ជីវិត និង​ស្នាដៃ​របស់ វិលប័រ រ៉ៃត៍ និង អ័រវិល រ៉ៃត៍

បងប្អូន​ត្រកូល​រ៉ៃត៍បងប្អូន​ត្រកូល​រ៉ៃត៍

បងប្អូន​បង្កើត​ទាំង​ពីរ​នាក់ វិលប័រ និង អ័រវិល រ៉ៃត៍ ជា​កូន​អាចារ្យ​ខាង​សាសនា​ប្រូតែស្តង់​នៅ​ទីក្រុង​ដៃតុន រដ្ឋ​អូហាយូ សហរដ្ឋ​អាមេរិក ។ ដោយ​ទឹកចិត្ត​ស្រលាញ់ និង​មាន​ជំនក់​ចិត្ត​បច្ចេកទេស​តាំង​ពី​កុមារភាព រ៉ៃត៍​ទាំង​ពីរ​នាក់​បងប្អូន​បាន​ខិតខំ​រៀន​សូត្រ​ស្រាវជ្រាវ ដើម្បី​អនុវត្ត​នូវ​បំណង​ប្រាថ្នា​ដ៏​ធំធេង​របស់​ខ្លួន គឺ​ការ​ផលិត​ចេញ​នូវ​ឧបករណ៍​ដើម្បី​ជួយ​ឲ្យ​មនុស្ស​អាច​ហោះហើរ​ទៅ​លំហ​អាកាស ។ នៅ​ទីបំផុត នា​ឆ្នាំ​១៩០៣ បងប្អូន​រ៉ៃត៍​ទាំង​ពីរ​នាក់ ផលិត​បាន​យន្តហោះ​មួយ​គ្រឿង​ជា​លើក​ដំបូង​បង្អស់​នៅ​លើ​ពិភពលោក ដែល​បាន​បើក​ចេញ​នូវ​សករាជ​អាកាសចរណ៍​សម្រាប់​មនុស្ស​លោក ។

វិលប័រ រ៉ៃត៍ (Wilbur Wright, 1867-1912)វិលប័រ រ៉ៃត៍ (Wilbur Wright, 1867-1912)

ក្មេងៗ​រពឹស

លោក​អាចារ្យ មីនទីន រ៉ៃត៍ មិន​សប្បាយ​ចិត្ត​នឹង​កូន​ប្រុស​ទាំង​ពីរ​នាក់​របស់​លោក​សោះ ដែល​មួយ​ថ្ងៃៗ​ទៅ​លេង​តែ​ហាល​ថ្ងៃ ដូចជា បង្ហោះ​ខ្លែង​ជាដើម ។ គាត់​ក៏​បាន​ចេញ​បញ្ជា​យ៉ាង​តឹងរ៉ឹង និង​ឃាត់ឃាំង​ឲ្យ​កូន​គាត់​លេង​តែ​ក្នុង​សួនច្បារ​ក្នុង​ផ្ទះ​តែ​ប៉ុណ្ណោះ ។

ក៏​ប៉ុន្តែ វិលប័រ និង អ័រវិល មិន​អាច​នៅ​ស្ងៀម​មិន​កម្រើក​ដៃជើង​បាន​ឡើយ ។ គេ​ទាំង​ពីរ​ត្រូវ​តែ​នឹក​ឲ្យ​ចេញ​នូវ​ល្បែង​អ្វី​មួយ​ដើម្បី​កំសាន្ត​ទើប​បាន ។ ក្រោយ​ពី​បាន​ពិគ្រោះ​គ្នា​អស់ ២-៣​ថ្ងៃ ពីរ​នាក់​បងប្អូន​បាន​សម្រេច​ចិត្ត​រៀប​ដំឡើង​ម៉ាស៊ីន​ក្រឡឹង​មួយ ។

