អាហារ​ពេល​ព្រឹក​ជួយ​កុមារ​ដោះស្រាយ​ចំណោទ​គណិតសាស្ត្រ​មូលដ្ឋាន

ការ​សិក្សា​ឧបត្ថម្ភ​ដោយ ARS លើ​កុមារ​អាយុ​ពី​៨​ទៅ​១១​ឆ្នាំ បង្ហាញ​ថា​ការ​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​ដោយ​បរិភាគ​អាហារ​ពេល​ព្រឹក អាច​បង្កើន​សមត្ថភាព​ដោះស្រាយ​ចំណោទ​គណិតវិទ្យា

សូម្បី​អ្នក​ដែល​យល់​ដឹង​យ៉ាង​ច្រើន​អំពី​ខួរក្បាល​របស់​មនុស្ស​ក៏​អាច​ចាប់​អារម្មណ៍​នឹង​វិសាលភាព​ដែល​ការ​បរិភោគ​អាហារ​ពេល​ព្រឹក​ម្ដង ឬ​មិន​បរិភោគ អាច​មាន​ឥទ្ធិពល​ចំពោះ​សមត្ថភាព​របស់​កុមារ​ក្នុង​ការ​ដោះស្រាយ​ចំណោទ​គណិតសាស្ត្រ ។

អ្នកវិទ្យាសាស្ត្រ Terry Pivik ដែល​បាន​សិក្សា​លើ​កុមារ​ចំនួន ៨១​នាក់ បាន​បង្ហាញ​ថា កុមារ​ដែល​បរិភោគ​អាហារ​ពេល​ព្រឹក​អាច​ដោះស្រាយ​ចំណោទ​គណិតវិទ្យា​ជាង​ដប់​បន្តបន្ទាប់​គ្នា​បាន​លឿន​ជាង​កុមារ​ដែល​មិន​បាន​បរិភោគ​អាហារ​ពេល​ព្រឹក ។

ជា​ចិត្តសរីរៈវិទូ (psychophysiologist) លោក Terry Pivik សិក្សា​ពី​វិធី​ដែល​ខួរក្បាល​មាន​ឥទ្ធិពល​ចំពោះ​ចរិត​របស់​យើង ។ មាន​មូលដ្ឋាន​នៅ​ក្រុង Little Rock រដ្ឋ Arkansas លោក​ដឹកនាំ​មន្ទីរពិសោធន៍​តួនាទី​ខួរក្បាល​នៃ​សេវា​ស្រាវជ្រាវ​កសិកម្ម (ARS) ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​មជ្ឈមណ្ឌល​អាហារូបត្ថម្ភ​កុមារ​រដ្ឋ Arkansas ហើយ​លោក​ក៏​ជា​សាស្ត្រាចារ្យ​ស្រាវជ្រាវ​ផ្នែក​វិជ្ជាពេទ្យ​កុមារ​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល Arkansas ផង​ដែរ ។

នៅ​ក្នុង​ការ​សិក្សា​លើ​កុមារ​ស្ម័គ្រចិត្ត​មាន​សុខភាព​ល្អ​ដែល​មាន​អាយុ​ពី ដល់ ១១​ឆ្នាំ លោក Terry Pivik បាន​ប្រើ​សិនស័រ EEG (electroencephalographic) ដើម្បី​កត់ត្រា​មិន​ប៉ះពាល់​ដល់​សុខភាព​នូវ​សកម្មភាព​អេឡិចត្រូនិក​ដែល​កើត​ឡើង​នៅ​ក្នុង​តំបន់​ផ្សេងៗ​នៃ​ខួរក្បាល​របស់​កុមារ​ពាក់ព័ន្ធ​នឹង​ការ​ដោះស្រាយ​ចំណោទ​គណិតវិទ្យា ។ សិនស័រ​ទាំងនេះ​ត្រូវ​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​មួក​ទន់​មួយ​ដែល​កុមារ​ពាក់​ខណៈ​ដែល​ពួកគេ​មើល​ចំណោទ​គណិតវិទ្យា​សាមញ្ញៗ​បង្ហាញ​នៅ​លើ​ម៉ូនីទ័រ​កុំព្យូទ័រ គិត​ពី​ចម្លើយ​នៅ​ក្នុង​ខួរក្បាល​របស់​ពួកគេ និង​ភ្លាមៗ​បន្ទាប់មក​ជ្រើស​យក​ចម្លើយ​មួយ​ក្នុង​ជម្រើស​ចម្លើយ​ចំនួន​បី​នៅ​លើ​អេក្រង់ ។ សរុប​មក កុមារ​ទាំងអស់​មាន​ពេល​ច្រើន​ជាង​មួយ​វិនាទី​បន្តិច​ដើម្បី​គិត​ពិចារណា​ពី​ចំណោទ​នីមួយៗ ។

