ជនជាតិចិននៅកម្ពុជា

ជនជាតិ​ចិន​នៅ​កម្ពុជា

សេចក្តីផ្តើម

ដោយ​ផ្អែក​តាម​ប្រវត្តិសាស្ត្រ អ្នកដឹកនាំ​ប្រទេស​កម្ពុជា និង​ប្រជាជន​ខ្មែរ ពិតជា​បាន​ទទួល​ស្គាល់​សហគមន៍​ជនជាតិ​ភាគតិច​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ មាន​ជម្លោះ​តិចតួច​ប៉ុណ្ណោះ​កើត​មាន​ឡើង ប៉ុន្តែ​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អាណានិគម​បារាំង​ និង​ចាប់តាំងពី​ទទួល​បាន​ឯករាជ្យ ជនជាតិ​ចិន​បាន​ពើបប្រទះ​នូវ​ការ​រើសអើង​គួរ​ឲ្យ​កត់​សម្គាល់ ។ សិទ្ធិ​របស់​ជនជាតិ​ចិន​មិន​ត្រូវ​បាន​ទទួល​ស្គាល់ ហើយ​មាន​ការ​ហាមប្រាម​មិន​ឲ្យ​ប្រើ​ភាសា​ និង​វប្បធម៌​របស់​ខ្លួន​ទៀត​ផង ។ របាយការណ៍​នេះ​ពិនិត្យ​មើល​យ៉ាង​ពិសេស​ទៅ​លើ​ភ័ស្តុតាង​នៃ​ការ​រំលោភសិទ្ធិ​មនុស្ស​ប្រឆាំង​នឹង​ជនជាតិ​ភាគតិច​ចិន​នៅ​កម្ពុជា ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ ។

បន្ទាប់​ពី​បាន​ផ្តួលរំលំ​របប​សាធារណរដ្ឋ​ខ្មែរ​នា​ឆ្នាំ​១៩៧៥ មេដឹកនាំ​កម្ពុជា​ប្រជាធិបតេយ្យ (អង្គការ) បាន​អនុវត្ត​ផែនការ​ដែល​មាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង​ផែនការ​របស់​ប្រទេស​ចិន​កាន់​លទ្ធិ​ម៉ៅនិយម​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ ។ ផែនការ​ទាំងនោះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​រៀបចំ​រចនាសម្ព័ន្ធ​សង្គម​កម្ពុជា​ឡើង​វិញ ។ ទោះបីជា​កម្ពុជា​ប្រជាធិបតេយ្យ​ងាក​ទៅ​រក​ប្រទេស​ចិន​ដើម្បី​សុំ​ការ​ឧបត្ថម្ភ​គាំទ្រ​ខាង​ហិរញ្ញវត្ថុ​ និង​នយោបាយ​ដល់​គំនិត​ទាំងនេះ​យ៉ាងណា​ក៏​ដោយ ក៏​កម្ពុជា​ប្រជាធិបតេយ្យ​មិន​ញញើត​នឹង​ចាត់​ទុក​ជនជាតិ​ចិន​ជា​មុខសញ្ញា​សត្រូវ​របស់​ខ្លួន​នោះ​ឡើយ ។ ជនជាតិ​ចិន​ដែល​ភាគច្រើន​រស់នៅ​តាម​ទីក្រុង ត្រូវ​បាន​ជម្លៀស​ទាំង​បង្ខំ​ឲ្យ​ទៅ​រស់នៅ​តាម​តំបន់​ជនបទ​ដាច់​ស្រយាល ។ កម្ពុជា​ប្រជាធិបតេយ្យ​យល់​ថា ទីក្រុង​នានា ការ​ប្រកប​របរ​ជួញដូរ​របៀប​របប​រស់នៅ​ជា​លក្ខណៈ​ទីក្រុង និង​អ្នក​រស់នៅ​ទីក្រុង​តែ​ម្តង​គឺជា​សញ្ញា​បង្ហាញ​ពី​គំនាប​សង្កត់​បែប​លោក​ខាងលិច ។ ជនជាតិ​ចិន​នៅ​កម្ពុជា​ត្រូវ​បាន​កត់​ចូល​បញ្ជី​ស្បែក​ខ្មៅ​ថា​ជា​សត្រូវ​ផ្ទៃ​ក្នុង​ជាមួយនឹង​អ្នកចេះ​ដឹង ជា​ជន​ពុករលួយ មូលធន អតីត​ទាហាន ​និង​ជា​ជន​ក្បត់ជាតិ ។ ការ​ធ្វើទុក្ខបុកម្នេញ​ទៅ​លើ​ជនជាតិ​ចិន​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ផ្នែក​មួយ​នៃ​ការ​តស៊ូ​វណ្ណៈ​បដិវត្តន៍ ។ ក្នុង​ចំណោម​ជនជាតិ​ចិន​៤​សែន​នាក់​រស់​ដែល​នៅ​លើ​ទឹកដី​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​១៩៧៥ មាន​ចំនួន​ប្រមាណ​ពីរ​សែន​ពីរ​ម៉ឺន​ប្រាំ​ពាន់​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ក្រោម​ការ​កាន់​អំណាច​របស់​កម្ពុជា​ប្រជាធិបតេយ្យ ។

