ទំនាក់ទំនង​ផ្នែក​នយោបាយ​រវាង​កម្ពុជា​ប្រជាធិបតេយ្យ​និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន


កម្ពុជា និង ​ចិន ​មាន​ទំនាក់ទំនង​គ្នា​ជា​យូរអង្វែង​មក​ហើយ ។ នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​១៩៥៨ ព្រះរាជាណាចក្រ​កម្ពុជា​ទី​មួយ ក្រោម​ការ​ដឹកនាំ​របស់​សម្តេចព្រះ នរោត្តម សីហនុ ចាប់ផ្ដើម​សាង​ទំនាក់​ទំនង​ជា​ផ្លូវការ​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ក្រោម​ការ​ដឹកនាំ​របស់​ប្រធាន​រដ្ឋ ម៉ៅ សេងទុង ។ ក្រោយ​ពី​មាន​ទំនាក់​ទំនង​ជា​ផ្លូវការ​ហើយ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​មាន​ការ​ផ្លាស់​ប្ដូរ​ទស្សនកិច្ច​គ្នា​ទៅ​វិញ​ទៅ​មក​ចាប់ពី​មន្ត្រី​ជាន់ខ្ពស់​ដល់​ថ្នាក់​ប្រមុខរដ្ឋ ។ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ប្រទេស​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា ដែល​មាន ប៉ុល ពត ជា​លេខា​បក្ស​ និង​ជា​នាយក​រដ្ឋមន្ត្រី បាន​បង្កើត​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​រឹត​តែ​ល្អ​ប្រសើរ​ជាង​មុន​ទៅ​ទៀត ។ ក្រៅ​អំពី​ទំនាក់ទំនង​ផ្នែក​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ សុខាភិបាល ប្រទេស​ទាំង​ពីរ​ក៏​មាន​ទំនាក់ទំនង​យោធា​ដ៏​សំខាន់​មួយ​ដែរ ។ ចិន​បាន​ជួយ​កម្ពុជា​ប្រជាធិបតេយ្យ​ផ្នែក​យោធា​ដោយ​ផ្ដល់​ជា​គ្រឿង​សព្វាវុធ​អ្នក​ជំនាញការ​យោធា និង​ចុង​ក្រោយ​បាន​ប្រើ​កម្លាំង​ទ័ព​ដើម្បី​បង្ខំ​ឲ្យ​ប្រទេស​វៀតណាម​ដកទ័ព​ចេញពី​ប្រទេស​កម្ពុជា ។

១. ទំនាក់ទំនង​ផ្នែក​នយោបាយ

១.១. ថ្នាក់ដឹកនាំ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ប្រជាធិបតេយ្យ

ចាប់ពី​បក្ស​កុម្មុយនិស្ត​កម្ពុជា​ទទួល​បាន​ជ័យជម្នះ​នៅ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥​មក រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​ដំណើរ​ទស្សនកិច្ច​ទៅ​វិញ​ទៅ​មក ។ ចាប់ពី​ថ្ងៃ​ទី​៥ ដល់ទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៧៨ លោក វ៉ាង ដុងស៊ីង អនុ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា ។ ពេល​មក​ដល់​ព្រលាន​យន្តហោះ​ពោធិ៍ចិនតុង វ៉ាង ដុងស៊ីង ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​សំណាក់​លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា ប៉ុល ពត គណៈ​ប្រធាន​រដ្ឋ ខៀវ សំផន ប្រធាន​រដ្ឋសភា នួន ជា ព្រមទាំង​មាន​កម្មាភិបាល​ប្រុស​ស្រី​រាប់​ពាន់​នាក់​ក្នុង​សម្លៀកបំពាក់​អាវ​ពណ៌​ស​លើក​គ្រវី​បាច់​ផ្កា​ចម្រុះ​ពណ៌ និង​កាន់​បដា​ដែល​សរសេរ​ថា «ជយោ​មិត្តភាព​កម្ពុជា ចិន និង​កម្លាំង​ប្រយុទ្ធ​សាមគ្គីភាព​ដ៏​អស្ចារ្យ» ដើម្បី​ទទួល​អបអរសាទរ​ការ​មក​ដល់​របស់​គណៈប្រតិភូ​ចិន ។ គណៈប្រតិភូ​ចិន​អមដំណើរ​ដោយ ប៉ុល ពត ខៀវ សំផន និង នួន ជា ធ្វើ​ដំណើរ​ដល់​សណ្ឋាគារ​រដ្ឋ​មួយ​ជិត​ទន្លេមេគង្គ ដោយ​នៅ​ទីនោះ​មាន​យុវជន​ប្រុស​ស្រី​ស្លៀកពាក់​យ៉ាង​សមរម្យ​លើក​ផ្កា​គ្រវី​ជាង​១.០០០​នាក់ ទទួល​ស្វាគមន៍​គណៈប្រតិភូ​មក​ដល់ ។

នៅ​ពេល​ជំនួប​ទទួលទាន​អាហារ លោក វ៉ាង ដុងស៊ីង បាន​ថ្លែង​កោតសរសើរ​បក្ស​កុម្មុយនិស្ត​កម្ពុជា​ថា «រដ្ឋាភិបាល និង​ប្រជាជន​ចិន​គ្រាំ​ទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ប្រជាជន​កម្ពុជា​ក្នុង​ការ​ការពារ​ទឹកដី ឯករាជ្យ​ម្ចាស់​ការ​លើ​ទឹកដី​កម្ពុជា​ទាំងមូល ។ កងទ័ព​កម្ពុជា និង​ប្រជាជន​កម្ពុជា​សុទ្ធតែ​ជា​អ្នក​អង់អាច និង​ក្លាហាន» ។ ប៉ុល ពត ក៏​បាន​លើក​សរសើរ​ទំនាក់ទំនង​របស់​ប្រទេស​ទាំង​ពីរ​ដោយ​មាន​ប្រសាសន៍​ថា «ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​ចិន​ស្រប​ទៅ​តាម​បំណង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ក៏​ស្រប​ទៅ​តាម​តំបន់​អាស៊ាន អាស៊ី និង​ស្រប​ទៅ​តាម​ផល​ប្រយោជន៍​ប្រជាជន​គ្រប់​ប្រទេស​លើ​ពិភពលោក ។ ទៅ​ថ្ងៃ​អនាគត កម្ពុជា​នឹង​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​ពង្រឹង និង​ពង្រីក​ទំនាក់​ទំនងជា​មិត្តភាព​ប្រទេស​ទាំង​ពីរ​ឲ្យ​រឹតតែ​រឹង​មាំ និង​ខ្លាំងក្លា​ថែម​ទៀត» ។

