ជនជាតិភាគតិច​ក្រោល

ជនជាតិភាគតិច​ក្រោល
ក្រោល គឺជា​ឈ្មោះ​ជនជាតិ​ភាគតិច​មួយ​ក្នុង​ចំណោម​ក្រុម​ជនជាតិភាគតិច​ចំនួន​ម្ភៃបួន​ផ្សេង​ទៀត​ក្នុង​ប្រទេស​កម្ពុជា ។ ក្រុម​ជនជាតិ​ទាំងនេះ​ភាគច្រើន​រស់នៅ​តំបន់​ឦសាន មាន​ដូចជា ខេត្តស្ទឹងត្រែង ខេត្ត​រតនគិរី ខេត្ត​មណ្ឌលគិរី ខេត្តក្រចេះ និង​ខេត្តព្រះវិហារ​ ជាដើម ។ ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៣ ក្រុមការងារ​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ធ្វើការ​រៀបចំ​វេទិកា​មួយ​នៅ​ក្នុង​ឃុំ​ស្រែជិះ ខេត្តក្រចេះ ជា​កន្លែង​ដែល​ក្រុម​ជនជាតិ​ភាគតិច​ទាំងនោះ​រស់នៅ ។ ជនជាតិ​ក្រោល​ប្រហែលជា​កៅសិប​ភាគរយ​រស់នៅ​ក្នុង​ឃុំ​នេះ ។ គួរ​បញ្ជាក់​ថា វេទិកា​នេះ​ធ្វើ​ឡើង​គឺ​ដើម្បី​លើក​ទឹកចិត្ត​ឲ្យ​អ្នក​ភូមិ​ទាំងអស់​ចែក​រំលែក​នូវ​រាល់​បទពិសោធន៍ន៍​រឿង​ប្រវត្តិ​ខ្មែរក្រហម​ទៅ​កាន់​ក្មេងៗ​ជំនាន់​ក្រោយ​ឲ្យ​បាន​ដឹង និង​ការ​យល់​ឃើញ​របស់​អ្នក​ភូមិ​ទាំងអស់​ទៅ​លើ​ដំណើរការ​កាត់ទោស​មេដឹកនាំ​ជាន់ខ្ពស់​នៅ​ក្នុង​របប​នោះ ។

គោលដៅ​សំខាន់​ជាងគេ​របស់​របាយការណ៍​នេះ​គឺ​ផ្តល់​សំឡេង មតិ និង​ការ​លើកទឹកចិត្ត​ដល់​ជនជាតិ​ភាគតិច ។ ដើម្បី​ឲ្យ​គោលដៅ​នេះ​សម្រេច​ទៅ​បាន ជាដំបូង​នៅ​ក្នុង​របាយការណ៍​នេះ​នឹង​ឆ្លុះ​បញ្ចាំង​អំពី​រឿងរ៉ាវ​សង្ខេប​របស់​ក្រុម​ជនជាតិ​ភាគតិច​ ប្រវត្តិរូប​របស់​ជនជាតិ​ក្រោល និង​បទ​ពិសោធន៍ន៍​របស់​គេ​ក្នុង​អំឡុង​ពេល​វៀតមិញ (សម្ព័ន្ធ​ឯករាជ្យ​វៀតណាម) ឈ្លានពាន​មក​ពី​វៀតណាម​ខាងជើង ។ ទាំងនេះ​គឺជា​ការ​ផ្សា​ភ្ជាប់​ទៅ​នឹង​លទ្ធផល​របស់​វេទិកា​ដែល​មាន​ការ​ចូលរួម​ពី​សំណាក់​អ្នក​ភូមិ​ប្រមាណ​ជា​ពីរ​រយ​នាក់ មក​ធ្វើការ​ពិភាក្សា​អំពី​រឿងរ៉ាវ​ប្រវត្តិ​សាស្ត្រ​ខ្មែរក្រហម​ និង​ការ​យល់​ឃើញ​របស់​អ្នក​ទាំងនោះ​ទៅ​លើ​ចំណុចខ្លាំង​ និង​ចំណុចខ្សោយ​របស់​តុលាការ​ខ្មែរក្រហម ។ ចុង​ក្រោយ​នៃ​របាយការណ៍​នេះ​ចង់​បង្ហាញ​អំពី​ការ​នាំ​យក​បណ្តឹងឧទ្ធរណ៍​របស់​ជនជាតិ​ក្រោល​ទៅ​កាន់​រាជរដ្ឋាភិបាល ដើម្បី​ជួយ​អភិវឌ្ឍ​សហគមន៍ ។

