អ្នកធ្វើការ​ក្នុង​រាជវាំង​សម័យ​ខ្មែរក្រហម

ក្រោយ​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវ​បាន​បង្កើត​ឡើង ការ​បំពាក់បំប៉ន​ឲ្យ​ស្រឡាញ់​បដិវត្តន៍ និង​ការ​អប់រំ​អំពី​គោលនយោបាយ​ខ្មែរក្រហម​ងាយ​នឹង​ជះ​ឥទ្ធិពល​ដល់​ក្មេងៗ​ឲ្យ​ឆាប់​ជឿ និង​ទុកចិត្ត​លើ​បដិវត្តន៍​របស់​អង្គការ​ថា​នឹង​ដឹកនាំ​ប្រទេស​ទៅ​រក​ភាព​រុងរឿង មហាលោតផ្លោះ មហា​អស្ចារ្យ​ណាស់ ។ ជាក់ស្តែង​ណាស់ រ៉ន ហៅ រិទ្ធ ដែល​សព្វថ្ងៃ​រស់នៅ​ក្នុង​ឃុំ​រលាំងកែន ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ដែល​នៅ​ក្នុង​របប​នោះ​ទើបតែ​មាន​អាយុ​១៤​ឆ្នាំ បាន​ចាក​ចេញ​ពី​ផ្ទះ​ទៅ​ចូល​បម្រើ​បដិវត្តន៍​ភ្លាម ក្រោយ​ពី​ឮ​ការ​ឃោសនា​របស់​អង្គការ​បដិវត្ត​រួច​មក ។

តាំងពី​កុមារភាព​ដល់​ធំ​ដឹងក្តី​មក រ៉ន មិន​ដែល​បាន​ចូល​សាលា​ដូច​ជា​ក្មេង​ដទៃ​ទេ ពីព្រោះ​បន្ទាប់​ពី​ឪពុក​ម្តាយ​ស្លាប់​ចោល​អស់​ទៅ រ៉ន ត្រូវ​រស់នៅ​ក្រោម​ការ​ជួយ​ផ្គង់​ផ្គង់​ពី​បងៗ​របស់​ខ្លួន ។ ក្រោយ​ពី​កងទ័ព​ទទួល​បាន​ជ័យជម្នះ​នៅ​ឆ្នាំ​១៩៧៥ ថ្ងៃ​មួយ រ៉ន និង​សមាជិក​ដែល​ធ្វើការ​នៅ​ក្នុង​កងចល័ត​ទាំងអស់​ត្រូវ​បាន​ប្រធាន​កង​ប្រាប់​ថា ឲ្យ​ខិតខំ​ធ្វើការ​ឲ្យ​បាន​ល្អ ព្រោះ​អង្គការ​ថ្នាក់លើ​នឹង​ចុះ​មក​ទស្សនកិច្ច​កន្លែង​របស់​យើង ។ ពេល​នោះ រ៉ន រួម​ទាំង​មិត្ត​នារី​ទាំងអស់​សប្បាយ​ចិត្តជា​ខ្លាំង ពីព្រោះ​ចាប់​តាំង​ពី​ធ្វើការ​មក​មិន​ដែល​បាន​ស្គាល់​ថា អង្គការ​ថ្នាក់លើ​ជា​នរណា​នោះ​ទេ ។ រ៉ន បាន​រៀបរាប់​ថា នៅ​ថ្ងៃ​នោះ​ប្រហែលជា​ម៉ោង​៩​ព្រឹក គាត់​ឃើញ​មាន​រថយន្ត​តូច​មួយ​គ្រឿង​បើក​ចូល​មក ដែល​ក្នុង​រថយន្ត​នោះ​មាន​អង្គការ​ថ្នាក់លើ​ម្នាក់ និង​កងការពារ​ពីរ​នាក់​មាន​ស្ពាយ​កាំភ្លើង​អង្គុយ​ជាមួយ​គាត់ ។ ពេល​ចុះ​ពីលើ​រថយន្ត​ប្រធាន​កងចល័ត​នារី​បាន​ប្រាប់​ថា «នេះ​ជា តា​ម៉ុក ប្រធាន​ភូមិភាគ​និរតី ។ គាត់​ចុះ​មក​ទស្សនកិច្ច​នេះ ដើម្បី​មក​ជ្រើសរើស​ប្រវត្តិរូប​កូន​កសិករ​ក្រីក្រ​មួយ​ចំនួន​យក​ទៅ​បម្រើ​អង្គការ ។ អ្នក​ដែល​អង្គការ​ត្រូវការ​គឺ​យក​ទៅ​ធ្វើការ​នៅ​ភ្នំពេញ» ។ កាល​ណោះ​សមាជិក​កងចល័ត​ទាំងអស់​ភ័យ​ផង​អរ​ផង ពីព្រោះ​មិនដឹង​ថា តា​ម៉ុក ជ្រើសរើស​ចំ​ឈ្មោះ​អ្នក​ណា​ខ្លះ ។ ពេល រ៉ន ឮ​គេ​ហៅ​ឈ្មោះ គាត់​ត្រេកអរ​ជា​ខ្លាំង​ព្រោះ​គិត​ក្នុង​ចិត្ត​ថា នឹង​បាន​ទៅ​ស្គាល់​ទីក្រុង​ភ្នំពេញ​ជា​មិន​ខាន ។

