ប្រព័ន្ធ​កសិកម្ម​ដែល​មាន​ដំណាំ​ស្រូវ​ជា​មូលដ្ឋាន

ព្រះមេ ឬ ព្រះមាតា ឬ ព្រះប្រពៃស្រព

ដំណាំ​ស្រូវ​នៅ​កម្ពុជា

ពិនិត្យ​ដោយ បណ្ឌិត ម៉ែន សារុម

ជំពូក​៧

ប្រព័ន្ធ​កសិកម្ម​ដែល​មាន​ដំណាំ​ស្រូវ​ជា​មូលដ្ឋាន

ភាវ សុវុទ្ធី ចាន់ ផលលឿន អ៊ុង សុភាព និង នាង សាវុឌ្ឍឌី

មក​ទល់​បច្ចុប្បន្ន វិស័យ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា​នៅ​តែ​បាន និង​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ព្រមទាំង​បន្ត​គាំទ្រ និង​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ភាគច្រើន​ដែល​រស់នៅ​តាម​ទី​ជនបទ ។ ផលិតផល​ក្នុងស្រុក​សរុប (GDP) (NIS,2001) ប្រមាណ ៣៧,៦ ភាគរយ បាន​មក​ពី​វិស័យ​កសិកម្ម ។

ហេតុ​ដូចនេះ​ហើយ​បាន ជា​រាជរដ្ឋាភិបាល​កម្ពុជា នា​អណត្តិ​ទី​៣ បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​ជា​យុទ្ធសាស្ត្រ សំដៅ​លើក​កម្ពស់​ផលិតភាព​កសិកម្ម និង​ពិពិធកម្ម​វិស័យ​កសិកម្ម ឲ្យ​ក្លាយ​ទៅ​ជា​ផ្នែក​នាំមុខ​មួយ​ដែល​អាច​ផ្តល់​ជីវភាព​បន្ថែម​ដល់​កំណើន​សេដ្ឋកិច្ច និង​អាច​ចូលរួម​វិភាគទាន​យ៉ាង​សកម្ម​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា (RGC, 2004) ។ ក្នុង​ទិសដៅ​នេះ ការ​ប្រើប្រាស់​ធនធាន​ក្នុងស្រុក​សម្រាប់​អនុវត្ត​ពហុវប្បកម្ម និង​ប្រពលវប្បកម្ម​កសិកម្ម ដើម្បី​ធានា​បាន​និរន្តរភាព​នៃ​កំណើន​សេដ្ឋកិច្ច បង្កើត​ការងារ និង​បង្កើន​ប្រាក់​ចំណូល​នៅ​ទី​ជនបទ ព្រមទាំង​ធានា​សន្តិសុខ​ស្បៀង​សម្រាប់​ប្រជាជន​ទូទៅ បាន​ត្រូវ​បង្កើន​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​របប​អាហារូបត្ថម្ភ​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់​រូប និង​បង្កើន​ការ​នាំ​ចេញ​កសិផល ។

ដូច​បាន​រៀបរាប់ ផលិតកម្ម​ដំណាំ​មាន​សារសំខាន់​ណាស់ ក្នុង​វិស័យ​កសិកម្ម​ក៏​ដូច​ជា​ក្នុង​សកម្មភាព​សេដ្ឋកិច្ច ជា​ពិសេស​នៅ​តំបន់​ទី​ជនបទ ហើយ​វា​បាន​រួមចំណែក​យ៉ាង​ធំធេង​ក្នុង​ការ​បង្កើន​ផលិតផល​ក្នុងស្រុក បើ​ប្រៀបធៀប​ទៅ​នឹង​វិស័យ​ផ្សេងៗ​ទៀត ។ ផលិតកម្ម​ដំណាំ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​វិស័យ​ដទៃ​ទៀត​នៃ​សេដ្ឋកិច្ច ដូចជា ការ​ចិញ្ចឹម​សត្វ ឧស្សាហកម្ម និង​ពាណិជ្ជកម្ម ដែល​លទ្ធផល​នៃ​សកម្មភាព​ទាំងនេះ​កំណត់​ដោយ​វិស័យ​ផលិតកម្ម​ដំណាំ ។ ហេតុ​ដូច្នេះ កំណើន​នៃ​ផលិតកម្ម​ដំណាំ គឺជា​ទឡ្ហីករណ៍ (Determinant) ដ៏​សំខាន់​ក្នុង​ការ​បង្ហាញ​នូវ​កម្រិត​លូតលាស់​របស់​សេដ្ឋកិច្ចជាតិ​ជា​រួម (Singh, 2000) ។