ប្រវត្តិរូប: ដើម​កំណើត​ជនជាតិ​ក្រោល

ពឿន សារ៉ាយ ជា​ជនជាតិ​ក្រោល ភេទ​ប្រុស និង​ជា​ជំទប់​ទី​មួយ នៅ​ក្នុង​ឃុំ​ស្រែជិះ បាន​ប្រាប់​ថា យាយ​របស់​គាត់​ប្រាប់​គាត់​ថា​ពាក្យ «ក្រោល» នេះ មាន​អត្ថន័យ​ថា «ក្រោល​សត្វ» ។ បើ​យោង​ទៅ​តាម​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​វិញ នៅ​ពេល​ដែល​មាន​ការ​វាយប្រហារ​ជា​ញឹកញាប់​ពី​ពួក​សៀម (ស្គាល់​សព្វថ្ងៃ​ថា​ជា​ជនជាតិ​ថៃ) ជនជាតិ​ក្រោល​ព្យាយាម​រត់គេច​ខ្លួន​ពី​ទិស​បូព៌ា​មក​កាន់​ប្រទេស​កម្ពុជា ដោយ​ការ​ធ្វើ​ដំណើរ​តាម​ព្រៃស្តុក និង​ក្រាស់ៗ ។ ជនជាតិ​ក្រោល​ភាគច្រើន​រត់គេច​ខ្លួន​ពី​សៀម​បាន​ជោគជ័យ​តាម​ភ្នំ​បាំងថ្ងៃ ប៉ុន្តែ​ក៏​មាន​អ្នកមួយ​ចំនួន​ត្រូវ​ធ្លាក់​ចូល​ក្នុង​កណ្តាប់ដៃ​សត្រូវ​របស់​ខ្លួន​ដែរ ។ អ្នក​ដែល​រស់នៅ​ក្នុង​ព្រៃស្តុក​ទាំងនោះ​បន្សាំ​ខ្លួន​ទៅ​នឹង​ជីវិត​ដែល​គ្មាន​ម្ហូបអាហារ និង​សម្លៀកបំពាក់​ត្រឹមត្រូវ ។ ដើម្បី​រស់រាន​មាន​ជីវិត គេ​ញ៉ាំ​ដី​ប្រៃ ឬ​ហៅ​ថា ដី​លខ្ញាយ ហើយ​និង​រស់នៅ​លើ​ដើមឈើ​ដូច​ជា​បក្សាបក្សី ។ នៅ​ខណៈ​ពេល​ដែល​គេ​រស់នៅ​ក្នុង​ព្រៃ មាន​កងកម្លាំង​មួយ​ព្យាយាម​នាំ​យក​អ្នក​ទាំងនោះ​ត្រឡប់​ចូល​ទៅ​ក្នុង​សង្គម​កម្ពុជា​វិញ ។ គេ​បាន​ដាក់​ស្ករ​ជា​នុយ​នៅ​ក្បែរ​មែកឈើ​មួយ ហើយ​គេ​បាន​សង់​ក្រោល​មួយ ដូច​ជា ក្រោលសេះ​នៅ​ក្នុងស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី ដើម្បី​បង្វឹក​ជនជាតិ​ក្រោល​ទាំងនោះ ។ អ្នក​ដែល​រស់នៅ​ក្នុង​ក្រោល​ត្រូវ​បាន​គេ​បង្វឹក​ឲ្យ​ចេះ​ស្លៀកពាក់ និង​រស់នៅ​ដោយ​សមរម្យ​នៅ​ក្នុង​សហគមន៍ ហើយ​បន្ទាប់​មក គេ​បញ្ជូន​អ្នក​ទាំងនោះ​ទៅ​កាន់​ឃុំ​ស្រែជិះ ។ ប៉ុន្តែ​មាន​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​ម្នាក់​មិន​បាន​ចូល​អន្ទាក់​នេះ​ទេ​ នេះ​ជា​ហេតុ​ដែល​ធ្វើ​ឲ្យ ពឿន សន្មត​ថា​ជនជាតិ​ក្រោល​ដើម ឬ​ហៅ​ថា​មនុស្ស​ព្រៃ​នៅ​តែ​មាន​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។​

ពឿន និយាយ​រៀបរាប់​ពី​សង្គ្រាម​វៀតណាម​កំឡុង​ឆ្នាំ​១៩៥៤-៧៥ នៅ​ពេល​ដែល​ទាហាន​វៀតមិញ​ឈ្លានពាន​នាំ​ឲ្យ​រំខាន​ដល់​ការ​រស់នៅ​របស់​ជនជាតិ​ក្រោល ។ ទាហាន​វៀតមិញ​កសាង​មូលដ្ឋានទ័ព​នៅ​ក្បែរ​ឃុំ​ស្រែជិះ​ ហើយ​ជា​ញឹកញាប់​តែងតែ​ស្នើ​សុំ​ម្ហូបអាហារ និង​ធនធាន​ផ្សេង​ទៀត​ពី​ប្រជាជន​ដែល​រស់នៅ​ទីនោះ ។​

សមាជិក​ជាន់ខ្ពស់​មួយ​ចំនួន​នៅ​ក្នុង​សហគមន៍​ក្រោល បាន​រាយការណ៍​ជា​សម្ងាត់​អំពី​សកម្មភាព​របស់​ក្រុម​វៀតមិញ​ទៅ​កាន់​រាជរដ្ឋាភិបាល នៅ​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​ព្រះបាទ នរោត្តម សីហនុ ។ ភ្លាមៗ​នោះ​រាជរដ្ឋាភិបាល​បាន​បញ្ជូន​ក្រុម​សង្កេតការណ៍​របស់​គេ​ទៅ​ធ្វើកា​ស៊ើបអង្កេត​មួយ​រំពេច ។ ពឿន សារ៉ាយ បាន​រំឭក​ថា បន្ទាប់​ពី​ធ្វើការ​ស៊ើបអង្កេត​ហើយ​នោះ សម្តេច​ព្រះបាទ​នរោត្តម សីហនុ ក៏​បាន​ដឹកនាំ​កម្លាំង​កងទ័ព​មក​កាន់​ឃុំ​ស្រែជិះ​ ហើយ​នៅ​ឆ្នាំ​១៩៥៣ យើង​បាន​ដក​កងកម្លាំង​ទាហាន​វៀតមិញ​បាន​ជោគជ័យ ។ ដើម្បី​រំឭក​ពី​ភាព​ជោគជ័យ​នេះ គេ​បាន​សាងសង់​ជា​រូបសំណាក​តោ​ថ្ម ដូចដែល​យើង​បាន​ឃើញ​រហូត​មក​ដល់​ពេល​សព្វ​ថ្ងៃនេះ ។

