ជីវិត និង​ស្នាដៃ​របស់ រ៉ូល អាមូនសែន

រ៉ូល អាមូនសែន (Roald Amundsen, 1872-1928)រ៉ូល អាមូនសែន (Roald Amundsen, 1872-1928)

រ៉ូល អាមូនសែន ជា​អ្នក​រុករក​ដែនដី​ប៉ូល​នៃ​ផែនដី ។ លោក​ជា​ជនជាតិ​ន័រវែស និង​មាន​កំណើត​ក្នុង​ត្រកូល​គ្រួសារ​អ្នកមាន​មធ្យម​ម្នាក់ ។ ដោយ​ទឹកចិត្ត​ប្ដេជ្ញា​បូជា​អស់​មួយ​ជីវិត បម្រើ​វិទ្យាសាស្ត្រ អាមូនសែន​បាន​លះបង់​ចោល​នូវ​ជីវភាព​រស់​នៅ​សុខ​ស្រួល ហើយ​ប្រឹង​ប្រែង​លត់ដំ​សុខភាព និង​ជីវភាព​រស់​នៅ​ក្នុង​ជីវិត​មួយ​ពោរពេញ​ដោយ​ការ​លំបាក​វេទនា ដែល​ពោរពេញ​ដោយ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ ។ ក្រោយ​ពី​រៀន​មុខ​របរ​នាវិក​រយៈពេល ៣​ឆ្នាំ អាមូនសែន​បាន​ចាប់​ផ្ដើម​ចូល​ប្រលូក​ក្នុង​ឆាក​ជីវិត​រុករក​ដែនដី​រហោស្ថាន​នៅ​តំបន់​ប៉ូល​ដ៏​ឆ្ងាយ​ដាច់​ស្រយាល ។

ព្យុះ​ព្រិល ផ្ទាំង​ទឹកកក ជំងឺ​ស្ករបុត (Scorbut ជំងឺ​ខ្វះ​វិតាមីន​សេ ដែល​បណ្ដាល​ឲ្យ​ជ្រុះ​ធ្មេញ កើត​រមាស់ រាគរូស ឈាម​មិន​កក) ទុក្ខវេទនា និង​ការ​ស្លាប់​ដោយ​ភាព​ឯកោ ។ល។ និង ។ល។ ឧបសគ្គ​ទាំង​នោះ​មិន​អាច​រារាំង​អាមូនសែន​មិន​ឲ្យ​ដណ្ដើម​បាន​ជោគជ័យ​ដ៏​ត្រចះត្រចង់ ជា​បន្តបន្ទាប់​សម្រាប់​វិទ្យាសាស្ត្រ​បាន​ឡើយ ។ នៅ​ប៉ូល​ខាងជើង ក៏​ដូច​ជា​នៅ​ប៉ូល​ខាង​ត្បូង នៅ​ទីណា​ក៏​អាមូនសែន​បង្កើត​បាន​នូវ​យុទ្ធជ័យ​យ៉ាង​ល្បីរន្ទឺ ។ ឆ្នាំ​១៩២៨ ដោយ​ការ​ធ្វើ​ដំណើរ​ប្រញាប់​ប្រញាល់ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​អ្នក​រុករក​ប៉ូល​ខាងជើង ជាតិ​អ៊ីតាលី​ម្នាក់ អាមូនសែ​បាន​ចាក​ចេញ​ទៅ​ដោយ​គ្មាន​ថ្ងៃ​វិល​វិញ ។ តែ​លោក​បាន​បន្សល់​ទុក​ជា​អមតៈ​នូវ​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន​លើ​ទំព័រ​ប្រវត្តិសាស្ត្រ​នៃ​ការ​រក​ឃើញ​ភូមិសាស្ត្រ​ដ៏​មហិមា​របស់​មនុស្ស​ជាតិ ។