ក៏​ប៉ុន្តែ​គ្មាន​ហេតុផល​ណាមួយ​ដែល​ពន្យល់​យ៉ាង​ពេញលេញ​អំពី​ការ​ធ្វើទុក្ខបុកម្នេញ និង​ការ​សម្លាប់​ជនជាតិ​ចិន​ទេ ។ ជនជាតិ​ចិន​ជា​ច្រើន​មិន​ខុស​អំពី​រដ្ឋាភិបាល​ជាតិ​ខ្លួន​ទេ គឺ​គាំទ្រ​ដល់​ជន​កុម្មុយនិស្ត​កម្ពុជា ។ សញ្ញាណ​ដែល​បញ្ជាក់​ថា​ពូជសាសន៍​ឬ​ជាតិពន្ធុ​មាន​បញ្ហា គឺ​ចាប់ផ្តើម​លេច​ជា​រូបរាង​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៧៣ ។ នៅ​ពេល​នោះ ពួក​ឧទ្ទាម​ខ្មែរក្រហម​បាន​ផ្សព្វផ្សាយ​ក្រឹត្យ​មួយ​ដែល​ចែង​ថា ប្រទេស​កម្ពុជា​មាន​សញ្ជាតិ​ និង​ភាសា​តែ​មួយ​ប៉ុណ្ណោះ​ ពោល​គឺ​ជនជាតិ​ខ្មែរ​ និង​ភាសា​ខ្មែរ ហើយ​ចាប់ពី​ពេល​នោះ​មក​ក៏​លែង​មាន​ជាតិ​សាសន៍​ដទៃ​ទៀត ។ ប្រសិនបើ​ការ​ធ្វើទុក្ខបុកម្នេញ​របស់​កម្ពុជា​ប្រជាធិបតេយ្យ​ទៅ​លើ​ក្រុម​ជនជាតិ​ភាគតិច​វៀតណាម ចាម ចិន និង​ខ្មែរលើ មាន​លក្ខណៈ​ដូច​គ្នា និង​កើត​មាន​នៅ​ទូទាំង​ប្រទេស​ព្រម​គ្នា​នោះ ទង្វើ​នេះ​អាច​នឹង​ត្រូវ​បកស្រាយ​ថា​ជា​ផ្នែក​មួយ​នៃ​ដំណើរការ​ដាច់ខាត និង​ឃោរឃៅ នៅ​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​ជាតិ​ដូច​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​របប​ណាហ្ស៊ី​នៃ​ប្រទេស​អាល្លឺម៉ង់​ដែរ ហើយ​ថ្មីៗ​នេះ​កើត​មាន​នៅ​ប្រទេស​រវ៉ាន់ដា និង ​បូស្ន៊ី ។ ពិត​ហើយ​ថា របប​កម្ពុជា​ប្រជាធិបតេយ្យ​លម្អៀង​ទៅ​រក​ជនជាតិ​ខ្មែរ ប៉ុន្តែ​ថា​តើ​ការ​ធ្វើទុក្ខបុកម្នេញ​របស់​ខ្លួន​ទៅ​លើ​ជនជាតិ​ភាគតិច​នានា​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ផ្អែក​តែ​ទៅ​លើ​ជាតិពន្ធុ ឬ​ដោយ​ការ​បកស្រាយ​ទៅ​តាម​ជាតិ​សាសន៍​នោះ មិន​អាច​យល់​បាន​ដោយ​ងាយ​ឡើយ ។ បទពិសោធន៍​របស់​ជនជាតិ​ចិន​នៅ​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ​មាន​លក្ខណៈ​ខុស​គ្នា​ច្រើន រហូត​ដល់​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​កំណត់​បទពិសោធន៍​ជា​រួម​មួយ​ទៀត​ផង ។ ជាតិពន្ធុ ស្ថានភាព​សង្គម និង​ភូមិសាស្ត្រ ទាំង​អស់នេះ​សុទ្ធតែ​ជះ​ឥទ្ធិពល​ទៅ​លើស​ភាព​ជាក់ស្តែង​របស់​អ្នក​ទាំងនោះ ។ ភាព​ខុស​ប្លែក​គ្នា​ទាំងនេះ​មាន​នៅ​ក្នុង​ដំណើរ​រឿង​របស់​អ្នក​ផ្តល់​បទសម្ភាសន៍ ដែល​អ្នក​ខ្លះ​មាន​អារម្មណ៍​ថា​ខ្លួន​ក្លាយ​ជា​មុខ​សញ្ញា​ធ្វើទុក្ខ​បុកម្នេញ​ដោយសារ​តែ​ខ្លួន​ជា​ជនជាតិ​ចិន ហើយ​អ្នក​ខ្លះ​ទៀត​មិន​មាន​អារម្មណ៍​បែប​នេះ​ឡើយ ។ គួរ​កត់​សម្គាល់​ថា​មតិ​ភាគ​ច្រើន​ជឿ​ថា គ្មាន​នយោបាយ​មជ្ឈិម​ប្រឆាំង​នឹង​អ្នក​ទាំងនេះ​ទេ ប៉ុន្តែ​ជឿ​ថា​ការ​ប្រព្រឹត្ត​បែប​នេះ​គឺ​វា​អាស្រ័យ​ទៅ​លើ​កត្តា​មួយ​ចំនួន​ដូច​ជា ការ​ស្អប់ខ្ពើម​ពូជសាសន៍​ដែល​មាន​លក្ខណៈ​ជា​បុគ្គល និង​ការ​សងសឹក​ផ្ទាល់ខ្លួន ដែល​មាន​លក្ខណៈ​ខុស​គ្នា​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ទៀត និង​ទៅ​តាម​សម័យកាល ។​