វេទិកា: ការ​ពិពណ៌នា​

ជនជាតិ​ក្រោល ពិតជា​ចង់​រៀបរាប់​អំពី​បទ​ពិសោធន៍ន៍​ផ្ទាល់​របស់​គេ​អំពី​រឿងរ៉ាវ​នៅ​ក្នុង​សម័យ​ខ្មែរក្រហម​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ និង​សហគមន៍​របស់​គេ​ទៅ​កាន់​ក្មេងៗ​ជំនាន់​ក្រោយ និង​អ្នក​ជិតខាង​របស់​គេ​ទាំងអស់ ។ ជនជាតិ​ក្រោល​បាន​សង្កេត​ឃើញ​ថា ក្មេងៗ​ជំនាន់​ក្រោយ​មួយ​ចំនួន ជឿ​លើ​របប​សម្លាប់​កំណាច​ឃោរឃៅ​នេះ នៅ​ពេល​ដែល​មាន​ក្មេង​ជំនាន់​ក្រោយ​មួយ​ចំនួន​នៅ​តែ​មិន​ជឿ​ថា​មាន​របប​នេះ​កើត​ឡើង ។ ពឿន បញ្ជាក់​ថា ក្មេងៗ​ជា​ច្រើន​នៅ​តែ​មិន​ជឿ​ថា​មាន​របប​មួយ​ដែល​សម្លាប់​មនុស្ស​ច្រើន​ដល់​ថ្នាក់​នេះ ហើយ​មាន​មនុស្ស​ជា​ច្រើន​នៅ​តែ​មិន​ចាប់អារម្មណ៍​អំពី​ដំណើរការ​កាត់ទោស​របស់​តុលាការ​លើ​របប​ខ្មែរក្រហម​នេះ​ទេ ។ ដោយសារ​តែ​ការ​ព្រួយបារម្ភ​ពី​ការ​កើត​ឡើង​ម្តងទៀត​នូវ​របប​នេះ បាន​ជា​អ្នក​ភូមិ​សម្រេចចិត្ត​ចូលរួម​ក្នុង​វេទិកា​ដែល​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នេះ ហើយ​នាំ​សិស្សានុសិស្ស​មក​ពី​សាលា​ផ្សេងៗ​ចំនួន​ ៦០​សាលា​ ទៅ​សិក្សា​ស្វែង​យល់ ដើម្បី​បណ្ដុះបណ្ដាល​ស្មារតី​ក្មេងៗ​ជំនាន់​ក្រោយ ។​

នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៣ ពឿន បាន​បញ្ជាក់​ថា ជនជាតិ​ក្រោល​ជាង​ពីរ​រយ​នាក់ ដែល​រួម​បញ្ចូល​ទាំង​ក្មេងៗ​ដែល​មក​ពី​សាលា​ចំនួន​ហុកសិប បាន​មក​ជួបជុំ​គ្នា​នៅ​ក្នុង​វត្ត​ក្នុង​ឃុំ​ស្រែជិះ ។ វេទិកា​នេះ​ចាប់ផ្តើម​នៅ​វេលា​ម៉ោង​៩​ព្រឹក ហើយ​អ្នកចូលរួម​ទាំងអស់​ត្រូវ​បាន​បែងចែក​ជា​បួន​ក្រុម ។ អ្នក​សម្របសម្រួល និង​អ្នក​សង្កេតការណ៍​មក​ពី​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ទាំងអស់ ជា​អ្នកដឹកនាំ​ក្រុម ។ ក្រុម​នីមួយៗ​ត្រូវ​ជ្រើសរើស​តំណាង​របស់​ខ្លួន ចំនួន​ពី​បួន​ទៅ​ប្រាំ​រូប ដើម្បី​ធ្វើ​អត្ថាធិប្បាយ​ទៅ​លើ​ប្រធានបទ​ចំនួន​បី គឺ​ទី​មួយ​អំពី​បទ​ពិសោធន៍ន៍​របស់​គេ​នៅ​ក្នុង​របប​ខ្មែរក្រហម ទី​ពីរ​គឺ​ការ​យល់​ឃើញ​ទៅ​លើ​ដំណើរការ​កាត់ក្តី​របស់​តុលាការ និង​ទី​បី​គឺ​បញ្ហា​សុខភាព​របស់​ជនជាប់ចោទ​ក្នុង​របប​ខ្មែរក្រហម​ទាំងអស់ ។​

