សម្ផស​ខូចខាត: ការ​សិក្សា​អំពី​ផ្សារ​អាណានិគម​បារាំង​នៅ​កម្ពុជា

ទោះបីជា​ប្រជាជន​ខ្មែរ​មួយ​ចំនួន​ហាក់ដូច​ជា​ភ្លេច​ប្រវត្តិ​បារាំង​របស់​ពួកគេ​ក៏​ដោយ ក៏​ទីក្រុង​នានា​របស់​ពួកគេ​នៅ​តែ​ពង្រាយ​សំណល់​មរតក​អាណានិគម​ដដែល ដូចជា មហាវិថី​ធំៗ កន្លែង​បាញ់ទឹក និង​អាគារ​បារាំង ។ ក្នុង​ចំណោម​អាគារ​ទាំង​នោះ​មាន​ផ្សារ​ដំបូល​គ្រប​ពី​លើ​ប្រកប​ដោយ​រចនាសម្ព័ន្ធ​សង្ហា និង​រស់រវើក ។ ប៉ុន្តែ ខណៈ​ដែល​ពេល​វេលា​កន្លង​ទៅ ហើយ​សង្គ្រាម និង​ភាព​ក្រីក្រ​រុករាន​កម្ពុជា អាគារ​ទាំង​នោះ​បាន​ទ្រុឌទ្រោម​គ្មាន​ការ​ជួសជុល ក្លាយ​ទៅ​ជា​សម្ផស​ខូចខាត (Battered Beauties) ។ គេ​ត្រូវ​តែ​ធ្វើ​អ្វី​មួយ ប៉ុន្តែ​ហេតុអ្វី​ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​មួយ​កំពុង​ខិតខំ​ប្រឹងប្រឹង​ដើម្បី​ផ្ដល់​នូវ​តម្រូវការ​មូលដ្ឋាន​ឲ្យ​បាន​គ្រប់គ្រាន់ បែរ​ជា​ត្រូវ​មក​យក​ចិត្ត​ទុក​ដាក់​អភិរក្ស​មរតក​អាណានិគម​របស់​ខ្លួន ? ហើយ​ជាក់លាក់​ជាង​នេះ​ទៅ​ទៀត តើ​ក្នុង​ទិដ្ឋភាព​ណា​មួយ​ដែល​ផ្សារ​ចាស់ៗ​ទាំង​នោះ​គួរ​ត្រូវ​បាន​អភិរក្ស ?

ដើម្បី​ឆ្លើយ​នឹង​សំណួរ​ទាំង​ពីរ​នេះ ទិដ្ឋភាព (Theme) ចំនួន​២​ត្រូវ​បាន​លើក​យក​មក​សិក្សា​គឺ ប្រវត្តិ​របស់​ផ្សារ រួម​ទាំង​ប្រវត្តិ​ក្នុង​ស្រុក និង​បារាំង និង តួនាទី​បច្ចុប្បន្ន​របស់​ផ្សារ​ទាំង​នោះ ។ ទិដ្ឋភាព​ទាំង​ពីរ​នឹង​លើក​យក​មក​ពិភាក្សា​ខាង​ក្រោម​នេះ ។

រូប​១ ផ្សារ​នៅ​ជនបទ​ក្នុង​ប្រទេស​វៀតណាម: ការ​ប្រមូលផ្ដុំ​រោង​ដែល​ការពារ​ពី​ធាតុអាកាស​ដោយ​ដើម​ឈើ​ធំៗ (ប្រភព: គំនូរ​របស់​អ្នកនិពន្ធ)

