ដី និង​ការ​គ្រប់គ្រង​សារធាតុចិញ្ចឹម​សម្រាប់​ដំណាំ​ស្រូវ

ព្រះមេ ឬ ព្រះមាតា ឬ ព្រះប្រពៃស្រព

ដំណាំ​ស្រូវ​នៅ​កម្ពុជា

ពិនិត្យ​ដោយ បណ្ឌិត ម៉ែន សារុម

ជំពូក​៨

ដី និង​ការ​គ្រប់គ្រង​សារធាតុចិញ្ចឹម​សម្រាប់​ដំណាំ​ស្រូវ

សេង វ៉ាង, ភាវ សុវុទ្ធី, ហ៊ិន សារិត, នូរ ចន្ទ័ដា និង ទូច វាសនា

៨.១. ដី​នៃ​ដំណាំ​ស្រូវ​នៅ​កម្ពុជា (Rice Soils of Cambodia)

ការ​បង្កើន​ផលិតកម្ម និង​ប្រសិទ្ធភាព​នៃ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា ទាមទារ​ការ​យល់​ដឹង​ច្បាស់លាស់​អំពី​ធនធាន​ដី​នៅ​ក្នុង​ប្រទេស ។ កម្រិត​ជី ការ​រៀបចំ​ដី ពូជ ការ​ឆ្លាស់​ដំណាំ ប្រព័ន្ធ​គ្រប់គ្រង ថែរក្សា និង​យុទ្ធសាស្ត្រ​ការពារ​សត្វ​ចង្រៃ​អាច​ត្រូវ​ទទួល​រង​ឥទ្ធិពល​ដោយសារ​ប្រភេទ​ដី​ដែល​កើត​ឡើង​នៅ​តំបន់​ជាក់លាក់​ណាមួយ ។ ដី​នៅ​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​ផ្សេងៗ​គ្នា​នៅ​ទូ​ទាំង​ខេត្ត និង​ក្រុង ។ តំបន់​ដីខ្សាច់ និង​ដី​ខ្សត់​ជីជាតិ​មួយ​ភាគ​ធំ ក៏​ដូច​ជា​បណ្តា​ដី​ដែល​អំណោយ​ផល​ខ្ពស់ និង​មាន​សក្ដានុពល​ភាព ចំពោះ​ការ​ទ្រទ្រង់​ប្រព័ន្ធ​ដាំ​ដុះ​ក្នុង​កម្រិត​មួយ​ដ៏​ធំ​ទូលាយ ត្រូវ​ទាមទារ​ឲ្យ​មាន​ការ​គ្រប់គ្រង​ដោយ​យកចិត្ត​ទុកដាក់ ។ អ្នក​វិទ្យាសាស្ត្រ អ្នក​ផ្សព្វផ្សាយ និង​កសិករ​ទាំងឡាយ​ទាមទារ​នូវ​លទ្ធភាព​យល់​ដឹង និង​ប្រាស្រ័យ​ទាក់ទង​គ្នា នូវ​ភាព​ខុស​គ្នា​នៃ​ដី​ទាំងនេះ ។​

ការ​ធ្វើ​ចំណាត់ថ្នាក់​ដី ពឹងផ្អែក​យ៉ាងច្រើន​ទៅ​លើ​ធនធាន​នៃ​ដីស្រទាប់លើ (Topsoil properties) ដែល​មាន​ឥទ្ធិពល​ទៅ​លើ​ផលិតកម្ម​ដំណាំ និង​ដែល​ត្រូវ​បង្កើត​លើ​ទំនាក់​ទំនង​នៃ​ស៊េរី​ដី ។ ផែនទីដី​មួយ​មិន​ត្រូវ​បាន​គេ​ផ្ដល់​ឲ្យ ឬ​គ្រោងទុក​ក្នុង​ចិត្ត​ជា​មុន​ឡើយ ។ ក្នុង​ពេល​ដំបូង​ចំណាត់​ថ្នាក់​ដី​តាម​នេះ មាន​គោលបំណង​អនុញ្ញាត​ដល់​អ្នក​គ្មាន​ឯកទេស​ធ្វើ​ចំណាត់​ថ្នាក់​ដី ដែល​គាត់​កំពុង​ឈរ​នៅ​លើ ដោយ​មិន​ចាំបាច់​មាន​ជំនួយ​ពី​មន្ទីរពិសោធន៍​ឡើយ ។ ជា​ចម្បង​ប្រព័ន្ធ​នេះ មិន​ត្រូវ​រៀបចំ​ជំនួស​ចំណាត់ថ្នាក់​តាម​បែប Taxonomy (Soil Suvey Staff, 1994) ដែល​មាន​លក្ខណៈ​ជា​ផ្លូវការ​ច្រើន​នោះ ។