របៀប​ត្រៀម​យ៉ាង​ល្អ​បំផុត

ដោយ​ឃើញ​អាមូនសែន​មាន​ជំនក់​ចិត្ត​អាន​រាល់​រឿង​រ៉ាវ​រុករក​របស់​អ្នក​ភូមិសាស្ត្រ​នានា​ខ្លាំង​ពេក មិត្តភក្តិ​ទាំងឡាយ​ក៏​សួរ​ថា «ប្រហែល​ជា​ឯង​ចង់​ក្លាយ​ទៅ​ជា​អ្នក​រុករក​ហើយ​មែន​ទេ ?» ។ អាមូនសែន​ក៏​បាន​ប្រកាស​ក្ដែងៗ​ថា «យើង​នឹង​ធ្វើ​ឲ្យ​ខ្លួន​យើង​ក្លាយ​ជា​អ្នក​រុករក​តាម​តំបន់​ដី​ប៉ូល» ។

មិត្តភក្តិ​ទាំងអស់​បើក​ភ្នែក​ឡើង​មូលត្លុំ «រុករក​តំបន់​ប៉ូល​ខាងជើង ! គឺ​ទី​កន្លែង​ដែល​មាន​តែ​ព្យុះ​ព្រិល និង​ផ្ទាំង​ទឹកកក​គ្រប​ដណ្ដប់​ខួប​ខែ​ខួប​ឆ្នាំ​នោះ​ឬ ?» ។ មិត្តភក្តិ​មិន​ជឿ​ដោយ​និយាយ​លេង​ថា «មិត្ត​ឯង​ធ្លាប់​រស់​នៅ​ជា​មួយ​ភួយ​យ៉ាង​សុខស្រួល​កក់​ក្ដៅ ។ ប្រហែល​ជា​ដល់​ពេល​ទៅ​កាន់​តំបន់​ប៉ូល​ខាងជើង ឯង​ត្រូវ​តែ​អូស​តាម​ទៅ​ជាមួយ​នូវ​បន្ទប់​គេង​ដ៏​មាន​ផាសុកភាព​របស់​ខ្លួន​ជាមួយ​ហើយ​មើល​ទៅ» ។

ពាក្យ​និយាយ​លេង​នោះ​ធ្វើ​ឲ្យ​អាមូនសែន​មុខ​ឡើង​ក្រហម ។ យុវជន​យើង​មិន​ឆ្លើយ​អ្វី​ទាំងអស់ តែ​ក្នុង​ចិត្ត​លួច​ប្ដេជ្ញា​នឹង​សម្រេច​ចិត្ត​ធ្វើ​ឲ្យ​ទាល់​តែ​បាន ។

ពីរ​បី​ខែ​ក្រោយ​មក ក្នុង​ថ្ងៃ​មួយ​ដែល​មាន​ព្យុះ​ព្រិល អាមូនសែន​បាន​ទៅ​បបួល​មិត្ត​ម្នាក់​ដែល​និយាយ​លេង​កាល​ពី​ថ្ងៃ​មុន ទៅ​ងូត​ទឹក​នៅ​ទន្លេ ។ មិត្ត​ម្នាក់​នេះ​ស្រឡាំងកាំង និយាយ​ថា «ឯង​មិន​ទាន់​ឆ្កួត​ទេ​ណា ! ព្យុះ​ព្រិល​យ៉ាង​នេះ សូម្បី​តែ​នៅ​ក្នុង​ផ្ទះ​ក៏​នៅ​តែ​រងា​សឹង​ទ្រាំ​មិន​បាន​ទៅ​ហើយ ចុះ​ទម្រាំ​ទៅ​ងូត​ទឹក​នៅ​ទន្លេ​ទៀត​នោះ វា​យ៉ាង​ណា​ទៅ​វិញ» ។