ដំណើរ​ទស្សនកិច្ច​របស់ វ៉ាង ដុងស៊ីង នៅ​របប​កម្ពុជា​ប្រជាធិបតេយ្យ​នៅ​ពេល​នេះ ចំ​ពេល​ដែល​ជម្លោះ​រវាង​កម្ពុជា​ប្រជាធិបតេយ្យ និង​វៀតណាម​ឡើង​ដល់​កម្រិត​កំពូល ។ គឺ​មួយ​ខែ​ក្រោយ​ពី​ដំណើរ​ទស្សនកិច្ច​នេះ នៅ​ខែធ្នូ ឆ្នាំ​១៩៧៨ កងទ័ព​វៀតណាម​បាន​វាយ​ចូល​ប្រទេស​កម្ពុជា​ពី​ព្រំដែន​ខាងកើត​នៃ​ប្រទេស​កម្ពុជា ។ ថ្នាក់ដឹកនាំ​បក្ស​កុម្មុយនិស្ត​កម្ពុជា ដែល​បាន​រៀបចំ​ឲ្យ​មេដឹកនាំ​ចិន​មក​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ពេល​នេះ ក៏​ចង់​បង្ហាញ​ឲ្យ​មេដឹកនាំ​ប្រទេស​វៀតណាម​ឃើញ​ថា កម្ពុជា​ប្រជាធិបតេយ្យ​មាន​ប្រទេស​ចិន​ជា​ខ្នងបង្អែក ។ អៀង សារី ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបទេស​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​អមដំណើរ វ៉ាង ដុងស៊ីង ដើរ​ទស្សនកិច្ច​តំបន់​ផ្សេងៗ​ក្នុង​ប្រទេស ក៏​បាន​អត្ថាធិប្បាយ​អំពី​ជម្លោះ​រវាង​កម្ពុជា​ប្រជាធិបតេយ្យ និង​វៀតណាម​ដែរ ។

ចាប់ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​១៩៧៧ លោក ចេន យ៉ុងហ្គុយ សមាជិក​នយោបាយ​បក្ស​កុម្មុយនិស្ត និង​ជា​ឧបនាយករដ្ឋមន្ត្រី​ចិន ទទួល​បាន​ការ​អញ្ជើញ​ពី​បក្ស​កុម្មុយនិស្ត​កម្ពុជា​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា ។ ប៉ុល ពត បាន​អមដំណើរ​លោក ចេន យ៉ុងហ្គុយ ទៅ​ទស្សនកិច្ច​នៅ​ភូមិភាគ​បូព៌ា​នៃ​ប្រទេស​កម្ពុជា ដោយ​នៅ​ទី​នោះ​មាន​កម្មករ កសិករ និង​កងទ័ព​បដិវត្តន៍​ខ្មែរក្រហម​រាប់​ម៉ឺន​នាក់​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ។ នៅ​ក្នុង​ជំនួប​ពិភាក្សា​រវាង​អ្នក​ទាំង​ពីរ ប៉ុល ពត បាន​មាន​សង្កត់ធ្ងន់​លើ​ទំនាក់ទំនង​មិត្តភាព​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ ។ ប៉ុល ពត ក៏​បាន​រំឭក​ព្រឹត្តិការណ៍​កាល​ពី​ឆ្នាំ​១៩៥៦ នៅ​ពេល​ដែល​គាត់​ទៅ​ទទួល ជូ អេនឡាយ មក​ទស្សនកិច្ច​លើក​ដំបូង​នៅ​កម្ពុជា ។ ចំណែកឯ​លោក ចេន យ៉ុងហ្គុយ បាន​កោត​សរសើរ​កងទ័ព​បដិវត្តន៍​ខ្មែរក្រហម​ថា «ចាប់ពី​ចលនា​តស៊ូ​រហូត​ដល់​ទទួល​បាន​ជ័យជម្នះ​របស់​ប្រជាជន​កម្ពុជា គឺជា​ការ​បញ្ជាក់​ពី​ការ​គ្រាំ​ទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ប្រជាជន​ចិន ។ កម្ពុជា​ក្រោយ​ថ្ងៃ​រំដោះ ចំណាយ​ពេល​តែ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ​អាច​ទទួល​បាន​លទ្ធផល​យ៉ាង​ត្រចះត្រចង់ ។ យើងខ្ញុំ​ត្រូវ​តែ​ខិតខំ​ស្វែង​យល់ និង​រៀនសូត្រ​តាម​បក្ស​កុម្មុយនិស្ត​កម្ពុជា និង​ប្រជាជន​កម្ពុជា» ។

នៅ​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​១៩៧៨ លោកស្រី តេង គៀនចាវ អនុប្រធាន​សភា​ប្រជាជន​ចិន បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ប្រជាធិបតេយ្យ ។ នៅ​ព្រលាន​យន្តហោះ​ពោធិ៍ចិនតុង ប៉ុល ពត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ប្រជាធិបតេយ្យ និង នួន ជា ប្រធាន​សភា​ប្រជាជន​កម្ពុជា​ប្រជាធិបតេយ្យ ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​លោកស្រី តេង គៀនចាវ និង​គណៈប្រតិភូ​អមដំណើរ​ផ្សេង​ទៀត ។ នៅ​ក្នុង​ជំនួប​សវនាការ ប៉ុល ពត បាន​មាន​ប្រសាសន៍​ថា «ការ​មក​ទស្សនកិច្ច​របស់​លោកស្រី​នេះ យើងខ្ញុំ​មាន​ការ​ត្រេកអរ​យ៉ាង​អនេកប្បការ ការ​ទស្សនកិច្ច​នេះ បើ​និយាយ​ចំពោះ​កម្ពុជា​គឺជា​ការ​លើក​ទឹកចិត្ត​យ៉ាង​ខ្លាំងក្លា​ចំពោះ​កម្ពុជា ។ តាម​ពិត ខ្ញុំបាទ និង​លោកស្រី​អនុប្រធាន​សភា​ជា​មិត្ត​តាំងពី​យូរ​មក​ហើយ ពីព្រោះ​នៅ​ពេល​ដែល​ខ្ញុំបាទ​ទៅ​ទស្សនា​នៅ​ប្រទេស​ចិន ខ្ញុំ​និង​លោកស្រី​បាន​ធ្វើការ​ជាមួយ​គ្នា​យ៉ាង​សកម្ម ។ លោកស្រី​មិន​គ្រាន់តែ​ជា​ប្រេសិត​ពិសេស​របស់​បក្ស​កុម្មុយនិស្ត និង​ប្រជាជន​ចិន​តែ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​មហាមិត្ត​របស់​ប្រជាជន​កម្ពុជា​ថែម​ទៀត​ផង ។ លោកនាយក​រដ្ឋមន្ត្រី ជូ អេនឡាយ ជា​យុទ្ធមិត្ត​របស់​កម្ពុជា ចំណែក​ការ​មក​ទស្សនកិច្ច​របស់​លោកស្រី បាន​នាំ​មក​ជាមួយ​នូវ​មិត្តភាព​យ៉ាង​ជ្រាលជ្រៅ​របស់​បក្ស​កុម្មុយនិស្ត និង​ប្រជាជន​ចិន» ។ នៅ​ក្នុង​ជំនួប​ពិភាក្សា​នោះ នួន ជា ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា «តាំងពី​ក្រោយ​ថ្ងៃ​រំដោះ​មក កម្ពុជា​ចង់​អញ្ជើញ​លោកនាយក​រដ្ឋមន្ត្រី ជូ អេនឡាយ មក​ទស្សនកិច្ច​នៅ​កម្ពុជា ដោយ​សង្ឃឹមថា លោកនាយក​រដ្ឋមន្ត្រី​នឹង​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ចំពោះ​បដិវត្តន៍​យ៉ាង​ស្អិតល្មួត​រវាង​ប្រជាជន​កម្ពុជា និង​ប្រជាជន​ចិន ។ មិនតែ​ប៉ុណ្ណោះ ប្រជាជន​កម្ពុជា​មាន​ការ​គោរព ស្រលាញ់ និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​គុណ​បំណាច់​យ៉ាង​ធំធេង ចំពោះ​លោកនាយក​រដ្ឋមន្ត្រី ជូ អេនឡាយ» ។ លោកស្រី តេង គៀនចាវ បាន​មាន​ប្រសាសន៍​តប​វិញ​ថា «លោកនាយក​រដ្ឋមន្ត្រី ជូ អេនឡាយ ក្នុង​នាម​ជា​យុទ្ធជន​បដិវត្តន៍​វណ្ណៈ​អធន គាត់​បាន​គោរព​តាម​ការ​ចង្អុល​បង្ហាញ​របស់​លោក​ប្រធាន ម៉ៅ សេងទុង ចំពោះ​កិច្ចការ​បដិវត្តន៍​កម្ពុជា និង​ទំនាក់ទំនង​មិត្តភាព​រវាង​ចិន​-​កម្ពុជា តែ​ព្រោះ​នេះ​ជា​ភារកិច្ច​ដែល​គាត់​ចាំបាច់​ត្រូវ​តែ​ធ្វើ» ។ ដំណើរ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​របស់​លោកស្រី​ប្រធាន​គណៈប្រតិភូ​ចិន អមដំណើរ​ដោយ នួន ជា ខៀវ ប៉ុណ្ណារី និង អៀង ធីរិទ្ធិ 