៨.១.១. ភូគព្ភសណ្ឋានវិទ្យា និង​ភូគព្ភវិទ្យា (Geomorphology and Geology)

គេ​អាច​ចែក​តំបន់​ដាំ​ស្រូវ​នៅ​ប្រទេស​កម្ពុជា​ជា​បី​តំបន់​យ៉ាង​ងាយ​យល់​តាម​លក្ខណៈ​រូបសាស្ត្រ​របស់​ដី: ក. ដី​ដែល​វិវឌ្ឍ​នៅ​លើ​វាលទំនាប​នៃ​ល្បាប់​ចាស់ (Old alluvial) និង/ឬ​ល្បាប់ Colluvial ខ. ដី​ដែល​វិវឌ្ឍ​ទាំងស្រុង​ពី​សិលា​មេ (Parent materials) នៅ​ខាងក្រោម និង គ. ដី​ដែល​វិវឌ្ឍ​នៅ​លើ​វាលទំនាប​លិច​ទឹក ទន្លេ​ឬ​បឹង​ដែល​ទទួល​កំណរ​ដីល្បាប់ (Alluvial) (រូប ៨.២ ដល់ ៨.៤, Saeki et al., 1959; Crocker, 1962; Kawguchi and Kyuma, 1974) ។

៨.១.១.១. ដី​ដែល​មាន​ប្រភព​ពី​ល្បាប់​ចាស់ (Old alluvial) និង/ឬ​ល្បាប់ Colluvium

ដី​ទំនាប​ល្បាប់​ចាស់ (Old alluvial): ប្រភេទ​ដី​នេះ​ជា​ដី​ដែល​កកើត​នៅ​គ្រប់​បណ្តា​ខេត្ត​ផលិត​ស្រូវ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ តំបន់​នេះ​កាល​ពីដើម​វា​ជា​ស្ទឹង បឹង ឬ​វាលទំនាប​លិច​ទឹក (Marine floodplains) ដែល​វា​ឥឡូវ​នេះ​វា​ស្ថិត​នៅ​ខ្ពស់​ជាង​នីវ៉ូ​នៃ​ទឹកជំនន់​ធម្មតា (រូប ៨.១ និង​រូប ៨.២) ។ បណ្ដា​ដី​ទាំង​នេះ​មាន​ប្រភព​ពី​កំណក​កករ​នៃ​ល្បាប់ Alluvial ដែល​បាន​ហូរ​តាម​ទឹកទន្លេ ឬ​បឹង ហើយ​ដែល​បាន​ជន់​លិច​តំបន់​ទាំង​នេះ​ម្ដងម្កាល ។ បច្ចុប្បន្ន​ដី​ទាំង​នេះ​ត្រូវ​លិច​ដោយសារ​ទឹក​ភ្លៀង​ប៉ុណ្ណោះ ។ ជីជាតិ​ដី​មិន​ត្រូវ​បាន​បំពេញ​បន្ថែម​ដោយ​ដីល្បាប់ (Alluvial) ជា​រៀង​រាល់​ឆ្នាំ​ដូច​ពេល​មុន​ទៀត​ទេ ហើយ​ដី​ក៏​បាន​ទទួល​រង​នូវ​ការ​ឆ្លាស់​រេដុកម្ម និង​អុកស៊ីតកម្ម ជាមួយ​និង​ការ​ច្រោះ​ចុះ​ក្រោម​នៃ​ជីជាតិ និង​ដីឥដ្ឋ​នៅ​ស្រទាប់​ក្រោម បណ្ដាល​ឲ្យ​មាន​ការ​បាត់បង់​ជីជាតិ ដែល​មាន​សេសសល់​ពី​ផ្ទៃដី​លើ ។ ជួនកាល​នៅ​ក្នុង​ឆ្នាំ​ដែល​មាន​ទឹកជំនន់​ប្លែក​ពី​ធម្មតា ភាគ​ខ្លះ​នៃ​តំបន់​ទាំងនេះ ត្រូវ​ជន់​លិច​ដោយ​ទឹក​ពី​ទន្លេ​នៅ​ក្បែរៗ ប៉ុន្តែ​នៅ​ក្នុង​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ ដោយ​សារ​ទឹក​ហូរ​ស្រក​ចេញ​អស់​វិញ ។ ដី​ទាំងនេះ​ក៏​អាច​ស្ថិត​នៅ​ជាយៗ​បឹង ឬ​វាលទំនាប​លិច​ទឹក​ទន្លេ​ផង​ដែរ ។ ក្នុង​មួយ​ឆ្នាំៗ​វា​អាច​ត្រូវ​ជន់​លិច​ក្នុង​រយៈពេល​កំណត់​មួយ​អាស្រ័យ​ទៅ​លើ​លក្ខខណ្ឌ​នៃ​អាកាសធាតុ ។ ទឹក​ដែល​ហូរ​ចូល​ទៅ​ក្នុង​ដី​នោះ​មាន​បរិមាណ​ល្បាយ​ម៉ដ្ឋ តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ ហើយ​រយៈពេល​លិច មិន​ហួស​ពី​បី​ខែ​ឡើយ ។ បាតុភូត​កំណរ​ជាតិ​ដែក​នៅ​ស្រទាប់​ក្រោម (Brinkmann, 1970) ដែល​ជា​លទ្ធផល​ក្នុង​ការ​រលាយ​នៃ​ដីឥដ្ឋ និង ក្លរីតកម្ម​ដីឥដ្ឋ គឺជា​លក្ខណៈ​ពិសេស សម្គាល់​ដី​ទាំងនេះ​ផង​ដែរ ។

រូប ៨.១ សណ្ឋាន​ដី​សំខាន់ៗ សម្រាប់​ការ​ធ្វើ​ផលិតកម្ម​ស្រូវ​នៅ​តំបន់ ទំនាប​នៃ​ប្រទេស​កម្ពុជា

រូប ៨.២ តំបន់​វាលទំនាប​លិច​ទឹក ដែល​បន្ត​ពី​វាលទំនាប​ល្បាប់​ចាស់

ដី​ដែល​នៅ​ស្រទាប់​លើ​ដី​ល្បាប់ ប្រែប្រួល​ខ្លាំង​អាស្រ័យ​លើ អាយុកាល និង​សំណឹក (Erosion) ។ ដី​ចាស់ៗ​ខ្ពស់​បង្គួរ ដែល​ជា​ធម្មតា​បង្កើត​បាន​ជា​ខ្ពង់រាប​ធំៗ​ដែល​ផ្ដល់​ឲ្យ​ដី​នូវ​សណ្ឋាន (Topography) ខ្ពស់​ទាប​នោះ អាច​ត្រូវ​បាន​គេ​កំណត់ ដើម្បី​ធ្វើការ​សិក្សា ។ ដី​ថ្មីៗ​ដែល​ទើប តែ​បញ្ចប់​នូវ​ការ​លិច​ទឹក គឺ​មាន​ផ្ទៃរាប​ស្មើ ហើយ​វា​អាច​បង្ហាញ​លក្ខណៈ​ព្រំដែន​នៃ​ដី ដែល​ផ្លាស់​ប្ដូរ​ពី​វាលទំនាប​លិច​ទឹក ទៅ​ដី​ទំនាប​ចាស់ ។ សណ្ឋាន​ដី​របៀប​នេះ​កើត​មាន​ឡើង នៅ​តាម​បណ្តា​ខេត្ត​ដាំ​ដំណាំ​ស្រូវ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា (រូប ៨.១) ។