កុមារ​ម្នាក់ៗ​ធ្វើ​តេស្ត​ចំណោទ​គណិតវិទ្យា​ចំនួន​២​ដង​នៅ​ពេល​ព្រឹក ។ ពាក់​កណ្ដាល​នៃ​កុមារ​ចូលរួម​ទាំងអស់​បរិភោគ​អាហារ​ពេលព្រឹក​ក្នុង​ពេល​ឈប់​សម្រាក​ក្នុង​អំឡុង​ពេល​ធ្វើ​តេស្ត ហើយ​កុមារ​ចំនួន​ពាក់​កណ្ដាល​ទៀត​មិន​បរិភោគ​ទេ ។

កត្តា​នានា​ដែល​អាច​ធ្វើ​ឲ្យ​លទ្ធផល​លម្អៀង​ត្រូវ​បាន​គ្រប់គ្រង ។ ឧទាហរណ៍ ដើម្បី​ជៀសវាង​ភាព​ងងុយ​គេង គិលានុបដ្ឋាក​ម្នាក់​តាម​មើល​ដោយ​ប្រុង​ប្រយ័ត្ន ហើយ​ម៉ូនីទែរ​ត្រូវ​បាន​បំពាក់​នៅ​លើ​ដៃ​របស់​កុមារ​ស្ម័គ្រចិត្ត​ដើម្បី​ធានា​ថា កុមារ​ម្នាក់ៗ​បាន​ទទួល​ទាន​ដំណេក​រយៈពេល​៨​ម៉ោង​ពេញ​នៅ​រាត្រី​មុន​ថ្ងៃ​ធ្វើ​តេសត្ត ។

លោក Terry Pivik មាន​ប្រសាសន៍​ថា «ទិន្នន័យ EEG បង្ហាញ​ថា កុមារ​ដែល​មិន​បាន​បរិភោគ​អាហារ​ពេល​ព្រឹក​ត្រូវ​ប្រឹងប្រែង​ខ្លាំង​ជាង​ក្នុង​ការ​ធ្វើ​ចំណោទ​គណិតចិត្តសាស្ត្រ​ដែល​តម្រូវ​ដោយ​ការ​ធ្វើ​តេសត្ត និង​ក្នុង​ការ​ផ្ដោត​អារម្មណ៍​លើ​ចំណោទ​នៅ​ចំពោះ​មុខ ។ ផ្ទុយ​ទៅ​វិញ កុមារ​ដែល​បាន​បរិភោគ​អាហារ​ពេល​ព្រឹក​ប្រើ​ការ​ប្រឹងប្រែង​ផ្នែក​ចិត្តសាស្ត្រ​តិច​ជាង​ក្នុង​ការ​ដោះស្រាយ​ចំណោទ ផ្ដោត​អារម្មណ៍​បាន​ល្អ​ជាង​លើ​ការ​ធ្វើ​តេស្ត និង​បង្កើន​ពិន្ទុ​នៅ​ក្នុង​ការ​ធ្វើ​តេស្ត​បន្ទាប់​ពី​បរិភោគ​អាហារ​ពេល​ព្រឹក​រួច» ។