អ័រវិល​ងឿង​ឆ្ងល់ ហើយ​សួរ​បង​ថា «បើ​ពុក​មិន​ឲ្យ​យើង​ចេញ​ផុត​ពី​ផ្ទះ​យ៉ាង​នេះ តើ​យើង​រក​ដែក​បាន​មក​ពី​ណា ?» ។ វិលប័រ​រា​ដៃ «ទុក​ជា​ពុក​ឲ្យ​ច្បាប់​ទៅ​ខាងក្រៅ​ផ្ទះ ក៏​យើង​គ្មាន​លុយ​គ្រប់គ្រាន់​ដើម្បី​ទិញ​ដែក និង​វត្ថុ​ធាតុ​ចាំបាច់​ផ្សេងៗ​ទៀត​ដែរ ។ ល្អ​បំផុត​គឺ​យើង​ទាំងអស់​គ្នា គួរ​តែ​ធ្វើ​ពី​ឈើ​ដែល​មាន​ស្រាប់​នៅ​ក្នុង​សួន​នេះ​តែ​ម្ដង​ទៅ» ។

ពួក​គេ​និយាយ​យ៉ាង​ណា​ធ្វើ​យ៉ាង​ហ្នឹង ។ រ៉ៃត៍​ពីរ​នាក់​បងប្អូន លី​រណារ ញញួរ ពូថៅ មក​ពុះ​ជ្រៀក​ឈើ​ដើម្បី​ធ្វើ​ម៉ាស៊ីន​ក្រឡឹង​តាម​គំរូ​ម៉ាស៊ីន​ដែល​ពួក​គេ​បាន​ឃើញ​កាល​ទៅ​តាម​ឪពុក​ពេល​ទស្សនា​រោងចក្រ ។

លោក​អាចារ្យ​ឃើញ​កូន​មិន​ដើរ​លេង​ពាស​វាល​ពាស​កាល ហើយ​ម្ង៉ៃៗ​សម្ងំ​តែ​ក្នុង​សួន គាត់​សប្បាយ​ចិត្ត​ណាស់ ។ តែ​ពេល​បាន​ដឹង​រឿងរ៉ាវ គាត់​ហួស​ចិត្ត​លើក​ដៃ​ឡើង​ទៅ​លើ​មេឃ ហើយ​និយាយ​ថា «ពិត​ជា​អាកូន​រពឹស​មែន !» ។ តែ​លោក​កាន់​តែ​ភ័ន្តភាំង​ថែម​ទៀត ពេល​ឃើញ​ម៉ាស៊ីន​ក្រឡឹង​ធ្វើ​ពី​ឈើ​របស់​កូន​ប្រុស​លោក​ដំណើរការ​បាន មិន​ខុស​ពី​ម៉ាស៊ីន​ក្រឡឹង​ធម្មតា​ឡើយ ។

អ័រវិល រ៉ៃត៍ (Orville Wright, 1871-1948)អ័រវិល រ៉ៃត៍ (Orville Wright, 1871-1948)

បើ​គ្មាន ត្រូវ​តែ​ច្នៃប្រឌិត​ដោយ​ខ្លួនឯង

នៅ​ឆ្នាំ​ដដែល អ័រវិល មាន​អាយុ​១៤​ឆ្នាំ និង​វិលប័រ មាន​អាយុ​១៨​ឆ្នាំ គេ​បាន​សម្រេច​ចិត្ត​បើក​រោងពុម្ព​មួយ និង​បោះពុម្ព​ផ្សាយ​កាសែត «គ្រាប់ឈូក» ដើម្បី​ធ្វើការ​ទិតៀន​ទម្លាប់​អាក្រក់​របស់​ពួក​កូន​សិស្ស​នៅ​ក្នុង​សាលារៀន ។

អ័រវិល​សួរ​ទៅ​បង​ថា «តើ​គេ​ត្រូវ​ទៅ​រក​ពី​ណា​នូវ​អក្សរ​ពុម្ព និង​ម៉ាស៊ីន​បោះពុម្ព ?» ។ វិលប័រ​និយាយ​យ៉ាង​ដាច់​ណាត់ «បើ​គ្មាន ត្រូវ​តែ​ច្នៃប្រឌិត​ដោយ​ខ្លួនឯង» ។

រួច​គេ​បាន​ធ្វើ​ដោយ​ដៃ​ខ្លួនឯង​ទាំង​ម៉ាស៊ីន​បោះពុម្ព ទាំង​អក្សរ​ពុម្ព ។ បន្ទាប់​ពី​បាន​ស្រាវជ្រាវ​អស់​រយៈពេល​២​ឆ្នាំ គេ​បាន​បើក​រោងពុម្ព​មួយ និង​បោះពុម្ព​ផ្សាយ​កាសែត​ដែល​មិន​ត្រឹមតែ​សម្រាប់​បម្រើ​កុមារ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​បោះពុម្ព​ផ្សាយ​នូវ​សៀវភៅ​តូចៗ និង​ទស្សនាវដ្ដី​សម្រាប់​មនុស្ស​ចាស់​ថែម​ទៀត​ផង ។

