ផ្លែ​ចម្ប៉ាដាក់​មិន​ឆ្ងាញ់​ទេ​ចំពោះ​មូស

មូស​កំពុង​បឺត​ជញ្ជក់​ឈាម​ពី​បន្ទះ​ស្បែក​និង​ឈាម​សិប្បនិមិត្ត ។ នៅ​ក្នុង​ការ​ធ្វើ​តេស្ត​នេះ អ្នកវិទ្យាសាស្ត្រ​នៃ ARS បាន​រក​ឃើញ​ថា នៅ​ពេល​ត្រណក​សារធាតុ​គីមី​បាន​ពី​ចម្ប៉ាដាក់​ត្រូវ​បាន​ដាក់​នៅ​ក្នុង​បន្ទះ​សិប្បនិមិត្ត មូស​មិន​បឺត​ជញ្ជក់​ទេ

ចម្ប៉ាដាក់ (ន.) ឈ្មោះ​ឈើ​មាន​ផ្លែ​ដូច​ខ្នុរ តែ​ផ្លែ​តូច​ៗ ហើយ​មាន​ក្លិន​ក្រអូប ផ្អែម​ល្ងាន់​ជាង​ខ្នុរ ។

ម្ហូបអាហារ​តំបន់​ត្រូពិក​ដែល​មនុស្ស​ជាច្រើន​សាទរ​ថា​ជា​ដំណោះស្រាយ​ចំពោះ​ភាព​អត់ឃ្លាន​នៅ​លើ​ពិភពលោក ក៏​មាន​ផ្ទុក​នូវ​សមាសធាតុ​ដែល​អាច​ជួយ​ការពារ​មូស​មិន​ឲ្យ​ពង្រាយ​ជំងឺ​ធ្ងន់ធ្ងរ និង​ជំងឺ​បណ្ដាល​ឲ្យ​ស្លាប់​នានា ដូចជា គ្រុនចាញ់ ផ្ដាសាយ​លឿង និង​គ្រុនឈាន ។

ចម្ប៉ាដាក់ ឈ្មោះ​វិទ្យាសាស្ត្រ Artrocarpus altilis ជា​ដំណាំ​ហូបផ្លែ​ចម្បង​មួយ​នៅ​តំបន់​ត្រូពិក ត្រូវ​បាន​គេ​ដាំដុះ​ក្នុង​រយៈកាល​ជាង ៣០០០​ឆ្នាំ​មក​ហើយ នៅ​ទូទាំង​ទ្វីប​អូសេអានី​ក្នុង​ប្រទេស​មេឡាណេស៊ី មីក្រូណេស៊ី និង​ប៉ូលីណេស៊ី ។ ផ្លែ​ចម្ប៉ាដាក់​សម្បូណ៌​ទៅ​ដោយ​អាមីដុង និង​សារធាតុ​ចិញ្ចឹម ។ ក្រៅ​ពី​ជា​អាហារ​មាន​តម្លៃ​ផ្នែក​អាហារូបត្ថម្ភ ចម្ប៉ាដាក់​ត្រូវ​បាន​ប្រើ​នៅ​កោះ​ហាវ៉ៃ និង​តំបន់​ដទៃ​ទៀត​សម្រាប់​គ្រប់គ្រង​សត្វ​ល្អិត ។ ប្រជាជន​ដុត​កញ្ចុំ​ផ្កា​ស្ងួត ដែល​ពាក្យ​បច្ចេកទេស​ហៅ​ថា «កញ្ចុំ​ផ្កា​ឈ្មោល (Male inflorescences)» ដើម្បី​បណ្ដេញ​សត្វ​ល្អិត​មាន​ស្លាប ក្នុង​នោះ​ក៏​មាន​មូស​ផង​ដែរ ។

អ្នកវិទ្យាសាស្ត្រ​មក​ពី​សេវា​ស្រាវជ្រាវ​កសិកម្ម (ARS) និង​ពី​សាកលវិទ្យាល័យ British Columbia នៃ​ប្រទេស​កាណាដា បាន​ធ្វើ​ការ​រួម​គ្នា​កំណត់​អត្តសញ្ញាណ​សារធាតុ​គីមី​ធម្មជាតិ​មាន​នៅ​ក្នុង​ចម្ប៉ាដាក់​ដែល​ធ្វើ​ឲ្យ​សត្វ​ល្អិត​រួញរា ។