ការ​សិក្សា​នានា​ពី​មុន​ដោយ​អ្នកស្រាវជ្រាវ​នៅ​ទី​ដទៃ បាន​រក​ឃើញ​ថា មាន​ទំនាក់ទំនង​រវាង​អាហារូបត្ថម្ភ និង​គុណផល​សិក្សា ។ ប៉ុន្តែ​ទម្រង់ការ​រៀបចំ​ការ​សិក្សា​នៅ Arkansas នេះ មាន​ចំណុច​ខុស​គ្នា​សំខាន់ៗ​មួយ​ចំនួន ។ លោក Terry Pivik ពន្យល់​ថា «យើង​បាន​គ្រប់គ្រង​ដោយ​ប្រុងប្រយ័ត្ន​នៅ​ពេល​កុមារ​បរិភោគ និង​មិន​បរិភោគ​អាហារ​ពេល​ព្រឹក និង​ពី​អ្វី​ដែល​ពួកគេ​បរិភោគ ។ តាម​ការ​យល់​ដឹង​របស់​យើង​គឺ​ថា នេះ​ជា​ការ​សិក្សា​ដែល​បាន​បោះពុម្ព​ផ្សាយ​លើក​ដំបូង ជាមួយ​ក្រុម​កុមារ​ដែល​មាន​អាយុ​ចន្លោះ​ប៉ុណ្ណេះ ហើយ​ដែល​បាន​គ្រប់គ្រង​អាហារ​ពេល​ព្រឹក និង​ប្រើ​បច្ចេកវិទ្យា EEG ដើម្បី​តាមដាន​សកម្មភាព​ខួរក្បាល​នៅ​ពេល​កុមារ​គិត​ពិចារណា​អំពី​ព័ត៌មាន​គណិតសាស្ត្រ» ។

លោក Terry Pivik និង​សហការី​នៅ​មជ្ឈមណ្ឌល​អាហារូបត្ថម្ភ Yuyuan Gu និង Kevin B. Tennal រួម​ជាមួយ​អតីត​បុគ្គលិក​របស់​មជ្ឈមណ្ឌល Stephen D. Chapman បាន​បោះពុម្ព​គំហើញ​របស់​ពួកគេ​នៅ​ក្នុង​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​សរីរវិទ្យា និង​អត្តចរិត (Physiology & Behavior) នៅ​ឆ្នាំ​២០១២ ។

ការ​ស្រាវជ្រាវ​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​អង្កេត​កំពុង​បន្ត​ធ្វើ​នៅ​ក្នុង​មន្ទីរពិសោធន៍​របស់​លោក Terry Pivik ដើម្បី​រក​ឲ្យ​ឃើញ​នូវ​វិធី​បំប៉ន​ខួរក្បាល និង​បង្កើន​សមត្ថភាព​រៀនសូត្រ​របស់​កុមារ ។ លោក Terry Pivik និយាយ​ថា «មាន​ការងារ​ជាច្រើន​ទៀត​ដើម្បី​រក​ឲ្យ​ឃើញ​ពី​តួនាទី​ដែល​អាហារូបត្ថម្ភ​មាន​ឥទ្ធិពល​លើ​បណ្ដាញ​សរសៃ​ប្រសាទ​របស់​កុមារ​នៅ​ពេល​ពួកគេ​ដោះស្រាយ​ចិត្ត​គណិតសាស្ត្រ ។ យើង​កំពុង​បំពេញ​ចន្លោះ​ឆក​ល្វែង​នៃ​ការ​យល់ដឹង​នេះ​ពីព្រោះ​ថា ​ជំនាញ​គិតលេខ​មាន​សារសំខាន់​ណាស់​នៅ​ក្នុង​ពិភពលោក​បច្ចុប្បន្ន» ។ អត្ថបទ​ដោយ Marcia Wood មន្ត្រី​ព័ត៌មាន​នៃ ARS

បកប្រែ និង​ផ្សព្វផ្សាយ​ដោយ​មាន​ការ​អនុញ្ញាត​ពី USDA Agricultural Research/Nov-Dec 2013

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in វិទ្យាសាស្ត្រ​ថ្មី. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s