ស្រូវ​នៅ​តែ​ជា​ប្រភព​អាហារ​ដ៏​ចម្បង​របស់​ប្រជាជន​នៅ​អាស៊ី ក៏​ដូច​ជា​កម្ពុជា ហើយ​តួនាទី​នេះ​ស្ថិត​នៅ​ជា​ចិរកាល ។ ផលិតកម្ម​ដំណាំ​ស្រូវ ត្រូវ​បាន​ប្រជាជន​កម្ពុជា​រស់នៅ​តាម​ជនបទ​ច្រើន​ជាង ៨០ ភាគរយ ជ្រើសរើស​ជា​មុខរបរ​ប្រចាំជីវិត ។ ចាប់ពី​ឆ្នាំ​១៩៩៥ មក ប្រទេស​កម្ពុជា​ផលិត​ស្រូវ​សម្រាប់​បរិភោគ​គ្រប់គ្រាន់ និង​លើស​សេចក្តី​ត្រូវការ​ក្នុងស្រុក​ទៀត​ផង (Nesbitt, 1997; Ouk et al., 2001) ។ ផ្ទៃដី​ដាំដុះ​ស្រូវ​នៅ​ប្រទេស​កម្ពុជា​បាន​កើនឡើង​រហូត​ដល់ ២,២ លាន​ហិកតា ក្នុង​ឆ្នាំ​២០០៣ ហើយ​ទិន្នផល​ស្រូវ​មធ្យម​គឺ ២,១ តោន​ក្នុង ១ ហិកតា (MAFF, 2003) ។

ប៉ុន្តែ គេ​ពិនិត្យ​ឃើញ​ថា ប្រព័ន្ធ​ដាំដុះ​ដំណាំ​ស្រូវ​តែ​មួយ​មុខ​បាន​ផ្តល់​មក​នូវ​ចំណូល​ទុន​មាន​កម្រិត ហេតុ​ដូចនេះ​ការ​ផ្លាស់​ប្តូរ​ផ្ទៃដី​ដាំដុះ​ស្រូវ ឬ​ត្រូវ​ជំនួស​វិញ​ដោយ​ដំណាំ​ដែល​ផ្តល់​នូវ​ប្រាក់​ចំណេញ​ខ្ពស់ តាម​រយៈ​ការ​ធ្វើ​ពិពិធកម្ម​ដំណាំ គឺជា​ដំណោះស្រាយ​មួយ​គួរ​ពិចារណា ។ ការ​ធ្វី​ពិពិធកម្ម​លើ​ដំណាំ​ដែល​មាន​តម្លៃ​សេដ្ឋកិច្ច​ខ្ពស់​ជាង​ស្រូវ ដូច​ជា ដំណាំ​កសិ-ឧស្សាហកម្ម បន្លែ ឈើ​ហូប​ផ្លែ និង​ពពួក​ផ្កា បាន​ទទួល​ជោកជ័យ​នៅ​តាម​បណ្តា​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​តំបន់ ទោះបីជា​ការ​ធ្វើ​ផលិតកម្ម វា​ទាមទារ​នូវ​ពេលវេលា និង​គុណភាព​ផលិតផល ដែល​ជា​ចំណុច​សំខាន់​សម្រាប់​ភាព​ទទួល​ជោកជ័យ​នៃ​ទីផ្សារ​ក៏​ដោយ ។ ផ្ទុយ​ទៅ​វិញ កង្វះខាត​ប្រភព​ធនធាន ហេដ្ឋារចនាសម្ព័ន្ធ និង​បណ្តាញ​ទីផ្សារ​អាច​នាំ​ឲ្យ​កសិករ​ក្រីក្រ​មិន​អាច​សម្រេច​បំណង​នេះ​បាន (Chainuvati and Athipanan, 2000; Singh, 2000) ។

