ជនជាតិ​មិល

ជនជាតិ​មិល
មិល (នៅ​ក្នុង​វចនានុក្រម​ខ្មែរ​បោះពុម្ព​ឆ្នាំ​១៩៦៧ សរសេរ មិលក្ខៈ) ជា​ជនជាតិភាគតិច​មួយ​ក្រុម​ដែល​ប្រជាជន​ខ្មែរ​ភាគច្រើន​ស្ទើរតែ​មិន​ដឹង​ថា អ្នក​ទាំង​អស់នោះ​កំពុង​តែ​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង ។ ជនជាតិ​នោះ​ហៅ​ខ្លួនឯង​ថា «មិល» ។ ជនជាតិ​មិល​គ្មាន​សាសនា​ដូច​ជនជាតិ​ដទៃ​ទេ ។ បច្ចុប្បន្ន​ជនជាតិ​នេះ​មាន​ចំនួន ៦១​គ្រួសារ កំពុង​រស់​លាយឡំ​ជាមួយ​ប្រជាជន​ខ្មែរ​នៅ​ក្នុងភូមិ​មួយ​ចម្ងាយ ៤០​គីឡូម៉ែត្រ ពី​ទីរួមខេត្ត​ក្រចេះ ។ ភូមិកំណើត​របស់​ជនជាតិ​នេះ​ពី​ដើម​ឡើយ​ស្ថិត​នៅ​ភូមិ​ឆក់ត្រាច ហៅ​ភូមិ​ក្លិក្លក់ ចម្ងាយ​ប្រហែល​៣០​គីឡូម៉ែត្រ​ខាងកើត​ភូមិ​អូរពោធិ៍ ខេត្តក្រចេះ ។ ដោយសារ​មាន​ជំងឺ​អ៊ុតធំ​រាតត្បាត​ពេញ​ភូមិ​ និង​ដោយ​មាន​ព្នង​មួយ​ក្រុម​ចូល​មក​កាប់​សម្លាប់​ប្រជាជន​ក្នុង​ភូមិ ជនជាតិ​មិល​បាន​រត់​ភៀស​ខ្លួន​មក​រស់នៅ​វាល​មួយ​ហៅ​ថា​ «ស្រែ​ចង្ហប» ។ នៅ​ក្នុង​របប​សង្គមរាស្ត្រនិយម ភូមិ​នេះ​ត្រូវ​បាន​ប្តូរ​ទីតាំង​មក​នៅ​ជាប់​ផ្លូវជាតិ​វិញ​ដើម្បី​ងាយស្រួល​ទំនាក់ទំនង​ជាមួយ​សង្គម​ និង​ដើម្បី​ឲ្យ​កុមារ​បាន​ចូល​រៀន​នៅ​សាលា​ផង ។ អំឡុង​ពេល​សង្គ្រាមស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ពី​ឆ្នាំ​១៩៧០ ដល់​១៩៧៥ និង​នៅ​ក្នុង​របប​ខ្មែរក្រហម បុរស​មិល​ជា​ច្រើន​នាក់​បាន​បម្រើ​បដិវត្តន៍​ខ្មែរក្រហម ។ បន្ទាប់​ពី​ខ្មែរក្រហម​ទទួល​បាន​ជ័យ​ជម្នះ ជនជាតិ​មិល​មួយ​ចំនួន​បាន​ទទួល​តួនាទី​ខ្ពស់ មួយ​ចំនួន​ត្រូវ​ខ្មែរក្រហម​សម្លាប់​ចោល ហើយ​មួយ​ចំនួន​ទៀត​បាត់​ខ្លួន ។​