សូម្បី​តែ​កង់​ជា​លើក​ដំបូង​បង្អស់ ដែល​ចំពោះ​អ្នក​ទាំងឡាយ គេ​បាន​នាំ​ចូល​មក​ទ្វីប​អាមេរិក ក៏​បងប្អូន​រ៉ៃត៍​អនុវត្ត​គោលការណ៍ «បើ​គ្មាន​ត្រូវ​តែ​ធ្វើ​ដោយ​ខ្លួនឯង ដោយ​ផលិត​បាន​កង់​សម្រាប់​ផ្ទាល់​ខ្លួន​ម្នាក់​មួយ​ទុក​ជិះ​កំសាន្ត» ។

នៅ​លំនៅដ្ឋាន​របស់​ខ្លួន គេ​បាន​បង្កើត​រោងជាង​យន្តកម្ម​មួយ​ដែល​មាន​ឧបករណ៍​ជាច្រើន ។ ពួកគេ​ប្រើ​រោងជាង​នេះ​សម្រាប់​ផលិត​នូវ​ម៉ាស៊ីន និង​គ្រឿង​សម្ភារៈ​ថ្មីៗ​ជាច្រើន ។

ការ​ប្រមាថ​ចំពោះ​អាទិទេព

កាល​ពី​នៅ​កុមារ បងប្អូន​ទាំង​ពីរ​នាក់​ចូលចិត្ត​អាន​រឿង​វេទមន្ត​ណាស់ ។ ជា​ពិសេស​គេ​ចូលចិត្ត​អាន​ដំណើរ​រឿង​ជាង​ពូកែ​កាល​ពី​ជំនាន់​ក្រិក​គឺ ដេដាន ដែល​រួម​ជាមួយ​កូន​ប្រុស​របស់​ខ្លួន​គឺ អ៊ីកា បាន​ស្លាប​ពាក់​ដោយ​រោម​ចាប​ទុក​ហោះហើរ​នៅ​លើ​អាកាស ។

យុវជន​ទាំង​ពីរ​រូប វិលប័រ និង​អ័រវិល បាន​សម្រេច​ចិត្ត​ធ្វើ​ការ​តាមដាន​មើល​ដោយ​ប្រើ​រោម​ក្ងាន​ធ្វើ​ជា​ស្លាប​សម្រាប់​ហើរ​សាកល្បង ។ ពេល​ធ្វើ​ស្លាប​រួច​ហើយ អ័រវិល​ស្ម័គ្រចិត្ត​ហើរ​ពិសោធន៍ គេ​បាន​ពាក់​ស្លាប​រួច​ឡើង​លើ​ដើម​ឈើ​ត្រដាង​ស្លាប ហើយ​លោត​ចុះ​មក​ដី ។ លទ្ធផល​គឺ អ័រវិល​ត្រូវ​ដួល​គ្រេច​ជើង ហើយ​ត្រូវ​ដេក​ស្ដឹង​នៅ​លើ​គ្រែ​រាប់​សប្ដាហ៍ ។

លោក​អាចារ្យ​បាន​ដឹង​រឿង ក៏​ហៅ​កូន​ទាំង​ពីរ​មក​ស្ដី​បន្ទោស «ចូរ​កូន​ត្រូវ​ចាំ មាន​តែ​ទេវតា​ទេ ទើប​មាន​ស្លាប​ហោះហើរ​ក្នុង​លំហ​អាកាស​បាន​ដូច​ជា​ចាប​នោះ ។ ពួកឯង​ចង់​ធ្វើ​ដូច​ទេវតា​គឺ​ជា​ការ​ប្រមាថ​ចំពោះ​ព្រះអាទិទេព ហើយ​មនុស្ស​យើង​ជា​រៀង​រហូត​មិន​អាច​ហោះហើរ​បាន​ទេ​ណា​កូន !» ។