ពពាក់ពពូន​ពី​ចុង​ម្ខាង​ទៅ​ចុង​ម្ខាង: ផ្សារ​អន្តោគ្រាម

គោលដៅ​ដំបូង​នៃ Voyage d’Exploration en Indo-Chine ដែល​ជា​ការ​រុករក​របស់​បារាំង​នៅ​តាម​ដង​ទន្លេ​មេគង្គ​ពី​ចន្លោះ​ឆ្នាំ​១៨៦៦ និង ១៨៦៨ មិន​បាន​សម្រេច​ទេ ដោយសារ​ទន្លេ​មេគង្គ​ហាក់​ដូចជា​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ជា​ផ្លូវ​ជំនួញ​រវាង​ក្រុង​ព្រៃនគរ និង​ខេត្ត​យូណាន ដែល​ជា​ខេត្ត​មួយ​សម្បូណ៌​ទ្រព្យធន​របស់​ចិន ។ ប៉ុន្តែ ដំណើរ​រុករក​នេះ​មាន​សារប្រយោជន៍​ក្នុង​បរិបទ​ផ្សេង​ទៀត ដោយសារ​ទិដ្ឋភាព​ក្នុង​ស្រុក​នានា​ត្រូវ​បាន​រៀបរាប់​បង្ហាញ​នៅ​ក្នុង​រូប​គំនូរ និង​អត្ថបទ​ជាច្រើន ផ្ដល់​ព័ត៌មាន​ឲ្យ​យើង​ដឹង​អំពី​ថា​តើ​ផ្សារ​នានា​នៅ​សម័យកាល​នោះ​ដំណើរ​ការ​យ៉ាង​ដូចម្ដេច ។ ផ្សារ​ហ្លួងព្រះបាង​នៅ​ប្រទេស​ឡាវ​ត្រូវ​បាន​ពិពណ៌នា​ដូច​ត​ទៅ «ផ្លូវ​ធំ​ចម្បង​ជាង​គេ​របស់​ហ្លួងព្រះបាង​មាន​ប្រវែង ២​គីឡូម៉ែត្រ ពី​ខ្លោងទ្វារ​ក្រុង​ទៅ​ទន្លេ​ណាមហ៊ូ ។ នៅ​ថ្ងៃ​លក់ដូរ ផ្សារ​នេះ​ពោរពេញ​ទៅ​ដោយ​មនុស្ស​ពី​ចុង​ម្ខាង​ទៅ​ចុង​ម្ខាង ។ អ្នកលក់ និង​អតិថិជន​បាន​មក​ទីនេះ​តាំង​ពី​ព្រឹក​ព្រលឹម ខ្លះ​នៅ​ចំហ​គ្មាន​ដំបូល ខ្លះ​ទៀត​នៅ​ក្រោម​ឆត្រ​ធំៗ ឬ​នៅ​ក្នុង​ទូក​ឫស្សី ។ អ្នកនេសាទ​នាំ​យក​ត្រី​ធំៗ​ដែល​ពួក​គេ​ប្រស់​ក្នុង​ទន្លេ​ឲ្យ​នៅ​រស់​ស្រស់ៗ ។ ជនជាតិ​ដើម​មក​ពី​តំបន់​ភ្នំ ដែល​គេ​សម្គាល់​បាន​តាម​រយៈ​សម្បុរ​ស្រអែម ឈ្នួត និង​សម្លៀកបំពាក់​ឆ្នូត​របស់​ពួកគេ មក​ដល់​ជាមួយ​នឹង​កន្ត្រក​ពេញ​ដោយ​សត្វ​ប្រមាញ់ បក្សាបក្សី និង​ផលដំណាំ​ខ្ពង់រាប ។ អ្នក​ជំនួញ​ជាតិ​ភូមា​មួយ​ចំនួន​លក់​កំណាត់ ម្ជុល និង​ប្រអប់​ម្លូ ។ ជនជាតិ​ចិន​មួយ​ចំនួន​តូច​លក់​អាភៀន គ្រឿង​ដេរប៉ាក់ និង​ត្បូង» ។

ផ្សារ​នៅ​សម័យ​មុន​អាណានិគម​ហាក់​ដូចជា​គ្រាន់​តែ​ការ​ជួបជុំ​មិន​ផ្លូវការ​រវាង​អតិថិជន និង​អ្នកលក់ ដែល​ស្រួល​បំផុត​គឺ​ជួប​គ្នា​នៅ​លើ​ផ្លូវ​ដែល​មមាញឹក​បំផុត ។ រោង​សាមញ្ញ និង​បំណែក​កំណាត់​នៅ​លើ​ដី​បង្កើត​បាន​ជា​រាន​តាំង​ទំនិញ ។ ធាតុ​សំណង់​នានា​មាន​គោលបំណង​ចម្បង​គឺ​ការពារ​ភ្លៀង និង​កម្ដៅ​ថ្ងៃ ។