តេង ជនជាតិ​មិល ជា​ប្រធាន​ឈ្លប​នៅ​ក្នុង​របប​ខ្មែរក្រហម ។ អ្នក​ភូមិ​ចង្ហប​បាន​ដឹង​គ្រប់ៗ​គ្នា​ថា តេង ជា​មនុស្ស​កាច​សាហាវ​បំផុត​នៅ​ជំនាន់​នោះ ។ ប្រសិនបើ​ប្រជាជន​ណា​ធ្វើ​ខុស ជា​ពិសេស​ប្រជាជន​១៧​មេសា តេង​បញ្ជា​ឲ្យ​ឈ្លប​មក​ហៅ​ទៅ ហើយ​អ្នក​នោះ​បាត់​ខ្លួន​រហូត ។ តេង​បាន​សម្លាប់​ប្រជាជន​១៧​មេសា​អស់​ជា​ច្រើន​នាក់ ។ នៅ​ឆ្នាំ​១៩៧៩ តេង​ត្រូវ​កងទ័ព​វៀតណាម​ចាប់ខ្លួន​ និង​បញ្ជូន​ទៅ​ដាក់គុក​នៅ​ប្រទេស​វៀតណាម​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ ។ ក្រោយ​ពី​ត្រឡប់​ចូល​ភូមិ​វិញ តេង​ត្រូវ​ប្រជាជន​១៧​មេសា​នៅ​ស្រុក​តាមូង​ព្រួត​គ្នា​វាយ​សម្លាប់​នៅ​តាម​ផ្លូវ ។​

កក វ៉ន ជនជាតិ​មិល អាយុ​៥៩​ឆ្នាំ ប្រាប់​ថា គាត់​បាន​បាត់​កូនប្រុស​ម្នាក់​បន្ទាប់​ពី​ទៅ​បម្រើ​ខ្មែរក្រហម ។ ក្រោយមក​បាន​ឮ​អ្នកស្រុក​និយាយ​ថា កូន​របស់​គាត់​ត្រូវ​តាម៉ុក​សម្លាប់ ។​

សឿ ឃ្លីមសឿ ឃ្លីម អាយុ​៤៥​ឆ្នាំ បាន​ចូល​ធ្វើ​កង​ទ័ព​ខ្មែរក្រហម​តាំង​ពី​អាយុ​១៥​ឆ្នាំ គឺ​នៅ​ក្នុង​ឆ្នាំ​១៩៧៦ ។ កាលណោះ អង្គការ​បញ្ជូន​គាត់​ទៅ​បម្រើ​ការ​នៅ​ខេត្តក្រចេះ​រយៈពេល​មួយ​ឆ្នាំ ក្រោម​ការ​ដឹកនាំ​របស់​ឈ្មោះ យី និង កួន ។ ចុងឆ្នាំ​១៩៧៧ គាត់​ត្រូវ​អង្គការ​ឲ្យ​ទៅ​ខេត្តរតនគិរី​ធ្វើ​ជា​យុទ្ធជន​នៅ​កងពល​៩២០ ។ នៅ​ក្នុង​ឆ្នាំ​១៩៧៨ អង្គការ​លើ​បាន​ចាប់ខ្លួន យី និង កួន ដោយ​ចោទ​អ្នក​ទាំង​ពីរ​ថា​ក្បត់​បដិវត្តន៍ ។ ក្រោយ​ពី​ចាប់ យី និង កួន រួច អង្គការ​ក៏​តាម​ចាប់ខ្លួន​ឃ្លីម និង​យុទ្ធជន​ផ្សេង​ទៀត ។ ឃ្លីម បាន​រត់​ទៅ​លាក់ខ្លួន​ក្នុង​ព្រៃ​រហូត​ដល់​ឆ្នាំ​១៩៨២ ទើប​ហ៊ាន​ត្រឡប់​ចូល​ភូមិ​វិញ ។​

