កុលសម្ព័ន្ធ​ស្ទៀង​ក្រោម​របប​ខ្មែរក្រហម


កុលសម្ព័ន្ធ​ស្ទៀង​ជា​ក្រុម​ដែល​ស្ថិត​ក្នុង​អម្បូរ​ខ្មែរ​មន​ដូច​ជនជាតិ​ កួយ រដែ និង សំរែ ។ កុលសម្ព័ន្ធ​នេះ​មាន ទំនៀមទម្លាប់ ប្រពៃណី​ជំនឿ និង​ភាសា​របស់​ខ្លួន​ខុស​ប្លែក​ពី​ជនជាតិ​ដទៃ ។ ភាគច្រើន​នៃ​កុលសម្ព័ន្ធ​ស្ទៀង​ច្រើន​រស់នៅ​ក្នុង​តំបន់​ខ្ពង់រាប ក្នុងស្រុក​មេមត់ ខេត្តកំពង់ចាម និង​ស្រុក​ស្នួល ខេត្តក្រចេះ នា​តំបន់​ខ្ពង់រាប​ព្រំដែន​វៀតណាម ជា​ហេតុ​ធ្វើ​ឲ្យ​ខ្មែរក្រហម​ពុំ​មាន​ការ​ទុកចិត្ត​លើ​អ្នក​ទាំងនេះ​ ដោយ​ចោទ​ថា​ជា​ភ្នាក់ងារ​វៀតណាម​ ហើយ​ត្រូវ​ចាប់​សម្លាប់​ និង​ជម្លៀស​ជនជាតិ​នេះ​ឲ្យ​ទៅ​រស់នៅ​តំបន់​ផ្សេងៗ ។

ដោយឡែក កុលសម្ព័ន្ធ​ស្ទៀង​រស់នៅ​ឃុំ​ជាំតាម៉ៅ ស្រុក​មេមត់ ខេត្តកំពង់ចាម មាន​ភាសា​និយាយ​ខុស​គ្នា​ពី​ស្ទៀង​នៅ​ស្រុក​ស្នួល ខេត្តក្រចេះ និង​នៅ​ខេត្ត​ឡុកនិញ ប្រទេស​វៀតណាម ។ បើ​តាម​ការ​រៀបរាប់​របស់​ព្រឹទ្ធាចារ្យ​ជនជាតិ​ស្ទៀង​បាន​ឲ្យ​ដឹង​ថា ស្ទៀង​នៅ​ឃុំ​ជាំតាម៉ៅ ក្នុងស្រុក​មេមត់ ហៅ​ថា «ស្ទៀង​ខាន» មាន​ន័យ​ថា «មិន​ដូច» ។ ឯ​ជនជាតិ​ស្ទៀង​នៅ​ឃុំ​តាលូង ស្រុក​មេមត់ និង​ជនជាតិ​ស្ទៀង​នៅ​ស្រុក​ស្នួល ខេត្តក្រចេះ មាន​ដើម​កំណើត​នៅ​ឡុកនិញ ប្រទេស​វៀតណាម គឺ​មាន​ភាសា និង​ប្រពៃណី​ទំនៀមទម្លាប់​ដូច​គ្នា ។

បើ​តាម​ការ​រៀបរាប់​របស់​លោកតា ចយ សាលី និង ចាន់ ជីម ជនជាតិ​ស្ទៀង​រស់នៅ​ឃុំ​ជាំតាម៉ៅ ស្រុក​មេមត់ ខេត្តកំពង់ចាម មាន​ដើម​កំណើត​មក​ពី​ស្រុក​ត្បូងឃ្មុំ គឺជា​ជនជាតិ​ស្ទៀង​រស់នៅ​មិន​ចំណុះ​គេ បាន​ភៀសខ្លួន​ពី​ការ​តាម​សម្លាប់​របស់​រាជការ​ស្តេច​រាមា ដែល​ត្រូវ​ចោទ​ថា​បាន​ឃុបឃិត​ជាមួយ​ចៅហ្វាយស្រុក​ត្បូងឃ្មុំ​ឈ្មោះ អរ ជូន សម្លាប់​ម៉ឺន​ឯក ទុំ តាំងពី​ជំនាន់​រឿង​ទុំទាវ ។ ចាស់ទុំ​ជនជាតិ​ស្ទៀង​នៅ​ឃុំ​នេះ​បាន​ហាមប្រាម​កូនចៅ​មិន​ឲ្យ​រំឭក​ឬ​និយាយ​ពី​រឿង​ទុំទាវ​រហូត​ដល់​របប​កម្ពុជា​​ប្រជាធិបតេយ្យ ទើប​ការ​ហាមប្រាម​នេះ​បាន​សាបរលាប​តាម​ពេលវេលា និង​កាលៈទេសៈ ។ បើ​អ្នក​ណា​ហ៊ាន​ល្មើស គឺ​ត្រូវ​ស្ដី​បន្ទោស និង​ធ្វើ​ទារុណកម្ម ។ ប៉ុន្តែ​ជនជាតិ​ស្ទៀង​បាន​លាក់​ប្រវត្តិ​ដើម ដោយ​ប្រឌិត​រឿង​ផ្សេង​ប្រាប់​កូនចៅ​ស្ទៀង​ជំនាន់​ក្រោយ​ថា ពួក​ខ្លួន​មាន​ដើម​កំណើត​ពី​ភូមិ​កន្ទួត ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហើយ​មាន​មុខ​របរ​ដាំ​កប្បាស​លក់ ។ ប្រជាជន​ទទួល​កម្រៃ​បន្តិចបន្តួច​ពី​ការ​លក់​កប្បាស ប៉ុន្តែ​ដោយសារ​កប្បាស​មាន​ទម្ងន់​ស្រាល អ្នក​ភូមិ​បាន​បែកគំនិត​ខូច​នាំ​គ្នា​លួច​ដាក់​ដុំ​ថ្ម​ក្នុង​ការុង​កប្បាស​យក​ទៅ​ថ្លឹង​លក់​ឲ្យ​រាជការ​ស្ដេច ។ ក្រោយមក​រាជការ​ដឹង​ក៏​យក​ដុំ​ថ្ម​នោះ​ទៅ​ឲ្យ​អ្នក​ភូមិ​រក្សា​ទុកជា​ភ័ស្តុតាង​ហើយ​បាន​ព្រមាន​ថា បើ​ធ្វើ​ឲ្យ​បាត់​ដុំ​ថ្ម​នោះ​រាជការ​នឹង​កាត់ទោស ។ ដោយសារ​មូលហេតុ​នេះ​ទើប​អ្នក​ភូមិ​ដែល​ជាប់ពិរុទ្ធ​បាន​នាំ​គ្នា​រត់​មក​តាំង​ទីលំនៅ​ក្នុង​ភូមិ​កន្ទួត​ ដោយ​រក្សា​ដុំ​ថ្ម​នោះ​ទុកជា​ភ័ស្តុតាង​រហូត​ដល់​របប​កម្ពុជា​ប្រជាធិបតេយ្យ​ទើប​ដុំ​ថ្ម​នោះ​បាត់ ។ ប៉ុន្តែ​មាន​ជនជាតិ​ស្ទៀង​ជាច្រើន​ដឹង​ប្រវត្តិ​ត្រឹមតែ​រាជការ​តាម​ចាប់​បណ្តាល​មក​ពី​ការ​យក​ដុំ​ថ្ម​ដាក់​ក្នុង​កប្បាស​ប៉ុណ្ណោះ ទោះបីជា​យ៉ាងណា​ក៏​ជនជាតិ​ស្ទៀង​មិន​បាន​ដឹង​អំពី​ប្រវត្តិ​របស់​ជនជាតិ​ស្ទៀង​ដែល​រត់​មក​ពី​ត្បូងឃ្មុំ​ឡើយ ។ ជនជាតិ​ស្ទៀង​មាន​ការ​ឆ្ងល់​ជា​ខ្លាំង​ដែរ​ថា ហេតុ​អ្វី​ទើប​ដូនតា​ និង​ឪពុក​ម្តាយ​របស់​គាត់​មិន​ឲ្យ​រំឭក​រឿង​ទុំទាវ​នៅ​ក្នុងភូមិ​ស្រុក​របស់​គាត់ ។

