សហគមន៍​ចាម​មូស្លីម: ទំនោរ​ផ្លាស់​ប្ដូរ​មិន​អាច​ចៀស​ផុត

សហគមន៍​ចាម​មូស្លីម: ទំនោរ​ផ្លាស់​ប្ដូរ​មិន​អាច​ចៀស​ផុត
សហគមន៍​ចាម​តូច​មួយ​នៅ​ប្រទេស​កម្ពុជា​មាន​ឈ្មោះ​ថា សហគមន៍​អ៊ីម៉ាំសាន់​ប្រណិប័តន៍​ជំនឿ​សាសនា​របស់​ចម្ប៉ា​ដោយ​មាន​ជំនឿ​សាសនា​របៀប​ប្រពៃណី​បុរាណ និង​អភិរក្ស ។ ជំនឿ​នោះ​មាន​ប្រភព​មក​ពី​និកាយ​ស៊ុសហ្វីស​ដែល​ការ​ប្រណិប័តន៍​នោះ​មាន​ភាព​ស្រដៀង​គ្នា​ទៅ​នឹង​ប្រទេស​ផ្សេង​ទៀត​នៅ​អាហ្វ្រិក និង​ប្រទេស​អាស៊ី​មួយ​ចំនួន​ដែរ ។ និកាយ​ស៊ុសហ្វីស​ដែល​ជា​ជំនឿ​យ៉ាង​មុតមាំ​របស់​សាសនា​អ៊ិស្លាម​ត្រូវ​គេ​មើល​ឃើញ​ថា បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ជនជាតិ​មូស្លីម​នៅ​ទ្វីបអាហ្វ្រិក​ភាគ​ខាងជើង​ដែល​គោរព​ប្រណិប័តន៍​សាសនា​អ៊ិស្លាម​ស៊ុននី ហើយ​ការ​ប្រណិប័តន៍​នេះ​ដែរ​ក៏​ឃើញ​មាន​នៅ​ក្នុង​បណ្តា​ជនជាតិ​ឥណ្ឌូណេស៊ី ប៉ុន្តែ​ឥទ្ធិពល​នោះ​មាន​ការ​សាបរលាប​ទៅ​វិញ​ក្នុង​បណ្តា​ប្រទេស​នៅ​មជ្ឈិមបូព៌ា និង​កន្លែង​ផ្សេង​ទៀត​ក្នុង​ពិភពលោក​យើង​នេះ ។ អាទិទេព​សំខាន់​របស់​និកាយ​ស៊ុសហ្វីស​មាន​ដូច​ជា សាកាត (ព្រះ​នៃ​ការ​បរិច្ចាគ​ទាន) តារីហ្គា (ផ្លូវ​ទៅ​ជួប​ព្រះ​អល់ឡោះ) អ៊ីសាន អាលកាមីល (សម្រេច​បាន​នូវ​ភាព​ឥត​ខ្ចោះ) សីក្ស (មនុស្ស​ចាស់) ហើយ​និង​អ្នកដឹកនាំ ។ សហគមន៍​ចាម​ភាគច្រើន​នៅ​កម្ពុជា​មិន​ប្រណិប័តន៍​និកាយ​ស៊ុសហ្វីស​ទេ ដោយសារ​តែ​សហគមន៍​ទាំងនោះ​បាន​ទទួល​យក​នូវ​ប្រណិប័តន៍​បែប​អ៊ិស្លាម​ពី​បណ្តា​ប្រទេស​អារ៉ាប់ និង​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​មួយ​ចំនួន​កាលពី​ប៉ុន្មាន​ទសវត្សរ៍​កន្លង​ទៅ ។ សហគមន៍​ចាម​ទោះ​តូច​ក្តី ធំ​ក្តី សុទ្ធតែ​ទទួល​នូវ​ការ​ប៉ះពាល់​ដោយ​ឥទ្ធិពល​សាកលភាវូបនីយកម្ម និង​ទោះបីជា​ទំហំ​នៃ​ការ​ប៉ះពាល់​នោះ​មិន​មាន​លក្ខណៈ​ស្មើគ្នា​ក៏​ដោយ ។ ឥទ្ធិពល​នេះ​ត្រូវ​បាន​មើល​ឃើញ​ដោយសារ​កត្តា​ពីរ​យ៉ាង​គឺ ឥរិយា​បទ​នៃ​ការ​ប្រណិប័តន៍​សាសនា និង​ការ​គ្របដណ្ដប់​នៃ​ទស្សនៈ​ពី​ខាងក្រៅ ។