ជូតាំងក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ អ្នក​ភូមិ​ចង្ហប​ទាំងអស់​ត្រូវ​បាន​ជម្លៀស​ចេញពី​ភូមិ​ទៅ​រស់នៅ​សហករណ៍​ស្រែ​ចង្ហប​ ចំណែក​ផ្ទះសម្បែង​ត្រូវ​អង្គការ​យក​ធ្វើ​ឃ្លាំង​សម្រាប់​ដាក់​អំបិល​ អង្ករ និង​សម្ភារ​ផ្សេងៗ ។ យុវជន​ត្រូវ​បង្ខំ​ឲ្យ​ចូល​ធ្វើ​កងទ័ព ។ បុរស​វ័យ​កណ្តាល​ត្រូវ​អង្គការ​ឲ្យ​ធ្វើ​ជា​ជាង​សាងសង់​ផ្ទះ លើក​ទំនប់ និង​ធ្វើ​ស្រែ ។ ស្ត្រី​វ័យ​ចំណាស់​នៅ​ថែរក្សា​កុមារ​តូច​នៅ​មណ្ឌលកុមារ ។ ខេន និង ជូតាំង បាន​ប្រាប់​ឲ្យ​ដឹង​ថា គាត់​ត្រូវ​អង្គការ​ចាត់តាំង​ឲ្យ​សាងសង់​ផ្ទះ​គ្រប់​ទីកន្លែង ក្នុង​រយៈពេល​ពីរ​បី​ខែ​ទើប​អង្គការ​អនុញ្ញាត​ឲ្យ​មក​ជួប​ក្រុម​គ្រួសារ​ម្តង ។ ក្រៅពី​ការងារ​សាងសង់ អង្គការ​បាន​បញ្ជូន​គាត់​ទៅ​លើក​ទំនប់​នៅ​អូរគ្រៀង​ និង​នៅ​កន្លែង​ផ្សេង​ទៀត​ដែល​គាត់​មិន​ចាំ​ឈ្មោះ ។ ខេន​បាន​ប្រាប់​ថា កាល​ជំនាន់​នោះ គាត់​ធ្វើស្រែ​ និង​ប្រមូល​ផល​ស្រូវ​បាន​ច្រើន​ណាស់ ប៉ុន្តែ​គាត់​នៅ​តែ​ហូប​បបរ​រាវៗ​ជា​រៀង​រាល់​ថ្ងៃ ។ នៅ​រដូវ​ប្រមូល​ផល​ស្រូវ​ គាត់​ឃើញ​មាន​រថយន្ត​មក​ដឹក​អង្ករ​ទៅ​បាត់ៗ​មិន​ដឹង​ថា​ដឹក​យក​ទៅ​ទុក​នៅ​កន្លែង​ណា​ទេ ។ កម្មាភិបាល​ខ្មែរក្រហម​និយាយ​ប្រាប់​ប្រជាជន​ថា សហករណ៍​ផ្សេង​ខ្វះ​អង្ករ​ ហើយ​ក៏​ដឹក​ស្រូវ​យក​ទៅ ជួនកាល​ដឹក​ចូល​ទៅ​ក្នុង​ព្រៃ​បាត់ ។​

ចាប់ពី​ឆ្នាំ​១៩៧៧ សហករណ៍​ចង្ហប​មាន​សមាជិក​កាន់តែ​ច្រើន​ដោយសារ​អង្គការ​ដឹក​ប្រជាជន​ជម្លៀស​គ្រប់​ជនជាតិ​មាន​ ខ្មែរ ចិន ចាម មក​រស់នៅ​លាយឡំ​ជាមួយ​ប្រជាជន​មិល ។ ប្រជាជន​ទាំងអស់​គ្រប់​ជាតិ​សាសន៍​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​និយាយ​ភាសា​អ្វី​ផ្សេង​ក្រៅពី​ភាសា​ខ្មែរ​ឡើយ ។​

ជូ តាំង ជនជាតិ​មិល អាយុ​៦០​ឆ្នាំ បច្ចុប្បន្ន​ជា​ប្រធាន​ភូមិ​ចង្ហប​និយាយ​ថា «ចិន​គេ​អត់​ឲ្យ​និយាយ​ភាសា​ចិន ចាម​ក៏​គេ​អត់​ឲ្យ​និយាយ​ភាសា​ចាម មិល​ក៏​គេ​អត់​ឲ្យ​និយាយ ឲ្យ​និយាយ​តែ​ភាសា​ខ្មែរ ហើយ​ជនជាតិ​ចាម​សាច់​គោ​ក៏​អត់​ឲ្យ​ស៊ី គេ​បំបិទ​ទាំងអស់ ។ ផ្ទះ​ខ្ញុំ​នៅ​ពីរ​គ្រួសារ កូន​ផ្ទះ​តូច​មួយ​ហ្នឹង​ចាម​មួយ​គ្រួសារ ចិន​មួយ​គ្រួសារ» ។​