នី បិន និង ធីម លៀត និយាយ​ប្រាប់​ទៅ​កាន់​ក្រុម​របស់​គាត់​អំពី​ចលនា​ក្រុម​ឥស្សរៈ វត្តមាន​របស់​កងកម្លាំង​វៀតមិញ​នៅ​ក្នុង​ឃុំ​ស្រែជិះ និង​ការ​ទម្លាក់​គ្រាប់​ផ្លោង​ចន្លោះ​ឆ្នាំ​១៩៧៣ និង​១៩៧៤ ។ យីម ផាន តំណាង​ឲ្យ​ក្រុម​ដែល​បាន​ចូលរួម បាន​រៀបរាប់​ថា «ប៉ុល ពត ដែល​ក្រោយមក​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មេដឹកនាំ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ចាប់ផ្តើម​ចលនា​របស់​គេ​គៀងគរ​ប្រជាជន​ចាប់តាំងពី​ឆ្នាំ​១៩៧០ ។ នៅ​ឆ្នាំ​១៩៧៤ ចលនា​ខ្មែរក្រហម​បាន​បង្កើត​នូវ​សមូហភាព​ដោយ​ត្រូវ​លុប​បំបាត់​ចោល​នូវ​រាល់​ទ្រព្យសម្បត្តិ​ឯកជន​ទាំងអស់ ។ រវាង​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ របប​ខ្មែរក្រហម​បាន​សម្លាប់​ប្រជាជន​ស្លូតត្រង់​ប្រមាណ​ជា​មួយ​លាន​ប្រាំពីរ​សែន​នាក់ ដោយ​ប្រជាជន​ទាំងនោះ​ធ្វើការ​ធ្ងន់​ហួស​កម្លាំង ស្លាប់​ដោយសារ​ការ​អត់ឃ្លាន និង​ការ​យក​ទៅ​សម្លាប់ ។ ការ​អប់រំ​ត្រូវ​បាន​លុប​បំបាត់​ចោល ប្រជាជន​តម្រូវ​ឲ្យ​ធ្វើ​ការងារ​តាម​កម្លាំង​ពលកម្ម ។ សាសនា​ត្រូវ​បាន​ហាមឃាត់​ មិន​មាន​តុលាការ​យុត្តិធម៌​ទេ ។ ការ​សម្លាប់​កើត​មាន​នៅ​គ្រប់​ទីកន្លែង គ្រួសារ​ត្រូវ​បែកបាក់​គ្នា ហើយ​ហាម​មិន​ឲ្យ​មាន​ការ​រអ៊ូរទាំ​ទេ» ។ បន្ទាប់​ពី យីម ផាន បាន​ធ្វើការ​រៀបរាប់​អំពី​រឿង​របស់​គាត់​អំឡុង​ពេល​ខ្មែរក្រហម​កាន់កាប់​ហើយ​នោះ ឌុយ ថា ជា​តំណាង​ក្រុម​មួយ​រូប​ទៀត បាន​ចែករំលែក​ពី​បទ​ពិសោធន៍​ផ្ទាល់​របស់​គាត់​ទៅ​កាន់​សមាជិក​ក្រុម ហើយ​ពោល​ថា «នៅ​ឆ្នាំ​១៩៧២ មិន​មាន​មន្ទីរពេទ្យ​គ្រប់គ្រាន់​សម្រាប់​ព្យាបាល​អ្នកជំងឺ​នោះ​ទេ» ។​

ដូច​ជា​តំបន់​ផ្សេងៗ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ឃុំ​ស្រែជិះ​គឺ​បាន​ទទួល​រង​នូវ​បទបញ្ជា​ដាច់ខាត​លើ​ការ​គ្រប់គ្រង​ក្នុង​របប​ខ្មែរក្រហម ចន្លោះ​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ។ ប្រជាជន​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ការងារ​ធ្ងន់ ហើយ​អ្នក​ទាំងនោះ​ស្លាប់​ដោយសារ​ការ​ស្រេកឃ្លាន​ផង និង​ការ​យក​ទៅ​សម្លាប់​ចោល​ផង ។ ពឿន ប្រាប់​ថា ខ្មែរក្រហម​មាន​គម្រោង​បម្រុង​នឹង​ជម្លៀស​ប្រជាជន​ដែល​រស់នៅ​ក្នុង​ឃុំ​ស្រែជិះ​នេះ​ទាំងអស់​ទៅ​កន្លែង​មួយ​នៅ​ក្នុង​ខេត្តកំពង់ធំ ។ សមាជិក​ជាន់ខ្ពស់​នៅ​ក្នុង​សហគមន៍​ក្រោល មាន​ការ​ព្រួយបារម្ភ​ថា ពេល​ទៅ​ដល់​ខេត្ត​នោះ​ ប្រជាជន​ក្រោល​នឹង​គ្មាន​ស្បៀង​អាហារ​ហូប​ចុក ហេតុ​ដូច្នេះ​ហើយ​បាន​ជា​គេ​ស្នើ​សុំ​ឲ្យ​ពន្យារ​ពេល​ការ​ជម្លៀស​នេះ ។ បន្ទាប់​ពី​វៀតណាម ឈ្លានពាន​ចូល​មក ​ខ្មែរក្រហម​បាន​ចាក​ចេញពី​តំបន់​នោះ ប៉ុន្តែ​ការ​គំរាមកំហែង​នៅ​តែ​បន្ត​កើត​មាន​ដោយសារ​អ្នក​ទាំងនោះ​ពួនស្ទាក់​នៅ​ជុំវិញ ហើយ​គម្រាម​យក​អាហារ​ពី​ប្រជាជន​ក្នុង​ភូមិ ។ ការ​បញ្ចប់​សង្គ្រាមស៊ីវិល​ដែល​កើត​ឡើង​ចាប់ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩៨ បាន​នាំ​មក​នូវ​ស្ថិរភាព​សុខ​សន្តិភាព​ដល់​អ្នក​ភូមិ​ស្រែជិះ​ម្តងទៀត ។​