គោលបំណង​សំខាន់​ក្នុង​ការ​រៀបចំ​អត្ថបទ​នេះ​ឡើង គឺ​អ្នកនិពន្ធ​មាន​បំណង​ចូលរួម​ចំណែក​ផ្តល់​ពុទ្ធិ​មួយ​ចំនួន​ជុំវិញ​ការ​បង្កើន​ផលិតភាព​កសិកម្ម តាម​រយៈ​ការ​លើក​មក​បង្ហាញ​នូវ​ការ​អនុវត្ត និង​បណ្តា​អានុសាសន៍​ល្អៗ​ដែល​ជា​ចំណុច​យុទ្ធសាស្ត្រ ក្នុង​ការ​អភិវឌ្ឍ​ផលិតកម្ម​ដំណាំ​ស្រូវ និង​ការ​ធ្វើ​ពិពិធកម្ម​កសិកម្ម​ដែល​មាន​ដំណាំ​ស្រូវ​ជា​មូលដ្ឋាន​នៅ​ក្នុង​ក្របខណ្ឌ​ដាំដុះ​ប្រទេស​កម្ពុជា ។

៧.១. ប្រព័ន្ធ​កសិកម្ម និង​របប​ទឹក​ភ្លៀង

ការ​ដាំដុះ​ដំណាំ​ស្រូវ​នៅ​ក្នុង​ប្រទេស​កម្ពុជា ច្រើន​ស្ថិត​នៅ​តំបន់​ដែល​ទទួល​របប​ទឹកភ្លៀង​ចន្លោះ​ពី ១២៥០ ទៅ ១៧៥០ មម ។ របប​ទឹកភ្លៀង​បែប​នេះ មាន​លក្ខណៈ​សម​ស្រប​ឲ្យ​ដំណាំ​ស្រូវ​ទទួល​នូវ​ភោគផល​ល្អ ប្រសិនបើ​មាន​របប​ទឹកភ្លៀង​ទៀងទាត់ ។ ផ្ទុយ​ទៅ​វិញ ភាព​មិន​ប្រក្រតី​នៃ​របប​ទឹកភ្លៀង បណ្តាល​ឲ្យ​ទិន្នផល​ស្រូវ​ត្រូវ​ធ្លាក់​ចុះ និង​ភាព​មិន​អំណោយផល​ដល់​ប្រព័ន្ធ​កសិកម្ម​ផ្សេងៗ​ទៀត ។ ភ្លៀង​ចាប់​ផ្ដើម​ធ្លាក់​មាន​ការ​ពន្យា​ពេល​ ហើយ​តែងតែ​កើត​មាន​ដំណាក់កាល​រាំង​ស្ងួត (កូន​រដូវប្រាំង) រយៈពេល​ពី ៣​សប្ដាហ៍ ឬ​ច្រើន​ជាង​នេះ​នៅ​ចុង​ខែកក្កដា រហូត​ដល់​ខែ​សីហា ។ ជួនកាល​ភ្លៀង​ធ្លាក់​ជោកជាំ​ពេក​នៅ​លើ​ដី​ជាំ​ទឹក ក៏​អាច​បណ្តាល​ឲ្យ​មាន​ការ​ខូចខាត​ផលដំណាំ​ដទៃ​ទៀត​ដែល​គេ​និយម​ដាំ​នៅ​ដើមរដូវ​វស្សា​មុន​ដំណាំ​ស្រូវ ។

ជា​ទូទៅ កសិករ​និយម​ប្រើប្រាស់​ពូជ​ប្រកាន់​រដូវ (ពូជ​វេទរស​នឹង​រយៈ​ពន្លឺ) ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ភាព​មិន​ទៀងទាត់​នៃ​របាយ​ទឹកភ្លៀង ។ ពូជ​ទាំងនេះ​ចាប់ផ្តើម​បង្កើត​កួរ​ទៅ​តាម​រយៈពេល​នៃ​ពន្លឺ​ថ្ងៃ​កំណត់​មួយ នៅ​ចំពោះ​ហេតុផល​នេះ ការ​ស្ទូង​របស់​កសិករ​អាច​ពន្យា​ពេល​រហូត​ដល់ ៥​ខែ បន្ទាប់​ពី​សាប​ព្រោះ​រួច ។

ភាព​ខ្សត់​ទឹក​នៅ​ចុងរដូវ បាន​កាត់​បន្ថយ​នូវ​សក្តានុពល​នៃ​ការ​ដាំដុះ​ដំណាំ​បន្ទាប់បន្សំ​ដទៃ​ទៀត ក្រោយ​ដំណាំ​ស្រូវ ដោយសារ​ដំណាំ​ទាំងនោះ​មាន​ប្រព័ន្ធ​ឫស​រាក់ រួម​ផ្សំ​ជាមួយ​នឹង​ដី​ដែល​មាន​សមត្ថភាព​ចាប់​យក​ទឹក​មាន​កំណត់​ផង​នោះ ធ្វើ​ឲ្យ​ដី​ប្រែ​ក្លាយជា​មាន​សភាព​ស្ងួត​យ៉ាង​ឆាប់​រហ័ស ។ យ៉ាងណាមិញ ភាព​មិន​ទៀងទាត់​នៃ​របាយ​ទឹកភ្លៀង​នៅ​ចុង​នៃ​ដើមរដូវ​វស្សា ជំរុញ​ឲ្យ​កសិករ​ធ្វើ​ពិពិធកម្ម​ពូជស្រូវ​ដែល​មាន​អាយុកាល​ខុសៗ​គ្នា ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ទទួល​ទិន្នផល​មិន​បាន​សម​ស្រប ។

