កត្តាចង្រៃ និង​ការ​គ្រប់គ្រង

ព្រះមេ ឬ ព្រះមាតា ឬ ព្រះប្រពៃស្រព

ដំណាំ​ស្រូវ​នៅ​កម្ពុជា

ពិនិត្យ​ដោយ បណ្ឌិត ម៉ែន សារុម

ជំពូក​៩

កត្តាចង្រៃ និង​ការ​គ្រប់គ្រង

ព្រាប វិសារទោ, នី វុទ្ធី, ប៉ុល ចាន់ធី និង ​ខៀវ ប៊ុណ្ណារិទ្ធ

៩.១. ជំងឺ​លើ​ដំណាំ​ស្រូវ

ជំងឺ​សំខាន់ៗ​ដែល​បង្ក​ឡើង​ដោយ​មេរោគ​លើ​ដំណាំ​ស្រូវ ត្រូវ​បាន​គេ​ចែក​ចេញ​ជា​បី​ក្រុម​ធំៗ ទៅ​តាម​ប្រភេទ​នៃ​ការ​បំផ្លាញ និង​ទៅ​តាម​ប្រភេទ​នៃ​ភ្នាក់ងារ​បង្ក ដែល​បាន​ធ្វើការ​បំផ្លាញ​នៅ​លើ​សរីរាង្គ​ស្រូវ​នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​លូតលាស់​របស់​វា ដូច​ជា ជំងឺ​លើ​ស្លឹក ជំងឺ​លើ​ដើម និង​ស្រទប និង​ជំងឺ​លើ​គ្រាប់ ៘ មិន​តែ​ប៉ុណ្ណោះ នៅ​មាន​ជំងឺ​សំខាន់​ផ្សេងៗ​ទៀត​ដូច​ជា ជំងឺ​វីរុស (Virus diseases) ជំងឺ​ណេម៉ាតូត (Nematode diseases) ដែល​បាន​បង្ក​ឲ្យ​ខូចខាត​លើ​ដំណាំ​ស្រូវ​ផង​ដែរ ។

៩.១.១. ជំងឺ​លើ​ស្លឹក (Leaf diseases)

ជា​ជំងឺ​ដែល​ធ្វើ​ឲ្យ​ស្លឹក​ស្រូវ មាន​ភាព​មិន​ប្រក្រតី​គឺ​ស្លឹក​ស្រូវ​ប្រែ​ពណ៌​ស្រពោន រួញ ក្រិន ឬ​មាន​ស្នាម​អុចៗ​លើ​ផ្ទៃ​ស្លឹក ។ ជំងឺ​ទាំងនោះ​មាន​ដូច​ជា ៖

៩.១.១.១. ជំងឺ​ខ្នារអំបោះ​ត្នោត (Rice blast)

ជំងឺ​នេះ​មាន​ការ​រីក​រាលដាល​ខ្លាំង​ជាងគេ​នៅ​លើ​ដំណាំ​ស្រូវ ។ ជា​ពិសេស​វា​អាច​កើត និង​រីក​រាលដាល​នៅ​គ្រប់​សរីរាង្គ​របស់​ស្រូវ (ដើម ស្លឹក កួរស្រូវ គ្រាប់ស្រូវ) ។ លើស​ពី​នេះ​ទៀត ជំងឺ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុកជា​ជំងឺ​ផ្ដាសាយ​ស្រូវ​ដែល​គេ​ប្រទះ​ឃើញ​មុន​គេ​នៅ​ប្រទេស​ចិន នា​ឆ្នាំ​១៦៣៧ ហើយ​បាន​ធ្វើ​ការ​ចុះ​ផ្សាយ​នៅ​ប្រទេស​ជប៉ុន នា​ឆ្នាំ​១៧០៤ នៅ​ប្រទេស​អ៊ីតាលី ឆ្នាំ​១៨២៨ នៅ​សហរដ្ឋអាមេរិក​ ឆ្នាំ​១៨៧៦ និង​នៅ​ឥណ្ឌា ឆ្នាំ​១៩១៣ ។ ចំណែក​នៅ​ប្រទេស​កម្ពុជា​វិញ ទើប​តែ​ធ្វើការ​កត់ត្រា​អំពី​ជំងឺ​នេះ​ក្នុង​អំឡុង​ឆ្នាំ​១៩៩០​ប៉ុណ្ណោះ ។