ប៉ុន្តែ​អ្នក​សិក្សា​ជាន់ខ្ពស់​ទាំងនេះ​ពន្យល់​ថា ការ​ធ្វើទុក្ខបុកម្នេញ​ទៅ​លើ​ជនជាតិ​ចិន​ពី​សំណាក់​កម្ពុជា​ប្រជាធិបតេយ្យ គឺជា​បញ្ហា​នយោបាយ​ទូទៅ​ឬ​បញ្ហា​វណ្ណៈ ។ ការ​ពន្យល់​ទាំងនេះ​មិនសូវ​មាន​លក្ខណៈ​ស៊ីគ្នា​ប៉ុន្មាន​ទេ ។ អ្នក​សិក្សា​ស្រាវជ្រាវ​ឈ្មោះ អេលីហ្សាប៊ែត ប៊ែកឃ័រ (ឆ្នាំ​១៩៨៦) ទាញ​ហេតុផល​ថា នយោបាយ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ស្នើ​ឲ្យ​បំផ្លិចបំផ្លាញ​សាសនា​ និង​វប្បធម៌​ទាំងឡាយ មិន​ថា​ជា​របស់​ខ្មែរ​ឬ​របស់​ជនជាតិ​ណា​ទេ ។ ហេតុ​ដូច​នេះ ជនជាតិ​ចិន​ស្លាប់​មិន​មែន​ដោយសារ​អ្នក​ទាំងនោះ​ជា​ជនជាតិ​ចិន​ទេ ប៉ុន្តែ​ដោយសារ​ជនជាតិ​ចិន​ទាំងនោះ​មាន​ការ​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​អនុវត្ត​វប្បធម៌​ដែល​ត្រូវ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ហាមឃាត់ ។ ស្រដៀង​គ្នា​នេះ​ដែរ វីលៀម វីលមុត ដែល​ពិនិត្យ​យ៉ាង​ស៊ីជម្រៅ​ទៅ​លើ​ជនជាតិ​ចិន​នៅ​ក្នុង​សង្គម​កម្ពុជា មាន​អំណះអំណាង​ថា ពូជសាសន៍​មិន​អាច​យក​មក​ពន្យល់​អំពី​ការ​រើសអើង​ប្រឆាំង​នឹង​ជនជាតិ​ចិន​បាន​ឡើយ ។ ការ​រក​ឃើញ​ដ៏​សំខាន់​របស់​គាត់​ដោយសារ​កត្តា​វណ្ណៈ ពិសេស​ដោយសារ​វា​ស៊ីគ្នា​ទៅ​នឹង​ការ​ពិត​ដែល​ថា ជនជាតិ​ចិន​ភាគច្រើន​រស់នៅ​ទីក្រុង​ឬ​ទីរួមខេត្ត ។ យោង​តាម​ប្រវត្តិវិទូ​ជនជាតិ​អាមេរិក ម៉ៃឃើល វីកឃ័ររី បាន​ឲ្យ​ដឹង​ថា ការ​ស្អប់ខ្ពើម​ដែល​បង្កើត​ឡើង​ដោយ​កម្ពុជា គឺជា​ផលវិបាក​ដែល​កើត​ចេញពី​ទំនាស់​ទាក់ទង​នឹង​ការ​បែងចែក​រវាង​ជនបទ និង​ទីក្រុង ។ ប្រជាជន​រស់នៅ​តាម​ជនបទ​បែរ​ប្រឆាំង​នឹង​ប្រជាជន​រស់នៅ​ទីក្រុង ។ ហេតុ​ដូចនេះ ជនជាតិ​ចិន​ត្រូវ​ទទួល​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ព្រោះ​គេ​ជា​អ្នក​រស់នៅ​ទីក្រុង​ និង​ទីប្រជុំជន ហើយ​ជនជាតិ​ចិន​ភាគច្រើន​ស្លាប់​ដោយសារ​ខ្លួន​មិន​ស៊ាំ​ទៅ​នឹង​ជីវិត​រស់​ និង​ការងារ​នៅ​តាម​ជនបទ ។ ប្រវត្តិវិទូ​ជាតិ​អាមេរិក ដេវីដ ឆេនដល័រ ជឿ​ថា ការ​រំលោភ​បំពាន​ទៅ​លើ​ជនជាតិ​ចាម​គឺ​អាស្រ័យ​ទៅ​លើ​នយោបាយ​ជា​ជាង​ជាតិពន្ធុ​ឬ​ហេតុផល​សាសនា ។ របប​កម្ពុជា​ប្រជាធិបតេយ្យ​ស្អប់​អ្នក​ណា​ដែល​ប្រឆាំង​នឹង​ខ្លួន ជា​ជាង​ស្អប់​ក្រុម​ជនជាតិ​ឬ​ក្រុម​សាសនា ។ អ្នក​សិក្សា​ស្រាវជ្រាវ​ជនជាតិ​បារាំង​ដែល​មាន​លក្ខណៈ​ចម្រូងចម្រាស់​គឺ​លោក សែកត្យុង បាន​បដិសេធ​ថា ជាតិពន្ធុ​វា​មិន​គ្រប់គ្រាន់​សម្រាប់​យក​មក​ធ្វើ​ជា​អំណះអំណាង​បញ្ជាក់​ពី​ការ​សម្លាប់​នៅ​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ​ទេ ។ លោក​ទាញ​ហេតុផល​ថា​ការ​កាប់សម្លាប់​ក្រោម​ស្នាដៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​គឺ​មិនមែន​បណ្តាល​មក​ពី​ហេតុផល​ជាតិ​សាសន៍​ទេ ផ្ទុយ​ទៅ​វិញ​គឺ​បណ្តាល​មក​ពី​នយោបាយ​ និង​គោលនយោបាយ​សេដ្ឋកិច្ច​ដែល​គ្មាន​លក្ខណៈ​ប្រាកដប្រជា ។ យោង​តាម សែកត្យុង ជនជាតិ​ចិន និង​ជន​រងគ្រោះ​ផ្សេងៗ​ទៀត​ស្លាប់​ដោយសារ​ខ្លួន​មាន​លក្ខណៈ​គ្រោះថ្នាក់​ចំពោះ​នយោបាយ​របស់​កម្ពុជា​ប្រជាធិបតេយ្យ​ឬ​ក៏​ដោយសារ​ការ​បង្អត់​អាហារ ជំងឺ​ផ្សេងៗ ឬ​ធ្វើការ​បាក់​កម្លាំង ។ ប្រវត្តិវិទូ ប៊ែន ឃៀរនិន ក៏​ជឿ​ដែរ​ថា ជនជាតិ​ភាគតិច​នៅ​លើ​ទឹកដី​កម្ពុជា​ត្រូវ​បាន​សម្លាប់​ដោយ​លក្ខខណ្ឌ​សង្គម ជា​ជាង​លក្ខខណ្ឌ​ពូជសាសន៍ ។