ក្រោយ​ពេល​ខ្មែរក្រហម​ឡើង​កាន់​អំណាច​ក្នុង​ឆ្នាំ​១៩៧៥ រាល់​ការ​ប្រណិប័តន៍​ជំនឿ​សាសនា​ទាំងអស់​ត្រូវ​បាន​លុប​បំបាត់ ក្នុង​នោះ​ក៏​មាន​សាសនា​អ៊ិស្លាម​ផង​ដែរ ។ បញ្ញវន្ត និង​អ្នកមាន​ចំណេះដឹង​ជ្រៅជ្រះ​ខាង​សាសនា​អ៊ិស្លាម​ជា​ច្រើន​ដែល​បាន​ទៅ​សិក្សា​នៅ​មជ្ឈិមបូព៌ា​អំឡុង​របប​សង្គមរាស្ត្រនិយម​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​របប​ខ្មែរក្រហម ។ ចាប់ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨២ ជនជាតិ​អ៊ិស្លាម​បាន​រៀបចំ​ប្រណិប័តន៍​សាសនា ដើម្បី​ស្ថាបនា​សង្គម​វប្បធម៌​អត្តសញ្ញាណ​របស់​ខ្លួន​ឡើង​វិញ ហើយនិង​ស្រោចស្រង់​សាសនា​របស់​ខ្លួន​ដែល​បាន​កប់​បាត់​កាលពី​របប​ខ្មែរក្រហម ។ ទោះបី​ពេល​នេះ​ជា​ពេល​ដែល​ត្រូវ​ធ្វើ​ឲ្យ​រស់​ឡើង​វិញ​នៃ​ជំនឿ​សាសនា និង​សហគមន៍​ចាម​ក៏​ដោយ ក៏​សាសនា​អ៊ិស្លាម​នៅ​តែ​មាន​ការ​រីក​ចម្រើន​តិចតួច​នៅឡើយ ។ យុវជន​ជនជាតិ​អ៊ិស្លាម​បាន​ទទួល​អាហារូបករណ៍​ទៅ​ស្រុក​សិក្សា​នៅ​មជ្ឈិមបូព៌ា ឬ​ក្នុង​បណ្តា​ប្រទេស​ដែល​កាន់​ជំនឿ​សាសនា​អ៊ិស្លាម​ដទៃ​ទៀត​នៅ​អាស៊ី​អាគ្នេយ៍ ។