កូវ ខេនកូវ ខេន ជនជាតិ​មិល អាយុ​៧៤​ឆ្នាំ និយាយ​ថា ប្រជាជន​ជម្លៀស​ស្លាប់​ច្រើន​ណាស់​កាល​ជំនាន់​នោះ​ ព្រោះ​មិន​ចេះ​អត់ធ្មត់​នឹង​ការងារ​ និងរ​រអ៊ូរទាំ​ច្រើន ។ ចំណែក​អ្នក​ភូមិ​ចង្ហប​មិន​សូវ​មាន​ស្លាប់​ដោយ​ការ​សម្លាប់​ទេ​ ភាគច្រើន​ស្លាប់​ដោយសារ​ជំងឺ​គ្មាន​ថ្នាំ​ព្យាបាល​ទៅ​វិញ ។​

នៅ​ចុងឆ្នាំ​១៩៧៨ ខ្មែរក្រហម​បាន​រៀប​គម្រោង​ធ្វើ​នំបញ្ចុក ដោយ​ដាក់​ថ្នាំ​បំពុល​នៅ​ក្នុង​សម្ល​ឲ្យ​ប្រជាជន​ហូប​នៅ​ថ្ងៃ​ទី​៣០ ខែធ្នូ ក្នុង​គោលបំណង​សម្លាប់​ប្រជាជន​ទាំងអស់​នៅ​សហករណ៍​ចង្ហប ។ ផែនការ​នេះ​ត្រូវ​បរាជ័យ​ទៅ​វិញ​ដោយសារ​កងទ័ព​វៀតណាម​បាន​បណ្ដេញ​ខ្មែរក្រហម​ឲ្យ​រត់​ខ្ចាត់ខ្ចាយ ។ ខេន បានដឹង​អំពី​ផែនការ​នេះ​ដោយ​ចៃដន្យ​នៅ​ពេល​គាត់​ធ្វើ​ដំណើរ​ទៅ​កាន់​វាលស្រែៈ «ថ្ងៃមួយ​ខ្ញុំ​បាន​ឮ​មេ​ធំៗ​ប្រជុំ​គ្នា​នៅ​ក្រៅ​ភូមិ​ថា ថ្ងៃ​ទី​៣០ ទុក​ក្រមុំ​ខ្មែរ​ស្អាតៗ​តែ​មួយ​ពាន់​នាក់​ទេ​ បង្កាត់​ពូជ​ជាមួយ​ចិន​ ក្រៅពី​ហ្នឹង​បំពុល​ទាំងអស់ ។ ដល់​ឆ្នាំ​៧៩​កុំ​តែ​វៀតណាម​មក​ទាន់​កុំ​អី​ខ្មែរ​យើង​អត់​សល់​ពូជ​ទេ» ។​

កែវ ណនកែវ ណន អាយុ​៥៣​ឆ្នាំ ជនជាតិ​ខ្មែរ​ដែល​បាន​មក​រស់នៅ​ភូមិ​ចង្ហប​តាំងពី​ឆ្នាំ​១៩៦៩ ក៏​បាន​ឮ​អំពី​គម្រោង​សម្លាប់​ប្រជាជន​ដោយ​ដាក់​ថ្នាំ​បំពុល​ក្នុង​នំ​បញ្ចុក​ដែរ ។​