នៅ​ដើមឆ្នាំ​១៩៧៦ គណៈប្រតិភូ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ចិន បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ប្រជាធិបតេយ្យ ។

ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​១៩៧៧ គណៈប្រតិភូ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ចិន ដឹកនាំ​ដោយ​លោក ហ្វាង យី បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ។ គណៈប្រតិភូ​នេះ​ជា​តំណាង​ឲ្យ​រដ្ឋាភិបាល​ចិន ក្នុង​ការ​ចុះ​កិច្ចព្រមព្រៀង​ផ្នែក​សេដ្ឋកិច្ច​រវាង​រដ្ឋាភិបាល​ចិន និង​កម្ពុជា​ប្រជាធិបតេយ្យ ។ ក្រៅពី​ចុះ​ហត្ថលេខា​​ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច គណៈប្រតិភូ​ក៏​បាន​ផ្ដល់​ជំនួយ​ឥត​សំណង​ផ្នែក​សេដ្ឋកិច្ច និង​បាន​នាំ​យក​សម្ភារ​ផ្នែក​កសិកម្ម​មួយ​ចំនួន​ដែរ ។​

ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​១៩៧៦ លោក មូ គីង អនុប្រធាន​សារព័ត៌មាន​ចិន ស៊ីនហួរ ប្រធាន​គណៈប្រតិភូ និង​លោក លូ ដេយូន អគ្គនាយករង​ព័ត៌មាន​ភាពយន្ត​មជ្ឈិមបក្ស បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ប្រជាធិបតេយ្យ ។ ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ចិន​នេះ ខៀវ សំផន គណៈ​ប្រធាន​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ នួន ជា និង អៀង សារី បាន​ផ្លាស់​ប្ដូរ​វេន​គ្នា​ដើម្បី​អមដំណើរ​គណៈប្រតិភូ​ធ្វើ​ទស្សនកិច្ច និង​ជំនួប​ពិភាក្សា​គ្នា​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ នៅ​ក្នុង​ជំនួប​ពិភាក្សា​មួយ ហ៊ូ នឹម រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​កម្ពុជា​ប្រជាធិបតេយ្យ បាន​មាន​ប្រសាសន៍​ទៅ​កាន់​គណប្រតិភូ​ចិន​ថា ប្រជាជន​ចិន ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធាន ហួ ហ្គូហ្វេង បាន​កម្ចាត់​យ៉ាង​មាន​ប្រសិទ្ធភាព​ចំពោះ​ក្រុមប្រឆាំង​បដិវត្តន៍​ទាំង​បួន​នាក់ ។ គណៈប្រតិភូ​ចិន​នៅ​ក្នុង​អំឡុងពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​មាន​អារម្មណ៍​រំភើប និង​កក់ក្ដៅ​យ៉ាង​ក្រៃលែង ពីព្រោះ​ពេល​ទៅ​ដល់ទី​កន្លែង​ទស្សនកិច្ច ឬ​យក​ព័ត៌មាន មាន​មនុស្ស​ជា​ច្រើន​រង់ចាំ​ទទួល​ស្វាគមន៍​នៅ​ទីនោះ ។

ទិដ្ឋភាព​ទទួល​ស្វាគមន៍​ចំពោះ​មេដឹកនាំ​ចិន​មក​ទស្សនកិច្ច​នៅ​កម្ពុជា​បែប​នេះ គឺជា​ទិដ្ឋភាព​ដែល​កម្រ​ជួប​ប្រទះ ពីព្រោះ​ចាប់​ថ្ងៃ​ជ័យជម្នះ​នៅ​ថ្ងៃ​១៧ ខែមេសា ឆ្នាំ​១៩៧៥​មក ខ្មែរក្រហម​បាន​ចេញ​បញ្ជា​ឲ្យ​បណ្ដេញ​ប្រជាជន​ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ​ទាំងអស់​ចេញពី​ទីក្រុង​ភ្នំពេញ និង​ក្រោយមក​មិន​យូរ​ប៉ុន្មាន ក៏​បាន​បណ្ដេញ​ប្រជាជន​ពី​ទីប្រជុំជន​ផ្សេង​ទៀត និង​ដាក់​បញ្ជា​ឲ្យ​ប្រជាជន​ទូទាំង​ប្រទេស ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់​ថ្នាក់ ស្លៀក​សម្លៀក​បំពាក់​ពណ៌​ខ្មៅ ។ អ្នក​ដែល​អាច​រស់នៅ​ភ្នំពេញ​បាន​មាន​តែ​កម្មាភិបាល​បក្ស​ជាន់ខ្ពស់ កងការពារ យោធា បុគ្គលិក​រោងចក្រ និង​បុគ្គលិក​កសិដ្ឋាន​រដ្ឋ​មួយ​ចំនួន​ប៉ុណ្ណោះ ។ ពិត​មែន​តែ​អ្នក​ទាំងនោះ​អាច​រស់នៅ​ក្នុង​ក្រុងភ្នំពេញ​ក៏​ពិត​មែន តែ​ក៏​មិន​អាច​ដើរ​ទៅ​មក​ដោយ​សេរី​ក្នុង​ទីក្រុង ដោយ​គ្មាន​បញ្ជា​ពី​ថ្នាក់​ដឹកនាំ​របស់​ខ្លួន​បាន​ដែរ អ្នក​ដែល​មិន​គោរព​វិន័យ​ត្រូវ​ទទួលទោស​យ៉ាងធ្ងន់ធ្ងរ គឺ​សេចក្ដី​ស្លាប់ ។