លោក​អាចារ្យ​មិន​នឹង​ស្មាន​ថា រំលង​តែ​រាប់​សិប​ឆ្នាំ​ក្រោម​មក​ទៀត​ប៉ុណ្ណោះ កូន​ប្រុស​របស់​លោក​សម្រេច​ធ្វើ​បាន​នូវ​កិច្ចការ ដែល​ហៅ​ថា «ការ​ប្រមាថ​ចំពោះ​ព្រះអាទិទេព» នោះ ។

៧​ឆ្នាំ​នៃ​ការ​ធ្វើ​ពលកម្ម​ដ៏​តឹងតែង

បងប្អូន​រ៉ៃត៍ ពេល​ណា​ក៏​នឹង​ដល់​ការ​ហោះហើរ​នៅ​ក្នុង​លំហ​អាកាស​ដែរ ។ ការ​ត្រូវ​ដួល​របស់​អ័រវិល ដូច​ទេវតា​ដាក់​ទណ្ឌកម្ម ធ្វើ​ឲ្យ​គេ​អះអាង​ថា គេ​មិន​អាច​ហើរ​ដោយ​ស្លាប​បាន​ទេ តែ​គេ​ត្រូវ​តែ​រិះរក​មធ្យោបាយ​ដើម្បី​ធ្វើ​ជា​ឧបករណ៍​ផ្សេងៗ​ទៀត​ដែល​អាច​ហោះហើរ​បាន ។ គេ​នាំ​គ្នា​រុករក​ស្រាវជ្រាវ​ពី​កាសែត សៀវភៅ ដែល​និយាយ​ពី​ការ​ហោះហើរ សង្កេត​មើល​ចាប​ហើរ ធ្វើ​និង​បង្ហោះ​ខ្លែង​ក្រដាស ដើម្បី​តាម​ដាន​មើល និង​ស្រាវជ្រាវ ។

ដើម្បី​កុំ​ឲ្យ​រំខាន​ដល់​ជំនឿ​ខាង​សាសនា​របស់​ឪពុក បងប្អូន​រ៉ៃត៍​ទាំង​ពីរ​នាក់​លួច​យក​កប៉ាល់​ហោះ​ទៅ​កាន់​ភូមិ​គីទីហុក នៅ​ជាប់​មាត់​សមុទ្រ​អាត្លង់ទិក ចម្ងាយ​ពី​ដៃតុន​ជិត​១០០០​គ.ម ដើម្បី​ធ្វើ​ពិសោធន៍​លើ​ឧបករណ៍​ហោះ​ហើរ​ជា​លើក​ដំបូង​នេះ ។

បន្ទាប់​ពី​ការ​សាកល្បង​ជា​លើក​ដំបូង​នេះ គេ​នៅ​បាន​ផលិត​បន្ថែម​នូវ​កប៉ាល់​ហោះ​២​ទៀត រួច​ទើប​ចាប់​ផ្ដើម​ធ្វើ​ការ​ផលិត​នូវ​យន្តហោះ​មាន​គ្រឿងយន្ត ។

វា​ចាំបាច់​ត្រូវ​តែ​មាន​គ្រឿងយន្ត​ប្រើប្រេង​ឥន្ធនៈ ដែល​ស្រាល និង​ខ្លាំង និង ត្រូវ​មាន​កង្ហា​ថ្មី ។ ពួកគេ​ធ្វើ​ស្លាប​កង្ហា​ដោយ​ដៃ​ឯង ចំណែក​គ្រឿងយន្ត គេ​បាន​ស្វែងរក​ក្រុមហ៊ុន​ដែល​ជំនាញ​ខាង​ធ្វើ​គ្រឿងយន្ត ។ គេ​ដាក់​ពាក្យ​សុំ​ទិញ តែ​ទៅ​ដល់​ណា ក៏​បណ្ដា​វិស្វករ​គ្រវី​ក្បាល​ដូច​គ្នា «ពាក្យ​សុំ​ទិញ​ទំនិញ​របស់​លោក​មិន​អាច​ឆ្លើយ​តប​បាន​ទេ ព្រោះ​កម្រិត​បច្ចេកទេស​មិន​អាច​ធ្វើ​ដល់​កម្រិត​នេះ​ឡើយ» ។

