ជនជាតិ​ចាម​នៅ​ភូមិ​ស្វាយឃ្លាំង


ភូមិ​ស្វាយឃ្លាំង ជា​ភូមិ​ដែល​មាន​ជនជាតិ​ចាម​ចំនួន​ប្រមាណ​ជាង ២.០០០​គ្រួសារ​រស់នៅ​មុន​របប​ខ្មែរក្រហម ។ ក្រោយ​ឆ្នាំ​១៩៧៩ ជនជាតិ​ចាម​ដែល​នៅ​សល់​តែ​ជាង​មួយ​រយ​គ្រួសារ​ប៉ុណ្ណោះ ។ ស្មាស់ បាន​រស់រាន​មាន​ជីវិត​ពី​ការ​ជម្លៀស​ជនជាតិ​ចាម​ចេញពី​ភូមិ និង​ការ​បង្ក្រាប​យ៉ាង​ឃោរឃៅ​ពី​សំណាក់​កង​ទ័ព​ខ្មែរក្រហម​ទៅ​លើ​អ្នក​បះបោរ​ជនជាតិ​ចាម ។

ស្មាស់ បាន​រៀបរាប់​ថា «នៅ​ពេល​រំឭក​រឿង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺក្បាល​ជា​ខ្លាំង» ។ ឈប់​និយាយ​មួយស្របក់ ស្មាស់ ក៏​ចាប់​ផ្ដើម​បន្ត​ទាំង​សំឡេង​រអាក់រអួល​ថា ឪពុក​ម្តាយ​របស់​គាត់​មិនមែន​ជា​ជនជាតិ​ចាម​សុទ្ធសាធ​ទេ គឺជា​កូនកាត់​ចិន​ដែល​ប្រកប​មុខរបរ​ធ្វើស្រែ ដាំ​ល្ង អំពៅ និង​ថ្នាំជក់ ដើម្បី​ចិញ្ចឹម​កូន ចំនួន​១២​នាក់ ។ នៅ​ក្នុង​វ័យ​១៤​ឆ្នាំ ស្មាស់ មិន​បាន​ចូល​រៀន​នៅ​សាលា​សាសនា ឬ​ភាសា​ខ្មែរ​ទេ គឺ​គាត់​ត្រូវ​មក​ជួយ​ធ្វើការ​ជំនួស​ឪពុក​ម្ដាយ​នៅ​ផ្ទ​វិះ​ញ ។ រហូត​មក​ដល់​ពេល លន់ នល់ ធ្វើ​រដ្ឋប្រហារ ទម្លាក់​សម្តេច សីហនុ ឆ្នាំ​១៩៧០ ជនជាតិ​ចាម​មួយ​ចំនួន​នៅ​ក្នុង​ភូមិ​ស្វាយឃ្លាំង ស្រុក​ក្រូចឆ្មារ បាន​ចូលរួម​ហែ​ក្បួន​ធ្វើ​បាតុកម្ម​ដើម្បី​ទាមទារ​ឲ្យ​សម្ដេច​សីហនុ ឡើង​កាន់​អំណាច​វិញ ប៉ុន្តែ​ត្រូវ​កងទ័ព លន់ នល់ បាញ់​បង្ក្រាប​យ៉ាង​សាហាវ​បណ្តាល​ឲ្យ​ប្រជាជន​ខ្លះ​របួស ខ្លះ​បាក់ដៃ​បាក់ជើង ។ បន្ទាប់​ពី​ការ​បង្ក្រាប​ដ៏​ឃោរឃៅ​នេះ មិនយូរ​ប៉ុន្មាន គ្រួសារ​ជនជាតិ​ចាម​ទាំងអស់ រួម​ទាំង​គ្រួសារ​របស់ ស្មាស់ ផង បាន​ចូលរួម​ជាមួយ​ចលនា​បដិវត្តន៍​ខ្មែរក្រហម ដោយ​អង្គការ​ចាត់តាំង​ជា​ប្រធាន​ក្រុម មេកង មេ​ភូមិ មេឃុំ ដើម្បី​ដឹកនាំ​ការងារ​ធ្វើស្រែ​ចម្ការ​ប្រវាស់ដៃ ប៉ុន្តែ​គ្រួសារ​ជនជាតិ​ចាម​នៅ​ក្នុង​ភូមិ​អាច​ហូប​បាយ​នៅ​តាម​ផ្ទះ​រៀងខ្លួន​បាន ។

