្រាប់​វិសាលភាព​សង្គម​ដ៏​ទូលំទូលាយ​មួយ​ដោយ​ប្រមូលផ្តុំ​ជា​សហព័ន្ធ​សម្រាប់​សហគមន៍​នៃ​អ្នក​ជឿ​សាសនា​ទាំងអស់​ហៅ​ម្យ៉ាងទៀត​ថា «អ៊ុមម៉ាស់» ។ ប៉ុន្តែ​ជា​ថ្នូរ​មក​វិញ​ជនជាតិ​ចាម​ដែល​រស់នៅ​បែកខ្ញែក​គ្នា​បាន​បាត់បង់​មួយ​ចំណែក​ធំ​នៃ​វប្បធម៌​របស់​ខ្លួន​គឺ​ការ​ចាត់​ទុក​ស្ត្រី​ជា​ធំ ។ អ្នក​ទាំងនោះ​មិន​បាន​ដឹង​ទាំង​អស់ពី​ប្រវត្តិសាស្ត្រ​របស់​ចម្ប៉ា ។ ផ្ទុយ​ទៅ​វិញ ជនជាតិ​ចាម​ដែល​ស្ថិត​នៅ​លើ​ដែនដី​នៃ​អតីត​នគរ​ចម្ប៉ា​នៅ​តែ​ចាត់​ទុក​ទឹកដី​ដើម​របស់​ចាម​ដដែល​ជាមួយនឹង​ព្រលឹង «យ៉ាង» អ្នក​ការពារ​របស់​ខ្លួន ហើយ​មិន​សូវ​ចាប់អារម្មណ៍​នឹង​សាសនា​អ៊ិស្លាម​ដែល​ផ្សព្វផ្សាយ​ដោយ​ជនជាតិ​ម៉ាឡេ​ប៉ុន្មាន​ឡើយ ។ ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ សាសនា​អ៊ិស្លាម​ប្រកាន់​តាម​គម្ពីរ​បាន​ធ្វើការ​ជ្រៀតចូល​ក្នុង​ភូមិ​នានា​របស់​បានី ។ អ្នក​កាន់សាសនា​អ៊ិស្លាម​ប្រកាន់​យក​តាម​គម្ពីរ​ជនជាតិ​ចាម និង​អន្តោប្រវេសន៍​ឥណ្ឌា​ដែល​មក​ពី​ក្រុង​ព្រៃនគរ​ និង​ដែនដី​សណ្ត​ទន្លេមេគង្គ​បាន​ខំប្រឹង​កែទម្រង់​ការ​ប្រតិបត្តិ​បែប​អនាធិបតេយ្យ​នៃ​សាសនា​អ៊ិស្លាម ។ ដោយ​មាន​ជំនួយ​មូលនិធិ​ពី​បរទេស វិហារ​អ៊ិស្លាម​ចំនួន​បី​ដែល​មាន​រចនាបថ​អ៊ិស្លាម​ត្រូវ​បាន​សាងសង់​ក្នុង​ភូមិ​របស់​បានី​ចំនួន​បី​របស់​ខេត្ត​និញធន់ ។ នៅ​ពេល​នោះ​មាន​ចាម​បានីមួយ​ចំនួន​តូច​បាន​ផ្លាស់​ប្តូរ​ចិត្ត​មក​ជឿ​សាសនា​អ៊ិស្លាម​បែប​សាហ្វីអ៊ី​វិញ ។ បុរស​ស្លៀកពាក់​សារុង​ក្រឡា​ការ៉ូ និង​ពាក់​កាតឹប (កាពះ) ពណ៌​ស ចំណែក​នារី​ពាក់​ហ៊ីចាប (ក្រណាត់​ទទូរ​ក្បាល និង​គ្រប​ដងខ្លួន) និង​ស្លៀក​សម្លៀក​បំពាក់​សូត្រធម៌​ពណ៌​ស ដែល​គ្របដណ្តប់​ខ្លួនប្រាណ​ទាំងស្រុង​លើកលែងតែ​ដៃ និង​មុខ ។

អ្នក​ផ្លាស់​ប្តូរ​សាសនា​ខំប្រឹង​ប្រែង​ពង្រីក​សាសនា​ថ្មី​ក្នុង​បណ្តា​ភូមិ​របស់​ខ្លួន ប៉ុន្តែ​អ្នក​ទាំងនេះ​ប៉ះទង្គិច​នឹង​ជនជាតិ​ចាម​បានី​ដែល​មិន​អាច​សម្រុះសម្រួល​បាន ។ ហាជ្ជី អាមីន ដែល​ជា​អ៊ីម៉ាំ​នៃ​វិហារ​អ៊ិស្លាម​នៅ​វ៉ាន់ឡាម (អតីត​ចាម​បានី​ដែល​ផ្លាស់​ប្តូរ​សាសនា) បាន​សម្តែង​ការ​សោកស្តាយ​ពី​អសមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​បញ្ចុះបញ្ចូល​អតីត​អ្នក​កាន់សាសនា​ដូច​គ្នា ។ អាមីន​និយាយ​ថា «យើង​បាន​ជួប​បណ្តា​ព្រឹទ្ធាចារ្យ​បានី​ជា​ច្រើន​លើក​ដើម្បី​រំឭក​ពី​ករណីយកិច្ច​ឲ្យ​គាត់​សូត្រធម៌​រាល់ថ្ងៃ​ចំនួន​៥​ដង ប៉ុន្តែ​ពួក​គាត់​ពុំ​បាន​ប្រត្តិបត្តិ​តាម​ទេ ។ ម្យ៉ាងទៀត សាសនា​អ៊ិស្លាម​តម្រូវ​ឲ្យ​យើង​បើកទ្វារ​វិហារ​អ៊ិស្លាម​នៅ​ថ្ងៃ​សុក្រ ព្រោះ​ជា​ថ្ងៃ​នៃ​ពិធី​ជួបជុំ​ធំ​មួយ ប៉ុន្តែ​ពួក​គេ​បាន​បើកទ្វារ​វិហារ​អ៊ិស្លាម​តែ​មួយ​ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ» ។