ការ​រស់នៅ និង​ការ​រៀប​អាពាហ៍ពិពាហ៍

ការ​រស់នៅ​របស់​ជនជាតិ​ស្ទៀង​នៅ​ឃុំ​ជាំតាម៉ៅ​នា​សម័យ​មុន​មាន​ជីវភាព​ប្រហាក់ប្រហែល​ជនជាតិ​ព្នង ។ ជនជាតិ​ស្ទៀង​ចូល​ចិត្ត​ធ្វើ​ចម្ការ និង​បរបាញ់​សត្វ​ដើម្បី​ចិញ្ចឹមជីវិត ។ ផ្ទះ​របស់​ជនជាតិ​ស្ទៀង​ខ្ពស់​ផុត​ពី​ដី ដោយ​ធ្វើ​រោងដោល​នៅ​ពីមុខ និង​ចំហៀង​ផ្ទះ ។ ស្ទៀង​ប្រុស​វ័ណ្ឌកន្ទប ហើយ​ស្ទៀង​ស្រី​ស្លៀកសំពត់​ចោមពុង​លើ​ជង្គង់ មិន​ចូលចិត្ត​ចោះត្រចៀក និង​បួងសក់​ឡើយ ។ ជនជាតិ​ស្ទៀង​មាន​ជំនឿ​លើ​ព្រលឹង​តាម​បែប​ព្រហ្មញ្ញ​សាសនា គឺ​ធ្វើការ​បន់ស្រន់ សែនព្រេន អង្វរ​សុំ​សេចក្តីសុខ​ដល់​ក្រុម​គ្រួសារ និង​មាន​ជំនឿ​យ៉ាង​ខ្លាំង​ថា ជំងឺ​ផ្សេងៗ​បណ្តាល​មក​ពី​ការ​ខឹងសម្បា​នៃ​អារក្សអ្នកតា ។ នៅ​ពេល​មាន​អ្នក​ណា​ម្នាក់​ឈឺ គេ​តែងតែ​បន់ស្រន់​អារក្សអ្នកតា​ដោយ​ថ្វាយ​ស្រា មាន់ ជ្រូក គោ ព្រមទាំង​មាន​ភ្លេង និង​ចម្រៀង​អង្វរ​តាម​ចង្វាក់​ភ្លេងអារក្ស​ដើម្បី​សុំ​ឲ្យ​អារក្សអ្នកតា​ឈប់​ខឹងសម្បា និង​ឲ្យ​អ្នកជំងឺ​បានជា​សះស្បើយ​ឡើង​វិញ ។ នៅ​ពេល​មាន​ជម្លោះ​នៅ​ក្នុង​កុលសម្ព័ន្ធ អ្នក​ភូមិ​ប្រកាន់​យក​ការ​ស្បថ​ជា​ធំ ព្រោះ​ជនជាតិ​ស្ទៀង​យល់​ថា​ការ​ស្បថស្បែ​អាច​បញ្ជាក់​អំពី​ទឹកចិត្ត​មនុស្ស​ និង​អាច​ដោះស្រាយ​បញ្ហា​បាន​លឿន ។