ក្រោយមក ខ្មែរក្រហម​ចាប់​ផ្ដើម​លុប​បំបាត់​បន្តិច​ម្តងៗ​នូវ​ទំនៀមទម្លាប់​ចាម​ដោយ​មិន​ឲ្យ​គ្រប​ស្បៃ ថ្វាយបង្គំ និង​សូត្រធម៌​នៅ​វិហារ ។ ខ្មែរក្រហម​បាន​កត់​ឈ្មោះ និស្សិត គ្រូ​បង្រៀន អ្នកចេះ​ដឹង​ខាង​សាសនា​ដែល​ទៅ​ថ្វាយបង្គំ​នៅ​ព្រះ​វិហារ រហូត​ប្រជាជន​សាមញ្ញ​នៅ​ក្នុង​ភូមិ​ស្វាយឃ្លាំង រួច​ហើយ​ក៏​ធ្វើការ​ចាប់ខ្លួន​អ្នក​ទាំង​អស់នោះ ។ ដោយសារ​មិន​អាច​ទ្រាំទ្រ​នឹង​ការ​រឹត​បន្តឹង​នេះ​បាន ប្រជាជន​ចាម​ក្នុង​ភូមិ​ស្វាយឃ្លាំង​បាន​ក្រោក​ឡើង​បះបោរ​ប្រឆាំង​ទៅ​នឹង​ខ្មែរក្រហម ។ ក្រោយ​ពី​ធ្វើ​ការ​បាញ់​បង្ក្រាប​បាតុករ​យ៉ាង​សាហាវ​ឃោរឃៅ​រួច​មក ខ្មែរក្រហម​ក៏​ជម្លៀស​ជនជាតិ​ចាម​ទាំងអស់​ចេញ​ពី​ភូមិ រួច​ហើយ​បញ្ចូល​គ្រួសារ​ខ្មែរ​ឲ្យ​មក​រស់​ក្នុង​ភូមិ​ស្វាយឃ្លាំង​វិញ ។

ស្មាស់ និង​ក្រុម​គ្រួសារ ត្រូវ​ខ្មែរក្រហម​ជម្លៀស​ទៅ​នៅ​ភូមិ​ខ្សាច់ប្រឆេះលើ បន្ទាប់​មក​អង្គការ​បាន​រៀបចំ​ជា​ក្រុម​សាមគ្គី និង​សហករណ៍​ដោយ​មាន​ចែក​អង្ករ​ដល់​គ្រួសារ​ជម្លៀស​ទាំងអស់ ។ ប្រមាណ​២​ខែ​ក្រោយ​មក អង្គការ​បាន​ប្រមូល​របស់របរ​ប្រើប្រាស់ និង​ទ្រព្យ​ទាំងអស់​មក​ដាក់​ជា​សមូហភាព និង​សាងសង់​រោង​បាយ​ចំនួន​៣​កន្លែង​សម្រាប់​ឲ្យ​ប្រជាជន​មក​ហូប​រួម ។ នៅ​ទីនោះ ស្មាស់​ត្រូវ​បាន​ខ្មែរក្រហម​ឲ្យ​ប្ដូរ​ឈ្មោះ​ជា សាន់ វុតា្ថ ចំណែក​បងស្រី សារី ប្ដូរ​ជា​ឈ្មោះ អ៊ាង ហើយ សារីអាស់ ប្ដូរ​ជា​ឈ្មោះ ជឿន វិញ ដើម្បី​កុំ​ឲ្យ​ច្រឡំ​ជា​មួយ​ឈ្មោះ​បងប្អូន​ជនជាតិ​ចាម​ផ្សេង​ទៀត ។ បន្ទាប់​ពី​ប្តូរ ឈ្មោះ​រួច ស្មាស់ ត្រូវ​ជ្រើសរើស​ឲ្យ​ដឹកនាំ​ការងារ​កងចល័ត​ភូមិ​ដែល​មាន​ប្រមាណ​៣០​គ្រួសារ ។ ដោយ​មាន​ការ​ស្រលាញ់​រាប់អាន​កាន់តែ​ច្រើន​ពី​ប្រជាជន​ដែល​រស់នៅ​ក្នុង​ភូមិ គាត់​ត្រូវ​បាន​អង្គការ​ដំឡើង​ការងារ​ជា​អ្នក​កាន់​សោ​ឃ្លាំង​សម្ភារៈ ។ ចំណែក​គ្រួសារ​ជនជាតិ​ចាម​ផ្សេង​ទៀត ដែល​ជម្លៀស​ចេញពី​ភូមិ​ស្វាយឃ្លាំង​ទៅ​នៅ​ភូមិ​ខ្សាច់ប្រឆេះលើ ត្រូវ​កង​ទាហាន​ខ្មែរក្រហម​យាម​ទាំង​យប់​ទាំង​ថ្ងៃ ហើយ​គ្រួសារ ខ្លះ​ត្រូវ​ខ្មែរ​ក្រហម​ចោទប្រកាន់​ថា​លួច​ថ្វាយបង្គំ​ព្រះ​ទៀត​ផង ។ ដោយ​ឃើញ​ពី​ការ​ខ្វះ​អាហារ និង​ការ​លំបាក​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ ស្មាស់ តែងតែ​លួច​ចាក់សោ​ឃ្លាំង​អង្ករ និង​ឃ្លាំង​ពោត​នៅ​ពេល​យប់ ដោយ​ឲ្យ​គ្រួសារ​ជម្លៀស​ចូល​មក​យក​ទៅ​ដាំ​ហូប​ជា​រឿយៗ ។​

រហូត​ដល់​ឆ្នាំ​១៩៧៨ បន្ទាប់​ពី​កងទ័ព​ភូមិភាគ​កណ្ដាល​ចូល​មក​ផ្លាស់​ប្តូរ​ប្រធាន​ភូមិ​ខ្សាច់ប្រឆេះលើ និង​ធ្វើការ​ចាប់ខ្លួន​ប្រធាន «» គណៈ «» និង​មេ​បញ្ជា​កងទ័ព​ភូមិភាគ​បូព៌ា​ដែល​ដឹកនាំ​ដោយ​ សោ ភឹម រួច ប្រជាជន​ចាម​ដែល​ជម្លៀស​ចេញពី​ភូមិ​ជា​ច្រើន​គ្រួសារ​បាន​វិល​ចូល​មក​រស់នៅ​ក្នុង​ភូមិ​ស្វាយឃ្លាំង​វិញ ដោយ​គិត​ថា កងទ័ព​បាន​រំដោះ​ហើយ ។ បន្ទាប់​ពី​មាន​គ្រួសារ​ចាម​ចូល​មក​រស់នៅ​ក្នុង​ភូមិ​ស្វាយឃ្លាំង​ច្រើន ហើយ​គ្រួសារ​មួយ​ចំនួន​ដែល​រស់នៅ​ក្នុង​ភូមិ​នេះ​ក៏​រាយការណ៍​ប្រាប់​អង្គការ​ថា ចាម​បះបោរ​បាន​វិល​ត្រឡប់​ចូល​ភូមិ​វិញ ។ ពេល​នោះ​ខ្មែរក្រហម​ចាប់​ផ្ដើម​ជម្លៀស​ម្តង​ទៀត ដោយ​បំបែក​ឲ្យ​ប្រុសៗ​ចាម​នៅ​ដាច់​ដោយឡែក​ពី​ស្រីៗ ហើយ​អ្នក​មាន​ឈ្មោះ​ត្រូវ​ចាប់​យក​ទៅ​សម្លាប់​ចោល​នៅ​ក្នុង​ឃុំ​ទ្រា និង​ភូមិ​កោះផល ។ នៅ​ខណៈនោះ ដោយសារ​មិន​បាន​ដឹង​ពី​ការ​សម្លាប់ និង​ជម្លៀស​នេះ គ្រួសារ​របស់ ស្មាស់ បាន​រៀបចំ​ខោអាវ រួច​ធ្វើ​ដំណើរ​ចូល​មក​រស់នៅ​ក្នុង​ភូមិ​វិញ ប៉ុន្តែ​នៅ​ពេល​ដើរ​មក​ដល់​ព្រែក​តាដួង មេ​ទាហាន​ខ្មែរក្រហម​មក​ពី​ភូមិភាគ​កណ្ដាល​បាន​ហាមឃាត់ និង​ប្រាប់​ឲ្យ​ទៅ​រស់នៅ​ភូមិ​ខ្សាច់ប្រឆេះកណ្ដាល​វិញ ។ ដោយសារ​ស្មាស់ មាន​ការ​ចាប់​ចិត្ត​ស្រលាញ់​ពី​អ្នកធ្វើការ​នៅ​កងចល័ត​អនុបញ្ជាការ​កង​ទ័ព​ឈ្មោះ ស្រ៊ុន និង​ការ​រាប់អាន​ពី​មេ​បញ្ជាការ​កង​ទ័ព​ឈ្មោះ សារឿន ដែល​ស្រលាញ់​បងស្រី​របស់​គាត់​ឈ្មោះ អ៊ាង ផង​នោះ គាត់​ក៏​ត្រូវ​បាន​ចាត់តាំង​ឲ្យ​ធ្វើ​ជា​អ្នក​ដាំបាយ​នៅ​អង្គភាព​ទ័ព​ភូមិភាគ​កណ្ដាល​ដែល​មា​នទី​តាំងនៅ​ក្នុង​វត្ត​ខ្សាច់ប្រឆេះកណ្ដាល និង​មាន​សិទ្ធិ​ចូល​មក​សួរសុខទុក្ខ​បងប្អូន​របស់​គាត់​នៅ​ក្នុងភូមិ​ស្វាយឃ្លាំង​ដែល​ខ្មែរក្រហម​មិន​បាន​ជម្លៀស​ចេញ ។ ចំណែក​ជនជាតិ​ចាម​ជា​ច្រើន​គ្រួសារ​ទៀត​ត្រូវ​ខ្មែរក្រហម​ប្រមូល​មក​ដាក់​នៅ​មាត់ទន្លេ​មេគង្គ​ដែល​ស្ថិត​នៅ​ទល់​មុខ​វត្ត​ខ្សាច់ប្រឆេះកណ្ដាល​ដើម្បី​ជម្លៀស​ទៅ​នៅ​ភូមិ​ផ្សេង​ទៀត ដែល​ក្នុង​ចំណោម​នោះ ស្មាស់ ក៏​បាន​ជូន​ដំណើរ​គ្រួសារ​ខ្លះ​ឡើង​កាណូត​ដែរ​ព្រោះតែ​គាត់​នឹក​អាឡោះអាល័យ​អ្នក​ដែល​ធ្លាប់​រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា​ទោះបី​មាន​ការ​ហាម​ឃាត់​ពី​អង្គការ​ក៏​ដោយ ។​

នៅ​ថ្ងៃមួយ ស្មាស់ បាន​ទៅ​ឈរ​លេង​លើ​កាណូត​កងទ័ព​ដែល​ដឹក​សុទ្ធតែ​កុមារ​ចាម​តូចៗ​ដែល​ចត​ក្បែរ​មាត់ច្រាំង​ទន្លេ មួយ​រយៈ​ក្រោយមក កាណូត​ក៏​បើក​ចេញពី​ច្រាំង​បាន​ប្រហែល ២០០​ម៉ែត្រ កងទ័ព​ក៏​ចាប់ផ្តើម​ចាប់​ក្មេងៗ​ទាំងនោះ​ច្រកចូល​បាវ​ចំនួន​ពីរ​រួច​ទម្លាក់​ចូល​ក្នុង​ទន្លេ ។ ខណៈនោះ ដោយ​ឃើញ ស្មាស់ កំពុង​នៅ​លើ​កាណូត មេបញ្ជាការ​ទ័ព​ឈ្មោះ សារឿន បាន​តេអូ (វិទ្យុទាក់ទង) ទៅ​អ្នក​បើក​ឲ្យ​ត្រឡប់​មក​ចត​នៅ​មាត់ច្រាំង​ទន្លេ ដើម្បី​ឲ្យ​ស្មាស់​ឡើង​មក​លើ​ដីគោក​វិញ រួច​ហើយ​ប្រាប់​ថា «ថ្ងៃស្អែក​កុំ​មក​នៅ​លាយឡំ​ជាមួយ​កងទ័ព​ទាំងនេះ​ទៀត ហើយ​កុំ​និយាយ​ភាសា​ចាម​ជាមួយ​ប្រជាជន​ចាម​ដែល​ចាប់​មក​ទី​នេះ» ។

