ប្រាសាទ​ព្រះវិហារ​ក្នុង​ពេល​ខ្មែរក្រហម​គ្រប់គ្រង

ប្រាសាទ​ព្រះវិហារ​ក្នុង​ពេល​ខ្មែរក្រហម​គ្រប់គ្រង

ប្រាសាទ​ព្រះវិហារ​ត្រូវ​កងទ័ព​វៀតណាម និង​កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​កាន់កាប់​ក្រោយ​ពេល​របប​ខ្មែរក្រហម​ដួល​រលំ​នៅ​ឆ្នាំ​១៩៧៩ ។ ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​១៩៩៣ កង​យោធា​ខ្មែរក្រហម​វាយ​យក​បាន​ប្រាសាទ​ព្រះវិហារ ហើយ​បន្ត​គ្រប់គ្រង​រហូត​ដល់​ឆ្នាំ​១៩៩៨ ។

អតីត​យោធា​ខ្មែរក្រហម​ដែល​ធ្លាប់​បាន​ដឹង​រឿងរ៉ាវ និង​ធ្លាប់​ឈរជើង​នៅ​លើ​ប្រាសាទ​ព្រះវិហារ​បាន​និយាយ​ប្រវត្តិ​របស់​ខ្លួន ។

ជិន គឹមថុង អាយុ​៦៤ ជា​អតីត​យោធា​នៅ​កងពល​៨០១ និង​ជា​អ្នកតំណាង​ម្នាក់​ក្នុង​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ​ក្នុង​ការ​ចរចា​រក​សន្តិភាព​ក្នុង​អំឡុង​ទសវត្សរ៍​៩០ ។ គឹមថុង បាន​និយាយ​ថា គាត់​បាន​ទៅ​ដល់​ប្រាសាទ​ព្រះវិហារ​ក្រោយ​ពេល​ភាគី​ខ្មែរក្រហម​ធ្វើ​សមាហរណកម្ម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ឆ្នាំ​១៩៩៩ ។ គាត់​បាន​ឡើង​ទៅ​ដល់​ប្រាសាទ​នេះ​តាម​ផ្លូវ​ចាស់​ដែល​ខ្មែរក្រហម​ធ្លាប់​ប្រើប្រាស់​សម្រាប់​ដឹក​ជញ្ជូន​គ្រាប់​ឡើង​ទៅ​លើ​ភ្នំ ដែល​ផ្លូវ​នោះ​មាន​តែ​រទេះគោ​ប៉ុណ្ណោះ​ដែល​អាច​បរ​កាត់​បាន ។ គាត់​បន្ត​ថា នៅ​អំឡុង​ពេល​នោះ​មិន​ឃើញ​មាន​កងទ័ព​របស់​ថៃ​មក​ឈរជើង​នៅ​លើ​ប្រាសាទ​ព្រះវិហារ​ទេ ចំណែក​ផ្លូវ​ពី​ផ្ទះ​ក្រហម​មក​ប្រាសាទ​ព្រះវិហារ​ក៏​មិន​ឃើញ​មាន​សង់​ផ្លូវ​ថ្មី​ដូច​បច្ចុប្បន្ន​ដែរ ។