៧.២. ប្រព័ន្ធ​កសិកម្ម និង​ដី​ដាំដុះ​ដំណាំ

ផ្ទៃដី​ដាំដុះ​ដំណាំ​ស្រូវ​នៅ​ប្រទេស​កម្ពុជា ភាគច្រើន​ជា​ប្រភេទ​ដី​ជាំ​ទឹក​នៅ​ស្រទាប់​ក្រោម ។ ដី​ទាំងនេះ​ងាយស្រួល​នឹង​ទទួល​រង​នូវ​ជំនន់​នៅ​ពេល​មាន​ភ្លៀង​មូសុង​ច្រើន​ដង ។ ការ​ដាំដុះ​ដំណាំ​ខ្ពង់រាប​នៅ​លើ​ដីស្រែ​ទាំងនេះ​ទាមទារ​នូវ​ការ​ធ្វើ​ប្រឡាយ​បង្ហូរទឹក​ចេញ ។ ឧទាហរណ៍​ដូច​ជា ពោត អំពៅ ថ្នាំជក់ និង​ល្ង ត្រូវ​បាន​ដាំដុះ​នៅ​លើ​ដី​ច្រាំង​ទន្លេ ។ ដំណាំ​ល្ង​ពេល​ខ្លះ​ត្រូវ​បាន​ដាំ​មុន​ស្រូវ​ឡើង​ទឹក​នៅ​តំបន់​ដី​ដែល​មាន​ជីជាតិ​ខ្ពស់ ។ ចំណែក​ដំណាំ​អំពៅ​ និង​ថ្នាំជក់​ត្រូវ​បាន​ដាំ​នៅ​លើ​អំពក​ដី​ដែល​ស្ថិត​នៅ​ជិត​ផ្ទះ ។ ដោយឡែក ដំណាំ​សណ្តែកដី​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាន​ការ​ដាំដុះ​នៅ​លើ​ប្រភេទ​ដីខ្សាច់​ច្រោះ​ទឹក​ល្អ​នៅ​តំបន់​ស្រែ​ខ្ពស់ៗ ។ ដី​តំបន់​នេះ​មាន​សក្តានុពល​ខ្ពស់​ណាស់ សម្រាប់​ដាំដុះ​ដំណាំ​ផ្សេងៗ ក្រៅពី​ស្រូវ​ក្នុង​លក្ខខណ្ឌ​ដែល​មាន​ការ​ស្រោចស្រព ។

ដំណាំ​សណ្តែកបាយ និង​សណ្តែកសៀង​ត្រូវ​បាន​ដាំដុះ​នៅ​លើ​ដី​មាន​ជីជាតិ​បង្គួរ នៅ​តំបន់​ជម្រាល​ខាងលើ​នៃ​តំបន់​ដាំដុះ​ស្រូវ​ក្នុង​ខេត្តកំពង់ចាម ។ មិន​តែ​ប៉ុណ្ណោះ កសិករ​ដែល​ដាំដុះ​ដំណាំ​ស្រូវ ក៏​បាន​ដាំ​ដំណាំ​សណ្តែកបាយ និង​សណ្តែកសៀង​នៅ​លើ​ដីស្រែ​តូចៗ​របស់​គាត់​ផង​ដែរ នៅ​បណ្តា​ខេត្ត​ដទៃ​ទៀត​ទូទាំង​ប្រទេស ។