ដូច្នេះ​ការ​រៀបចំ​ប្រជាជន​មក​ទទួល​គណៈប្រតិភូ​ត្រូវ​រៀបចំ​ឡើង​ដោយ​ប្រុង​ប្រយ័ត្ន​បំផុត និង​មាន​លក្ខខណ្ឌ​ចាំបាច់​ដោយ​ខាន​មិន​បាន ។ នៅ​ក្នុង​ទំនាក់ទំនង​អន្តរជាតិ ការ​រៀបចំ​ទទួល​បដិសណ្ឋារកិច្ច​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់ ជា​ទង្វើ​មួយ​ដែល​បញ្ជាក់​ពី​កម្រិត​នៃ​ចំណង​មិត្តភាព​រវាង​ប្រទេស និង​ប្រទេស ប្រសិនបើ​ការ​រៀបចំ​ទទួល​បដិសណ្ឋារកិច្ច​មាន​លក្ខណៈ​សាមញ្ញ និង​មន្ត្រី​ដែល​មក​ទទួលភ្ញៀវ​បរទេស​នោះ មិនមែន​ជា​មន្ត្រី​ជាន់​ខ្ពស់ នោះ​បញ្ជាក់​ថា គណៈប្រតិភូ​ដែល​ចូល​មក​ទស្សនកិច្ច ជា​មនុស្ស​មាន​ឋានៈ​មិន​សូវ​ខ្ពង់ខ្ពស់ ឬ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​មិន​សូវ​ជា​ល្អ​នឹង​គ្នា ។

១.២. ថ្នាក់ដឹកនាំ​កម្ពុជា​ប្រជាធិបតេយ្យ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន

ចាប់តាំងពី​ប្រទេស​ចិន​ជួយ​ជ្រោមជ្រែង​ដល់​ចលនា​តស៊ូ​របស់​ចលនា​ខ្មែរក្រហម ថ្នាក់​ដឹកនាំ​ចលនា​នេះ​តែងតែ​ទៅ​ទស្សនកិច្ច​ជា​រឿយៗ​នៅ​ប្រទេស​ចិន ។ នៅ​ខែមេសា ឆ្នាំ​១៩៧៤ ខៀវ សំផន និង អៀង សារី តំណាង​រដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ។ ថ្ងៃ​ទី​២ ខែមេសា សម្តេចព្រះ​នរោត្តម សីហនុ ខៀវ សំផន និង អៀង សារី បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ស្ដីពី​កម្ពុជា​ក្រោយ​ថ្ងៃ​រំដោះ ជាមួយ​ប្រធាន ម៉ៅ សេងទុង ។ ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ខ្មែរក្រហម​ទទួល​បាន​ការ​ទទួល​ស្វាគមន៍​អធិកអធម​ពី​សំណាក់​រដ្ឋាភិបាល​ចិន ប្រៀប​ដូច​ជា​ការ​ទទួល​ដំណើរ​ទស្សនកិច្ច​របស់​សម្តេចព្រះ នរោត្តម សីហនុ នៅ​ឆ្នាំ​១៩៦៥ ដូច្នេះ​ដែរ ។​

នៅ​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​១៩៧៥ ប៉ុល ពត បាន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ។ នេះ​ជា​លើក​ទី​មួយ​របស់​កម្មាភិបាល​ជាន់​ខ្ពស់​របប​កម្ពុជា​ប្រជាធិបតេយ្យ​ទៅ​ទស្សនកិច្ច​នៅ​ក្រៅប្រទេស​បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​នៅ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ប៉ុល ពត បាន​ទទួល​ជួប​សវនាការ​ជាមួយ​ប្រធាន​រដ្ឋ ម៉ៅ សេងទុង ។ នៅ​ក្នុង​ពេល​ជំនួប​សវនាការ​នោះ ប៉ុល ពត មាន​ប្រសាសន៍​ថា «ថ្ងៃនេះ យើងខ្ញុំ​បាន​មាន​សេចក្ដី​រំភើប​រីករាយ​ជា​អនេកប្បការ ដោយ​បាន​មក​ជួប​មហាបុរស ម៉ៅ សេងទុង» ។ ម៉ៅ សេងទុង បាន​មាន​ប្រសាសន៍​គាំទ្រ​ដល់​ចលនា​ខ្មែរក្រហម​ថា «យើងខ្ញុំ​គាំទ្រ​ទាំងស្រុង​ចំពោះ​អស់លោក ហើយ​បទពិសោធន៍​របស់​សមមិត្ត​ច្រើន​ជាង​បទពិសោធន៍​របស់​យើងខ្ញុំ​ទៅ​ទៀត ។​យើងខ្ញុំ​មិន​មាន​សមត្ថភាព​ស្ដីបន្ទោស​អស់លោក​ទេ​ក្នុង​រយៈពេល​៥០​ឆ្នាំ​កន្លង​មក ប្រទេស​ចិន​ដើរ​លើ​ផ្លូវខុស​ជា​ច្រើន​លើក​ច្រើន​សា កំហុស​ខ្លះ​កើត​ឡើង​ទូទាំង​ប្រទេស និង​កំហុស​ខ្លះ​កើត​ឡើង​នៅ​ក្នុង​តំបន់​មួយ​ចំនួន ។ ចំពោះ​ការងារ​របស់​អស់លោក​គឺ​សុទ្ធតែ​ត្រឹមត្រូវ» ។ ប៉ុន្តែ​លោក​ប្រធាន ម៉ៅ សេងទុង ក៏​បាន​រំឭក​ដល់​មេដឹកនាំ​ខ្មែរក្រហម​ដែរ​ថា កុំ​ចម្លង​ទាំងស្រុង​ពី​ប្រទេស​ចិន ។ ប៉ុល ពត បាន​មាន​ប្រសាសន៍​ចំពោះ​មាគ៌ា​ដែល​លោក​ប្រធាន​បាន​លើក​ឡើង​ថា «វា​មាន​សារសំខាន់​ណាស់​ចំពោះ​នយោបាយ​ជា​យុទ្ធសាស្ត្រ ។ ពី​នេះ​តទៅ យើងខ្ញុំ​នឹង​ធ្វើ​តាម​ការ​ណែនាំ​របស់​លោក ។ ចាប់តាំងពី​ពេញវ័យ​មក ខ្ញុំបាទ​បាន​សិក្សា​ស្នាដៃ​ជា​ច្រើន​របស់​លោក​ប្រធាន ជា​ពិសេស​ស្នាដៃ​ដែល​ពិភាក្សា​អំពី​យុទ្ធសាស្ត្រ​សង្គ្រាម ស្នាដៃ​និពន្ធ​របស់​លោក​ប្រធាន​ជា​មាគ៌ា​បង្ហាញ​ផ្លូវ​បក្ស​កុម្មុយនិស្ត​កម្ពុជា» ។ ក្រៅពី​នោះ ប៉ុល ពត និង​លោក​ប្រធាន​ម៉ៅ​បាន​ពិភាក្សា​យ៉ាងច្រើន​អំពី​មាគ៌ា​ដែល​ត្រូវ​ជ្រើសរើស​ក្រោយ​ជ័យជម្នះ និង​បទពិសោធន៍​មួយ​ចំនួន​ក្រោយ​ជ័យជម្នះ ។ នៅ​ពេល​បញ្ចប់​ជំនួប​សវនាការ លោក​ប្រធាន ម៉ៅ បាន​ប្រគល់​សៀវភៅ​ដែល​សរសេរ​ដោយ​លោក កាល់ម៉ាក់ អង់ហ្គែល លេនីន និង ស្តាលីន ចំនួន​៣០​ក្បាល ដោយ​មាន​ប្រសាសន៍​ថា «ពួក​គាត់​និយាយ​ល្អ​ជាង​ខ្ញុំ» ។ ប៉ុល ពត មាន​សេចក្ដី​រីករាយ​យ៉ាង​ខ្លាំង​នៅ​ពេល​ទទួល​បាន​សៀវភៅ​ពី​លោក​ប្រធាន ម៉ៅ ។ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​កម្ពុជា​ប្រជាធិបតេយ្យ​ក៏​បាន​ចូល​ជួប​ចំនួន​ពីរ​ដង​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ជូ អេនឡាយ នៅ​មន្ទី​ពេទ្យ ។