ចាប់តាំងពី​ឆ្នាំ​១៩៩២​មក អាជ្ញាធរ​បណ្តោះអាសន្ន​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ដែល​ហៅ​កាត់​ថា អ៊ុនតាក់ និង​គោលនយោបាយ​ទីផ្សារសេរី​បាន​នាំ​ចូល​មក​ប្រទេស​កម្ពុជា​នូវ​សាកលភាវូបនីយកម្ម និង​ភាព​ឆៀង​កាត់​ប្រទេស​និយម ។ អ៊ុនតាក់​បាន​បញ្ជូន​កង​រក្សា​សន្តិភាព និង​មន្ត្រី​របស់​ខ្លួន​ដែល​មួយ​ចំនួន​ជា​ជនជាតិ​អ៊ិស្លាម ហើយ​ការ​រស់​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​កម្ពុជា​នេះ​បាន​បង្កើន​នូវ​ទំនាក់ទំនង​យ៉ាង​ជិត​ថែម​ទៀត​រវាង​ជនជាតិ​អ៊ិស្លាម​នៅ​ប្រទេស​របស់​ខ្លួន និង​នៅ​បរទេស ។ ហេតុការណ៍​នេះ​បាន​នាំ​មក​នូវ​ការ​ផ្លាស់​ប្ដូរ​ខាង​ជំនឿ​សាសនា​នៃ​សហគមន៍​ធំ​របស់​ចាម ។ ក្រោយ​ឆ្នាំ​១៩៩២ ទម្រង់​នៃ​ការ​ប្រណិប័តន៍​សាសនា​អ៊ិស្លាម​ត្រូវ​បាន​ជះ​ឥទ្ធិពល​ដល់​ដំណាក់កាល​នៃ​ការ​ស្ថាបនា​ឡើង​វិញ​នៃ​ជនជាតិ​ចាម​មូស្លីម ។ ការ​ផ្លាស់​ប្ដូរ​នោះ​មាន​ដូច​ជា ការ​ស្លៀកពាក់​តាម​បែប​ហ៊ីចាប់ (មាន​ដូច​ជា​ការ​បិទ​បាំង​គ្រប់​ផ្នែក​ទាំងអស់​នៃ​រាង​កាយ លើកលែងតែ​ភ្នែក ដែល​ជា​ទូទៅ​ស្ត្រី​ជនជាតិ​ចាម​មិន​បាន​អនុវត្ត​ទេ​មុន​ពេល​នៃ​ការ​មក​ដល់​នៃ​សាកលភាវូបនីយកម្ម​នេះ) ការ​បង្កើត​នូវ​ក្រុម​ដាក់វ៉ា និង​ការ​បែងចែក​ជា​ក្រុម​តូចៗ​ទៀត​នៅ​ក្នុង​សហគមន៍​ដូច​ជា វ៉ាហាប៉ីស តាប់ប្ល៉ីហ្គី ចេម៉ាត និង​ សាឡាហ្វីស ។ ភ័ស្តុតាង​បាន​បង្ហាញ​ថា ការ​លំហូរ​នៃ​រូបិយប័ណ្ណ​តាម​រយៈ​ជំនួយ និង​អាហារូបករណ៍​ពី​ប្រទេស​នៅ​មជ្ឈិមបូព៌ា និង​អាស៊ី​អាគ្នេយ៍ អារ៉ាប៊ីសាអូឌីត កូវ៉ែត ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី បាន​បង្កើត​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ក្នុង​ជំនឿ​សាសនា​នៃ​សហគមន៍​ចាម ។ គម្រោង​សាងសង់​វិហារ​អ៊ិស្លាម​ត្រូវ​បាន​ផ្ដល់​ថវិកា​ដោយ​ប្រទេស និង​អង្គការ​អ៊ិស្លាម​ផ្សេងៗ​ដែល​បាន​ប្រណិប័តន៍​ជំនឿ​និកាយ​ផ្សេងៗ​ពី​គ្នា​នៃ​សាសនា​អ៊ិស្លាម មាន​ដូច​ជា និកាយ​សាឡាហ្វីស និកាយ​វ៉ាហាប៉ីស និង និកាយ​វ៉ាហាប៉ីស ។ ដើម្បី​ពង្រឹង​សាសនា​អ៊ិស្លាម​ប្រទេស​មជ្ឈិមបូព៌ា និង​ប្រទេស​ម៉ាឡេស៊ី​បាន​ផ្ដល់​នូវ​ការ​អប់រំ​ក្នុង​សហគមន៍​ចាម​មូស្លីម និង​បាន​ផ្ដល់​អាហារូបករណ៍​ដល់​យុវជន​ចាម​មូស្លីម​ដើម្បី​ទៅ​សិក្សា​ក្នុង​ប្រទេស​របស់​ខ្លួន ។ យុវជន​ចាម​មូស្លីម​ភាគច្រើន​ដែល​បាន​ទៅ​បន្ត​ការ​សិក្សា​នៅ​ក្នុង​ប្រទេស​មជ្ឈិមបូព៌ា​បាន​ចាប់​យក​ជំនាញ​ផ្នែក​ការ​សិក្សា​ទៅ​លើ​អ៊ិស្លាម ចំណែក​នៅ​ប្រទេស​ម៉ាឡេស៊ី អ្នក​ទាំងនោះ​ចាប់​យក​ជំនាញ​ខាង​ការ​សិក្សា​ពី​អ៊ិស្លាម ឬ​សិក្សា​ពី​ប្រធានបទ​ផ្សេង​ក្រៅពី​អ៊ិស្លាម ។ ជនជាតិ​ចាម​មូស្លីម​ដែល​ទទួល​បាន​នូវ​អាហារូបករណ៍ និង​ថវិកា​នេះ​បាន​សម្លឹង​មើល​ឃើញ​ថា នេះ​មិន​គ្រាន់តែ​ជា​ឱកាស​ក្នុង​ការ​ធ្វើ​ឲ្យ​រីក​ចម្រើន​ឡើង​វិញ​នូវ​សាសនា​អ៊ិស្លាម​ប៉ុណ្ណោះ​ទេ តែ​ជា​ឱកាស​មួយ​ដែល​ពួក​គេ​រំពឹង​ថា​នឹង​ទទួល​បាន​នូវ​រង្វាន់​ពី​ព្រះ ។