ដីល្បាប់ Alluvial-colluvial: ត្រូវ​បាន​បង្កើត​ដោយសារ​ការ​សឹក​រេចរឹល​នៅ​ជុំវិញ​តំបន់​ភ្នំ និង​កូនភ្នំ និង​បន្លាស់​ទី​នៃ​សារធាតុ​សំណឹក​ឆ្ពោះទៅ​កាន់​ដី​ទាបៗ ដែល​បង្កើត​បាន​ជា​រាង​ផ្លិត (រូប ៨.៣) ។ នៅ​កន្លែង​ដែល​មាន​ជាយ​ផ្លិត​ត្រួត​ពីលើ​គ្នា វាលទំនាប​មាន​ចំណោត​ខ្សោយ ដែល​លាត​សន្ធឹង​ពី​ចង្កេះភ្នំ ត្រូវ​បាន​បង្កើត​ឡើង (រូប ៨.២) ។ តំបន់​លិច​ទឹក (Wetland) ដែល​គេ​ដាំ​នៅ​វាល​ទំនាប Alluvial-colluvial ត្រូវ​បាន​ជួប​ប្រទះ​ច្រើន​នៅ​តាម​ចំណុច​ដែល​មាន​សណ្ឋាន​ដី​ទាបៗ ដែល​នៅ​ទីនោះ​ជា​ទូទៅ​ដី​មាន​លក្ខណៈ​ជា​ដីល្បាប់​ម៉ដ្ឋ ។ ដំណើរ Colluviation ក្នុង​ការ​បង្កើត​ដី​ទំនាប​នៅ​ក្នុង​ប្រទេស​កម្ពុជា ទោះជា​ដំណើរ Colluviation មាន​សារសំខាន់​ក៏​ដោយ ក៏​ដំណើរ​នេះ​បង្ក​ឲ្យ​មាន​ចលនការ​នៃ​ដី​ពីលើ​ដី​ខ្ពស់ ទៅ​ទី​ទាប​ដោយសារ​អំពើ​នៃ​ដែន​ទំនាញផែនដី​មាន​សភាព​ខ្សោយ​ទៅៗ ។ ដី​ទំនាប Alluvial-colluvial ជា​ទូទៅ​កកើត​លើ​ស្រទាប់​ដីល្បាប់​ចាស់ (Old alluvial) ។

រូប ៨.៣ តំបន់​វាលទំនាប​លិច​ទឹក Lacustrine ដែល​បន្ត​ពី​វាល​ទំនាប​ល្បាប់​ចាស់ និង​ល្បាប់ Colluvial-alluvial

រូប ៨.៤ ប្រព័ន្ធ​តំបន់​ច្រាំង​ទន្លេ

នៅ​ក្នុង​ប្រទេស​កម្ពុជា ការ​កកើត​ទំនាប​ល្បាប់ alluvial-colluvial មាន​សារសំខាន់​ណាស់​នៅ​តំបន់​ដាំ​ដំណាំ​ស្រូវ ជា​ពិសេស​នៅ​ក្នុង​បណ្តា​ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​នៅ​ផ្នែក​ខ្លះ​ក្នុង​ខេត្តពោធិ៍សាត់ កំពង់ធំ កំពង់ចាម និង​ស្វាយរៀង ។ នៅ​ក្នុង​តំបន់​មួយ​ចំនួន​ដែល​ពី​ដើម​ជា​ភ្នំ ឬ​កូនភ្នំ ត្រូវ​បាន​សឹក​រេចរឹល​អស់​ទៅ​ហើយ ហើយ​បង្កើត​បាន​ជា​ខ្ពង់រាប ដែល​មាន​សណ្ឋាន​ខ្ពស់​ទាបៗ ។

 

ភាគបន្ត

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in កសិកម្ម and tagged , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s