ការ​ផ្លាស់​ប្តូរ

ក្នុង​ឆ្នាំ​១៩៦៨-៦៩ មាន​កងទ័ព​អាមេរិក​មួយ​ចំនួន​បាន​ចូល​បោះទីតាំង​នៅ​ក្នុង​ឃុំ​ជាំតាម៉ៅ ដើម្បី​ចាំ​ស្ទាក់​កងទ័ព​វៀតកុង​ដែល​ចូល​មក​ជ្រកកោន​ក្នុង​ទឹកដី​កម្ពុជា ។ ប៉ុន្តែ​ប៉ុន្មាន​ខែ​ក្រោយមក កងទ័ព​អាមេរិក​ទាំងនោះ​បាន​ដក​ទៅ​វិញ​ដោយ​មិន​ដឹង​មូលហេតុ ។​

ក្រោយ​រដ្ឋប្រហារ​ឆ្នាំ​១៩៧០ មាន​មនុស្ស​ប្លែក​មុខជា​ច្រើន​បាន​ចូល​មក​ធ្វើការ​ជួញដូរ​ក្រោម​រូបភាព​ឃោសនា​បញ្ចុះបញ្ចូល​អ្នក​ភូមិ​អំពី​វណ្ណៈ​សក្តិភូមិ​ជិះជាន់​កេង​ប្រវ័ញ្ច​លើ​វណ្ណៈ​កម្មករ​ កសិករ​ និង​ឲ្យ​អ្នក​ភូមិ​កសាង​សង្គម​ស្អាតស្អំ​បរិសុទ្ធ​មួយ​ដែល​មាន​តែ​វណ្ណៈ​មួយ​ស្មើភាព​គ្នា​នៅ​ក្នុង​ឃុំ​ជាំតាម៉ៅ​ទាំងមូល ។ ប៉ុន្មាន​ខែ​ក្រោយមក កង​ទ័ព​ខ្មែរក្រហម​បាន​បង្ខំ​ឲ្យ​អ្នក​ភូមិ​ឡើង​រថយន្ត​ទៅ​ធ្វើ​បាតុកម្ម​នៅ​ស្រុក​មេមត់ និង​ព្រៃទទឹង ដើម្បី​ទាមទារ​ឲ្យ​សម្តេច​សីហនុ​ត្រលប់​មក​កាន់​អំណាច​វិញ ។ ប្រសិនបើ​អ្នក​ណា​មិន​ទៅ នឹង​ត្រូវ​គំរាម​សម្លាប់​ចោល ។ ដោយសារ​មាន​ការ​ភ័យ​ខ្លាច និង​មាន​ការ​ជឿជាក់​កូនចៅ​អ្នក​ភូមិ​ជា​ច្រើន​បាន​លួច​ឡើង​ឡាន​ទៅ​ចូលរួម​ធ្វើ​បាតុកម្ម ប៉ុន្តែ​ជា​លទ្ធផល អ្នក​ភូមិ​មួយ​ចំនួន​បាន​ស្លាប់ និង​រង​របួស​ជា​ទម្ងន់​ដោយសារ​ការ​បង្ក្រាប​របស់​ទាហាន​លន់ នល់ ។ ក្រោយ​ពី​ព្រឹត្តិការណ៍​បាតុកម្ម ឃុំ​នេះ​កាន់តែ​មាន​មនុស្ស​ប្លែក​មុខជា​ច្រើន ដូច​ជា ពេជ សួន ជាដើម​ដែល​តាំងខ្លួន​ជា​អ្នក​រំដោះ​ប្រទេស​ជាតិ រំដោះ​វណ្ណៈ និង​រំដោះ​ប្រជាជន​ឲ្យ​រួច​ផុត​ពី​នឹម​ចក្រពត្តិ និង​មូលធននិយម​បន្ទាប់​មក​បាន​បង្ខំ​ប្រជាជន​ក្នុង​ឃុំ​ឲ្យ​ផ្តល់​ស្បៀង​ឲ្យ​ក្រុម​របស់​ខ្លួន​ជា​ប្រចាំ ។ ក្នុង​ចំណោម​អ្នក​ទាំងនោះ មាន​ឈ្មោះ តា​ម៉ៅ និង​តា​ឡាច ជា​អ្នក​បញ្ចុះបញ្ចូល​ប្រជាជន​ឲ្យ​ចូលរួម​សកម្មភាព​របស់​ខ្លួន ។ ក្រោយ​ឆ្នាំ​១៩៧៥ តា​ម៉ៅ បាន​ក្លាយជា​ប្រធាន​មន្ទីរពេទ្យ​ស្រុក​មេមត់ ហើយ​បច្ចុប្បន្ន​គាត់​នៅ​រស់រាន​មាន​ជីវិត​នៅឡើយ ។

ចុងឆ្នាំ​១៩៧១ ខ្មែរក្រហម​បាន​ជ្រើសរើស ឆ្លូញ, តា​ឡាវ, មុត ជា​ប្រធាន និង​ជា​សមាជិក​ឃុំ ដើម្បី​ប្រមូល​ស្បៀង និង​ដឹកនាំ​ប្រជាជន​ឲ្យ​ធ្វើ​តាម​ឱវាទ​របស់​ខ្លួន ។ ប៉ុន្មាន​ខែ​បន្ទាប់​មក មាន​កងទ័ព​យៀកកុង​បាន​ដើរ​ចេញ​ចូល​ក្នុង​ឃុំ​នេះ ប៉ុន្តែ​ទាហាន​ទាំងនោះ​ពុំ​បាន​ធ្វើទុក្ខ​បុកម្នេញ​អ្នក​ភូមិ​ឡើយ ។ ក្នុង​ពេល​ជាមួយ​គ្នា​ក៏​មាន​ទាហាន​លន់ នល់ ចេញចូល​ក្នុង​ឃុំ​នេះ​ដែរ​ដើម្បី​តាម​រក​ចាប់​ខ្មែរក្រហម​ និង​វៀតកុង ។ អ្នក​ភូមិ​មាន​ការ​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រឈម​មុខ​ដោះស្រាយ​ជាមួយ​ទាហាន​ទាំង​សង្ខាង ពីព្រោះ​នៅ​ពេល​ថ្ងៃ ទាហាន លន់ នល់ ចូល​មក​សម្លុត​អ្នក​ភូមិ​ដើម្បី​រក​ខ្មែរក្រហម ហើយ​នៅ​ពេល​យប់​ក្រុម​ខ្មែរក្រហម​បង្ខំ​ឲ្យ​អ្នក​ភូមិ​ផ្តល់​ស្បៀងអាហារ និង​ជួយ​សែង​កងទ័ព​របួស ។ បន្ទាប់​ពី​ស៊ើប​ដឹង​ថា នៅ​ឃុំ​ជាំតាម៉ៅ​មាន​កងទ័ព​យៀកកុង និង​លាក់​ខ្មែរក្រហម​នៅ​ទីនោះ សម្ព័ន្ធមិត្ត​របស់ លន់ នល់ បាន​ធ្វើការ​បាញ់​ផ្លោង និង​ទម្លាក់​គ្រាប់បែក​យ៉ាង​ខ្លាំង​ទៅ​លើ​ឃុំ​នេះ បណ្តាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស និង​ខូចខាត​ទ្រព្យ​សម្បត្តិ​អស់​ជា​ច្រើន ។​