៧.៣. ប្រព័ន្ធ​ដាំដុះ​ដំណាំ

ប្រព័ន្ធ​ដាំដុះ​ដំណាំ​ដែល​មាន​ដំណាំ​ស្រូវ​ជា​មូលដ្ឋាន ត្រូវ​បាន​គ្របដណ្តប់​នៅ​លើ​ផ្ទៃដី​ដាំដុះ​ភាគច្រើន​នៃ​តំបន់​ដាំដុះ​ស្រូវ​ទំនាប​ពឹងផ្អែក​លើ​របប​ទឹកភ្លៀង ។ ចំណែក​តំបន់​ដាំដុះ​ដំណាំ​ខ្ពង់រាប​មាន​ផ្ទៃដី​តូច ប៉ុន្តែ​ពោរពេញ​ដោយ​ការ​អនុវត្ត​នូវ​ប្រព័ន្ធ​ដាំដុះ​ផ្សេងៗ​គ្នា​ជា​ច្រើន ។

៧.៣.១. ប្រព័ន្ធ​ដាំដុះ​ដំណាំ​ស្រូវ

ការ​ដាំដុះ​ដំណាំ​ស្រូវ​មាន​ការ​ប្រែប្រួល គួរ​ឲ្យ​កត់សម្គាល់​ទៅ​តាម​តំបន់​ក្សេត្រ​បរិស្ថាន នៃ​តំបន់​ដាំដុះ​ស្រូវ​ស្រែ​ទំនាប​ពឹងផ្អែក​លើ​របប​ទឹកភ្លៀង តំបន់​ខ្ពង់រាប តំបន់​ស្រូវ​ឡើង​ទឹក (ទឹក​ជម្រៅ) និង​តំបន់​ស្រោចស្រព ។ កសិករ​នៅ​តំបន់​ស្រូវ​ស្រែ​ទំនាប​ពឹងផ្អែក​លើ​ទឹកភ្លៀង ចាប់ផ្តើម​ដាក់​ជី​លាមក​សត្វ​ទៅ​ក្នុង​ស្រែ​ក្នុង​ខែមេសា និង​ខែឧសភា​រៀង​រាល់​ឆ្នាំ ។ ក្នុង​ខណៈ​ពេល​ដែល​ពុំ​មាន​លាមក​សត្វ​គ្រប់គ្រាន់ កសិករ​និយម​ដាក់​ជី​កំប៉ុស្ត​លាយ​ជាមួយ​លាមក​សត្វ​ទៅ​ក្នុង​ថ្នាលសំណាប ដើម្បី​ជួយ​ឲ្យ​ដី​ថ្នាល​ផុស​ល្អ​ងាយស្រួល​ក្នុង​ការ​ភ្ជួរ​រាស់ និង​ជំរុញ​នូវ​ការ​លូតលាស់​របស់​សំណាប ។ អាស្រ័យ​ទៅ​តាម​លទ្ធភាព​ដែល​មាន​កម្រិត​នៃ​ជីលាមក​សត្វ ដែល​គេ​និយម​ប្រើ ប្រែប្រួល​ពី ២០០-៣០០ គក ទៅ ២៥ តោន ក្នុង ១ ហិកតា​ថ្នាលសំណាប (Lando and Solieng, 1994) ។

នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់​សម្រាប់​រៀបចំ​ថ្នាលសំណាប​នោះ ដីស្រែ​ត្រូវ​បាន​ភ្ជួរ​ពីរ​ដង និង​រាស់​មួយ​ដង ឬ​ពីរ​ដង ដើម្បី​ពង្រាបដី ។ ដីស្រែ​ត្រូវ​បាន​ភ្ជួរ​ជា​អាចម៍បំណាស់ ទៅ​តាម​គន្លង​នង្គ័ល​នៃ​ស្រែ​នីមួយៗ ដើម្បី​ជួយ​សម្រួល​ដល់​ការ​បញ្ចេញ​ទឹក​ពី​ស្រែ ។ ថ្នាលសំណាប​ដែល​បាន​រៀបចំ​រួច​ជា​ស្រេច​នោះ ត្រូវ​បាន​សាប​ភ្លាម​ជាមួយ​គ្រាប់ពូជ​ដែល​បាន​ត្រាំ​ទឹក​រយៈពេល ២៤-៣៦​ម៉ោង ។ កម្រិត​គ្រាប់ពូជ​ដែល​ត្រូវ​សាប​ប្រែប្រួល​ពី ៥០-៧០ គក ក្នុង ០,១ ហិកតា​ថ្នាលសំណាប អាស្រ័យ​ទៅ​តាម​កម្រិត​ជីជាតិ​ដី និង​ទម្លាប់​កសិករ ។ ជា​ទូទៅ ថ្នាលសំណាប​ត្រូវ​បាន​កសិករ​ប្រើប្រាស់​ពី ១៥-២៥ ភាគរយ​នៃ​ផ្ទៃដី​ដាំដុះ​សរុប​របស់​គាត់ ហើយ​ច្រើន​ស្ថិត​នៅ​ក្បែរ​ផ្ទះ និង​តំបន់​ដែល​មាន​ការ​ផ្គត់ផ្គង់​ទឹក​សម្រាប់​ស្រោចស្រព​បន្ថែម ។