ទម្រង់​ស្រដៀង​គ្នា​នៃ​ការ​ផ្លាស់​ប្ដូរ​ជំនឿ​ត្រូវ​បាន​គេ​មើលឃើញ​ផង​ដែរ​នៅ​ក្នុង​ប្រទេស​ដែល​ធ្លាប់​កើត​មាន​ជម្លោះ​កាលពី​ទសវត្សរ៍​កន្លង​ទៅ​មួយ​ចំនួន​នៅ​អាស៊ី និង​មួយ​ចំនួន​ទៀត​នៅ​អាហ្វ្រិក ។ បន្ទាប់​ពី​បដិវត្តន៍​នៅ​អ៊ីរ៉ង់​កាលពី​ឆ្នាំ​១៩៧៩ ប្រទេស​ឥណ្ឌូណេស៊ី ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​ផ្ដល់​ថវិកា​ដើម្បី​សិក្សា​ពី​អ៊ិស្លាម ។ លោក​សាស្ត្រាចារ្យ ខូលីន ដែល​បាន​បង្រៀន​ខាង​ផ្នែក​សាសនា​ពិភពលោក និង​បុរាណ​នៃ​សាកលវិទ្យាល័យ​អូហាយ៉ូ បាន​រៀបរាប់​នៅ​ក្នុង​សៀវភៅ​មួយ​ដែល​មាន​ចំណងជើង​ថា អ៊ិស្លាម​ជា​ដំណោះស្រាយ: ដាក់វ៉ា និង​ប្រជាធិបតេយ្យ​នៅ​ឥណ្ឌូណេស៊ី​ថា​ការ​ផ្ដល់​ថវិកា​ដល់​និកាយ​សាលា​ហ្វីស​នៅ​ឥណ្ឌូណេស៊ី​គឺ​ដោយសារ​តែ​ក្តី​បារម្ភ​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដោយសារ​តែ​អ៊ិស្លាម​និកាយ​ស៊ីអ៊ីត​របស់​អ៊ីរ៉ង់​កំពុង​តែ​រីក​រាលដាល​ដល់​អាស៊ី​អាគ្នេយ៍ ។

ឥទ្ធិពល​របស់​អ៊ិស្លាម​ក្នុង​សហគមន៍​ចាម​អ៊ីមាំសាន់​ដែល​ជា​សហគមន៍​តូច​របស់​ចាម​មូស្លីម​នៅ​កម្ពុជា​មិន​មាន​ទំហំ​ធំ​ទេ​បើ​ប្រៀបធៀប​ទៅ​នឹង​សហគមន៍​ចាម​មូស្លីម​ដែល​មាន​ទំហំ​ធំ​ជាង​នេះ ដោយសារ​ហេតុផល​បី​យ៉ាង ។ ទី​មួយ ជំនឿ​នៅ​ក្នុង​វប្បធម៌​ប្រពៃណី​អ៊ិស្លាម (ស៊ុសហ្វីស) បាន​ចាក់​ឫស​យ៉ាង​ជ្រៅ និង​ត្រូវ​បាន​សហគមន៍​តូច​នេះ​ថែរក្សា​យ៉ាង​ខ្ជាប់ខ្ជួន ។ ទី​ពីរ មាន​គម្លាត​ខាង​ផ្លូវចិត្ត​ពី​សហគមន៍​ចាម​ធំ (តាម​ទំនៀមទម្លាប់​មេដឹកនាំ​របស់​សហគមន៍​អ៊ីមាំសាន់​ត្រូវ​បាន​តែងតាំង​ដោយ​ព្រះ​មហាក្សត្រ​ខ្មែរ ចំណែកឯ​សហគមន៍​ធំ​មាន​ឈ្មោះ​ថា មាហ្វូទី ត្រូវ​បាន​តែងតាំង​ឡើង​ដោយ​នាយក​រដ្ឋមន្ត្រី) ។ លើស​ពី​នេះ​ទៅ​ទៀត សហគមន៍​តូច​ត្រូវ​បាន​ឧបត្ថម្ភ និង​អភិរក្ស​មិនមែន​ដោយ​ប្រទេស​អ៊ិស្លាម​ទេ តែ​ដោយសារ​បុគ្គល​មិនមែន​អ៊ិស្លាម​មាន​ដូច​ជា អ្នក​ស្រាវជ្រាវ និង​អ្នកប្រាជ្ញ​ជាន់ខ្ពស់​មួយ​ចំនួន និង​អ្នក​មួយ​ចំនួន​ទៀត​ដែល​ធ្វើ​ការងារ​នៅ​អង្គការ​ក្រៅរដ្ឋាភិបាល ។ ជនជាតិ​ចាម​មូស្លីម​តិចតួច​ប៉ុណ្ណោះ​មក​ពី​សហគមន៍​តូច​នេះ​ដែល​បាន​ទទួល​អាហារូបករណ៍​ដើម្បី​ទៅ​សិក្សា​នៅ​មជ្ឈិមបូព៌ា ។ ទោះជា​យ៉ាងណា ការ​ផ្លាស់​ប្ដូរ​នៃ​សមាជិក​មួយ​ចំនួន​នៃ​សហគមន៍​ធំ​ដើម្បី​ធ្វើ​ខ្លួន​ទៅ​ជា​មនុស្ស​ទាន់​សម័យ​បាន​កើត​ឡើង​ថ្មីៗ​នេះ ដូច​ការ​សិក្សា​ស្រាវជ្រាវ​បាន​ផ្ដល់​ភ័ស្តុតាង​ស្រាប់ ។​