អាមូនសែន​ចេញ​ទៅ​ដោយ​ស្ងៀមស្ងាត់​តែ​ម្នាក់​ឯង ហើយ​ពេល​យប់​ទើប​មក​វិញ ដោយ​យក​មក​ជាមួយ​នូវ​គំរូ​កូន​រុក្ខជាតិ​ដែល​ទើប​តែ​មាន​ដុះ​នៅ​ទន្លេ​មក​បង្ហាញ​មិត្ត​ខ្លួន​ទៀត​ផង ។ ការ​ពិត​គឺ​មិត្ត​យុវសិស្ស​យើង​កំពុង​រៀន​សូត្រ​ពុះពារ​ឆ្លង​កាត់​ផ្ទៃ​ទន្លេ​ក្នុង​ពេល​ព្យុះព្រិល​យ៉ាង​អង់អាច ។

ជាមួយ​នឹង​បំណង​លត់ដំ​ខ្លួន​ប្រាណ​ឲ្យ​សុខភាព​មាំមួន អាច​ទ្រាំទ្រ​បាន​ចំពោះ​ទុក្ខលំបាក​នៃ​អ្នក​រុករក​តំបន់​ដី​ប៉ូល​នា​ពេល​អនាគត អាមូនសែន​បាន​ដាក់​គម្រោង​ការ​ហាត់ប្រាណ​ជា​ប្រចាំ: គេ​ងូត​ទឹក​ត្រជាក់ ហើយ​គេង​បើក​ទ្វារ​បង្អួច​ក្នុង​រដូវ​រងា ។ ហើយ​ការ​ហែល​ឆ្លង​ទឹក​ទន្លេ​នេះ គឺ​ជា​សាកល្បង​ដំបូង​បង្អស់​របស់​យុវសិស្ស​យើង​ដែល​ពោរពេញ​ដោយ​កម្លាំង​ឆន្ទះ​អង់អាច ។

បន្ទាប់​ពី​រៀន​ចប់​មធ្យម​សិក្សា អាមូនសែន​បាន​សុំ​ចូល​ធ្វើការ​ជា​នាវិក​ដើម្បី​រៀន​ទម្លាប់​ទៅ​នឹង​ជីវិត​ហាល​ភ្លៀង ហាល​ខ្យល់ កណ្ដាល​មហាសមុទ្ទ ។ រយៈ​ពេល ៣​ឆ្នាំ នៃ​ការ​ប្រឹងប្រែង​លត់ដំ​រៀន​សូត្រ ចាប់​ពី​នាវិក​ធម្មតា​ម្នាក់ រហូត​ដល់​ឡើង​កាន់​តួនាទី​ជា​អ្នក​កាច់​ចង្កូត និង​ជា​ប្រធាន​នាវិក គឺ​ជា​រយៈពេល ៣​ឆ្នាំ ដ៏​ជាក់លាក់​សម្រាប់​ការ​ត្រៀម​របស់​អាមូនសែន ដើម្បី​អនុវត្ត​នូវ​បំណង​ប្រាថ្នា​រុករក​របស់​ខ្លួន ។

កិច្ចការ​អ្វី​ដែល​អាច​ធ្វើ​បាន ?

ឆ្នាំ​១៩០៣ អាមូនសែន​បាន​ដំណើរការ​រុករក​ដោយ​ឯករាជ្យ​ម្ចាស់ការ​ជា​លើក​ដំបូង​បង្អស់ ។ គោលបំណង​នៃ​ដំណើរ​នេះ គឺ​ដើរ​ព័ទ្ធ​ជុំ​តាម​មាត់​សមុទ្ទ​ខាងជើង​អាមេរិក លើ​ផ្លូវ​ពី​ខាងជើង​ទៅ​ខាងលិច ដើម្បី​អាច​ចេញ​ពី​មហាសមុទ្ទ​អាត្លង់ទិក ចូល​ទៅ​កាន់​មហាសមុទ្ទ​ប៉ាស៊ីហ្វិក ។