នៅ​ឆ្នាំ​១៩៧២ ខ្មែរក្រហម​បាន​ចាប់​ផ្ដើម​បង្ខំ​កូនចៅ​របស់​អ្នក​ភូមិ​ឲ្យ​ចូល​បម្រើ​ក្នុង​ជួរ​ទ័ព​រំដោះ ហើយ​ការ​គ្រប់គ្រង​ក្នុង​ឃុំ​បាន​ចាប់ផ្តើម​ផ្លាស់​ប្តូរ​ជា​បណ្តើរៗ ដោយ​តម្រូវ​ឲ្យ​ប្រជាជន​ទាំងអស់​ធ្វើស្រែ​ប្រវាស់ដៃ និង​ក្រុមសាមគ្គី ។ ចំណែក​ភោគផល​ដែល​ទទួល​បាន​គឺ​ត្រូវ​បែងចែក​ទៅ​តាម​កម្លាំង​ពលកម្ម និង​ចំនួន​សមាជិក​ដែល​មាន​នៅ​ក្នុង​គ្រួសារ ។ ចំណែក​យុវជន​ពេញវ័យ​ត្រូវ​ចេញ​ទៅ​សមរភូមិ​មុខ ដើម្បី​វាយ​ប្រយុទ្ធ​រំដោះ​ទឹកដី​ពី​វណ្ណៈ​សក្តិភូមិ​នាយទុន ។​

ឆ្នាំ​១៩៧៣ ខ្មែរក្រហម​តម្រូវ​ឲ្យ​អ្នក​ភូមិ​ទាំងអស់​ប្រមូល​ទ្រព្យសម្បត្តិ​ដីស្រែ គោ ក្របី សម្ភារៈ​ប្រើប្រាស់​ដាក់​រួម និង​ហូប​បាយ​រួម​នៅ​សហករណ៍ ។ ចំណែកឯ​ប្រពៃណី ទំនៀមទម្លាប់ និង​ភាសា​របស់​អ្នក​ភូមិ​ត្រូវ​ហាមប្រាម​មិន​ឲ្យ​អនុវត្ត​ឬ​និយាយ​ទេ ។

ជនជាតិ​ស្ទៀង​ក្រោម​របប​ខ្មែរក្រហម

ក្រោយ​ពី​ខ្មែរក្រហម​កាន់កាប់​ប្រទេស​បាន​ទាំងស្រុង​ក្នុង​ឆ្នាំ​១៩៧៥ គណៈ​ឃុំ​ចាស់ៗ​ជា​ជនជាតិ​ស្ទៀង​ត្រូវ​ផ្លាស់​ចេញ​ដោយ​ដាក់​ជំនួស​គណៈ​ឃុំ​ដែល​ជា​ជនជាតិ​ខ្មែរ​មក​ពី​ក​នែ​ងៀ​ផ្សេង​រួម​មាន​តា​កុក​, តា​ប្រង់, ​តា​ង៉ា​ន​, តា​ឆ្លូ​ត​, តា​ឡា​ច​ និង ​ស៊ឹង ។ ប្រជាជន​មួយ​ចំនួន​ត្រូវ​អង្គការ​ចោទ​ថា បាន​ធ្វើ​វិទ្ធង្សនា​បដិវត្តន៍​ហើយ​ត្រូវ​ចាប់ខ្លួន​ទៅ​ដាក់​នៅ​មន្ទីរ​សន្តិសុខ​ជ្រ​នុំ​ពល ។ លើស​ពី​នេះ​ទៀត​ភាសា​ដើម​កំណើត​របស់​អ្នក​ភូមិ​ត្រូវ​ហាមឃាត់​មិន​ឲ្យ​និយាយ ។