វេទិកា: ការ​យល់​ឃើញ​របស់​ប្រជាជន

អ្នកចូលរួម​ភាគច្រើន រួម​ទាំង​សិស្សានុសិស្ស​ដែល​បាន​ចូលរួម​ឆ្លុះ​បញ្ចាំង​ថា វេទិកា​ភូមិ​សាធារណៈ គឺជា​ឧបករណ៍​ដ៏​សំខាន់​សម្រាប់​ពង្រីក​ចំណេះដឹង​របស់​ប្រជាជន​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម ហើយ​អ្នក​ទាំងនោះ​បាន​លើក​ឡើង​ថា​ គួរតែ​មាន​វេទិកា​ដូច្នេះ​នៅ​ទូទាំង​ប្រទេស ។ ម៉ី បៀន ដែល​ជា​អនុភូមិ​អំពក ព្រមទាំង ​លេន ភ័ក្ត្រ ជា​មេភូមិ ភ្នំពីរ បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ចំពោះ​វេទិកា​នេះ​ថា វេទិកា​នេះ​មាន​តួនាទី​ក្នុង​ការ​អប់រំ​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម ។ អ្នក​ទាំង​ពីរ​គាំទ្រ​ទៅ​លើ​ការ​បង្កើត​ជា​វេទិកា​ដូច្នេះ​នៅ​ទូទាំង​ប្រទេស ហើយ​ថែម​ទាំង​ចង់​ឲ្យ​មាន​ការ​ពង្រីក​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​ជាង​នេះ ហើយ​ចុង​ក្រោយ​យើង​អនុញ្ញាត​ឲ្យ​អ្នក​ភូមិ​ទាំងអស់​ជួប​ជាមួយ​អ្នកជំនាញ​លើ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម ។ អ្នកចូលរួម​ដទៃ​ទៀត ដូចជា ផិ្លត ពាធ បាន​កោតសរសើរ​លើ​ការ​ខិតខំ​ប្រឹងប្រែង​ជា​វេទិកា​នេះ​ឡើង គាត់​យល់​ឃើញ​ថា ការ​បង្កើត​ជា​វេទិកា​នេះ​ឡើង គឺ​អាច​ជា​ទុន​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ស្គាល់​ពី​ប្រវត្តិសាស្ត្រ​ប្រទេស​របស់​ខ្លួន​បាន​រឹង​មាំ ដើម្បី​កសាង​អនាគត សង្គម​កម្ពុជា ។​

សិស្ស​ស្រី​ពីរ​រូប បាន​និយាយ​ថា​ យើង​គួរតែ​ប្រើ​វេទិកា​នេះ គឺជា​គំរូ​ក្នុង​ការ​រៀបរាប់​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ ។ តឿ ស្រីទូច ជា​សិស្ស​ថ្នាក់​ទី​៥ បាន​និយាយ​ថា​ នេះ​គឺជា​ឱកាស​មួយ​ដ៏​ល្អ​ដែល​នាង​ខ្ញុំ​បាន​ចូលរួម​ជា​លើក​ដំបូង​ក្នុង​ការ​ស្តាប់​ពី​ការ​យល់​ឃើញ​របស់​អ្នក​ជិតខាង​ទៅ​លើ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម ។ នៅ​ខណៈ​ពេល​ដែល ស្រីទូច ផ្សារភ្ជាប់​ថា ឪពុក​របស់​គាត់​ក៏​ជា​សមាជិក​ម្នាក់​នៅ​ក្នុង​របប​ខ្មែរក្រហម គាត់​បាន​ស្នើសុំ​ឲ្យ​មាន​ការ​បង្កើត​វេទិកា​បែប​នេះ​ឲ្យ​បាន​ច្រើន​ដើម្បី​បន្ត​ការ​ពិភាក្សា​អំពី​របប​ដ៏​ឃោរឃៅ​មួយ​នេះ និង​អំពី​ដំណើរការ​របស់​សាលាក្ដី​ខ្មែរក្រហម ។ យោបល់​របស់​ស្រីទូច បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​ព្រួយបារម្ភ​ទូទៅ​ពី​មិត្ត​រួម​ថ្នាក់​គាត់​ដែល​ភាគច្រើន​គឺ​សឹងតែ​មិន​បាន​ឮ​ពី​ការ​សម្លាប់​រង្គាល​នៅ​ក្នុង​សម័យ​ខ្មែរក្រហម​ពី​មុន​មក​ទេ ។ ដា កាថា ជា​សិស្ស​ថ្នាក់​ទី​៤ បន្ទាប់​ពី​បាន​ស្តាប់​រឿងរ៉ាវ​មួយ​ចំនួន​អំពី​របប​ខ្មែរក្រហម គាត់​ពិតជា​មាន​ភាព​តក់ស្លុត​ដែល​ឮ​ថា​មាន​ការ​សម្លាប់​ដ៏​ព្រៃផ្សៃ ដោយសារ​គាត់​មិន​ដែល​បាន​ឮ​ពី​ឪពុក​ម្តាយ​គាត់ ឬ​ពី​គ្រូ​របស់​គាត់​និយាយ​អំពី​រឿង​នេះ​ពី​មុន​មក ហើយ​កាថា​មាន​គម្រោង​ថា​នឹង​សាកសួរ​ឪពុក​ម្តាយ​របស់​គាត់​ពី​បទ​ពិសោធន៍​ដែល​ពួក​គាត់​បាន​ជួប​ប្រទះ​ក្នុង​របប​ខ្មែរក្រហម ។​

ដោយឡែក អ្វី​ដែល​ជា​បញ្ហា​ប្រឈម​នៅ​ក្នុង​វេទិកា​នោះ​គឺ​សិស្សានុសិស្ស​មាន​ភាព​ស្ទាក់ស្ទើរ​នៅ​ក្នុង​ការ​ចោទ​ជា​សំណួរ ។ អាស្រ័យ​ហេតុ​ដូច្នេះ យីម ផាន បាន​ស្នើ​សុំ​ទៅ​កាន់​អ្នកចូលរួម​នៅ​ក្នុង​វេទិកា​នេះ​ឲ្យ​សិស្សានុសិស្ស​ចំណាយ​ពេល​អាន​សៀវភៅ​ទាក់ទង​ទៅ​នឹង​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ឲ្យ​បាន​ច្រើន ហើយ​គាត់​បាន​បន្ថែម​ទៀត​ថា គាត់​សង្ឃឹមថា នឹង​មាន​វេទិកា​នេះ​ជា​បន្តបន្ទាប់​ព្រោះថា​ការ​ធ្វើ​ឡើង​តែ​ម្តង​មិន​គ្រប់គ្រាន់​ក្នុង​ការ​បណ្តុះ​ការ​យល់​ដឹង​ពី​របប​នេះ​បាន​ទេ ។ ផាន ទទួល​ស្គាល់​ថា​ផ្នែក​មួយ​ដែល​ជា​បញ្ហា​គឺថា ឪពុក​ម្តាយ​មិន​ដឹង​ពី​វិធី​ក្នុង​ការ​ចែករំលែក​បទ​ពិសោធន៍​របស់​គាត់​នៅ​ក្នុង​សម័យ​ខ្មែរក្រហម ។ បញ្ហា​មួយ​ទៀត គឺថា​សហគមន៍​ជនជាតិ​ភាគតិច​ស្រែជិះ​ប្រើ​ភាសា​ពីរ ។ អ្នកខ្លះ​និយាយ​តែ​ភាសា​ក្រោល ហើយ​អ្នក​ខ្លះ​ទៀត​និយាយ​តែ​ភាសា​ខ្មែរ​សុទ្ធសាធ​ ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​ប្រើ​ភាសា​និយាយ​ទំនាក់ទំនង​គ្នា ។ លើស​ពី​នេះ​ទៅ​ទៀត អ្នកចូលរួម​មួយ​ចំនួន យល់​ភាសា​ក្រោល​ជា​ជាង​ភាសា​ខ្មែរ ។​

ប្រភព​បញ្ហា: ការ​ទទួល​បាន​ព័ត៌មាន​ស្តី​ពី​ដំណើរការ​សាលាក្តី​ខ្មែរក្រហម​នៅ​មាន​កម្រិត

ការ​ទទួល​បាន​ព័ត៌មាន​ស្តីពី​ដំណើរការ​សាលាក្ដី​ខ្មែរក្រហម​នៅ​តែ​ជា​បញ្ហា​សម្រាប់​សហគមន៍​ជនជាតិ​ក្រោល ។ យោង​តាម​ការ​សម្ភាសន៍​ជាមួយ​មន្ត្រី​ក្នុងស្រុក និង​សមាជិក​ចំណាស់​នៅ​ក្នុង​សហគមន៍​ប្រាប់​ថា​ ប្រជាជន​ភាគច្រើន​នៅ​ទី​នេះ មិន​មាន​លទ្ធភាព​នៅ​ក្នុង​ការ​តាមដាន​ដំណើរការ​នីតិវិធី​នៅ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​ខ្មែរក្រហម ។ ទោះបីជា​អ្នកមួយ​ចំនួន​ព្យាយាម​តាមដាន​ដំណើរការ​សាលាក្តី តែ​ភាគច្រើន​គឺ​មិន​បានដឹង និង​មិន​មាន​ការ​ចាប់​អារម្មណ៍​លើ​រឿង​នេះ​ឡើយ ។ ធីម ធៀម អតីត​ក្រុមប្រឹក្សា​ឃុំ​ស្រែជិះ​រៀបរាប់​ថា ឃុំ​ស្រែជិះ​គឺជា​តំបន់​ដាច់​ស្រយាល​ ដូច្នេះ​ហើយ​ធ្វើ​ឲ្យ​ប្រជាជន​នៅ​ទី​នេះ មាន​ការ​លំបាក​ទទួល​បាន​នូវ​ព័ត៌មាន ។ ធៀម ប្រាប់​បន្ថែម​ទៀត​ថា គាត់​តែងតែ​តាមដាន​នូវ​ដំណើរការ​កាត់ក្តី​ជា​ប្រចាំ ហើយ​ក៏​មាន​ការ​ព្រួយបារម្ភ​អំពី​ដំណើរការ​យឺតយ៉ាវ​នៃ​នីតិវិធី​តុលាការ ។ គាត់​ចង់​មាន​ន័យ​ថា ប្រសិនបើ​តុលាការ​បន្ត​ដំណើរការ​កាត់ក្ដី​មេដឹកនាំ​ខ្មែរក្រហម​ជា​ដំណាក់ៗ​ដូចនេះ អ្នក​ទាំងនោះ​នឹង​ស្លាប់​មុន​ពេល​ការ​ធ្វើ​សេចក្តីសម្រេច ។ គាត់​មាន​ប្រសាសន៍​ថា វា​ជា​ការ​សំខាន់​នៅ​ក្នុង​ការ​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​នៅ​ក្នុង​តុលាការ ។

សេចក្តី​សរុប

នៅ​មុន​ពេល​បិទ​អង្គ​វេទិកា យើង​បាន​ធ្វើការ​សរុបសេចក្តី​នៃ​ការ​ពិភាក្សា​ដូច​តទៅ ៖ ស្រែជិះ ដែល​ជា​សហគមន៍​ដាច់​ស្រយាល​នៅ​ក្នុង​ខេត្តក្រចេះ គឺ​បាន​ជួប​ប្រទះ​នឹង​បញ្ហា​ប្រឈម​កន្លង​មក​ជា​យូរ​មក​ហើយ ។ ការ​ប្រឈម​ទាំងនេះ​រួម​មាន អវត្តមាន​ទាំងស្រុង​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​សិក្សា កង្វះខាត​ការ​យល់​ដឹង​អំពី​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​រង្វង់​ក្មេងៗ​ជំនាន់​ក្រោយ​ដោយសារ​តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មិន​ទូលំទូលាយ និង​ចុង​ក្រោយ​មិន​បាន​ដឹង​ពី​ដំណើរការ​មក​ដល់​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ។ នៅ​ក្នុង​ដែន​សមត្ថកិច្ច​នៃ​អង្គ​វេទិកា មន្ត្រី​ប៉ូលីស និង​ប្រជាជន​ក្នុង​សហគមន៍ ដែល​បាន​ចូលរួម​បាន​សង្កត់ធ្ងន់​ទៅ​លើ​សារសំខាន់​នៃ​ការ​ពិភាក្សា​រវាង​ឪពុក​ម្តាយ លោកគ្រូ​អ្នកគ្រូ​ សិស្សានុសិស្ស និង​កូនៗ​ជំនាន់​ក្រោយ ។ ដំណើរការ​ពិភាក្សា​សំខាន់​ផ្តោត​ទៅ​លើ​ប្រធានបទ​ការ​ចង​ចាំ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ និង​ដំណើរការ​កាត់ក្ដី​មេដឹកនាំ​ខ្មែរក្រហម ។ អ្នក​ភូមិ​ទាំងអស់​ជឿជាក់​ថា​ គួរតែ​បន្ត​មាន​វេទិកា​នៅ​ទី​នេះ អនុញ្ញាត​ឲ្យ​សមាជិក​សហគមន៍​ចូលរួម និង​ដឹកនាំ​ការ​ពិភាក្សា​ប្រធានបទ​ជាក់លាក់​ណាមួយ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​សហគមន៍​របស់​ខ្លួន និង​បញ្ចេញ​នូវ​ការ​ព្រួយបារម្ភ​ជា​ឯករាជ្យ ។ អ្នកចូលរួម​ក៏​បាន​ស្នើ​សុំ​អ្នក​រៀបចំ​មក​ពី​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បញ្ជូន​សំណើ​ទៅ​កាន់​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ពង្រីក​ប្រព័ន្ធ​អប់រំ​នៅ​ក្នុង​ឃុំ និង​ការ​សាងសង់​ផ្លូវ​ដើម្បី​ជួយ​សម្រួល​ក្នុង​ការ​ធ្វើ​ដំណើរ ។

បញ្ហា​មួយទៀត​ដែល​យើង​ទទួលស្គាល់​គឺ អក្ខរជន​នៅ​មាន​កម្រិត​ទាប​នៅ​ក្នុង​ឃុំ​ស្រែជិះ ។ នេះ​ក៏​ដោយសារ​តែ​ឃុំ​នេះ​មាន​សាលា​បឋម​សិក្សា​តែ​មួយ ដូច្នេះ​ហើយ​បានជា​សិស្ស​ភាគច្រើន​បោះបង់​ចោលការ​សិក្សា​ឪពុក​ម្តាយ​ពុំ​មាន​លទ្ធភាព​ឲ្យ​កូន​បន្ត​ទៅ​កាន់​អនុវិទ្យាល័យ ឬ​វិទ្យាល័យ ស្ថិត​នៅ​រលួស ដែល​មាន​ចម្ងាយ​ឆ្ងាយ​ពី​ឃុំ​ស្រែជិះ​ប្រមាណ​ ១២​គីឡូម៉ែត្រ ឬ​ទៅ​កាន់​ទីរួមខេត្ត​ក្រចេះ ។ យើង​ក៏​ទទួលស្គាល់​ដែរ​ថា​ ដោយសារ​តែ​ភាព​ក្រីក្រ បាន​ធ្វើ​ឲ្យ​ឪពុក​ម្តាយ​មួយ​ចំនួន​មិន​មាន​ទឹកចិត្ត​ឲ្យ​កូន​របស់​ខ្លួន​បន្ត​ការ​សិក្សា បែរជា​លើកទឹកចិត្ត​ឲ្យ​កូន​របស់​ខ្លួន​ចេញ​ទៅ​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​គ្រួសារ ។ ដំណោះស្រាយ​ដំបូង​ដែល​បាន​លើក​ឡើង​ដោយ​អាជ្ញាធរ​ក្នុង​តំបន់​គឺ​ត្រូវធ្វើ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​អប់រំ​ដោយ​ការ​ដាក់​បញ្ចូល​នូវ​កម្រិត​អនុវិទ្យាល័យ ដែល​ផ្តល់​ឲ្យ​សិស្សានុសិស្ស​មាន​ភាព​ងាយស្រួល​ក្នុង​ការ​បន្ត​ការ​សិក្សា​របស់​គេ ។