នៅ​តំបន់​ជនបទ​ក្នុង​ប្រទេស​វៀតណាម​បច្ចុប្បន្ន គេ​អាច​សម្គាល់​បាន​ថា​មាន​ផ្សារ​២​ប្រភេទ ។ ប្រភេទ​ទី​១ គឺ​ដូច​គ្នា​ទៅ​នឹង​ប្រភេទ​ផ្សារ​ដែល​បាន​ពិពណ៌នា​ដោយ​អ្នក​រុករក​ជាតិ​បារាំង​ខាងលើ ។ វា​ជា​ការ​ប្រមូល​ផ្ដុំ​រោង​តូចៗ​ធ្វើ​ពី​សម្ភារៈ​មាន​ក្នុង​ស្រុក ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ចម្បង​របស់​ភូមិ (រូប​១) ។ ដើម​ឈើ​ធំៗ​ផ្ដល់​ឲ្យ​រោង​ទាំង​នោះ​នូវ​ការ​ការពារ​ពី​អាកាសធាតុ ។ ផ្សារ​ប្រភេទ​ទី​២ ជា​ការ​ប្រមូលផ្ដុំ​រាន​តាំង​ទំនិញ​នៅ​ខាងមុខ និង​ខាងក្រោយ​សាល​ធំ​មួយ ដែល​មាន​រូបសណ្ឋាន​ផ្ដើម​ចេញ​ពី​ទីតាំង​ផ្សារ​ធៀប​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​តំបន់ (រូប​២) ។ ផ្សារ​ប្រភេទ​នេះ​ជា​ប្រពៃណី​ស្ថិត​នៅ​ផ្លូវ​បំបែក​រវាង​បណ្ដា​ភូមិ និង​ផ្លូវ​ទឹក ។ ផលិតផល​កសិដ្ឋាន​ត្រូវ​បាន​លក់ដូរ​នៅ​ច្រក​ចូល​ផ្សារ នៅ​ផ្ទាល់​នឹង​កន្លែង​ដែល​ផលិតផល​ត្រូវ​បាន​ទម្លាក់​ចុះ ។ សាច់ និង​ភាគច្រើន​ជាង​គេ​ត្រី ត្រូវ​បាន​លក់​នៅ​ខាង​ក្រោយ​ផ្សារ ដោយសារ​វា​ស្ថិត​នៅ​ជិត​ផ្លូវទឹក (ស្ទឹង ទន្លេ) ជាង​គេ ។ នៅ​ក្នុង​ផ្សារ មាន​តែ​ទំនិញ​ស្ងួត​ភាគច្រើន​ដែល​ត្រូវ​បាន​ដាក់​លក់ ដូចជា សម្លៀកបំពាក់ គ្រឿង​សម្អាង និង​សម្ភារៈ​ប្រើប្រាស់​នៅ​ផ្ទះ ។

ផលប៉ះពាល់​នៃ​អាកាសធាតុ​តាម​តំបន់​ទៅ​លើ​ទ្រង់ទ្រាយ​ប្លង់​ផ្សារ​គឺ​មាន​ជាក់​ស្ដែង ដោយសារ​វា​ទទួល​ឥទ្ធិពល​ដោយ​ផ្ទាល់​ពី​កម្ដៅ និង​ភ្លៀង​តំបន់​ត្រូពិក ។ ការ​ប្រៀបធៀប​ឧទាហរណ៍​មុន​សម័យ​អាណានិគម និង​សម័យ​បច្ចុប្បន្ន​ក៏​បាន​បង្ហាញ​ថា ទោះបី​ជា​ទំនិញ និង​អត្តចរិត​ត្រូវ​បាន​ផ្លាស់ប្ដូរ​តាម​ពេលវេលា ក៏​ផ្សារ​នៅ​តាម​ភូមិ​មិន​បាន​ផ្លាស់ប្ដូរ​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ទេ ។ ទោះ​ជា​យ៉ាង​ណា យើង​ឃើញ​ការ​បញ្ចូល​សាល​ធំ ដែល​អាច​ជា​ការ​រួមចំណែក​នៃ​អន្តរាគមន៍​របស់​បារាំង ។

រូប​២ ផ្សារ​នៅ​ជនបទ​ក្នុង​ប្រទេស​វៀតណាម: ទីតាំង​ផ្សារ​ធៀប​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់ ។ ចំណុច​ចុចៗ​ជា​កន្លែង​ផ្លែឈើ និង​បន្លែ ផ្ទៃ​ឆ្នូត​ជា​កន្លែង​សម្រាប់​ត្រី និង​សាច់ (ប្រភព: គំនូរ​របស់​អ្នកនិពន្ធ)