ក្នុង​ឆ្នាំ​នោះ​ដែរ ប្រជាជន​១៧​មេសា​រាប់​ពាន់​នាក់​ត្រូវ​បាន​ជម្លៀស​ឲ្យ​ទៅ​នៅ​ឃុំ​ជាំតាម៉ៅ ។ ភាគច្រើន​នៃ​អ្នក​ទាំងនោះ​គឺជា​ជនជាតិ​ខ្មែរ​រស់នៅ​ទីក្រុង​ដោយ​មិន​ចេះ​ដាំ​ដំណាំ និង​ធ្វើស្រែ​ចម្ការ​ឡើយ ។ អ្នក​ទាំងនេះ​ត្រូវ​ចាត់​ចូល​ជា​ប្រជាជន​បញ្ញើក្អែក ឬ​ប្រជាជន​ប្រភេទ​ទី​៣ និង​ត្រូវ​ទទួល​ការ​រិះគន់ និង​គាបសង្កត់​យ៉ាង​ខ្លាំង​ពី​អង្គការ និង​ប្រជាជន​មូលដ្ឋាន ។ អង្គការ​មិន​អនុញ្ញាត​ឲ្យ​ប្រជាជន​១៧​មេសា​រស់នៅ​លាយ​លំ​ជាមួយ​ជនជាតិ​ស្ទៀង​ដែល​ជា​ប្រជាជន​មូលដ្ឋាន​ឡើយ ។ អ្នក​ទាំងនេះ​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំមើល​របស់​ប្រជាជន​មូលដ្ឋាន និង​អង្គការ​យ៉ាង​ហ្មត់ចត់​ទាំង​ការ​ហូប​ចុក និង​ធ្វើ​ពលកម្ម ។ ការ​មក​រស់នៅ​លើ​ទឹកដី​នៃ​តំបន់​ខ្ពង់រាប​ដែល​ជា​តំបន់​ព្រៃ និង​សម្បូរ​ដោយ​សត្វល្អិត រួម​ផ្សំ​ការ​ខ្វះ​ថ្នាំសង្កូវ​ អាហារ សម្ភារ​ការពារ​ខ្លួន និង​បង្ខំ​ឲ្យ​ធ្វើ​ពលកម្ម​ហួស​កម្លាំង បាន​ធ្វើ​ឲ្យ​ប្រជាជន​ទាំងនោះ​កើត​ជំងឺគ្រុនចាញ់ និង​បាត់បង់​ជីវិត​ស្ទើរតែ​គ្មាន​សល់ ។ ក្រៅពី​នោះ ជនជាតិ​ស្ទៀង​ត្រូវ​អង្គការ​ចាប់​ទៅ​មន្ទីរ​សន្តិសុខ​ជ្រនុំពល​ពី​បទ​ចូលដៃ​ជើង​ជាមួយ​វៀតណាម ។ ស៊ឹង ជា​ប្រធាន​មន្ទីរ​សន្តិសុខ ។ ពៅ ផូ ដែល​ជា​អតីត​កង​ទ័ព​ខ្មែរក្រហម បច្ចុប្បន្ន​ជា​ប្រធាន​ឃុំ​តាម៉ៅ​បាន​អះអាង​ថា គាត់​ជា​សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​ចំពោះ​ការ​សម្លាប់​ប្រជាជន​១៧​មេសា​បី​នាក់​នៅ​ក្នុង​អង្គ​មីទ្ទិង​មួយ​ដែល​គ្រាន់តែ​អ្នក​ទាំង​បី​នោះ​បាន​មក​លេង​ឪពុក​ម្តាយ​នៅ​ឯ​ភូមិ​ប៉ុណ្ណោះ ។ អង្គការ​បែរជា​ចោទ​ថា​រត់​ចូល​ប្រទេស​វៀតណាម​ទៅ​វិញ ។

ទោះបី​អង្គការ​បាន​ចាត់​ទុក​ខ្លួនឯង​ជា​អ្នក​រំដោះប្រទេស​ពី​វណ្ណៈ​សក្តិភូមិ​មូលធន​ដែល​ជា​សត្រូវ​ខាងក្នុង​ក៏​ដោយ​ក៏​អង្គការ​នៅ​តែ​មាន​ការ​ភ័យ​ខ្លាច​ជានិច្ច​ចំពោះ​សត្រូវ​ខាងក្រៅ​ដែល​មាន​ប្រទេស​វៀតណាម​ជា​ឧទាហរណ៍ ។ អង្គការ​នៅ​តែ​ជ្រើសរើស​យុវជន​មូលដ្ឋាន ក្មេង​យក​ទៅ​ធ្វើ​ទ័ព​ដើម្បី​ការពារ​នៅ​តាម​បណ្តោយ​ព្រំដែន​ខ្មែរ​វៀតណាម ។ កូនចៅ​ជនជាតិ​ស្ទៀង​ជា​ច្រើន​នាក់​ដែល​មាន​អាយុ​ទើបតែ​ជាង​១០​ឆ្នាំ ត្រូវ​បង្ខំ​ឲ្យ​ចូល​ធ្វើ​កងទ័ព​នៅ​សមរភូមិ​មុខ ។ ក្រោយ​ឆ្នាំ​១៩៧៩ មាន​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ដែល​មាន​វាសនា​វិល​ត្រលប់​មក​ភូមិកំណើត​វិញ ។ ពៅ ផូ បាន​រៀបរាប់​ទាំង​ឈឺចាប់​ថា គាត់​ចូល​បម្រើ​ទ័ព​ខ្មែរក្រហម​ដើម្បី​រំដោះ​ជាតិ​រំដោះ​វណ្ណៈ​ឲ្យ​រួច​ផុត​ពី​នឹម​ចក្រពត្តិ​សក្តិភូមិ​មូលធន ។ គាត់​ស្ទើរ​តែ​បាត់បង់​ជីវិត​ពីរ​បី​ដង​នៅ​សមរភូមិ ប៉ុន្តែ​ដល់ទី​បំផុត​អង្គការ​បែរជា​ចោទ​ថា «ក្បាល​យួន​ខ្លួន​ខ្មែរ» ហើយ​បាន​បញ្ជា​ឲ្យ​ឈ្លប​ក្មេងៗ​ដែល​មាន​អាយុ​៤-៥​ឆ្នាំ មក​ពី​ភូមិភាគ​និរតី​ វាយ និង​ដៀលត្មេះ​គាត់​ដូច​សត្វ​ធាតុ ។ គាត់ និង​មិត្ត​រួម​អាវុធ​របស់​គាត់​ស្ទើរ​ទ្រាំ​មិន​បាន​គិត​គ្នា​សម្លាប់​កូន​ឈ្លប​នោះ​ចោល​ ហើយ​នាំ​គ្នា​រត់ ប៉ុន្តែ​ចិត្ត​មួយ​គិត​ទាន់​ថា ក្រុម​គាត់​ពុំ​អាច​រត់​រួច​ផុត​ពី​ទឹកដី​ខ្មែរ​ទេ ពីព្រោះ​ជា​ទឹកដី​ដែល​កាន់កាប់​ដោយ​ខ្មែរក្រហម​ទីណា​ក៏​មាន​ខ្មែរក្រហម​ដែរ ។ ចុងឆ្នាំ​១៩៧៨ សភាពការណ៍​កាន់តែ​ដុនដាប ក្រុម​របស់​គាត់​បាន​បន្លំ​ជាមួយ​ប្រជាជន​ជម្លៀស​ទៅ​រស់នៅ​ខេត្តកំពង់ធំ ។ ក្រោយ​ឆ្នាំ​១៩៧៩ គាត់​បាន​ត្រលប់​មក​ភូមិកំណើត​វិញ ហើយ​រស់នៅ​ក្នុង​ឃុំ​តាម៉ៅ​នេះ ។​