នៅ​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​១៩៧៧ ប៉ុល ពត ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ប្រជាធិបតេយ្យ ទទួល​បាន​ការ​អញ្ជើញ​ពី​រដ្ឋាភិបាល​ចិន​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​ជា​ថ្មី​ម្ដង​ទៀត​នៅ​ប្រទេស​ចិន​រយៈពេល​ប្រាំមួយ​ថ្ងៃ ។ ពេល​ទៅ​ដល់​ព្រលាន​យន្តហោះ​ទីក្រុង​ប៉េកាំង លោក​ប្រធានាធិបតី ហួ ហ្គូហ្វេង លោក តេង ស៊ាវពីង អនុ​ប្រធានាធិបតី លោក​អនុ​ប្រធានាធិបតី លី ស៊ានៀន បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ និង​មាន​មនុស្ស​រាប់​ពាន់​នាក់ លើក​គ្រវី​ផ្កា​ស្រស់​ចម្រុះ​ពណ៌ មាន​ក្រុម​ខ្លះ​ច្រៀង​ផង រាំ​ផង អបអរសាទរ​គណៈប្រតិភូ​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​បាន​មក​ទស្សនកិច្ច​ប្រទេស​ចិន ។

ចាប់ពី​ព្រលាន​យន្តហោះ​ក្រុង​ប៉េកាំង ប៉ុល ពត បាន​ជិះ​រថយន្ត​ជាមួយ​លោក ហួ ហ្គូហ្វេង ឆ្លង​កាត់​ពីមុខ​ព្រះ​រាជវាំង ធានអានមេន ដែល​នៅ​ទីនោះ​មាន​មនុស្ស​រាប់​ពាន់​នាក់ ឈរ​អម​ទទួល​ស្វាគមន៍​ការ​មក​ដល់​របស់​គណៈប្រតិភូ​កម្ពុជា​ប្រជាធិបតេយ្យ ។ នៅ​ពេល​ជំនួប​សវនាការ លោក​ប្រធានាធិបតី ហួ ហ្គូហ្វេង បាន​មាន​ប្រសាសន៍​ថា «ប្រជាជន​កម្ពុជា និង​កងទ័ព​បដិវត្តន៍​កម្ពុជា ក្រោម​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា បាន​ប្រយុទ្ធ​យ៉ាង​ក្លាហាន ប្រើ​យុទ្ធសាស្ត្រ​ប្រជាជន​បាន​វាយ​កម្ទេច​យ៉ាង​ជោគជ័យ​លើ​ក្រុម​បក្សសម្ព័ន្ធ និង​រដ្ឋាភិបាល​របស់ លន់ នល់ និង​បាន​វាយ​បណ្ដេញ​ពួក​ចក្រពត្តិនិយម​ចេញពី​ប្រទេស​កម្ពុជា ។ ប្រទេស​កម្ពុជា​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ដែល​ប្រជាជន​បាន​ធ្វើ​ជា​ម្ចាស់​លើ​ប្រទេស​ខ្លួនឯង និង​ដឹកនាំ​ដោយ​វណ្ណៈ​អធន បាន​រំដោះ​ប្រទេស​ចេញ​ពី​នឹម​ត្រួតត្រា​របស់​ចក្រពត្តិនិយម ។ បដិវត្តន៍​របស់​កម្ពុជា​មិន​ត្រឹមតែ​ជំរុញ​ឲ្យ​មាន​ប្រវត្តិសាស្ត្រ​ថ្មី​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​លើក​ទឹកចិត្ត​ដល់​កម្លាំង​ប្រជាជន​បដិវត្តន៍​ទូទាំង​ពិភពលោក ដែល​កំពុង​ទទួល​រង​ការ​គៀប​សង្កត់​ពី​សំណាក់​ចក្រពត្តិនិយម​ឲ្យ​មាន​ស្មារតី​កាន់តែ​ខ្លាំងក្លា​ឡើង ។ មូលហេតុ​ដែល​ប្រជាជន​កម្ពុជា​ទទួល​បាន​ជ័យជម្នះ​ទាំងនេះ មក​អំពី​មូលហេតុ​ពីរ​គឺ ទ្រឹស្ដី​ម៉ាក់​លេនីន និង​យុទ្ធសាស្ត្រ​ដ៏​ច្បាស់​លាស់​មួយ ។ ការ​ទទួល​ជោគជ័យ​របស់​កងកម្លាំង​បដិវត្តន៍​កម្ពុជា បាន​ឲ្យ​ឃើញ​ថា មិន​ថា​ជា​ប្រទេស​តូច ឬ​ធំ ឲ្យ​តែ​ពឹងផ្អែក​លើក​ម្លាំង​ប្រជាជន ព្យាយាម​ធ្វើ​ម្ចាស់​លើ​ខ្លួនឯង ឯករាជ្យ​ម្ចាស់​ការ កងទ័ព​ប្រយុទ្ធ​ស្មា​កៀក​ស្មា សរុប និង​ពិភាក្សា​អំពី​បទពិសោធន៍ និង​មាន​ជំហាន​ឈាន​ទៅ​មុខ ប្រាកដជា​អាច​កសាង​ប្រទេស​របស់​ខ្លួន​បាន​យ៉ាង​ល្អ ។ មហា​បុរស ម៉ៅ សេងទុង និង​លោក​នាយក​រដ្ឋមន្ត្រី ជូ អេនឡាយ កាល​នៅ​មាន​ជីវិត មាន​ការ​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​កង​កម្លាំង​បដិវត្តន៍​កម្ពុជា និង​មិត្តភាព​រវាង​ប្រទេស​ចិន និង​កម្ពុជា ។ យើងខ្ញុំ​ជឿជាក់​ថា ការ​មក​ទស្សនកិច្ច​របស់​អស់លោក ពិតជា​បង្កើន​ទំនាក់ទំនង​រវាង​បក្ស​នឹង​បក្ស និង​ប្រទេស​យើង​ទាំង​ពីរ ឲ្យ​ឈាន​ទៅ​រក​ការ​សហការ និង​ការ​អភិវឌ្ឍ​ថ្មី​មួយ​ទៀត ។ ចំពោះ​មិត្តភាព​នៃ​បដិវត្តន៍ និង​កម្លាំង​រួម​ប្រយុទ្ធ​រវាង​ប្រទេស​យើង​ទាំង​ពីរ នឹង​ធ្វើ​ឲ្យ​រឹតតែ​រឹង​មាំ និង​កាន់តែ​ល្អ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ» ។