ក្រោយមក ដោយ​មាន​ការ​ទុកចិត្ត​កាន់តែ​ខ្លាំង សារឿន បាន​ហៅ ស្មាស់ ឲ្យ​ឡើង​ជិះទូក​ជាមួយ រួច​ចែវ​ទៅ​ទាញ​យក​សាកសព​មនុស្ស​ជា​ច្រើន​ដែល​ចង​ភ្ជាប់​ទៅ​នឹង​ដើម​ឫស្សី ហើយ​អណ្តែត​មក​ប្រប​មាត់ច្រាំង​ទន្លេ​ឲ្យ​គាត់​មើល​ដោយ​ផ្ទាល់​តែ​ម្តង ។ ប៉ុន្តែ ដោយសារ​មាន​ការ​ភ័យ​ខ្លាច ស្មាស់ បាន​អង្វរ សារឿន ថា «បង ! ថ្ងៃក្រោយ​សូម​កុំ​នាំ​ខ្ញុំ​មក​មើល​ដូច្នេះ​ទៀត» ។ បន្ទាប់​ពី​ឮ​ពាក្យ​នេះ​សារឿន ឆ្លើយ​ទាំង​មុខ​ស្មើ​ថា «ខ្លាច​អី ! បង​ធ្លាប់​សម្លាប់​មនុស្ស​ជាង​២.០០០​នាក់​ឯណោះ» ។ មួយ​ថ្ងៃ​ក្រោយមក​ទើប ស្មាស់ បាន​ឮ​សម្តី​តាម​រយៈ​អនុបញ្ជា​កង​ទ័ព​ឈ្មោះ ស្រ៊ុន ដែល​ស្រលាញ់​គាត់​ប្រាប់​ថា «សាកសព​ទាំងនោះ សារឿន ជា​អ្នក​ចេញ​បញ្ជា​ឲ្យ​សម្លាប់» ស្មាស់ ចាប់​ផ្ដើម​រន្ធត់​ក្នុង​ចិត្ត និង​ភិតភ័យ​ពី​ការ​កាប់​សម្លាប់​ដ៏​សាហាវ​ឃោរឃៅ​នេះ រហូត​បណ្តាល​ឲ្យ​គាត់​ធ្លាក់​ខ្លួន​ឈឺ​គ្រុន ។ នៅ​កន្លែង​ដាំបាយ ស្មាស់ និង​បងស្រី សារី តែងតែ​ធ្វើ​ឲ្យ​មាន​កំហុស​ដូច​ជា​កំពប់​បាយ សម្ល និង​លួច​ធ្វើ​ម្ហូប​ហូប​ក្នុង​គ្រួសារ​ទៀត ប៉ុន្តែ​រាល់​កំហុស​ទាំង​អស់នេះ សារឿន តែងតែ​អនុគ្រោះ ហើយ​ថែម​ទាំង​ធានា​មិន​ឲ្យ​នរណា​ប៉ះពាល់​ក្រុម​គ្រួសារ​គាត់​ទៀត​ផង ។​

មិនយូរ​ប៉ុន្មាន ខ្មែរក្រហម​ចាប់ផ្តើម​យក​អ្នកទោស​ដែល​ឃុំ​នៅ​ទីបញ្ជាការ​កងទ័ព​ក្នុង​វត្ត​ប្រឆេះខ្សាច់កណ្ដាល​ទៅ​សួរ​ពី​ប្រវត្តិរូប ។ ពេល​នោះ​ជនជាតិ​ចាម​ដែល​បាន​ឆ្លើយ​លាក់​អត្តសញ្ញាណ​ថា ខ្មែរ ទើប​អង្គការ​ដោះ​លែង ចំណែក​ជនជាតិ​ចាម​ដែល​នៅ​សេសសល់​រាប់រយ​នាក់​ត្រូវ​ចាប់ខ្លួន​ជា​បន្តបន្ទាប់ រួច​បញ្ជូន​យក​ទៅ​សម្លាប់​ចោល​នៅ​បឹងកេត ក្នុងស្រុក​ស្ទឹងត្រង់ ហើយ​ជនជាតិ​ចាម​នៅ​ក្នុងភូមិ​ស្វាយឃ្លាំង​ជា​ច្រើន​នាក់ ទៀត​ក៏​ត្រូវ​ចាប់ខ្លួន​យក​ទៅ​សម្លាប់​នៅ​លើ​ផែ​ក្នុង​ស្រុក​ក្រូចឆ្មារ​ដែរ ។ នៅ​ខណៈនោះ​អ្នកធ្វើការ​នៅ​កងចល័ត​ដែល​ចូល​ស្ដីដណ្តឹង ស្មាស់ ម្នាក់​ក៏​ត្រូវ​ខ្មែរក្រហម​ចាប់ចង​បណ្តើរ​យក​ទៅ​បាត់ ដោយ​គ្រាន់តែ​អនុញ្ញាត​ឲ្យ​ឈប់​នៅ​មុខ​ផ្ទះ​របស់ ស្មាស់ ដើម្បី​និយាយ​ពាក្យ​លា​ទាំង​អារម្មណ៍​រន្ធត់​ប៉ុណ្ណោះ ។ ទោះបី ស្មាស់ ដឹង​ប្រាកដ​ថា​ខ្មែរក្រហម​បណ្ដើរ​យក​ទៅ​សម្លាប់​ចោល​ក៏​ដោយ ក៏​គាត់​មិន​អាច​ជួយ​បុរស​នោះ​ឲ្យ​រស់​បាន​ដែរ ។ រហូត​មាន​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា​ជាមួយនឹង​កង​ទ័ព​ខ្មែរក្រហម ក្រុម​គ្រួសារ​របស់ ស្មាស់ បាន​រត់​ភៀសខ្លួន​ចូល​ព្រៃ​មួយ​រយៈ រួច​ហើយ​ក៏​វិល​ត្រឡប់​ចូល​មក​រស់នៅ​ភូមិ​ស្វាយឃ្លាំង​វិញ ចំណែក​គ្រួសារ​អ្នក​ភូមិ​ជា​ច្រើន​ទៀត​ត្រូវ​ខ្មែរ​ក្រហម​កៀរ​យក​ទៅ​សម្លាប់​ចោល​ទាំងអស់ ។

រយៈពេល​៣​ឆ្នាំ​ដែល ស្មាស់ រស់នៅ​ក្នុងភូមិ​ឃើញ​តែ​ការ​កាប់សម្លាប់ បាន​ធ្វើ​ឲ្យ​ខួរក្បាល​របស់​គាត់​ដក់​ជាប់​នូវ​អារម្មណ៍​ភ័យ​ខ្លាច​ដោយសារ​តែ​អំពើរ​ឃោរឃៅ​របស់​ខ្មែរក្រហម​ធ្វើ​ទៅ​លើ​គ្រួសារ​ជនជាតិ​ចាម ហើយ​គាត់​ក៏​មិន​ចង់​រំឭក​ឡើង​វិញ​នូវ​រឿងរ៉ាវ​ឈឺចាប់​ទាំង​អស់នេះ​ទៀត​ដែរ ។ ចុង​ក្រោយ ស្មាស់ បាន​បញ្ជាក់​ថា «ជីវិត​របស់​គាត់ និង​ក្រុម​គ្រួសារ​ដែល​រស់​មក​ដល់​សព្វថ្ងៃ គឺ​ដោយសារ​តែ​ការ​ស្រលាញ់​របស់​មេបញ្ជាការ​ខ្មែរក្រហម​ប៉ុណ្ណោះ ហើយ​ទោះបីជា​អ្នក​ទាំងនោះ​មាន​ឈ្មោះ​ក្រាក់​យ៉ាងណា​ក៏​ដោយ​ក៏​គាត់​មិន​អាច​បំភ្លេច​គុណ​អ្នក​ដែល​ជួយ​គាត់​ឲ្យ​រស់​ជីវិត​បាន​ដែរ» ៕

សោម ប៊ុនថន
ទស្សនាវដ្ដី​ស្វែងរកការពិត លេខ​១២០ ខែធ្នូ ឆ្នាំ​២០០៩
 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in ចំណេះ​ធ្វើ, ប្រវត្តិសាស្ត្រ, អរិយធម៌​ខ្មែរ and tagged , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s