លោក Charles Cantrell ជា​គីមីវិទូ​នៅ​អង្គភាព​ស្រាវជ្រាវ​ការ​ប្រើប្រាស់​ផលិតផល​ធម្មជាតិ (NPURU) នៃ ARS នៅ​ក្រុង Oxford រដ្ឋ Mississippi មាន​ប្រសាសន៍​ថា «យើង​រក​ឃើញ​ថា សារធាតុ​គីមី​បី​ប្រភេទ​គឺ​អាស៊ីត Capric, Undecanoic និង​អាស៊ីត Lauric មាន​តួនាទី​ក្នុង​សកម្មភាព​បណ្ដេញ​សត្វ​ល្អិត ។ សារធាតុ​គីមី​ទាំងនេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អាស៊ីត​ខ្លាញ់​ឆ្អែត C10, C11 និង C12» ។

កញ្ចុំ​ផ្កា​ឈ្មោល​បាន​ពី​ការ​ប្រមូលផ្ដុំ​ចម្រុះ​នៃ​ដើម​ចម្ប៉ាដាក់​ត្រូវ​បាន​ហាល​សម្ងួត​ដោយ​កម្ដៅ​ថ្ងៃ​នៅ​វិទ្យាស្ថាន​ចម្ប៉ាដាក់​ស្ថិត​ក្នុង​សួន​រុក្ខជាតិ​ត្រូពិក​ជាតិ​នៅ​ក្រុង Kalaheo រដ្ឋ Hawaii និង​បាន​ផ្ដល់​ទៅ​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​ដើម្បី​ធ្វើ​តេស្ត ។ អ្នកវិទ្យាសាស្ត្រ​នៃ ARS ប្រមូល​សំណាក​ផ្សែង​នៅ​ពេល​ដុត​កញ្ចុំ​ផ្កា​ឈ្មោល​ទាំងនោះ​តាម​វិធី​ធម្មតា​ដែល​គេ​តែងតែ​ធ្វើ​នៅ​តាម​បណ្ដា​តំបន់​ប៉ាស៊ីហ្វិក ។ សមាសធាតុ​ជាង ៣០ នៅ​ក្នុង​ផ្សែង​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ ដែល​ក្នុង​នោះ​មាន​ល្បាយ​នៃ Terpenes, Aldehydes អាស៊ីត​ខ្លាញ់ និង​សារធាតុ​ក្រអូប ។

នៅ​មន្ទីរពិសោធន៍​អត្តចរិត និង​ជីវគ្រប់គ្រង​សត្វ​ល្អិត​ឈ្លានពាន​របស់ ARS នៅ​ក្រុង Beltsville រដ្ឋ Maryland គីមីវិទូ Kamal Chauhan បាន​ធ្វើ​តេស្ត​ពី​ប្រសិទ្ធភាព​របស់​សមាសធាតុ​គីមី​ទាំងនោះ​ប្រឆាំង​នឹង​មូស​ញី​ពេញ​វ័យ Aedes aegypti នៅ​ក្នុង​ប្រព័ន្ធ​បន្ទះ​បញ្ជូន​ឈាម​សិប្បនិមិត្ត​ដែល​មូស​បឺត​ជញ្ជក់​យក​ឈាម​ដោយ​ស្មាន​ថា​ជា​មនុស្ស ។

លោក Kamal Chauhan មាន​ប្រសាសន៍​ថា «សារធាតុ​គីមី​ធម្មជាតិ​ទាំងនេះ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ដេញ​មូស​ជាង DEET ដែល​ជា​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ចម្បង​ប្រឆាំង​នឹង​សត្វ​ល្អិត​ខាំ ។ នៅ​តំបន់​ដែល​សម្បូណ៌ កញ្ចុំ​ផ្កា​ស្ងួត​របស់​ចម្ប៉ាដាក់​អាច​ត្រូវ​បាន​ប្រើ​ដោយ​ប្រជាជន​ដែល​មិន​មាន​លទ្ធភាព​ទិញ​ផលិតផល​ដេញ​មូស​ដែល​មាន​តម្លៃ​ថ្លៃ» ។