ប៉ុល ពត យល់​ស្រប​យ៉ាង​ខ្លាំង​អំពី​គំនិត​បដិវត្តន៍ និង​ទ្រឹស្ដី​កុម្មុយនិស្ត​របស់​លោក​ប្រធាន ម៉ៅ សេងទុង ហើយ​ទទួល​ស្គាល់​ថា ជ័យជម្នះ​របស់​បដិវត្តន៍​កម្ពុជា​មាន​ប្រភព​មក​ពី​ទ្រឹស្ដី​របស់​លោក​ប្រធាន ម៉ៅ ។ ដោយ​សង្កត់ធ្ងន់​ថា «បដិវត្តន៍​របស់​ប្រទេស​ចិន​ដែល​ទទួល​បាន​ជ័យជម្នះ​ពី​ដំណាក់កាល​មួយ​ទៅ​ដំណាក់កាល​មួយ​ទៀត សុទ្ធតែ​ជា​ស្នាដៃ​របស់​អគ្គមគ្គុទ្ទេសក៍ ម៉ៅ សេទុង ។ ទទួល​បន្ត​ពី​ស្នាដៃ​របស់​លោក កាល់ម៉ាក់ អង់ហែ្គល លេនីន និង ស្តាលីន បូក​រួមការ​គិត​ពិចារណា​របស់​លោក​ប្រធាន ម៉ៅ ព្រមទាំង​បទពិសោធន៍​អាប់អួរ​នៃ​បដិវត្តន៍​ដ៏​សែន​គ្រោះថ្នាក់​ពេល​នេះ​បាន​ក្លាយ​ទៅជា​ពន្លឺ​បំភ្លឺ​ផ្លូវ​គ្រប់​បដិវត្តន៍​រំដោះជាតិ ដល់​ប្រជាជន​ទូទាំង​ពិភពលោក ។ អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា វា​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ ជា​អាវុធ​មុត​ស្រួច និង​នយោបាយ​ដ៏​មាន​ប្រសិទ្ធភាព ដែល​នាំ​ឲ្យ​ចលនា​បដិវត្តន៍​របស់​យើងខ្ញុំ​ដណ្តើម​បាន​ជ័យជម្នះ ។ ដំណើរការ​ចលនា​បដិវត្តន​រ៍បស់​យើងខ្ញុំ បាន​អនុវត្ត​ទ្រឹស្ដី​របស់​លោក​ប្រធាន ម៉ៅ ដោយ​ចាប់​ផ្ដើម​ពី​បាតដៃ​ទទេ រហូត​ដល់​ទទួល​បាន​ជ័យជម្នះ​នៅ​ថ្ងៃ​ទី​១៧ មេសា ១៩៧៥ លើ​ពួក​ឆ្កែ​បម្រើ​ចក្រពត្តិនិយម​រំដោះ​បាន​ទាំងស្រុង​ប្រជាជន​ទូទាំង​ប្រទេស ធ្វើ​ឲ្យ​កម្មករ កសិករ​មាន​វាសនា​ដឹកនាំ​នយោបាយ​ទាំងស្រុង​ទូទាំង​ប្រទេស ។ ប្រជាជន​យើងខ្ញុំ និង​ជន​បដិវត្តន៍​ទាំងអស់​លើ​ពិភពលោក ជឿជាក់​ទាំងស្រុង​លើ​ទ្រឹស្ដី ម៉ៅ សេងទុង ដោយ​ហេតុ​ថា ការ​ពិភាក្សា​អំពី​ក្បាល​ម៉ាស៊ីន​ថ្នាក់ដឹកនាំ​បក្ស​ត្រូវ​តែ​រឹង​មាំ អំពី​ការ​បង្កើត​ចលនា​រណសិរ្ស​ជាតិ​មួយ​រឹង​មាំ អំពី​ការ​បង្កើត​ភាព​រឹងមាំ និង​ក្លាហាន​របស់​កងទ័ព​បដិវត្តន៍ អំពី​ការ​បែងចែក​វណ្ណៈ​សង្គម អំពី​ភាព​ជា​ទំនាស់ អំពី​ការ​អនុវត្ត អំពី​ការ​បង្កើត​មូលដ្ឋាន​ភូមិ​បដិវត្តន៍ អំពី​ការ​ទាញ​យក​ផល​ប្រយោជន៍​ពី​ជនបទ និង​ទីក្រុង អំពី​ដំណើរការ​បដិវត្តន៍ អំពី​បដិវត្តន៍​ហិង្សា អំពី​យុទ្ធសាស្ត្រ បច្ចេកទេស​នៃ​សង្គ្រាម​ប្រជាជន អំពី​បដិវត្តន៍​របស់​វប្បធម៌ សិល្បៈ អក្សរសាស្ត្រ នៅ​តែ​មាន​ប្រសិទ្ធភាព​មាន​ភាព​មុត​ស្រួច និង​ជា​អាវុធ​ដែល​ធ្វើ​សង្គ្រាម​មិន​ចេះ​ចាញ់​លោក​ប្រធាន ម៉ៅ បាន​ធ្វើ​ឲ្យ​ចលនា​បដិវត្តន៍​សង្គមនិយម មានដំណើរ​ការ​ឡើង​នៅ​ក្នុង​ចលនា​អប់រំ សង្គមនិយម ជា​ពិសេស​វណ្ណៈ​អធន​នៅ​ក្នុង​បដិវត្តន៍​វប្បធម៌ លោក​ប្រធាន ម៉ៅ បាន​សង្កត់ធ្ងន់ និង​លើក​កម្ពស់​ទង់​បដិវត្តន៍ ដំណើរការ​ទំនាស់​វណ្ណៈ​នៅ​ក្នុង​ការ​ផ្លាស់​ប្ដូរ​អំណាច​របស់​វណ្ណៈ​អធន និង​នៅ​តែ​បន្ត​ដំណើរការ​បដិវត្តន៍​សង្គមនិយម​តទៅ​ទៀត ។ ការ​ចង្អុល​បង្ហាញ​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា ក្នុង​ដំណាក់កាល​ប្រវត្តិសាស្ត្រ​សង្គមនិយម សុទ្ធតែ​បន្សល់​ទុក​នូវ​ទំនាស់​នៃ​វណ្ណៈ និង​ការ​ប្រកួត​ប្រជែង​វណ្ណៈ ។ ចាំបាច់​ត្រូវ​តែ​ព្យាយាម​ប្រឆាំង និង​វណ្ណៈ​អភិជន របស់​វណ្ណៈ​អធន ព្យាយាម​ផ្លាស់​ប្ដូរ​អំណាច​ពី​វណ្ណៈ​អភិជន​មក​វណ្ណៈ​អធន​ព្យាយាម​បន្ត​ការ​បដិវត្តន៍​នៅ​ក្នុង​អំណាច​វណ្ណៈ​អធន ។ នៅ​ក្នុង​មាគ៌ា​នេះ ចំពោះ​អ្វី​ដែល​វណ្ណៈ​អធន​បាន​កាន់​អំណាច នេះ​ជា​ភាព​ត្រឹមត្រូវ និង​វ័យឆ្លាត» ។ ប៉ុល ពត ក៏​បាន​បង្ហាញ​ឲ្យ​ថ្នាក់ដឹកនាំ​ចិន​អំពី​ស្ថានភាព​កម្ពុជា ដូច​ជា ព្រំប្រទល់ សេដ្ឋកិច្ច ការ​អប់រំ​និង​វប្បធម៌ វិទ្យាសាស្ត្រ សុខាភិបាល និង​វិស័យ​កសិកម្ម មាន​ការ​កសាង​ទំនប់​ទឹក​តូច ធំ និង​មធ្យម ។ គាត់​បាន​វាយតម្លៃ​អំពី​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​ថា «បក្ស និង​ប្រជាជន​របស់​ប្រទេស​ទាំង​ពីរ បាន​កសាង​ឡើង​ក្នុង​លទ្ធិ​កាល់ម៉ាក លទ្ធិ​លេនីន និង​ទ្រឹស្ដី ម៉ៅ សេងទុង ដ៏​ត្រចះត្រចង់ និង​បដិវត្តន៍​ជា​មិត្តភាព​ដែល​មិន​អាច​បំបែក​បាន» ។