ការ​សិក្សា​អំពី​ការ​ផ្លាស់​ប្ដូរ​នៃ​សាសនា​អ៊ិស្លាម​ក្នុង​ប្រទេស​កម្ពុជា​ពាក់ព័ន្ធ​អ្នក​ស្រាវជ្រាវ និង​អ្នកប្រាជ្ញ​ជាន់ខ្ពស់​ខ្លួនឯង​ដែល​ត្រូវ​បាន​ដាក់​ឈ្មោះ​ដោយ​មនុស្ស​មួយ​ចំនួន​ថា «អ្នក​ស្រាវជ្រាវ​លោត​ឆត្រ» ដោយសារ​តែ​ទង្វើ​របស់​អ្នក​ទាំងនោះ​ក្នុង​ការ​មិន​គោរព និង​យល់​ពី​ការ​ប្រណិប័តន៍​របស់​ប្រជាជន ។ អ្នក​ស្រាវជ្រាវ​លោតឆត្រ​ដែល​ជា​ទូទៅ​មក​ពី​ប្រទេស​លោក​ខាងលិច​បាន​ដាក់​សហគមន៍​ចាម​មូស្លីម​ក្នុង​លក្ខណៈ​មិន​ច្បាស់​លាស់​ទៅ​លើ​អ្វី​ដែល​ថា​វប្បធម៌​របស់​ខ្លួន​តែងតែ​ប្រសើរ​ជាង​វប្បធម៌​អ្នក​ដទៃ ។ កិច្ចការ​របស់​អ្នក​ទាំងនោះ​បាន​បង្កើត​ឲ្យ​មាន​ភាព​តានតឹង​ចិត្ត​ក្នុង​ចំណោម​មូស្លីម​ចាម ។ ដោយ​ចំនួន​នៃ​អ្នក​រិះគន់​នោះ​មាន​ចំនួន​ច្រើន​ជាង​ធ្វើ​ឲ្យ​មាន​ការ​បង្ហាញ​ពី​អតុល្យភាព​នៃ​ទស្សនៈ​របស់​ប្រជាជន​ក្នុង​តំបន់ ។ ឧទាហរណ៍​ជាក់ស្តែង​ដូច​ជា​ក្នុង​រយៈពេល​៣០​ឆ្នាំ ការ​សាងសង់​វិហារ​ថ្មីៗ​មាន​ចំនួន​មិន​ដល់​២០០​កន្លែង​ផង​ដែល​ចំនួន​នេះ​តិច​ជាង​វិហារ​សាសនា​គ្រិស្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទៅ​ទៀត ។ ការ​ស្រាវជ្រាវ​អំពី​ការ​រីក​ដុះដាល​នៃ​សាសនា​អ៊ិស្លាម​មិន​បាន​យកចិត្ត​ទុកដាក់​នៃ​ការ​ពង្រីក​ខ្លួន​របស់​អ្នក​កាន់​សាសនា​គ្រិស្ត ហើយ​មិន​បាន​បំពេញ​តម្រូវការ​ខាង​ការ​កសាង​អត្តសញ្ញាណ​នៃ​ប្រជាជន​ក្នុង​ប្រទេស​ដែល​ទើបតែ​មាន​ជម្លោះ ។ អ្នក​ស្រាវជ្រាវ​ក៏​មិន​បាន​យកចិត្តទុកដាក់​ឲ្យ​បាន​គ្រប់គ្រាន់​ថា​តើ​ស្ត្រី​មូស្លីម និង​ស្ត្រី​ទូទៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​តស៊ូ​ដើម្បី​ធ្វើ​ឲ្យ​មាន​តុល្យភាព​នូវ​វប្បធម៌​ប្រពៃណី​របស់​ខ្លួន​ក្រោម​ឥទ្ធិពល​នៃ​សាកលភាវូបនីយកម្ម​ឬ​ទេ ។