ស្អែក​ឡើង វេលា​ម៉ោង​៨​ព្រឹក រថយន្ត​មួយ​គ្រឿង​បាន​មក​ដឹក​អ្នក​ដែល​មាន​ឈ្មោះ​ទាំង​អស់​ទៅ​ធ្វើការ​នៅ​ភ្នំពេញ ។ ធ្វើ​ដំណើរ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង នៅ​វេលា​ម៉ោង​១១​ថ្ងៃត្រង់ រថយន្ត​ក៏​មក​ដល់​ខេត្តតាកែវ ដែល​នៅ​ទីនោះ រ៉ន បាន​ឃើញ​មនុស្ស​មក​ពី​ខេត្ត​ផ្សេងៗ​ជា​ច្រើន​នាក់​ទៀត ។ ស្នាក់​នៅ​ខេត្តតាកែវ​មួយ​យប់​ ព្រឹក​ឡើង​រថយន្ត​បាន​បន្តដំណើរ​កាត់​តាម​ស្រុក​បាទី ក្រុង​តាខ្មៅ ក្បាលថ្នល់​រហូត​មក​ដល់​មុខ​វាំង រួច​បន្តដំណើរ​ដោយ​ជិះ​កាណូត​មក​ឈប់​នៅ​អរិយក្សត្រ ស្រុក​ល្វាឯម ។