នៅ​ដើម​ខែមេសា ឆ្នាំ​១៩៧៨ សុន សេន រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ បាន​ទៅ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន គោលដៅ​ពង្រឹង​ទំនាក់ទំនង​ផ្នែក​យោធា និង​សុំ​ជំនួយ​យោធា​ពី​រដ្ឋាភិបាល​ចិន ដើម្បី​ទប់ទល់​ជាមួយ​កងទ័ព​វៀតណាម ។​

២. ទំនាក់ទំនង​ផ្នែក​មនោគមវិជ្ជា និង​ជំនួយ

២.១. សម្ព័ន្ធភាព​រវាង​ប្រទេស​កុម្មុយនិស្ត

ទំនាក់ទំនង​រវាង​កម្ពុជា​ប្រជាធិបតេយ្យ និង​សាធារណរដ្ឋ​ចិន បាន​ឡើង​ដល់​ចំណុចកំពូល​លើ​គ្រប់​វិស័យ ។ ប្រទេស​ចិន មិន​ត្រឹម​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​ប្រជាធិបតេយ្យ​គ្រប់​វិស័យ​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​បាន​សម្រេច​ធ្វើ​សង្គ្រាម​ទៅ​លើ​ប្រទេស​មួយ​ទៀត ដើម្បី​ជួយ​សង្គ្រោះ​ប្រទេស​ជា​មិត្ត​របស់​ខ្លួន​ទៀត​ផង ។ សម្ព័ន្ធភាព​រវាង​ប្រទេស​ទាំង​ពីរ​បាន​ក្លាយ​ទៅជា​សម្ព័ន្ធភាព​រឹងមាំ​ដោយ​មាន​មូលហេតុ​ធំៗ​បី​យ៉ាង​គឺ ទី​មួយ សុទ្ធតែ​ជា​ប្រទេស​ប្រកាន់​លទ្ធិកុម្មុយនិស្ត​ដូច​គ្នា ហើយ ប៉ុល ពត បាន​ឈ្លក់​វង្វេង​ជា​ខ្លាំង​ចំពោះ​ទ្រឹស្ដី​កុម្មុយនីស្ត​ម៉ាក លេនីន ស្តាលីន​និយម និង​ជា​ពិសេស​លើ​ទ្រឹស្ដី​ម៉ៅនិយម ។ ទី​ពីរ តួនាទី​យ៉ាង​សំខាន់​របស់​សម្តេចព្រះ នរោត្តម សីហនុ និង​ទី​បី របប​ទាំង​ពីរ​មាន​សត្រូវ​រួម គឺ​សហភាព​សូវៀត និង​វៀតណាម ។ ជា​ការ​ពិត​ណាស់ ប្រទេស​ចិន សម្រេចចិត្ត​វាយលុក​ចូល​ប្រទេស​វៀតណាម មិនមែន​តែ​លើ​មូលហេតុ​ជួយ​រំដោះ​កម្ពុជា​ប្រជាធិបតេយ្យ​តែ​មួយ​មុខ​ប៉ុណ្ណោះ​ទេ គឺ​នៅ​មាន​មូលហេតុ​ជា​ច្រើន​ទៀត ។