ការ​កសាង​ប្រទេស​បារាំង​ស្ថិត​នៅ​ឆ្ងាយ​ពី​ប្រទេស​បារាំង: ផ្សារ​អាណានិគម​បារាំង

ជាមួយ​នឹង​ការ​បង្កើត​អាណាព្យាបាល​បារាំង​លើ​កម្ពុជា​ក្នុង​ឆ្នាំ​១៨៦៣ ទម្រង់​ថ្មី​មួយ​នៃ​សិល្បៈ​សំណង់ និង​ការ​រៀបចំ​ផែនការ​ទីក្រុង​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​តំបន់ ។ មុន​អន្តរាគមន៍​របស់​បារាំង ភ្នំពេញ​គ្រាន់​តែ​ជា​រោង​ខ្ទម​មួយ​ជួរ​ស្ថិត​នៅ​តាម​ច្រាំង​ទន្លេសាប​ប៉ុណ្ណោះ ។ ប៉ុន្តែ បេសកកម្ម Civilisatrice បាន​ដាក់​កាតព្វកិច្ច​ឲ្យ​បារាំង​ប្រែក្លាយ​ទីក្រុង​ភ្នំពេញ​ទៅ​ជា​គជ់​បូព៌ា (Perle d’Orient) ពិត​ប្រាកដ ដោយសារ​វា​ជា​ការ​ទទួល​ខុសត្រូវ​របស់​បារាំង​ក្នុង​ការ​ចែករំលែក និង​ពង្រាយ​អរិយធម៌​ខ្ពង់ខ្ពស់​របស់​ខ្លួន ។ មហិច្ឆតា​នេះ​នឹង​ត្រូវ​សម្រេច​បាន​ជោគជ័យ​ដោយ​សិល្បៈ​សំណង់ និង​ការ​រៀបចំ​ផែនការ​ទីក្រុង ។ រដ្ឋបាល​អាណានិគម​បាន​ចាប់​ផ្ដើម​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​អាណានិគម​ជាមួយ​នឹង​ការ​សម្រេច​បាន​នូវ​ផ្លូវថ្នល់ ផ្លូវដែក និង​សំណង់​សាធារណការ ។

ដំបូង​ឡើយ រដ្ឋបាល​អាណានិគម​បារាំង​ឈាន​ទៅ​សម្រេច​បេសកកម្ម Civilisatrice របស់​ខ្លួន​នៅ​ក្នុង​លក្ខណៈ​គ្រប់គ្រង​ដោយ​គោលការណ៍​ធ្វើ​ឲ្យ​ជ្រួតជ្រាប (បញ្ជ្រាប) ដែល​ដាក់​មនុស្ស​ឲ្យ​ស្ថិត​ក្រោម​អំណាច​រដ្ឋបាល​មួយ​ដែល​កំណត់​រូបរាង​ដោយ​តម្លៃ​បែប​បារាំង ។ អភិក្រម​នេះ​ជំរុញ​ឲ្យ​មាន​សាធារណការ​បារាំង​មួយ​ចំនួន​ធំ​ជា​រចនាបថ Beaux-Arts ខុស​ប្លែក​គ្នា​ពី​សំណង់​ពន្ធនាគារ និង​បន្ទាយ​ទាហាន ទៅ​អាគារ​ប្រៃសណីយ៍ និង​រោង​មហោស្រប ដែល​អាគារ​ទាំងអស់​នេះ​កំណត់​រចនា​តាម​រចនាបថ​ចុង​ក្រោយ​បំផុត​នៃ Le Métropole ។

បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី​១ ការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​នយោបាយ​អាណានិគម​បារាំង​នៅ​តំបន់​ឥណ្ឌូចិន​ចាប់​ចេញ​ជា​រូបរាង​ឡើង គោលនយោបាយ​បញ្ជ្រាប​ត្រូវ​បាន​ជំនួស​ដោយ​ការ​រួបរួម ដែល​បាន​ផ្ដល់​ការ​យោគយល់​ដល់​ប្រពៃណី និង​វប្បធម៌​ក្នុង​ស្រុក ។ ជាមួយ​នឹង​ការ​ផ្លាស់ប្ដូរ​នេះ សិល្បៈ​សំណង់​ប្រកប​ដោយ​បរិបទ​រសើប​ជាង​មួយ​បាន​លេច​រូបរាង​ឡើង ដែល​អាច​ពិពណ៌នា​បាន​ល្អ​បំផុត​ដោយ​ស្នាដៃ​របស់​វិចិត្រករ Ernest Hébrard ដែល​ជា​អ្នក​បង្កើត​រចនាបថ​ឥណ្ឌូចិន (Style Indochinois) ។ រចនាបថ​នេះ​ទទួល​បាន​លក្ខណៈ​លម្អិត និង​ការ​តែង​លម្អ​ចេញ​មក​ពី​សិល្បៈ​សំណង់​អន្តោគ្រាម និង​ត្រូវ​បាន​ទទួល​យក​ដោយ​ងាយស្រួល​ជាង​អាគារ​តាម​រចនាបថ Beaux-Arts ចំពោះ​អាកាសធាតុ​ត្រូពិក​របស់​កម្ពុជា ។ វប្បធម៌​ក្នុង​តំបន់​មិន​ត្រឹម​តែ​ក្លាយ​ជា​ឧទាហរណ៍​ដែល​យើង​អាច​រៀនសូត្រ​ប៉ុណ្ណោះ​ទេ វា​ក៏​ជា​មុខមាត់​ដ៏​សំខាន់​នៃ​សារធារណការ​ផង​ដែរ ។ ប៉ុន្តែ រចនាបថ​របស់ Hébrard នៅ​តែ​ពឹង​ផ្អែក​លើ​គោលការណ៍​ផ្លូវការ​នៃ​ទំនៀម​សិល្បៈ Beaux-Arts ដដែល ដែល​ផែនការ​របស់​គាត់​ជា​ញឹកញាប់​មាន​ភាព​ស៊ីមេទ្រី និង​មាន​ទំហំ​រៀបចំ​ជា​លំដាប់​ក្លាស៊ិក ។ ដូច្នេះ រចនាបថ​របស់​គាត់​មិន​មាន​លក្ខណៈ​ខុស​គ្នា​ខ្លាំង​ពី​ទំនៀម​សិល្បៈ Beaux-Arts ប៉ុន្មាន​ទេ ។ រចនាបថ​ឥណ្ឌូចិន​ហាក់​បាន​បាត់​រូបរាង​ពី​ឆាក​សិល្បៈ​សំណង់​នៅ​ដើម​ទសវត្សរ៍​១៩៣០ ជា​អំឡុង​ពេល​ដែល​រចនាបថ​សង្ខេប​ជាង​មួយ​បាន​ចាប់​រូបរាង ។ រចនាបថ​នេះ​បាន​បន្ត​លក្ខណៈ​រសើប​របស់ Hébrard សំដៅ​ទៅ​បន្សាំ​នឹង​លក្ខខណ្ឌ​ក្នុង​តំបន់ ប៉ុន្តែ​វា​បាន​កំហិត​ពី​ទំនោរ​បង្ហាញ​ពី​អន្តោគ្រាម និង​ការ​យោង​ជា​ផ្លូវការ​របស់​គាត់​ចំពោះ​ទំនៀម​សិល្បៈ Beaux-Arts ។ ប្លង់ និង​ផ្នែក​នានា​ឆ្លើយតប​ជា​ចម្បង​ទៅ​នឹង​បរិបទ​ទីក្រុង សង្គម ឬ​វប្បធម៌ ជា​ពិសេស​ទៅ​នឹង​អាកាសធាតុ​ត្រូពិក ។ គេ​អាច​និយាយ​បាន​ថា រចនាបថ​សិល្បៈ​សំណង់​ចុង​ក្រោយ​នេះ​មាន​ជោគជ័យ​បំផុត​នៅ​ក្នុង​ការ​ចង​ភ្ជាប់​លក្ខណៈ​បារាំង និង​លក្ខណៈ​ឥណ្ឌូចិន​របស់​វា ។ ផ្សារ​មាន​ដំបូល​ចំនួន​បី​របស់​កម្ពុជា​ដែល​នៅ​តែ​បន្ត​ឈរ​នៅ​ចាប់​តាំង​ពី​សម័យ​អាណានិគម​គឺ ផ្សារ​ធំ​ថ្មី​នៅ​ភ្នំពេញ (រូប​៣) ផ្សារ​ណាត់​នៅ​បាត់ដំបង (រូប​៤) និង​ផ្សារ​ថ្មី​កំពង់ចាម ស្ថិត​ក្នុង​សម័យកាល និង​រចនាបថ​សិល្បៈ​សំណង់​ចុង​ក្រោយ​នេះ ។

 

ភាគបន្ត

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in ប្រវត្តិសាស្ត្រ, អរិយធម៌​ខ្មែរ and tagged , , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s