ក្រោយ​ពី​ដាំ​បន្លែ​អស់​រយៈពេល​មួយ​ឆ្នាំ នៅ​ពាក់​កណ្តាល​ឆ្នាំ​១៩៧៦ ស្រាប់តែ​ប្រធាន​អង្គភាព​ប្រាប់​ថា អង្គការ​ត្រូវការ​ជ្រើសរើស​ប្រវត្តិ​រូប​ជា​ថ្មី​ម្ដង​ទៀត ដោយ​យក​តែ​ស្រី​ក្មេងៗ​ដែល​អាយុ​ប្រហែលជា​១៥​ ទៅ ១៧​ឆ្នាំ​ប៉ុណ្ណោះ ឲ្យ​ទៅ​បម្រើការ​នៅ​ក្នុង​ព្រះរាជវាំង ដែល​ក្នុង​នោះ​ក៏​មាន​ឈ្មោះ​របស់ រ៉ន ដែរ ។ ដំបូង រ៉ន ត្រូវ​បាន​ចាត់តាំង​ឲ្យ​ធ្វើ​ជា​អ្នក​ដាំ​ផ្កា និង​ថែទាំ​ផ្កា ។ ប៉ុន្តែ​នៅ​ធ្វើការ​បាន​តែ​មួយ​រយៈ រ៉ន ត្រូវ​បាន​ផ្លាស់​មុខងា​ទៅ​ជា​អ្នក​លើក​ម្ហូបអាហារ​ជូន​សម្តេច​សីហនុ វិញ ដែល​ម្ហូបអាហារ​ទាំងនោះ​មាន​បាយ និង​សម្ល​ធម្មតា​ ដូច​ជា​អ្នកធ្វើការ​ក្នុង​ព្រះរាជ​រាំង​ដែរ ដោយ​ក្នុង​មួយ​ថ្ងៃ​សម្តេច​ទទួល​បាន​តែ​ពីរ​ពេល​ប៉ុណ្ណោះ គឺ​ពេល​ថ្ងៃត្រង់ និង​ពេល​ល្ងាច ។ ដោយសារ​តែ​ពេល​នោះ រ៉ន មិន​ដែល​បានឃើញ​សម្តេច​សីហនុ ពី​មុន​មក ដូច្នេះ​នៅ​ពេល​យក​ម្ហូបអាហារ​ទៅ​ម្តងៗ រ៉ន មិន​ដែល​បាន​និយាយ​ភាសា​ស្តេច​ឡើយ ដោយ​ប្រើ​តែ​ពាក្យ​ថា «ហូប» ដូច​ធ្លាប់​ប្រើ​ជាមួយ​មិត្ត​រួម​ការងារ​ទូទៅ​ដែរ ។ ប៉ុន្តែ រ៉ន មិន​ដែល​ត្រូវ​បាន​សម្តេច​ស្តីបន្ទោស​អ្វី​ឡើយ​ចំពោះ​ពាក្យ​សម្តី​សាមញ្ញ​ទាំងនេះ ។ មួយ​រយៈ​ក្រោយ​មក មាន​មក​អ្នកយាម​ខ្សឹប​ប្រាប់​ថា ជា​សម្តេច​សីហនុ ស្រាប់តែ រ៉ន មាន​ការ​ភ័យ​ខ្លាច​ជា​ខ្លាំង​ដោយសារ​កន្លង​មក​ខ្លួន​មិន​បាន​ប្រើ​ពាក្យ​ត្រឹមត្រូវ​តាម​ភាសា​ស្តេច​ទេ ។ ចាប់ពី​ពេល​នោះ​មក រ៉ន បាន​រៀបចំ​ខ្លួន​ឲ្យ​មាន​របៀប ហើយ​បាន​ប្រើ​ពាក្យ​ជា​ភាសា​ស្តេច​ខ្លះៗ​ដែល​ខ្លួន​ចេះ​ដឹង​ខ្លះៗ ។ រ៉ន នៅ​ចាំ​បាន​ថា ពេល​គាត់​យក​អាហារ​ទៅ​ដល់​ម្តងៗ គាត់​តែងតែ​ឃើញ​សម្តេច​មិន​សូវ​មាន​ព្រះ​ទ័យ​សប្បាយ​រីករាយ​ទេ ដោយ​គាត់​មើល​ទៅ​ហាក់បី​ដូចជា​កំពុង​តែ​គិត​អ្វី​មួយ ។ ប៉ុន្តែ រ៉ន មិន​ហ៊ាន​សួរ ព្រោះ​មាន​តួនាទី​ត្រឹមតែ​យក​អាហារ​ទៅ​ថ្វាយ​ព្រះ​អង្គ​ប៉ុណ្ណោះ ។ ដោយសារ​តែ រ៉ន ជា​មនុស្ស​ស្មោះត្រង់ និង​អាច​ទុកចិត្ត​បាន ថ្ងៃ​មួយ​សម្តេចសីហនុ ក៏​មាន​បន្ទូល​រឿងរ៉ាវ​មួយ​ចំនួន​ប្រាប់​គាត់ ។ «មុន​មក​រស់នៅ​ក្នុង​ព្រះ​បរមរាជវាំង​នេះ អង្គការ​បាន​ឃុំឃាំង​ព្រះ​អង្គ​ចំនួន​ពីរ​ខែ​នៅ​សាល​មហោស្រព​ចតុមុខ» ។ សម្តេច​សីហនុ មាន​បន្ទូល​ប្រាប់ រ៉ន ដោយ​សូរសៀង​ថ្នមៗ​ថា «កូន​កុំ​នៅ​ទី​នេះ​យូរ​ពេក​ក្រែង​មាន​គេ​ឃើញ» ។ ឮ​ដូច្នេះ រ៉ន មិន​ដែល​ហ៊ាន​នៅ​យូរ​ទេ គាត់​តែងតែ​ប្រញាប់​ចេញ​មក​វិញ​ភ្លាម​នៅ​ពេល​ចប់​ភារកិច្ច ។ រ៉ន នៅ​ចាំ​បាន​ថា គាត់​តែងតែ​ឃើញ​មាន​មនុស្ស​ពីរ​នាក់​ផ្សេង​ទៀត​នៅ​ជិត​សម្តេច​សីហនុ ជា​និច្ច ។