២.២. សាធារណរដ្ឋ​ប្រជាមានិត​ចិន​ជំនួយ​ផ្នែក​យោធា​ដល់​កម្ពុជា​ប្រជាធិបតេយ្យ

ក្រោយ​ពី​ទទួល​បាន​ជ័យជម្នះ​លើ​របប​សាធារណរដ្ឋ​ខ្មែរ កម្ពុជា​ប្រជាធិបតេយ្យ​នៅ​តែ​ត្រូវការ​ជំនួយ​យ៉ាងច្រើន​ពី​ប្រទេស​ចិន នោះ​ក៏​ដោយសារ​តែ​របប​នេះ​មាន​ជម្លោះ​យ៉ាង​ខ្លាំងក្លា​ជាមួយ​ប្រទេស​វៀតណាម​លើ​បញ្ហា​ព្រំដែន ។ មេដឹកនាំ​ខ្មែរក្រហម​បាន​ដឹង​យ៉ាង​ច្បាស់​ថា ទាំង​កងទ័ព និង​សព្វាវុធ​យោធា សុទ្ធតែ​មិន​អាច​វាយ​ឈ្នះ​លើ​កងទ័ព​វៀតណាម​បាន​ទេ តែ​ដោយ​សម្អាង​លើ​ប្រទេស​ចិន​ដែល​ជា​ខ្នងបង្អែក មេដឹកនាំ​បក្ស​កុម្មុយនិស្ត​កម្ពុជា​ជា​រឿយៗ​បាន​បញ្ជូន​កងទ័ព​របស់​ខ្លួន​ឲ្យ​ចូល​វាយប្រហារ​លើ​ទឹកដី​ប្រទេស​វៀតណាម​ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ព្រំដែន​របស់​ប្រទេស​កម្ពុជា ។​

ដោយ​ផ្អែក​លើ​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ ប្រទេស​ចិន​តែងតែ​ផ្ដល់​ជំនួយ​ជា​បន្តបន្ទាប់​ដល់​របប​កម្ពុជា​ប្រជាធិបតេយ្យ ។ ចាប់ពី​ខ្មែរក្រហម​ទទួល​ជ័យជម្នះ​មក ប្រទេស​ចិន​បាន​បញ្ជូន​អ្នកជំនាញ​ខាង​កងទ័ព​មក​សិក្សា​ស្រាវជ្រាវ និង​បាន​បញ្ជូន​អ្នក​ជំនាញការ​យោធា​មក​ហ្វឹកហ្វឺន​ផ្នែក​យោធា​ដល់​យោធា​របស់​ខ្មែរក្រហម ។ ឆ្នាំ​១៩៧៦ ប្រទេស​ទាំង​ពីរ​បាន​ចុះ​កិច្ចព្រមព្រៀង​ទៅ​លើ​វិស័យ​យោធា ប្រទេស​ចិន​បាន​យល់ព្រម​ផ្ដល់​ជំនួយ​ឥត​សំណង​ផ្នែក​យោធា​ដល់​របប​កម្ពុជា​ប្រជាធិបតេយ្យ ។ ផ្អែក​លើ​កិច្ចព្រមព្រៀង​នោះ ចិន​ត្រូវ​ជួយ​ឧបត្ថម្ភ​ដល់​របប​ខ្មែរក្រហម​ទាំង​ផ្នែក​កងទ័ព​ជើងគោក ជើង​ទឹក និង​ទ័ពអាកាស ។ ក្រោយមក ប្រទេស​ចិន​បាន​ផ្ដល់​ឲ្យ​កម្ពុជា​ប្រជាធិបតេយ្យ​នូវ​ឧបករណ៍​ផ្សាយ​សំឡេង វិទ្យុទាក់ទង និង​យន្តហោះ​ប្រដេញ ។ នៅ​ដើមឆ្នាំ​១៩៧៧ ចិន​បាន​ផ្ដល់​ឲ្យ​របប​ខ្មែរក្រហម​នូវ​ទឹកប្រាក់​ចំនួន ១.៤០០​លាន​យេន រថក្រោះ ​៣០​គ្រឿង និង​រថពាសដែក​ចំនួន​ដប់​គ្រឿង ។ ដល់​ឆ្នាំ​១៩៧៨ ទីក្រុង​ប៉េកាំង​បាន​ប្រគល់​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​ចំណុះ​ជាង​៨០០​តោន ចំនួន ២​គ្រឿង និង​នាវា​ល្បាត​ចំនួន​បួន​គ្រឿង ក្នុង​នោះ​មាន​បន្ថែម​រថក្រោះ ២០០​គ្រឿង រថពាសដែក​៣០០​គ្រឿង គ្រាប់រំសេវ ៣០.០០០​តោន យន្តហោះ​ប្រដេញ​ប្រាំមួយ​គ្រឿង និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ពីរ​គ្រឿង ។ ចិន​បាន​ចាប់​ផ្ដើម​កសាង​ផ្លូវ​ដែក​ថ្មី​មួយ ដែល​ភ្ជាប់​ក្រុង​ភ្នំពេញ​ទៅ​កំពង់សោម និង​ចំណត​អាកាសយានដ្ឋាន​ថ្មី​មួយ​នៅ​កំពង់ឆ្នាំង ។ នៅ​មាន​ជំនួយ​ជា​ច្រើន​ទៀត​ដែល​ចិន​បាន​ប្រគល់​ឲ្យ​របប​ខ្មែរក្រហម ដូចជា ប្រេងឥន្ធនៈ និង​សម្ភារ​យោធា​មួយ​ចំនួន​ធំ​ទៀត ។

ជំនួយ​ផ្នែក​យោធា​របស់​ប្រទេស​ចិន បាន​ធ្វើ​ឲ្យ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ធ្វើ​ទំនើបកម្ម​លើ​វិស័យ​កងទ័ព ទី​មួយ អាច​ពង្រឹង​វិស័យ​យោធា​ទាំង​សម្ភារ​សព្វាវុធ និង​លើ​ទឹកចិត្ត​ឲ្យ​កងទ័ព​កាន់តែ​មាន​កម្លាំង​ប្រយុទ្ធ ។ ទី​ពី គឺ​ថែរក្សា​សន្តិសុខ សុវត្ថិភាព​ក្នុង​ប្រទេស និង​សន្តិសុខ​ក្នុង​តំបន់ និង​ទី​បី គឺ​ពង្រឹង​ទំនាក់ទំនង​ផ្នែក​យោធា​រវាង​ចិន និង​កម្ពុជា​ឲ្យ​រឹតតែ​រឹង​មាំ​ឡើង ៕

ទី លីកូ
ទស្សនាវដ្ដី​ស្វែងរកការពិត លេខ​១៦៦ ខែតុលា ឆ្នាំ​២០១៣
 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in ចំណេះ​ធ្វើ, ប្រវត្តិសាស្ត្រ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s