ជនជាតិ​ចាម​បានី​មាន​តែ​១០​ភាគរយ​ប៉ុណ្ណោះ​ដែល​បាន​ផ្លាស់​ប្តូរ​សាសនា ។ មូលហេតុ​សំខាន់​នៃ​ការ​បរាជ័យ​នេះ គឺ​បណ្តាល​មក​ពី​ប្រព័ន្ធ​ចាត់​ទុក​ស្ត្រី​ជា​ធំ​ដែល​ជា​មូលដ្ឋាន​ក្នុង​សង្គម​ចាម ។ ប្រព័ន្ធ​នេះ​បង្ខំ​ឲ្យ​ស្វាមី​ធ្វើ​តាម​ប្រពន្ធ​ក្នុង​ករណី​ដែល​មាន​ការ​រៀបការ​ចម្រុះ (ឆ្លង​សាសន៍) ដើម្បី​រឹតត្បិត​ការ​រាលដាល​សាសនា​អ៊ិស្លាម​ថ្មី ។ អេនស៊ី គៀវ ចាម​បានី​នៅ​ភូមិ​វ៉ាន់ឡាម​បាន​រៀបរាប់​ថា «ខ្ញុំ​បាន​ផ្លាស់​ប្តូរ​ទៅ​ជឿ​សាសនា​អ៊ិស្លាម​ប្រកាន់​តាម​គម្ពីរ​នៅ​ពេល​ដែល​ខ្ញុំ​មាន​អាយុ​១៨​ឆ្នាំ ប៉ុន្តែ​នៅ​ពេល​ខ្ញុំ​រៀបការ ខ្ញុំ​បាន​ក្លាយ​ទៅជា​ចាម​បានី​ដូច​ដើម​វិញ ។ ទំនៀមទម្លាប់​ចាម​ស្ថិត​នៅ​ត្រង់​ថា ប្តី​ត្រូវធ្វើ​តាម​ប្រពន្ធ​បន្ទាប់​ពី​រៀប​ការ​រួច» ។​

ជនជាតិ​បានី​មិនសូវ​ចាប់អារម្មណ៍​នឹង​ដំណើរ​ប្រែ​ត្រឡប់​ក្នុង​ការ​ប្រកាន់​តាម​គម្ពីរ​របស់​សាសនា​អ៊ិស្លាម​ដែល​បើកផ្លូវ​ឲ្យ​ស្គាល់​នូវ​ជម្រៅ​នៃ​សាសនា​តាំងពី​សតវត្សរ៍​ទី​១៩ ដោយ​ចលនា​ផ្សេងៗ​ដែល​ជា​អ្នក​និយម​កែទម្រង់ ។ ប៉ុន្តែ ហាជ្ជី អាមីន ដែល​ជា​អ៊ិស្លាម​សាសនិក​ប្រកាន់​តាម​គម្ពីរ​បាន​រំឭក​ពី​គុណសម្បត្តិ​ប្រសើរ​លើស​លប់​នៃ​វប្បធម៌​ខាង​សាសនា​ថា «យើង​ទាំងអស់​ជា​ជនជាតិ​ចាម​ហើយ យើង​តម្កល់​អត្តសញ្ញាណ​ចាម​ពីលើ​អ្វីៗ​ទាំងអស់ ។ យើង​ជា​ជនជាតិ​ចាម​ដែល​ធ្វើ​តាម​សាសនា​អ៊ិស្លាម​មិន​មែន​សាសនា​អ៊ិស្លាម​ដែល​មាន​វប្បធម៌​ចាម​លាយឡំ​ទេ ។ យើង​នៅ​តែ​ជា​ជនជាតិ​ចាម​តាម​ប្រព័ន្ធ​ចាត់​ទុក​ស្ត្រី​ជា​ធំ ហើយ​ជា​វប្បធម៌​របស់​យើង​ដែល​ត្រូវ​តែ​ការពារ» ៕

ដោយ អាញ៉េ ឌឺហ្វូ ទស្សនាវដ្តី​ស្វែងរក​ការ​ពិត លេខ​ពិសេស ឆ្នាំ​២០០៧

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in ចំណេះ​ធ្វើ and tagged , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s