ចាន់ ជីន បាន​រៀបរាប់​ពី​ជីវិត​កងទ័ព​ថា ក្នុង​ឆ្នាំ​១៩៧៥ គាត់​ដែល​មាន​អាយុ​១៥​ឆ្នាំ ត្រូវ​កម្មាភិបាល​ឃុំ​ឈ្មោះ ឡាច បង្ខំ​ឲ្យ​ទៅ​សមរភូមិ​មុខ ។ ម្តាយ​របស់​គាត់​បាន​យំ​អង្វរ​តា​ឡាច កុំ​ឲ្យ​បញ្ជូន​គាត់​ទៅ​សមរភូមិ​មុខ ។ ទោះបី​មាន​ការ​អង្វរករ​យ៉ាងណា ក៏ តា​ឡាច​ពុំ​ព្រម​ធ្វើ​តាម​សំណើ​របស់​គាត់​ដែរ ។ ជីន និង​កូន​អ្នក​ភូមិ​ជាច្រើន​ត្រូវ​បញ្ជូន​ទៅ​ធ្វើ​ទ័ព​នៅ​ព្រំដែន​ទន្លេ​ចាម​ក្នុង​តំបន់​២១ ចាប់ពី​ចាន់មូល​ ព្រែកស្លា​រហូត​ដល់​កោះ​ជ្រីវ​ទល់​ព្រំដែន​ខេត្ត​ឡុកនិញ​នៃ​ប្រទេស​វៀតណាម ។ ទៅ​ដល់​ភ្លាម​គាត់ និង​យុទ្ធជន​ក្មេង​ត្រូវ​ទទួល​ការ​បែងចែក​ទៅ​តាម​តួនាទី អ្នកខ្លះ​នៅ​ទ័ព​ថ្មើរ​ជើង អ្នក​ខ្លះ​ទៀត​នៅ​ផ្នែក​រត់​សំបុត្រ​និរសារ​ក្នុង​សមរភូមិ​មុខ បន្ទាប់​មក​ទើប​ឲ្យ​ទៅ​ហ្វឹកហ្វឺន​នយោបាយ​បំពាក់បំប៉ន​សតិអារម្មណ៍​អំពី​ប្រវត្តិ «យួន​ដាំ​តែអុង» និង​ការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម ។ ក្នុង​ពេល​នោះ​គាត់​ព្រមទាំង​យុទ្ធជន​ក្មេងៗ​ទាំងអស់​មាន​កំហឹង និង​ឈឺចាប់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ឈ្លានពាន​របស់​វៀតណាម ។ គាត់​មាន​ចិត្ត​អន្ទះសា​ចង់​ចូលរួម​ក្នុង​សមរភូមិ​ប្រយុទ្ធ​ភ្លាម​ដោយ​មិន​ខ្លាច​ស្លាប់ ។ រយៈពេល​នៃ​ការ​ចូល​បម្រើ​ក្នុង​ជួរ​ទ័ព គាត់​បាន​ឡើង​ប្រយុទ្ធ​នៅ​សមរភូមិ​ពីរ​ដង​ចាប់​បាន​វៀតណាម​២​នាក់ ។ គាត់​ចង់វាយ​ធ្វើបាប​វៀតណាម​ទាំង​ពីរ​នាក់​នោះ​ជា​ខ្លាំង ប៉ុន្តែ​ត្រូវ​ប្រធាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​បាប​ទាំង​ពីរ​នាក់​នោះ​ទេ ពីព្រោះ​ខ្លាច​មាន​បញ្ហា​នយោបាយ​ក៏​បញ្ជូន​មក​ទីក្រុង​ភ្នំពេញ ។ ឆ្នាំ​១៩៧៧ ប្រធាន​កងពល​ឈ្មោះ ដែន និង​ប្រធាន​វរៈ​ង​០២ ត្រូវ​អង្គការ​ចាប់ខ្លួន​ពី​បទ «ក្បាល​យួន​ខ្លួន​ខ្មែរ» ។ ចាន់ ជីន ត្រូវ​ផ្លាស់​មក​កង ឃ​៧៨ ក្រោម​ការ​ដឹកនាំ​របស់​ឈ្មោះ​ចាន់ ប្រធាន​ឱ និង​ចេន អនុ​វរៈ​នៅ​ឃ​៧៨ ។ គាត់​ពុំ​មាន​សង្ឃឹម​ថា​គោលនយោបាយ​ខ្មែរក្រហម​ដែល​បំពាក់បំប៉ន​សតិអារម្មណ៍​យុទ្ធ​ជន​ឲ្យ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​វៀតណាម​នោះ អាច​យក​ជ័យជម្នះ​បាន​ឡើយ ពីព្រោះ​ទ័ព​វៀតណាម​ប្រៀប​ដូច​ជា «កម្លាំង​យក្ស» និង​កម្លាំង​ហនុមាន ចំណែក​ឯ​ខាង​ខ្មែរ​មាន​តែ​ការ​សង្ស័យ និង​ការ​កាប់សម្លាប់​គ្នា​ទៅ​វិញ​ទៅ​មក ពុំ​មាន​សាមគ្គី​គ្នា​សោះ ។ នៅ​ខែ​១០ ឆ្នាំ​១៩៧៨ អ្នក​ទាំង​ពីរ​ក៏​មាន​វាសនា​ដូច​អ្នក​មុន​ដែរ ។ គាត់​ត្រូវ​អង្គការ​ចាប់ខ្លួន​ពី​បទ​បរាជ័យ​ផ្ទួនៗ​នៅ​ក្នុង​សមរភូមិ ។ ចំណែក ចាន់ ជីន និង​ទាហាន​ទាំងអស់​ត្រូវ​អង្គការ​ដក​កាំភ្លើង ហើយ​ឲ្យ​ទៅ​លត់​ដំ​ស្ទូង​ស្រែ​នៅ​កោះ​កៃ ក្នុង​ខេត្ត​ស្ទឹងត្រែង ។ ក្នុង​ពេល​នោះ​ដែរ​គាត់​បាន​ជួប​ឪពុក​ម្តាយ​ឡើង​វិញ ។ អ្នក​ភូមិ​ទាំងអស់​នៅ​ក្នុង​ឃុំ​ត្រូវ​ខ្មែរក្រហម​ជម្លៀស​ឲ្យ​នៅ​ស្រុក​សំបូរ ខេត្តក្រចេះ ។ កន្លះ​ខែ​ក្រោយ​មក គាត់​ឮ​ដំណឹង​ថា ម្តាយ​របស់​គាត់​ស្លាប់​ដោយ​ជំងឺ​នៅ​ក្នុង​មន្ទីរពេទ្យ​ស្រុក ទើប​ធ្វើ​ឲ្យ​គាត់​ស្លុត​ស្មារតី និង​អស់​សង្ឃឹម​ជា​ខ្លាំង​ចំពោះ​គោលនយោបាយ​របស់​អង្គការ ។ បន្ទាប់​មក គាត់​ត្រូវ​ផ្លាស់​ទៅ​នៅ​ជាំជ្រៃ ស្រុក​ចម្ការលើ ។ ឆ្នាំ​១៩៧៩ ចាន់ ជីន ត្រលប់​មក​ស្រុក​កំណើត​ដោយ​បន្សល់​ទុក​នូវ​ការ​ឈឺចាប់​យ៉ាង​ខ្លាំង​ចំពោះ​ការ​បាត់បង់​ម្តាយ​ជាទី​ស្រឡាញ់ ។​