ពេល​ឮ​ដំណឹង​អាមូនសែន​កំពុង​ប្រញាប់ប្រញាល់​រៀបចំ​ការ​ចេញ​ដំណើរ​នេះ មាន​មិត្តភក្តិ​ជាច្រើន​មក​ទូន្មាន​លោក​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន ហើយ​និយាយ​ថា «អស់​រយៈពេល ៤០០​ឆ្នាំ​មក​ហើយ មិន​ទាន់​មាន​នរណា​ម្នាក់​បាន​សម្រេច​ដំណើរ​ដ៏​លំបាក​វេទនា​នេះ​បាន​នៅ​ឡើយ​ទេ​ណា​អាមូនសែន !» ។ អាមូនសែន​ឆ្លើយ​តប​ថា «តែ​ម៉ាហ្សែឡង់ (Magellan) បែរ​ជា​បាន​សម្រេច​នូវ​ដំណើរ​មួយ​ដែល​រាប់ពាន់​ឆ្នាំ​មុន​នោះ​គ្មាន​នរណា​ម្នាក់​ធ្វើ​បាន​ឡើយ» ។

អាមូនសែន​បាន​ចេញ​ដំណើរ និង​រស់នៅ​អស់​រយៈពេល ៣​ឆ្នាំ នៅ​តំបន់​ប៉ូល​ខាងជើង​ដ៏​ឆ្ងាយ​ដាច់​ស្រយាល ដោយ​បាន​សម្រេច​នូវ​ជោគជម្នះ​ជា​លើក​ដំបូង​បង្អស់​នេះ​យ៉ាង​ល្បីរន្ទឺ ។

នរណា​ជា​អ្នក​ដំបូង​បង្អស់ ?

នៅ​ពេល​ដែល​អាមូនសែន​កំពុង​មមាញឹក​រៀបចំ​វាយ​សំរុក​សំដៅ​ទៅ​កាន់​តំបន់​ប៉ូល​ខាងត្បូង លោក​ក៏​បាន​ទទួល​ដំណឹង​ថា អ្នក​ឯកទេស​រុករក​ប៉ូល​ខាងត្បូង​ជាតិ​អង់គ្លេស​ឈ្មោះ រ៉ូបឺត ស្កូត បាន​ចេញ​ដំណើរ​រួច​ទៅ​ហើយ ក្នុង​គោលបំណង​ប្ដេជ្ញា​ដោយ​ទង់ជាតិ​ប្រទេស​អង់គ្លេស​មុន​គេ​នៅ​តំបន់​ប៉ូល​ខាងត្បូង​នៃ​ផែនដី ។

អាមូនសែន​មិន​ប្រញាប់ប្រញាល់​អ្វី​ឡើយ ។ លោក​គ្រាន់​តែ​ផ្ដែផ្ដាំ​អ្នក​ដែល​នឹង​រួម​ដំណើរ​ជាមួយ​លោក​ក្នុង​ក្រុម​អ្នក​រុករក​ត្រូវ​ត្រៀម​រៀបចំ​ឲ្យ​ហ្មត់ចត់ ហើយ​បង្កើត​ការងារ​ត្រួតពិនិត្យ​ដោយ​ទ្វេ​ថែម​ទៀត ។ លោក​និយាយ​ទៅ​កាន់​អ្នក​ដែល​មាន​ចិត្ត​អន្ទះអន្ទែង​ថា «ចូរ​រង់ចាំ​មើល​សិន ! មិន​ទាន់​ដឹង​ថា​នរណា​ជា​អ្នក​ទៅ​ដល់​មុន​គេ​ទេ ?» ។

ក្នុង​ពេល​នោះ រ៉ូបឺត ស្កូត កំពុង​សប្បាយ​រីករាយ​លុក​ចូល​ទៅ​កាន់​តំបន់​ទឹក​កក​ប៉ូល​ខាងត្បូង ដែល​ធ្វើ​ដំណើរ​បណ្ដើរ ព្រម​ទាំង​សង់​បណ្ដើរ​នូវ​ស្ថានីយ​ឧតុនិយម​ស្រាវជ្រាវ​ធម្មជាតិ និង​រើស​ប្រមូល​នូវ​គំរូ​ស្រាវជ្រាវ​ពី​ភូមិសាស្ត្រ​បណ្ដើរ ។ រទេះ​រត់​លើ​ទឹកកក​ត្រូវ​ខូច សេះ​ងាប់ រួច​មនុស្ស​មួយ​ចំនួន​នៃ​ក្រុម​រុករក​នេះ ត្រូវ​ដេក​ដួល​នៅ​ទី​នេះ​ជា​រៀង​រហូត ។ ស្កូត និង​មិត្តភក្តិ​៤​នាក់​ទៀត បន្ត​ដំណើរ​យ៉ាង​យឺតយ៉ាវ​លើ​កំណាត់​ផ្លូវ​ដែល​នៅ​សល់ ។