ដោយសារ​ធ្វើការ​នៅ​នៅ​ទី​នេះ​យូរ រ៉ន និង​មិត្ត​នារី​ផ្សេង​ទៀត​ដែល​មាន​តួនាទី​ជា​អ្នក​ទទួលភ្ញៀវ​ដូច​គ្នា​បាន​លួច​សួរ​កងការពារ​ថា ភ្ញៀវ​មក​ពី​ប្រទេស​ណាខ្លះ នៅ​ពេល​ដែល​មាន​រថយន្ត​តូច​ចូល​មក​ម្តងៗ ? រ៉ន គ្រាន់តែ​ដឹង​ថា​ភ្ញៀវ​ទាំងនោះ​មក​ពី​ប្រទេស​ចិន ប៉ុន្តែ​មិនដឹង​ថា​ភ្ញៀវ​ទាំងនោះ​មក​ជួប​អ្នក​ណា​ទេ ។ រ៉ន នៅ​ចាំ​បាន​ថា នៅ​ក្នុង​ព្រះរាជវាំង​នេះ​ក៏​មាន​វត្តមាន​លោក ខៀវ សំផន ដែល​មាន​តួនាទី​ជា​ប្រមុខរដ្ឋ​ផង​ដែរ ដោយ​គាត់​មាន​តួនាទី​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ម្ហូបអាហារ​សម្រាប់​សម្តេច​សីហនុ ក្នុង​ពេល​នោះ ។ ប៉ុន្តែ យូរ​ម្តង​ទើប​ឃើញ​លោក ខៀវ សំផន បាន​ទៅ​មើល​ដល់​រោង​បាយ ហើយ​ប្រាប់​ថា «មិន​បាច់​យក​ម្ហូបអាហារ​ទៅ​ច្រើន​ពេក​ទេ ព្រោះ​យក​ទៅ​ច្រើន​នាំ​តែ​សល់» ។ ទោះបីជា រ៉ន ឃើញ​លោក ខៀវ សំផន ឧស្សាហ៍​ចេញចូល​ព្រះរាជវាំង​ញឹកញាប់ ហើយ​ស្នាក់​នៅ​ជាប់​វាំង​ខាងកើត​ក៏​ដោយ ប៉ុន្តែ​គាត់​មិន​ដឹង​ថា ខៀវ សំផន មក​មាន​ការ​អ្វី​ដែរ ។ រ៉ន​នៅ​នឹក​ឃើញ​រូបរាង​របស់ ខៀវ សំផន ថា ខ្ញុំ​មើល​ទៅ​គាត់​មិនមែន​ជា​មនុស្ស​កាច​សាហាវ​ទេ ។ លើស​ពី​នេះ​ទៅ​ទៀត គាត់​និយាយ​រក​មិត្ត​នារី​យើង​ជា​ធម្មតា មិន​ដែល​ប្រើ​ពាក្យ​គំរោះគំរើយ​ឡើយ ។ រយៈពេល​ជាង​ពីរ​ឆ្នាំ​នៅ​ក្នុង​រាជវាំង រ៉ន មិន​សូវ​ជួប​ការ​លំបាក​ប៉ុន្មាន​ទេ​ ហើយ​ក៏​មិន​ដឹង​ថា​បងប្អូន​នៅ​តាម​ស្រុកស្រែ​រស់នៅ​លំបាក​វេទនា​ដោយសារ​តែ​ខ្វះ​អាហារ និង​ការ​យក​មនុស្ស​ទៅ​សម្លាប់​ដែរ ។

នៅ​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​១៩៧៩ រ៉ន បាន​ឃើញ​រថយន្ត​ប្រហែលជា​១០​គ្រឿង​អម​ទៅ​ដោយ​កង​យោធា​ខ្មែរក្រហម​ជា​ច្រើន​នាក់​ចូល​មក​ដល់​ក្នុង​ព្រះរាជវាំង ។ ពេល​នោះ​លោក ខៀវ សំផន បាន​ហៅ​អ្នកធ្វើការ​ក្នុង​ព្រះរាជវាំង​ទាំងអស់​មក​ប្រជុំ​ប្រាប់​ថា ក្បួន​រថយន្ត​ចូល​មក​ថ្ងៃនេះ​គឺថា​សម្តេច​ត្រូវ​បាន​អញ្ជើញ​ទៅ​ប្រទេស​ចិន​ ចំណែក​អ្នកធ្វើការ​ទាំងអស់​ក៏​បាន​ទៅ​ដែរ ប៉ុន្តែ​ត្រូវ​ចាំ​បី​បួន​ថ្ងៃ​ទៀត ។ បី​ថ្ងៃ​ក្រោយមក ស្រាប់តែ​មាន​រថយន្ត​មួយ​មក​ដឹក​ពួក​យើង​ពិតប្រាកដ​មែន ប៉ុន្តែ​មិន​បាន​បើក​សំដៅ​ទៅ​ព្រលាន​យន្តហោះ​ទេ បែរជា​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៥ កាត់​តាម​ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និង​ខេត្តបាត់ដំបង មក​ទម្លាក់​នៅ​ស្រុក​បវេល​ទៅ​វិញ​ព្រោះ​រថយន្ត​អស់​សាំង ។ នៅ​ទី​នេះ មាន​មនុស្ស​ធ្វើ​ដំណើរ​ច្រើន​ណាស់ គឺ​មាន​ប្រជាជន​មក​ពី​គ្រប់កន្លែង ទាំង​ក្មេង​ទាំង​ចាស់ ខ្លះ​ទៀត​ឃើញ​ដេក​ស្លាប់​តាម​ផ្លូវ​ដោយសារ​គ្មាន​អាហារ​បរិភោគ ។