ញ៉ែម ឆាន ជា​ជនជាតិ​ស្ទៀង​រស់នៅ​ភូមិ​ថ្នល់កែង ឃុំ​ជាំតាម៉ៅ ត្រូវ​បង្ខំ​ឲ្យ​ចូល​បដិវត្តន៍​ក្នុង​អាយុ​១៥​ឆ្នាំ​ដែរ ។ គាត់​ត្រូវ​អង្គការ​ហាមឃាត់​មិន​ឲ្យ​និយាយ​ភាសា​ស្ទៀង បើ​មិន​ដូច្នេះ​ទេ​ គាត់​នឹង​ទទួលទោស ។ វិន័យ​នេះ​ធ្វើ​ឲ្យ​គាត់​មាន​ការ​ភិតភ័យ និង​ខ្លាច​អង្គការ​យ៉ាង​ខ្លាំង សូម្បី​តែ​មើល​មុខ​អង្គការ​ក៏​មិន​ហ៊ាន​ដែរ ។ ញ៉ែម ឆាន និង​កុមារ​៦​នាក់​ទៀត ត្រូវ​បញ្ជូន​ទៅ​ធ្វើ​និរសារ​នៅ​សមរភូមិ​មុខ​ក្នុង​វរៈ​១០១​ ដែល​មាន​ឈ្មោះ ដែន ប្រធាន​កងពល និង ឈ្មោះ អ៊ីម ជា​ប្រធាន​វរៈ ។ ញ៉ែម ឆាន និយាយ​ថា​គាត់​ភ័យ​ខ្លាំង​ណាស់​នៅ​ពេល​ដែល​ប្រធាន​បញ្ជា​ឲ្យ​គាត់​យក​សំបុត្រ​កាត់​ខ្សែត្រៀម​ដែល​កំពុង​ប្រយុទ្ធ​គ្នា ។ គ្រាប់កាំភ្លើង​បាន​ហើរ​កាត់​ពីមុខ​ពីក្រោយ​នៅ​ពេល​គាត់​កំពុង​រត់​សំដៅ​ទៅ​ខ្សែត្រៀម​មួយ​ទៀត ។ គាត់​មិន​អាច​ឈប់​គេចវេះ​ឬ​រេរា​នៅ​តាម​ផ្លូវ​បាន​ឡើយ​ទោះបី​មាន​ឧបសគ្គ​យ៉ាងណា​ក៏​ដោយ បើ​មិន​ដូច្នេះ​ទេ​គាត់​នឹង​ខុស​វិន័យ​និរសារ ហើយ​ច្បាស់​ជា​ត្រូវ​ប្រធាន​ចាប់​បាញ់​ចោល​មិន​ខាន ។ ឆាន់ មិន អាច​បំភ្លេច​របប​ខ្មែរក្រហម​ឡើយ ។ គាត់​និយាយ​ថា «ខ្មែរក្រហម​ច្រើន​តែ​និយាយ​ពាក្យ​បាញ់ និង​កាប់​ចាក់​នៅ​ក្នុង​អង្គភាព​របស់ខ្ញុំ» ។ ឧទាហរណ៍​ជាក់ស្តែង​នៅ​ក្នុង​កង​វរៈ​របស់​គាត់​មាន​ទ័ព​ម្នាក់​ឈ្មោះ សារិន ត្រូវ​ចាប់​បាញ់​ចោល​ដោយ​គ្រាន់តែ​សួរ​រក​បាយ​ហូប​ប៉ុណ្ណោះ ។ ចំណែក​ឪពុកមា​របស់​គាត់​ឈ្មោះ ប៉ិច វណ្ណា ជា​ប្រធាន​គ​ក្នុង​កងពល​លេខ​០៤ ត្រូវ​ចាប់​បាញ់​សម្លាប់​ដោយសារ​ខ្សែត្រៀម​របស់​គាត់​ប្រយុទ្ធ​ចាញ់​កងទ័ព​វៀតណាម ។