ស្រែ​សម្រាប់​ស្ទូង​ត្រូវ​បាន​ភ្ជួរ​រាស់​ក្នុង​រយៈពេល​ពី ទៅ ៣ ខែ ក្រោយ​ពេល​មាន​ការ​រៀបចំ​ថ្នាលសំណាប​រួចរាល់ ហើយ​ក៏​អាស្រ័យ​ផង​ដែរ​ទៅ​នឹង​របាយ​ទឹកភ្លៀង ។ ស្រែ​ដែល​មាន​ទឹក​ដក់​ស្រាប់​ត្រូវ​បាន​គេ​និយម​ស្ទូង​មុន ។ ចំពោះ​ដី​ដែល​ងាយ​ហាប់​ណែន​ក្រោយ​ពេល​ភ្ជួរ​រួច​នោះ ការ​ភ្ជួរ​រាស់​គួរ​ធ្វើ​ឡើង​មួយ​ថ្ងៃ​មុន​ពេល​ស្ទូង ។ ការ​ស្ទូងស្រូវ​ប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់ កសិករ​ខ្លះ​ចាប់ផ្តើម​ដាក់​ជី​ទ្រាប់​បាត ខ្លះ​ទៀត​ជ្រលក់​គល់ និង​ឫស​ស្រូវ​ទៅ​នឹង​ល្បាយ​ជីគីមី​នៅ​លើ​ដីខ្សាច់ និង​ជី​លាមក​សត្វ​លាយ​បញ្ចូល​គ្នា ។ ឈើច្រាន (Transplanting stick) ក៏​ត្រូវការ​ផង​ដែរ​នៅ​លើ​ដី​ខ្លះ ពិសេស​នៅ​លើ​ដីខ្សាច់ ហើយ​ដង់ស៊ីតេ​សំណាប​សម្រាប់​ស្ទូង​ប្រែប្រួល​ពី ៨​ម៉ឺន ទៅ ៨​សែន​គុម្ព ក្នុង ១ ហិកតា សម្រាប់​ពូជស្រូវ​ទំនើប ។

ការ​ធ្វើ​ស្រូវ​ពង្រោះ​ក៏​មាន​ការ​អនុវត្ត​ផង​ដែរ នៅ​ក្នុង​ខេត្តបាត់ដំបង និង​តំបន់​ខ្លះ​ទៀត​នៃ​ខេត្តពោធិ៍សាត់ និង​បន្ទាយមានជ័យ ។ ការ​ធ្វើ​ស្រូវ​ពង្រោះ​ច្រើន​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ការ​ភ្ជួរ​រាស់​ដី ២​ដង​សិន ទើប​ព្រោះ​គ្រាប់​ស្ងួត ហើយ​ពេល​ខ្លះ រាស់​ដី​តែ ១ ដង​ក្រោយ​ពេល​ពង្រោះ ។ ការ​ធ្វើ​ស្រូវ​ពង្រោះ​កម្លាំង​ពលកម្ម​សម្រាប់​រៀបចំ​ថ្នាល​សំណាប និង​ស្ទូង​មិន​ត្រូវការ​ប្រើប្រាស់​ទេ ។ ប៉ុន្តែ​ស្មៅចង្រៃ​ច្រើន​បង្ក​ជា​បញ្ហា​ក្នុង​ការ​អនុវត្ត​បច្ចេកទេស​នេះ ហើយ​កសិករ​និយម​ភ្ជួរ​ចោល​ម្តង​នៅ​ពេល​ពី ទៅ ៨ សប្ដាហ៍ ក្រោយ​ស្រូវ​បាន​ដុះ​ឡើង ដើម្បី​សម្លាប់​ស្មៅចង្រៃ ។ នៅ​ដំណាក់កាល​នេះ ស្រូវ​មានកម្ពស់​សម​ល្មម​នឹង​ដួល ប៉ុន្តែ​ឫស​មាន​ភាព​ចំណាស់​គ្រប់គ្រាន់​សម្រាប់​បន្ត​ការ​លូតលាស់​រហូត​ដល់​ទុំ ។

 

ភាគបន្ត

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in កសិកម្ម and tagged , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s