នៅ​ឆ្នាំ​១៩៧៩ ប្រហែលជា​ខែសីហា រ៉ន បាន​សម្រេចចិត្ត​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ ព្រោះ​គិត​ថា បើ​នៅ​តស៊ូ​ក្នុង​ព្រៃ​ប្រាកដជា​ស្លាប់​ក្នុង​ថ្ងៃ​ណា​មួយ​មិន​ខាន ម្យ៉ាងទៀត​ឃើញ​តែ​មនុស្ស​កើត​ជំងឺគ្រុនចាញ់​គ្រប់​គ្នា ។ នៅ​ឆ្នាំ​១៩៧៩-១៩៨០ រ៉ន ទើបតែ​បាន​ដឹង​ច្បាស់​ថា ​របប​ខ្មែរក្រហម​នេះ​បាន​សម្លាប់​មនុស្ស​អស់​ប្រហែល​ជិត​ពីរ​លាន​នាក់ ដោយសារ​ការ​សម្លាប់ ការ​បង្អត់​អាហារ ការ​ធ្វើការ​ហួស​កម្លាំង និង​ការ​ធ្វើ​ទារុណកម្ម ក្រោយ​ពី​ឃើញ​មាន​ភ័ស្តុតាង​ជា​ច្រើន​ដែល​បាន​បន្សល់​ទុក​នៅ​មន្ទីរឃុំឃាំង​ផ្សេងៗ​ ដូចជា​ឆ្អឹង​គជា​គំនរ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ។

សព្វ​ថ្ងៃនេះ ស្ថានភាព​រស់នៅ រ៉ន ជួប​ការ​លំបាក​ជា​ខ្លាំង​ព្រោះ​រស់នៅ​ក្នុង​ផ្ទះ​ខ្ទម​តូច​មួយ​សង់​ផ្ទាល់​ដី ដំបូល​ប្រក់​ស្លឹក​ត្នោត និង​ជញ្ជាំង​ស្លឹក​មាន​ទទឹង​ប្រហែលជា​បួន​ម៉ែត្រ​បួន​ជ្រុង នៅ​ក្នុង​ផ្ទះ​មាន​គ្រែ​ឫស្សី​ចាស់​មួយ​សម្រាប់​សម្រាក​ពេល​យប់ ហើយ​ថែម​ទាំង​ត្រូវ​ខិតខំ​រក​លុយ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ទៀត​ដែល​មាន​ប្តី​ជា​ជន​ពិការ​ជើង​ម្ខាង និង​កូន​ចំនួន​៧​នាក់ ។ ជា​ចុង​ក្រោយ​នេះ រ៉ន បាន​រំឭក​ថា មិន​ដឹង​ពេល​ណា​មាន​វាសនា​បាន​ជួប​សម្តេច​ម្តង​ទៀត​ទេ និង​ថា​តើ​សម្តេច​នៅ​ចាំ​មុខ​គាត់​ដែល​ឬ​អត់ ។ «ខ្ញុំ​សូម​ជូនពរ​ព្រះ​អង្គ​ឲ្យ​មាន​សុខភាព​ល្អ កម្លាំង​មាំមួន អាយុ​យឺនយូរ គ្រាន់​ជា​ម្លប់​សម្រាប់​កូនចៅ​តរៀង​ទៅ» ៕

ដោយ សុខ វណ្ណៈ ទស្សនាវដ្ដី​ស្វែងរកការពិត លេខ​១១៨ ខែតុលា ឆ្នាំ​២០០៩

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in ចំណេះ​ធ្វើ, ប្រវត្តិសាស្ត្រ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s