ចាន់ ស៊ាន់ ហៅ សាន អាយុ​៦៨​ឆ្នាំ ជា​អតីត​ប្រធាន​វរសេនា​ធំ​នៃ​កងពល​៥០២ ។ ក្រោយ​ឆ្នាំ​១៩៧៩ គាត់​បាន​ប្ដូរ​មក​នៅ​កងពល​៦១២​វិញ ដោយ​ឈរជើង​នៅ​ជិត​បឹង​ទន្លេសាប ។ រហូត​មក​ដល់​ឆ្នាំ​១៩៨៨ ទើប​គាត់​បាន​ផ្លាស់​មក​នៅ​ជួរ​ភ្នំ​ដងរែក ។ គាត់​បាន​និយាយ​ថា តា​ម៉ុក បាន​ឈូស​ឆាយ និង​ធ្វើ​ផ្លូវ​តាម​បណ្តោយ​ភ្នំ​ដងរែក​ពី​តំបន់​អន្លង់វែង​រហូត​ទៅ​ដល់​ផ្លូវ​ឡើង​ទៅ​លើ​ប្រាសាទ​ព្រះវិហារ​ចាប់តាំងពី​ឆ្នាំ​១៩៩១ ដោយ​មិន​មាន​ភាគី​ថៃ​មក​ហាម​ឃាត់​ទេ ។ ប៉ុន្តែ​នៅ​ឆ្នាំ​១៩៩៣ ពេល​គាត់​មក​ឈរជើង​នៅ​លើ​ប្រាសាទ​ព្រះវិហារ គាត់​បាន​ឃើញ​កងទ័ព​ថៃ​មក​បោះទីតាំង​នៅ​ម្ដុំ​ផ្ទះ​ក្រហម ប៉ុន្តែ​ផ្លូវ​ពី​ផ្ទះ​ក្រហម​មក​ជើង​ប្រាសាទ​ព្រះវិហារ​ជា​ផ្លូវ​ថ្ម មិនមែន​ជា​ផ្លូវ​កៅស៊ូ​ដូច​សព្វថ្ងៃ​នេះ​ទេ ។ គាត់​អះអាង​ទៀត​ថា ផ្លូវ​កៅស៊ូ​នេះ​ធ្វើ​ឡើង​ដោយ​ថៃ​នៅ​ពេល​រាជរដ្ឋាភិបាល​កម្ពុជា​សហការ​ជាមួយ​ថៃ ដើម្បី​បើក​ច្រក​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ចូល​មក​ទស្សនា​ប្រាសាទ​ព្រះវិហារ​តាម​ប្រទេស​ថៃ ។ ចំណែក​នៅ​ម្ដុំ​វាល​ឥន្ទ្រី និង​នៅ​លើ​ប្រាសាទ​ព្រះវិហារ​មិន​មាន​កងទ័ព​ថៃ​មក​ឈរជើង​ទេ ។ ប៉ុន្តែ កងទ័ព​ថៃ​អាច​មក​លេង​ប្រាសាទ​ព្រះវិហារ និង​ធ្វើ​ទំនាក់ទំនង​ជាមួយ​យោធា​ខ្មែរក្រហម​បាន ហើយ​វត្ត​កែវសិក្ខាគិរីស្វរៈ​ក៏​ពុំ​ទាន់​កសាង​ដែរ​នៅ​ពេល​នោះ ។

អែម សារិន អាយុ​៦៦​ឆ្នាំ ជា​អតីត​សមាជិក​គណៈ​តំបន់​ស្វ័យត​ក្រចេះ ទទួល​បន្ទុក​មន្ទីរ​តំបន់ ។ ក្រោយមក គាត់​ជា​យោធា​នៅ​តំបន់​មុំ​បី ជាប់​ព្រំប្រទល់​ប្រទេស​ឡាវ ថៃ និង​កម្ពុជា ឬ​តំបន់​១០០១ (មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ជួរ​ភ្នំ​ដងរែក) របស់​ខ្មែរក្រហម ។ ក្រោយមក​គាត់​ជា​អភិបាលរង​ស្រុក​ត្រពាំងប្រាសាទ ។ គាត់​បាន​និយាយ​ថា «នៅ​ជំនាន់ តា​ម៉ុក ដឹកនាំ តា​ម៉ុក មិន​ដែល​ធ្វើ​ផ្លូវ​ចូល​ទៅ​ក្នុង​ទឹកដី​របស់​ថៃ​ទេ​សូម្បី​តែ​បន្តិច ។ គាត់​ក៏​មិន​ដែល​បញ្ជា​ឲ្យ​ធ្វើ​ចូល​ទៅ​ដី​គេ (ថៃ) ដែរ ។ គាត់​ធ្វើ​ទៅ​តាម​ខ្សែបន្ទាត់​ព្រំដែន និង​ផែនទី​ដែល​មាន​រាង​ជា​ធ្មេញ​រណារ ដូច​ជា​ផ្លូវ​នៅ​ច្រក​ជាំ​ស្រុក​អន្លង់វែង ។ គាត់​បាន​ហៅ​ថៃ​ឲ្យ​យក​គ្រឿងចក្រ​មក​ជួយ​ធ្វើ​ផ្លូវ​ដែល​មាន​ស្នាម​កាយ​ថ្ម​រហូត​មក​ដល់​សព្វថ្ងៃ» ។

អ៊ិន ហឿន អាយុ​៦៣​ឆ្នាំ ជា​អតីត​ប្រធាន​កងពល​៦១២ របស់​ខ្មែរក្រហម​បាន​អះអាង​ថា កង​ទ័ព​ថៃ​បាន​មក​ឈរជើង​នៅ​ខាងជើង​ផ្ទះ​ក្រហម​តាំងពី​ឆ្នាំ​១៩៨១ ដែល​កាលនោះ​មាន​មេ​បញ្ជា​ឈ្មោះ ណារ៉ុង តាម​គាត់​ដឹង​សព្វថ្ងៃ​ពាក់​ផ្កាយ ។ គាត់​បាន​បន្ត​ថា ថៃ​មក​ឈរជើង​នៅ ផ្ទះ​ក្រហម​នេះ​ដើម្បី​ការពារ​ទឹកដី​របស់​ខ្លួន ។