សហគមន៍​ចិន​នៅ​កម្ពុជា

១. និយមន័យ

ការ​ពិពណ៌នា​អំពី​ជនជាតិ​ចិន​នៅ​កម្ពុជា​គឺជា​ការងារ​ស្មុគស្មាញ​មួយ ។ មិន​ថា​លក្ខណៈ​សរីរាង្គ​ឬ​ក៏​ការ​ប្រតិបត្តិ​ទំនៀម​ទម្លាប់​ចិន គឺ​សុទ្ធតែ​មិន​អាច​ពិពណ៌នា​ឲ្យ​បាន​ប្រសើរ​ឡើយ ។ ការ​កំណត់​ថា​អ្នក​ណា​ជា​ជនជាតិ​ចិន​នៅ​ប្រទេស​កម្ពុជា គឺ​រឹតតែ​ពិបាក​ជាង​នេះ​ទៅ​ទៀត ដោយសារ​ទាំង​ខ្មែរ​ និង​ចិន​សុទ្ធតែ​មាន​ការ​ប្រតិបត្តិ​លាយឡំ​គ្នា​ជាមួយ​សហគមន៍​ដទៃៗ​ទៀត ។ ជនជាតិ​ចិន​ជា​ច្រើន​បាន​ថែរក្សា​ទំនាក់ទំនង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ជាមួយ​ប្រទេស​ចិន​តាម​រយៈ​ការ​គោរព​ប្រតិបត្តិ​ដល់​ជីដូន​ជីតា​ដែល​បាន​ចែក​ឋាន​ទៅ ប៉ុន្តែ​ជនជាតិ​ចិន​ក៏​បាន​គោរព​ប្រតិបត្តិ​ទៅ​តាម​វប្បធម៌​ខ្មែរ ដូច​ជា ការ​ទៅ​វត្ត​ធ្វើបុណ្យ​ទាន និង​ប្រារព្ធ​ពិធីបុណ្យ​ទាន​ផ្សេងៗ​ទៅ​តាម​ប្រពៃណី​ទំនៀមទម្លាប់​របស់​ខ្មែរ ។ ដូច​គ្នា​នេះ​ដែរ ជនជាតិ​ខ្មែរ​ក៏​ប្រារព្ធ​ពិធីបុណ្យ​ចូល​ឆ្នាំ​ចិន ពិធី​សង្កត់​ផ្នូរ និង​ពិធី​សែន​ក្បាលទឹក ។ ដូច្នេះ​ការ​បកស្រាយ​ទៅ​លើ​ការ​គោរព​ប្រតិបត្តិ​ជាក់ស្តែង​មួយ​ចំនួន​ថា​ជា​ទម្លាប់​ចិន (ឬ​ខ្មែរ) គឺ​មិន​ត្រឹមត្រូវ​តាម​បរិបទ​ប្រទេស​កម្ពុជា​ទេ ។ ប៉ុន្តែ​សំខាន់​ត្រូវ​កត់​សម្គាល់ថា ទោះជា​មាន​ការ​រួម​ចូល​គ្នា​ខាង​វប្បធម៌​ដល់​កម្រិត​នេះ​ក្តី ក៏​ការ​បកស្រាយ​របស់​ចិន និង​ខ្មែរ ចំពោះ​អត្តសញ្ញាណ​ជនជាតិ​ចិន មាន​លក្ខណៈ​ច្បាស់លាស់ គឺ​មាន​សហគមន៍​តូចៗ​និយាយ​ភាសា​ដោយឡែក​ពី​គ្នា​មាន​ចំនួន​៥​គឺ ចិន​ប៉េកាំង ចិន​ហៃណាំ ចិន​ខិ ចិន​ហុកគៀន និង ចិន​ទាជីវ ។ ទោះជា​ជនជាតិ​ខ្មែរ​ទទួល​ស្គាល់​ភាព​ខុស​គ្នា​ខាង​ភាសា​ក្តី ក៏​ខ្លួន​នៅ​តែ​ប្រើ​ពាក្យ «ចិន​ឆៅ» សំដៅ​ទៅ​លើ​ជនអន្តោប្រវេសន៍​ចិន​ទាំងអស់​ដែល​មក​រស់នៅ​លើ​ទឹកដី​កម្ពុជា​ដោយ​មិន​គិត​ថា​ជនជាតិ​ចិន​ទាំងនោះ​បាន​ទទួល​យក​វប្បធម៌​ខ្មែរ​ឬ​ក៏​មិន​ទទួល​នោះ​ឡើយ ។ ដូច្នេះ​នៅ​ក្រោម​ក្រសែ​ភែ្នក​ជនជាតិ​ខ្មែរ ជនជាតិ​ចិន​គឺ​នៅ​តែ​ចិន​ជានិច្ច ។

ដោយ​ពិចារណា​ទៅ​លើ​ភាព​ស្មុគស្មាញ​ទាំងនេះ និយមន័យ​របស់ វីលៀម វីលមុត ចំពោះ​ជនជាតិ​ចិន​នៅ​កម្ពុជា ហាក់​ដូចជា​ទាក់ទង​ច្រើន​បំផុត​ទៅ​នឹង​ការ​សិក្សា​នេះ ។ នៅ​ក្នុង​រចនាសម្ព័ន្ធ​នយោបាយ​នៃ​សហគមន៍​ចិន​នៅ​កម្ពុជា វីលមុត បាន​ឲ្យ​និយមន័យ​ជនជាតិ​ចិន​ថា ជា​បុគ្គល​ទាំងឡាយ​ណា​ដែល​គាំទ្រ​ឬ​ចូលរួម​នៅ​ក្នុង​សហគមន៍​ចិន ។ មិន​ដូច​ជា​និយមន័យ​ដែល​មាន​លក្ខណៈ​ចង្អៀត​នៅ​ក្នុង​ជំរឿន​ឆ្នាំ​១៩៦២ នៅ​ប្រទេស​កម្ពុជា​ដែល​កំណត់​ថា ជនជាតិ​ចិន​ជា​បុគ្គល​ទាំងឡាយ​ណា​ដែល​និយាយ​ភាសា​ចិន និង​មាន​សញ្ជាតិ​ជា​ចិន​ទេ ពោល​គឺ​និយមន័យ​របស់ វីលមុត ក៏​បញ្ចូល​ផង​ដែរ​នូវ​បុគ្គល​ទាំងឡាយ​ណា​ដែល​មាន​អារម្មណ៍​ថា​ខ្លួន​ជា​ចិន ។ និយមន័យ​នេះ​ស័ក្តិសម​ទៅ​នឹង​ការ​សិក្សា​នេះ ព្រោះ​វា​រួម​បញ្ចូល​នូវ​ឥទ្ធិពល​ដែល​ប្រវត្តិសាស្ត្រ​កម្ពុជា​ថ្មីៗ​នេះ និង​ការ​ពិត​ដែល​ថា​មិនមែន​អ្នក​ដែល​ចាត់​ទុក​ខ្លួនឯង​ជា​ជនជាតិ​ចិន​ទាំងអស់​សុទ្ធតែ​បាន​ចូលរួម​ក្នុង​សហគមន៍​ចិន​ទេ ហើយ​បញ្ច្រាស​មក​វិញ​ក៏​មិនមែន​សមាជិក​ទាំងអស់​ក្នុង​សហគមន៍​សុទ្ធតែ​ចាត់​ទុក​ខ្លួនឯង​ជា​ជនជាតិ​ចិន​សុទ្ធសាធ​នោះ​ដែរ ។ អ្នក​ទាំងនោះ​ប្រហែលជា​មាន​អារម្មណ៍​ថា​ខ្លួន​មាន​សញ្ជាតិ​ពីរ គឺ​ជាប់​ខ្សែស្រឡាយ​តាំងពី​ដូនតា​ជាមួយ​ប្រទេស​ចិន និង​ភក្តីភាព​ខាង​នយោបាយ​ចំពោះ​ប្រទេស​ខ្មែរ​ និង​ព្រះមហាក្សត្រ​ខ្មែរ ។