ក. រោគសញ្ញា

នៅ​លើ​ស្លឹក យើង​សង្កេត​ឃើញ​មាន​ស្នាម​ជាំ​ពណ៌​ត្នោត​ក្រមៅ និង​នៅ​ចំ​កណ្តាល​ចំណុច មាន​ពណ៌​ប្រផេះ​ភ្លឺ ។ ពេល​ដែល​វា​រីក​រាលដាល​ធំ​ឡើង​រហូត​ដល់​ប្រវែង ៣-៤ សម និង​ទំហំ ០.៥ សម វា​មាន​រាង​ដូចជា​ខ្នារ​អំបោះ ។ នៅ​លើ​គែម​នៃ​ស្លឹក​មាន​ការ​លេច​ចេញ​នូវ​ចំណុច​ពណ៌​ខ្មៅ ។ ជាដំបូង​ចំណុច​តូចៗ​ពណ៌​ខ្មៅ​ទាំងនេះ​មាន​លក្ខណៈ​តូច បន្ទាប់​មក​វា​ក៏​មាន​ការ​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​ពាសពេញ​ដើម និង​ស្លឹក ។ រីឯ​កួរស្រូវ​វិញ​មាន​និប្ផលភាព (អារ) មិន​ដាក់​គ្រាប់ ហើយ​មាន​ពណ៌​ខ្មៅ​ប្រផេះ នៅ​ផ្នែក​ខាងក្នុង​នៅ​លើ​ទង​នៃ​កួរស្រូវ (រូប ៩.១) ។

រូប ៩.១ រោគសញ្ញា​នៃ​ជំងឺ​ខ្នារអំបោះ (Rice Blast)

ខ. ភ្នាក់ងារ​បង្ក​នៃ​ជំងឺ

ជំងឺ​នេះ​បង្ក​ដោយ​មេរោគ​ឈ្មោះ Pyricularia oryzae ដែល​ជ្រៀតចូល​តាម​ចន្លោះ​កោសិកា​រុក្ខជាតិ វា​មាន​ទំហំ 19-27μm x 8-10μm ។ ជំងឺផ្សិត​នេះ​រីក​រាលដាល​ខ្លាំង​នៅ​សីតុណ្ហភាព ២២-២៤ អង្សា​សេ និង​សំណើម​បរិយាកាស​ប្រមាណ ៩០-៩៥ ភាគរយ ។ លើស​ពី​នេះ​ទៀត ជំងឺ​នេះ​បាន​ធ្វើ​ឲ្យ​ដំណុះ​គ្រាប់ស្រូវ​មាន​ការ​បាត់បង់ ។ ទិន្នផល​ដែល​បាត់បង់​ដោយសារ​ជំងឺ​នេះ មាន​ប្រមាណ​ជា ២០-២៥% ។

គ. វិធានការ​ទប់ស្កាត់ និង​កម្ចាត់

ត្រូវ​ជ្រើសរើស​រក​ពូជ​ធន់​ទ្រាំ និង​ធ្វើការ​ដុត​នូវ​កម្ទេចកម្ទី និង​ស្មៅ​ទាំងឡាយ​ដែល​ជាទី​ជម្រក​របស់​វា ។ ប្រឡាក់​ថ្នាំ​ផ្សិត (Pyroquilion និង Tricyclazole) លើ​គ្រាប់ពូជ​មុន​យក​ទៅ​សាប ដាំ​ដំណាំ​ឆ្លាស់ (ស្រូវ​សណ្តែក) បញ្ចូល​ទឹក​ក្នុង​ស្រែ​ឲ្យ​បាន​កម្ពស់ ១៥-១៨ សម សម្អាត​គ្រាប់​ដោយ​ត្រាំ​ជាមួយ​ទឹក​ក្ដៅ​ក្នុង​កម្រិត ៥០-៥៥​អង្សា ក្នុង​រយៈពេល ១០-១៥​នាទី និង​បាញ់ថ្នាំ Benomyl ឬ Probenazol នៅ​ដំណាក់កាល​មុន​ស្រូវ​ផើម ក្រោយ​ពេល​ចេញ​ផ្កា និង​១០​ថ្ងៃ​បន្ទាប់ ។ ចំពោះ​ប្រភេទ​ថ្នាំ Pyroquilion និង Tricyclazole មាន​ប្រសិទ្ធភាព​ខ្ពស់ នៅ​ក្នុង​ការ​ប្រឡាក់​គ្រាប់​ស្រូវ​មុន​ពេល​សាប​ព្រោះ ។

៩.១.១.២. ជំងឺ​អុត​ត្នោត (Brown spot)

គឺជា​ជំងឺ​ដែល​ត្រូវ​បាន​រក​ឃើញ​មុន​គេ​បង្អស់ នៅ​ប្រទេស​ជប៉ុន នា​ឆ្នាំ​១៩០០ បន្ទាប់​មក​ឃើញ​មាន​ការ​រាលដាល​ពាសពេញ​ពិភពលោក ដែល​មាន​ការ​ដាំ​ដុះ​ដំណាំ​ស្រូវ ។ ជាដំបូង​នៅ​ឆ្នាំ​១៩១៦ ជំងឺ​នេះ​ត្រូវ​បាន​គេ​ហៅ​ថា​ជា ជំងឺ Sesame leaf blight ព្រោះ​ចំណុច​អុត (Oval spots) មាន​រូបរាង​ដូច​គ្រាប់​ល្ង ។ ជំងឺ​អុត​ត្នោត​នេះ​មាន​ការ​រីក​រាលដាល​យ៉ាង​ខ្លាំង​លើ​ផលិតកម្ម​ដំណាំ​ស្រូវ ។ ការ​រីក​រាលដាល​នេះ យើង​សង្កេត​ឃើញ​មាន​នៅ​លើ​ស្លឹក គែម​នៃ​ស្លឹក និង​គ្រាប់ស្រូវ ។

ក. រោគសញ្ញា

មាន​នៅ​លើ​ពន្លក​ស្លឹក​ស្រូវ លេច​ចេញ​នូវ​ចំណុច​មូល​តូចៗ​ដែល​មាន​ទំហំ ១-១៤​មម x ០.៥-៣​មម ។ បន្ទាប់​មក​ចំណុច​នេះ​នឹង​រីក​ធំ​ឡើង​មាន​ពណ៌​ត្នោត​ក្រមៅ នៅ​ដក់​ជាប់​លើ​ស្លឹក (រូប ៩-២) ។ ម្យ៉ាងវិញទៀត នៅ​ពេល​ដែល​វា​រីក​រាលដាល​ខ្លាំង ធ្វើ​ឲ្យ​ស្រូវ​មិន​អាច​ចេញ​ផ្កា​បាន ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​បាត់បង់​ទិន្នផល ។

រូប ៩-២ រោគសញ្ញា​នៃ​ជំងឺ​អុត​ត្នោត (Brown spot)

ខ. ភ្នាក់ងារ​បង្ក​នៃ​ជំងឺ

ចំពោះ​ភ្នាក់ងារ​បង្ក​របស់​វា គឺជា​ពពួក​ផ្សិត Helmithosporium oryzae ដែល​បង្ក​នៅ​ផ្នែក​ខាងលើ​នៃ​ជាលិកា​រុក្ខជាតិ ហើយ​មាន​ពណ៌​ត្នោត ខ្មៅ ទំហំ 63-153μm x 14-22μm ពពួក​ផ្សិត​នេះ​ជ្រៀតចូល​ទៅ​ក្នុង​កោសិកា​រុក្ខជាតិ តាម​រយៈ​ស្រទាប់​អេពីឌែម និង​រោម​តូចៗ​នៃ​រុក្ខជាតិ ។ ហើយ​ពួក​វា​ទាំងនេះ​អាច​បង្កើត​នូវ​ប្រព័ន្ធ​ឫស​ដែល​មាន​លទ្ធភាព​បញ្ចេញ​នូវ​សារធាតុពុល ។ លើស​ពី​នេះ​ទៀត វា​អាច​រីក​រាលដាល​យ៉ាង​ឆាប់​រហ័ស​នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់ មាន​សំណើម​បរិយាកាស​ខ្ពស់​លើស​ពី ៩២% និង​សីតុណ្ហភាព​រវាង ២១-៣៦​អង្សា (រូប ៩-៣) ។

រូប ៩.៣ ភ្នាក់ងារ​បង្ក​ជំងឺ​អុត​ត្នោត

គ. វិធានការ​ទប់ស្កាត់ និង​កម្ចាត់

  • ត្រូវ​ជ្រើសរើស​ពូជ​ធន់​ទ្រាំ
  • ធ្វើការ​សម្អាត​ស្រែ​មុន​ពេល​ដាំ
  • ធ្វើការ​ពន្លិចទឹក​នៅ​ពេល​ស្រូវ​មាន​ពន្លក
  • ដាក់​ជី​ឲ្យ​បាន​សម​ស្រប​តាម​តម្រូវការ​របស់​រុក្ខជាតិ
  • ធ្វើការ​សម្អាត​គ្រាប់​មុន​ពេល​ដាំ (ត្រាំ​គ្រាប់​ជាមួយ​ទឹក​ក្ដៅ​ក្នុង​កម្រិត​សីតុណ្ហភាព ៥៣-៥៤​អង្សា ក្នុង​រយៈពេល ១០-១២​នាទី ឬ​ធ្វើការ​ប្រឡាក់​ថ្នាំ Antibiotic (captan, thiram, chitosan, carbendazim) និង​បាញ់ថ្នាំ Mancozeb + Triclazol នៅ​ដំណាក់កាល​បែក​គុម្ព ។
 

ភាគបន្ត

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in កសិកម្ម and tagged , , , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s