ស្របគ្នា​នេះ វឿង ស៊ិន អាយុ​៥៤​ឆ្នាំ ជា​អតីត​ប្រធាន​វរសេនា​តូច​១២ កងពល​៦១៦ របស់​ខ្មែរក្រហម​មាន​ប្រសាសន៍​ថា «ថៃ​បាន​មក​បោះទីតាំង​នៅផ្ទះ​ក្រហម ភាសា​ថៃ​ហៅ​ថា ម៉ោយដែង តាំងពី​ឆ្នាំ​១៩៨១ ដល់​ឆ្នាំ​១៩៨២ ដែល​ពេល​នោះ​កងទ័ព​រដ្ឋាភិបាល​ភ្នំពេញ និង​វៀតណាម បោះទីតាំង​នៅ​លើ​ប្រាសាទ​ព្រះវិហារ ។ ចាប់ពី​ឆ្នាំ​១៩៩១ ដល់​ឆ្នាំ​១៩៩២ ទើប​កង​ទ័ព​ខ្មែរក្រហម​វាយ​យក​បាន ដែល​ពេល​នោះ​កង​ទ័ព​ថៃ​បាន​ឈរជើង​នៅ​ម្ដុំ​ផ្ទះ​ក្រហម» ។

ចំណែក វ៉ាន់ កុសល ជា​អតីត​អភិបាលស្រុក​ត្រពាំងប្រាសាទ និង​អនុប្រធាន​កងពល​៦១២ របស់​ខ្មែរក្រហម​បាន​អះអាង​ថា កងពល​របស់​លោក​វាយ​យក​ប្រាសាទ​ព្រះវិហារ​បាន​ពី​កងទ័ព​រដ្ឋាភិបាល​កម្ពុជា​នៅ​ខែកក្កដា ឆ្នាំ​១៩៩៣ រួច​ហើយ​បាន​បិទ​ច្រក​ជាមួយ​ថៃ ។ នៅ​ពេល​នោះ គាត់​ក៏​បាន​ឃើញ​កងទ័ព​ថៃ​នៅ​ឈរជើង​នៅផ្ទះ​ក្រហម ។ ថៃ​បាន​យក​ពយ (ច្រាំង​ចោត​នៅ​ម្ដុំ​ផ្ទះ​ក្រហម) ធ្វើ​ជា​កន្លែង​ឃ្លាំមើល ហើយ​ផ្លូវ​ពី​ផ្ទះ​ក្រហម​មក​ប្រាសាទ​ព្រះវិហារ​នៅ​ជា​ផ្លូវ​ដីក្រហម ។ ចំណែក​ផ្លូវ​ឡើង​ទៅ​លើ​ប្រាសាទ​ព្រះវិហារ តា​ម៉ុក​បាន​បញ្ជា​ឲ្យ​ឈូស​ឆាយ​ធ្វើ​នៅ​ឆ្នាំ​១៩៩៧ ។ គាត់​បាន​ឈរជើង​នៅ​លើ​ប្រាសាទ​ព្រះវិហារ​រហូត​ដល់​សមាហរណកម្ម​ឆ្នាំ​១៩៩៨ ទើប​ប្រគល់​មក​ឲ្យ​ខាង​ភាគី​រាជរដ្ឋាភិបាល​គ្រប់គ្រង​វិញ ។ ប៉ុន្តែ​ទោះបី​យ៉ាងណា គាត់​បាន​អះអាង​ថា ផ្ទះ​ក្រហម និង​ផ្លូវ​កៅស៊ូ​សព្វថ្ងៃ បាន​សង់​នៅ​លើ​ខ្សែ​បន្ទាប់​ព្រំដែន ព្រោះ​គាត់​ធ្លាប់​បាន​ដឹង​តាម​ផែនទី​របស់​មេបញ្ជាការ​របស់​គាត់ អ៊ិន ហឿន ។

ទោះបី​ការ​អះអាង​ខាងលើ​មិន​ស្របគ្នា និង​មិនមែន​ជា​ភ័ស្តុតាង​ផ្លូវច្បាប់​ក៏​ដោយ ក៏​អតីត​យោធា​ខ្មែរក្រហម​ទាំងអស់​ដែល​រស់នៅ​តាម​បណ្តោយ​ព្រំដែន​នៅ​តែ​អះអាង​ពី​ភាព​ត្រឹមត្រូវ​ចំពោះ​ទឹកដី​ដែល​ខ្លួន​ធ្លាប់​ឈរជើង និង​គ្រប់គ្រង ៕

សោម ប៊ុនថន
ទស្សនាវដ្តី​ស្វែងរកការពិត លេខ​១៦៨ ខែធ្នូ ឆ្នាំ​២០១៣
 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in បូជនីយដ្ឋាន, ប្រវត្តិសាស្ត្រ, អរិយធម៌​ខ្មែរ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s