ដូច្នេះ ពួកគេ​ត្រូវ​អនុវត្ត​គោលការណ៍ «បើគ្មាន ត្រូវ​តែ​ធ្វើ​ដោយ​ខ្លួនឯង» ។ បន្ទាប់​ពី​៧​ឆ្នាំ​នៃ​ការ​ធ្វើ​ពលកម្ម​ដ៏​នឿយ​ហត់ តានតឹង អត់​ស៊ី អត់​ឃ្លាន បងប្អូន​រ៉ៃត៍​ក៏​បាន​សម្រេច​ការ​ផលិត​យន្តហោះ​ជា​លើក​ដំបូង​បង្អស់ ។

នៅ​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​១៩០៣ ប្រជាជន​នៅ​ភូមិ​គីទីហុក​ដ៏​តូ​បាន​ធ្វើ​ជា​សាក្សី​ឲ្យ​ការ​ពិសោធន៍​មួយ​ជា​ប្រវត្តិសាស្ត្រ ។ ក្រោយ​ពី​ឮ​ស្នូរ​ម៉ាស៊ីន​ដើរ​អស់​មួយ​សន្ទុះ ធ្វើ​ឲ្យ​កក្រើក​អស់​វាល​ខ្សាច់​មាត់​សមុទ្រ គេ​ឃើញ​លេច​ឡើង​នៅ​លើ​កំពូល​ដំបូក​ខ្សាច់​នូវ​គ្រឿងយន្ត​សម្លែក​មួយ​គ្រឿង ដែល​ហោះ​ហើរ​យ៉ាង​លឿន​ទៅ​ក្នុង​លំហ​អាកាស រួច​បន្ទាប​ស្លាប​ចុះ​បន្តិច​ម្ដងៗ​មក​លើ​វាល​ខ្សាច់ ។ មនុស្សម្នា​នាំ​គ្នា​ស្រ​មក​មើល ទើប​ឃើញ​ជាក់​ជា​រទេះ​ធ្វើ​ពី​ឈើ​មាន​ស្លាប​ធ្វើ​ពី​ក្រណាត់ នៅ​ក្នុង​បន្ទប់​បើកបរ​មាន​យុវជន​ក្មេង​ពីរ​នាក់ ទឹក​មុខ​ឡើង​ក្រហម​ដោយ​សប្បាយ​ចិត្ត ។ គ្រឿងយន្ត​ប្រើ​ប្រេង​ឥន្ធនៈ​នៅ​តែ​ឆេះ​បញ្ចេញ​ស្នូរ ផ្សែង​ខ្មៅ​ខ្មួរខ្មាញ់ ពួកគេ​គឺ​ផលិតករ​រ៉ៃត៍​ទាំង​ពីរ​នាក់​បងប្អូន ដែល​បាន​សាកល្បង​ហោះហើរ​លើក​ដំបូង​នៅ​លើ​យន្តហោះ​ដែល​ពួកគេ​បាន​បង្កើត​ឡើង ។

ដំណើរ​ហោះហើរ​ជា​ប្រវត្តិសាស្ត្រ​នេះ អូស​បន្លាយ​ពេល​បាន​ត្រឹមតែ​៥៩​វិនាទី និង​ហោះ​បាន​ចម្ងាយ​២៦០​ម៉ែត្រ​ប៉ុណ្ណោះ ។

បំណងប្រាថ្នា និង​ការ​ពិត

ពិសោធន៍​ដ៏​មហិមា​របស់​បងប្អូន​រ៉ៃត៍ ពុំ​បាន​ទទួល​ការ​គាំទ្រ​ពី​នរណា​សោះ​ឡើយ ។ កាសែត​នៅ​អាមេរិក​ភាគច្រើន​ពុំ​បាន​ចុះ​ផ្សាយ​ដំណឹង​ពី​ការ​ពិសោធន៍​នេះ​ទេ ។ គេ​មិន​យល់ ហើយ​មិន​ជឿ​ថា មនុស្ស​អាច​នឹង​ផលិត​បាន​នូវ​ឧបករណ៍​ហោះហើរ​បាន​ឡើយ ។ កាសែត​មួយ​នៅ​ដៃតុន​ថែម​ទាំង​បាន​សរសេរ​ថា នេះ​គ្រាន់​តែ​ល្បែង​កំសាន្ត​របស់​យុវជន​ពីរ​នាក់​នៅ​ទីក្រុង​របស់​គេ ដែល​ធ្លាប់​រប៉ិលរប៉ូច​តាំង​ពី​នៅ​តូច​នោះ​ទៀត​ផង ។