លោក Charles Cantrell និយាយ​ថា «នេះ​ជា​ការ​ស្រាវជ្រាវ​លើក​ដំបូង​ដើម្បី​បង្ហាញ​ថា ចម្ប៉ាដាក់​ពិត​ជា​អាច​ប្រើ​ជា​ថ្នាំ​ដេញ​សត្វ​ល្អិត និង​បាន​ផ្ដល់​សុពលភាព​ឲ្យ​វិធី​ដេញ​មូស​តាម​វិធី​បុរាណ​មួយ​នេះ» ។

នៅ​ក្នុង​ការសិក្សា​មួយ​ផ្សេង​ទៀត អ្នកវិទ្យាសាស្ត្រ​នៃ​អង្គភាព NPURU បាន​ពិនិត្យ​មើល​ពី​ទំហំ​ឥទ្ធិពល​នៃ​អាស៊ីត​ខ្លាញ់​ឆ្អែត និង​អាស៊ីត​ខ្លាញ់​មិន​ឆ្អែត ហើយ​រក​ឃើញ​ថា​មាន​លទ្ធផល​ដូច​គ្នា ។ លោក Charles Cantrell បាន​ឲ្យ​ដឹង​ថា «សារធាតុ​គីមី​ទាំងបី​មុខ​នេះ​ដែល​មាន​នៅ​ក្នុង​ចម្ប៉ាដាក់ និង​មាន​ក្នុង​វិធីសាស្ត្រ​ប្រពៃណី​ដទៃ​ទៀត​គឺ​មាន​ភាព​សកម្ម​ខ្ពស់ និង​ជា​អាស៊ីត​ខ្លាញ់​ដេញ​សត្វ​ល្អិត​ខ្លាំងក្លា​បំផុត​ដែល​យើង​មិន​ដែល​បាន​ជួប​ប្រទះ​ពី​មុន» ។

គីមីវិទូ Uli Bernier បម្រើការ​នៅ​អង្គភាព​ស្រាវជ្រាវ​មូស​និង​រុយ នៃ​មជ្ឈមណ្ឌល​សិក្សា​អំពី​វេជ្ជសាស្ត្រ កសិកម្ម និង​បសុព្យាបាល​របស់​សត្វល្អិត ស្ថិត​នៅ​ក្រុង Gainesville រដ្ឋ Florida បាន​ប្រើ​តេស្ត​ស្តង់ដា​នៃ​សារធាតុ​ដេញ​សត្វ​ល្អិត​ដើម្បី​វាយតម្លៃ​ពី​សមាសធាតុ​គីមី​ទាំង​បី​នេះ​ប្រឆាំង​នឹង​មូស ។ នៅ​ក្នុង​ការ​ធ្វើ​តេស្ត​នេះ អ្នកស្ម័គ្រចិត្ត​ពាក់​សម្លៀកបំពាក់​ជ្រលក់​សារធាតុ​គីមី​ដែល​មាន​កំហាប់​ផ្សេងៗ​គ្នា ។ លោក Uli Bernier បាន​វាយតម្លៃ​ថា អាស៊ីត​ខ្លាញ់​ឆ្អែត​ផ្ដល់​នូវ​ការ​ការពារ​ប្រកប​ដោយ​ប្រសិទ្ធភាព ។

ការ​សិក្សា​ទាំង​អស់​នេះ​ត្រូវ​បាន​ឧបត្ថម្ភ​ថវិកា​មួយ​ផ្នែក​ដោយ​កម្មវិធី​ស្រាវជ្រាវ​ការ​ការពារ​អ្នកចម្បាំង​ក្នុង​សង្គ្រាម ដែល​អភិវឌ្ឍ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​វិធីសាស្ត្រ​នានា​ដើម្បី​ការពារ​បុគ្គលិក​យោធា​អាមរិក​ពី​ជំងឺ​បណ្ដាល​មក​ពី​សត្វ​ល្អិត ។ អត្ថបទ​ដោយ Sandra Avant មន្ត្រី​ព័ត៌មាន​នៃ ARS

បកប្រែ និង​ផ្សព្វផ្សាយ​ដោយ​មាន​ការ​អនុញ្ញាត​ពី USDA Agricultural Research/Nov-Dec 2013

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in កសិកម្ម, វិទ្យាសាស្ត្រ​ថ្មី and tagged , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s