អ្នកចូលរួម​ក៏​បាន​លើក​ឡើង​ផង​ដែរ​អំពី​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​នៅ​មាន​កម្រិត​ដែល​រារាំង​អ្នក​ទាំងនោះ ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ឃុំ​រលួស ។ អ្នក​ភូមិ​បាន​ពោល​ដូច​តទៅ​ថា «ប្រជាជន​នៅ​ក្នុង​ភូមិ​នេះ​មិន​ទាន់​មាន​ភាព​រីករាយ​ទៅ​នឹង​ផ្លូវថ្នល់ និង​ស្ពាន​ដែល​គេ​មាន​នៅ​ឡើយ​ទេ» ដោយ​គេ​បាន​ពន្យល់​អំពី​ការ​ធ្វើ​ដំណើរ​នៅ​រដូវប្រាំង​មិន​សូវ​មាន​បញ្ហា​ ដោយឡែក​នៅ​ខែវស្សា ការ​ធ្វើ​ដំណើរ​នៅ​ទី​នេះ​គឺ​លំបាក​ខ្លាំង​ណាស់ ។ នេះ​បង្ហាញ​ភ្លាមៗ​អំពី​ភាព​រារាំង​ការ​ធ្វើ​ដំណើរ​របស់​សិស្សានុសិស្ស​ដែល​ចង់​រៀន ។ សមាជិក​ភាគច្រើន​ធ្លាប់​ទទួល​រង​បទ​ពិសោធន៍​នូវ​ការ​លំបាក​ដោយសារ​ខ្វះខាត​ផ្លូវ​ដោយ​អ្នក​ទាំងនោះ​បាន​ចំណាយ​ពេល​លើស​មួយ​ម៉ោង​ក្នុង​ការ​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​ដ៏​អាក្រក់​ពី​ឃុំ​ស្រែជិះ​ទៅ​កាន់​ឃុំ​រលួស ។

ផ្លូវ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខុមាលភាព​របស់​ប្រជាជន​ ដូចជា នៅ​ខណៈ​ពេល​ដែល​មាន​មនុស្ស​ឈឺ អ្នកជំងឺ​នោះ​មិន​អាច​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បាន​ទាន់​ពេលវេលា ។ អ្នក​ភូមិ​ជា​ច្រើន​រំឭក​ព្រឹត្តិការណ៍​នៅ​ក្នុង​ឆ្នាំ​២០១០ ដែល​មាន​ស្ត្រី​ស្លាប់​ដោយសារ​ឆ្លងទន្លេ​មិន​រួច​ចំនួន​៣០​នាក់ ហើយដោយ​យោង​ទៅ​តាម​អ្នក​ស្លាប់​ដោយសារ​ជំងឺ​រាគ​មួល​ ហើយ​យក​ទៅ​មន្ទីរពេទ្យ​មិន​បាន​ទាន់​ពេលវេលា​នោះ​ក៏​មាន​ចំនួន​ច្រើន​ដែរ ។ លើស​ពី​នេះ​ទៀត​ការ​បញ្ជូន​អ្នកជំងឺ​ទៅ​កាន់​មន្ទីរពេទ្យ​គឺ​ធ្វើ​ឡើង​តាម​បែប​បុរាណ​បំផុត​ដោយ​ការ​ដាក់​អ្នកជំងឺ​នៅ​ក្នុង​អង្រឹង​ ហើយ​សែង​ដោយ​បុរស​ដែល​រស់នៅ​ក្នុងភូមិ​នោះ​ទៅ​កាន់​មណ្ឌល​សុខភាព​នៅ​រលួស ។ គួរ​សង្កត់ធ្ងន់​ផង​ដែរ​ថា អ្នកចូលរួម​ទាំងអស់​បាន​លើក​ឡើង​ពី​បញ្ហា​ការ​ស្ថាបនា​ផ្លូវ​ត្រឹមត្រូវ​ដើម្បី​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ និង​ការ​សាងសង់​ស្ពាន​នឹង​ជា​ដំណោះស្រាយ​នូវ​រាល់​បញ្ហា​ផ្សេងៗ​ទាំងអស់​ដែល​អ្នក​ភូមិ​បាន និង​កំពុង​ជួប​ប្រទះ​ទាំង​ផ្នែក​អប់រំ​នៅ​ក្នុង​ឃុំ​ស្រែជិះ​ក៏​ដូច​ជា​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សុខុមាលភាព​របស់​ប្រជាជន​នៅ​ក្នុងភូមិ​ស្រែជិះ ៕

ដោយ លី សុខឃាង ទស្សនាវដ្ដី​ស្វែងរកការពិត លេខ​១៦០ ខែមេសា ឆ្នាំ​២០១៣

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in ចំណេះ​ធ្វើ, ប្រវត្តិសាស្ត្រ, អរិយធម៌​ខ្មែរ and tagged , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s