ចំណុច​ប៉ូល​ខាងត្បូង​បាន​លេច​ឡើង​សន្សឹមៗ​នៅ​ពី​មុខ​ស្កូត ។ តែ​នុះន៎ ! មាន​វត្ថុ​អ្វី​ពណ៌​ខ្មៅ​នៅ លើ​ខឿន​ព្រិល​ពណ៌​ស​នោះ ? ស្កូត​បាន​ទៅ​ជិត និង​ស្គាល់​ច្បាស់​ថា នោះ​គឺ​ជា​ទង់ជាតិ​ប្រទេស​ន័រវែស ។ អាមូនសែន​បាន​មក​ដល់​ទី​នេះ​មុន​មួយ​ខែ​ទៅ​ហើយ !

ស្កូត​ព្រួយចិត្ត​យ៉ាង​ខ្លាំង ហើយ​បាន​ដោត​ទង់ជាតិ​ប្រទេស​អង់គ្លេស​ក្នុង​លក្ខណៈ​គួរ​ឲ្យ​អាណិត ដូច​ដែល​លោក​បាន​សរសេរ​នៅ​ក្នុង​ទិនានុលេខន៍ ស្កូត​រួម​ជាមួយ​មិត្តភក្តិ​ធ្វើ​ដំណើរ​បក​ក្រោយ​វិល​ទៅ​វិញ​យ៉ាង​អាណោចអាធម ដោយ​៣​នាក់​ត្រូវ​ស្លាប់ ក្នុង​នោះ​ក៏​មាន​ស្កូត​ផង​ដែរ ។

ចំណែក​អាមូនសែន បាន​វិល​ត្រលប់​មក​អឺរ៉ុប​វិញ​ដោយ​សុវត្ថិភាព ហើយ​កំពុង​រៀបចំ​ចេញ​ដំណើរ​មួយ​ថ្មី​ទៀត ។

ពេល​ដែល​គេ​សួរ​អាមូនសែន​ថា តើ​លោក​មាន​គន្លឹះ​អ្វី​ដែល​ជានិច្ចកាល​អាច​សម្រេច​បាន​នូវ​ជោគជ័យ​ត្រចះត្រចង់​នោះ លោក​បាន​ឆ្លើយ​ថា «ជ័យជម្នះ​នេះ កើត​មាន​ចំពោះ​នរណា​ដែល​មាន​ផែនការ​គ្រប់គ្រាន់​ត្រៀម​គ្រប់​លក្ខណៈ​សម្បត្តិ​ជាមុន មិន​ទុក​ចន្លោះ​ចោល​នូវ​អ្វី​មួយ ទោះ​ជា​តូចតាច​យ៉ាង​ណា​ក៏​ដោយ ។ ការ​ត្រៀម​លក្ខណៈ​បាន​ហ្មត់ចត់​គឺ​មាន​ន័យ​ថា​សម្រេច​បាន​ជោគជ័យ» ។

ការ​បំពាន​លើ​គោលការណ៍​តែ​មួយ​គត់

អាមូនសែន​ជា​អ្នក​ដំបូង​បង្អស់​ដែល​បាន​ប្រើ​យន្តហោះ​ឆ្លង​កាត់​ប៉ូល​ខាងជើង ដើម្បី​ត្រួត​ពិនិត្យ​ផ្លូវ​អាកាសចរណ៍​មក​កាន់​តំបន់​នេះ ។ បន្ទាប់​ពី​យុទ្ធជ័យ​នេះ អ្នក​រុករក​ជាច្រើន​ក៏​បាន​យក​តម្រាប់​តាម​អាមូនសែន ដោយ​ជិះ​លើ​យន្តហោះ​ទៅ​កាន់​ប៉ូល​ខាងជើង ។