ឥទ្ធិពល​មក​ពី​ក្រៅ (ពី​ពិភព​អារ៉ាប់ អាស៊ី និង​បស្ចិមប្រទេស) បាន​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ដល់​ជីវិត​រស់នៅ​របស់​ជនជាតិ​ចាម​មូស្លីម​តាម​រយៈ​ដំណាក់កាល​នៃ​ការ​ប៉ះពាល់​ដោយ​ភាព​ឆ្លង​កាត់​ប្រទេស​និយម ។ ការ​ប៉ះពាល់​នេះ​ត្រូវ​បាន​សម្រួច​ដោយ​ទស្សនៈ​របស់​ពួក​បស្ចិមប្រទេស​ដែល​មិន​បាន​យកចិត្ត​ទុកដាក់​ដល់​ដំណាក់កាល​នៃ​ការ​ស្ថាបនា​អត្តសញ្ញាណ និង​ការ​រស់​ឡើង​វិញ​នៃ​សាសនា ហើយ​បាន​ផ្ដល់​ផលវិបាក​ដល់​ជនជាតិ​ចាម​មូស្លីម​នៅ​ប្រទេស​កម្ពុជា​ដោយសារ​តែ​ពួក​គេ​កំពុង​តែ​ប្រឈម​មុខ​នឹង​អតីតកាល​ដ៏​ជូរ​ចត់ ហើយ​ត្រូវ​ទទួល​រង​នូវ​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ច​សង្គម​នា​សម័យ​ទំនើប​ទៀត ។ ដំណាក់កាល​នេះ​បាន​កើត​ឡើងជា​ច្រើន​ក្នុង​លោក​នេះ ក្នុង​ប្រទេស​ដែល​រង​គ្រោះ​ដោយសារ​សង្គ្រាម និង​ជម្លោះ​ដូច​ជា​ប្រទេស​ឥណ្ឌូណេស៊ី​ក្រោម​ការ​ដឹកនាំ​របស់​ស៊ូហារតូ ។ ភាព​ឆ្លង​កាត់​ប្រទេស​និយម​នៃ​សាសនា​អ៊ិស្លាម​នៅ​ប្រទេស​កម្ពុជា​អាច​ធ្វើការ​ផ្លាស់​ប្ដូរ​ទៅ​ជា​ការ​អភិវឌ្ឍ​ដល់​សាសនា ។ ដើម្បី​ធ្វើ​កិច្ចការ​នេះ​បាន សហគមន៍​ជា​ពិសេស​មនុស្ស​ជំនាន់​ក្រោយ​ត្រូវ​វាយតម្លៃ​ដោយ​យកចិត្ត​ទុកដាក់​នូវ​ភាព​សម​ហេតុ​សម​ផល​នៃ​ការ​បង្កើត​នូវ​ការ​ប្រណិប័តន៍​សាសនា​អ៊ិស្លាម​ និង​ជំនឿ​នៅ​ក្នុង​វប្បធម៌​របស់​ខ្លួន និង​បែបផែន​ជីវិត​របស់​ពួក​គេ ។ មាន​អនុសាសន៍​មួយ​ថា​សហគមន៍​ចាម​មូស្លីម​ត្រូវ​តែ​បង្រួបបង្រួម​ឡើង​វិញ និង​ផ្តោត​ទៅ​លើ​ការ​សិក្សា​លើ​វិជ្ជា​ផ្សេង​ផ្សេង​ដើម្បី​ជំរុញ​នូវ​ការ​អភិវឌ្ឍ ហើយ​លាតត្រដាង​នូវ​រូបភាព​ដែល​មិន​មាន​ការ​ពេញចិត្ត​ទៅ​លើ​សហគមន៍ ៕

សូ ហ្វារីណា
ទស្សានាវដ្ដី​ស្វែងរកការពិត លេខ​១១០ ខែកុម្ភៈ ឆ្នាំ​២០០៩
 
 

អត្ថបទពាក់ព័ន្ធៈ    សហគមន៍​ចាម​អ៊ីម៉ាំសាន់: ជីវភាព​បែប​បុរាណ​

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in ចំណេះ​ធ្វើ, អរិយធម៌​ខ្មែរ and tagged , , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s