បងប្អូន​រ៉ៃត៍ បាន​យក​ឯកទគ្គកម្ម​របស់​ខ្លួន​ទៅ​ជួប​ជាមួយ​អ្នក​កាន់​អំណាច​នៅ​វ៉ាស៊ីនតោន ដើម្បី​សុំ​ជំនួយ​ឧបត្ថម្ភ ។ គេ​បាន​សួរ​វិញ​ថា «អា​ល្បែង​កំសាន្ត​នេះ​វា​មាន​ប្រយោធន៍​អី ?» ។

អ័រវិល​និយាយ​យ៉ាង​ជក់ចិត្ត​ថា «នេះ​ឧបករណ៍​មួយ​ប្រភេទ​អាច​នឹង​បញ្ចប់​នូវ​បណ្ដា​សង្គ្រាម​ឥត​ប្រយោជន៍​ទាំងឡាយ ដែល​ពួក​ស្ដេច​តែងតែ​បង្ក​ឡើង ដើម្បី​សម្លាប់​មនុស្ស​រាល់​គ្នា» ។ ឃើញ​គេ​នៅ​តែ​ងឿង​ឆ្ងល់ អ័រវិល​ពន្យល់​ថា «បើសិន​ជា​ស្ដេច​អង្គ​ណា​មួយ​បង្ក​សង្គ្រាម​ឥត​ហេតុផល​នោះ យើង​គ្រាន់​តែ​ជិះ​លើ​យន្តហោះ​នេះ​ទៅ​ទម្លាក់​គ្រាប់​បែក​ចំ​វិមាន​របស់​ស្ដេច​អង្គ​នោះ វា​ប្រាកដ​ជា​អាច​ពន្លត់​ភ្លើង​សង្គ្រាម​បាន​ភ្លាម» ។

អ្នក​កាន់​អំណាច​នៅ​វ៉ាស៊ីនតោន​នៅ​តែ​មិន​ជឿ​មតិ​របស់​រ៉ៃត៍​ឡើយ ហើយ​ចាត់​ទុក​ថា​ជា​ការ​ប៉ង​ប្រាថ្នា​ស្រមើស្រម៉ៃ​របស់​ពួក​គេ​តែ​ប៉ុណ្ណោះ ។ បងប្អូន​រ៉ៃត៍​ពុំ​បាន​ទទួល​នូវ​ការ​ជួយ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​អាមេរិក​ក្នុង​ការ​អនុវត្ត​ឯកទគ្គកម្ម​ដ៏​មហិមា​របស់​ខ្លួន​ឡើយ ។ ប៉ុន្តែ​៥​ឆ្នាំ​ក្រោយ​មក​ទៀត ពេល​ដែល​យន្តហោះ​ត្រូវ​បាន​គេ​ពិសោធន៍​ដោយ​ជោគជ័យ​នៅ​ប្រទេស​បារាំង ទើប​ឯកទគ្គកម្ម​នេះ​ត្រូវ​បាន​គេ​ទទួល​ស្គាល់ ។ ប្រទេស​ជា​ច្រើន​បាន​នាំ​គ្នា​ប្រណាំងប្រជែង​ផលិត​យន្តហោះ ។ តែ​បំណង​ប្រាថ្នា​បញ្ចប់​សង្គ្រាម​ដោយ​យន្តហោះ​របស់​រ៉ៃត៍​ពុំ​ត្រូវ​បាន​គេ​អនុវត្ត​ឡើយ ។ ផ្ទុយ​មក​វិញ បណ្ដា​ប្រទេស​ចក្រពត្តិនិយម​នានា បាន​ប្រើ​ឯកទគ្គកម្ម​របស់​បងប្អូន​រ៉ៃត៍ សម្រាប់​ពង្រីក​សង្គ្រាម​ជាង​មុន​ទៅ​ទៀត ដើម្បី​សម្លាប់​មនុស្ស​ដ៏​ច្រើន ហើយ​និង​បំផ្លាញ​បណ្ដា​ស្នាដៃ​ច្នៃប្រឌិត​ទាំងឡាយ​របស់​មនុស្ស​លោក​ថែម​ទៀត ។

ដកស្រង់​ពី​សៀវភៅ​កម្រង​ជីវិត​អ្នកប្រាជ្ញ ចងក្រង​ដោយ ចាន់ សុខហេង

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in ប្រវត្តិជនសំខាន់. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s