២. ប្រវត្តិសាស្ត្រ

ជនអន្តោប្រវេសន៍​ចិន​ភាគច្រើន​បំផុត​បាន​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ដោយសារ​ខ្លួន​ជួប​ការ​លំបាក​នៅ​ប្រទេស​ចិន ។ ឯកអគ្គរដ្ឋទូត​ពិសេស​របស់​ចិន​បាន​សរសេរ​នៅ​ក្នុង​សតវត្សរ៍​ទី​១៣ ថា អ្នក​បើកទូក​ក្តោង​ចិន​ខាងត្បូង​បាន​ភៀសខ្លួន​មក​ប្រទេស​កម្ពុជា​ដោយ​សង្ឃឹម​ថា​នឹង​មាន​ជីវភាព​រស់នៅ​សុខ​ស្រួល​ជាង​មុន ។ អ្នកខ្លះ​ទៀត​មក​ប្រទេស​កម្ពុជា​ដើម្បី​ស្វែងរក​ស្បៀងអាហារ រកប្រពន្ធ​ ផ្ទះសម្បែង គ្រឿងសង្ហារិម លទ្ធភាព​ធ្វើ​ជំនួញ ក្នុង​គោលបំណង​គេច​ពី​បន្ទុក​ពន្ធដារ និង​គ្រោះ​ទុរ្ភិក្ស ។ នៅ​ក្នុង​ចំណោម​ជនភៀសខ្លួន​ទាំងនេះ ក៏​មាន​ជនភៀសខ្លួន​ដោយ​មូលហេតុ​នយោបាយ​ដែរ ។ ជា​ទូទៅ មាន​កិច្ច​សហប្រតិបត្តិការ​ជា​លក្ខណៈ​ជាតិនិយម​តិចតួច​ណាស់​ក្នុង​ចំណោម​ជនជាតិ​ចិន​នៅ​កម្ពុជា ។ រហូត​ដល់​ពាក់​កណ្តាល​សតវត្សរ៍​ទី​១៧ ទើប​មាន​ភ័ស្តុតាង​ខ្លះ​បញ្ជាក់​ថា ជនជាតិ​ចិន​ទាំងនោះ​មាន​សកម្មភាព​ជា​សហគមន៍​ចិន​មួយ ។

 

ភាគបន្ត

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in ចំណេះ​ធ្វើ, ប្រវត្តិសាស្ត្រ, អរិយធម៌​ខ្មែរ and tagged , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s