ឆ្នាំ​១៩២៨ ទូទាំង​អឺរ៉ុប​ជ្រួលច្របល់​នឹង​ដំណើរ​យន្តហោះ​ប្រទេស​អ៊ីតាលី​របស់​ក្រុម​អ្នក​រុករក​ដឹកនាំ​ដោយ ណូបឺស ដែល​ត្រូវ​ជួប​គ្រោះថ្នាក់​ធ្លាក់ចុះ​ក្នុង​មហាសមុទ្ទ​ទឹក​កក ។ ភ្លាម​នោះ សហភាព​សូវៀត ប្រទេស​ស៊ុយអែត ន័រវែស សុទ្ធសឹង​បាន​ចាត់​ក្រុម​អ្នករុករក​ឆ្ពោះ​មក​តំបន់​ប៉ូល​ខាងជើង ដើម្បី​ស្វែង​រក​ជន​រងគ្រោះ ។

អាមូនសែន​ក៏​បាន​ជិះ​លើ​យន្តហោះ​របស់​ខ្លួន​ស្វែង​រក​មិត្ត​រួម​អាជីព​ដ៏​អភ័ព្វ​របស់​ខ្លួន​ដែរ ។

ពេល​ឃើញ​អាមូនសែន​ឡើង​យន្តហោះ​តែ​ម្នាក់ឯង ផ្ទុយ​ពី​គោលការណ៍​ដែល​លោក​បាន​កំណត់ និងយ​ម្យ៉ាង​ដោយ​តាំង​ពី​យូរ​មក​ហើយ លោក​មិន​ដែល​ធ្វើ​ខុស​គោលការណ៍​នេះ គឺ​ «ទៅ​កាន់​ប៉ូល​មិន​ត្រូវ​ទៅ​តែ​ម្នាក់​ឯង​ទេ» មិត្ត​ខ្លះ​បាន​សួរ​លោក​ថា «ហេតុ​ផល​អ្វី​ទៅ​ដែល​បណ្ដាល​ឲ្យ​លោក​បំពាន​គោលការណ៍​ដែល​បាន​ដាក់​ចេញ ?» ។ អាមូនសែន​រន្ធត់​ចិត្ត ឆ្លើយ​តប​វិញ «អាយុ​ជីវិត​នៃ​ជន​រងគ្រោះ» ។

នេះ​គឺ​ជា​ការ​បំពាន​គោលការណ៍​តែ​ម្ដង​គត់ និង​ជា​សញ្ញា​នៃ​ដំណើរ​ចុងក្រោយ​របស់​អាមូនសែន ដែល​ក្រហល់ក្រហាយ​ស្វែង​រក​មិត្ត​រួម​អាជីព​ដែល​ត្រូវ​រងគ្រោះ ។ លោក​ចេញ​ទៅ​ដោយ​គ្មាន​ថ្ងៃ​វិល​វិញ ។ គ្មាន​នរណា​ដឹង​ថា តើ​មាន​ហេតុ​ការណ៍​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​លោក ក៏​ដូច​ជា​គ្មាន​នរណា​ដឹង​ពី​អ្វី​សោះ​នូវ​នាទី​ចុងក្រោយ​បំផុត​របស់​អ្នក​រុករក​ដ៏​អស្ចារ្យ​នេះ ដែល​អស់​មួយ​ជីវិត​របស់​ខ្លួន តស៊ូ​ដើម្បី​វិទ្យាសាស្ត្រ និង​ដើម្បី​មនុស្សលោក ។

ដកស្រង់​ពី​សៀវភៅ​កម្រង​ជីវិត​អ្នកប្រាជ្ញ ចងក្រង​ដោយ ចាន់ សុខហេង

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in ប្រវត្តិជនសំខាន់. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s