នៅ​ពេល​បាក់ទ័ព​រត់​ចូល​ព្រៃ កងទ័ព​ខ្មែរក្រហម​បាន​កៀរ​ប្រជាជន​ទៅ​ជាមួយ​ខ្លួន ហើយ​ថែម​ទាំង​ឃោសនា​ថា អ្នក​ណា​មិន​រត់​នឹង​ត្រូវ​វៀតណាម​អារ​ក ។ ប្រជាជន​ភូមិ​ចង្ហប​ខ្លះ​ដែល​ភ័យ​ខ្លាច​បាន​នាំ​គ្នា​រត់​ទៅ​ជាមួយ​ខ្មែរក្រហម​ ខ្លះ​ទៀត​ត្រឡប់​មក​ភូមិ​វិញ ។ ជូ តាំង បាន​និយាយ​ថា កាល​ណោះ​គាត់​បាន​រត់​ទៅ​រហូត​ដល់​ស្រុក​សំបូរ ហើយ​បាន​ជួប​ក្រុម​គ្រួសារ​របស់​គាត់​នៅ​កំពង់ព្នៅ ។ តាំង​បាន​ប្រគល់​អាវុធ​ឲ្យ​កងទ័ព​វៀតណាម រួច​នាំ​ប្រពន្ធ​ និង​កូន​ត្រឡប់​មក​ភូមិ​វិញ ។ ចំណែក ខេន ក៏​ដូច​ជា​អ្នក​ភូមិ​របស់​គាត់​ដែរ បាន​រត់​ភៀសខ្លួន​រហូត​ដល់​អូរកាច់ព្រួល ហើយ​បាន​ជួប​កងទ័ព​វៀតណាម​នៅ​តាម​ផ្លូវ ។ កងទ័ព​វៀតណាម​បាន​ប្រាប់​គាត់​ឲ្យ​ត្រឡប់​មក​ស្រុកភូមិ​កំណើត​វិញ ។​

បន្ទាប់​ពី​ឆ្នាំ​១៩៧៩ ជនជាតិ​មិល​វិល​ត្រឡប់​មក​ភូមិ​ចង្ហប​វិញ ។ វៀតណាម​បាន​ចាត់តាំង​មេ​ភូមិ​ចង្ហប​ដើម្បី​ចែក​ស្រូវ​អង្ករ អំបិល គោក្របី និង​ជ័យភណ្ឌ ឲ្យ​ប្រជាជន​ស្មើៗ​គ្នា ។ ក្នុង​រយៈពេល​នោះ កង​ទ័ព​ខ្មែរក្រហម​តែង​លួច​វាយ​ឆ្មក់​ចូល​ភូមិ​ចង្ហប​ជា​ញឹកញាប់​ ធ្វើ​ឲ្យ​អ្នក​ភូមិ​មួយ​ចំនួន​ត្រូវ​គ្រាប់​ស្លាប់ ។ ម្តាយមីង​របស់ តាំង បាន​ស្លាប់​ក្នុង​ពេល​ខ្មែរក្រហម​វាយ​ឆ្មក់​ចូល​ភូមិ​ចង្ហប ។ តាំង និយាយ​ថា «ខ្ញុំ​អត់​ភ្លេច​ទេ​ទាល់​តែ​ខ្ញុំ​ស្លាប់​ទើប​ខ្ញុំ​ភ្លេច​ជំនាន់​៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃនេះ ។ ខ្ញុំ​មាន​បាន​ពី​មុន​មក​ក៏​រលាយ​សូន្យ នេះ​ខ្ញុំ​កសាង​សា​ជា​ថ្មី​ទេ​ក្រោយ​៧៩ នេះ​អត់​ភ្លេច​ទេ» ។​

នៅ​ពេល​រំឭក​ដល់​របប​ខ្មែរក្រហម ​ប្រជាជន​មិល​នៅ​ក្នុង​ភូមិ​ចង្ហប​បាន​និយាយ​ថា​ គាត់​មិន​ចង់​ឮ​ពី​របប​នេះ​ទៀត​ឡើយ ។ គាត់​គ្រាន់តែ​ចង់​រស់នៅ​ដោយ​សុខសាន្ត​ដូច​សង្គម​សព្វថ្ងៃ​តែ​ប៉ុណ្ណោះ ទោះបី​មាន​អ្នក​មក​ឃោសនា​ថា ខាង​នេះ​ល្អ​ខាង​នោះ​មិន​ល្អ​ ក៏​គាត់​មិន​ជឿ​ទៀត​ដែរ ៕

ដោយ លី សុផល ទស្សនាវដ្តី​ស្វែងរកការពិត លេខ​ពិសេស ឆ្នាំ​២០០៧

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in ចំណេះ​ធ្វើ, ប្រវត្តិសាស្ត្រ, អរិយធម៌​ខ្មែរ and tagged , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s