ចុងឆ្នាំ​១៩៧៧ កម្មាភិបាល​ឃុំ​ដូច​ជា តា​ភូម, តា​ឡាច, ណារ៉ន, តា​កុក តា​ប្រង់ និង នារី​សារី រួម​ទាំង​ប្រជាជន​នៅ​ក្នុងភូមិ​មួយ​ចំនួន​ទៀត ត្រូវ​កម្មាភិបាល​មក​ពី​និរតី​ចាប់​សម្លាប់​នៅ​ចម្ការ​ក្រូច​ស្រុក​ស្នួល​ពី​បទ​រួម​គំនិត​ក្បត់​ជាមួយ សោ​ភឹម ប្រធាន​ភូមិភាគ​បូព៌ា ។

ឆ្នាំ​១៩៧៨ ប្រជាជន​ទាំងអស់​នៅ​ឃុំ​តាម៉ៅ​ត្រូវ​ជម្លៀស​ទៅ​ខេត្តក្រចេះ និង​ខេត្តកំពង់ធំ ដើម្បី​បញ្ចៀស​ឲ្យ​ផុត​ពី​ការ​ប្រយុទ្ធ​គ្នា​រវាង​កង​ទ័ព​ខ្មែរក្រហម និង​កងទ័ព​វៀតណាម ។ នៅ​ពេល​ប្រជាជន​ក្នុង​ឃុំ​ជាំតាម៉ៅ​ក៏​ដូច​ជា​ប្រជាជន​ដែល​រស់នៅ​តាម​បណ្តោយ​ព្រំដែន​វៀតណាម​ដែរ ត្រូវ​បាន​ជម្លៀស​ និង​ក្លាយជា​ជនសង្ស័យ​ចូល​ដៃជើង​ជាមួយ​វៀតណាម​ ទើប​បណ្តាល​ឲ្យ​វៀតណាម​វ៉ៃ​ចូល​ក្នុង​ទឹកដី​ខ្មែរ​បាន ។ កម្មាភិបាល​ភូមិ​ឃុំ​ជា​ច្រើន​នាក់​ត្រូវ​ចាប់​បញ្ចូល​ក្នុង​ឡាន​យក​ទៅ​សម្លាប់​នៅ​ចម្ការ​ក្រូច​ស្ថិត​ក្នុង​ស្រុក​ស្នួល ខេត្តក្រចេះ ។ ចំណែកឯ​ប្រជាជន​ត្រូវ​បង្ខំ​ឲ្យ​ធ្វើ​ការ​ហួសកម្លាំង​ និង​មិន​ឲ្យ​ចំណីអាហារ​ហូប​គ្រប់គ្រាន់​បាន​ធ្វើ​ឲ្យ​ប្រជាជន​រាប់​ម៉ឺន​នាក់​បាត់បង់​ជីវិត ។ ក្រោយ​ឆ្នាំ​១៩៧៩ ជនជាតិ​ស្ទៀង បាន​វិល​ត្រលប់​មក​រស់នៅ​ក្នុង​ឃុំ​នេះ​វិញ ក្រៅពី​នោះ​ត្រូវ​បាត់បង់​ជីវិត​នៅ​ក្នុង​ខេត្តក្រចេះ​ និង​កំពង់ធំ ។ ឯ​ភាសា​ទំនៀមទម្លាប់​ប្រពៃណី​របស់​អ្នក​ភូមិ​ស្ទើរតែ​បាត់បង់​ទាំងស្រុង ។ នេះ​ជា​មូលហេតុ​បណ្តាល​ឲ្យ​ក្មេងៗ​ជាតិ​ស្ទៀង​ជំនាន់​ក្រោយ​ពុំ​បានដឹង​ពី​ប្រវត្តិ​កំណើត​ ប្រពៃណី និង​ភាសា​របស់​ជនជាតិ​ខ្លួន​ច្បាស់លាស់ ។ បច្ចុប្បន​នេះ​ក្មេងៗ​ទាំងនោះ​ពុំ​ព្រម​រៀន និង​និយាយ​ភាសា​ស្ទៀង សូម្បី​តែ​នៅ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ។ ជនជាតិ​ស្ទៀង​ក្មេងៗ​មិន​ចង់​ឲ្យ​ជនជាតិ​ខ្មែរ​ដឹង​ថា​ខ្លួន​ជា​ជនជាតិ​ភាគតិច​ស្ទៀង​ទេ​ ពី​ព្រោះ​ក្មេងៗ​ទាំងនោះ​មាន​ការ​អៀន​ខ្មាស និង​ភ័យ​ខ្លាច​មាន​ការ​រើសអើង​ចំពោះ​ខ្លួន ៕

ដោយ អែម សុឃីម ទស្សនាវដ្ដី​ស្វែងរកការពិត លេខ​៩៩ ខែមីនា ឆ្នាំ​២០០៨

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in ចំណេះ​ធ្វើ, ប្រវត្តិសាស្ត្រ, អរិយធម៌​ខ្មែរ and tagged , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s